Royal Academy of Cambodia
ការចុះឈ្មោះរៀនពីគោលនយោបាយបរិស្ថានអនឡាញ លើកទីពីរនៅឆ្នាំ ២០១៨ នេះ មានកំណើនកើនឡើងច្រើនគួរកត់សម្គាល់បើប្រៀបធៀបជាមួយអ្វីដែលសម្រេចបានកាលពីឆ្នាំ២០១៧កន្លងទៅ។ បើតាមប្រសាសន៍ លោកស្រី កែវ ខេមរា អ្នកសម្របសម្រួលទូទៅនៃកម្មវិធីសិក្សាអនឡាញស្តីពីគោលនយោបាយបរិស្ថាន និងជាប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា កម្មវិធីសិក្សាអនឡាញនៅឆ្នាំ២០១៨នេះ គឺគ្រោងផែនការកំណត់គោលដៅអ្នកចុះឈ្មោះសិក្សាតែត្រឹម៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែការចុះឈ្មោះចូលរៀនអំពីគោលនយោបាយបរិស្ថាននេះ បានទទួលនូវការចាប់អារម្មណ៍ពីសាធារណជនជាសិស្ស និស្សិត មន្ត្រីរាជការជាច្រើន រហូតដល់ចុងបញ្ចប់នៃការសិក្សានេះ ចំនួនសិក្ខាកាមដែលបានចុះឈ្មោះនិងរៀនចប់ដោយជោគជ័យទាំង៥វគ្គសិក្សា មានរហូតដល់៦០៦នាក់។ ចំណែកសិក្ខាកាមដែលបានរៀនចប់ដោយជោគជ័យនៅវគ្គទី១ គឺមានចំនួនតែ១៣៤នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកចុះឈ្មោះទាំង៥៣៨នាក់។
សូមរំឭកដែរថា កម្មវិធីសិក្សាអនឡាញពីគោលនយោបាយបរិស្ថាន ដែលគាំទ្រដោយវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI)សហការអនុវត្តកម្មវិធីជាមួយរាជបណ្ឌិត្យសភាកម្ពុជា លើកទីមួយ នៅឆ្នាំ ២០១៦ សរុបមានចំនួន ៥៣៨នាក់ និងរៀនចប់ចុងចប់ដើមដោយជោគជ័យសរុបតែ ១៣៤នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកចុះឈ្មោះរៀនជាភាសាអង់គ្លេស ចំនួន២៩៣នាក់ (បានរៀនចប់ ២១នាក់) និងរៀនជាភាសាខ្មែរ ចំនួន២៤៥នាក់ (បានរៀនចប់ ១១៣នាក់)។
RAC Media
ជាមួយគ្នានោះដែរ ក្រុមយុវជនកាកបាទក្រហមកម្ពុជាក៏បានធ្វើបទបង្ហាញមួយផងដែរ ស្តីអំពី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថវិជ្ជមាន» ដើម្បីចែករំលែកការយល់ឃើញ និងបទពិសោធន៍របស់ខ្លួនទៅវិញទៅមក។ ហើយនៅក្នុងកម្មវិធីថ្ងៃទីពីរ ក្រុមការងារក្រុមឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប និងក្រុមការងារនៃក្រុមយុវជនកាកបាទក្រហមកម្ពុជា ក៏បានរៀបចំនូវការប្រកួតរត់ម៉ារ៉ាតុងរយៈចម្ងាយខ្លីដើម្បីបង្ហាញសាមគ្គីភាពនិងពង្រឹងបង្កើននូវការប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នាក្នុងស្រទាប់យុវជន និងក៏ដើម្បីជាលំហាត់ប្រាណសម្រាប់សុខភាពផងដែរ។
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដដែលនេះ ក្រុមយុវជនកាកបាទក្រហមកម្ពុជា និងក្រុមការងារនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានចូលរួមបោសសម្អាតនិងឆ្ការគម្ពោតព្រៃនិងស្មៅនៅក្បែរទីតាំងដាំដើម ឈើ ដែលបានដាំនៅក្នុងពិធីដាំកូនឈើកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការចូលរួមជាមួយគ្នាដើម្បីធ្វើការបោសសម្អាតនិងឆ្ការព្រៃនៅទីកន្លែងនេះ គឺធ្វើឡើងដោយក្រុមយុវជនទាំងអស់បានយល់ច្បាស់ និងដើម្បីសបញ្ជាក់ឱ្យឃើញអំពីអត្ថន័យនៃសុភាសិតមួយដែលបានលើកឡើងថា «ការដាំដើមឈើវាជាការលំបាក ប៉ុន្តែការថែទាំដើមឈើឱ្យលូតលាស់បានល្អកាន់តែលំបាកថែមទៀត»។
គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលមានទីតាំងស្ថិតនៅក្នុងឃុំឆែបមួយ និងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ គឺជាឧទ្យានដែលកំណត់ដោយព្រះរាជក្រឹត្យសម្រាប់ការអភិរក្ស និងស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលមានចក្ខុវិស័យប្រែក្លាយឧទ្យាននេះទៅជាឧទ្យានគំរូសម្រាប់ការអភិរក្សព្រៃឈើ និងមរតកវប្បធម៌របស់ប្រទេសជាតិ និងជាទីកន្លែងសម្រាប់ផ្ដល់នូវការសិក្សាស្រាវ ជ្រាវយ៉ាងទូលំទូលាយសម្រាប់អ្នកសិក្សាស្រាវជ្រាវលើវិស័យជាច្រើនផ្សេងទៀតដែលពាក់ព័ន្ធ៕
RAC Media លឹម សុវណ្ណារិទ្ធ
រូបភាពដោយ៖ ស៊ឺន សំ
ឯកឧត្តមបណ្ឌិត យង់ ពៅ ថ្លែងក្នុងឱកាសបើកកម្មវិធីសិក្ខាសាលានៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បានឱ្យដឹងថា «បញ្ហាប្រឈមចំពោះមុខរបស់យើង គឺការរក្សាតុល្យភាពរវាងវិជ្ជមាត្រទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាពគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គម។ យើងមិនអាចប្រើវិធី «រីកចម្រើនមុន សម្អាតក្រោយ» ដូចប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក បានប្រើក្នុងពេលកន្លងមកនោះទេ»។ ក្នុងន័យនេះ រាជបណ្ឌិត្យសភាកម្ពុជានៅតែលើកទឹកចិត្តដល់ការចូលរួមពីគ្រប់ដៃគូអភិវឌ្ឍនានាដែលក្នុងនោះជាពិសេសគឺ វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) ឱ្យចូលរួមក្នុងកិច្ចអភិវឌ្ឍ និងការអភិវឌ្ឍសមត្ថភាពលើវិស័យបរិស្ថាន។
រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ដៃគូសហការគ្នាជាមួយនឹងវិទ្យាស្ថានបរិស្ថានកូរ៉េ ចាប់តាំងពីតាំងថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១២ មកម្ល៉េះ។ ចាប់តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ស្ថាប័នទាំងពីរបានសហការគ្នាលើការស្រាវជ្រាវរួមគ្នា ការរៀបចំសិក្ខាសាលាកសាងសមត្ថភាព សន្និសីទអន្តរជាតិ ការបោះពុម្ព និងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ។ រាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានបរិស្ថានកូរ៉េ ក៏បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់ដំណើរការកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញនៅកម្ពុជា ហើយវគ្គសិក្សាអនឡាញ ស្តីពីគោលនយោបាយបរិស្ថាន ជាលើកទី១ ចាប់ពីឆ្នាំ២០១៦ និងបានបន្តរហូតមកដល់ឆ្នាំ២០១៨នេះ។ នេះ គឺជាការរួមចំណែកក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រដ៏ល្អដែលរាជបណ្ឌិត្យសភាកម្ពុជា បានសហការគ្នាជាមួយនឹងវិទ្យាស្ថានបរិស្ថានកូរ៉េដើម្បីជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការថែរក្សានិងការពារបរិស្ថាននៅក្នុងប្រទេស។ តាមរយៈការផ្តល់និងចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ដល់សិក្ខាកាម ដែលបានចូលរួមនៅខាងក្នុងកម្មវិធីសិក្សាអនឡាញអំពីគោលនយោបាយបរិស្ថាននេះ គឺជាលទ្ធផលដែលចេញពីការស្រឡាញ់បរិស្ថាន ហើយនេះគឺជាការចូលរួមចំណែកសិក្សាយ៉ាងយកចិត្តទុកដាក់របស់សិក្ខាកាម ដែលបានចុឈ្មោះចូលរៀនអនឡាញវគ្គទី២នេះ ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិការហូតដល់ថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៨ នេះ។សិក្ខាសាលា «ការអភិវឌ្ឍសមត្ថភាពផ្នែកគោលនយោបាយបរិស្ថានតាមរយៈការចែករំលែកចំណេះដឹង និង បទពិសោធន៍» គឺជាវេទិកាវិទ្យាសាស្រ្តចំហដែលនឹងផ្តល់នូវធាតុចូលកាន់តែច្រើនដល់រាជបណ្ឌិត្យសភាកម្ពុជាដើម្បីចូលរួមចំណែកជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អ និងកិច្ចគាំពារបរិស្ថាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានបទដ៏សំខាន់ចំនួនពីរដែលបានជ្រើសរើសចេញពីប្រធានបទចំនួនប្រាំនៃកម្មវិធីសិក្សាគោលនយោបាយបរិស្ថាននៅកម្ពុជាឆ្នាំ២០១៨នេះ គឺ៖
១. ការគ្រប់គ្រងតំបន់ការពារ និងឧទ្យានជាតិ
២. ការគ្រប់គ្រងកាកសំណល់រាវដែលនឹងត្រូវលើកយកមកពិភាក្សាក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ។
លទ្ធផលដែលកើតចេញពីសិក្ខាសាលានេះគឺជាសមិទ្ធផលដែលប្រសូតចេញពីកត្តារួមផ្សំចំនួន៤ គឺ៖
១. ការចូលរួមដោយយកចិត្តទុកដាក់របស់សិក្ខាកាមដែលបានសិក្សាតាមប្រព័ន្ធអនឡាញចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
២. កិច្ចសហការដ៏ល្អរវាងផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ និងវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) ក្នុងការជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាម និងអ្នកពាក់ព័ន្ធនានាដើម្បីយល់ដឹងពីកម្មវិធីបរិស្ថាន។
៣. កិច្ចគាំទ្រពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នអង្គភាពពាក់ព័ន្ធនានារបស់រដ្ឋាភិបាលក្នុងការចូលរួមលើកកម្ពស់ការងារបរិស្ថាន។
៤. ឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងបានគាំពារយ៉ាងពេញទំហឹងក្នុងកិច្ចការពារបរិស្ថានទាំងក្នុងកម្រិតជាតិ និងកម្រិតអន្តរជាតិ។
ឆ្លៀតឱកាសនេះដែរឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បានស្នើដល់លោកបណ្ឌិត Hyun Woo Lee ប្រធានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអន្តរជាតិនៃវិទ្យាស្ថានបរិស្ថានកូរ៉េ បន្តកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជាក្នុងការ រៀបចំវគ្គសិក្សា និងវេទិកាវិទ្យាសាស្រ្តនានាលើវិស័យបរិស្ថាន និងសង្ឃឹមយ៉ាងម៉ុតមាំថា សិក្ខាសាលានេះ នឹងមានដំណើរការប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដើម្បីផ្តល់នូវធាតុចូលកាន់តែប្រសើរឡើងបន្ថែមទៀតដល់បេសកកម្មការងារលើ វិស័យស្រាវជ្រាវវិទ្យាសាស្រ្តរបស់រាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជានៅក្នុងក្របខណ្ឌខ្សែក្រវាត់សេដ្ឋកិច្ច (Belt and Road) ក៏ដូចជាកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការ និងបញ្ហាដែលភាគីរាជបណ្ឌិត្យសភាកម្ពុជា និងគណៈប្រតិភូចិន បានចាប់អារម្មណ៍ ឬត្រូវបន្តគិតគូក្នុងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ចិន។ ហើយនេះ ក៏ជារបៀបវារៈក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងគណប្រតិភូទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋចិន នៅបន្ទប់ស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។
ភាគីរាជបណ្ឌិត្យសភាកម្ពុជា៖
ភាគីគណៈប្រតិភូចិន៖
នៅក្នុងជំនួបនេះ គណៈប្រតិភូចិន បានឱ្យតម្លៃខ្ពស់ដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ហើយស្ថាប័នទាំងពីនេះមានទិសដៅដូចគ្នាក្នុងការផ្តល់យោបល់ជាធាតុចូលជូនរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានកោតសរសើរនិងថ្លែងនូវអំណរគុណដែលលោកជំទាវ ស៊ូ លីន ប្រធានគណៈប្រតិភូ និងសហការី បានឆ្លៀតពេលដ៏មមាញឹកដឹកនាំគណៈប្រតិភូមកអញ្ជើញទស្សនកិច្ចមកកាន់កម្ពុជា និយាយជារួមនិងមកកាន់រាជបណ្ឌិត្យសភាកម្ពុជានាពេលនេះ។
នៅក្នុងជំនួបនេះ ការពិភាក្សារវាងភាគីទាំងពីរ បានទទួលលទ្ធផល ដូចតទៅ៖
១. ទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋចិន គាំទ្រដល់គម្រោងស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាចិនរបស់រាជបណ្ឌិត្យសភាកម្ពុជា។
២. ភាគីទំាងពីរ បានឯកភាពគ្នាក្នុងការចុះអនុស្សរណៈយោគយល់គ្នា (MOU) នាពេលខាងមុខ។
៣. ភាគីទាំងពីរ នឹងជួយជម្រុញការបណ្តុះបណ្តាលថ្នាក់ភាសាចិនកម្រិតអនុបណ្ឌិតនៅកម្ពុជា។
៤. គាំទ្រឱ្យមានការផ្លាស់ប្តូរកិច្ចការស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយខេត្តក្វាងស៊ី។
សូមជម្រាបជូនថា ទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋចិននេះ មានសមាជិកសរុបតែ៥០នាក់ដែលធ្វើការងារផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិន។
RAC Media
កាលពីព្រឹកម៉ិញនេះ នៅវេលាព្រឹកម៉ោង៩:00 ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូចិនជាន់ខ្ពស់ចិនចំនួន៥រូប មកពីក្រុមប្រឹក្សារដ្ឋចិន។ លោកស្រី Xu Lin អតីតនាយកប្រតិបត្តិស្នាក់ការកណ្តាលនៃវិទ្យាស្ថានខុងជឺ ហាន់ប៉ាន់ ហើយបច្ចុប្បន្នជាទីប្រឹក្សាក្រុមប្រឹក្សារដ្ឋចិន, សមាជិក CPC ជាប្រធានគណៈប្រតិភូ ដឹកនាំក្រុមការងារចំនួន ៤រូប មកក្នុងជំនួបនាព្រឹកនេះ។
សូមបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានខុងជឺ ទីស្នាក់ការកណ្តាលហាន់ប៉ាន់ គឺរាប់ចាប់តាំងពីការចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានខុងជឺ ហាន់ប៉ាន់ បង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩។ បន្ទាប់មក វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានសម្ភោធន៍ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី សុខ អាន និងឯកឧត្តម ស៊ី ជីនភីង។
សៀមរាប៖ មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ពីររូប គឺកញ្ញា ម៉ៅ សុគន្ធា និងលោក មឿង ចំរើន បានទទួលការចាត់តាំងពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច តាមការអញ្ជើញ នៅក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំ២០១៨របស់សមាគន៍មីក្រូហិរញ្ញវត្ថុនៃកម្ពុជាដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញនៅសណ្ឋាគារ សុខាល័យ ក្រុងសៀមរាប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។
ការគ្រប់គ្រងបម្រែបម្រួលដើម្បីអនាគតប្រកបដោយនិរន្តភាព៖បន្តការផ្តល់សេវាហិរញ្ញវត្ថុដែលមានឥទ្ធិពលវិជ្ជមាន គឺជាប្រធានបទមួយដែលត្រូវបានលើកយកទៅពិភាក្សា ក្នុងចំណោមតំណាងពីធនាគារជាតិ អ្នកជំនាញពីស្ថាប័នឥណទានខ្នាតតូច ដោយលើកយកពីការផ្តល់ឥណទានកាលពីអតីតកាលដើម្បីបង្កើត គម្រូថ្មី តួអង្គថ្មី និង សិក្សាពីផលប៉ះពាល់ថ្មីដែលអាចនឹងកើតមាន ព្រមទាំងការគ្រប់គ្រងហានិភ័យនិងច្បាប់ដែលរដ្ឋាភិបាលដាក់ចេញ នៅក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំ២០១៨របស់សមាគន៍មីក្រូហិរញ្ញវត្ថុនៃកម្ពុជាដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញនៅសណ្ឋាគារ សុខាល័យ ក្រុងសៀមរាប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។
សូមធ្វើការបញ្ជាក់ផងដែរថា កម្មវិធីនេះមានការអញ្ជើញជាអធិបតីដោយឯកឧត្តម រត្ន័ សុវណ្ណនរៈ គឺជាជំនួយការទេសាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិកម្ពុជា តំណាងឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិ ក្រៅពីនោះក៏មានវត្តមានចូលរួមពីភ្ញៀវជាតិនិងអន្តរជាតិ រួមមានប្រធាន នាយក ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនវិនិយោគលើវិស័យឥណទាន ព្រមទាំងតំណាងពីស្ថាប័នជាតិមួយចំនួនដែលពាក់ព័ន្ធ សរុបប្រមាណជាង៣០០នាក់។
RAC Media ម៉ៅ សុគន្ធា
នៅក្នុងឱកាសនៃការបោះជំរំនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តែជោសែនឬស្សីត្រឹប នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ ក្រៅអំពីការសិក្សាស្វែងយល់អំពីការងាររបស់ឧទ្យាន និងក្រៅអំពីការចែកសម្ភារៈសិក្សាជូនដល់សិស្សានុ និស្សនៅក្នុងសាលាបឋមសិក្សាដងផ្លិត យុវជនកាកបាទក្រហមកម្ពុជា បានធ្វើបទបង្ហាញមួយស្តី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទវិជ្ជមាន» ដើម្បីចែករំលែកការយល់ឃើញ និងបទពិសោធន៍របស់ខ្លួនទៅវិញទៅមក។
នៅក្នុងឱកាសនៃការធ្វើបទបង្ហាញនោះ យុវជនកាកបាទក្រហមកម្ពុជា បានបង្ហាញឆន្ទះយ៉ាងមុតមាំ ក្នុងការស្វែងយល់ឱ្យបានកាន់តែច្បាស់អំពីមូលហេតុដែលគេចាត់ទុកថាយុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទវិជ្ជមាន ហើយនឹងកិច្ចការអ្វីខ្លះដែលយុវជនគួរធ្វើ និងមិនគួរធ្វើសម្រាប់សង្គមរបស់ពួកគេ។
ជាការពិតណាស់ យុវជនជាកំលាំងមួយដ៏សំខាន់សម្រាប់សង្គមរបស់យើង ហើយការរួមចំណែកនៅក្នុងសង្គមរបស់យុវជន គឺពិតជាមានសារៈសំខាន់ណាស់ តែយុវជនមិនអាចនឹងក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរមួយដែលវិជ្ជមាន ឬមានប្រយោជន៍សម្រាប់សង្គមទេ បើសិនយុវជនមិនមានជំនាញ ឬមិនមានការសិក្សាត្រឹមត្រូវ។
ឱកាសនៃការធ្វើបទបង្ហាញនៅក្នុងឧទ្យាននៅពេលនេះ មិនត្រឹមតែជាការចែករំលែកចំណេះដឹងនោះទេ តែជាការរឹតចំណងសាមគ្គីរវាងក្រុមយុវជន ហើយក៏ជាឱកាសដែលយុវជនបានយល់បន្ថែមទៀតអំពីតំលៃការចូលរួមរបស់ពួកគេនៅក្នុងការថែរក្សាបរិស្ថាន និងព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹប សូមស្វាគម៍ លោក លោកស្រី សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ ដើម្បីមកទស្សនានៅទីនេះផងដែរ។
RAC Media ស៊ឺន សំ
ព្រះវិហារ៖ យុវជនកាកបាទក្រហមកម្ពុជា និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ការអភិរក្សព្រៃឈើ មរតកវប្បធម៌ និងមនុស្សធម៌នៅឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែនឫស្សីត្រឹប ក្នុងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០១៨។
ដើម្បីជាការសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានធម្មជាតិ និងដើម្បីយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅអំពីការងារដែលឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាបានបំពេញ ក្នុងការអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងការពន្យល់ពលរដ្ឋឱ្យយល់ដឹងអំពីសារៈសំខាន់នៃការថែរក្សាព្រៃឈើ យុវជនកាកបាទក្រហមកម្ពុជា បានសហការជាមួយឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជាតេជោសែនឫស្សីត្រឹប រៀបចំកម្មវិធីបោះជំរំ (បោះតង់) ស្នាក់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលមានទីតាំងក្នុងឃុំ ឆែប១ និងឃុំឆែប២ ស្រុក ឆែប ខេត្តព្រះវិហារ។
ឆ្លៀតក្នុងឱកាសនៃការបោះជំរំ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនោះ នៅរសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ យុវជនកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញទៅចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាដងផ្លិត ដែលជាសាលាមួយមានទីតាំងស្ថិតនៅជិតឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដើម្បីលើកទឹកចិត្តសិស្សានុសិស្សនៅទីនោះ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីអនាគតរបស់ពួកគេ និងដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ជូនថា យុវជនកាកបាទក្រហមកម្ពុជា ដែលអញ្ជើញមកបោះជំរំនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបរយៈពេល២ថ្ងៃនេះ មានចំនួន ៩១នាក់ ហើយក្នុងនោះមាននារីចំនួន ៤១នាក់។
RAC Media | ស៊ឺន សំ
ភ្នំពេញ៖ ជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើការងារក្នុងវិស័យឯកជនដទៃផ្សេងទៀតដែលពុំមែនជាកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍សុំឱ្យក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ពិចារណាទៅលើការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនអ្នកធ្វើការក្នុងវិស័យសំណង់ និងសេវាកម្មនានា។ សម្ដេចបានលើកឡើងបែបនេះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីសំណេះ សំណាលជាមួយកូនក្មួយកម្មករ កម្មការិនី ១៧,៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដើម្បីឆ្ពោះទៅកាន់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូប រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើការដំឡើងប្រាក់ខែជូនដល់មន្ត្រីរាជការ កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ដែលមានជាបន្តបន្ទាប់រហូតមកតាមលំដាប់លំដោយ។ នៅក្នុងនោះសម្រាប់កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានទទួលនូវការសម្រួលបន្ថែមលើការចំណាយ ដោយរដ្ឋបានអន្តរាគមន៍ដើម្បីបន្ថយការចំណាយលើថ្លៃទឹក និងថ្លៃភ្លើងសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន-កម្មការិនីកាត់ដេរផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយពិនិត្យមើលឃើញពីភាពចាំបាច់នៃការគិតគូរអំពីជីវភាពរបស់អ្នកធ្វើការងារក្នុងវិស័យសំណង់ និងសេវាកម្មនានាផ្សេង កាលពីកម្មករ-កម្មការិនីកាត់ដេរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បានប្រកាសឱ្យក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈពិចារណាលើសំណើរបស់ក្រុមសហភាពសហព័ន្ធសហជីព និងសមាគមចំនួន ៦ ដែលបានស្នើសុំរាជរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករវិស័យសំណង់ និងសេវាកម្មនានា កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨។
គួរបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០១៨ មន្ត្រីរាជការទាំងអស់ទទួលបានប្រាក់បៀវត្សយ៉ាងតិច១លានរៀលក្នុងមួយខែ ខណៈដែលកម្មករ-កម្មការិនីកាត់ដេរ ទទួលបានប្រាក់ឈ្នួលអប្បបរមា ឬហៅថាប្រាក់ខែគោលយ៉ាងតិចចំនួន ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨ មិនតែប៉ុណ្ណោះ ចាប់ពីដើមឆ្នាំ២០១៩តទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនីកាត់ដេរនឹងទទួលបានចំនួន ១៨២ដុល្លារ ដែលនេះនឹងមិនរាប់បញ្ចូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតធ្លាប់ទទួលបាននោះឡើយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បានចំនួន០៥ពាក្យ ដូចខាងក្រោម៖
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM