ព័ត៌មាន

សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត កាលពីសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖

- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី ក្នុងនោះមាន៖​១. ការផ្តើមរឿង២. ដំណើររឿង ៣. បញ្ចប់រឿង។

-បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន៨ បានអនុម័ កាលពីថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ក្នុងនោះមាន៖ ១. ដែក  ២.កូបាល /កូបាល់ ៣.នីកែល  ៤.ទង់ដែង  ៥.ស័ង្កសី  ៦.ហ្កាល្យ៉ូម ៧.ហ៊្សែម៉ាញ៉ូម ៨.អាសេនិក។

សទិសន័យ

១.ការផ្តើមរឿង អ. introduction បារ. Introduction(f…)៖ ផ្នែកមួយនៃអត្ថរូបដែលជាការតាំង ប្រារព្ធសេចក្តីតាមមធ្យោបាយ វិធីផ្សេងៗ ក្នុងការបើកឆាកបង្ហាញដើមរឿងរបស់អ្នកនិពន្ធទៅតាមគោលនិយមនៃស្នាដៃ។ការផ្តើមរឿងក្នុងអ្សរសិល្ពិ៍មានលក្ខណៈប្លែកៗគ្នា ទៅតាមគោលនិយមនៃស្នាដៃដូចជា៖
- រឿងបែបព្រហ្មណ៍និយម ការផ្តើមរឿងដោយប្រកាសរំលឹកសើសើរនូវគុណ ឥទ្ធិពលនៃអាទិទេពក្នុងជំនឿព្រហ្មណ៍សាសនា។
- រឿងបែបពុទ្ធនិយម ការផ្តើមរឿងដោយធ្វើបទនមស្ការ ព្រះរតនត្រ័យ( ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ) រំលឹកគុណគ្រូបាអាចារ្យ មាតាបិតា...ប្រាប់ ឈ្មោះអ្នកនិពន្ធកាលបរិទ្ឆេទនៃរឿងជាដើម។
-​រឿងបែបខេមរនិយម ការផ្តើមរឿងអាស្រ័យលើវិធីសាស្ត្ររបស់អ្នកនិពន្ធ ដោយផ្អែកលើតថភាពនៃជីវភាពជាក់ស្តែងក្នុងសង្គមខ្មែរ។
២.ដំណើររឿង អ. plot បារ. déroulement des faits៖ ផ្នែកមួយនៃអត្ថរូបដែលជាគម្រោង ផែនការ ការចនា ឈុត​ឆាក នៃព្រឹត្តិការណ៍ នៅក្នុងរឿងល្ខោន រឿងប្រលោមលោក។ល។ ដែលជាតំណសកម្មភាពតាមរយៈការបង្ហាញទំនាស់វិបត្តិ និងដំណោះស្រាយទៅតាមល្បិចរបស់អ្នកនិពន្ធនិងតាមគោលនិយមនៃស្នាដៃ។
៣.ការបញ្ចប់រឿង អ. ending បារ.fin(f.) ៖ ផ្នែកមួយនៃអត្ថរូបដែលជាការតាំង ប្រារព្ធសេចក្តីតាមមធ្យោបាយ ដើម្បី​បិទបញ្ចប់រឿងទៅតាមគោលនិយមនៃស្នាដៃ។ការបញ្ចប់រឿងក្នុងអក្សរសិល្បិ៍ខ្មែរ មានលក្ខណៈប្លែកៗគ្នាទៅតាមគោលនិយមនៃស្នាដៃដូចជា៖
- រឿងបែបព្រហ្មណ៍និយម ការបញ្ចប់រឿងដោយឱ្យតួអង្គតំណាងសភាវៈល្អទទួលជ័យជម្នះលើតួអង្គដែលតំណាងសភាវៈអាក្រក់។
-រឿងបែបពុទ្ធនិយម ការបញ្ចប់រឿងភាគច្រើនដោយឱ្យតួអង្គសជាតិ។
-​រឿងបែបខេមរនិយម ការបញ្ចប់រឿងភាគច្រើនពុំមានលក្ខណៈឯកភាពគ្នាទេ វាអាស្រ័យទៅលើឧត្តមគតិរបស់អ្នកនិពន្ធឬតថភាពសង្គម។
៤.ដែក  អ. iron បារ. fer (m.)៖ ធាតុគីមីទី២៦ក្នុងតារាងខួប ដែល​មាននិមិត្តសញ្ញា​ Fe ជាលោហៈឆ្លង មានម៉ាសអាតូម​ 55.847 ខ.អ។
៥.កូបាល /កូបាល់ អ. cobalt  បារ. cobalt (m.)៖ធាតុគីមីទី២៧ក្នុងតារាងខួប ដែល​មាននិមិត្តសញ្ញា​ Co ជាលោហៈឆ្លងមាន​ម៉ាសអាតូម​ 58.9332 ខ.អ។
៦.នីកែល  អ. nickel  បារ. nickel (m.)៖ធាតុគីមីទី២៨ក្នុងតារាងខួប ដែល​​មាននិមិត្តសញ្ញា​ Ni ជាលោហៈឆ្លង​មាន​ម៉ាសអាតូម​ 58.6934 ខ.អ។
៧.ទង់ដែង  អ. copper បារ. zuivre៖ ធាតុគីមីទី២៩ក្នុងតារាងខួប ដែល​​មាននិមិត្តសញ្ញា​ Cu ជាលោហៈឆ្លង​មាន​ម៉ាស​​អាតូម​ 63.546 ខ.អ។
៨.ស័ង្កសី  អ. zinc  បារ. zinc ៖ ធាតុគីមីទី៣០ក្នុងតារាងខួប ដែល​មាននិមិត្តសញ្ញា​ Zn មានលក្ខណៈអំហ្វូទែមានម៉ាសអាតូម​ 65.39 ខ.អ។
៩.ហ្កាល្យ៉ូម អ. gallium បារ. gallium (m.) ៖​ ធាតុគីមីទី៣១ក្នុងតារាងខួប ដែល​​មាននិមិត្តសញ្ញា​ Ga ជាលោហៈ​មានម៉ាស​អាតូម 69.723 ខ.អ។
១០.ហ៊្សែម៉ាញ៉ូម អ. germanium បារ. germanium (m.)៖ ធាតុគីមីទី៣២ក្នុងតារាងខួប​ដែល​មាននិមិត្តសញ្ញា​ Ge ជាលោហៈមាន​លក្ខ​ណៈ​​​​អំហ្វូទែមានម៉ាសអាតូម​ 72. 61 ខ.អ។
១១.អាសេនិក  អ. arsenic បារ. arsenic (m.)៖ ធាតុគីមីទី៣៣ក្នុងតារាងខួប​ ដែល​មាននិមិត្តសញ្ញា​ As ជាធាតុ​អំ​ហ្វូទែ​មាន​ម៉ាសអាតូម 74.9216 ខ.អ។

RAC Media


2019-03-25 11:16:09   ថ្ងៃចន្ទ, 25 មីនា 2019 ម៉ោង 06:16 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» - ភាគទី៥ - វគ្គទី២ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងភាគទី៥ វគ្គទី២នេះ យើងសូមរៀបរាប់បន្តនូ​វសុន្ទរកថារបស់លោកចៅហ្វាយក្រុងភ្នំពេញ ក្នុងពិធីសម្ពោធ«ផ្ទាំងរំឭក»(Plaque commémorative) អំពីការស្នាក់នៅក្នុងសាលាក្រុងភ្នំពេញនៃលោកសេនាប្រមុខ សុព​ (Maréchal Joffre) កាលពីខែធ្នូ ឆ្នាំ១៩២១ ដែលមានខ្លឹមសារដើមនិងការកែសម្រួលមួយចំនួនដូចខាងក្រោម៖ 

មូលហេតុដែលរាជការក្រុមមឿង(សាលាក្រុង)អញ្ជើញអស់លោក អស់អ្នក មកក្នុងថ្ងៃនេះគឺដើម្បីមករៀបចំបោះ«ផ្ទាំងរំឭក»នេះឯងហើយ។

មនុស្សជំនាន់ក្រោយ ដែលមិនបានភិតភ័យនឹងចម្បាំងក្នុងគ្រានោះនឹងមានសេចក្តីភ្លេចឆាប់ណាស់ ចំពោះស្នាដៃរបស់អ្នកដែលនាំឱ្យបានជ័យជម្នះនេះ។ ប្រសិនបើមិនធ្វើ«ផ្ទាំងរំឭក»នេះទេ ដល់យូរៗទៅកូនចៅរបស់យើងនឹងភ្លេចអំពី«ចម្បាំងឡាម៉ានន៍» (Guerre de la Marne) និងឈ្មោះមេទ័ពម្នាក់ដែលនាំឱ្យមានជោគជ័យនៅទីនោះ។ ដូចនេះមិនត្រូវឱ្យមានសេចក្តីអកតញ្ញូនៅក្នុងចិត្តបារាំងសេសដែលនៅស្រុកខ្មែរ និង ក្នុងចិត្តអាណាប្រជានុរាស្ត្រខ្មែរឡើយ។ «ផ្ទាំងរំឭក»ធ្វើអំពីសំរឹទ្ធដែលបោះនៅត្រង់រុក្ខវិថីសុព (Avenue Joffre) នៅចំពោះមុខលោកសេនាប្រមុខតែម្តងនោះ ជារបស់តឹកតាង១ ធ្វើមុនគេបង្អស់ដើម្បីឱ្យដឹងអង្វែងតទៅមុខ ថាលោកសេនាប្រមុខបានអញ្ជើញមកក្រុងភ្នំពេញ។ «ផ្ទាំងរំឭក» ធ្វើអំពីថ្មកែវ១ផ្ទាំង ដែលបោះ​នៅបន្ទប់សម្រាប់អ្នកទាំងពួងនៅផ្ទះរាជការក្រុមមឿង(សាលាក្រុង)នោះ នឹងនាំឱ្យរឹតតែចាំពីលោកដែលបានអញ្ជើញមកក្រុងភ្នំពេញនេះថែមទៀត។

ខ្ញុំសូមជម្រាប អស់លោកអស់អ្នកជ្រាបថា មូលហេតុដែលរាជការក្រុមមឿងក្រុងភ្នំពេញ ធ្វើក្នុងគ្រាឥឡូវនេះមិនមែនធ្វើឱ្យតែមេទ័ពធំតែម្នាក់ឯង ដោយបាននាំកងទ័ពទៅតយុទ្ធឥតរុញរាទេ។ ការធ្វើនេះគឺធ្វើឱ្យទាំងពួកកងទ័ពនោះផង ដោយបាន​ជួយ​សង្គ្រោះនគរឱ្យរួចបានដោយសារតែមានចិត្តក្លាហាន។​ យើងរាល់គ្នាគ្មាននរណាហើយដែលមិនចាំអំពីខ្សែលួស​(ទូរលេខ) ពីប្រទេស​បារាំងដែលបានបញ្ជូនដំណឹងស្តីពីការព្រួយរបស់មេដឹកនាំបារាំងមកឱ្យយើងដឹងថាទ័ពយើងចេះតែថយបន្តិចម្តងៗ និង​អំពីការព្រួយរបស់យើង ដោយបានទទួលដំណឹងនេះ។ ប៉ុន្តែយើងនៅតែមិនបាត់សេចក្តីសង្ឃឹម។


ផែនទីបង្ហាញអំពីព្រែកឡាម៉ានន៍ ដែលជាដៃទន្លេសែននៅខាងកើតក្រុងប៉ារីស Marne River/ Rivière de la Marne

ក្រោយមកដំណឹងថាបានគ្រាន់បើនៅព្រែកឡាម៉ានន៍ (Rivière de la Marne) ហើយឃើញសេចក្តីបង្គាប់ពីលោកសេនាប្រមុខ​សុព ដូច្នេះថា៖ យើងកំពុងតែចូលតយុទ្ធដើម្បីឱ្យនគរនឹងបានជ័យជម្នះលើពួកអាល្លឺម៉ង់។ យើងត្រូវតែរំឭកអ្នកទាំងអស់គ្នាថាក្នុងគ្រានេះអ្នកមិនត្រូវគិតពីរឿងដកថយក្រោយទេ ត្រូវខំវាយនិងខំដេញសង្ខុញពួកខ្មាំង ឱ្យវាថយទៅក្រោយវិញឱ្យពេញទំហឹង។ ពួកទាហានដែលខំប្រឹងទៅមុខទៀតមិនរួច ត្រូវតែខំក្រាញនៅៗ ទីតាំងដែលខ្លួនយកបាន ហើយមិនត្រូវថយទេ ត្រូវ​ស៊ូឱ្យទាល់តែអស់ជីវិតនៅទីនោះ។ ក្នុងគ្រាឥឡូវនេះតែមានធ្វើខុសហើយ នឹងអនុញ្ញាតទោសមិនបានសោះឡើយ ហើយឮដំណឹង​ថា​ទ័ពខ្មាំងវាបាត់រត់តត្រាត់តត្រាយ [1] តាមផ្លូវ ដែលវាចូលមកកាលវាកំពុងនៅមានជ័យ។

ស្រុកបារាំងតាំងពីនោះមកបានរួចខ្លួនហើយៗ បានរៀបចំតយុទ្ធធន់យូរដែលមានមកក្រោយៗទៀតបានដោយពួកទាហាននោះនៅរាំងដូចជារបងដែក១គ្មាននរណាទម្លាយបានសោះតាំងអំពីនោះរៀងមក។ ម្យ៉ាងទៀត លោកមើលយល់អំពីស្ថានភាពបានច្បាស់លាស់ និងចេះរៀនចំយុទ្ធវិធីជាបន្ត។ គឺលោកសេនាប្រមុខនេះហើយដែលចេះបញ្ជាឱ្យកងទ័ពដកថយដល់ឡាមានន៍ (la Marne) និងឱ្យទប់ទល់នៅទីនោះ ហើយចេះរកពេលវាយបកវិញរហូតដល់បានជោគជ័យ។ លោកសេនាប្រមុខសុព ដែលល្បីឈ្មោះនេះឯង គួរតែយើងចាំកុំភ្លេចសោះពីលោកដែលបានអញ្ជើញមកសំណាក់នៅផ្ទះរាជការក្រុមមឿងនេះ។

ខ្ញុំសូមជម្រាបអស់លោកអស់អ្នកជ្រាប ថាលោកមេកងទ័ពដែលមានកេរ្តិ៍ឈ្មោះល្បីនោះ មិនដែលធ្វើឱ្យមានកំហុស, មិនដែលបាត់សង្ឃឹម និងមិនដែលគិតថាបារាំងមិនក្លាហាន និងមិនតស៊ូនោះទេ។ ម្យ៉ាងទៀត លោកមើលយល់អំពីស្ថានភាពបានច្បាស់លាស់ និងចេះរៀនចំយុទ្ធវិធីជាបន្ត។ គឺលោកសេនាប្រមុខនេះហើយដែលចេះបញ្ជាឱ្យកងទ័ពដកថយដល់ឡាមានន៍ (la Marne) និងឱ្យទប់ទល់នៅទីនោះ ហើយចេះរកពេលវាយបកវិញរហូតដល់បានជោគជ័យ។ លោកសេនាប្រមុខសុព្វ ដែលល្បីឈ្មោះនេះឯង គួរតែយើងចាំកុំភ្លេចសោះពីលោកដែលបានអញ្ជើញមកសំណាក់នៅផ្ទះរាជការក្រុមមឿងនេះ។

នៅលើផ្ទាំងថ្មកែវនេះមានអក្សររំឭកអំពីលោកដែលបានអញ្ជើញមកក្រុងភ្នំពេញ ដើម្បីរំឭកគុណលោក។  

អក្សរនៅលើផ្ទាំងថ្មនេះមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«ក្នុងរវាងដែលមានកិច្ចធុរៈដំណើរមកជារាជការក្នុងស្រុកទិសបូព៌[2]ចុងបំផុត “អិស្សត្រែមអូរីយ៉ង”[3]
នោះលោកម៉ារេសាល់សុព
ដែលមានជ័យជម្នះក្នុងចម្បាំងឡាម៉ានន៍ បានអញ្ជើញមកសំណាក់នៅទីផ្ទះរាជការក្រុមមឿងនេះ
នៅថ្ងៃ១៣-១៤ និង ១៨ ខែដេសម ឆ្នាំ១៩២១»។ 
អស់លោក អស់អ្នក ដែលបានទៅជួបជុំក្នុងឱកាសនេះ ក៏បានចូលរួមគ្នាទះដៃទទួលគំនាប់សេចក្តីបង្ហើយនៃសេចក្តីអធិប្បាយនេះ[4]។

(សូមរង់ចាំអានភាគបន្ត…)

------------------------------------------------------

[1] តត្រាត់តត្រាយ ជាភាសានិយាយនៅសម័យនោះដែលមានន័យស្មើនឹងរប៉ាត់រប៉ាយ។
[2] ទិសបូព៌ គឺទិសបូព៌ា។
[3] អិស្សត្រែមអូរីយ៉ង(Extrême-Orient) គឺចុងបូព៌ា។
[4] បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥, ទំព័រ៦៥-៦៨។

ទាញយកអត្ថបទភាគទី៥ វគ្គ២ ជា .pdf ពី៖
http://rac.apppeppers.com/royal-academy/research/attachments/original/90.pdf?1553498895

2019-03-25 07:51:25   ថ្ងៃចន្ទ, 25 មីនា 2019 ម៉ោង 02:51 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា»

កាលពីថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បានចំនួន០៨ពាក្យ ដូចខាងក្រោម៖



2019-03-21 05:32:29   ថ្ងៃព្រហស្បតិ៍, 21 មីនា 2019 ម៉ោង 12:32 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍»

កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំ ពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍ បានចំនួន០៣ពាក្យ ដូចខាងក្រោម៖






RAC Media


2019-03-21 05:24:26   ថ្ងៃព្រហស្បតិ៍, 21 មីនា 2019 ម៉ោង 12:24 PM
«សកម្មភាពចុះសិក្សាស្រាវជ្រាវគម្រោងស្តីពី «ចម្លាក់អប្សរានៅប្រាសាទ​ អង្គរវត្ត៖ សិល្បៈតែងលម្អសក់ និងការរចនាសំពត់»

វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖«សកម្មភាពចុះសិក្សាស្រាវជ្រាវគម្រោងស្តីពី «ចម្លាក់អប្សរានៅប្រាសាទ​ អង្គរវត្ត៖ សិល្បៈតែងលម្អសក់ និងការរចនាសំពត់»

ចាប់ពីថ្ងៃសុក្រ១០ កើតខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៩ ដល់ថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធាន​វិទ្យាស្ថាន និងមន្រ្តីវិទ្យាស្ថានមួយចំនួនទៀតរួមមាន៖ លោកបណ្ឌិត ធុយ ចាន់ធួន លោក ហឿង សុធារស់ លោកស្រី សរ​ សិលា និង​លោកស្រី ម៉ិល វាសនា បានចុះសិក្សាស្រាវជ្រាវ ស្តីពី «ចម្លាក់អប្សរានៅប្រាសាទអង្គរវត្ត ដោយផ្តោតលើ សិល្បៈតែងលម្អ​សក់និងការរចនាសំពត់»។

ក្នុងបេសកកម្មលើកដំបូងនៃគម្រោងស្រាវជ្រាវខាងលើ គឺផ្តោតលើការប្រមូលទិន្នន័យសំខាន់ៗរួមមាន៖
១.ស្វែងយល់ពីប្រវត្តិនៃការស្រាវជ្រាវកន្លងមកពាក់ព័ន្ធនឹងចម្លាក់អប្សរា​និងរបៀបនៃការចុះបញ្ជីរូបដោយ    សម្ភាសន៍ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនដែលធ្លាប់អនុវត្តកន្លងមក។
២.ចុះពិនិត្យទីតាំងជាក់ស្តែងនៃរូបចម្លាក់អប្សរាមួយចំនួន ដើម្បីកំណត់ពីរបៀបចុះបញ្ជីទីតាំងរូបភាពទៅតាមលក្ខណៈច្ចេកទេសឱ្យបានត្រឹមត្រូវ សម្រាប់ដំណើរការថតយករូបភាពយកមកសិក្សាបន្ត។
៣.ថតរូបចម្លាក់អប្សរាមួយចំនួនជាគម្រូដោយប្រើម៉ាស៊ីនធម្មតា សម្រាប់យកមកសាកល្បងប្រើប្រាស់ក្នុងម៉ាស៊ីន     ស្កេនដើម្បីពិនិត្យមើលភាពលំអិតនៃរូប។
៤.ធ្វើការសង្កេតលក្ខណៈរូបមួយចំនួន សម្រាប់ការពិពណ៌នាពីបរិបទនៃរូបដែលស្ថិតនៅក្នុងទីតាំងនីមួយៗ។
៥.ស្វែងយល់ពីបញ្ហាប្រឈមនានាក្នុងដំណើរការអនុវត្តការថតរូបនាពេលក្រោយៗទៀត ព្រោះទីតាំងរូបខ្លះស្ថិតក្នុងស្ថានភាពចំណោទខ្ពស់ ដែលត្រូវការប្រើប្រាស់សម្ភារបច្ចេកទេសជាជំនួយ។

ជាលទ្ធផលនៃបេសកកម្មចុះស្រាវជ្រាវលើកដំបូងនេះ ក្រុមការងារបានសម្រេចនូវលទ្ធផលមួយចំនួនទៅតាមការគ្រោងទុកដូចជា៖ ១.បានជួបសម្ភាសន៍ជាមួយ ឡេង ណារី អតីតអ្នកធ្លាប់បម្រើការងារជាមួយក្រុមស្រាវជ្រាវបរទេសដែលសិក្សាពីចម្លក់អប្សរានេះ និងលោក ឡេង សត្យា មន្រ្តីនៃអជ្ញាធរអប្សរា លើការងារបច្ចេកទេសក្នុងការថតរូបសម្រាប់យកមកចុះបញ្ជីរូបភាព។  ២. ក្រុមអ្នកស្រាជ្រាវយើង បានចុះទៅដល់ទីតាំងផ្ទាល់នៅប្រាសាទអង្គរវត្ត ដោយបានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់តាមទីតាំងនានាដែលមានចម្លាក់អប្សរា តាំងពីថែវក្លោងទ្វារទីបួន រហូតដល់ថែវទីមួយ(បាកាន្ត) ដើម្បីរកវិធីកំណត់ប្លង់និងរបៀបប្រើប្រាស់លេខកូដរបស់រូបសម្រាប់ចុះនៅក្នុង ប្លង់អោយមានលក្ខណៈ​វិទ្យាសាស្រ្ត និងមានលក្ខណៈសង្គតភាពទៅនឹងរបៀបដែលគេធ្លាប់ធ្វីកន្លងមកផងដែរ។ ៣. បានចាប់ផ្តើមថតរូបចម្លាក់អប្សរា តាមគោលប្លង់រួម ព្រមទាំងសិក្សាពីរបៀបជ្រើសរើសប្លង់រូបថត របៀបបង់លេខកូដរបស់រូបនីមួយៗ សិក្សាពីបញ្ហាប្រឈមនានាសម្រាប់ការផ្តិតយករូបដែលនៅទីខ្ពស់ និងសិក្សាពីការតម្រូវការក្នុងការជ្រើស​រើសឧបករណ៏ជំនួយផ្សេងៗដែលជាតម្រូវការចាំបាច់មួយចំនួនផងដែរ។

              ​​​​​​​​​​​​​​​
ក្រុមស្រាវជ្រាវថតរូបជាមួយលោក ឡុង ណារី អតីតមន្ត្រីធ្លាប់ធ្វើការជាមួយបរទេសលើចម្លាក់អប្សរានៅទីកន្លែងធ្វើបទសម្ភាសន៍ក្រុងសៀមរាប
  

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី និងមន្ត្រីស្រាវជ្រាវកំពុងសាកសួរលោក ឡុង ណារី ពីប្រវត្តិការងារអភិរក្សនិងរបៀបនៃការចុះបញ្ជីរូបអប្សរា


ក្រុមស្រាវជ្រាវបានជួបប្រាស្រ័យនិងសម្តែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរអប្សរានៅប្រាសាទអង្គរវត្ត

 

ក្រុមការងារស្រាវជ្រាវបានជួបប្រាស្រ័យជាមួយមន្រ្តីអាជ្ញាធរអប្សរា មុនពេលចូលទៅប្រាសាទអង្គរវត្ត 

សកម្មភាពក្រុមស្រាវជ្រាវកំពុងសិក្សារួមគ្នាលើរូបអប្សរាមួយចំនួននៅប្រាសាទអង្គរវត្ត


ក្រុមស្រាវជ្រាវកំពុងសិក្សាស្វែងយល់ពីរូបអប្សរានៅប្រាសាទអង្គរវត្ត  

RAC Media



 

2019-03-21 03:12:37   ថ្ងៃព្រហស្បតិ៍, 21 មីនា 2019 ម៉ោង 10:12 AM
«ការប្រើប្រាស់រូបភាពបញ្ជូនពីផ្កាយរណបនៅក្នុងគម្រូបាយអូម៉ាស់លើដីនៃព្រៃកោងកាងនិងការប្រើប្រាស់ដីដែលមានការប្រកួតប្រជែង»

នៅក្នុងបទបង្ហាញដែលស្តីពី ពីការប្រើប្រាស់រូបភាពបញ្ជូនពីផ្កាយរណបនៅក្នុងគម្រូបាយអូម៉ាស់លើដីនៃព្រៃកោង កាងនិងការប្រើប្រាស់ដីដែលមានការប្រកួតប្រជែង ក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» នាថ្ងៃអង្គារ ១៤កើត​ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ នោះ លោក Jose Alan Castillo ជាអ្នកជំនាញមកពីការិយា ល័យអភិវឌ្ឍនិងការស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ី ប្រទេសហ្វីលីពីន បានបង្ហាញចំនុចសំខាន់ៗដែលបានផ្តោតទៅលើ​ដែនកំណត់នៃការសិក្សាពីការរៀបចំផែនទីបាយអូម៉ាស់ព្រៃកោងកាង ដោយលោកបានលើកឡើងថា បច្ចុប្បន្នមានការប៉ាន់ប្រមាណស្តុកកាបូនបាយអូម៉ាស់ភាគច្រើនគឺផ្អែកលើទិន្នន័យចំណុច(ផ្អែកលើទីតាំង)ដើម្បីសំដៅតំបន់ទាំងមូល ដែលវិធីសាស្រ្តនេះគ្រប់គ្រាន់សម្រាប់តែ២ឬ៣ហិចតាប៉ុណ្ណោះប៉ុន្តែចំណាយច្រើននិងយឺតប្រសិនអនុវត្តលើតំបន់ធំៗ។

លោកក៏បានលើកឡើងពី កម្មវត្ថុនៃការសិក្សាគឺដើម្បីវាយតម្លៃរូបភាពបញ្ជូនពីផ្កាយរណបសម្រាប់ការប៉ាន់ប្រមាណនិងការរៀបចំផែនទីបាយអូម៉ាស់ព្រៃកោងកាង។ ចំពោះវីធីសាស្រ្តគឺមានការសិក្សាពីតំបន់ ទិន្នន័យតំបន់ ការជ្រើសរើសគម្រូបាយអូម៉ាស់ ទិន្នន័យពីផ្កាយរណប។

RAC Media



2019-03-19 13:46:39   ថ្ងៃអង្គារ, 19 មីនា 2019 ម៉ោង 08:46 PM
«ការធ្វើនវានុវត្តន៍បច្ចេកវិទ្យាសម្រាប់កសិកម្មឆ្លាត ជាករណីសិក្សាសម្រាប់ការស្តារព្រៃឡើងវិញនិងការធ្វើកសិដ្ឋានចិញ្ចឹមត្រី»

បណ្ឌិត នភាលន៍ សាសាគី បានធ្វើបទបង្ហាញពីស្តីពី «ការធ្វើនវានុវត្តន៍បច្ចេកវិទ្យាសម្រាប់កសិកម្មឆ្លាត ជាករណីសិក្សាសម្រាប់ការស្តារព្រៃឡើងវិញនិងការធ្វើកសិដ្ឋានចិញ្ចឹមត្រី»។

ថ្លែងនៅក្នុងកម្មវិធីនៃបទបង្ហាញ លោកបណ្ឌិត នភាលន៍ សាសាគី ថា ពេលសព្វថ្ងៃនេះយើងបញ្ចេញ៤០ប៊ីលានតោនកាបូនក្នុងមួយឆ្នាំ មានបញ្ហាកង្វះម្ហូបអាហារដែលមានដីរិចរិលប្រហែល២ប៊ីលានហិចតាលើសកលលោកដែលនាំឱ្យមានបញ្ហានេះ និងកង្វះទិន្នន័យ។ រាល់ឆ្នាំមានដើមឈើ១៥ប៊ីលានដើមត្រូវបានបំផ្លាញដោយបុព្វហេតុមនុស្សនិងធម្មជាតិ។  ការស្តារព្រៃឈើឡើងវិញនិងការអភិរក្ស នៅក្នុងតំបន់ត្រូពិចយើងបាត់បង់ព្រៃឈើ ១៣លានហិចតាក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។

មេដឹកនាំពិភពលោកមានបំណងស្តារព្រៃឈើ៣៥០ហិចតានៅឆ្នាំ២០៣០ ដែល១ហិចតានៃព្រៃឈើដែលបានស្តារអាចស្តុកកាបូន១០០ទៅ៥០០តោនក្នុងរយៈពេល២០ឆ្នាំ។

ចុះហេតុអ្វីត្រូវការស្តារព្រៃឈើ? ជាដំណោះស្រាយអាកាសធាតុធម្មជាតិ ជាវិធីសាស្រ្តកាត់បន្ថយដ៏ល្អប្រសើរមួយក្នុងចំណោមទាំង១០ជាមួយផលប្រយោជន៍ជាច្រើន។ ការប្រើនវានុវត្តបច្ចេកវិទ្យាសម្រាប់ការដាំដុះដែលមានសហគ្រាស​១៤បានដំណើរការ គេអាចប្រើដ្រូនសម្រាប់ការស្តារព្រៃឈើតាមនវានុវត្តបច្ចេកវិទ្យាផ្ទុកទិន្នន័យធំ។

ជាឧទាហរណ៍ក្រុមហ៊ុនវិស្វកម្មជីវកាបូនដែលបានបង្កើតនៅឆ្នាំ២០១៤បានធ្វើគម្រោងដំបូងនៅឆ្នាំ២០១៧នៅប្រទសអូស្រា្តលី និងគម្រោង៩ទៀតនៅប្រទេសភូមា និងប្រទេសផ្សេងៗ នៅឆ្នាំ២០១៨បានពង្រីកគម្រោងទៅដល់សហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀត។

លោកបណ្ឌិត នភាលន៍ សាសាគី បានបង្ហាញថា មានដំណាក់កាល៣ ក្នុងការដាំដើមឈើដោយដ្រូន៖ (១)ការរៀបចំផែនទី (២)ការដាំ (៣)ការត្រួតពិនិត្យដោយដ្រូន។ ការប្រមូលទិន្នន័យអាចលើកកម្ពស់និងពង្រីកលទ្ធភាពនានានិងចំណេះដឹង ទិន្នន័យដែលទទួលបានពីដំណាក់កាលការត្រួតពិនិត្យនិងរៀបចំផែនទីអាចយកមកច្របាច់ចូលគ្នាដោយម៉ាស៊ីនដែលអាចវិភាគទិន្នន័យមុននឹងការដាំមួយសារទៀត។ ទិន្នន័យធំនេះមានតម្លាភាពដែលដើមឈើមួយដើមៗបានកំណត់ទីតាំងនិងតាមដានពីការលូតលាស់និងទិន្នផលរបស់វា។

ហេតុអ្វីដែលយើងត្រូវប្រើនវានុវត្តបច្ចេកវិទ្យា?

-លោកថា នៅប្រទេសជប៉ុន ក្រុមហ៊ុន​ Umitron កាត់បន្ថយកាកសំណល់នៅក្នុងឧស្សាហកម្មកសិដ្ឋានចិញ្ចឹមត្រី

-នៅប្រទេសចិន ក្រុមហ៊ុន Meicai បានភ្ជាប់ផលិតផលរបស់កសិករទៅកាន់ភោជនីយដ្នានក្នុងតំបន់នៅប្រទេសចិន ក្រុមហ៊ុនAnd Forest បានដាំដើមឈើតាមអ៊ីនធើណេតដោយប្រើទូរស័ព្ទឆ្លាតនិងជារឿងពិត។

នៅចុងបញ្ចប់នៃកម្មវិធី លោកបណ្ឌិត នភាលន៍ សាសាគី បានលើកឡើងថា បច្ចេកវិទ្យាគឺកាន់តែងាយស្រួលរកបានសម្រាប់ការស្តារព្រៃឈើនិងកសិកម្មឆ្លាត។ រីឯការចាត់វិធានការគឺជាអ្វីដែលកំពុងខ្វះខាត។

ថ្ងៃ អង្គារ ១៤កើត​ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ សិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍»៕

​RAC Media







2019-03-19 10:09:55   ថ្ងៃអង្គារ, 19 មីនា 2019 ម៉ោង 05:09 PM
«ការប្រើប្រាស់កម្មវិធីGoogle Earth សម្រាប់ការរកមើលដីទំនេរសម្រាប់កសិកម្មឆ្លាត»

លោក Manjunatha Venkatappa ជាអ្នកជំនាញខាងទីតាំងភូមិសាស្រ្តមក ជាវាគ្មិនមកពីប្រទេសថៃបានធ្វើបទបង្ហាញ​ពី «ការប្រើប្រាស់កម្មវិធីGoogle Earth សម្រាប់ការរកមើលដីទំនេរសម្រាប់កសិកម្មឆ្លាត»។ សព្វថ្ងៃនេះមានតម្រូវ​ការភ្លាមៗ សម្រាប់ព័ត៌មានដោយផ្អែកលើទីតាំងព័ត៌មានភូមិសាស្រ្តនិង បច្ចេកវិទ្យាសម្បូរបែបដើម្បីត្រួតពិនិត្យភាព​ រិចរិលដី បញ្ហាកសិកម្មនិងកំណត់តំបន់ដែលសាកសមសម្រាប់តម្រូវការកសិកម្មឆ្លាតដែលត្រូវវាយតម្លៃ។

កម្មវិធីGoogle Earthជាវេទិការផ្អែកលើខ្លោតសម្រាប់សមត្ថភាពគណនាធំសម្បើមដើម្បីរក្សាបញ្ហាសង្គមដែលមានឥទ្ធិពលខ្លាំងរួមមានការកាប់បង្ហាញព្រៃឈើ ការត្រួតពិនិត្យគ្រោះរាំងស្ងួត គ្រោះមហន្តរាយ ការគ្រប់គ្រងទឹក ការការពារបរិស្ថាន ការត្រួតពិនិត្យដី អាកាសធាតុនិងធនធានធម្មជាតិ។ វាជាកម្មវិធីមានទិន្នន័យអាកាសធាតុនិងការបញ្ជា​ពីចម្ងាយដោយឥតគិតថ្លៃ មានល្បើនមិនដូចពីមុន និងភាពងាយស្រួលប្រើនិងមិនចំណាយអ្វីទាំងអស។

-ហេតុអ្វីត្រូវមានកសិកម្មឆ្លាតនៅកម្ពុជា? តំបន់កសិកម្មមានខូចខាតធ្ងន់ធ្ងប្រហែល២០,៦៦១ហិចតានៅក្នុងឆ្នាំ​២០១០​ទៅ២០១១ការធ្វើស្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះរាំងស្ងួតដែលភាគច្រើនកើតឡើងនៅពាក់កណ្តាល​​រដូចវស្សា។ សីតុណ្ហភាពមធ្យមនៅក្នុងកម្ពុជាបានកើនឡើងពី០.៨អង្សារពីឆ្នាំ១៩៦០ទៅ២០០៥។ សីតុណ្ហ​ភាពមធ្យមតាមការព្យាករណ៍នឹងកើនឡើង០.៣ទៅ.៦អង្សារនៅឆ្នាំ២០២៥ ០.៧ទៅ២.៧អង្សារនៅឆ្នាំ២០៦០ និង១.៤ទៅ៤.៣អង្សារនៅឆ្នាំ២០៩០។

ការរកមើលដីទំនេរដោយផ្អែកលើទីតាំងសម្រាប់កសិកម្មឆ្លាតដោយប្រើម៉ាស៊ីនGoogle Earthដែលដំណើរគណនាក្នុងខ្លោតនិងការបញ្ជាពីចម្ងាយ។ វាជាកម្មវិធីដោយផ្អែកលើអ៊ីនធើណេតសាមញ្ញមួយសម្រាប់ការត្រួតពិនិត្យបញ្ហាកសិកម្មនៅក្នុងវេទិកាបណ្តាញអ៊ីនធើណេតរបស់Google Earth។ចំពោះដំណោះស្រាយបែបវិទ្យាសាស្រ្តនិងការចូលមើលទិន្នន័យ។ លោក Manjunatha Venkatappa មើលផែនទីដីដំណាំនិងព្រៃឈើ រយៈកម្ពស់ ទីជម្រាល បណ្តាញលំហូរ និងទិន្នន័យ​អាកាសធាតុដូចជាសីតុណ្ហភាព ទឹកភ្លៀង សន្ទទស្សគ្រោះរាំងស្ងួតជាដើម។

-អាចប្រើសម្រាប់រកតុល្យភាពកាបូននិងឥណទានកាបូនតើយើងអាចត្រួតពិនិត្យពីដំណើរការនេះដោយរបៀបណា? គឺកសិករត្រូវមានឧបករណ៍ឆ្លាតសម្រាប់ការត្រួតពិនិត្យសុខភាពដំណាំ និងអ្នករៀបចំគោលនយោបាយអាចប្រើប្រាស់កម្មវិធីសម្រាប់ការត្រួតពិនិត្យគ្រោះរាំងស្ងួតថ្នាក់ជាតិ ការត្រួតពិនិត្យសុខភាពដំណាំថ្នាក់ជាតិ។​ កម្មវិធីនេះអាចយកព័ត៌​មានមកផ្ទះបានយ៉ាងងាយស្រួលដោយសារទិន្នន័យរក្សាក្នុងក្លោត៕

ថ្ងៃ អង្គារ ១៤កើត​ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ សិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍»៕​

RAC Media




2019-03-19 09:55:56   ថ្ងៃអង្គារ, 19 មីនា 2019 ម៉ោង 04:55 PM
«ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈកសិកម្មមានភាពឆ្លាតជាមួយអាកាសធាតុ»

នៅថ្ងៃ អង្គារ ១៤កើត​ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃទី៣ នៃកម្មវិធីសិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» នៅខេត្តសៀមរាប បណ្ឌិត Takuji Tsusaka បានធ្វើបទបង្ហាញស្តីពី «ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈកសិកម្មមានភាពឆ្លាតជាមួយអាកាសធាតុ»។

លោក Takuji Tsusaka បានចាប់ផ្តើមជាមួយការពន្យលពីអ្វីដែលហៅថាកសិកម្មមានភាពឆ្លាតនឹងអាកាសធាតុ​(CSA)? វាជាការធ្វើដើម្បីសន្តិសុខស្បៀងនិងគោលដៅអភិវឌ្ឍ ដែល(១)ត្រូវបង្កើនផលិតភាពនិងប្រាក់ចំណូលប្រកបដោយចីរភាព (២)ពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុនិងប្រភេទផ្សេងៗគ្នា និង(៣)កាត់បន្ថយការចូលរួមចំណែករបស់កសិកម្មចំពោះបម្រែបម្រួលអាកាសធាតុ។

CSAជាការបញ្ចូលនៃការបន្ស៊ាំនិងការការបន្ថយនៅក្នុងយុទ្ធសាស្រ្តលូតលាស់កសិកម្ម។ ចំពោះវិធានការបន្ស៊ាំមានដូចជា ការផ្លាស់ប្តូរកាលបរិច្ឆេទការដាំ ការដាំពូជឬប្រភេទដំណាំផ្សេងៗ ការអភិវឌ្ឍនិងការលើកម្ពស់ដំណំាមានជម្រើស ការអភិវឌ្ឍពូជដែលធន់នឹងកំដៅនិងគ្រោះរាំងស្ងួត ការប្រើប្រាស់ការដាំឆ្លាស់គ្នានិងការដាំវ៉ិលជុំ ការគ្រប់គ្រងជំងឺនិងសត្វចង្រៃបានល្អប្រសើរសម្រាប់ដំណាំ និងការអភិវឌ្ឍប្រព័ន្ធព្រមានជាមុននិងវិធានការការពារសម្រាប់គ្រោះធម្មជាតិ។ផ្តោតលើការកាត់បន្ថយគឺមានន័យថាផ្តោតលើការបំភាយឧស្ម័នផ្ទះកញ្ចក់តាមវិស័យ ដូចជាកសិកម្មដែលមាន១១ទៅ១៥% ការកាប់ព្រៃឈើ ការដឹកជញ្ជូន ឧស្សាហកម្ម ថាមពល និងកាកសំណល់ជាដើម។

ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីកសិកម្មតាមប្រភពមានដូចជា ដំណើរការរំលាយអាហាររបស់សត្វ លាមកដែលចោល​លើដីវាលស្មៅ ជីសំយោគ និងផលិតកម្មស្រូវ លាមកដែលបានស្តុក សំណល់ដំណាំ លាមកដែលចោលលើដីដំណាំ ការដាំដុះនៃដីសរីរាង្គ។ ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីកសិកម្មតាមតំបន់ នៅអាស៊ីមានដំណើររំលាយអាហារបស់សត្វ​៣២% ដី២៧% និងស្រូវ២៣%។ ការកាត់បន្ថយសត្វក្តាមនៅក្នុងកសិកម្មមាន៣ប្រភេទ៖ (១)ប្រពលវប្បកម្ម (២)ការកាត់បន្ថយការបំភាយនៅក្នុងផលិតកម្មកសិកម្ម (៣)ការបំបែកកាបូនបន្ថែមនៅក្នុងប្រព័ន្ធកសិកម្ម។​

លោក​Takuji Tsusaka​ បង្ហាញពីវិធានការកាត់បន្ថយ វិធានការទី១៖ការកាត់បន្ថយការបំភាយពីដំណើររំលាយអាហាររបស់សត្វ វិធានការទី២៖ការគ្រប់គ្រងជីអាសូត វិធានការទី៣៖ ការកាត់បន្ថយការបំភាយមេតានពីវាលស្រែ វិធានការទី៤៖ការបំបែក។

RAC Media




2019-03-19 09:44:00   ថ្ងៃអង្គារ, 19 មីនា 2019 ម៉ោង 04:44 PM
«នៅថ្ងៃទី២១ ខែមីនា ព្រះអាទិត្យនឹងរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត»

នៅឆ្នាំនេះ សមរាត្រី នឹងកើតមានចំនួន២ដង គឺចំថ្ងៃទី២១ ខែមីនា និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ វេលានេះ គឺជាឱកាសដែលប្រជាពលរដ្ឋទាំងអស់អាចទស្សនាប្រាសាទអង្គរវត្ត គឺទស្សនាព្រះអាទិត្យដែលនឹងរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត។ ពោលគឺចាប់ម៉ោង៥ និង៥០នាទីព្រឹកព្រលឹមស្រាងៗ រហូតដល់ម៉ោងប្រហែល៧ព្រឹក ដែលយើងអាចមើលឃើញ ពីខ្លោងទ្វារកណ្តាលនៃគុហ៍តារាជ(ក្លោងទ្វារធំខាងលិច)ទៅ។ នេះបើយោងតាមការផ្សាយព័ត៌មាននៅគេហទំព័រក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

យោងតាមប្រភពដដែល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ថាតាមការសិក្សារបស់អ្នកស្រាវជ្រាវ របស់មជ្ឈមណ្ឌល ស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរាថា ព្រះអាទិត្យរះទ្បើងចំកំពូល កណ្តាលនៃប្រាសាទអង្គរវត្តនេះ គេឱ្យ ឈ្មោះថា សមរាត្រី(Equinox) ពោលគឺ សមរាត្រីជា ពេលវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះខែខ្លះថ្ងៃមានរយៈ ពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ ករណីពិសេសនៅ ប្រាសាទអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំ កំពូលកណ្តាលនៃប្រាសាទអង្គរវត្ត។

RAC Media | ផាញ់ សារឿន

2019-03-19 08:31:54   ថ្ងៃអង្គារ, 19 មីនា 2019 ម៉ោង 03:31 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក