ព័ត៌មាន

«ពលរដ្ឋស៊ុយអែត លោក Love Englund ប្រគល់ថវិកាសាងសង់អណ្តូងនៅភូមិគំរូក្នុងស្រុកឆែប»

ក្នុងនាមពលរដ្ឋស៊ុយអែតម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំងនោះ លោក Love Englund បានសន្យាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ជួយថវិកាសម្រាប់ជីកអណ្តូងទឹកចំនួន៣ ដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិគំរូដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅឯភូមិដងផ្លឹត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ នៅវេលាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ លោក Love Englund បានបំពេញតាមការសន្យាដោយនាំយកថវិកាទៅជូនដល់ក្រុមការងាររៀបចំភូមិគំរូ នៅទីកន្លែងក្នុងភូមិដងផ្លឹតដោយផ្ទាល់ ដោយមានកិច្ចសហការជាមួយនឹងអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្តព្រះវិហារ។ 

លោក Love Englund បានប្រគល់ថវិកា ៥៤០០ដុល្លារអាម៉េរិក សម្រាប់ជីកអណ្តូងទឹកជូនលោក ជា សម្បត្តិ អនុប្រធានឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ហើយលោក ជា សម្បត្តិ បានប្រគល់ថវិកានោះបន្តទៅក្រុមហ៊ុន​ជីក​អណ្តូង​តែម្តង។ 

លោក Love Englund បានបញ្ជាក់ថា លោកពិតជាមានការសប្បាយចិត្តណាស់ ព្រោះថាលោកបានបំពេញសេចក្តីល្អ ហើយជាពិសេសលោកបានជួយអណ្តូងទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ ដោយសារទឹកគឺជាផ្នែកមួយសំខាន់សម្រាប់ការរស់នៅរបស់មនុស្ស និងសត្វទាំងអស់នៅក្នុងពិភពលោក។ 

សូមបញ្ជាក់ផងដែរថា លោក Love Englund គឺជាពលរដ្ឋនៃប្រទេសស៊ុយអែត ប៉ុន្តែដោយសារចិត្តស្រឡាញ់ប្រទេសកម្ពុជាខ្លាំងនោះ លោក និងក្រុមគ្រួសាររបស់លោក បានផ្លាស់មករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៤មកម្លេះ។ ចំណែកអណ្តូងទឹកដែលត្រូវប្រើប្រាស់នៅក្នុងភូមិគំរូដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជានោះ មានតម្លៃ ១៨០០ដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយអណ្តូង ហើយថវិកាដែលជាការបរិច្ចាគផ្ទាល់ខ្លួនរបស់លោក Love Englund នោះមានចំនួន ៥៤០០ដុល្លារសហរដ្ឋអាម៉េរិក សម្រាប់អណ្តូងទឹកទាំងបី។ 

RAC Media


2019-05-23 07:31:00   ថ្ងៃព្រហស្បតិ៍, 23 ឧសភា 2019 ម៉ោង 02:31 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ - វគ្គទី៣ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

(ប្រភព : http://khmersalem.blogspot.com/2012/08)

កាលពីភាគទី៧ វគ្គទី២ យើងបានធ្វើការបង្ហាញអំពីសេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំង មុននឹងគាត់ថ្លែងសុន្ទរកថា។ ចំណែកនៅក្នុងភាគទី៧ វគ្គទី៣នេះ យើងសូមធ្វើការបង្ហាញនូវខ្លឹមសារនៃសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំង ដែលមានខ្លឹមសារដើម ដោយមានការកែសម្រួលមួយចំនួន ដូចខាងក្រោម៖

ខ-ខ្លឹមសារសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់[១]          

សូមក្រាបបង្គំទ្រង់ព្រះករុណា សូមទ្រង់ជ្រាប និងជម្រាបអស់លោក អស់អ្នកជ្រាប។          

លោក គូវែរណើរយេណេរ៉ាល[២] ដែលពុំបានមកជួយបុណ្យនេះមានចិត្តនឹកស្តាយណាស់ ហើយបានប្រាប់មកខ្ញុំ ថាចិត្តលោកចូលជាមួយនឹងយើងក្នុងថ្ងៃនេះជាប្រាកដ។ ឯខ្លួនខ្ញុំនេះជំនួសខ្លួនលោក (អគ្គទេសាភិបាល) គឺជំនួសប្រទេសអាំងដូស៊ីន[៣] និងនគរបារាំងសែសមកជូនសេចក្តីកតញ្ញូឥតអាក់ និងសេចក្តីកោតសរសើរខ្លាំង ដល់អស់អ្នកមរណៈដែលមានជ័យជម្នះ។          

នៅចំពោះមុខបណ្តាជនប្រជុំគ្នានៅទីនេះដែលមានមនុស្សប្រទេសអាំងដូស៊ីន និងមនុស្សប្រទេសអឺរ៉ុបចូលលាយឡំគ្នា ដូចជា​បង​ប្អូនដោយមានសេចក្តីសប្បាយខ្លាំងនោះ រូបដែលជាងសំខាន់ឈ្មោះឌូក្វាំង(Ducoing) បានសាងក៏លេចឡើងនៅក្នុងពន្លឺពេល​ព្រឹកស្រុកក្តៅនេះ។ នគរខ្មែរពិតមែនតែមានប្រាសាទជាច្រើន ហើយប្រសើរជាបំផុត តែគួរមានសេចក្តីស្រើបស្រាលនិងការ​រចនានេះ ពីព្រោះការនេះរួមមកក្នុងតួវិមាន១ ដែលជានិមិត្តរូបនៃសេចក្តីសុខទុក្ខ និងសេចក្តីសង្ឃឹមនៃជាតិសាសន៍ទាំង២ ដែលជាប់មេត្រីគ្នាជាដរាបតទៅ។          

ទើបមិញៗនេះ កាលដកយកសំពត់ដែលគ្របរូបនេះចេញនោះ បណ្តាជនលាន់មាត់រាល់គ្នា មានសេចក្តីសរសើរទាំងថ្វីដៃជាងធ្វើរូប ទាំងចិត្តក្លាហាននៃអ្នកដែលបានឆ្លាក់រូបជាសំខាន់ទុកនេះ។ នេះប្រាកដជាបទ១ដែលជាងសិតរូប[៤]នោះ ធ្វើឱ្យថ្មនិងទង់ដែង​មានរាងជារូបជ្រៀង[៥] «សម្រាប់ជូនអ្នកដែលមរណៈជួយព្រះនគរ»។

អ្នកអស់ទាំងនោះនៅទីនេះ ដែលមានក្បាលពាក់ពួកដែក ហើយងើបមុខឡើងទៅលើមេឃដែលមានពន្លឺភ្លឺឆ្លុះ នៅជិតៗគ្នាក្នុងវេលាមានជ័យជម្នះដូចជាកាលដែលពួកគេបានទៅតយុទ្ធក្នុងចម្បាំងនោះ(សង្គ្រាមលោកលើកទី១)។ អ្នកនេះហើយជាអ្នកទៅតយុទ្ធក្នុងចម្បាំងធំ គឺទាហានបារាំងសែស និងទាហានខ្មែរ។ ឥឡូវអ្នកទាំងនេះធៀបដូចមានជីវិត ត្រឡប់មកកណ្តាលចំណោមយើងវិញ ដោយសាសន៍ទាំង២មានសេចក្តីកតញ្ញូរំឭកដល់គុណបំណាច់​របស់ពួកគេជាខ្លាំង។ មានបណ្តាជននៅទីនេះ ជាអ៊ឹក​ធឹក​​កាន់ស្វេតច្ឆត្រ[៦]ចាំទទួលបាំងអ្នកមានជ័យជម្នះ មានអ្នកខ្លះហុចដៃទៅឱ្យ មានស្រីដែលទន់ល្វន់ហុចផ្កាទៅឱ្យ ឯស្រីខ្លះទៀត​លើកកូនទៅបង្ហាញ។ ឯទាហានខ្មែរយកស្លឹកកន្ទួតទៅបង្ហាញបណ្តាជនជាតិជាមួយគ្នា ដែលមានសេចក្តីស្រើបស្រាលគួរនឹង​ខ្លួន។ ឯគូកនម្នាក់នោះបែបដូចជាអ្នកទំនុកបម្រុងបន្តិច តែដូចមានសេចក្តីមេត្រីស្រឡាញ់ច្រើនជាង ណែនាំទាហានខ្មែរហើយ​រុញស្រាលៗទៅឱ្យញាតិសាលោហិត ហើយបង្ហាញឱ្យបណ្តារាស្ត្រមើល ហើយបែបដូចជានិយាយថា ខ្លួនដែលធ្លាប់ដឹងកិច្ចការក្លាហាននោះ ថាអ្នករាល់គ្នានឹងទះដៃទទួលទាហាននេះចុះ ទាហាននេះហើយជាមនុស្សក្លាហានជាប្រាកដ ខ្លួនខ្ញុំក៏បានឃើញក្នុងវេលាសម្តែងប្ញទ្ធិហើយ ឯស្លឹកកន្ទួតដែលទាហាននេះមាននៅពេញខ្លួននេះ គឺខ្លួនទៅរងគ្រាប់កាំភ្លើង បេះយកមកមានប្រឡាក់​ឈាមរបស់ខ្លួនជាប់នៅនោះផង។          

ប្រៀបដូចពីបុរាណ វិញ្ញាណក្ខន្ធរបស់អ្នកខ្លាំងពូកែត្រូវបានតម្កល់តម្កើង។ អ្នកដែលមានថ្វីដៃត្រូវបានទទួលគ្រឿងឥស្សរិយយសដែលហៅថា​ «សើវាលីយេរ»[៧]។ នៅវិមាននេះ ដៃរបស់បារាំងសែសដាក់លើស្មាខ្មែរម្នាក់ដែលជាអ្នកពិជ័យសង្គ្រាមដូចគ្នានោះ តម្កើងហៅប៉ូលុយ[៨] គឺជាឈ្មោះមួយគ្មានងារអ្វីក្នុងសាវតាយកមកផ្ទឹមបាន។ ដោយសេចក្តីយល់ភ្លឺល្អពីទំនៀមស្រុកអាយ (ស្រុកខ្មែរ)​នេះ ជាងថ្វីដៃឯកនេះបានដាក់រូបទាហានទាំង២នាក់ នៅលើចេតិយមួយ ឯខឿនចេតិយនោះមានរូបនាគ៤ល្អឆើត​ ហើយ​​មានរូបដំរី៤មើលទៅដូចជាដើរធ្ងន់ជើង ពុំមានញញើតអ្វី ពីព្រោះមើលទៅឃើញដូចខំប្រឹងខ្លាំងណាស់។ ដំរីនោះដឹកនាំកោដ្ឋ ដែលទុកសម្រាប់ដាក់ធាតុនាម៉ឺន។ ទោះបីមនុស្សនោះជាកូនអ្នកស្រែក្តី ជាព្រះរាជវង្សានុវង្សក្តី ដោយខ្លួនបានស៊ូប្តូរជីវិតនោះ ក៏បានថ្កល់ថ្កើងខ្ពស់បំផុតលើលោកីយនេះ។ អ្នកទាំងនោះបានជួយទប់ទល់ឱ្យព្រះនគរចៀសរួចពីសេចក្តីបាក់បែក​ខូច​ខាត នូវសេចក្តីចុះចូលនឹងគេ គឺគ្មានបុណ្យសក្តិអ្វីធំហួសអ្នកទាំងនោះទេ។ អ្នកទាំងនោះមានសេចក្តីថ្កុំថ្កើងពីខ្លួនឯង គឺ​សេចក្តី​ថ្កុំថ្កើង កើតពីសេចក្តីប្រសើរ ដែលគេហៅថាសេចក្តីអត់ទ្រាំលំបាក សេចក្តីស៊ូអស់ពីចិត្ត និងការពុំមានភិតភ័យនឹងសេចក្តីមរណៈ ឯសេចក្តីប្រសើរទាំងនេះសុទ្ធតែយកសាច់ឈាមទៅប្តូរ។          

នេះហើយជាសេចក្តីដែលឃើញជាក់ស្តែងនៅលើរូបនេះ ដែលរាជការទំនុកបម្រុងនគរក្រុងកម្ពុជាធិបតី ប្រាថ្នាឱ្យជាងបារាំង​សែស​ពូកែម្នាក់ធ្វើទុករំឭកនិងតម្កល់តម្កើងអ្នកដែលទទួលអនិច្ចកម្មក្នុងចម្បាំងធំ។          

យើងទុកជាកេរដំណែលឱ្យកូនចៅអ្នកស្រុកនេះ បានឃើញតាងសេចក្តីកតញ្ញូព្រះមហានគរ និងសេចក្តីរំឭកដល់អ្នកដែល​ស៊ូ​បង់​ជីវិតក្នុងជាតិនេះ ដើម្បីនឹងឱ្យបានដឹងថាខ្លួនមានចិត្តស្មោះត្រង់នឹងក្រុងបារាំងសែសជាអាណាព្យាបាល ហើយឱ្យបានដឹងសេចក្តី​សាធារសប្បុរសនៃនគរនេះដែលផ្សាយលើជម្ពូទ្វីប។          

អ្នករាល់គ្នាទើបឮហៅឈ្មោះអ្នកមរណៈជាម្តងក្រោយបង្អស់។ ឯឈ្មោះអ្នកមរណៈទាំងនោះ នៅលាន់ឮលើអាកាសជុំវិញខ្លួនយើងនេះ ឈ្មោះនោះឆ្លាក់ជាប់នៅលើវិមានដែលធ្វើបុណ្យឆ្លងនេះ ទុកឱ្យអស់បណ្តាជនជាន់ក្រោយៗមើលឃើញ ហើយទុកសម្រាប់តម្កល់​តម្កើងអ្នកទាំងនោះផង។ នៅពេលព្រឹកថ្ងៃនេះ សេចក្តីប្រសើរដែលយើងតម្កល់តម្កើងលេចឡើងភ្លឺ ដោយអ្នកមរណៈក្រឡេកមើលមកយើង។          

ដោយហេតុយើងនឹកដើមខ្លាំងហើយ ដោយចិត្តយើងរួមចូលគ្នានោះ យើងមើលទៅឃើញដូចជា អ្នកដែលមរណៈទាំងប៉ុន្មាន មាន​ខ្លួននៅក្នុងឱកាសបុណ្យនេះដែរ។​​ ដោយគំនិតខ្ញុំគិត ខ្ញុំក៏មើលទៅឃើញដូចជាអ្នកដែលមរណៈទាំងនេះកំពុងតែជញ្ជឹងគិត​ទៅឯផ្នូរខ្លួននៅឆ្ងាយពីទីនេះ[៩] ដែលទុកចោលរូបខ្លួន តែកម្លាំងខ្លួនដែលធ្វើការ និងសេចក្តីប្រសើររបស់ខ្លួនពុំមាន​ចោល​​​នៅទីនោះទេ។ខ្ញុំមើលឃើញអ្នកទាំងនោះជាប្រាកដ ហើយមកចំណែកខ្ញុំៗក៏ហៅឈ្មោះអ្នកទាំងនោះទៀត គឺចាប់ហៅឈ្មោះតាំង​ពី​ដើម៖ អ្នកអង្គម្ចាស់ឡេងស៊ីសុវត្ថិ និងអ្នកអង្គម្ចាស់រ៉ាឌីណាវង្សនរោត្តម ដែលព្រះករុណាស៊ីសុវត្ថិ ទ្រង់បានព្រះរាជទានទៅ​នគរ​បារាំងសែស។           

ក្រោយមកមានបារាំងសែសចំនួន៣៣នាក់ នៅស្រុកខ្មែរធ្វើរាជការប្រូតិកតូរ៉ា(អាណាព្យាបាល) ដោយប៉ែកផ្សេងៗ និងធ្វើការក្នុងជំនួញជារបរក្រៅ។          

ក្រោយបង្អស់មានឈ្មោះខ្មែរ១៥១នាក់។ ក្នុងចំនួននេះមាន៤៨នាក់អនិច្ចកម្មនៅមុខសត្រូវក្នុងវេលាចម្បាំងធំឥតគណនា តែខ្មែរទាំង១៥១នាក់នេះសុទ្ធតែអនិច្ចកម្ម ដោយជួយយកអាសារនគរបារាំងសែស ពីព្រោះមានរបួសឬមានជម្ងឺឈឺ។          

ឱសឱខ្មែរដែលអនិច្ចកម្មទៅនេះ! អ្នកដែលជាសិស្សកាន់តាមគំនិតឧត្តុង្គឧត្តមនគរបារាំងសែសនោះ តើអ្នករាល់គ្នាប្រាថ្នាចង់បានផលប្រយោជន៍អ្វីកាលដែលអ្នកចូលធ្វើទាហាន ក្នុងកងទ័ពបារាំងសែសយើងនេះ មិនគឺអ្នកចង់ឱ្យដឹងច្បាស់ថាខ្លួនអ្នកនេះសុចរិតស្មោះត្រង់នឹងនគរដែលអ្នកមានចិត្តសុំឱ្យជួយទំនុកបម្រុងផង។          

ការដែលអ្នកមានថ្វីដៃរាល់គ្នា ដែលជួយយើងនេះមិនគ្រាន់តែជួយកម្លាំងទេ គឺអ្នកបានយកមកជួយយើង របស់ប្រសើរជាងកម្លាំងនោះទៀត អ្នកជួយទាំងចិត្តគំនិត អ្នកជួយអស់ពីពោះពុង​អ្នក ចំពោះការសុចរិតរបស់យើង។ កាលដែលអ្នកទាំងនោះចេញចោលព្រៃស្ថានស្ងាត់ស្រែចំការសុខក្សេមក្សាន្ត និងស្រុកដែលភ្លឺល្អរបស់អ្នក ហើយទៅឯទីចម្បាំងវេទនាលំបាកនោះ ហាក់ដូចជាបង្ហាញបណ្តាជនក្នុងជម្ពូទ្វីបឱ្យឃើញ ថានគរបារាំងសែសមានតែ១ គឺថានៅស្រុកអាយនេះក្តី នៅស្រុកខ្លួននោះក្តី នោះភាពបែបដូចគ្នាជាដរាបគឺរាប់អានគ្នាដូចជាបងប្អូន ហើយទៅដល់ទីកន្លែងណាសោត ក៏ចេះធ្វើឱ្យគេស្រឡាញ់ជាដរាប។ ឯនគរបារាំងសែសធ្លាប់បណ្តុះបណ្តាលអ្នកចម្បាំងជាច្រើន។ ដូច្នេះហើយបានជាគេហៅថា «មាតាគ្រឿងអាវុធ»។ នៅនគរនេះ នរណាចាប់ចងបង្ខំខ្លួនគេតាមអំណាចចិត្តខ្លួននោះ ត្រូវចាត់ទុកថាជាអំពើថោកទាបណាស់។ នៅទីកន្លែងណាមានដាក់ទង់ជ័យរបស់ខ្លួននោះ នគរបារាំសែសគិតតែខិតខំពុំមានរួញរា ធ្វើឱ្យមនុស្សបានសេចក្តីស៊ីវីល័យគ្មានគិតប្រាថ្នាចង់បានផលប្រយោជន៍​អ្វីឡើយ។ នគរណាដែលបានដាក់ឱ្យនគរបារាំងសែសកាន់កាប់ផលប្រយោជន៍នោះ នគរបារាំងសែសជួយការពារឱ្យបាន​សេចក្តីឈ្នះ ហើយយកទាំងកម្លាំងគំនិតកម្លាំងប្រាជ្ញា ដែលចេះតែមានបង្កើតឡើងពុំដែលឱ្យអស់ប្រើការ។          

អើ! យើងគួរមានសេចក្តីស្រើបស្រាលជាប្រាកដ អំពីការដែលនគរបារាំងសែសបានធ្វើឱ្យនគរក្រុងកម្ពុជា បានសេចក្តីរៀបរយក្សេមក្សាន្ត និងបានថ្កុំថ្កើងរុងរឿងឡើងវិញនេះ ការដែលអ្នកស្ម័គ្រចិត្តទៅច្បាំងយល់ឃើញថាល្អប្រសើរ ទើបស៊ូទៅបង់ជីវិតពី​ព្រោះ​ការនោះ។

(សូមរង់ចាំអានវគ្គបន្ត…)

---------------------------------------

[១] បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ (ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥, ទំព័រ៨៤-៩០។

[២] លោកគូវែរណឺរយេណេរ៉ាល់(Gouverneur Général) គឺលោកអគ្គទេសាភិបាលឥណ្ឌូចិនដែលគ្រប់គ្រងលើរដ្ឋ៥: កូសាំងស៊ីន, កម្ពុជា, អណ្ណាម, តុងកឹង និងឡាវ។

[៣] ប្រទេសអាំងដូស៊ីន (Indochine) គឺប្រទេសឥណ្ឌូចិន ដែលកាលនោះមានឈ្មោះថា«សហភាពឥណ្ឌូចិន» (Union Indochinoise) នៅក្រោមការគ្រប់គ្រងរបស់បារាំង។

[៤] សិតរូប គឺចាក់លោហជាតិ ឬក្រមួនជាដើម ដែលរលាយរាវក្នុងពុម្ពឱ្យកើតជារូបរាងអ្វីៗឡើង, វចនានុក្រម ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ១៣៤៧។

[៥] រូបជ្រៀង គឺរូបទ្រេត, វចនានុក្រម ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ២៧៩។

[៦] ស្វេតច្ឆត្រ គឺឆ័ត្រពណ៌ស, វចនានុក្រម ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ ទំព័រ១៥០០។

[៧] សើវាលីយេរ (Chevalier de la Légion d'Honneur) គឺជាគ្រឿងឥស្សរិយយស ដែលបង្កើតឡើងដោយអធិរាជបារាំង​នាមណាប៉ូលេអុង (Napoléon) នៅឆ្នាំ១៨០២ដើម្បីជារង្វាន់លើកទឹកចិត្តដល់អ្នកមានស្នាដៃឆ្នើមខាងយោធានិង​ខាងស៊ីវិល។

[៨] ប៉ូលុយ (Pollux) គឺឈ្មោះវីរបុរសក្នុងទេវកថាក្រិចបុរាណ។

[៩] គឺនៅផ្នូរទាហានដែលគេមិនស្គាល់ឈ្មោះនៅប្រទេសបារាំង ដែលស្លាប់ក្នុងសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៨) ជាពាក្យបារាំងថា «Tombe du Soldat inconnu» ជាពាក្យអង់គ្លេសហៅថា «Tomb of the Unknown Soldier»។

ទាញយកអត្ថបទជា pdf ពី៖ http://rac.gov.kh/royal-academy/research/attachments/original/106.pdf?1558329509


2019-05-20 05:38:41   ថ្ងៃចន្ទ, 20 ឧសភា 2019 ម៉ោង 12:38 PM
«បេសកកម្មនៃការអនុវត្តវប្បធម៌បន្តវេន»

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ព្រឹកមិញនេះ ឯកឧត្ដមកិត្ដិនីតិកោសល​បណ្ឌិត ឌិត មន្ទី ប្រធានតុលាការកំពូលនិងមហាអយ្យការ បានរៀបចំទទួលជំនួបមួយជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ពិភាក្សាអំពីរៀបចំធ្វើគុណកថា និងការចងក្រងនូវជីវ​ប្រវត្ដិរូបរបស់គោរមវ័ន្ត​ដែល​ទើប​ទទួល​បាន​ការ​តែង​តាំង​ពី​ព្រះ​មហា​ក្សត្រ​នូវ​គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិនីតិកោសលបណ្ឌិត» កាលពី​ខែ​មេសាកន្លងទៅថ្មីៗនេះ។


នៅក្នុងការពិភាក្សានេះ ឯកឧត្ដមកិត្ដិនីតិកោសល​បណ្ឌិត ឌិត មន្ទី មាន​ក្តី​សោមនស្ស​ដោយ​បាន​រំឭក​ឡើង​វិញ​នូវ​​ប្រវត្តិការងារ ស្នាដៃ និង​សមិទ្ធផល​នានា​របស់​ឯកឧត្ដម​ក្នុង​វិស័យ​តុលាការ ហើយ​ក៏​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​​រាជរដ្ឋាភិបាល​ដែល​កំពុង​យកចិត្តទុកដាក់​ចំពោះ​ឥស្សរជនមានស្នាដៃនិងសមិទ្ធផលការងារ​សម្រាប់ជាឧត្ដម​ប្រយោជន៍​​ជូនដល់ជាតិ ហើយអ្វី​ដែលរាជ​​បណ្ឌិត្យ​​​កម្ពុជា​កំពុងធ្វើនេះ គឺ​បានបង្ហាញ​ពី​«វប្បធម៌បន្តវេន»​ដល់​អ្នក​ជំនាន់​​ក្រោយ​ផង​ដែរ។ 

ឥស្សរជនដែលខិតខំបំពេញភារកិច្ចតាមមុខនាទី ជំនាញឯកទេស ទាំងក្នុងស្ថាប័នរដ្ឋ និង ឯកជន នឹង​ត្រូវ​អ្នក​ជំនាន់ក្រោយចងចាំទុកនូវស្នាដៃឆ្នើម និង សមិទ្ធផលល្អៗ ជាគំរូដែលមិនគួរមើលរំលង ហើយទាំងនេះ ជាចំណែកមួយនៃបេសកកម្មការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវចងក្រងទុកអំពីគោរមវ័ន្ត​ដែលទទួលបានគោរមងារកិត្តិយស និង គោរមងារ​វិទ្យាសាស្ត្រនៃរាជបណ្ឌិត្យសភាកម្ពុជា។ 

គួររំឭកដែរថា ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឌិត មន្ទី បានទទួលកិត្តិយសតែងតាំងពីព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះ​បរម​នាថ នរោត្តមសីហមុនី តាមការស្នើរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវគោរមងារកិត្តិយសនៃរាជ​បណ្ឌិត្យ​សភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៩/៥១៦ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ​២០១៩។

គោរមងារនេះ សម្រាប់ជូនដល់គោរមវន្តដែលជាឥស្សរជនមានស្នាដៃឆ្នើម ក្នុង​ការ​បំពេញ​ភារកិច្ច​លើ​វិស័យ​ច្បាប់ ជូនដល់ជាតិមាតុភូមិនៃព្រះរាជាណាចក្រកម្ពុជាយើង ហើយ​រហូតមកដល់ពេលនេះ មានឥស្សរជនពីររូបផ្សេង​ទៀត ​​ដែល​ទទួល​បានគោរម​ងារ​​កិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិនីតិកោសលបណ្ឌិត‍»នេះដែរ គឺ៖

១. ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
២. ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា តែងតាំងដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៤១៩/៥១៧ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

RAC Media


2019-05-17 10:47:41   ថ្ងៃសុក្រ, 17 ឧសភា 2019 ម៉ោង 05:47 PM
«ប្រទេស Zimbabwe បានប្រកាសប្រើលុយយ៉ន់ ជារូបិយបណ្ណផ្លូវការរបស់ខ្លួន» ដោយ ជឹម សុជាតិ មន្ត្រីមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រទេស Zimbabwe បានប្រកាសប្រើប្រាស់រូបិយបណ្ណផ្លូវការរបស់ខ្លួន ក្រោយពីប្រទេសចិនបានប្រកាសលុបបំណុលដែល Zimbabwe សងក្នុងឆ្នាំនេះ។ ការប្រើប្រាស់លុយយ៉ន់នេះនឹងជួយសម្រួលដល់ពាណិជ្ជកម្មរបស់ Zimbabwe និងប្រទេសចិន។

ប្រទេស Zimbabwe បានប្រកាសប្រើប្រាស់រូបិយបណ្ណផ្លូវការរបស់ខ្លួន ក្រោយពីប្រទេសចិនបានប្រកាសលុបបំណុលដែល Zimbabwe សងក្នុងឆ្នាំនេះ។ ការប្រើប្រាស់លុយយ៉ននេះនឹងជួយសម្រួលដល់ពាណិជ្ជកម្មរបស់ Zimbabwe និងប្រទេសចិន។


រូបិយបណ្ណ យ៉ន់ ជារូបិយបណ្ណទី៣ដែលប្រទេស Zimbabwe ចាប់ផ្តើមប្រើប្រាស់ដែលមានដុល្លារអាម៉េរិក និងរូបិយបណ្ណ រ៉េន របស់អាហ្រិ្វកខាងត្បូង។ ប្រទេស Zimbabwe បានបោះបង់ឈប់ចាយរូបិយបណ្ណរបស់ប្រទេសខ្លួនក្នុងឆ្នាំ២០០៩ ក្រោយពីរូបិយបណ្ណប្រទេស Zimbabwe បានកើនអតិផរណា ៥០០ពាន់លានភាគរយ។ បាតុភូតរបៀបនេះហៅថា ដុល្លារូបនីយកម្ម (Dollarization) ដែលប្រទេសរងគ្រោះ​ដោយអភិអតិផរណា (Hyperinflation) បានបោះបង់រូបិយបណ្ណរបស់ប្រទេសខ្លួន ហើយប្រើរូបិយបណ្ណដែលមានស្ថិរភាព (Stable Currency) ដូចជាដុល្លារដើម្បីប្រឆាំងអតិផរណា។ បាតុភាពនេះក៏បានកើតឡើងចំពោះសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងដើមទសវត្សរ៍ទី៩០ ដែលពេលនោះអភិ-អតិផរណារបស់កម្ពុជាប្រមាណ ៣០០% និងការហូរចូលនៃដុល្លារពីការចំណាយជាដុល្លាររបស់ UNTAC សម្រាប់ការបោះឆ្នោត ក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស ប៉ុន្តែកម្ពុជាអាចរក្សាប្រាក់រៀលរបស់ខ្លួនរហូតដល់សព្វថ្ងៃ ទោះបីអត្រាដុល្លារូបនីយកម្មមានកម្រិតខ្ពស់ក៏ដោយ។

កត្តាដែលនាំឱ្យអភិអតិផរណា (​Hyperinflation) របស់ Zimbabwe បណ្តាលមកពីវិបត្តិសេដ្ឋ-កិច្ចនិងការចំណាយរដ្ឋាភិបាលច្រើនហួសហេតុ ដូចជាការចូលសង្រ្គាមនៅ Congo បានបណ្តាលឱ្យប្រទេស Zimbabwe បានបោះពុម្ពលុយរូបិយបណ្ណដ៏សន្ធឹកសន្ធាប់ដែលបណ្តាលឱ្យមានអតិផរណាឡើង ៧៨ពាន់លាន% ក្នុងឆ្នាំ២០0៨។

ការប្រើប្រាស់លុយយ៉ន់របស់ Zimbabwe នេះមិនទាន់បានអនុញ្ញាតិជាសាធារណៈទេ គឺអនុញ្ញាតិនៅត្រឹមការដោះដូរពាណិជ្ជកម្មជាមួយនឹងចិន។

ក្នុងទ្រឹស្តី ដុល្លារូបនីយកម្ម (Dollarization) ការប្រើប្រាស់រូបិយបណ្ណ​អន្តរជាតិជា Legal Tender បានផ្តល់គុណសម្បតិ្ត និងគុណវិបត្តិ។ គុណសម្បត្តិ មានដូចជា ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ជួយសម្រួលការដោះដូរពាណិជ្ជកម្មនិងវិន័យក្នុងចំណាយរដ្ឋាភិបាលដែលមិនអាចបោះលុយស្រេចតែអំពើចិត្ត។ គុណវិបត្តិមានដូចជា បាត់បង់គោលនយោបាយ រូបិយវត្ថុនិងអត្រាប្តូរប្រាក់ (Monetary and Exchange Rate Policy) និងរងឥទ្ធិពលគោលនយោបាយនិងឥទ្ធិពលខាងក្រៅ របស់ប្រទេសម្ចាស់រូបិយវត្ថុ។ ចំពោះគុណវិបត្តិនៃគោលនយោបាយរូបិយវត្ថុជាក់ស្តែងដូចប្រទេសកម្ពុជា មិនអាចទម្លាក់ការប្រាក់របស់ខ្លួន ឱ្យនៅក្រោម ១០ភាគរយបាន ដោយសារធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមិនអាចខ្ចីកម្ចីជាដុល្លារពីធនាគារជាតិកម្ពុជាក្នុងអត្រាការប្រាក់ទាបដែលតម្រូវឱ្យធនាគារនៅកម្ពុជាខ្ចីក្រៅប្រទេសដែលមានការប្រាក់ខ្ពស់ ហើយបន្តកម្ចីការប្រាក់ខ្ពស់ប្រជាជនកម្ពុជា។ (ជាទូទៅ ធនាគារពាណិជ្ជអាចខ្ចីពីធនាគារកណ្តាលដែលអាចឱ្យធនាគារកណ្តាលមានគោលនយោបាយអត្រាការ​ប្រាក់)។ ជាងនេះទៅទៀត ប្រទេសដែលមានដុល្លារូបនីយកម្មខាតបង់ seigniorage ដែលជាចំណូលបានមកពីការ​បោះ​លុយ​ក្នុង​អត្រាមួយដែលអាចរក្សាស្ថិរភាពអតិផរណា៕

2019-05-10 04:18:09   ថ្ងៃសុក្រ, 10 ឧសភា 2019 ម៉ោង 11:18 AM
«ក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រើប្រាស់វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ជាគោលសម្រាប់បង្កើតបច្ចេកសព្ទថ្មី»

បញ្ហាសំណេរភាសាខ្មែរ ជាពិសេសបញ្ហាអក្ខរាវិរុទ្ធ បានក្លាយជាប្រធានបទក្តៅមួយតាមបណ្តាញសង្គម កាល​ពីសប្តាហ៍​កន្លង​ទៅ​នេះ បន្ទាប់ពីមានការបង្ហាញពីសំណេរឈ្មោះប្រទេសមហាអំណាចមួយ នៅក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​តុមូល ដែល​រៀបចំ​ឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃ៣០ ខែមេសា កន្លងទៅថ្មីៗនេះ។ មាន​មតិ​មហាជនជាច្រើន​បាន​ចូលរួមចំណែកជជែកវែកញែក បង្ហាញទឡ្ហីករណ៍ និងលើកហេតុផលមកបញ្ជាក់។

«យើងក៏សប្បាយចិត្ត ដោយមើលឃើញថាប្រជាជនខ្មែរចាប់ផ្តើមឈឺឆ្អាលនិងស្រឡាញ់ភាសាជាតិរបស់ខ្លួន ដោយមានការ​រិះគន់​ពី​បញ្ហាអក្ខរាវិរុទ្ធនាពេលកន្លងមក។» នេះ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ មានប្រសាសន៍នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃអង្គារ ៤កើត ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ព្រឹកមិញនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ស្ថាប័នរដ្ឋ និង ឯកជនច្រើន បានពឹងផ្អែកលើវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត សម្រាប់ផ្ទៀងផ្ទាត់សំណេរអក្ខរាវិរុទ្ធ ល្គឹកណាមិនទាន់មានវចនានុក្រមភាសាខ្មែរថ្មីដែលមានការឯកភាពគ្នាស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នប្រជុំដោយអ្នកសិក្សាស្រាវជ្រាវមានច្រើនជំនាញ ច្រើនវិស័យ​ពី​ស្ថាប័នរដ្ឋនិងឯកជនផ្សេងៗគ្នា។ ក្នុងនាមស្ថាប័នសិក្សាស្រាវជ្រាវភាសាខ្មែរ ការប្រើប្រាស់វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោលសំខាន់សម្រាប់ការងារបង្កើតបច្ចេកសព្ទថ្មី។ ចំណែករឿងអក្ខរាវិរុទ្ធ នោះជាបញ្ហាមួយ តែអ្វីដែលចាំបាច់បំផុតនោះ គឺខិតខំស្រាវជ្រាវបង្កើតពាក្យថ្មីឱ្យបានច្រើនដើម្បីបំពេញទៅតាមសេចក្តីត្រូវការអ្នកប្រើប្រាស់ដែលខាងក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវធ្វើ ដោយសុំមិនមានការកែទម្រង់ច្រើនទេ គឺយកតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោលដូចគ្នា។             

ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានរំឭកផងដែរពីការផ្ដើមបង្កើត«ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃ​រាជ​បណ្ឌិត្យ​​សភាកម្ពុជា (ហៅកាត់ថា ក.ជ.ភ.ខ.)» ព្រមទាំងសមិទ្ធផលដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានប្រឹងប្រែងបង្កើតឡើងប្រាប់​ដល់អ្នកសារព័ត៌មានថ្មីៗ (ThmeyThmey) និង សារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) កាលពី​ព្រឹក​មិញ​នេះ។ បើយើងក្រឡេកទៅមើលប្រទេសជិតខាងយើង គឺប្រទេសថៃនិងប្រទេសឡាវ យើងឃើញថាគេប្រើប្រាស់វិធីខុសពីយើងក្នុងការបង្កើតពាក្យ ដោយគេប្រើភាសាសំស្ក្រឹតជាគោល ចំណែកយើងប្រើភាសាបាលីជាគោល។ ជាការពិត យើងតែងមានទំនាស់ក្នុងការបង្កើតពាក្យ ដោយការប្រើប្រាស់គោលការណ៍ខុសៗគ្នា ហើយកន្លងមកក្រុមប្រឹក្សាជាតិភាសាខ្មែរប្រឹងប្រែងសម្របសម្រួល ទើបរាជរដ្ឋាភិបាលសម្រេចឱ្យយកវចនានុក្រមខ្មែរ (​ការ​ផ្សាយ​ដោយ​ពុទ្ធសាសន​​បណ្ឌិត្យ បោះពុម្ពគ្រាទី៥ នៅឆ្នាំ១៩៦៧-៦៨) ដែល​មហាជន​ភាគច្រើន​តែង​ស្គាល់​និង​និយម​ហៅថា «វចនានុក្រម​សម្តេច​ព្រះសង្ឃរាជ ជួន ណាត» ជាគោលក្នុងការបង្កើតពាក្យថ្មី»។ លោកបន្តថា «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេលខ្លះយើងមិនយកតាមតែភាសាបាលីតែម្យ៉ាងទេ ដោយហេតុថាក្នុងភាសាខ្មែរយើងមានផ្នត់ច្រើនក្នុងការបង្កើតពាក្យថ្មី។ ទន្ទឹមនឹងនោះ យើងក៏យកតាមខេមរយានកម្មផងដែរ។»            

លោកបានបញ្ជាក់បន្ថែមទៀតថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ មានគណៈកម្មការបច្ចេកសព្ទចំនួន១៧ ទៅតាមមុខជំនាញដែលធ្វើការរៀងខ្លួន បែងចែកជាក្រុមក្នុងការសិក្សាពីការបង្កើតពាក្យតាមជំនាញរៀងនីមួយៗ។ ក្រោយពីគណៈកម្មការបច្ចេកសព្ទតាមជំនាញបានជជែកពិភាក្សាវែកញែកបង្កើតបានពាក្យថ្មីហើយ យើងតែងមានការ​ប្រជុំរួមដើម្បីឆ្លងនិងអនុម័តនៅក្រុមប្រឹក្សាជាតិភាសាខ្មែរនៅរៀងរាល់ថ្ងៃអង្គារនិងថ្ងៃពុធ មុននឹងធ្វើការផ្សព្វ​ផ្សាយ​​​នៅលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួននិងនៅលើបណ្តាញផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា (RAC Media)។ 

សូមបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានប្រជុំអនុម័តបច្ចេកសព្ទថ្មីៗ បានប្រមាណចំនួនជាង ២៥០០ពាក្យហើយ។ ចំណែកពាក្យសម្រាប់មហាជនប្រើប្រាស់ជាទូទៅវិញ ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ កំពុងប្រមូលពាក្យដែលប្រើប្រាស់ជាប្រចាំដោយដាក់ទៅតាមក្រុមន័យ ហើយការងារនេះបានកំពុងដំណើរ​ការមកបានជាង១ឆ្នាំហើយ ដោយប្រមូលបានប្រហែល​៤០០០ពាក្យ។             

ជាចុងក្រោយឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ស្នើ​ឱ្យខាងសារព័ត៌មានទាំងអស់ មិនថាតែសារព័ត៌មានថ្មីៗ(ThmeyThmey) និងសារព័ត៌មានសំឡេងប្រជាធិបតេយ្យ(VOD) ប៉ុណ្ណោះទេ សូមចូលរួមសហការផ្សព្វផ្សាយនិងលើកតម្កើងភាសាជាតិខ្មែរយើង ជាពិសេសគឺត្រូវចាប់អារម្មណ៍មែនទែនចំពោះអនាគតនៃភាសាជាតិ ព្រោះបើកាលណាពាក្យបង្កើតហើយមិនមានអ្នកប្រើទេ គឺពាក្យឬភាសានោះនឹងស្លាប់។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា «យើងស្វាគមន៍រាល់ការចូលរួមបង្កើតពាក្យថ្មីពីមជ្ឈដ្ឋានខាងក្រៅ រួមទាំងការរិះគន់ពីមហាជនដែលជាអ្នកប្រើប្រាស់ភាសាទាំងអស់។ នៅថ្ងៃមុខ យើងមានគម្រោងថានឹងមានការរៀបចំសិក្ខាសាលាអំពីឈ្មោះប្រទេស រាជធានី/ខេត្ត ពីភាសាបរទេសទៅជាភាសាខ្មែរ និង ពីភាសាខ្មែរទៅបរទេស ហើយយើងគ្រោងបង្កើតកម្មវិធី​(Application)ដើម្បីផ្សព្វ​ផ្សាយ​​​​​សទ្ទានុក្រមដែលយើងបង្កើតបាន។ លើសពីនេះ យើងនឹងមានចេញផ្សាយវចនានុក្រមខ្មែរថ្មីមួយនៅឆ្នាំ២០២២ ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាល៕

RAC Media | ម៉ៅ សុគន្ធា


2019-05-07 11:57:07   ថ្ងៃអង្គារ, 07 ឧសភា 2019 ម៉ោង 06:57 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ - វគ្គទី២ អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

(ប្រភពរូបភាព៖ https://sopheak.wordpress.com/2015/11/30)

៧-២-សុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់ (១)

ដោយផ្អែកតាមបណ្ណសារស្តីពី«បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨)»[១]នេះ នៅក្នុងពិធីសម្ពោធមាន សុន្ទរកថាចំនួន៤របស់ចាងហ្វាងរាជការក្រុមមឿង (សាលាក្រុងភ្នំពេញ), រេស៊ីដង់ជាន់ខ្ពស់, ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ និងចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់។ សុន្ទរកថារបស់ចាងហ្វាងរាជការក្រុមមឿងបានបង្ហាញនៅក្នុងភាគទី៧ វគ្គទី១រួចហើយ។ សម្រាប់ភាគទី៧ វគ្គទី២នេះ សូមបង្ហាញសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំង បានចាប់ផ្តើមដោយការអធិប្បាយរបស់គាត់មុននឹងថ្លែងសុន្ទរកថា ដែលមានខ្លឹមសារដើម ដោយមានការកែសម្រួលមួយចំនួន ដូចខាងក្រោម៖

ក-សេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់[២]

សេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់ មានខ្លឹមសារដូចតទៅ៖   ដល់ធ្វើពិធីបុណ្យរួចស្រេចហើយ លោក បូដូវាំង ដែលនៅលើខឿនវិមាន ហើយដែលមានព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ, លោក សាសសាំង, ប៉ាទ្រី, សម្តេចក្រុមព្រះៗកែវហ្វាមុនីវង្ស, លោក ឌូក្វាំង, អ្នកឧកញ៉ាវាំងវរៈវៀងជ័យជួន, លោកសង្ឃរាជបារាំង ប៊ូស៊ុយ និងគ្រូពេទ្យ វ៉ាល់ឡេត៍ នៅអមជុំវិញផង នោះលោក បូឌូវាំង ក្រោកឈរឡើងដើម្បីសូត្រសេចក្តីអធិប្បាយរបស់លោក។          

គេមើលទៅឃើញ លោករេស៊ីដង់ជាន់ខ្ពស់ រំជួលក្នុងចិត្តជាខ្លាំង។ ឯសេចក្តីរំជួលយ៉ាងនេះក៏ងាយនឹងយល់ ត្បិតលោកបានស្គាល់ជាច្រើនក្នុងពួកជំទង់ ដែលលោករៀបនឹងអធិប្បាយអំពីសេចក្តីដែលជំទង់នោះរងទុក្ខវេទនាជាយូរហើយមរណៈទៅ និងអំពីផលបុណ្យប្រសើររបស់ជំទង់ទាំងនោះ។ ប៉ុន្តែដល់ចេញអធិប្បាយទៅ លោកក៏បានអធិប្បាយសំឡេងឮច្បាស់ជាប្រាកដ។

ដល់បានអធិប្បាយស្តាយ២ម៉ាត់៣ម៉ាត់ អំពីលោកគូវែរណឺរ យេណេរ៉ាល់[៣] ដែលពុំបានអញ្ជើញមកដោយមានរវល់នៅក្រុងតុងកឹងនោះ លោករេស៊ីដង់ជាន់ខ្ពស់ បាននិយាយរៀបរាប់ពីការដែលជាងរចនាឈ្មោះ ឌូក្វាំង(Ducoing)បានធ្វើ ហើយលោកមានសេចក្តីសរសើរជាច្រើន។ ស្រេចហើយលោកចាប់អធិប្បាយអំពីគំនិតជាងរចនាដ៏ប្រសើរនេះ គឺគំនិតដែលបណ្តាលនាំឱ្យធ្វើវិមាននេះឡើង ដែលជាការនាំឱ្យសាសន៍ទាំង២ ចូលរួបរួមគ្នាពុំគប្បីញ៉ែកចេញបានឡើយ ព្រមទាំងសេចក្តីកតញ្ញូដឹងគុណដល់បុគ្គលដែលស៊ូដល់នៅសេចក្តីស្លាប់ ដើម្បីស្រោចស្រង់សេចក្តីចេះដឹងក្នុងជំពូទ្វីបមនុស្សយើង ហើយនឹងសេចក្តីដែលសាសន៍ទាំងអស់គ្នាត្រូវរួចខ្លួនធ្វើអ្វីបានតាមចិត្ត។

ស្រេចហើយទើបមានសេចក្តីសរសើរជាច្រើនដល់នគរបារាំងសែស។ ឯនគរបារាំងសែសមានគំនិតឈ្វេងយល់ឃើញថាសេចក្តីដែលបញ្ចុះបញ្ចូលដោយសង្កត់សង្កិនបង្ខំនេះ ជាការពុំគួរមានឡើយ។ ប៉ុន្តែគប្បីមានការបញ្ចុះបញ្ចូលចិត្តឱ្យបានយល់ ទើបប្រសើរ​ជាង។ នៅនគរខ្មែរក្តី នគរឆ្លងសមុទ្រ[៤] ឯទៀតដែលនៅក្នុងអាណាព្យាបាលបារាំងក្តី នគរបារាំងសែសបានធ្វើយ៉ាងដូច្នេះឯងទាំងអស់ លើបណ្តារាស្ត្រទាំងអម្បាលម៉ាន នគរបារាំងសែសនាំសេចក្តីសុខដល់ពពួកក្រុមក្នុងរបៀបរៀបរយ និងសុខក្សេមក្សាន្តឥតមានបង្ខំអ្វីឡើយ ព្រោះបានកាន់នៅសេចក្តីមេត្តាករុណា សេចក្តីឱ្យរួចខ្លួនទីទៃៗ ហើយនឹងសេចក្តីសប្បុរសដែលបានប្រព្រឹត្តលើនគរទាំងអស់។ នៅស្រុកខ្មែរអំពីដើមមានទ័ពពីប្រទេសក្រៅចូលមកលុកក្នុងនគរ ហើយនិងមានច្បាំងគ្នាក្នុងស្រុកជាច្រើនរយឆ្នាំ ឥឡូវនគរបារាំងសែស បានធ្វើឱ្យបានសេចក្តីសុខ និងបានស្តារប្រទេសឡើងវិញបន្ទាប់ពីទទួលរងការខូចខាតពីសម័យមុន។ រាល់ថ្ងៃនគរបារាំងសែសធ្វើឱ្យចម្រើនពីការដែលរកឃើញក្នុងវិស័យវេជ្ជសាស្ត្រ ដើម្បីបំបាត់រោគឆ្លង ដែលបណ្តាលឱ្យមរណភាពជាច្រើនក្នុងស្រុកពីដើម។ ក្រៅអំពីការទាំងនេះ នគរអាណាព្យាបាលបានចាត់ចែងថែរក្សាប្រាសាទក្បាច់រចនា ជាកេរដំណែលសេចក្តីចេះដឹងនៃជាតិខេមរៈពីដើម ហើយបានរក្សាសេចក្តីជឿរបស់រាស្ត្រក្នុងទំនុកបម្រុងឱ្យនៅដូចដើម។ សេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់ ចប់ត្រឹមនេះ។

គួររំលឹកថា លុះបានអធិប្បាយទូន្មានពន្យល់ដល់បណ្តាពួកជំទង់ដែលត្រូវតែធ្វើការជាតំណពីរបស់បុគ្គលដែលស្លាប់នោះតទៅទៀតនោះ លោករេស៊ីដង់ជាន់ខ្ពស់ បានសម្តែងបញ្ចប់សេចក្តីអធិប្បាយរបស់លោក ហើយលោកបាននិយាយនឹកគុណដល់អ្នកដែលស្លាប់ក្នុងនគរទាំង២ នេះម្តងទៀត ដោយសេចក្តីនឹកគុណពីកិរិយាដ៏ប្រសើរ និងសេចក្តីដែលបុគ្គលទាំងនេះបានស៊ូយ៉ាងដូច្នេះ បណ្តាជននៅឯក្រោយគង់មានចិត្តចាំពុំភ្លេចតាំងពីនេះតទៅ។ បុគ្គលទាំងនេះជាអ្នកនាំផ្លូវ ដែលបណ្តាជននៅឯក្រោយគង់មានចិត្តចាំពុំភ្លេចតាំងពីនេះតទៅ។ បុគ្គលទាំងនេះជាអ្នកនាំផ្លូវ ដែលបណ្តាជននៅឯក្រោយជាតំណ និងយកតម្រាប់តាមក្នុងគ្រាក្រីក្រ។

សេចក្តីបរិយាយខ្លីនេះមិនពេញបរិបូរណ៍ទេ។ លុះបានអធិប្បាយហើយ លោករេស៊ីដង់ជាន់ខ្ពស់ បាននិយាយអំពីនយោបាយបារាំង ដែលនាំឱ្យនគរបារាំងសែសហ៊ាននិយាយអួតថា បានធ្វើឱ្យបណ្តាជនស្រុកខ្មែរចូលចិត្តគ្រប់គ្នាទាំងអស់។ 

(សូមរង់ចាំអានភាគបន្ត!)

------------------------------------

[១] បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥, ទំព័រ៨២-៨៨។  

[២] គួររំលឹកថា មុននឹងមានអត្ថាធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់ គេបានបើកក្រណាត់គ្របវិមានចេញ ហើយគេបានចែកទង់ជ័យឱ្យពួកទាហានពិជ័យសង្គ្រាមដែលមាននៅក្នុងទឹកដីក្រោមការគ្រប់គ្រងរបស់បារាំងទាំងប៉ុន្មាន។ នៅវេលាដែលលោករេស៊ីដង់ជាន់ខ្ពស់ កំពុងតែចែកទង់ជ័យនោះ លោកសក្កិ៥(បូរ៉ែល) ជាអ្នកនាយកស្តីទីទ័ព ចំណែកខាងស្រុកកូសាំងស៊ីននិងស្រុកខ្មែរ ចាត់ចែងបង្គាប់ឱ្យពួកទាហានគំនាប់។

[៣] លោកគូវែរណឺរយេណេរ៉ាល់(Gouverneur Général) គឺលោកអគ្គទេសាភិបាលឥណ្ឌូចិនដែលគ្រប់គ្រងលើរដ្ឋ៥: កូសាំងស៊ីន, កម្ពុជា, អណ្ណាម, តុងកឹង និងឡាវ។

[៤] នគរឆ្លងសមុទ្រគឺ«ទឹកដីឯនាយសមុទ្រ»(Territoire d’Outre-Mer/Overseas Territory) នៅក្រោមការគ្រប់គ្រងរបស់បារាំង។



2019-05-06 07:14:10   ថ្ងៃចន្ទ, 06 ឧសភា 2019 ម៉ោង 02:14 PM
«ពិធីការពារគម្រោងលម្អិតនិក្ខេបបទថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា»

នៅថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩ៈ០០ នាទីព្រឹក ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីការពារគម្រោងលម្អិតនិក្ខេបបទថ្នាក់បណ្ឌិត ជូនបេក្ខបណ្ឌិត សៀង ឯមទទឹម ជំនាញ អក្សរសិល្ប៍ (ជំនាន់ទី២ វគ្គ១) លើប្រធានបទ «វិភាគទាននៃតម្លៃអប់រំក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរដល់វប្បធម៌សន្តិភាពនៅកម្ពុជា»។ ប្រធានបទនេះ ដឹកនាំដោយសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន។

ជាលទ្ធផល គណៈកម្មការវាយតម្លៃបានអនុញាតឱ្យ បេក្ខបណ្ឌិត សៀង ឯមទទឹម ធ្វើការស្រាវជ្រាវលើប្រធានរបស់ខ្លួនបន្តទៀត។

ដោយ៖ សេង មាន 



2019-05-06 06:32:51   ថ្ងៃចន្ទ, 06 ឧសភា 2019 ម៉ោង 01:32 PM
«ប្រជាពលរដ្ឋក្នុងភូមិឋានគំរូរបស់រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានអណ្តូងទឹកពីគ្រួសារជនជាតិស៊ុយអែត»

ដោយការស្រឡាញ់ និងចូលចិត្តប្រទេសកម្ពុជា លោក Love Englund នាយកក្រុមហ៊ុន The Room Design Studio និងក្រុមគ្រួសារ បានចូលមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៤ និងបានធ្វើដំណើរទៅកាន់ខេត្តជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា។ នាពេលកន្លងទៅថ្មីៗនេះ លោក Love Englund និងក្រុមគ្រួសារ បានទៅកំសាន្តនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប ដែលមានទីតាំងនៅក្នុងឃុំឆែប២ ស្រុកឆែប នៃខេត្តព្រះវិហារ ហើយលោកក៏បានទៅទស្សនានៅភូមិលំនៅគំរូ ដែលរាជបណ្ឌិត្យសភាកម្ពុជាបានកំពុងតែរៀបចំជូនពលរដ្ឋដែលរស់នៅជិតបរិវវេណនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន​ ឫស្សីត្រឹប។ 

នៅក្នុងឱកាសនៃការធ្វើដំណើរកំសាន្តរបស់លោកទៅកាន់តំបន់ឧទ្យានឫស្សីត្រឹបនោះ ដោយយល់ឃើញថា ប្រជាពលរដ្ឋដែលរស់នៅជិតឧទ្យានមានការខ្វះខាតអណ្តូងទឹកប្រើប្រាស់ ជាពិសេសភូមិឋានគំរូដែលរាជបណ្ឌិត្យសភាកម្ពុជា កំពុងរៀបចំរចនាសម្ព័ន្ធភូមិឋានថ្មី ជូនពលរដ្ឋនោះ នៅមានការខ្វះខាតច្រើន ហេតុនេះ លោក Love Englund និងក្រុមគ្រួសារក៏បានសម្រេចផ្តល់ជាអណ្តូងទឹកចំនួន ៣ សម្រាប់ពលរដ្ឋប្រើប្រាស់ ដោយគិតជាទឹកប្រាក់មានចំនួន ៥៤០០ដុល្លារសហរដ្ឋអាម៉េរិក (ប្រាំពាន់បួនរយដុល្លារអាម៉េរិក)។ 

មុនត្រឡប់មកវិញ លោក Love Englund ក៏បានសន្យាថាលោកនឹងជ្រោមជ្រែងការអភិវឌ្ឍនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប ជាពិសេស ការអភិរក្សព្រៃឈើ និងការដាំដើមឈើឡើងវិញក្នុងបរិវេណរបស់ឧទ្យាន។

RAC Media | ស៊ឺន សម


2019-05-06 04:39:21   ថ្ងៃចន្ទ, 06 ឧសភា 2019 ម៉ោង 11:39 AM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

កាលពីថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍ បានចំនួន០៤ពាក្យ ដូចខាងក្រោម៖





2019-05-02 14:23:32   ថ្ងៃព្រហស្បតិ៍, 02 ឧសភា 2019 ម៉ោង 09:23 PM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ «គេមិនអាចប្រៀបធៀបកម្ពុជាទៅនឹងប្រទេសដែលចាប់ចិនហើយបាត់បង់ធនធានធម្មជាតិឬជាប់បំណុលចិននោះទេ!»

ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយរបស់ចិន ដែលទំនាក់ទំនងនេះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ក្នុងរូបភាពកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។ តែទោះបីជាយ៉ាងនេះក្ដី មានការលើកឡើងជាកង្វល់និងដាក់ការសង្ស័យជាច្រើន អំពីជំនួយនិងកម្ចីរបស់ចិន ដែលអាចនាំឱ្យមានការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច ធនធានប្រទេស និងអាចឈានដល់ការធ្លាក់នៅក្នុងអន្ទាក់បំណុលរបស់ចិន ដូចបណ្ដាប្រទេសមួយចំនួន។

ជាការពិតណាស់ ការព្រួយបារម្ភគឺជារឿងធម្មតាមួយ ដែលមិនគួរត្រូវបានច្រានចោលទាំងស្រុងនោះឡើយ ប៉ុន្តែការបំផុសបំផុល​ឱ្យមានការភ័ន្តច្រឡំ ឬធ្វើឱ្យសាធារណមតិមានការជ្រួលច្របល់នោះ ពិតជាមិនគួរកើតមាននោះឡើយ។ ការប្រៀបធៀបករណីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន ទៅនឹងករណីប្រទេសមួយចំនួន ក្នុងករណីកសាងទំនប់វារីអគ្គិសនី ក៏ដូចជាការលើកឡើងថា កម្ពុជាអាចក្លាយទៅជាកូនបំណុលរបស់ចិនរហូតដល់លក់កំពង់ផែរបស់ប្រទេសខ្លួននោះ ពិតជាមិនត្រឹមត្រូវនោះឡើយ។

ក្នុងន័យនេះហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ថា កម្ពុជាត្រូវការអភិវឌ្ឍន៍ដោយផ្អែកលើមូលដ្ឋានសន្តិភាព ហើយដើម្បីមានសន្តិភាព គឺត្រូវមាន អីហូប ដែលតម្រូវឱ្យមានការកសាងទំនប់វារីអគ្គិសនី ដើម្បីផ្គត់ផ្គង់តម្រូវការអគ្គិសនីជាប្រភពថាមពលសម្រាប់បម្រើដល់ដំណើរការសេដ្ឋកិច្ចកម្ពុជា ហើយដែលនេះប្រាកដណាស់ គឺត្រូវការកាប់ព្រៃឈើក្នុងចំនួនកំណត់ណាមួយ (ដើម្បីសម្អាតបាតអាងវារីអគ្គិសនី)។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាពកម្ពុជា បានលើកឡើងថា «អ្នកដែលបំផ្លាញបរិស្ថានធំជាងគេគឺមហាអំណាច តែបែរជាស្រែកមិនឱ្យប្រទេសតូចកាប់បំផ្លាញព្រៃឈើ ហើយនៅពេលដែលហៅចូលប្រជុំរឿងបរិស្ថាន បែរនាំគ្នាដើរចេញអស់»។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា «បើ[មហាអំណាច]មិនចង់ឱ្យប្រទេសតូចៗកាប់ព្រៃឈើ ត្រូវ​ឱ្យ​លុយ​ដល់ប្រទេសទាំងនោះ គឺទិញដើមឈើទាំងនោះទុកឱ្យហើយ កុំឱ្យគេកាប់។ មិនមែនខ្លួនឯងបំផ្លាញបរិស្ថានដើម្បីមានបាន ហើយមិនឱ្យប្រទេសតូចៗខិតខំដើម្បីមានបាននោះទេ។ គេត្រូវការអភិវឌ្ឍប្រទេស បើប្រទេសមិនអភិវឌ្ឍតើមានសន្តិភាពឬទេ? បើគ្មានអ្វីហូប តើមានសន្តិភាពឬទេ?»

ទាក់ទងនឹងការលើកឡើងអំពីកង្វល់និងការដាក់ការសង្ស័យករណីកម្ចីរបស់ចិន អាចធ្វើឱ្យការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច និងធនធានប្រទេស និងអាចឈានដល់ការធ្លាក់នៅក្នុងអន្ទាក់បំណុលរបស់ចិននោះ ឯកឧត្ដមបណ្ឌិតសភា​ចារ្យបានថ្លែងដោយសង្កត់ធ្ងន់ថា «[...] សូមកុំប្រៀបធៀប! កម្ពុជាជារបស់កម្ពុជា មិនអាចប្រៀបធៀបទៅនឹងប្រទេសណាមួយបាននោះទេ។ កម្ពុជានៅតែជាប្រទេសដែលទន់ភ្លន់នៅក្នុងនយោបាយការបរទេស ព្រោះជាប្រទេស​ទន់ខ្សោយហើយតូច។ ដូច្នេះអ្នកណាផ្ដល់ផលប្រយោជន៍ ត្រូវតែងាកទៅទីនោះ»។ ឯកឧត្ដមបណ្ឌិត​សភា​ចារ្យបានបន្តថា រឿងនេះមិនខុសពីទំនាក់ទំនងរវាងអាមេរិកនិងប្រទេសមជ្ឈឹមបូព៌ាមួយចំនួននោះទេ ដែលតាមច្បាប់សាសនារបស់ប្រទេសទាំងនោះ គឺបានបិទសិទ្ធិសេរីភាពរបស់នារី ក៏សហរដ្ឋអាមេរិកមិនអាចទៅនិយាយអំពីប្រជាធិបតេយ្យនោះដែរ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់បន្ថែមថា គេមិនអាចប្រៀបធៀបកម្ពុជាដែលចាប់ចិន ទៅនឹងប្រទេសដែលបាត់បង់ធនធានធម្មជាតិឬជាប់បំណុលចិនបាននោះទេ។ ឯកឧត្ដម​បណ្ឌិតសភាចារ្យបានស្រាយបញ្ជាក់ថា «[...] ខុសគ្នាឆ្ងាយណាស់ ព្រោះសម្ដេចតេជោ កសាងប្រទេសពីបាតដៃទទេ ខុសពីអ្នកទាំងនោះដែលកសាងពីមានផ្ទះទៅអត់ផ្ទះ ប៉ុន្តែមនុស្សនេះ កសាងពីអត់ផ្ទះ មកមានផ្ទះ អគារ៤២ជាន់។ វាខុសគ្នា។ អញ្ចឹងដឹងផ្លូវដើរ អាក្រក់យ៉ាងម៉េចហើយ បើមនុស្សមិនដែលក្រ បានវាពិបាក ដឹងតែពេលមាន ដល់ពេលក្រពិបាក [...]»

ចំណុចមួយផ្សេងទៀត ដែលឯកឧត្ដមបណ្ឌិតសភាចារ្យអះអាងថា កម្ពុជានឹងមិនមានវាសនាដូចប្រទេសទាំងនោះក៏ព្រោះតែ មេដឹកនាំប្រទេសកម្ពុជា មិនចាប់ដៃ(ធ្វើកិច្ចសហប្រតិបត្តិការ) តែជាមួយចិននោះទេ ដោយសម្ដេចតេជោបានចាប់ដៃជាមួយនឹងលោក ដូណាល់ត្រាំ ចាប់លោកពូទីន និងចាប់មេដឹកនាំប្រទេសដទៃទៀត ដើម្បីលំនឹងនៃនយោបាយការបរទេស ដើម្បីផលប្រយោជន៍ និងដើម្បីទ្រទ្រង់សេដ្ឋកិច្ច។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្ដាំផ្ញើដល់អ្នកនយោបាយ និងប្រជាពលរដ្ឋទូទៅថា លោកសង្ឃឹមថា មិនថាអ្នកដែលនិយមខាងណាឬខាងណាមិនសំខាន់នោះទេ ប៉ុន្តែសំខាន់ត្រូវយកគំនិតទៅវិនិច្ឆ័យ ដើម្បីរកសេចក្ដីសុខ និងការអភិវឌ្ឍប្រទេសឈរនៅលើមូលដ្ឋានសន្តិភាព ដែលមិនរុញប្រទេសកម្ពុជាចូលទៅក្នុងភ្លើងសង្គ្រាមនោះឡើយ៕

RAC Media | លឹម សុវណ្ណរិទ្ធ






2019-04-30 13:13:54   ថ្ងៃអង្គារ, 30 មេសា 2019 ម៉ោង 08:13 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក