Royal Academy of Cambodia
កាលពីពេលថ្មីៗនេះ វិទ្យាស្ថានភាសាជាតិ បានបញ្ចប់ការរៀបចំការសិក្សាពី«សទ្ទានុក្រមពាក្យថ្មី» ដែលបង្ហាញពីពាក្យពាក់ព័ន្ធនឹងរុក្ខជាតិ និងពាក្យវប្បធម៌មួយចំនួនដែលមិនទាន់បានបញ្ចូលក្នុង «វចនានុក្រមខ្មែរ» របស់ពុទ្ធសាសនបណ្ឌិត្យ ដែលបានបោះពុម្ពផ្សាយកាលពី គ.ស. ១៩៦៧-១៩៦៨។ មេពាក្យថ្មីៗប្រមាណ៤០០ពាក្យ ត្រូវបង្ហាញខ្លួនឡើងក្នុងសទ្ទានុក្រមនេះភ្ជាប់មកជាមួយសូរអានជាភាសាខ្មែរ។ ស្នាដៃ «សទ្ទានុក្រមពាក្យថ្មី» នេះ ជាសមិទ្ធផលថ្មីរបស់វិទ្យាស្ថានភាសាជាតិ ជូនដល់ប្រជាពលរដ្ឋកម្ពុជាទូទៅជាចំណងដៃសម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៩នេះ។
សទ្ទានុក្រមនេះអាចជាផ្នែកតូចមួយនៃការរួមចំណែកក្នុងវិស័យវចនលេខន៍។ គេតោងទទួលស្គាល់ថានៅពេលដែលពាក្យមួយត្រូវគេយកមករៀបរៀងក្នុងសទ្ទានុក្រមឬវចនានុក្រមនោះ ពាក្យថ្មីៗទៀតបានលេចឡើង។ ទោះយ៉ាងណាក្ដី ការតាមដាននិងការចងក្រងតាមបែបវិទ្យាសាស្ត្រអាចធ្វើឲ្យគេយល់បានទិដ្ឋភាពស៊ីជម្រៅនៃភាសាមួយបាន។
មេពាក្យឬកន្សោមពាក្យ ដែលវិទ្យាស្ថានភាសាជាតិ បានរៀបរៀងនេះមានប្រភពជាច្រើនមកពីផ្នែករុក្ខវិទ្យា សត្តវិទ្យា និងផ្នែកវប្បធម៌។ ក្រុមអ្នកស្រាវជ្រាវ បានជ្រើសរើសយកពាក្យពីផ្នែករុក្ខវិទ្យាច្រើនជាងពាក្យពីផ្នែកឯទៀត ដោយមិនយកឈ្មោះរុក្ខជាតិដែលមានក្នុងវចនានុក្រមខ្មែរឆ្នាំ១៩៦៧-៦៨ មកពន្យល់នោះទេ។
កិច្ចការនេះស្ថិតក្នុងគម្រោងដែលមានរយៈពេលខ្លី ដូច្នេះ គង់នឹងមានចំណុចខ្វះខាតច្រើនដែលគេអាចបន្ថែមឬពង្រីកលើកិច្ចការនេះនាពេលអនាគត។
មានទិដ្ឋភាពសង្គមវប្បធម៌ខ្មែរច្រើនទៀតដែលអ្នកស្រាវជ្រាវនានាគួរចងក្រងធ្វើជាសទ្ទានុក្រមឬវចនានុក្រម។ ក្នុងបរិវេណនៃការស្រាវជ្រាវនេះ យើងសង្ឃឹមថាសទ្ទានុក្រមនេះអាចរួមចំណែកខ្លះក្នុងវិស័យវចបលេខន៍ខ្មែរ។
ទាញយកឯកសារ៖ http://rac.apppeppers.com/royal-academy/research/attachments/original/23.pdf?1546504706
យោងទៅតាមឯកសារស្តីពី អ្នកការទូត និងច្បាប់អន្តរជាតិ បានកំណត់និយមន័យនៃ «ការទូត»ថា គឺជាទំនាក់ទំនងផ្លូវការរវាងរដ្ឋនិងរដ្ឋក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជាការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្គ្រាម សេដ្ឋកិច្ច និងវប្បធម៌ ជាដើម។ មុខងារចម្បងរបស់ការទូត គឺការចរចារដើម្បីបង្ហាញនូវផលប្រយោជន៍ទូទៅរបស់រដ្ឋមួយ ឬតួអង្គមិនមែនរដ្ឋ ដូចជា អង្គការអន្តរជាតិ និងដើម្បីដោះស្រាយជម្លោះអ្វីមួយដែលកើតមាននៅក្នុងទំនាក់ទំនងអន្តរជាតិ។
បើតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានឱ្យនិយមន័យ «ការទូត» មកពីពាក្យថា ទូត សំ. បា. (ន. ឬ គុ.) អ្នកដែលគេបញ្ជូន ដែលគេប្រើទៅ; អ្នកនាំការ នាំដំណឹងពីម្ខាងទៅម្ខាង ។ មន្ត្រីស័ក្ដិធំដែលរាជការចាត់ទៅជាតំណាង ដើម្បីនៅនិយាយផ្ទាល់នឹងរដ្ឋបាលប្រទេសដទៃ (ម. ព. រាជទូត) ។
រាជទូត សំដៅលើព្រះរាជបម្រើអ្នកនាំព្រះរាជសាសន៍ទៅកាន់ប្រទេសដទៃ (ក្នុងបុរាណសម័យ); អ្នករាជការដែលចេញទៅនៅក្នុងប្រទេសដទៃជាតំណាងជាតិនិងប្រទេសរបស់ខ្លួន (ក្នុងសម័យបច្ចុប្បន្ន)។ រាជទូតក្រិយា (--ទូត័កក្រិយ៉ា) ក្រឹត្យឬច្បាប់, មុខក្រសួងរបស់រាជទូត ។ រាជទូតានុទូត (សំ. បា. <រាជទូត+អនុទូត) រាជទូតនិងរាជទូតបន្ទាប់, រាជទូតធំនិងតូច (ម. ព. ទូត ន. ឬ គុ. និង ទូតានុទូត) ។
ឧទាហរណ៍ សង្គ្រាមស៊ីវិលនៅកម្ពុជាដែលអូសបន្លាយជិតពីរទសវត្សរ៍ត្រូវបានបញ្ចប់តាមរយៈការប្រើប្រាស់នូវនយោបាយការទូតរបស់គូភាគីបដិបក្ខនៅក្នុងជម្លោះដែលរួមមានភាគីរដ្ឋកម្ពុជា និងភាគីកម្ពុជាប្រជាធិបតេយ្យ (ហ៊្វុនស៊ិនប៉ិច ខ្មែរក្រហម និងរណសិរ្សរួបរួមជាតិរំដោះប្រជាពលរដ្ឋខ្មែរ) ហើយជាលទ្ធផលនៃនយោបាយការទូតនេះ ភាគីទាំងអស់បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយដែលធ្វើឡើងនៅទីក្រុងប៉ារីស ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា។
នៅក្នុងឆ្នាំ២០១២ មានមនុស្សច្រើនជាងមួយរយលាននាក់ដែលបានធ្វើដំណើរ ហើយសេដ្ឋកិច្ចនៅក្នុងប្រទេសដែលបានអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ បានប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចពិភពលោកទាំងមូល សាជីវកម្មចម្រុះជាតិសាសន៍ មានចំនួនថវិកាដែលធំជាងចំនួនសរុបរបស់ប្រទេសជាច្រើនក្នុងលោក។ នៅពេលដែលយើងធ្វើការសិក្សាពីទំនាក់ទំនងអន្តរជាតិ វិស័យការទូតដើរតួនាទីដ៏សំខាន់ ក្នុងការជួយឱ្យយើងមានភាពងាយស្រួលក្នុងការយល់ដឹងពីទំនាក់ទំនងអន្តរជាតិ។ ខាងក្រោមនេះ គឺជាឧទាហរណ៍ខ្លះ ដែលបញ្ជាក់ពីមូលហេតុដែលយើងពិចារណាក្នុងការសិក្សាពីវិស័យការទូត៖
១) ការទូតមិនត្រឹមតែជានយោបាយសម័យបច្ចុប្បន្ននេះ អ្នកការទូតជាច្រើនធ្វើការស្រាវជ្រាវលើប្រធានបទផ្សេងៗគ្នា។ មនុស្សខ្លះធ្វើការលើវិស័យបរិស្ថាន ដូចជាការផ្លាស់ប្តូរបរិយាកាសជាដើម។ មនុស្សខ្លះទៀតធ្វើការដោះស្រាយបញ្ហាបច្ចេកវិជ្ជា វិទ្យាសាស្ត្រ បញ្ហាឆ្លងដែន (ដូចជាការជួញដូរមនុស្ស) បញ្ហាសុខភាពពិភពលោក និងការអភិរក្សទ្រព្យសម្បត្តិវប្បធម៌។
២) អ្នកការទូតអាចបង្កើតនូវឥទ្ធិពលមួយ អ្នកការទូតធ្វើការប្រឆាំងនឹងភេរវកម្ម និងសម្របសម្រួលកិច្ចខំប្រឹងប្រែងដែលមានឥទ្ធិពលខ្លាំងជាមួយនឹងអង្គការអន្តរជាតិដទៃទៀត។ អ្នកការទូតធ្វើការដើម្បីលើកកម្ពស់សេដ្ឋកិច្ច ជួយប្រជាពលរដ្ឋ និងលើកកំពស់ផលប្រយោជន៍សេដ្ឋកិច្ចប្រទេសរបស់ខ្លួននៅឯបរទេស។ មានពេលខ្លះ អ្នកការទូត ក៏ធ្វើការដើម្បីលើកកំពស់សិទ្ធិស្ត្រី និងកុមារ និងកម្មវិធីអភិវឌ្ឍដែលជួយដល់ការធ្វើឱ្យប្រសើរឡើងនូវជីវិតបស់មនុស្សជាតិ។
៣) អ្នកការទូតមានការយល់ដឹងពីប្រទេសដ៏ទៀត ផ្នែកមួយនៃការងារនោះ គឺការគ្រប់គ្រងលើភាសារបស់ប្រទេសមួយ វប្បធម៌ និងទំនៀមទម្លាប់។ ឆ្លងតាមការទទួលខុសត្រូវរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ អ្នកអាចធ្វើការជាមួយក្រុមដែលមានភាពជឿនលឿនមួយ ដែលមានមនុស្សមកពីប្រទេសម្ចាស់ផ្ទះ សិល្បករ តន្ត្រីករ អ្នកដឹកនាំអង្គការសង្គមស៊ីវិល សមាជិករដ្ឋសភា អ្នកកាសែត និងអ្នកវិទ្យាសាស្ត្រជាច្រើន។
៤) អ្នកការទូតទទួលបាននូវជំនាញដែលអាចផ្ទេរបាន អ្នកការទូត រៀននិយាយភាសាបរទេស ដឹកនាំការពិភាក្សាកម្រិតខ្ពស់ជាមួយអ្នកដឹកនាំអន្តរជាតិ និងសរសេររបាយការណ៍ជូនទៅរដ្ឋាភិបាលរបស់អ្នកពីសេរីភាពសាសនា និងសិទ្ធិមនុស្ស។ ពួកគេសរសេររបាយការណ៍សម្រាប់អគ្គរាជទូត ហើយធ្វើការភ្ជាប់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ។ សរុបរួមមក អ្នកការទូត ត្រូវរៀនពីរបៀបទំនាក់ទំនងចម្រុះវប្បធម៌។
៥) អ្នកការទូតគឺជាផ្នែកមួយរបស់ក្រុម ជាធម្មតា នៅក្នុងស្ថានទូត មួយ អ្នកការទូតធ្វើការចម្រុះ ហើយសិក្សាពីរបៀបដាក់បញ្ចូលគ្នានូវជំនាញជាច្រើន ដើម្បីទទួលបានជោគជ័យចំពោះអ្វីដែលជាគោលដៅរបស់ពួកគេ។ អ្នកការទូតត្រូវធ្វើការជាមួយសហការីដែលជាយោធា ក្រុមអ្នកប្រាជ្ញខាងផ្តល់សេវា អ្នកជំនួញ ពាណិជ្ជករ អ្នកជំនាញខាងកសិកម្ម អ្នកច្បាប់ និងអ្នកជំនាញខាងព័ត៌មានវិជ្ជា។
RAC Media (លោក ស៊ឺន សម ជាមន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា រាល់មតិយោបល់ដែលមាននៅក្នុងអត្ថបទនេះមិនឆ្លុះបញ្ចាំងអំពីទស្សនៈរាជបណ្ឌិត្យសភាកម្ពុជានោះទេ)
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួបជាមួយលោក ថន វណ្ដុង នាយកប្រតិបត្តិអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពនៃការអនុវត្តគម្រោងរួមគ្នានៅតាមមូលដ្ឋាន ដើម្បីរួមចំណែកជួយពលរដ្ឋតាមមូលដ្ឋាន និងផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារនៅតាមទីជនបទ។
អង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម (BSDA) មិនធ្វើការបម្រើឱ្យគណបក្សនយោបាយណាឬក៏ផ្សព្វផ្សាយពីសាសនារបស់សមាជិកខ្លួនឡើយ។ BSDA ជាអង្គការសហគមន៍បានបង្កើតឡើង ដោយឈរលើគោលការណ៍ព្រះពុទ្ធសាសនានៃធម៌មេត្តា ដើម្បីផ្តល់អំណាចដល់ប្រជាជនដែលងាយរងគ្រោះ និងលើកកម្ពស់ការចូលរួមទំនាក់ទំនងល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីរួមចំណែកលុបបំបាត់ភាពក្រីក្រ។
នៅក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាដើម្បីរកលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើប្រធានបទដូចខាងក្រោម៖
១) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់សិក្ខាកាមនៃភាគីទាំងពីរ
២) ការបញ្ជូនគ្រូឧទ្ទេសទៅបណ្តុះបណ្តាលតាមភាពចាំបាច់របស់ដៃគូ
៣) ការស្វែងរកដៃគូអភិវឌ្ឍផ្សេងទៀតដើម្បីប្រយោជន៍រួមរបស់ភាគីទាំងពីរ
៤) ការបណ្តុះបណ្តាលជំនាញសម្រាប់ពលរដ្ឋនៅតំបន់ឧទ្យានឫស្សីត្រឹប ដែលមានទីតាំងក្នុងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា
៥) ធ្វើរួមគ្នាក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដូចជា៖ កម្មវិធីអប់រំ, កម្មវិធីសុខភាព, កម្មវិធីបម្រែបម្រួលអាកាសធាតុ, កម្មវិធីគណនេយ្យភាពសង្គម, កម្មវិធីសហគ្រាសសង្គម។
សូមបញ្ជាក់ថា នេះគ្រាន់តែជាការពិភាក្សាដើម្បីស្វែងយល់លទ្ធភាពនៃការបំពេញការងារតែប៉ុណ្ណោះ ហើយការបំពេញសកម្មភាពណាមួយរបស់ភាគីទាំងពីរ នឹងត្រូវធ្វើឡើងដោយមានការពិភាក្សា និងផែនការច្បាស់លាស់សម្រាប់ភាគីទាំងពីរ។ ជំនួបនេះបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
សម្រាប់ឆ្នាំថ្មីនេះ នៅព្រឹកថ្ងៃព្រហសុ្បតិ៍ ទី៣ ខែមករា នេះ ក្រុមការងារស្រាវជ្រាវដែលមានសមាជិកចំនួន៤រូប ដែលដឹកនាំដោយលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំមួយដើម្បីសិក្សា និងលើកគម្រោងស្រាវជ្រាវមួយស្ដីពី«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២»។
មូលហេតុអ្វីបានជាក្រុមការងារស្រាវជ្រាវលើកយកគម្រោងនេះមកសិក្សា?
យើងដឹងហើយថាព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០ គ.ស.) ជាព្រះរាជាមួយអង្គដែលគេស្គាល់ថាចូលចិត្តធ្វើសង្រ្គាម បានចូលរួមចំណែកឱ្យប្រទេសកម្ពុជាក្លាយជាអាណាចក្រ។ ស្នាដៃរបស់ព្រះអង្គដែលមនុស្សជាតិក្នុងពិភពលោកស្គាល់គឺ «ប្រាសាទអង្គរវត្ត» ដែលជាសំណង់ប្រាសាទសាសនាធំជាងគេក្នុងពិភពលោក ហើយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តដែលជាស្នាដៃរបស់ព្រះបាទសូរ្យវរ្ម័នទី២ ត្រូវបានគេទទួលស្គាល់ថា ជាស្នាដៃឯក មានទំហំធំ និងកម្ពស់ស្កឹមស្កៃ។ ក្រៅពីប្រាសាទអង្គរវត្ត ព្រះអង្គបានកសាងប្រាសាទធំជាច្រើនទៀត ទាំងក្នុងតំបន់អង្គរ និងនៅតាមខេត្តនានាក្នុងព្រះជារាណាចក្រកម្ពុជា។ គោលបំណងនៃការស្រាវជ្រាវនេះគឺផ្ដោតសំខាន់ទៅលើចំណុចមួយចំនួនដូចខាងក្រោម៖
គម្រោងស្រាវជ្រាវនេះ គឺមានរយៈពេល៤ខែ ដោយសិក្សាផ្ដោតទៅលើប្រាសាទមួយចំនួន ដូចជា ប្រាសាទអង្គរវត្ដ ប្រាសាទចៅសាយទេវតា និងប្រាសាទបន្ទាយសំរែជាដើម។
ជាលទ្ធផលនៃកិច្ចប្រជុំព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារ និងក្រុមការងារស្រាវជ្រាវ នឹងរៀបចំគម្រោងស្រាវជ្រាវដើម្បីដាក់ស្នើទៅនាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីដើម្បីស្នើការគាំទ្រ។
សូមបញ្ជាក់ផងដែរថា សាធារណជន អាចអញ្ជើញចូលរួមស្ដាប់ក្នុងសិក្ខាសាលាដែលនឹងរៀបចំឡើងបន្ទាប់ពីគម្រោងស្រាវជ្រាវត្រូវបានបញ្ចប់ ដើម្បីជជែកពិភាក្សា និងផ្ដល់ធាតុចូលបន្ថែមសម្រាប់លទ្ធផលស្រាវជ្រាវ។
RAC Media
វៀតណាម ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយដែលជាប្រទេសមួយមានទំនាក់ទំនល្អជាមួយកម្ពុជាផងដែរនោះ បានបង្កើតច្បាប់គ្រប់គ្រងអ៊ិនធឺណិត ដោយច្បាប់នោះបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះ។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ សមាជិកសភាសហរដ្ឋអាម៉េរិកមួយក្រុម ដែលមានគ្នាចំនួន១៧រូប បានសរសេរលិខិតមួយច្បាប់ផ្ញើជូនរដ្ឋាភិបាលវៀតណាម ដើម្បីប្រឆាំងជំទាស់នឹងច្បាប់គ្រប់គ្រងអ៊ិនធឺណិតដ៏តឹងរ៉ឹងនេះ ដែលបានតម្រូវឱ្យក្រុមហ៊ុនអ៊ិនធឺណិត ដូចជា Facebook និង Google រក្សាព័ត៌មានរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេស ហើយតម្រូវឱ្យក្រុមហ៊ុនទាំងនោះបើកការិយាល័យនៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
ច្បាប់ថ្មីនេះ ត្រូវបានរដ្ឋាភិបាលវៀតណាមអនុម័តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ហើយតម្រូវឱ្យក្រុមហ៊ុនអ៊ិនធឺណិត បញ្ជាក់ព័ត៌មានរបស់អ្នកប្រើប្រាស់ និងបង្ហាញទិន្នន័យរបស់អ្នកប្រើប្រាស់ទៅកាន់អាជ្ញាធរ ដោយមិនតម្រូវឱ្យមានដីការបស់តុលាការឡើយ។
សកម្មជន និងអ្នកតស៊ូមតិជាច្រើនបានសំដែងការមិនពេញចិត្តចំពោះការអនុម័តច្បាប់នេះ ហើយមានជនជាតិវៀតណាមខ្លះបានសំដែងមតិនៅតាមបណ្តាញសង្គម Twitter ថា «ចាប់ពីថ្ងៃនេះតទៅ ពួកគេនឹងបង្ហាញតែរូបថតសែលហ្វីដែលបង្ហាញពីភាពសប្បាយ ហើយនឹងមិនបញ្ចេញយោបល់អ្វីផ្សេងនោះទេ»។
វៀតណាម ជាប្រទេសមួយដែលមានភាពប៉ិនប្រសប់នៅក្នុងការប្រើប្រាស់នយោបាយការបរទេស ហើយស្របពេលដែលកម្ពុជាបានរងសម្ពាធនៃការដកការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនោះ វៀតណាមដែលជាប្រទេសមិនសូវមានស្ថានភាពសិទ្ធិមនុស្សល្អជាងកម្ពុជានោះ បែរជាទទួលបានការអនុគ្រោះពិសេសពីសហភាពអឺរ៉ុបទៅវិញ។ នៅក្នុងចំណុចនេះ ហាក់បានបញ្ជាក់ថា «អ្នកដែលប៉ិនប្រសប់ នឹងទទួលបានការស្រឡាញ់» ឬថា «ខ្ញុំមិនស៊ីជោរទេ តែបើបង្អាប់ខឹង»។
ប្រទេសវៀតណាមមានលក្ខណៈស្រដៀងគ្នាជាក់ច្បាស់មួយចំនួន ដូចគ្នាទៅនឹងប្រទេសចិនដែរ ដូចជា ការដឹកនាំដោយគណបក្សកុម្មុយនិស្តបែបឯកបក្ស ការដាក់កំហិតលើអ៊ីនធឺណិត និងក្រុមហ៊ុនអ៊ីនធឺណិត និងការរីកចម្រើនសេដ្ឋកិច្ចខ្ពស់ដែលនាំមុខដោយការនាំចេញ បន្ទាប់ពីបានចាប់ផ្ដើមធ្វើឯកជនូបនីយកម្មនៅក្នុងទសវត្សរ៍១៩៨០ ជាដើម។ ប៉ុន្តែ ចំណុចខុសគ្នាសំខាន់រវាងប្រទេសទាំងពីរគឺថា នៅក្នុងប្រទេសវៀតណាម ជាទូទៅគេឃើញដៃគូបរទេសនានាអាចសម្រេចបាននូវកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាបែបទ្វេភាគី។
មូលហេតុដែលខ្ញុំលើកយកប្រទេសចិន មកនិយាយខាងលើបន្តិចនោះ គឺចង់បញ្ជាក់ថា ប្រទេសចិនជាប្រទេសមហាអំណាចមួយក្នុងពិភពលោក ហើយវៀតណាមបានយកលំនាំរបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រទេស ដោយមិនខ្វល់ថាអ្នកណានិយាយយ៉ាងណា ឬអ្នកណានិយាយរិះគន់ខ្លួននោះទេ ឱ្យតែចំណុចនោះសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស ឬការគ្រប់គ្រងស្ថានការណ៍ប្រទេស នោះគេនឹងអនុម័តដើម្បីការពារប្រយោជន៍ និងសន្តិសុខជាតិរបស់គេ។
ពេលខ្លះវាជាការលំបាកណាស់សម្រាប់ពលរដ្ឋនៃប្រទេសផ្សេង ដើម្បីធ្វើការវិនិច្ឆ័យស្ថានការណ៍ ឬសាច់រឿងមួយ ដែលកំពុងតែកើតឡើង ឬបានកើតឡើងនៅក្នុងប្រទេសមួយទៀត ឧទាហរណ៍ ករណីរបស់លោកស្រី អ៊ុង សានស៊ូជី នៃប្រទេសភូមា ដែលនៅពេលនេះ ត្រូវបានប្រទេសលោកខាងលិចសម្តែងការខកចិត្តដោយសារតែការមិនយកចិត្តទុកដាក់របស់លោកស្រីចំពោះបញ្ហាជនជាតិរ៉ូហីងយ៉ា តែសម្រាប់ពលរដ្ឋភូមាភាគច្រើន នាំគ្នាគោរពស្រឡាញ់លោកស្រី ក្នុងនាមជាអ្នកដឹកនាំរបស់ពួកគេ។
ចំណែកឯប្រទេសចិនវិញ មានការរឹតបន្តឹងលើប្រព័ន្ធអ៊ិនធឺណិតណាស់ ដោយសារតែរដ្ឋាភិបាលចិនមិនបានអនុញ្ញាតឱ្យពលរដ្ឋចិនប្រើប្រាស់បណ្តាញសង្គមនានាដូចជា Facebook, Twitter, ឬ Google ដែលបង្កើតដោយប្រទេសលោកខាងលិចនោះទេ ដោយតម្រូវឱ្យពលរដ្ឋប្រើបណ្តាញសង្គមដែលបង្កើតឡើងដោយប្រទេសចិនខ្លួនឯងជំនួសវិញ តែពលរដ្ឋភាគច្រើនហាក់មានការពេញចិត្ត នៅពេលដែលប្រទេសមានការរីកចម្រើន និងមានស្ថិរភាព ហើយពលរដ្ឋភាគច្រើនក៏មានអារម្មណ៍ជាតិនិយមចំពោះប្រទេសរបស់គេណាស់ដែរ។
ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេស រដ្ឋាភិបាលនៃប្រទេសមួយអាចនឹងអនុវត្តច្បាប់ផ្សេងគ្នាទៅតាមភាពចាំបាច់របស់ប្រទេសនោះ ហើយពេលខ្លះ ការមើលពីខាងក្រៅ ដោយមិនមានសិក្សាឱ្យបានស៊ីជម្រៅនោះទេ នាំឱ្យមានការសន្និដ្ឋានខុសអំពីអ្វីដែលកំពុងតែកើតមាននោះ។
(លោក ស៊ឺន សម គឺជាមន្ត្រីទំនាក់ទំនងសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជារាល់មតិយោបល់ដែលមាននៅក្នុងអត្ថបទនេះ មិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជាទាំងមូលនោះទេ)។
ការសិក្សាស្រាជ្រាវពីកុលាលភាជន៍ខ្មែរជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្រ្ត ព្រោះតាមរយៈកុលាលភាជន៍ទាំងនោះ អ្នកស្រាវជ្រាវអាចកំណត់បានពីភាពប៉ិនប្រសប់របស់ជនជាតិខ្មែរក្នុងការផលិត និងរចនាកុលាលភាជន៍ ហើយអ្នកស្រាវជ្រាវអាចកំណត់អាយុកាលរបស់កុលាលភាជន៍ អាយុកាលរបស់ស្ថានីយ អាយុកាលនៃស្រទាប់ដី សេដ្ឋកិច្ចក្នុងតំបន់ ជីវភាពរបស់គ្រួសារ និងផ្នែកសំខាន់ៗជាច្រើនទៀតពាក់ព័ន្ធការប្រើប្រាស់ ដូចជាក្នុងពិធីសាសនា និងជំនួញជាដើម។
កញ្ញា តាកេត ស័កដា មន្ត្រីស្ម័គ្រចិត្ត នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកមានបទពិសោធន៍ធ្វើកំណាយជាច្រើន បានបញ្ជាក់ក្នុងអត្ថបទស្រាវជ្រាវនេះថា ការស្រាវជ្រាវកុលាលភាជន៍ចាប់ផ្ដើមផុសផុលក្នុងរយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ គឺចាប់ពីឆ្នាំ១៩៩៧ បន្ទាប់ពីមានការស្រាវជ្រាវរកឃើញស្ថានីយឡបុរាណមួយចំនួននៅតំបន់អង្គរ និងតំបន់ដទៃទៀត។ ការសិក្សាស្រាវជ្រាវពីកុលាលភាជន៍ភាគច្រើនមាននៅតំបន់អង្គរខេត្តសៀមរាប ពីកំណាយដែលគេប្រទះឃើញនៅស្ថានីយឡកុលាលភាជន៍ជាច្រើនរួមមាន ឡអន្លង់ធំ ឡតានី ឡសរសី ឡបាកោង ឡខ្នារពោធិ៍។
សូមអានសេចក្តីលំអិតក្នុងអត្ថបទដើមទាំងស្រុង ដូចខាងក្រោម៖
ទាញយកឯកសារទាំងស្រុងពីគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា៖
http://rac.apppeppers.com/royal-academy/research/attachments/original/22.pdf?1546489200
ក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍មីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម (Micro Small and Medium Enterprises: MSMEs) ទើបតែបានបង្កើតនៅកម្ពុជាក្នុងទសវត្សរ៍ទី៩០ប៉ុណ្ណោះ។ MSMEs មានតួនាទីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់កម្ពុជាដែលបំពេញតម្រូវការមូលដ្ឋាននៃទំនិញនិងសេវាកម្មក៏ដូចជាការរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅនិងកាត់បន្ថយភាពក្រីក្រ។ សហគ្រាសបែបនេះមានជាង៩០%នៃសហគ្រាសសរុបនៅកម្ពុជា និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផលិតនិងផ្តល់សេវានៅក្នុងប្រទេស។ វត្តមាននៃ MSMEs នៅកម្ពុជា បានផ្តល់ឱកាសការងារសម្រាប់ប្រជាជនក្នុងប្រទេសគ្រប់ទិសទី ជាពិសេសនៅតាមទីជនបទដាច់ស្រយាល និងធ្វើប្រសើរឡើងផងដែរនូវការបែងចែកប្រាក់ចំណូល។ MSMEs ក៏បានរួមចំណែកក្នុងការបង្កើតថ្មី បង្កើនផលចំណូលសរុបក្នុងស្រុក ក៏ដូចជាជំរុញការនាំចេញជាដើម។
ក្នុងដំណើរការគ្រប់គ្រងនិងអភិវឌ្ឍន៍នៃវិស័យនេះ ប្រទេសកម្ពុជានៅមានបញ្ហាជាច្រើន ព្រោះ MSMEs មានទាំងនៅក្នុងវិស័យផ្លូវការ ទាំងមិនផ្លូវការ។ ដោយសារភាពខ្វះចន្លោះនៃការគ្រប់គ្រងនេះហើយដែលធ្វើឱ្យ MSMEs មានការលំបាកដើម្បីទទួលបាននូវប្រាក់កម្ចី ការធ្វើឱ្យប្រសើរឡើងបំណិនសហគ្រិនភាពនិងគ្រប់គ្រង ទទួលបាននូវបច្ចេកវិទ្យាថ្មី ទីផ្សារក្នុងនិងក្រៅប្រទេសសម្រាប់ទំនិញនិងសេវារបស់ខ្លួន។ល។
អត្ថបទនេះនឹងបង្ហាញពីសាវតា ការកំណត់និយមន័យ និងបញ្ហាពាក់ព័ន្ធមួយចំនួនក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ MSMEsនៅកម្ពុជា។
ខាងក្រោមនេះ ជាអត្ថបទស្រាវជ្រាវ ដោយ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ស្តីពី «ទស្សនទានស្តីពីមីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យមនៅប្រទេសកម្ពុជា» ដូចខាងក្រោម៖
កាលពីឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ព័ត៌មានក្នុងពិភពលោក ហាក់ដូចជាបានគ្របដណ្តប់ដោយព័ត៌មានស្តីពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ដោយប្រទេសទាំងពីរបានបន្តឹងការយកពន្ធលើមុខទំនិញរបស់គ្នាទៅវិញទៅមក ព្រមទាំងបានបង្កើតបញ្ហាសម្រាប់អ្នកជំនួញ និងពលរដ្ឋនៃប្រទេសទាំងពីរទៀតផង។
សង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនៅពេលនេះ បានបង្កើតទាំងភាពវិជ្ជមាន និងអវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ ដោយឡែកភាពវិជ្ជមាននៃសង្គ្រាមពាណិជ្ជកម្មនេះ សម្រាប់ពលរដ្ឋអាម៉េរិកាំង អាចមានការងារច្រើននៅក្នុងប្រទេស ដោយមិនភ័យបារម្ភចំពោះការបាត់បង់ការងារ ឬការដណ្តើមការងារពីជនបរទេសនោះទេ តែសង្គ្រាមនេះ បានបណ្តាលឱ្យមានផលលំបាកជាច្រើនសម្រាប់ពលរដ្ឋអាម៉េរិកក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅលក់នៅទីផ្សារនៃប្រទេសចិន ព្រមទាំងបានបណ្តាលឱ្យប្រទេសចិនមានមិត្តជាច្រើនទៀត ដោយសារមិត្តរបស់សហរដ្ឋអាម៉េរិកមួយចំ នួនហាក់បានសម្តែងសមានចិត្តជាមួយប្រទេសចិនវិញ ដោយសារតែមិនពេញចិត្តចំពោះបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលបានបង្កើតឡើងដោយសហរដ្ឋអាម៉េរិក។ ឧទាហរណ៍ជាក់ស្តែង ប្រទេសជប៉ុន ដោយលោកនាយករដ្ឋមន្រ្តី ស្ហីនហ្សូ អាបេ បានធ្វើទស្សនកិច្ចដ៏កម្រ និងលើកដំបូងទៅកាន់ប្រទេសចិន រយៈពេលបីថ្ងៃគឺរាប់ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨។ ដំណើរទស្សនកិច្ចនៅពេលនោះ គឺជាសញ្ញាមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ជាពិសេសពីភាគីជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីនៃប្រទេសដែលជាគូសត្រូវនឹងគ្នា និងចំពេលមានការកើនឡើងភាពមិនប្រាកដប្រជានៃចំណងការទូតរបស់សហរដ្ឋអាម៉េរិកជាមួយបណ្តាប្រទេសនានានៅជុំវិញពិភពលោក។
បើតាមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយបានឱ្យដឹងថា សង្គ្រាមពាណិជ្ជកម្មដែលបានផ្ទុះ និងបង្កឡើងដោយសហរដ្ឋអាម៉េរិករបស់លោកត្រាំ វាហាក់បីដូចជាចលករមួយ ជួយឱ្យប្រទេសបងធំនៅអាស៊ីទាំងពីរ គឺជប៉ុន-ចិន ងាកមកខិតជិតគ្នា។
លោកបានបន្តទៀតថា «សកម្មភាពរបស់អាម៉េរិកនៅក្នុងជម្លោះនេះ ធ្វើឱ្យចិនកាន់តែបង្កើនយុទ្ធនាការការទូតរបស់ខ្លួនកាន់តែខ្លាំង ដើម្បីទាក់ទាញប្រទេសដែលរងគ្រោះដោយសារជម្លោះពាណិជ្ជកម្មអាម៉េរិក ឱ្យក្លាយជាមិត្តរបស់ខ្លួន ព្រោះថាសង្គ្រាមពាណិជ្ជកម្មអាមេរិក មិនត្រឹមតែបង្ក បញ្ហាជាមួយចិននោះទេ តែក៏បានបង្កបញ្ហាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ ប្រទេសចិនបានប្រើនយោបាយតាមបែបថៃជិ ដែលជាក្បាច់គុណបុរាណដ៏ល្បីរបស់ចិន ដោយយកទន់បង្ក្រាបរឹង ដែលជាការផ្ទុយអំពីសហរដ្ឋអាម៉េរិកដែលយកភាពអាត្មានិយមរបស់ខ្លួនមកបំផ្លាញប្រទេសផ្សេងព្រមទាំងមិត្តរបស់ខ្លួនដោយសារតែវិស័យពាណិជ្ជកម្ម»។
ក្នុងន័យនេះ បានបញ្ជាក់ថា ទាំងជប៉ុន ទាំងចិន ពិតណាស់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដូចគ្នា ពីព្រោះរដ្ឋបាលអាម៉េរិកដឹកនាំដោយលោកត្រាំធ្វើសង្គ្រាមពាណិជ្ជកម្ម មិនត្រឹមតែជាមួយគូប្រជែងដូចជាចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងទៅនឹងសម្ព័ន្ឋមិត្តដែលក្នុងនោះរួមមានទាំងជប៉ុនផងដែរ។ ដូច្នេះហើយ នយោបាយគិតតែពីខ្លួនឯងរបស់សហរដ្ឋអាម៉េរិក ប្រាកដណាស់នឹងច្រានជប៉ុនឱ្យរងគ្រោះបាន ហើយដើម្បីដោះស្រាយវិបត្តិនៅចំពោះមុខនេះ ប្រទេសជប៉ុន ក៏ដូចជាចិនដែរត្រូវងាកមកជិតស្និទ្ឋិនឹងគ្នាកាន់តែខ្លាំងជាងមុន ដើម្បីធ្វើយ៉ាងណាឱ្យសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនមានស្ថិរភាពនិងរឹងមាំបន្តទៅមុខទៀតបាន។
សហរដ្ឋអាម៉េរិកបានដឹងយ៉ាងច្បាស់អំពីរឿងនេះ ហើយមានបំណងចង់បញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិននេះ ដោយសារតែសហរដ្ឋអាម៉េរិកដឹងថាសង្គ្រាមនេះខ្លួនជាអ្នកចាញ់ ហើយក៏ដឹងដែរថា សង្គ្រាមនេះខ្លួនអាចនឹងបាត់បង់ប្រទេសដែលសម្ព័ន្ធមិត្តរបស់ខ្លួន ដោយសារប្រទេសទាំងនោះក៏ក្លាយជាប្រទេសរងគ្រោះព្រោះតែជំនួញរបស់ខ្លួន ព្រោះហេតុនោះហើយបានជាអាម៉េរិកបានដាក់លិខិតចរចាជាមួយប្រទេសចិន នៅក្នុងរឿងសង្រ្គាមពាណិជ្ជកម្មនេះ។
RAC MEDIA
ភ្នំពេញ៖ ថ្ងៃសោរិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ កម្ពុជាបានប្រារព្ធទិវានយោបាយឈ្ន ឈ្នះ ជាលើកដំបូង បន្ទាប់រយៈពេល២០ឆ្នាំ នៃការអនុវត្តប្រកបដោយជោគជ័យនិងពេញលេញនូវ នយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ហើយវិមានឈ្នះ-ឈ្នះ ដែលជាសំណង់ស្ថាបត្យកម្មជាសក្ខីភាពឱ្យកិច្ចខិតខំប្រឹងប្រែងនិងភាពជោគជ័យនៃការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ក៏នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។
វិមានឈ្នះ-ឈ្នះ ត្រូវបានចាប់ផ្ដើមកសាងឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានកម្អស់ ៥៤ ម៉ែត្រ ទទឹង ៣៦ ម៉ែត្រ លើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងជាសមិទ្ធផលស្ថាបត្យកម្មរបស់កូនខ្មែរពិតប្រាកដ ហើយត្រូវបានសាងសង់ឡើងដោយដកស្រង់ចេញពីអត្ថន័យនៃគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ វិមានដែលជាស្នាដៃស្ថាបត្យកម្មសម័យទំនើប និងជាតឹកតាងប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ ត្រូវបានសាងសង់ ឡើងដោយបញ្ជាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួនបីរួមមាន៖
ទី១. កំពូលវិមានដែលមានជ្រុងបីតំណាងឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ (ទី១. ការធានារូបកាយ និងអាយុជីវិត, ទី២. ធានាអាជីព និងមុខរបរ និងទី៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ),
ទី២. តួវិមាន ដែលមានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំបែក ធ្វើឱ្យឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់ តាំងនយោបាយ និងយោធាខ្មែរក្រហម និង
សារសំខាន់ ទី៣. តួវិមានមាន ជ្រុងប្រាំពីរ តំណាងកត្តានាំឱ្យនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ។
បរិវេណនៃវិមានអនុស្សាវរីយ៍នេះ មានចែកចេញជា ៣ តំបន់រួមមាន៖
តំបន់ទី១៖ តួវិមានឈ្នះ-ឈ្នះ ដែលបង្ហាញពីនយោបាយឈ្នះ-ឈ្នះ ដោយបង្កប់នូវអត្ថន័យទៅលើការធានា៣ យ៉ាង …យុទ្ធសាស្ត្រទាំង៥ នៃការរំលាយអង្គការខ្មែរក្រហម និងកត្តាទាំង៧ដែលធ្វើឲ្យនយោបាយ ឈ្នះ ឈ្នះ ទទួលបានជោគជ័យ។ នៅជុំវិញតួវិមានសាងសង់ជា ចម្លាក់ហង្ស គ្រុឌ និងរូបដំរីក្បាលបី នាគ និង តោ។
តំបន់ទី២៖ គឺតំបន់សាមគ្គីផល ដែលដាំដើមឈើ មានតាំងរថគ្រោះ រថពាសដែក និងយន្តហោះធ្វើសឹកសង្គ្រាមចាស់ៗ។
តំបន់ទី៣៖ ជាតំបន់សុខដុមរមណីយកម្ម ដែលមាន ការសាង់សំណង់តាម រចនាបថប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រាសាទបាយ័នជាដើម។
ជាការគូសបញ្ជាក់ជាថ្មីម្ដងទៀត នៅទំព័រហ្វេសប៊ុកផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះថា «[…] វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។ […]»។
បើយោងតាមឯកឧត្ដមនាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ វិមានដែលជានិមិត្តរូបនៃការកសាងសន្តិភាពរបស់កម្ពុជាមួយនេះ អាចនឹងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីសិក្សារបស់កងទ័ពផងដែរ ដោយហេតុផល វិមាននេះប្រៀបបានទៅនឹងមជ្ឈមណ្ឌលផ្ទុកឯកសាររបស់ជាតិទាំងមូល សម្រាប់ទុកឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រអំពីប្រវត្តិប្រទេសជាតិខ្លួន។
គួរបញ្ជាក់ផងដែរថា ការប្រារព្ធទិវានយោបាយ ឈ្នះ ឈ្នះ និងការដាក់សម្ពោធជាផ្លូវការនូវវិមាន ឈ្នះ ឈ្នះ នេះ នឹងប្រព្រឹត្តទៅរហូតដល់រយៈពេល៣ថ្ងៃគឺថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការដាក់តាំងពិព័រណ៌បង្ហាញស្នាដៃរបស់ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ការប្រកួតកីឡា ការប្រគំតន្ត្រី និងការបាញ់កាំជ្រូច 3D ដែលធំនិងលើកដំបូងគេបង្អស់នៅកម្ពុជា ដែលនឹងធ្វើឡើងរួមគ្នាជាមួយនឹងពិធីឆ្លងឆ្នាំសាកលផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ទិដ្ឋភាពពេលល្ងាចនិងពេលរាត្រីនៅតំបន់វិមាននយោបាយ ឈ្នះ ឈ្នះ
ប្រភពរូបថត៖ ក្រសួងព័ត៌មាន
លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូ ណាល់ត្រាំ បានសម្រេចចិត្តភ្លាមៗក្នុងការដកទ័ពអាម៉េរិកទាំងអស់ចេញពីប្រទេសស៊ីរី ហើយចំណុចនេះគឺជាការរំលឹកថ្មីមួយទៀតដល់អ្នកដែលជឿការសន្យារបស់អាមេរិក។
នាយឧត្តមសេនីយ៍របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុប មានការខឹងសម្បារចំពោះការជាប់ទាក់ទងនៃភូមិសាស្ត្រនយោបាយ ដោយសារតែការផ្លាស់ប្តូរមិនទៀងរបស់អាម៉េរិក។ នៅពេលដែលអាម៉េរិកដកខ្លួនចេញពីប្រទេសស៊ីរី កងកម្លាំងឃើដគាំទ្រដោយអាម៉េរិក ដែលបានវាយប្រហារប្រឆាំងក្រុមរដ្ឋឥស្លាមក្នុងនាមសហរដ្ឋអាម៉េរិកនៅភាគខាងជើងនៃប្រទេសស៊ីរី នឹងទទួលរងការវាយប្រហារដ៏ខ្លាំង។
ការដកខ្លួនរបស់អាម៉េរិកចេញពីប្រទេសស៊ីរីនៅពេលនេះ ធ្វើឱ្យនឹកឃើញដល់លោកសេនាប្រមុខ លន់ ណល់ ដែលជាអ្នកជឿជាក់លើសហរដ្ឋអាម៉េរិក ហើយបានផ្ញើវាសនាប្រទេសកម្ពុជាជាមួយអាម៉េរិក ដោយសង្ឃឹមថា អាម៉េរិកនឹងជួយកម្ពុជាឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំង ឬជាប្រទេសដែលរឹងមាំមួយ តែអ្វីៗមិនដូចការគិតនោះទេ ដោយសារសហរដ្ឋអាម៉េរិកតែងគិតពីប្រយោជន៍របស់ជាតិគេជាធំ ដូច្នេះហើយនៅពេលដែលអាម៉េរិកចាញ់សង្គ្រាមវៀតណាម អាម៉េរិកបានសម្រេចចិត្តដកខ្លួនចេញពីសង្គ្រាម ហើយក៏បានសម្រេចចិត្តចោលកម្ពុជាដែលជាមិត្តរបស់ខ្លួននៅពេលនោះដែរ។
ការដកខ្លួនចេញពីប្រទេសស៊ីរីនៅពេលនេះ មិនត្រឹមតែអាម៉េរិកម្នាក់នោះទេ តែក៏មានប្រទេសរុស្ស៊ី ដែលបានយល់ឃើញថា ការបន្តវត្តមានកងទ័ពរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ជាការអត់ប្រយោជន៍ ហើយមានបំណងដកទ័ពចេញពីប្រទេសស៊ីរីដែរ។ កាលប្រទេសស៊ីរីនៅល្អ ប្រទេសមហាអំណាចនាំគ្នាដាក់ទ័ព ដោយភាគីខ្លះគាំទ្ររដ្ឋាភិបាល ហើយភាគីខ្លះទៀតគាំទ្រក្រុមប្រឆាំង ដោយធ្វើឱ្យមានការបាញ់ប្រហារ និងការសម្លាប់គ្នា ហើយអ្នកដែលស្លាប់ និងរងគ្រោះពិតប្រាកដ គឺប្រជាពលរដ្ឋស្លូតត្រង់របស់ស៊ីរី តែនៅពេលដែលមិនអាចស្តារប្រទេសស៊ីរីវិញបាន ប្រទេសមហាអំណាចនាំគ្នាដកខ្លួនចេញ ដោយប្រើពាក្យថា “ដល់ពេលដែលគេត្រូវដកកងទ័ពចេញហើយ ព្រោះបានកំចាត់សត្រូវអស់ហើយ”។
តើអ្នកណាជាសត្រូវពិតប្រាកដ? ប្រជាជនស៊ីរី ឬរដ្ឋាភិបាលស៊ីរី? ព្រោះថាភាគច្រើននៃអ្នកស្លាប់ចំពោះបញ្ហាសង្គ្រាមនៅស៊ីរី គឺជាពលរដ្ឋរបស់ប្រទេសស៊ីរី។
បញ្ហាប្រទេសស៊ីរីនៅពេលនេះ ជាការរំលឹកដល់ប្រទេសសម្ព័ន្ធមិត្តអាម៉េរិកជាច្រើនទៀត ដែលដូចជាកូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន និងសិង្ហបុរីជាដើម ឱ្យពិចារណាចំពោះមិត្តភាពរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។ សម្រាប់ប្រទេសកម្ពុជាវិញ គឺមានមេរៀនច្រើនណាស់ ដែលត្រូវរៀនសូត្រ ទាំងជាមួយសហរដ្ឋអាម៉េរិក ឬជាមួយចិន។ ស្ថានការក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកសេនាប្រមុខ លន់ ណល់ ជាមេរៀនឆ្លុះបញ្ចាំងអំពីទំនាក់ទំនងជាមួយសហអាម៉េរិក ហើយកម្ពុជាក្នុងសម័យខ្មែរក្រហម គឺជាមេរៀនដែលកម្ពុជាត្រូវរៀនសូត្រអំពីទំនាក់ទំនងជាមួយប្រទេសចិន។
ការប្រើប្រាស់នយោបាយការបរទេសដ៏ឆ្លាតវៃ ដូចអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានកំពុងតែធ្វើនៅពេលបច្ចុប្បន្ននេះ គឺជាការត្រឹមត្រូវបំផុត ដោយមិនត្រូវប្រកាន់តែប្រទេសណាមួយ ឬលំអៀងទៅរកប្រទេសណាមួយនោះទេ គឺកម្ពុជាជាមិត្តជាមួយប្រទេសទាំងអស់ក្នុងលោក។
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM