ព័ត៌មាន

«វប្បធម៌សន្តិភាពតាមរយៈប្រព័ន្ធគំនិតខ្មែរ» អត្ថបទស្រាវជ្រាវដោយ៖ បណ្ឌិត ណុន សុខា ប្រធានផ្នែកអក្សរសាស្រ្តនិងអក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

ការរស់នៅរបស់ជនជាតិខ្មែរតែងមានទម្លាប់ផ្សារភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងធម្មជាតិដែលមាននៅជុំវិញខ្លួនរបស់គេ។ គំនិតខ្មែរដែលបានភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងបាតុភូតនេះ គឺក្នុងន័យស្វែងរកភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត ដែលយើងអាចនិយាយបានថា ទង្វើនេះជាប្រព័ន្ធគំនិតមួយកើតចេញពីការយល់ឃើញរបស់ដូនតាយើងអំពីជីវិតនិងធម្មជាតិ ជីវិតនិងការងារប្រចាំថ្ងៃរបស់ខ្លួន។  ប្រព័ន្ធគំនិតនេះកើតមានដំណាលមនុស្សខ្មែរដែរ តែដំបូងឡើយវាមានលក្ខណៈជាសញ្ញាណនៃភាពអរូបី ការជឿលើវិញ្ញាណ ព្រលឹង ឥទ្ធិពលកម្លាំងក្រៅខ្លួននៃធម្មជាតិតែប៉ុណ្ណោះ។ ជាបន្តបន្ទាប់ ប្រព័ន្ធគំនិតខ្មែរដើមនេះក៏ត្រូវបានប្រតិបត្តិព្រមគ្នាជាមួយនឹងទស្សនៈនៃលទ្ធិសាសនាព្រាហ្មណ៍និងសាសនាព្រះពុទ្ធថែមទៀតផង។ ទោះជាយ៉ាងនេះក៏ដោយ វាក៏នៅតែរក្សាខ្លឹមសារជាប្រព័ន្ធគំនិតជាតិជាក់លាក់និងស្ថិតជាប់ក្នុងអារម្មណ៍ប្រជាជនជានិច្ច។ ប្រព័ន្ធគំនិតខ្មែរបានស្ដែងតាមរយៈការប្រតិបត្តិផ្សេងៗរបស់ប្រជាជនក្នុងសង្គមជាក់ស្ដែង ដូចជា តាមរយៈរូបបដិមា សិល្បៈ រឿងព្រេង ក៏ដូចជាកិច្ចការគ្រប់គ្រងសង្គមនិងនយោបាយផងដែរ។ ជាទូទៅតាមរយៈរឿងព្រេង សិល្បៈ ក៏ដូចជាកិច្ចការសង្គម ត្រូវបានអ្នកសិក្សាស្វែងយល់អំពីអត្ថន័យជាមូលដ្ឋាននិងទាញយកគតិបណ្ឌិតសម្រាប់ទុកជាមេរៀនអប់រំតរៀងមក។

ការលើកយកប្រធានបទវប្បធម៌សន្តិភាពតាមរយៈប្រព័ន្ធគំនិតខ្មែរ មកសិក្សា គឺដើម្បីឆ្លុះបញ្ចាំង ឱ្យឃើញពីស្មារតីសន្តិភាពរបស់ខ្មែរតាំងពីបុរាណកាលក៏ដូចបច្ចុប្បន្នផងដែរ។ សិក្សារបស់យើងនេះគឺរំលេចតាមរយៈខ្លឹមសារបដិមានៃជំនឿសាសនា ស្ថាបត្យកម្ម ចម្លាក់ សិល្បៈរបាំមួយចំនួន រួមទាំងសិល្បៈ ក្នុងការធ្វើនយោបាយខ្លះៗផងដែរ។             

 តាមរយៈប្រព័ន្ធគំនិតនេះ យើងអាចនិយាយបានថា ប្រជាជនខ្មែរពិតមានគំនិតសន្តិភាពនិយមច្រើនជាងគំនិតហិង្សា ហើយ គំនិតសន្តិភាពនេះបានក្លាយជាគោលការណ៍មួយក្នុងការប្រតិបត្តិផ្សេងៗក្នុងសង្គមជាតិតាំងពីយូរលង់ណាស់មកហើយ។ វប្បធម៌សន្តិភាពជាការចាំបាច់បំផុតក្នុងសង្គមជាតិនីមួយៗ ប៉ុន្តែការធ្វើឱ្យមានសន្តិភាពឡើងបាន គឺត្រូវផ្ដើមចេញពីភាពស្ងប់ជាចម្បងរបស់បុគ្គលម្នាក់ៗក្នុងការឈានទៅរកសន្តិភាពពិភពលោកផងដែរ។ 

ដូចនេះ បើមានសន្តិភាព ហើយខ្វះការរក្សាសន្ដិភាពក៏ជាបញ្ហាមួយមិនគ្រប់គ្រាន់ដែរ។ ពាក្យថាសន្តិភាពមិនមែនមានន័យត្រឹមតែអវត្តមានសង្រ្គាមនោះទេ។ សន្តិភាពសំដៅដល់ការរស់នៅដែលមានភាពស្ងប់ផ្លូវចិត្ត គ្មានការគំរាមកំហែង គ្មានការភ័យខ្លាចក្នុងការគិត ការបញ្ចេញមតិ ការជួបជុំ ដែលធ្វើឱ្យបុគ្គលម្នាក់ៗមានសេរីភាពនិងជឿជាក់ទុកចិត្តបាន ទើបហៅសន្តិភាពពិតប្រាកដ។

អត្ថបទស្រាវជ្រាវទាំងស្រុងរបស់បណ្ឌិត ណុន សុខា ប្រធានផ្នែកអក្សរសាស្រ្តនិងអក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា៖ http://rac.apppeppers.com/royal-academy/research/attachments/original/48.pdf?1548738604

2019-01-29 05:27:06   ថ្ងៃអង្គារ, 29 មករា 2019 ម៉ោង 12:27 PM
សាកលវិទ្យាល័យ Ubon Rachathani Rajabhat មានបំណងចុះអនុស្សរណៈជាមួយរាជបណ្ឌិត្យសភាកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Ubon Rachathani Rajabhat នៃព្រះរាជាណាចក្រថៃ ដែលមានគោលបំណងមកចុះអនុស្សរណៈនៃការយោគយល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជា។ បន្ទាប់ពីកិច្ចពិភាក្សាក្នុងជំនួបនេះ ភាគីទាំងពីរ បានសម្រេចថានឹងចុះអនុស្សរណៈជាមួយគ្នាលើចំណុចដូចខាងក្រោម៖ 

  • ការរៀន និងការបង្រៀនភាសារបស់ប្រទេសទាំងពីរ 
  • ការពង្រឹងការយោគយល់គ្នានៃប្រទេសទាំងពីរ តាមរយៈការធ្វើវចនាក្រុមខ្មែរ-ថៃ និងថៃ-ខ្មែរ
  • ការកសាងធនធានមនុស្ស តាមរយៈការផ្លាស់ប្តូរនិស្សិត
  • ការបង្កើតមជ្ឈមណ្ឌលផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក (ការវិនិយោគ កសិកម្ម ទេសចរណ៍....) 
  • ការផ្លាស់ប្តូរបុគ្គលិក ដោយផ្តោតលើភាសា និងវប្បធម៌
  • ការសិក្សាស្រាវជ្រាវរួមគ្នា។

RAC Media


2019-01-25 08:55:14   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:55 PM
សមិទ្ធផលស្នាដៃស្រាវជ្រាវ៖ «បច្ចេកវិទ្យាសម្រាប់ផលិតនិងការប្រើប្រាស់បាយអូឆាដើម្បីបង្កើនទិន្នផលកសិកម្ម»

ក្រុមការងារស្រាវជ្រាវចុះត្រួតពិនិត្យដំណាំពោតនៅស្ថានីយពិសោធន៍ខេត្តកំពង់ស្ពឺ

តាមរយៈការសម្របសម្រួលដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ព្រមទាំងមានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើគម្រោងស្តីពី«ការគាំទ្របច្ចេកវិទ្យាសម្រាប់ផលិតនិងប្រើប្រាស់បាយអូឆា ( Biochar) ដើម្បីបង្កើនទិន្នផលកសិកម្មនៅប្រទេសកម្ពុជា»។ គម្រោងនេះ បានអនុវត្តក្នុងរយៈពេលប្រាំមួយខែកន្លងទៅក្នុងឆ្នាំ២០១៨ (ខែមីនា ដល់ ខែសីហា ឆ្នាំ២០១៨) លើដំណាំពីរប្រភេទគឺ ដំណាំ ស្ពៃខ្មៅ និង ដំណាំពោត។

ការរៀបចំការពិសោធន៍លើការប្រើប្រាស់បាយអូឆានេះ ត្រូវធ្វើឡើងនៅកន្លែងពិសោធន៍នៅខេត្តកំពង់ស្ពឺ ហើយការពិសោធន៍ផ្ទាល់មួយទៀតដោយបេក្ខជនបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល ដោយប្រើប្រាស់បាយអូឆា យកពីកន្លែងពិសោធន៍ពីខេត្តកំពង់ស្ពឺទៅ។ 

ការអនុវត្តបាយអូឆាលើដំណាំ ស្ពៃខ្មៅ និង ដំណាំពោត ជាលទ្ធផល រាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមបោះពុម្ពផ្សាយសមិទ្ធផល ជាលក្ខណៈអន្តរជាតិជាមួយឯកសារអ្នកស្រាវជ្រាវពីបណ្តាប្រទេសផ្សេងៗនៅតំបន់អាស៊ីប៉ាស៊ីភិច។ សម្រាប់ការអនុវត្តបាយអូឆាលើដំណាំពោត ្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រក្នុងសាកលវិទ្យាល័យជាតិសេអ៊ូល នៅប្រទេសកូរ៉េ ។ ដោយឡែកសម្រាប់ការអនុវត្តបាយអូឆាដដែលលើដំណាំស្ពៃខ្មៅវិញ បោះផ្សាយនៅក្នុងទស្សនាវដ្ដី វិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន។ សូមចូលមើលការបោះពុម្ពផ្សាយក្នុង តំណភ្ជាប់ខាងក្រោម៖ https://www.jstage.jst.go.jp/article/jsmcwm/29/0/29_573/_article/-char/ja/។ 

ក្រុមស្រាវជ្រាវនេះ នឹងបង្ហាញស្នាដៃស្រាវជ្រាវជាបន្តនៅថ្ងៃទី២២ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីក្រុងបាងកក ប្រទេសថៃ សម្រាប់ការបោះពុម្ពផ្សាយនៅក្នុងទស្សនាវដី្ដ «Waste Management (http://www.journals.elsevier.com/waste-management)»។ អត្ថបទស្រាវជ្រាវដែលគ្រោងបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រនេះ មានប្រធានបទ៖ «ការឆ្លើយតបនៃការលូតលាស់ និងទិន្នផលដំណាំស្ពៃចង្កឹះតាមរយៈការអនុវត្តបាយអូឆាផលិតពីសំណល់កាហ្វេ និងសំណល់កំទេចកំទីឈើ (Response of growth and yield of Pak Choi by coffee grounds and wood chip biochar)»។ តាមរយៈស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជានេះនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រ ELSEVIER (www.elsevier.com) នៅចុងឆ្នាំ ២០១៩ ឬ ដើមឆ្នាំ២០២០ គឺជាដំណើរជំរុញឱ្យស្នាដៃស្រាវជ្រាវរបស់កម្ពុជា ឈានចូលក្នុងបរិបទនៃការប្រកួតប្រជែងកម្រិតពិភពលោក។

RAC Media


2019-01-25 08:11:35   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:11 PM
ក្រុមប្រឹក្សាជាតិភាសាខ្មែរសប្តាហ៍នេះ៖ អនុម័តបចេ្ចកសព្ទអក្សរសិល្ប៍ (៣) និងបច្ចេកសព្ទគីមីនិងរូបវិទ្យា (៤)

បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការកិច្ចប្រជុំអនុម័តបច្ចេកសព្ទអក្សរសិល្ប៍ នៅរៀងរាល់ថ្ងៃអង្គារ និងបច្ចេកសព្ទគីមីវិទ្យា និងរូបវិទ្យានៅរៀងរាល់ថ្ងៃពុធ ប្រចាំសប្តាហ៍។ 

នៅរសៀលថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្បិ៍ បានចំនួន០៣ពាក្យ ដូចខាងក្រោម៖

ចំណែកកិច្ចប្រជុំនៅរសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា បានចំនួន០៤ពាក្យ ដូចខាងក្រោម៖


សូមបញ្ជាក់ជូនថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រមូលផ្តុំដោយបញ្ញវន្ត អ្នកជំនាញឯកទេសជាច្រើន ដែលសុទ្ធសឹងជាធនធានមនុស្សសំខាន់ៗ ពីស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់ និងពីស្ថាប័នជំនាញតាមក្រសួង និងស្ថាប័នឯកជន។ សមាជិកនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើការប្រជុំវិភាគ ពិភាក្សា និងអនុម័តបច្ចេកសព្ទជំនាញឯកទេសផ្សេងៗ រៀងរាល់ថ្ងៃអង្គារ និង ថ្ងៃពុធ នៃសប្តាហ៍នីមួយៗ។

រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើការផ្សព្វផ្សាយជូននូវលទ្ធផលនៃកិច្ចប្រជុំអនុម័តបច្ចេកសព្ទ ជាប្រចាំសប្តាហ៍។

RAC Media

ទិដ្ឋភាពមួយចំនួនពីកិច្ចប្រជុំអនុម័តបច្ចេកសព្ទអក្សរសិល្ប៍របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ៖


ទិដ្ឋភាពមួយចំនួនពីកិច្ចប្រជុំអនុម័តបច្ចេកសព្ទគីមីវិទ្យា និងរូបវិទ្យា របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ៖


2019-01-25 06:33:41   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 01:33 PM
តើអ្វីជាមុខងារបេសកកម្មការទូត?

ស្ថានបេសកកម្មដែលបង្កើតឡើងក្នុងប្រទេសនីមួយៗសុទ្ធតែមានមុខងាររបស់ខ្លួន ហើយមុខងារនោះមានដូចខាងក្រោម៖ 

១) មុខងារតំណាង៖ ជាតំណាងរបស់រដ្ឋដាក់ទូត ដែលភាសាអង់គ្លេសហៅថា Sending State រដ្ឋដែលចាត់មន្ត្រីធ្វើជាតំណាងមកប្រចាំនៅរដ្ឋម្ចាស់ផ្ទះ (Receiving State) ដែលជារដ្ឋទទួលឱ្យបើកស្ថានបេសកកម្មទូត នៅក្នុងរដ្ឋធានីរបស់ខ្លួន ដើម្បីធ្វើការសម្រួលទំនាក់ទំនងរវាងរដ្ឋទាំងពីរ។ 

២) មុខងារការពារ៖ ការពារផលប្រយោជន៍របស់ប្រទេស និងពលរដ្ឋរបស់ខ្លួន នៅក្នុងរដ្ឋម្ចាស់ផ្ទះ នៅពេលចាំបាច់ខ្លះ ស្ថានទូតទទួលភារកិច្ចជាអ្នកចរចា ធ្វើកិច្ចព្រមព្រៀង ធ្វើសន្ធិសញ្ញាផ្សេងៗ ជាមួយរដ្ឋម្ចាស់ផ្ទះ។ 

៣) មុខងារផ្តល់ព័ត៌មាន៖ ស្វែងយល់តាមគ្រប់មធ្យោបាយស្របច្បាប់ អំពីលក្ខខណ្ឌ និងការរីកចម្រើនសេដ្ឋកិច្ច វប្បធម៌ពាណិជ្ជកម្មរបស់រដ្ឋដែលជាម្ចាស់ផ្ទះ ដើម្បីរាយការណ៍ជូនរដ្ឋាភិបាលប្រទេសរបស់ខ្លួន។ ហើយមានពេលខ្លះ ស្ថានទូតត្រូវធ្វើការបោះពុម្ភផ្សាយព្រឹត្តបត្រព័ត៌មាន (bulletin Information)។

៤) មុខងារកុងស៊ុល៖ តាមធម្មតាស្ថានទូតនីមួយៗមានសិទ្ធិផ្តល់ទិដ្ឋាការ និងរៀបចំបែបបទអន្តោប្រវេសន៍ដល់ជនបរទេសសម្រាប់ការចូលទៅកាន់ប្រទេសដែលជារដ្ឋដាក់ទូត បញ្ជាក់ពីភាពត្រឹមត្រូវរបស់ឯកសារ អត្រានុកូលដ្ឋានផ្សេងៗ សម្រាប់ពលរដ្ឋរបស់ខ្លួនប្រើប្រាស់ នៅក្នុងរដ្ឋម្ចាស់ផ្ទះ ដូចជាសំបុត្រកំណើត និងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ ជាដើម។ ជាពិសេសស្ថានទូតត្រូវធ្វើការដោះស្រាយផ្តល់ទិដ្ឋាការឆ្លងដែនដល់ពលរដ្ឋរបស់ខ្លួន នៅពេលដែលពលរដ្ឋនោះបាត់បង់ឯកសារទាំងនោះ។

បេសកកម្មការទូត គឺជាស្ថានតំណាងប្រទេសមួយ ប្រចាំនៅប្រទេសផ្សេងមួយទៀត។ ជាទូទៅ ប្រជាជនសាមញ្ញតែងប្រើពាក្យថាស្ថានទូត សម្រាប់ជាការសំគាល់ចំពោះស្ថានទូតទាំងអស់ ដែលប្រចាំនៅក្នុងប្រទេសរបស់ខ្លួន ។

នៅក្នុងច្បាប់អន្តរជាតិ ពាក្យថា ស្ថានទូត នេះគឺសំដៅលើបេសកកម្មការទូតនេះឯង។ ចំពោះប្រទេសដែលមានការគ្រប់គ្រងនយោបាយជាសាធារណរដ្ឋ គេហៅថា ស្ថានឯកអគ្គរដ្ឋទូត រីឯប្រទេសដែលកាន់របបរាជានិយម គេហៅថា ស្ថានឯកអគ្គរាជទូត។

RAC Media | ស៊ឺន សម

2019-01-25 04:35:48   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 11:35 AM
«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្រថៃនៅទិសនិរតី។ ដោយមានប្រជាជនប្រមាណជាង ១៦លាននាក់ កម្ពុជាគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី៧២ក្នុងលោក។ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវបាននិយមគោរពដោយប្រជាជនកម្ពុជាប្រហែល៩៥%។ ជនជាតិភាគតិចក្នុងប្រទេសនេះរួមមានវៀតណាម ចិន ចាម និងកុលសម្ព័ន្ធ​ផ្សេងៗទៀត មានដូចជាកួយ ចារ៉ាយ ព្នង ជាដើម។

បើយោងតាមប្រវត្តិសាស្ត្រ ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសង្គ្រាមឈ្លានពានពីប្រទេសជិតខាងជាច្រើនដង ហើយប្រទេសនេះតែងតែមានវីរៈបុរសស្នេហាជាតិចេញមុខការពារទឹកដី នៅពេលដែលមានសង្គ្រាម ឬឈ្លានពានម្តងៗ។

ដោយសារតែប្រវត្តិសាស្ត្រមិនល្អជាមួយប្រទេសជិតខាងមួយចំនួន បានធ្វើឱ្យពលរដ្ឋកម្ពុជាខ្លះមិនពេញចិត្តចំពោះការសិក្សាភាសា វប្បធម៌ ឬប្រពៃណី ទំនៀមទម្លាប់នៃប្រទេសជិតខាង រហូតដល់មានពេលខ្លះ អ្នកស្នេហាជាតិជ្រុលនិយមមួយចំនួនបានធ្វើការតិះដៀលអ្នកដែលមានបំណងសិក្សាភាសា ឬវប្បធម៌របស់ប្រទេសជិតខាង ថាជាអាយ៉ង ឬជាអ្នកបំផ្លាញជាតិទៅវិញ។

បើសិនជាយើងក្រឡេកមើលប្រទេសជិតខាងរបស់កម្ពុជាចំនួនពីរ គឺប្រទេសថៃ និងប្រទេសវៀតណាមវិញនោះ យើងនឹងឃើញមានភាពខុសស្រឡះអំពីប្រទេសកម្ពុជា ព្រោះថានៅតាមសាកលវិទ្យាល័យ ឬស្ថាប័នស្រាវជ្រាវ ភាគច្រើននៅក្នុងប្រទេសទាំងពីរនោះ សុទ្ធតែមាននាយកដ្ឋាន ឬផ្នែកដែលសិក្សាអំពីប្រទេសកម្ពុជា ដូចជាគោលនយោបាយ ភាសា វប្បធម៌ និងប្រពៃណីរបស់កម្ពុជា។ ពួកគេបានយល់យ៉ាងច្បាស់អំពីកម្ពុជា ហើយគេមិននិយាយថា ការសិក្សាអំពីគោលនយោបាយ ភាសា វប្បធម៌ និងប្រពៃណីរបស់កម្ពុជា ពួកគេនឹងក្លាយជាអាយ៉ង ឬជាទាសកររបស់កម្ពុជាសោះឡើយ តែពួកគេយល់ច្បាស់អំពីសារៈប្រយោជន៍សម្រាប់ជាតិសាសន៍របស់គេនៅពេលដែលគេបានស្គាល់ប្រទេសជិតខាងបានកាន់តែច្បាស់។

កន្លងមក សាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ មានបំណងបើកការសិក្សាភាសាវៀតណាមកម្រិតបរិញ្ញាបត្រក្នុងប្រទេសកម្ពុជាជាលើកដំបូង តែបែរជាមានការរិះគន់អំពីអ្នកស្នេហាជាតិតាមបណ្តាញសង្គម ថាប្រទេសកម្ពុជា នឹងក្លាយជាយ៉ង ឬទឹកដីរបស់ប្រទេសជិតខាងទៅវិញ។

ការសិក្សាភាសា គោលនយោបាយ វប្បធម៌ និងប្រពៃណីរបស់ប្រទេសជិតខាង ពិតជាមានសារៈសំខាន់ណាស់ ឧទាហរណ៍ សម្តេចព្រះសង្ឃរាជ ជួន ណាត កាលលោកនៅមានព្រះជន្មនៅឡើយ លោកមានសមត្ថភាព ប្រើប្រាស់ភាសាបារាំង អង់គ្លេស វៀតណាម ថៃ និងឡាវ បានយ៉ាងស្ទាត់ជំនាញ ហើយលោកក៏បានជម្រុញឱ្យជនជាតិខ្មែរ សិក្សាភាសាប្រទេសជិតខាងឱ្យបានច្បាស់ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ 

មនុស្សមួយចំនួន ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍របស់ក្រុម បានញុះញង់ឱ្យអ្នកគាំទ្ររបស់ខ្លួនស្អប់ប្រទេសជិតខាង ហើយសូម្បីតែភាសារបស់ប្រទេសជិតខាង ដែលចាំបាច់សម្រាប់គោលនយោបាយជាតិ ក៏គេមិនចង់ឱ្យមានការសិក្សាដែរ ហើយចំណុចនេះ គឺជាការខុសឆ្គងខ្លាំងណាស់ ព្រោះថា «ការទទួលបានព័ត៌មានជាក់លាក់តាមរយៈការយល់ភាសារបស់អ្នកដែលយើងមិនពេញចិត្ត ឬអ្នកជិតខាងរបស់យើងនោះ គឺជាច្រកនាំទៅរកជោគជ័យសម្រាប់ប្រទេសជាតិរបស់យើង»។ 

«បើយើងមិនពេញចិត្តអ្នកណាម្នាក់ យើងត្រូវដឹងគ្រប់យ៉ាងអំពីអ្នកនោះ»

ដោយលោក ស៊ឺន សម មន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media


2019-01-24 11:32:52   ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 06:32 PM
«ទំនាក់ទំនងការទូតកម្ពុជាអាម៉េរិកមុនសម័យកម្ពុជាប្រជាធិបតេយ្យ» ដោយ ស៊ឺន សម

ថ្វីបើសហរដ្ឋអាម៉េរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ក្ដី តែសហរដ្ឋអាម៉េរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការនៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០ ទើបមាន។ ការទាក់ទងគ្នារវាងសហរដ្ឋអាម៉េរិកនិងប្រទេសកម្ពុជា នៅសតវត្សទី១៩ និងដើមសតវត្សទី២០ មានត្រឹមតែកម្រិតអ្នកដើរផ្សព្វផ្សាយសាសនា អ្នកផ្សងព្រេង អ្នកបរបាញ់សត្វ និងអ្នកវិទ្យាសាស្ដ្រ ដោយមានរឿងខ្លះដូចជាសៀវភៅរបស់លោក Frank Vincent Jr. ដែលមានចំណងជើងថា ទឹកដីនៃដំរីស (The Land of the White Elephant) ដែលរៀបរាប់ដំណើររបស់លោកពីទីក្រុងបាងកក ទៅកាន់ប្រាសាទអង្គរវត្ដតាមទូក នៅទសវត្សរ៍ឆ្នាំ១៨៧០ ដោយបានធ្វើឱ្យមានការចាប់អារម្មណ៍ដល់ជនជាតិអាម៉េរិក។ ជាមួយនឹងការនាំចេញនូវទំនិញដូចជា ប្រេងកាត ឈើហ៊ុប ស្រូវ និងម្សៅមីចូលមកឥណ្ឌូចិន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង (ដែលកម្ពុជាបានចូលរួមក្នុងឆ្នាំ១៨៨៧ សហរដ្ឋអាម៉េរិក ក៏បានបង្កើតផងដែរនូវទំនាក់ទំនងសេដ្ឋកិច្ចខ្លះៗ នៅក្នុងតំបន់ក្នុងពេលដំបូងៗទៀត។

នៅសម័យក្រោយសង្គ្រាមលោកលើកទី២ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការប្រែប្រួលយ៉ាងច្បាស់ជាមួយនឹងការណ៍ដែលកងទ័ពរបស់ម៉ៅសេទុងជិតទទួលបានជោគជ័យនៅប្រទេសចិន ហើយកងទ័ពវៀតមិញប្រឆាំងនឹងអាណានិគមកាន់តែមានប្រៀបលើបារាំងនៅវៀតណាមភាគខាងជើង។ ក្នុងពេលដែលគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិកកាន់តែផ្ដោតច្រើនឡើងលើការទប់ការរាលដាលនៃរបបកុម្មុយនីស្ដនៅអាស៊ីអាគ្នេយ៍ ទំនាក់ទំនងមិត្ដភាពរវាងសហរដ្ឋអាម៉េរិកនិងកម្ពុជា ក៏ចាប់មានសារសំខាន់មួយថ្មី។

សហរដ្ឋអាម៉េរិក បានបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់របស់ខ្លួនជាលើកដំបូងជាមួយប្រទេសកម្ពុជានៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ១៩៥០ ដោយបានតែងតាំងលោក Donald R. Heath ឱ្យធ្វើជាតំណាងវិសាមញ្ញ និងពេញសមត្ថភាព។ លោកHeath បានថ្វាយសារតាំង ទៅព្រះករុណា សម្ដេចព្រះបាទ នរោត្ដម សីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥០។ ការិយាល័យតំណាងសហរដ្ឋអាម៉េរិកបានបើកនៅភ្នំពេញនៅថ្ងៃទី១៤ ខែវិច្ឆិកា។ សណ្ឋាគារឡឺរ៉ូយ៉ាល់ ដែលមានឈ្មោះល្បី គឺជាកន្លែងធ្វើការដំបូងរបស់ស្ថានទូតអាម៉េរិករហូតដល់ការិយាល័យអគ្គរដ្ឋទូតមួយ និងបណ្ណាល័យផ្ដល់សេវាព័ត៌មានសហរដ្ឋអាម៉េរិកមួយ ត្រូវបានបង្កើតឡើងនៅកន្លែងថ្មីមួយ។ ការិយាល័យតំណាងទូតត្រូវបានដំឡើងឱ្យទៅជាស្ថានឯកអគ្គរដ្ឋទូតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥២ ដោយនៅពេលនោះ លោក Heath បានក្លាយទៅជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកដំបូងគេប្រចាំនៅប្រទេសម្ពុជា។នៅទន្ទឹមនឹងនោះ សហរដ្ឋអាម៉េរិកបានចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយការពារប្រទេសទៅវិញទៅមកជាមួយប្រទេស កម្ពុជា ឡាវ និងវៀតណាម ដោយមានបញ្ចូលជំនួយយោធា និងសេដ្ឋកិច្ចចំនួន ៧,៨លានដុល្លារអាម៉េរិក ដែលត្រូវផ្ដល់ក្នុងរយៈពេល៤ឆ្នាំ។ លោក នង គិមនី (Nong Kimny) ដែលជាទូតតំណាងដំបូងគេរបស់ប្រទេសកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិក នៅពេលធ្វើទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាម៉េរិក បានសម្ដែង «ការដឹងគុណយ៉ាងជ្រាល ជ្រៅ» របស់ប្រទេសកម្ពុជាចំពោះជំនួយរបស់សហរដ្ឋអាម៉េរិកក្នុងពេលលោកជួបជាមួយលោកប្រធានាធិបតី Truman ។ ជាកាយវិការសម្ដែងអំណរគុណបន្ថែមទៀត ព្រះករុណាព្រះមហាក្សត្រ នរោត្ដម សីហនុ បានផ្ញើជូនលោកប្រធានាធិបតីនូវដំរីសដ៏កម្រមួយ។ លោក Don V. Catlett ដែលជាភារធារីលើកដំបូងរបស់សហរដ្ឋអាម៉េរិកប្រចាំនៅប្រទេសកម្ពុជា ត្រូវបានគេនៅចាំច្បាស់ជាងគេក្នុងការចាត់ចែងការងារដ៏ពិបាកក្នុងការដឹកយកដំរីស នោះទៅទីក្រុងវ៉ាស៊ីនតោន។

បន្ទាប់ពីមានការចរចាដ៏តឹងតែងរវាងព្រះករុណាព្រះមហាក្សត្រ នរោត្ដម សីហនុ និងរដ្ឋាភិបាលបារាំង ដែលជាញឹកញាប់មានសហរដ្ឋអាម៉េរិកធ្វើជាអាជ្ញាធរកណ្ដាលនោះ ប្រទេសកម្ពុជាបានប្រកាសឯករាជ្យពេញលេញរបស់ខ្លួននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ តែទោះជាយ៉ាងណាក៏ដោយ ដល់សន្និសីទក្រុងហ្សឺណែវក្នុងឆ្នាំបន្ទាប់ ទើបបារាំងសុខចិត្ដបោះបង់អំណាចពេញលេញ។ ក្នុងដំណើរការចរចាទាំងមូល សហរដ្ឋអាម៉េរិកគាំទ្រយ៉ាងសកម្មដល់ការទាមទារស្វ័យភាពរបស់ប្រទេសកម្ពុជា។

ក្រោយមានកិច្ចព្រមព្រៀងក្រុងហ្សឺណែវភ្លាម លោក Robert McClintock បានក្លាយជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា ដោយបានថ្វាយសារតាំងដល់ព្រះករុណានៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៥៤។ ស្ថានទូតបានបន្ដរីកធំដោយបានប្ដូរទីកន្លែងទៅកាន់កន្លែងធំទូលាយជាងមុនដោយសារមានបុគ្គលិកកាន់តែច្រើនឡើង។

ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គ ប្រទេសកម្ពុជាដែលមានសេរីភាពពេញលេញនោះ បានប្ដេជ្ញាចិត្ដយ៉ាងមោះ មុតក្នុងការរក្សាអព្យាក្រឹតភាពរបស់ខ្លួន ហើយព្រះករុណាព្រះបាទ នរោត្ដម សីហនុ បានបណ្ដុះឱ្យមានមិត្ដភាព ទាំងជាមួយប្រទេសលោកខាងលិច ទាំងជាមួយមហាអំណាចកុម្មុយនីស្ដ។ ដោយសារមានរបបកុម្មុយនីស្ដរបស់ហូជីមិញ វៀតណាមភាគខាងជើង និងការភ័យខ្លាចថា កងកម្លាំងទ័ពកម្ពុជាមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់ការបះបោររបស់ពួកកុម្មុយនីស្ដដែលអាចកើតមានឡើងនោះ សហរដ្ឋអាម៉េរិកបានចាប់ផ្ដើមធ្វើ្វការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីបង្កើនជំនួយយោធារបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា។ ចំណុចលម្អិតស្ដីពីកម្មវិធីហ្វឹកហ្វឺនយោធាដែលរួមមានផងដែរនូវការបង្កើតក្រុមផ្ដល់ប្រឹក្សាស្ដីពីជំនួយយោធា (MAAG) ត្រូវបានរៀបចំដោយឯកអគ្គរដ្ឋទូត McClintock និងឧបការី រដ្ឋមន្ដ្រីក្រសួងការបរទេស Walter S. Robinson ដោយមានរដ្ឋមន្ដ្រីការបរទេស John Foster Dulles បានមកធ្វើទស្សនកិច្ចនៅទីក្រុងភ្នំពេញ (ដែលជាទស្សនកិច្ចផ្លូវការថ្នាក់ខ្ពស់បំផុតនៅពេលនោះ) នៅខែកុម្ភៈ ឆ្នាំ១៩៥៥ ដើម្បីជួបពិភាក្សា ស្ដីពីផែនការជាមួយព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។ កិច្ចព្រមព្រៀងយោធាការពារប្រទេស ត្រូវបានចុះហត្ថលេខានៅខែឧសភា ឆ្នាំ១៩៥៥។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត McClintock បានផ្ដោតការយកចិត្ដទុកដាក់លើការធានាឱ្យមានការដកកងទ័ពបារាំងបន្ដិចម្ដងៗ ចេញពីប្រទេសកម្ពុជា។

ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បានទទួលការជំរុញមួយថ្មីទៀតដោយមានការបង្កើតនៅឆ្នាំ១៩៥៥ នូវកម្មវិធីជំនួយមានទឹកប្រាក់ចំនួន៥០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ដែលមានបំណងជំរុញដំណើរជឿនលឿនផ្នែកសេដ្ឋកិច្ច និងសង្គម ពង្រឹងឯករាជ្យ កែលម្អ និងពង្រីកការសិក្សាអប់រំសាធារណៈ ដោយមិនយកថ្លៃបង្កើនគុណភាព និងបរិមាណ ផលិតផលកសិកម្ម លើកកម្ពស់ខុសភាពសាធារណៈ សន្ដិសុខ និងហេដ្ឋានរចនាសម្ព័ន្ធ និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ។ កម្មវិធីជំនួយនេះមានទំហំ និងកម្រិតធំជាងជំនួយបូករួមចូលគ្នាទាំងអស់ពីបណ្ដាប្រទេស និងអង្គការអន្ដរជាតិដទៃទៀត ដោយសហរដ្ឋអាម៉េរិកបានផ្ដល់ជំនួយ៤៩៣លានដុល្លារ គិតត្រឹមឆ្នាំ ១៩៦៣។

ជំនួយរបស់សហរដ្ឋអាម៉េរិក បានជួយបណ្ដុះបណ្ដាលគ្រូ និងជួយកសាង និងបំពាក់គ្រឿងបរិក្ខារដល់សាលាឯកទេសតាមវិស័យជាច្រើន សាលាមធ្យមសិក្សា និងសាលាបឋមសិក្សា។ ថវិកាពីសហរដ្ឋអាម៉េរិក បានបង្កើតមជ្ឈមណ្ឌលគរុកោសល្យបឋមលើកដំបូងរបស់ប្រទេសកម្ពុជានៅកំពង់កន្ទួត រួមជាមួយនិងសាលាបឋមសិក្សាចំនួន១៤ និងអគារសាលាមធ្យមសិក្សាចំនួន៥ ផ្សេងទៀត។ និស្សិតកម្ពុជាមួយចំនួនបានទទួលអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាម៉េរិកក្នុងផ្នែកកសិកម្ម សុខភាពសាធារណៈ បច្ចេកទេសក្នុងការប្រើប្រាស់ឧបករណ៍ និងគ្រឿងម៉ាស៊ីន និងវិស្វកម្ម។ គម្រោងដទៃទៀត រួមមានការកសាងមជ្ឈមណ្ឌលសុខភាព មន្ទីរពេទ្យកុមារ និងបណ្ឌិតសភានគរបាល រួមជាមួយនឹងការពង្រីក និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជា ដូចជាការជួសជុលផ្លូវប្រវែង៨០០ម៉ៃល៍ និងស្ពានចំនួន៤៣ ជាដើម។

ចំណុចលេចធ្លោមួយទៀតរបស់អាម៉េរិក គឺការកសាងផ្លូវដែលមានប្រវែង១៤០ម៉ៃល៍ ភ្ជាប់ទីក្រុងភ្នំពញ ទៅនឹងកំពង់ផែដែលទើបតែកសាងថ្មីនៅទីក្រុងព្រះសីហនុដែលស្ថិតនៅតាមឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។ ការធ្វើផ្លូវនេះបានចំណាយថវិកាអស់២៥លានដុល្លារអាម៉េរិក គឺជាគម្រោងជំនួយសហប្រតិបត្ដិការទោលធំជាងគេដោយមានកម្មករ អាម៉េរិក និងកម្មករខ្មែរធ្វើការជាមួយគ្នាទៀតផង។ 

តែទន្ទឹមនឹងនោះ ក៏មានការប្រែប្រួលផងដែរ ក្នុងផ្នែកនយោបាយរបស់ប្រទេសកម្ពុជា។ នៅខែមីនា ឆ្នាំ១៩៥៥ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ បានដាក់រាជ្យដើម្បីបង្កើតគណបក្សសង្គមរាស្ដ្រនិយម ហើយបានចូលរួមបោះឆ្នោតនៅចុងឆ្នាំនោះ។ «សម្ដេច» ដែលត្រូវបានគេហៅនៅពេលនោះ បានឈ្នះការបោះឆ្នោតខែកញ្ញា ដោយស្រួល ហើយបានឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រី។

នៅខែតុលា ឆ្នាំ១៩៥៦ លោកឯកអគ្គរដ្ឋទូត McClintock បានបញ្ចប់បេសកកម្មរបស់លោក ហើយលោក Carl W. Strom ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបន្ទាប់របស់សហរដ្ឋអាម៉េរិក។ លោកបានថ្វាយសារតាំងដល់សម្ដេចព្រះនរោត្ដម សីហនុ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៥៦ ហើយបានកាន់តំណែងនេះរហូតដល់ខែមីនា ឆ្នាំ១៩៥៩។ មុខងារមួយក្នុងចំណោមមុខងាររបស់លោកឯកអគ្គរដ្ឋទូត Strom គឺការពារអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានៅចំពោះមុខការឈ្លានពានកាន់តែច្រើនឡើងពីកម្លាំងរបស់ថៃ និងវៀតណាម ដែលប្រទេសកម្ពុជាមានប្រវត្ដិជម្លោះទឹកដីជាមួយយូរមកហើយ។ ទោះបីជាទំនាក់ទំនង ត្រូវបានពង្រឹងរវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជាក្ដី តែគោលជំហររបស់សម្ដេចព្រះនរោត្ដម សីហនុ ក្នុងការប្រកាន់យកអព្យាក្រឹតភាព បានចាប់ផ្ដើមធ្វើឱ្យទំនាក់ទំនងមានភាពស្មុគស្មាញ។ សម្ដេចសីហនុ ម្ដងហើយម្ដងទៀត បានទោរទន់ទៅរកសាធារណរដ្ឋប្រជាមានិតចិន ដោយបានទៅធ្វើទស្សនកិច្ចនៅប្រទេសចិន និងប្រទេសកុម្មុយនីស្ដដទៃទៀតនៅឆ្នាំ១៩៥៧ ដោយនៅពេលនោះ សម្ដេចទទួលបានជំនួយសេដ្ឋកិច្ច។

ដោយកាន់តែធ្វើឱ្យអ្វីៗកាន់តែអាក្រក់ទៅទៀតនៅក្នុងកាលៈទេសៈដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយរដ្ឋាភិបាលប្រទេសថៃ និងវៀតណាមខាងត្បូង ដែលមានទំនោរទៅរកលោកខាងលិច សម្ដេច សីហនុ បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន នៅខែកក្កដា ឆ្នាំ១៩៥៨ ទោះបីមានការប្រឆាំងរបស់សហរដ្ឋអាម៉េរិកយ៉ាងណាក្ដី។ លោកឯកអគ្គរដ្ឋទូត Strom ត្រូវបានហៅត្រឡប់ទៅស្រុកវិញជាបណ្ដោះអាសន្ន តែសម្ដេច សីហនុ ដោយប្រឈមនឹងបរិយាកាសកាន់តែបាត់ស្ថិរភាពឡើងនៅក្នុងស្រុក បានខិតខំស្ដារទំនាក់ទំនងឡើងវិញ ហើយបានទទួលយកសេចក្ដីអញ្ជើញឱ្យធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក។ ដំណើរទស្សនកិច្ចរបស់ព្រះអង្គ រួមមានការឈប់សំចតនៅទីក្រុងវ៉ាស៊ីនតោន ទីក្រុងញូវយ៉ក Detroit Chicago និង Los Angeles ផងដែរ។

នៅពេលទៅដល់អាកាសយានដ្ឋានអន្ដរជាតិក្នុងទីក្រុង Los Angeles នៅខែកញ្ញា សម្ដេចបានប្រាប់អ្នកសារព័ត៌មានថា «យើងមិនបានបំភ្លេចទេថាសហរដ្ឋអាម៉េរិក ស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលស្គាល់ប្រទេសរបស់យើង ហើយបានផ្ដល់ការគាំទ្រ និងជំនួយដល់ប្រទេសកម្ពុជា។ ចាប់តាំងពីជំហានដំបូងរបស់យើង ក្នុងការទទួលបានឯករាជ្យ យើងបានបោះជំហានសំខាន់ៗខ្លះទៅមុខ ហើយដំណើរជឿនលឿនទៅមុខនេះត្រូវបានសម្រួលដោយមិត្ដភាព និងជំនួយសប្បុរសជាប្រចាំរបស់អ្នក។ បើកម្ពុជាអាចជំនះបានលើការពិបាកដ៏ធំធេងដែលបាន ជះស្រមោលទៅលើការចាប់កំណើតឡើងនៃឯករាជ្យរបស់កម្ពុជាមួយចំណែកធំ គឺដោយសារសហរដ្ឋអាម៉េរិក។ ប្រជាជនខ្មែរដឹងពីរឿងនេះ ហើយនឹងមិនអាចភ្លេចបានទេ»។

ទស្សនកិច្ចរបស់សម្ដេចព្រះនរោត្ដម សីហនុ បាននាំឱ្យមជ្ឈដ្ឋានអ្នកការទូត មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីពិធីជប់លៀងទាក់ទងនឹងប្រទេសកម្ពុជាដែលព្រះអង្គបានរៀបចំឡើងនៅទីក្រុងញូវយ៉ក និងទីក្រុងវ៉ាស៊ីនតោន ដោយមានរបាំខ្មែរបុរាណ សម្ដែងដោយម្ចាស់ក្សត្រីបុបា្ផទេវី ព្រះអង្គម្ចាស់ចក្រពង្ស និងអ្នករាំរបាំក្នុងក្រុមរបាំព្រះរាជទ្រព្យផ្សេងទៀត។ កាសែត The Washington Post និង Times-Herald  បានហៅព្រះអង្គថា «អ្នករៀប ចំ ពិធីជប់លៀងដ៏ល្អបំផុតនៅពេលនោះ ដោយបានបន្ថែមថា ភ្ញៀវបានសរសើរយ៉ាងខ្លាំងចំពោះការតុបតែង អ្នករបាំ និងសម្លៀកបំពាក់ដ៏ចែងចាំង»។នៅទីក្រុងវ៉ាស៊ីនតោន សម្ដេចសីហនុបានប្រគល់ជូនលោកប្រធានាធិបតី Eisenhower នូវបដិមាករសម័យអង្គរ ក្នុងសតវត្សទី១២ ធ្វើពីថ្មក្រានីតតាន់ ដោយមានព្រះបន្ទូលថា «ដើម្បីជាការដឹងគុណចំពោះជំនួយដែលប្រទេសរបស់លោក បានផ្ដល់ឱ្យប្រទេសរបស់ខ្ញុំ»។ បដិមាករនេះឥឡូវត្រូវបានដាក់តាំងនៅវិចិត្រសាលជាតិ (National Gallery) ។ សម្ដេចព្រះនរោត្ដម សីហនុ ក៏ត្រូវបានទទួលផងដែរដោយលោករដ្ឋមន្ដ្រីការបរទេស Dulles ដោយព្រះអង្គបានបញ្ជាក់សាជាថ្មីដល់លោករដ្ឋមន្ដ្រីនូវការប្ដេជ្ញាចិត្ដរបស់ព្រះអង្គក្នុងការរក្សាអព្យាក្រឹតភាពនៃប្រទេសកម្ពុជា។ លោករដ្ឋមន្ដ្រី Dulles បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចំពោះឯករាជ្យភាពទាំងស្រុងនៃប្រទេសកម្ពុជា។

ទស្សនកិច្ចនោះ គឺជាចំណុចខ្ពស់បំផុត ក្នុងទំនាក់ទំនងទ្វេភាគីក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ដោយលោកឯកអគ្គរដ្ឋទូត Strom បានមានប្រសាសន៍ថា «ខ្ញុំសប្បាយចិត្ដណាស់នៅពេលខ្ញុំបានដឹងថាសម្ដេចបានធ្វើដំណើរដើម្បីបានដឹងពីសហរដ្ឋអាម៉េរិក និងប្រជាជនអាម៉េរិកឱ្យបានកាន់តែច្បាស់។ ខ្ញុំដឹងថា ការជួបជាមួយលោកប្រធានធិបតី Eisenhower និងលោករដ្ឋមន្ដ្រី Dulles មានផ្លែផ្កាច្រើន។ ខ្ញុំសង្ឃឹមថា វានឹងធ្វើឱ្យជនជាតិខ្មែរមានការយល់ដឹងកាន់តែច្បាស់ពីសហរដ្ឋអាម៉េរិក។ ខ្ញុំមានការប្រាកដក្នុងចិត្ដថា ការយល់គ្នាទៅវិញទៅមកបានល្អ ពិតជាធានាដល់ទំនាក់ទំនងមិត្ដភាពរបស់យើង»។ 

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ១៩៥៩ លោក William C. Trimble បានថ្វាយសារតាំងជូនសម្ដេច ព្រះនរោត្ដម សីហនុ ហើយលោកគឺជាឯកអគ្គរដ្ឋទូតម្នាក់ក្នុងចំណោមឯកអគ្គរដ្ឋទូតដែលមានជោគជ័យជាងគេនៅប្រទេសកម្ពុជាក្នុងពេលដំបូងៗ។ ផែនការសម្រាប់ឱ្យមានអគា ស្ថានទូតជាផ្លូវការត្រូវបានផ្ដួចផ្ដើមឡើង។ នៅខែកក្កដា លោករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃសហរដ្ឋអាម៉េរិក Fred A. Seaton បានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីសម្ពោធផ្លូវមិត្ដភាពកម្ពុជា-អាម៉េរិក ដែលទើបតែសង់ហើយថ្មីៗនៅពេលនោះ។ ផ្លូវនោះដែលគេច្រើនស្គាល់ថាជាផ្លូវជាតិលេខ៤ រហូតមកដល់ពេលនេះ ត្រូវបានគេចាត់ទុកថាជានិមិត្ដរូបនៃចំណងមិត្ដភាពរវាងរដ្ឋាភិបាលអាម៉េរិក និងរដ្ឋាភិបាលកម្ពុជា។ ស្លាកសម្គាល់នៅចុងទាំងសងខាងនៃផ្លូវនោះ មានចារឹកព្រះបន្ទូលរបស់សម្ដេចព្រះនរោត្ដម សីហនុ និងប្រសាសន៍របស់លោកប្រធានាធិបតី Eisenhower ដែលមានន័យដូចខាងក្រោមនេះ៖ 

  • សម្ដេចសីហនុ៖ «នេះគឺជាផ្លូវមិត្ដភាពដែលត្រូវបានកសាងឡើងតាមរយៈការខិតខំសហប្រតិបត្ដិការគ្នារវាងអាម៉េរិក និងកម្ពុជា ដែលបានធ្វើការក្នុងស្មារតីសេរីភាព និងភាតរភាព ដើម្បីសម្រេចបំណងឯករាជ្យសេដ្ឋកិច្ចនៃប្រទេសនេះ»។
  • ប្រធានាធិបតី Eisenhower៖ «ផ្លូវនេះដែលកសាងឡើងដោយការខិតខំរួមគ្នារបស់ប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក គឺជានិមិត្ដរូបនៃមិត្ដភាពរបស់ប្រជាជននៃប្រទេសយើងទាំងពីរ និងបំណងប្រាថ្នារួមគ្នារបស់យើងដែលចង់ឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានសេរីភាព ឯករាជ្យ និងវិបុលភាព»។ 

នៅពេលថ្លែងក្នុងឆ្នាំ១៩៦១ និងក្រឡេកមើលទៅទសវត្សរ៍នៃសហប្រតិបត្ដិការគ្នាកន្លងទៅនោះ លោកឯកអគ្គ រដ្ឋទូត Trimble បានមានប្រសាសន៍ថា «វាជាទសវត្សរ៍នៃជោគជ័យដ៏គួរឱ្យកត់សម្គាល់ក្នុងរយៈពេល១០ឆ្នាំនេះ ប្រជាជាតិដ៏ចំណាស់ តែមានភាពទំនើបនេះ បានចាក់មូលដ្ឋានគ្រឹះចាំបាច់សម្រាប់ឱ្យមានភាពជឿនលឿន និងវិបុលភាពជាបន្ដទៀត។ ប្រជាជនកម្ពុជាចូលរួមយ៉ាងខ្លាំងក្លាក្នុងការពង្រឹងនិងពង្រីកមូលដ្ឋានគ្រឹះទាំងនេះក្នុងបរិយាកាសនៃសេរីភាព និងសន្ដិសុខ»។នៅក្រោមសម័យការនៃការដឹកនាំរបស់សម្តេចព្រះនរោត្ដមសីហនុ ទំនាក់ទំនងរបស់កម្ពុជា និងសហរដ្ឋអាម៉េរិក មានការកាត់ផ្តាច់ចំនួនពីរលើក ហើយក្នុងអំឡុងរយៈពេលកាត់ផ្ដាច់នោះ ប្រទេសអូស្ដ្រាលីធ្វើជាតំណាងឱ្យសហរដ្ឋអាម៉េរិកនៅភ្នំពេញ ចំណែកប្រទេសបារាំងតំណាងឱ្យប្រទេសកម្ពុជា ក្នុងការទាក់ទងជាមួយក្រុងវ៉ាស៊ីនតោន។ ភាពតានតឹងនៅមានជាបន្ដដោយសហរដ្ឋអាម៉េរិកបានធ្វើការចោទប្រកាន់ថា ពួកកុម្មុយនីស្ដវៀតណាមកំពុងដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់តាមកំពង់ផែក្រុងព្រះសីហនុ ភ័ស្ដុតាងខ្លះបង្ហាញថា កម្ពុជាមានកិច្ចព្រមព្រៀងជាមួយចិន និងវៀត ណាមខាងជើង ក្នុងការរក្សាទុកអាវុធចំនួន ១០ភាគរយ នៃអាវុធទាំងអស់ដែលត្រូវបានដឹកឆ្លងកាត់។ ថ្នាំពេទ្យ និងជាង១ភាគ៤ នៃផលិតផលស្រូវរបស់កម្ពុជា ត្រូវបានលក់ទៅឱ្យវៀតណាមខាងជើង។ នៅមានកង្វល់ផងដែរថា សម្ដេចព្រះនរោត្ដម សីហនុ បានចងសម្ព័ន្ធមិត្ដជាមួយប្រទេសចិន។ នៅត្រឹមចុងឆ្នាំ១៩៦៥ លោកប្រធានាធិបតី Lyndon Johnson បានអនុញ្ញាតឱ្យមានប្រតិបត្ដិការសម្ងាត់ចូលក្នុងប្រទេស កម្ពុជាដើម្បីកម្ទេចមូលដ្ឋានរបស់ពួកវៀតកុង។

ទស្សនកិច្ចរបស់ជំទាវ Jacqueline Kennedy មកប្រទេសកម្ពុជា នៅខែវិច្ឆកា ឆ្នាំ១៩៦៧ ហាក់ដូចជាសញ្ញានៃការប្រែប្រួលល្អនៃទំនាក់ទំនង។ ព្រះអង្គបានរៀបចំសម្រាប់ដំណើរទាំងមូលរបស់លោកជំទាវ ហើយបានស្វាគមន៍លោកស្រីជាភ្ញៀវពិសេស ដោយលោកជំទាវគឺជាជនជាតិអាម៉េរិកដំបូងគេដែលទទួលបាននូវកិត្ដិយសថ្នាក់រដ្ឋខ្ពស់តាំងពីទំនាក់ទំនងត្រូវបានកាត់ផ្ដាច់មក។ កាសែត The New York Times បានសរសេរថា មានមនុស្សប្រមាណ ១០ ០០០នាក់ បានទទួលលោកជំទាវនៅព្រលាន យន្ដហោះ។ អតីតជំទាវទី១ ត្រូវបានស្វាគមន៍ដោយ‌‌«នារីក្នុងសម្លៀកបំពាក់ក្រហមនិងស ដៃកាន់ផ្ដិលប្រាក់មានដាក់ផ្កាម្លិះ ដែលគេរាយនៅពីមុខជំទាវ ជាលក្ខណៈស្វាគមន៍តាមប្រពៃណី ព្រះពុទ្ធសាសនា»។ ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ Kennedy បានទៅទស្សនាប្រាសាទអង្គរវត្ដ ចូលរួមក្នុងពិធីសម្ពោធផ្លូវមួយដែលបានដាក់ឈ្មោះរបស់លោកប្រធានាធិបតី Kennedy ហើយបានចូលគាល់ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ ដែលជាមាតារបស់សម្ដេចព្រះនរោត្ដម សីហនុ។

បន្ទាប់ពីនោះបន្ដិច ព្រះអង្គបានបង្ហាញឱ្យឃើញថា ទ្រង់នឹងទទួលបេសកជនរបស់ប្រធានាធិបតី។ លោក Chester A. Bowles បានមកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៦៨ ហើយបានពិភាក្សាប្រកបដោយផ្លែផ្កា ស្ដីពីកម្រិតនៃវត្ដមានរបស់ពួកវៀតកុងនៅប្រទេសកម្ពុជា និងពីកង្វល់របស់សម្ដេចព្រះនរោត្ដម សីហនុ លើបូរណភាពព្រំដែនរបស់ប្រទេសកម្ពុជា។ ព្រះអង្គបានគូសបញ្ជាក់ថា ការទទួលស្គាល់ព្រំដែនទាំងនេះ គឺជាការចាំបាច់សម្រាប់ស្ដារទំនាក់ទំនងការទូតឡើងវិញ។ សម្ដេចថែមទាំងបានយល់ព្រមឱ្យមានការធ្វើសកម្មភាពយោធាទ្រង់ទ្រាយតូចរបស់អាម៉េរិកនៅតាមតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ដរាបណាសកម្មភាពទាំងនោះមានកម្រិតតិចតួចមែនទែន។ បន្ទាប់ពីការប្រជុំនោះមក លោក Bowles មានសុទិដ្ឋិនិយម ហើយសង្ឃឹមថាទំនាក់ទំនងនឹងត្រូវបានស្ដារឡើងវិញ។ តែការបង្កើនការវាយប្រហារតាមបណ្ដោយព្រំដែន ដែលជំរុញមួយផ្នែកដោយការវាយប្រហារ Tet Offensive នៅវៀតណាមខាងត្បូង នៅចុងខែមករា ឆ្នាំ១៩៦៨ បានបង្អាក់បញ្ហានេះម្ដងទៀត។

លោក Richard M. Nixon បានស្បថចូលកាន់តំណែងប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦៩។ ដោយពួកកុម្មុយនីស្ដវៀតណាមជ្រៀតចូលក្នុងប្រទេសរបស់ព្រះអង្គកាន់តែជ្រៅ ពេលនោះសម្ដេចព្រះនរោត្ដម សីហនុ ចង់ស្ដារទំនាក់ទំនងឡើងវិញ។ លោកប្រធានាធិបតី Nixon បានចាត់វិធានការដោយត្រង់ក្នុងរឿងនេះ ហើយនៅថ្ងៃទី២ ខែមេសា សហរដ្ឋអាម៉េរិកបានចេញសេចក្ដីប្រកាសស្ដីពីព្រំដែន ដោយទទួលស្គាល់អធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា។

នៅពេលនោះ ជោគវាសនានៃប្រទេសកម្ពុជា មានសារសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការទទួលបានជោគជ័យ របស់សហរដ្ឋអាម៉េរិកនៅក្នុងសង្គ្រាមវៀតណាម។ ភស្ដុតាងបង្ហាញថា មកដល់ឆ្នាំ១៩៧០ ប្រទេសកម្ពុជាចំនួនពី ១ភាគ៥ ទៅ ១ភាគ៣ ត្រូវបានកាន់កាប់ដោយកម្លាំងវៀតកុង និងកម្លាំងវៀតណាមខាងជើង។ ដើម្បីបំបាត់ ឬទប់ដំណើរទៅមុខនៃពួកកុម្មុយនីស្ដ លោកប្រធានាធិបតី Nixon បានអនុញ្ញាតឱ្យមានយុទ្ធនាការទម្លាក់គ្រាប់បែកដោយសម្ងាត់ នៅភាគខាងកើតប្រទេសកម្ពុជា ដែលត្រូវបានគេហៅថា Operation Menu ។ យុទ្ធនាការរយៈពេល ១៤ខែ ដែលបានចាប់ផ្ដើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៦៩ មានជើងយន្ដហោះចំនួនជាង ២៣០ ៥១៦ជើង ហើយគ្រាប់ដែលបានទម្លាក់មានទម្ងន់សរុបចំនួន ២ ៧៥៦ ៩៤១ តោន ។ រហូតមកដល់ឆ្នាំ ១៩៧៣ ទើបសាធារណជនអាម៉េរិក ដឹងពីការទម្លាក់គ្រាប់បែកនេះ។

ស្ថានទូតអាម៉េរិក បានចាប់ផ្ដើមបើកឡើងវិញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៦៩ ដោយមានលោក Lloyd M. Rives ជាភារធារី ហើយមានបុគ្គលិកចំនួន៨នាក់ ។ ក្រោយមកនៅក្នុងខែដដែលនោះ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្ដថ្មីរបស់ក្រុងវ៉ាស៊ីនតោនចំពោះប្រទេសកម្ពុជា លោកព្រឹទ្ធសមាជិកសភា Mansfield បានត្រឡប់មកភ្នំពេញវិញជាលើកទី៣ ដើម្បីការប្រជុំមិត្ដភាពជាមួយសម្ដេចព្រះនរោត្ដម សីហនុ ដែលបានហៅលោកព្រឹទ្ធសមាជិកថាជា «មិត្ដម្នាក់របស់កម្ពុជា ដែលអស្ចារ្យ និងស្មោះត្រង់បំផុត»។ លោក Mansfield បានរួមចំណែកជួយស្ដារទំនាក់ទំនងឡើងវិញ។

ទោះបីទំនាក់ទំនងត្រូវបានសា្តរឡើងវិញក្ដី តែឧប្បត្ដិហេតុរាប់រយនៅតាមបណ្ដោយព្រំដែន និងការទម្លាក់គ្រាប់បែកដោយយន្ដហោះ B-52 រួមជាមួយនឹងការបន្ដរុលចូលមករបស់វៀតណាម ធ្វើឱ្យភាពតានតឹងនៅតែខ្លាំង។ ទន្ទឹមនឹងនោះ ដោយប្រឈមនឹងការស្លាប់និងរបួសក្នុងចំណោមទាហានអាម៉េរិកកាន់តែច្រើន គួបផ្សំនឹងចលនាប្រឆាំងសង្គ្រាមមានកាន់តែច្រើននៅសហរដ្ឋអាម៉េរិក ការដកកងទ័ពអាម៉េរិកពីប្រទេសវៀតណាមក៏បានចាប់ផ្ដើម។

RAC Media | ស៊ឺន សម 

ដកស្រង់ចេញពី៖

-សៀវភៅខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជាអាម៉េរិក បោះពុម្ពដោយស្ថានទូតអាម៉េរិកប្រចាំប្រទេសកម្ពុជា 

-The United States and Cambodia, 1879-1969, by Kenton Clymer 

-The Unites States and Cambodia, 1969-2000, by Kenton ClymerSeun


2019-01-24 08:02:52   ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 03:02 PM
«ស្រុកតាំងគោក៖ ស្រុកបង្កើតថ្មី ក្នុងទឹកដីកំពង់ធំ»

ដោយយោងតាមអនុក្រឹត្យលេខ០៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្តីពី ការបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ រាជរដ្ឋាភិបាលបានសម្រេចបង្កើតស្រុកថ្មីមួយ ដោយកាត់ឃុំចេញ​ពីស្រុកបារាយណ៍ បន្ថែមទៅលើស្រុក​ ក្រុង ដែលមានស្រាប់ចំនួន៨។

នៅក្នុងមាត្រា២ នៃអនុក្រឹត្យខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សាលាស្រុកតាំងគោក គឺស្ថិតនៅក្នុងឃុំសូយោង។ ស្រុកតាំងគោក មានឃុំចំនួន៨ កាត់ចេញពីស្រុកបារាយណ៍ គឺឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រាល ឃុំស្រឡៅ ឃុំសូយោង ឃុំស្វាយភ្លើង និងឃុំអណ្តូងពោធិ៍។ ការបង្កើតស្រុកថ្មីនេះ គឺអនុលោកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

សូមបញ្ជាក់ដែរ ខេត្តកំពង់ធំជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង២៥ ជាខេត្តស្ថិតនៅចំណុចកណ្តាលនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនិងខេត្តក្រចេះ (ខាងកើត) ខេត្តកំពង់ឆ្នាំងនិងខេត្តសៀមរាប (ខាងលិច) ខេត្តកំពង់ចាមនិងខេត្តកំពង់ឆ្នាំង (ខាងត្បូង) និងខាងជើងជាប់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។មុនការបង្កើតស្រុកតាំងគោក ខេត្តកំពង់ធំ មាន០៨ក្រុងស្រុក មាន៨១ឃុំសង្កាត់ និងមាន៧៦៧ភូមិ ផ្ទៃដីសរុប១៥.០៦១គ.ម២ ប្រជាជនសរុប ៧៥៩.៩៤៣នាក់ ស្រី៣៨៧.៨០៥នាក់ ស្នើនឹង១៦២.១៤៨ គ្រួសារ។

បើតាមគេហទំព័រ KAMPONGTHOM.GOV.KH ខេត្តកំពង់ធំមានប្រជាជនប្រមាណ៨០% ជាកសិករ រស់នៅពឹងផ្នែកលើវិស័យកសិកម្មដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅ។ ក្រៅពីនេះ ក៏មានវិស័យផ្សេងៗទៀតដូចជា សហគ្រាសធនតូចនិងមធ្យម សិប្បកម្មនានា ដែលជាមូលដ្ឋានបង្កើតការងារជូនប្រជាពលរដ្ឋ។ ខេត្តមានសមាជិកក្រុមប្រឹក្សាចំនួន១៧នាក់​ ស្រ្តី០៣នាក់ គណៈអភិបាល០៧នាក់ ស្រ្តី០១នាក់ និងមន្ត្រី បុគ្គលិក សរុប១០១នាក់ ស្ត្រី៣៦នាក់។

RAC Media


ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងពិធីសាងភ្នួស តបស្នងសងគុណចំពោះមាតាបិតា (រូបភាពហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ)


2019-01-22 04:26:20   ថ្ងៃអង្គារ, 22 មករា 2019 ម៉ោង 11:26 AM
«សាកលវិទ្យាល័យ Northwestern Polytechnical University មកបំពេញទស្សនកិច្ចនៅរាជ បណ្ឌិត្យសភាកម្ពុជា» ដោយ៖ ស៊ឺន សម

នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwestern Polytechnical University នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយបណ្ឌិតសភាចារ្យ Huang Wei អនុប្រធានសាកលវិទ្យាល័យ និងជាបណ្ឌិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ដើម្បីពិភាក្សាការងារ និងស្វែងរកកិច្ចសហការជាមួយគ្នា។

នៅក្នុងជំនួបនោះ បណ្ឌិតសភាចារ្យ Huang Wei បានមានប្រសាសន៍ថា «កាលពី២០ឆ្នាំមុន នៅពេលដែលគាត់មានបំណងមកទស្សនានៅប្រទេសកម្ពុជា នោះគាត់តែងមានការភ័យខ្លាចអំពីគ្រាប់បែក ឬគ្រោះថា្នក់ផ្សេងទៀត ប៉ុន្តែនៅពេលនេះ កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំង ហើយបើសិនជានិយាយអំពីទំនាក់ទំនងកម្ពុជាចិនវិញនោះ គឺថាប្រទេសយើងទាំងពីរមានភាពល្អជាមួយគ្នាខ្លាំងណាស់ ព្រោះកាលពីគាត់នៅក្មេងមានវិទ្យុ និងទូរទស្សន៍ចិនជាច្រើនបានផ្សាយអំពីដំណើរទស្សនកិច្ចរបស់សម្តេចសីហនុនៅប្រទេសចិន។ ដូច្នេះនៅពេលនេះ យើងមិនត្រូវការត្រឹមតែទំនាក់ទំនងល្អរវាងប្រទេស និងប្រទេសនោះទេ យើងក៏ត្រូវការទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនផង ដែរ»។

បណ្ឌិតសភាចារ្យ Huang Wei បានបន្តទៀតថា លោកនឹងមកប្រទេសកម្ពុជាម្តងទៀត ដោយនាំមកជាមួយនូវគម្រោងផ្សេងៗដើម្បីអនុវត្តរួមជាមួយរាជបណ្ឌិត្យសភាកម្ពុជា ហើយតាមរយៈរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យរបស់គាត់អាចផ្តល់អាហារូបករណ៍​ដល់​និស្សិតកម្ពុជា​ប្រមាណជា​១០០នាក់ក្នុង១ឆ្នាំ ដោយអាហារូបករណ៍នោះនឹងផ្តល់ជូនការបង់ថ្លៃសិក្សា ការស្នាក់នៅ នឹងប្រាក់ហោប៉ៅ​សម្រាប់ការរស់នៅចំនួន ៣៥០០យន់ (ស្មើនឹង ៥១៦ដុល្លារអាម៉េរិក)។ 

ក្រោយបញ្ចប់ជំនួបនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងធ្វើកិច្ចសហការប្រតិបត្តិការជាមួយគ្នាលើការសិក្សាអំពីនាវាចរណ៍ ការសិក្សាអំពីអាកាសចរណ៍ និងការនាំយកនាំបច្ចេកវិជ្ជាទំនើបមកកាន់ប្រទេសកម្ពុជា ដើម្បីផ្តល់ឱកាសជូននិស្សិតកម្ពុជាបានសិក្សា និងពង្រីកសមត្ថភាពឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

RAC Media

 


2019-01-20 04:47:39   ថ្ងៃអាទិត្យ, 20 មករា 2019 ម៉ោង 11:47 AM
«រាជបណ្ឌិត្យសភាកម្ពុជា កំពុងចូលរួមធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯក!»

គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ក្រុងភ្នំពេញ ដោយការចូលរួមពីមន្រ្តីជំនាញបុរាណវត្ថុវិទ្យាពីរាជបណ្ឌិត្យសភាកម្ពុជាចំនួន៤រូប។

ដោយមានការចាត់តាំងពីឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញនៅក្នុងផ្នែកបុរាណវត្ថុវិទ្យាមានលោក ហឿង សុធារស់ ប្រធានផ្នែកបុរាណវិទ្យា លោក ជ័យ រតនា មន្រ្តីស្រាវជ្រាវ និង កញ្ញា តាកេត ស័កដា មកចូលរួមកំណាយស្រាវជ្រាវបុរាណវិទ្យា នៅស្ថានីយបុរាណវិទ្យាជើងឯក ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

គម្រោងកំណាយស្រាវជ្រាវនេះ ជាគម្រោងអនុវត្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា នគរបាលការពារបេតិកភណ្ឌនៃក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ និងមន្រ្តីជំនាញផ្នែកបុរាណវិទ្យា ដែលមកពីមន្ទីរវប្បធម៌គ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា តំណាងអជ្ញាធរដែនដី តំណាងក្រុមហ៊ុនជីបម៉ុង មន្រ្តីនគរបាលរដ្ឋបាលមូលដ្ឋាន អ្នកស្រាវជ្រាវអន្ដរជាតិមកពីសាកលវិទ្យាល័យហ្វ្លីនឌ័រ (Flinders University) នៃប្រទេសអូស្រ្តាលី និងនិស្សិតមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សរុបមានចំនួន ១០៨នាក់ ដែលនឹងចាប់ដំណើរការពីថ្ងៃទី១៧មករា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

RAC Media | ហឿង សុធារស់


2019-01-17 07:05:30   ថ្ងៃព្រហស្បតិ៍, 17 មករា 2019 ម៉ោង 02:05 PM

សេចក្តីប្រកាស

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទានុក្រមកសិកម្ម និងក្បាលលិខិតរបស់រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២១

ថ្ងៃអង្គារ, 31 សីហា 2021 ម៉ោង 08:46 PM

ចុចមើល ទាញយក