Royal Academy of Cambodia
ភ្នំពេញ៖ «ប្រទេសកម្ពុជាទទួលបានការវិនិយោគពីចិនក្នុងទំហំ ច្រើនជាងអាម៉េរិក ហេតុនេះហើយទើបបានជាកម្ពុជាងាកទៅ រកចិន» នេះជាការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។ ប៉ុន្តែអ្វីដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់នោះគឺ កម្ពុជាងាកទៅរក ចិន គឺជាការងាកខាងផ្នែកសេដ្ឋកិច្ច មិនមែនងាកខាងផ្នែកនយោបាយនោះទេ ព្រោះកម្ពុជាមានការបោះឆ្នោតដ៏ទៀងទាត់ នៅរៀងរាល់អាណត្តិ ខណៈដែលសាធារណរដ្ឋប្រជាមានិតចិន ពុំមានការបោះឆ្នោតនោះឡើយ។
ក្នុងបរិបទដែលមានការឆ្លងឆ្លើយគ្នារវាងស្ថានបេសកកម្មការទូត របស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងស្ថានបេសកកម្មការទូត របស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា អំពីទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន ដែលក្នុងនោះ កម្ពុជាបានរៀបចំខ្លួនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមានការចូលរួមក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយ និងថ្មីៗនេះមានទាំងការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តកោះកុង ដែលចំណុចនេះ បែរជាបានក្លាយទៅជាពាក្យចចាមអារ៉ាមរហូតឈានដល់ថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក ចោទជាសំណួរទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការសង្ស័យអំពីវត្តមាននៃមូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន នៅលើទឹកដីកម្ពុជាថែមទៀតផង។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ការដឹកជញ្ជូនផ្លូវទឹកគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការដោះដូរពាណិជ្ជកម្មធំៗ ដែលតម្រូវឱ្យកម្ពុជាត្រូវសាងសង់កំពង់ទឹកជ្រៅ ដើម្បីអាចអនុញ្ញាតឱ្យនាវាដឹកទំនិញធុនធំចូលចតនិងបែងចែក ទំនិញនៅកំពង់ផែរបស់កម្ពុជាបាន។
ជាទស្សនៈផ្ទាល់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា សហរដ្ឋអាម៉េរិកមានភាពចាំបាច់ដែលត្រូវតែដាក់ការវិនិយោគឱ្យបានច្រើនជាងបច្ចុប្បន្ន ធ្វើយ៉ាងណាស្រូបយកចំនួនកម្លាំងពលកម្មឱ្យបានច្រើនដើម្បីជាការបង្កើនឥទ្ធិពលរបស់ខ្លួនលើកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងថា វាជា រឿងធម្មតាទេ នរណាដែលផ្ដល់ប្រយោជន៍ឱ្យកម្ពុជាច្រើនជាង កម្ពុជានឹងងាករកអ្នកនោះហើយ។
គួរបញ្ជាក់ផងដែរថា បើតាមតួលេខចេញដោយក្រសួងពាណិជ្ជកម្មកម្ពុជា ការវិនិយោគរបស់ចិននៅកម្ពុជាមានទំហំសរុបរហូតដល់ ១ ៣១០ លានដុល្លារ ស្មើនឹង៤១,៣%នៃការវិនិយោគទាំងមូលនៅកម្ពុជា។
ជាចុងក្រោយមុនបិទបញ្ចប់កិច្ចពិភាក្សាតុមូលខាងលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងជាការក្រើនរំឭកដល់យុវជននិងសាធារណជនទូទៅថា៖ «ក្នុងរូបភាពណាក៏ដោយ កម្ពុជាត្រូវតែជ្រើសយកសន្តិភាពជាធំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ សេដ្ឋកិច្ចអាចមានស្ថិរភាពបានគឺដោយសារនយោបាយ ហើយបើគ្មានស្ថិរភាពនយោបាយនោះទេ ក៏គ្មានសកម្មភាពសេដ្ឋកិច្ចនោះឡើយ»៕
RAC Media | លឹម សុវណ្ណរិទ្ធ
ពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ក្រោមអធិបតីភាព ព្រះបាទសម្តេចស៊ីសុវត្ថិ
សូមរំឭកថា ពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ បានប្រព្រឹត្តទៅនៅក្រុងភ្នំពេញ រយៈពេល៣ថ្ងៃ គឺពីថ្ងៃសុក្រទី២៧ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យទី១ ខែមីនា ឆ្នាំ១៩២៥។ នៅក្នុងកម្មវិធីថ្ងៃសុក្រទី២៧ ខែកុម្ភៈ មានពិធីជប់លៀងជូនអតីតយុទ្ធជនចាប់ពីម៉ោង៨យប់ និងពិធីរាំកម្សាន្តនៅក្នុងសាលបុណ្យនៃសាលាក្រុងភ្នំពេញ ចាប់ពីម៉ោង១០:៣០នាទីយប់។ នៅក្នុងកម្មវិធីថ្ងៃសៅរ៍ទី២៨ ខែកុម្ភៈ មានក្បួនដង្ហែកងទ័ពចាប់ពីម៉ោង៧ព្រឹក និងការសម្ពោធ «ផ្ទាំងរំឭក»(Plaque commémorative) អំពីការស្នាក់នៅក្នុងសាលាក្រុងភ្នំពេញនៃលោកសេនាប្រមុខ សុព (Maréchal Joffre) កាលពីខែធ្នូ ឆ្នាំ១៩២១។ កម្មវិធីថ្ងៃអាទិត្យទី១ ខែមីនា ឆ្នាំ១៩២៥ គឺពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១។
ទាញយកអត្ថបទជា pdf ៖ http://rac.apppeppers.com/royal-academy/research/attachments/original/101.pdf?1556543518
បច្ចេកសព្ទចំនួន១០ ត្រូវបានអនុម័ត នៅក្នុងសប្តាហ៍ទី៣ ក្នុងខែមេសា ឆ្នាំ២០១៩នេះ រួមមាន៖
-បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ កាលពីថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី ក្នុងនោះមាន៖ ១. សហនិពន្ធន៍ ២. សហអ្នកនិពន្ធ ៣. មាលីបទ។
-បច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន០៧ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរកាលពីថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ក្នុងនោះមាន៖ ១. ប្រេកង់ / ហ្វេ្រកង់ ២. សៀគ្វីបិទ ៣. សៀគ្វីចំហ / សៀគ្វីបើក ៤. អង្គធាតុចម្លងអគ្គីសនី ៥. អ៊ីសូទ្បង់ ៦. អន្តរកម្ម ៧. អ៊ីសូទ្បង់អគ្គិសនី។
សទិសន័យ៖
១-សហនិពន្ធន៍៖ ស្នាដៃរឿងប្រលោមលោក អត្ថបទសិក្សាកថា អត្ថបទស្រាវជ្រាវ... ដែលកើតចេញពីការតែងនិពន្ធ រៀបរៀង ចងក្រង ដោយអ្នកនិពន្ធច្រើននាក់រួមគ្នា។
ឧទាហរណ៍ រឿងថៅកែចិត្តចោរ រឿងភូមិតិរច្ឆាន ជាស្នាដៃសហនិពន្ធន៍។
២- សហអ្នកនិពន្ធ អ. co-authors បារ. co-auteurs (m.) ៖ អ្នកនិពន្ធពីរឬច្រើននាក់រួមគ្នាតាក់តែងនិពន្ធ រៀបរៀង ឬចងក្រងស្នាដៃអ្វីមួយ។
ឧទាហរណ៍៖
- លោក ឌឹក គាម និង លោក ឌឿក អំ ជាសហអ្នកនិពន្ធរឿងភូមិតិរច្ឆាន។
- លោក ពៅ យូឡេង និង លោក អ៊ំ ឈឺន ជាសហអ្នកនិពន្ធរឿងថៅកែចិត្តចោរ។
៣- មាលីបទ អ. Anthology បារ. anthologie (f.)៖ កម្រងស្នាដៃអក្សរសិល្ប៍ ជាប្រលោមលោក រឿងខ្លី កំណាព្យ ចម្រៀង រឿងល្ខោន សេចក្តីដកស្រង់ជាដើម ដែលត្រូវបានជ្រើសរើសប្រមូលចងក្រងជាឯកសារមួយ ឬជាភាគទៅតាមសម័យកាលណាមួយ ដោយបង្ហាញនាមអ្នកនិពន្ធ ប្រវត្តិស្នាដៃ អត្ថន័យសង្ខេបខ្លះៗនៃស្នាដៃ។
ឧទាហរណ៍ មាលីបទដែលមានចំណងជើងថា អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី១៩ ចងក្រងដោយ ឃីង ហុកឌី បោះពុម្ពឆ្នាំ២០០៣។
៤-ប្រេកង់ / ហ្វេ្រកង់ អ. requency បារ. fréquence (f.) ៖ ចំនួនព្រឹត្តិការណ៍ដែលកើតទ្បើងដដែលៗក្នុងមួយខ្នាតពេល។
៥- សៀគ្វីបិទ អ. closed circuit បារ. circuit fermé (m.) ៖ សៀគ្វីអគ្គិសនីដែលមានចរន្តឆ្លងកាត់។
៦- សៀគ្វីចំហ / សៀគ្វីបើក អ. open circuit បារ. circuit ouvert (m.)៖ សៀគ្វីអគ្គិសនីដែលគ្មានចរន្តឆ្លងកាត់។
៧- អង្គធាតុចម្លងអគ្គីសនី អ. electrical conductor បារ. conducteur électrique (m.) ៖ សារធាតុដែលអាចឱ្យចរន្តអគ្គិសនីឆ្លងកាត់បាន។
៨- អ៊ីសូទ្បង់ អ. insulator បារ. isolant (m.)៖ សារធាតុដែលមិនចម្លងចរន្តអគ្គិសនី កម្តៅ ឬសំឡេង។
៩- អន្តរកម្ម អ. interaction បារ. interaction (f.) ៖ អំពើទៅវិញទៅមករវាងវត្ថុពីរ ឬច្រើន។
១០- អ៊ីសូទ្បង់អគ្គិសនី អ. electrical insulator បារ. isolant électrique (m.)៖ សារធាតុមិនចម្លងចរន្តអគ្គិសនី។
RAC Media
រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើកំណែទម្រង់ស៊ីជម្រៅចំពោះក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលជាក្រសួងគ្រប់គ្រងលើកម្លាំងកងទ័ព និងកម្លាំងនគរបាល។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ពីទីក្រុងប៉េកាំង ប្រទេសចិន នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នៅថ្ងៃអនាគតខាងមុខនេះទៀត ក្នុងជួរកងទ័ពមានតែរដ្ឋមន្រ្តីការពារជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ដែលពាក់ផ្កាយ៤, ត្រឹមអគ្គមេបញ្ជាការរង និងអគ្គនាយកនៃអគ្គនាយកដ្ឋាននានា ត្រូវពាក់ផ្កាយ៣, អគ្គនាយករងពាក់ត្រឹមផ្កាយ២ប៉ុណ្ណោះ។ មេបញ្ជាការកងទ័ពជើងគោក ជើងអាកាស ជើងទឹក គឺពាក់ត្រឹមផ្កាយ៣ និងតាមបណ្តាមេបញ្ជាការភូមិភាគនានា ផ្តល់ត្រឹមផ្កាយ២។ ដោយឡែកអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទទាំងអស់ នឹងត្រូវពាក់ត្រឹមផ្កាយ៣។
នៅពេលខាងមុខមន្រ្តីថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលពាក់ផ្កាយ៤ និងទម្លាក់មកត្រឹមផ្កាយ៣ លើកលែងតែមន្រ្តីចាស់ៗមួយចំនួនប៉ុណ្ណោះរក្សាទុកផ្កាយ៤។ ពាក់ព័ន្ធនឹងកំណែទម្រង់នេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដែរថា នឹងធ្វើកំណែទម្រង់លើកម្លាំងនគរបាលផងដែរ ហើយទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នឹងសិក្សាលម្អិតបន្ថែមលើការកែទម្រង់នេះ។
ប្រភព៖ Fresh News
RAC Media
ដោយមានសំណូមពរពីក្រុមការងារសាងសង់អគារឥន្រ្ទទេវី ឱ្យអ្នកជំនាញបុរាណវត្ថុវិទ្យាសិក្សាផ្ទៀងផ្ទាត់រូបបដិមាព្រះនាងឥន្រ្ទទេវី ក្រុមការងារវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ដែលមានលោកបណ្ឌិត ផុន កសិកា, លោក ហឿង សុធារស់, លោក ប្រែង ពិសិដ្ឋ, លោកស្រី ម៉ិល វាសនា និងនាងខ្ញុំ កញ្ញា តាកេត ស័កដា បានចុះសិក្សាស្រាវជ្រាវ និងផ្ទៀងផ្ទាត់បដិមាព្រះនាងឥន្រ្ទទេវី នៅតាមប្រាសាទក្នុងតំបន់អង្គរ ខេត្តសៀមរាប ដូចជា ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្មញ ប្រាសាទតាសោម ព្រះលានជល់ដំរី ព្រះបរមរាជវាំង ក្នុងគោលបំណងសិក្សាកំណត់អត្តសញ្ញាណជាក់លាក់នៃរូបបដិមា «ព្រះនាងឥន្រ្ទទេវី» សម្រាប់កសាងបដិមាតម្កល់ក្នុងអគារកំពុងសាងសង់ថ្មីនៃរាជបណ្ឌិត្យកម្ពុជា ដែលនឹងដាក់ឈ្មោះថា «អគារឥន្រ្ទទេវី»។
មានអ្នកស្រាវជ្រាវខ្លះសន្និដ្ឋានថានៅប្រាសាទបាយ័នក៏មានចម្លាក់រូបព្រះនាងឥន្ទ្រទេវី និងជ័យរាជទេវីដែរ គេឆ្លាក់នៅតាមក្លោងទ្វារចូលនានា និងនៅតាមសសរតាមថែវខាងក្នុង និងនៅជាន់ខាងលើ។ នៅតាមជញ្ជាំងនៃថែវខាងក្នុងនេះដែរ មានចម្លាក់នារីដែលទ្រង់គ្រឿងដូចព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧។ ក្នុងឈុតខ្លះ មានស្រ្តីមានទ្រង់គ្រឿងដូចមហេសីចំនួន២ ជួនកាលបី ឬបួន ឬប្រាំ។ នេះជាសំណួរ ថាតើស្រ្តីដែលទ្រង់គ្រឿងដូចព្រះមហេសីជានរណា ឬជាព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ដែរឬយ៉ាងណា? បើដូច្នេះ ព្រះបាទជ័យវរ្ម័នទី៧មានមហេសីប៉ុន្មានអង្គ? ដែលកន្លងមកគេដឹងតែថា ព្រះបាទជ័យវរ្ម័នទី៧មានមហេសី២អង្គគឺ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្រ្ទទេវី។ តាមរយៈសិលាចារឹកប្រាសាទភិមានអាកាស K. 485 បានឱ្យដឹងថា ព្រះនាងឥន្ទ្រទេវី ជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ និងជាម្ចាស់បងរបស់ព្រះនាងជ័យរាជទេវី បានសាងរូបបដិមាព្រះនាងជ័យរាជទេវី ជាមួយព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងផ្ទាល់ផង នៅគ្រប់បណ្ដាខេត្តដែលគ្រប់គ្រងដោយព្រះបាទជ័យវរ្ម័នទី៧។
បើតាមសិលាចារឹកនៅប្រាសាទព្រះខ័នបានចារដោយព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី៧ មានព្រះនាម វីរៈកុមារ បានចារថា ស្រីរាជេន្រ្ទទេវី ដែលជាម្ដាយរបស់ទ្រង់ គឺជាមហេសីទី១របស់ព្រះបាទជ័យវរ្ម័នទី៧។ មួយវិញទៀត ក៏មានសិលាចារឹក(K.908)បានចារដែរថា ព្រះបាទជ័យវរ្ម័នទី៧ មានមហេសីចំនួន៣អង្គ ដែល១អង្គទៀតមានព្រះនាម «រាជេន្ទ្រទេវី»។ យ៉ាងណាមិញ យើងនៅមិនទាន់មានអំណះអំណាងណាមួយច្បាស់លាស់ជាងនេះនៅឡើយ តែបើតាមការចុះស្រាវជ្រាវ និងការសង្កេតទៅលើរូបចម្លាក់តាមប្រាសាទខាងលើរួចមក លទ្ធផលបឋមយើងមើលឃើញថាមានរូបស្ត្រីដែលទ្រង់គ្រឿងជាមហេសីចំនួន៣អង្គដែលគង់នៅជាប់នឹងព្រះបាទជ័យវរ្ម័នទី៧មានបរិមាណច្រើនជាងគេ ក្នុងចំណោមរូបស្ត្រីដែលទ្រង់គ្រឿងជាមហេសីចំនួន២ ៤ និង៥អង្គ។ ហេតុនេះហើយ យើងគួរមានការសិក្សាស្រាវជ្រាវបន្ថែមទៀតជុំវិញចម្ងល់ទាំងនេះ។
កន្លងទៅមិនទាន់មានអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិណាធ្វើការកំណត់អត្តសញ្ញាណរូបបដិមាព្រះនាងឥន្រ្ទទេវីប្រាកដជាក់លាក់នៅឡើយ សូម្បីអ្នកជំនាញបដិមាសាស្រ្តនៅសារមន្ទីរជាតិភ្នំពេញ ក៏មិនទាន់បានកំណត់រូបណាមួយជារូបបដិមាព្រះនាងឥន្រ្ទទេវីនៅឡើយដែរ។ ថ្មីៗនេះ មានការបង្ហោះតាមបណ្ដាញព័ត៌មានផ្សេងៗអំពីរូបព្រះនាងឥន្រ្ទទេវី ប៉ុន្តែមិនបានទទួលបានការគាំទ្រ និងទទួលស្គាល់ពីសំណាក់អ្នកស្រាវជ្រាវជំនាញបដិមាសាស្រ្ត និងអ្នកជំនាញបុរាណវត្ថុនៅឡើយទេ។
ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជាដែលបានចុះធ្វើការសិក្សានោះបានយល់ថា គួររៀបចំវេទិការពិគ្រោះយោបល់ ស្ដីពី «អត្តសញ្ញាណបដិមា ព្រះនាងឥន្ទ្រទេវី» ក្នុងគោលបំណង៖
-ប្រមូលអ្នកជំនាញផ្នែកបដិមាសាស្រ្ត ប្រវត្តិសិល្បៈ បុរាណវត្ថុ និងអ្នកប្រវត្តិសាស្រ្ត ជជែកពិភាក្សា ពិគ្រោះយោបល់ដើម្បីកំណត់អត្តសញ្ញាណបដិមាព្រះនាងឥន្រ្ទទេវី
-កំណត់អត្តសញ្ញាណជាក់លាក់នៃអត្តសញ្ញាណបដិមាព្រះនាងឥន្ទ្រទេវី ដោយយោងតាមអនុសាសន៍នៃសិក្ខាសាលា។
រូបចម្លាក់ដែលគេសង្ស័យថាជារូបព្រះនាងជ័យរាជទេវី
រូបចម្លាក់ដែលគេសង្ស័យថាជារូបព្រះនាងឥន្ទ្រទេវី
រូបដែលគេសង្ស័យថាជាព្រះនាងឥន្ទ្រទេវី នៅប្រាសាទបាយ័ន
ក្រុមការងារនៅថែវខាងក្នុងនៃប្រាសាទបាយ័ន
ក្រុមការងារនៅប្រាសាទបាយ័ន
ក្រុមការងារនៅប្រាសាទតាព្រហ្ម តំបន់អង្គរ ខេត្តសៀមរាប
RAC Media | តាកេត ស័កដា
ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តដឹកនាំអង្គប្រជុំដេីម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា បានចំនួន០៧ពាក្យ ដូចខាងក្រោម៖
RAC Media
កាលពីថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍ បានចំនួន០៣ពាក្យ ដូចខាងក្រោម៖
RAC Media
មេបញ្ជាការបារាំង និងទាហានខ្មែរ
នៅក្នុងភាគទី៦ វគ្គទី២នេះ យើងសូមបង្ហាញអំពីឈ្មោះទាហានបារាំង និងទាហានខ្មែរ ដែលបានស្លាប់ និងរងរបួស ក្នុងសង្គ្រាមលោកលើកទី១នៅប្រទេសបារាំង ហើយដែលត្រូវបានឆ្លាក់នៅលើផ្ទាំងថ្មកែវនៅខឿនសង្ខាងនៃវិមាននេះ។ ដោយផ្អែកលើបណ្ណសារ «បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨)» យើងសូមលើកយកខ្លឹមសារដើម ដោយមានការកែសម្រួលមួយចំនួនដូចខាងក្រោម៖
ទាញយកអត្ថបទជា pdf ពី៖ http://rac.apppeppers.com/royal-academy/research/attachments/original/99.pdf?1555908091
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៧ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ជូនឯកឧត្តម ប៉ែន បញ្ញា ជាសមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។
មានភ្ជាប់ជូនព្រះរាជក្រឹត្យ៖
RAC Media
ប្រភព៖ រូបថត Fresh News
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/ ៥១៦ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ជូនឯកឧត្តម ឌិត មន្ទី ប្រធានតុលាការកំពូល។
RAC Media
ប្រភព៖ រូបថត Fresh News
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM