ព័ត៌មាន

«នយោបាយកម្ពុជាចន្លោះចិន និងសហរដ្ឋអាម៉េរិកក្នុងសម័យសង្គមរាស្ត្រនិយម...»

កញ្ញា មាស អេឡែន  ដែលជានិស្សិតថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា និងជានិស្សិតស្ថិតនៅក្រោមការណែនាំរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងែ ៥កើត ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលកញ្ញាបានស្រាវជ្រាវអំពី «នយោបាយកម្ពុជាចន្លោះចិន និងសហរដ្ឋអាម៉េរិកក្នុងសម័យសង្គមរាស្ត្រនិយម»។

គណៈកម្មការវាយតម្លៃនិក្ខេបបទរបស់កញ្ញា មាស អេឡែន  រួមមាន ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ជាគណៈកម្មការវាយតម្លៃទី១ លោកបណ្ឌិត កា ម៉ាធុល ប្រធានផ្នែកទំនាក់ទំនង និងការទូតនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ជាគណៈកម្មការវាយតម្លៃទី២។

«.......ជាយូរណាស់មកហើយ ការប្រកួតប្រជែងអំណាចរវាងបណ្តាប្រទេសមហាអំណាចត្រូវបានគេចាត់ទុកថាជារឿងធម្មតា នេះដោយសារតែភាពលោភលន់ និងអាត្មានិយមរបស់ក្រុមមេដឹកនាំនៃប្រទេសមហាអំណាចក្នុងការថែរក្សាផលប្រយោជន៍ជាតិរបស់ខ្លួន។

ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះទ្វីបអាស៊ីត្រូវបានគេមើលឃើញថា ជាតំបន់មួយពោរពេញទៅដោយសក្តានុពលផ្នែកសេដ្ឋកិច្ច ព្រមទាំងមានទីតាំងយុទ្ធសាស្ត្រយោធាមួយចំនួនដែលមហាអំណាចធំៗចង់បាន។ សព្វថ្ងៃនេះយើងបានឃើញការប្រកួតប្រជែងអំណាចរវាងអាម៉េរិក និងចិននៅតំបន់អាស៊ីមានសភាពខ្លាំងក្លាជាពិសេសនៅអាស៊ីអាគ្នេយ៍ដែលប្រទេសមហាអំណាចនីមួយៗព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួនទៅកាន់បណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់។

ជាក់ស្តែងនៅកម្ពុជាត្រូវបានគេមើលឃើញថាបានក្លាយទៅជាចំណុចនៃការប្រទាញប្រទង់រវាងសហរដ្ឋអាម៉េរិក និងចិនប៉ុន្តែកម្រិតនៃការប្រទាញប្រទង់នេះគឺមិនទាន់មាននៅក្នុងស្ថានការណ៍ដែលកម្ពុជាត្រូវជ្រើសរើសមួយនៅក្នុងចំណោមប្រទេសទាំងពីរនោះទេ។ នៅក្នុងក្រសែភ្នែករបស់ចិន កម្ពុជាមានតម្លៃជាយុទ្ធសាស្ត្រ នេះក៏ដោយសារតែកម្ពុជានៅចន្លោះប្រទេសថៃ និងវៀតណាមដែលប្រទេសទាំងពីរនេះត្រូវបានគេឃើញថា មាននិន្នាការលម្អៀងទៅរកអាម៉េរិក។

ម្យ៉ាងវិញទៀតចំពោះឥទ្ធិពលរបស់អាម៉េរិកទៅកាន់ប្រទេសទាំងពីរនេះត្រូវបានគេវាយតម្លៃថា ជាការរាំងស្ទះដំណើរការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ការជ្រើសរើសយកថៃ និងវៀតណាម ដោយមិនជ្រើសរើសយកកម្ពុជាអាចនិយាយបានថាជាការទុកលទ្ធភាពដល់ចិនក្នុងការអនុវត្តផែនការពង្រីកអំណាចរបស់ខ្លួននៅក្នុងតំបន់។

ចំពោះអាម៉េរិកវិញដែលពីមុនមិនសូវជាយកចិត្តទុកកម្ពុជាហើយតែងតែយកបញ្ហាគោរពសិទ្ធិមនុស្សជាធំនៅក្នុងប្រាស្រ័យទាក់ទងជាមួយកម្ពុជានោះឥឡូវត្រូវបានគេមើលឃើញថាបានព្យាយាមខិតជិតកម្ពុជាតាមរយៈការយកប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាអាទិភាពចម្បងដោយការគោរពសិទ្ធិមនុស្សត្រូវបានទុកមួយឡែក។»

RAC Media | ស៊ឺន សម



 

2019-01-10 03:36:09   ថ្ងៃព្រហស្បតិ៍, 10 មករា 2019 ម៉ោង 10:36 AM
«ត្រូវចេះខ្ចីកម្លាំងជនបរទេសជួយអភិវឌ្ឍប្រទេស, រៀនសូត្រពីប្រទេស២» ដោយ៖ យង់ ពៅ

ប្រវត្តិសាស្ត្រយូរអង្វែង កម្ពុជាធ្លាប់ជាចក្រភពដ៏ធំនៅក្នុងតំបន់។ ក្រោយអាណាចក្រមហានគរ ចក្រភពមួយនេះ ប្រែទៅជាប្រទេសមួយដែលតូច ទន់ខ្សោយ និងក្រីក្រនៅក្នុងតំបន់ទៅវិញ។ ក្នុងប្រវត្តិសម័យទំនើប កម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានសង្គ្រាមស៊ីវិល និងមានសង្គ្រាមឈ្លានពីសំណាក់ប្រទេសជិតខាងដ៏យូរលង់ដែរ។ ប្រទេសថៃ និងប្រទេសវៀតណាម សុទ្ធសឹងតែជាប្រទេសដែលធា្លប់បានចូលឈ្លានពានកម្ពុជា ហើយរហូតមកដល់សព្វថ្ងៃនេះ ទឹកដីមួយភាគធំរបស់កម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសថៃ និងប្រទេសវៀតណាមផង ដែរ។

ប្រសិនបើនិយាយអំពីការស្នេហាជាតិ ឬការសោកស្តាយទឹកដី ដែលបាត់បង់នៅក្នុងប្រវត្តិសាស្ត្រនោះ គឺពលរដ្ឋកម្ពុជាគ្រប់រូប អ្នកណាក៏ស្រឡាញ់ និងស្នេហាជាតិដែរ គ្រាន់តែសមត្ថភាពនៃការបង្ហាញក្តីស្រឡាញ់នោះ ផ្សេងគ្នាទៅតាមលទ្ធភាពដែលអាចធ្វើបានតែប៉ុណ្ណោះ។

ការបាត់បង់ទឹកដីទៅប្រទេសជិតខាង បានធ្វើឱ្យពលរដ្ឋកម្ពុជាមួយចំនួនមានជំងឺជាតិនិយមជ្រុល ធ្វើ​ឱ្យ​​កើតមាននូវទំនាក់ទំនងស្អប់-ស្រឡាញ់ (love-hate relations) ទៅតាមអារម្មណ៍​ និងនិន្នាការសង្គមនយោបាយចំពោះជនបរទេសទាំងឡាយណាដែលមានបំណងមករស់នៅឬមកវិនិយោគនៅក្នុង​ប្រទេសកម្ពុជា ឧទាហរណ៍ជាក់ស្តែង នៅពេលសព្វ ថ្ងៃនេះ ក្រៅពីការព្រួយបារម្មណ៍ចំពោះជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏នៅមានការព្រួយបារម្មណ៍ចំពោះជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាការពិតណាស់ យើងមិនអាចបន្ទោសអ្នកដែលព្រួយបារម្មណ៍នោះ ថាខុស ឬមិនត្រឹមត្រូវនោះទេ ព្រោះនោះគឺជាអ្វីដែលបានកើតមាននៅក្នុងប្រវត្តិសាស្ត្ររួចហើយ។

យើងត្រូវចាំថា សម័យកាលរបស់ប្រទេសនីមួយៗតែងមានការប្រែប្រួល ហើយមិនមែនលំហូរនៃជនបរទេស សុទ្ធតែជាបញ្ហានោះទេ ព្រោះថាប្រទេសមហាអំណាចជាច្រើនក្នុងលោក សុទ្ធសឹងតែបានកសាងប្រទេសដោយប្រើកម្លាំងជនបរទេស ឬជនចំណាកស្រុក ដូចជាសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។

សូមក្រឡេកមើលប្រទេស២ ដែលមួយជាប្រទេសតូច ហើយមួយទៀតជាប្រទេសធំ ដែលបានធ្វើសមាហរណកម្មអន្តោប្រវេសន៍ជួយអភិវឌ្ឍប្រទេសខ្លួនក្លាយជាមហាយក្ស និងស្អាតស្អំបាននៅក្នុងពិភពលោកបាន៖

ទី១). ប្រទេសសិង្ហបុរី៖ សិង្ហបុរី ដែលជាប្រទេសនៅក្នុងអាស៊ាន បានទទួលឯករាជ្យនៅឆ្នាំ១៩៦៥ ហើយក៏ជារដ្ឋមួយក្នុងចំណោមស្ថាបនិកអាស៊ានឆ្នាំ១៩៦៧ផងដែរ។  នៅពេលនោះ លោក លី ក្វាន់យូ (Lee Kuan Yew) បានធ្វើសមា ហរណកម្មអន្តោប្រវេសន៍ចូលក្នុងសង្គមជាតិខ្លួន។ លោក លី ក្វាន់យូ មានទស្សនៈវែងឆ្ងាយក្នុងការធ្វើឱ្យសិង្ហបុរីមានការរីកចម្រើនទៅមុខ លោកបានសម្រេចចិត្តធ្វើសមាហរណកម្មអន្តោប្រវេសន៍ ដោយការលើកទឹកចិត្តដល់ជនអន្តោប្រវេសន៍ឱ្យមករស់នៅក្នុងប្រទេសសិង្ហបុរី ប្រសិនបើគេអាចបង្កើតការងារដល់ប្រជាពលរដ្ឋសិង្ហបុរី ពិសេសការចែករំលែកនូវចំណេះ ជំនាញ បច្ចេកទេសរបស់ពួកគេដល់ប្រជាជនដែលកំពុងតែរស់នៅក្នុងប្រទេសសិង្ហបុរីបាន។

 ទី២). សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក មហាអំណាចទី១នៃភពផែនដីយើងនេះ ជារដ្ឋសហព័ន្ធ ដែលមានរដ្ឋ៥០ មានផ្ទៃដី ៩.៦២៩.០៩១គីឡូម៉ែត្រក្រឡា និងប្រជាជនប្រមាណ ៣០៧លាននាក់ ធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសធំជាងគេលំដាប់ទី៣ ឬ ទី៤ និងមានប្រជាជនច្រើនជាងគេទី៣ នៅលើពិភពលោក។

ប្រវត្តិសាស្ត្រពិភពលោកសម័យទំនើបបាននិងកំពុងកត់ត្រាអំពី សហរដ្ឋអាម៉េរិក គឺជាប្រជាជាតិរីកស្ទុះងើបឡើងជាង ២០០ឆ្នាំរៀងរហូតមក អមជាមួយនឹងប្រជាជនចម្រុះជាតិសាសន៍ និងពហុវប្បធម៌ ច្រើន​ជាងគេលើពិភពលោក ដែលជាលទ្ធផលនៃការធ្វើអន្តោប្រវេសន៍ដ៏ច្រើនលើសលុបចូលទៅកាន់សហរដ្ឋអាម៉េរិក។ នៅត្រង់ចំណុចនេះយើងអាច​និយាយបានថា សហរដ្ឋអាម៉េរិកមិនចង្អៀតចង្អល់នឹងគំនិតអភិរក្សនិយមជ្រុលវប្បធម៌ ឬរើសអើងជាតិសាសន៍នោះទេ អាម៉េរិកតែងទទួលយកអន្តោប្រវេសន៍ដែលមានលុយ និងបញ្ញាញាណឱ្យបានចូលរួមរស់ជាមួយសង្គម​អាម៉េរិកបាន សំខាន់ត្រូវគោរពច្បាប់ដ៏តឹងតែងរបស់ខ្លួនបាន។ យើងអាចកត់សម្គាល់ចំណុច មួយទៀតនៅក្នុងសម័យកាលសង្គ្រាមត្រជាក់ ពិភពលោកបានបែងចែកជាពីរតាមមនោគមន៍នយោបាយ រីឯសហរដ្ឋអាម៉េរិក និងសហ ភាពសូវៀតជាសត្រូវសួពូជ ប៉ុន្តែប្រទេសទាំងពីរបែរជាមានកិច្ចសហការលើវិស័យអវកាស។

សរុបជារួមមក យើងត្រូវបើកចិត្តឱ្យទូលាយធ្វើការជាមួយជនបរទេស ដែលមកកម្ពុជាដោយស្របច្បាប់ និងដែលអាចបង្កើតការងារឬប្រយោជន៍សម្រាប់ប្រទេសកម្ពុជាបាន  តែរដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងច្បាប់អន្តោប្រវេសន៍ឱ្យបានខ្លាំង និងពង្រឹងការអនុវត្តច្បាប់នេះ ចំណែកឯពលរដ្ឋកម្ពុជាវិញនោះមិនគួរមានជាតិនិយមដោយខ្វះការពិចារណានោះទេ ព្រោះថាសូម្បីមហានគរខ្មែរដ៏រុងរឿងក៏អាស្រ័យលើបុព្វបុរសខ្មែរចេះខ្ចីកម្លាំងបរទេសជួយអភិវឌ្ឍមហានគរដែរ។






2019-01-09 04:05:31   ថ្ងៃពុធ, 09 មករា 2019 ម៉ោង 11:05 AM
«កិច្ចប្រជុំប្រចាំខែរបស់វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម»

នាព្រឹកថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង៣០នាទីព្រឹក នៅសាលប្រជុំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំប្រចាំខែ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម។ កិច្ចប្រជុំមានរបៀបវរៈដូចខាងក្រោម៖
ទី១- លទ្ធផលការងារកន្លងមក
ទី២- ទិសដៅការងារបន្ត និង
ទី៣- បញ្ហាផ្សេងៗ។

កិច្ចប្រជុំនេះដែរ បានបង្ហាញពីវឌ្ឍនភាពរបស់វិទ្យាស្ថានក្នុងឆ្នាំ២០១៨កន្លងមក បន្តរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែងរហូតដល់ឆ្នាំ២០២៤ និងបន្តកិច្ចស្រាវជ្រាវរបស់ខ្លួនដើម្បីជាធាតុចូលជូនរាជរដ្ឋាភិបាល។

កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១១:០០ព្រឹក ប្រកបដោយបរិយាកាសរីករាយ និងភាពបេ្តជ្ញាខ្ពស់។

ប្រភព៖ កែន ធារិទ្ធ មន្ត្រីវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម។




2019-01-08 08:17:27   ថ្ងៃអង្គារ, 08 មករា 2019 ម៉ោង 03:17 PM
«ថ្ងៃ៧ មករា មិនមែនជាថ្ងៃសម្រាប់តែគណបក្សប្រជាជនកម្ពុជានោះទេ‌»

ថ្ងៃ៧មករា ត្រូវបានដាក់បញ្ចូលជាថ្ងៃបុណ្យជាតិ ហើយក្រសួង ស្ថាប័នទាំងរដ្ឋនិងឯកជនទូទៅ ត្រូវបានអនុញ្ញាត​ឱ្យ​ឈប់​សម្រាក​១ថ្ងៃ។ ថ្ងៃឈប់សម្រាកនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ថ្ងៃនេះ គឺមិនមែនសម្រាប់តែជាការអបអររបស់គណបក្ស​ប្រជាជន​កម្ពុជាដាច់មុខនោះទេ។ ខាងក្រោមនេះ ជាអត្ថបទវិចាណកថា និងជាជ្រុងមួយនៃតថភាពប្រវត្តិសាស្ត្រកម្ពុជា ដែលគ្រប់គ្នាត្រូវដឹងនិងចងចាំទុក។

នៅក្នុងអំឡុងពេលនៃរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ នៅចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ ដែលត្រូវបានស្គាល់នៅពេលនោះថា «របបកម្ពុជាប្រជាធិបតេយ្យ» មានមនុស្សត្រូវបានស្លាប់ប្រមាណជាង ១,៧លាននាក់ ដែលសុទ្ធសឹងជាជនជាតិខ្មែរដែលបានឆ្លងកាត់លទ្ធផលនៃការបែងចែក ការប្រហារជីវិត ការធ្វើទារុណកម្មដោយការបង្អត់បាយ ជាពិសេស ការបង្ខំឱ្យ​ធ្វើការងារខ្លាំងហួសកម្លាំង ហើយគ្មានអាហារបរិភោគគ្រប់គ្រាន់។ ​ តែ​មហា​វិនាស​កម្ម​​​នេះត្រូវបានបញ្ចប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយសារការរំដោះនៃកងទ័ពរណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា និងកងទ័ពប្រជាជនវៀតណាម ហើយថ្ងៃ«៧មករា» នេះត្រូវបានចាត់ទុកថ្ងៃជាប្រវត្តិសាស្ត្រនេះ ជាថ្ងៃកំណើតទីពីរ​របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

រំលឹកឡើងវិញពីអតីតកាលដ៏ខ្មៅងងឹត អ្វីៗទាំងអស់ស្ថិតក្នុងភាពទទេ នៅសល់តែ​សំណល់​អគារ​ចាស់ៗ​​បាក់ទ្រុឌទ្រោមដោយ​សារភ្នក់ភ្លើងសង្គ្រាម សំណល់​ពីការបំផ្លាញ។ អគារក្រសួង/ស្ថាប័ន ក្រុមហ៊ុន​រដ្ឋ​និង​ឯកជន សហគ្រាស មន្ទីរពេទ្យ វត្តអារ៉ាម សាលា​​រៀន លំនៅដ្ឋាន​​​ត្រូវបំផ្លាញស្ទើរអស់គ្មានសល់ គ្មានព្រះសង្ឃ គ្មានគ្រូបង្រៀន គ្មានសិស្ស។ល។ និយាយរួមដោយខ្លី ​គឺ​គ្រប់​យ៉ាង​​ក្លាយ​ជា​​សំណល់​ពី​ការជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុងទៅរស់នៅជនបទ ហើយត្រូវកម្មាភិបាលរបបខ្មែរក្រហម បង្ខំ​ឱ្យ​ធ្វើ​ការ​​ជាទំងន់ គឺធ្វើការច្រើន ហូបតិច។ ប្រជាជនដែលមានកំហុស ឬត្រូវចោទប្រកាន់ថាមានកំហុស នឹង​ត្រូវ​ហៅ​ទៅ«កសាង» ដោយគ្មានថ្ងៃវិលវិញ។ នៅសម័យខ្មែរក្រហម ពាក្យ«កសាង» ឬ«ហៅទៅកសាង» គឺមានន័យស្មើនឹង​នាំយក​ទៅកន្លែង​ឆ្ងាយ​ធ្វើការ​ជាធ្ងន់​រហូត​ស្លាប់​ខ្លួន និងគ្មានសង្ឃឹមថា បានត្រឡប់មកផ្ទះវិញ។ ករណីភាគច្រើន ត្រូវគេជឿថា ប្រជាជនដែលគេ​យក​ទៅកសាង គឺត្រូវខ្មែរក្រហមយកទៅសម្លាប់ចោលតែម្តង។

ជាការពិតណាស់ ថ្ងៃ«៧មករា» ជាថ្ងៃរំដោះទឹកដីកម្ពុជាទាំងមូល​រួចផុតពីក្រញ៉ាំដៃ​ប្រឡាក់​ឈាម​របស់​របប​ខ្មែរ ហើយក៏ជាថ្ងៃដែលប្រជាជនកម្ពុជាទាំងអស់ បានរួចផុតពីសេចក្តីទុក្ខវេទនាដោយសាររបប​ដែល​សំបូរ​ដោយ​ពួក​ពេជ្ឈឃាត​អាវខ្មៅ ដែល​មាន​តែការកាប់សម្លាប់ប្រជាជនស្លូតត្រង់ និងការ​បំផ្លាញ​ជាតិសាសន៍​ខ្លួន​ឯង។ ថ្ងៃ«៧មករា» ជាខួបកំណើតទីពីររបស់ប្រជាជនកម្ពុជាទាំងអស់ ហើយក៏ជាស្នាដៃ​តែ​មួយ​គត់​ដែល​មិន​មាន​អ្វីមកប្រដូច និងកែប្រែតថភាពប្រវត្តិសាស្ត្រដែលបានបង្ហាញពីការលះបង់ ការតស៊ូ​របស់​​កុល​បុត្រ​ខ្មែរ​ក្រោម​ការ​ដឹក​នាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមស្លាក«កងទ័ពរណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា» ដោយមាន​ជំនួយ​ពីកងទ័ពប្រជាជនវៀតណាម។

ចំពោះគណបក្សប្រជាជនកម្ពុជា យល់ថាជាថ្ងៃ«៧មករា» គឺជាថ្ងៃកំណើតទីពីររបស់ជាតិ និងប្រជាជនរបស់ប្រទេសកម្ពុជាទាំងអស់ ព្រោះថាបើគ្មានថ្ងៃ«៧មករា» ឆ្នាំ១៩៧៩ ទេនោះ ប្រជាជនខ្មែរ ក៏ដូចជាប្រទេសទាំង​មូលមិនដឹងថានឹងបន្ត​ទទួលរងវិនាសកម្ម​ទៅជាយ៉ាងណាឡើយ។ ថ្ងៃ«៧មករា» គឺជាថ្ងៃដែលរបបខ្មែរក្រហម​​​របស់លោក សាឡុត ស ដែលគេស្គាល់ជាទូទៅថាឈ្មោះ ប៉ុល ពត នោះ ត្រូវបានដួលរលំ ហើយក៏មានប្រទេស​មហាអំណាចជាច្រើន រួមទាំងសហរដ្ឋអាមេរិកបានទទួលស្គាល់ថ្ងៃ «៧មករា» ថាជាថ្ងៃ​ដែលទីក្រុង​ភ្នំពេញ​​ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលជាការផ្លាស់ប្តូរនូវទំព័រប្រវត្តិសាស្ត្រថ្មី និង​ជា​​ការចាប់ផ្តើមនូវផ្លូវឆ្ពោះទៅកាន់អនាគតភ្លឺស្វាងមួយសម្រាប់ប្រជាជន​​កម្ពុជាទាំងអស់។ ថ្ងៃប្រវត្តិសាស្ត្រនេះ ជាសក្ខីភាពនាំប្រជាជនកម្ពុជាបានរួចចាកផុតពីរណ្តៅទុក្ខវេទនា និងបានទទួលនូវសិទ្ធ​សេរីភាពពេញលេញ​ត្រឡប់​មកវិញ។​

ក្រោយថ្ងៃរំដោះប្រទេសចាកផុត​ពីរបបខ្មែរក្រហម ថ្ងៃ«៧មករា» ឆ្នាំ១៩៧៩ កម្ពុជា ត្រូវកសាងប្រទេស​ដោយ​ចាប់ផ្តើម​ទំព័រ​ប្រវត្តិ​សាស្ត្រថ្មីស្រឡាង​មួយ​ ចាប់ផ្តើមពីបាតដៃទទេ ឬ ហៅ ការកសាង​ប្រទេស​ចាប់​ផ្តើម​ពី​ចំណុច​សូន្យ។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ៤០ឆ្នាំ គឺចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មកដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ គឺកម្ពុជាបានបន្តអភិវឌ្ឍ និងរីកចម្រើនជាលំដាប់។ កម្ពុជាអភិវឌ្ឍ និងបន្តមានស្ថិរភាព សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយមានការគាំទ្រ​ពីប្រជាពលរដ្ឋ​កម្ពុជាច្រើនលើសលប់ បន្ត​គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យ​បន្តដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការបោះឆ្នោត។ តែទន្ទឹមនឹងនេះដែរ ក៏មានប្រជាពលរដ្ឋខ្មែរដែលមាននិន្នាការគាំទ្រដល់គណបក្សប្រឆាំង បាន​ចេញ​​មុខមិនទទួលស្គាល់ថ្ងៃ៧មករា ខ្លះក៏បង្កើតជាបាតុកម្មជំទាស់ផ្សេងៗ។ ប្រវត្តិសាស្ត្ បានកត់ត្រាទុកច្បាស់មកថា ក្នុងអំឡុង​ពេល​នោះ គឺកម្ពុជា បានរំដោះចេញពីរបបអាវខ្មៅ ដោយកង​ទ័ព​រណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា និងដោយមានជំនួយ​ពី​កងទ័ពប្រជាជន​វៀតណាម។ បើគ្មានកិច្ចសហការរវាងកងកម្លាំងប្រដាប់អាវុធពីភាគីទាំងពីរនោះទេ របបកម្ពុជា​ប្រជា​ធិប​តេយ្យ ទំនងជាមិនបញ្ចប់ត្រឹមរយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ​ ឬដួលរលំទាំងស្រុងនៅថ្ងៃ៧មករានោះទេ។ ហើយពលរដ្ឋកម្ពុជា ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ច្បាស់ណាស់មិនហ៊ានគិតទេថា តើនឹងមានប្រជាពលរដ្ឋ​ប៉ុន្មាន​ទៀតនឹងត្រូវស្លាប់ដោយសារតែភាពអត់ឃ្លាន ជំងឺរាតត្បាត និងការកាប់សម្លាប់ពីពួករបបអាវខ្មៅទាំងនោះ​។ តើការប្រឆាំងនឹងថ្ងៃ៧មករា ដែលត្រូវចាត់ទុកជាថ្ងៃកំណើតទី២របស់លោកយាយ លោកតា លោក​ឳពុក​អ្នកម្តាយ​ និងសាច់ញាតិរបស់ពលរដ្ឋខ្មែរ មានប្រយោជន៍អ្វីខ្លះ?  

បន្ទាប់ពីដួលរលំរបបអាវខ្មៅ ចេញពីស្ថានភាព​ជា​ប្រទេស​ក្រីក្រ​​បំផុត ធនធានមនុស្សល្អៗ បញ្ញវន្ត​ត្រូវ​សម្លាប់​​ចោល​អស់ក្នុងរបបខ្មែរក្រហម គ្មានការវិនិយោគ គ្មានសំណង់អគារខ្ពស់ៗ គ្មានហេដ្ឋារចនាសម្ព័ន្ធ ។ល។​ កម្ពុជា ត្រូវ ខិតខំទាំងត្រដាប ត្រដួស រៀបចំប្រទេសដោយផ្តើមចេញ​ពី​ធនធានមនុស្សសេសសល់បន្តិចបន្តួច ចេញ​ពីភាពទទេស្អាត បាតដៃទទេ គ្មានអ្វីទាំង អស់ រហូតមានការទទួលស្គាល់ថាជាប្រទេសមាន​ការ​អភិវឌ្ឍ​​ឆាប់​រហ័ស និងបាន​ឈានមកដល់ដំណាក់កាលដែលកម្ពុជា អាចឈានជើងដោយមោទនភាពក្នុងឆាកអន្តរជាតិ ទាំង​ក្នុង​កម្រិត​តំបន់ និងកម្រិតពិភពលោក។ អ្វីដែលសមិទ្ធផលសំខាន់ គឺរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បាននាំកម្ពុជា​ឱ្យ​ឆ្លង​ផុត​ពីប្រទេសមានប្រាក់ចំណូលកម្រិតទាប ឈានចូលជាប្រទេស មានប្រាក់ចំណូលមធ្យម កម្រិតទាប ហើយ​រាជ​រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ជា​គោលនយោបាយ នឹងនាំ​កម្ពុជា​ឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់នៅឆ្នាំ២០៥០។ អ្វីគ្រប់យ៉ាងនឹងបន្តអនុវត្តតាមផែនការយុទ្ធសាស្ត្រជាតិ និងគោល​នយោ​បាយ​របស់​ជាតិ ដើម្បីសម្រេចសេចក្តីប្រាថ្នានាំប្រជាជាតិខ្មែរឱ្យមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ នៅលើផ្លូវតែ​មួយ ដែលពលរដ្ឋគ្រប់បានដឹងគឺ «ស្ថិរភាព និងសន្តិភាព» ព្រោះបើមានសង្គ្រាម វិនាសកម្មនឹងកើតមាន គ្មានស្ថិរភាព គ្មានវិនិយោគ គ្មានអ្នកមានលុយណា ហ៊ានដាក់ទុននៅក្នុងប្រទេសយើងនោះទេ។ ​ 

សរុបមក ក្នុងរយៈកាល ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែរំដោះប្រជាជនកម្ពុជា ចេញពីរណ្តៅមរណៈនោះទេ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ថែមទាំងអភិវឌ្ឍន៍ប្រទេស ប្រជាជនបានស្គាល់ការរីកចម្រើន និងអភិវឌ្ឍន៍ មិនចាញ់ប្រទេសជិតខាងប៉ុន្មានឡើយ។ ដូច្នេះពលរដ្ឋ​ខ្មែរទាំងអស់ ពិសេសយុវជនជំនាន់ក្រោយ សូមសំឡឹងពីផលប្រយោជន៍ជាតិជាធំ រួមគ្នាបន្ត​រក្សា​​នូវ​រប្បធម៌ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ខិតខំបំពេញភារកិច្ចតាមមុខជំនាញ​របស់ខ្លួន ធ្វើ​កិច្ចការ​សម្រាប់​​ជា​​ប្រយោជន៍​ដល់ទឹកដីដែលខ្លួនកំពុងជាន់។ ស្តាប់ វិភាគ ពិចារណា និងផ្តល់ជាគំនិត​សម្រាប់​ការ​អភិវឌ្ឍក្នុងមុខនាទីរបស់ខ្លួន សម្រាប់ការរៀបចំសណ្តាប់ធ្នាប់ និងការអភិវឌ្ឍផ្សេងៗ ដើម្បីបំបាត់ចោលនូវ​វប្បធម៌បន្ទោសគ្នា ដែលឫសគល់នៃសេចក្តីក្រោធ សេចក្តីអន្តរាយ និងនាំទៅរកការរាំងស្ទះដល់កិច្ចប្រឹងប្រែង​សម្រាប់​ជាប្រយោជន៍របស់សង្គមជាតិ។ តាមរយៈនៃការចូលរួមរបស់យុវជន ពលរដ្ឋខ្មែរគ្រប់រូប និងថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ​ច្បាស់ណាស់ថា កម្ពុជានឹងធ្វើដំណើរឆ្ពោះទៅរកវឌ្ឍនភាព ស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ ហើយការអនុវត្តគោលនយោបាយ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០របស់កម្ពុជា នឹង​សម្រេច​បានជាប្រាកដ៕  

RAC Media

 ហ្វេសប៊ុក)

2019-01-07 06:48:35   ថ្ងៃចន្ទ, 07 មករា 2019 ម៉ោង 01:48 PM
«៥៦ឆ្នាំមុន ទង់ជាតិកម្ពុជាដំបូងបានបង្ហូតនៅលើប្រាសាទព្រះវិហារ៖ ៥ មករា ១៩៦៣ - ៥ មករា ២០១៩»

តាមការរំលឹកដល់អតីតកាលរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ កម្ពុជា បានទទួលជោគជ័យលើករណី​ប្រាសាទព្រះវិហារដែលបានប្តឹង​ផ្ដល់​ជាមួយ​ប្រទេស​សៀម ដែល​ទន្ទ្រាន​កាន់កាប់ប្រាសាទព្រះវិហារដោយខុសច្បាប់។ ភាពជោគជ័យនេះ បានបញ្ជាក់យ៉ាងច្បាស់ពី​សិទ្ធិ​ជា​ម្ចាស់​​លើ​ប្រាសាទ​​ព្រះវិហាររបស់កម្ពុជា។ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣ ទើបសម្តេចព្រះនរោត្តម សីហនុ (ជា​ប្រមុខរដ្ឋ) បានយាង​ទៅប្រារព្ធពិធីកាន់កាប់ប្រាសាទព្រះវិហារជាផ្លូវការឡើងវិញ។ 

លោកបណ្ឌិត ជិន សុជាតិ មន្ត្រីស្រាវជ្រាវ ឯកទេសប្រវត្តិសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ដែរថា នៅ​អំឡុង​ពេលនោះ ​ក៏ជា​ថ្ងៃ​ដែល​ទង់​ជាតិ​កម្ពុជា បាន​បង្ហូត​ឡើង​យ៉ាង​ត្រដែត​នៅលើប្រាង្គ​ប្រាសាទ​ព្រះវិហារ​ជា​លើក​ដំបូង ដោយសម្តេចព្រះនរោត្តម សីហនុ បន្ទាប់ពីឈ្នះក្តីនៅក្រុងឡាអេ ឆ្នាំ១៩៦២។

គួររំលឹកដែរថា ថ្ងៃនេះ ក៏ជាថ្ងៃដែលក្រុមអ្នកស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំ​ដោយ​សាស្ត្រា​ចារ្យ ស៊ន​ សំណាង បានឡើងទៅដល់ប្រាសាទព្រះវិហារ កាលពីថ្ងៃ៥ ខែមករា ឆ្នាំ២០០២ ហើយ​បានដាក់ឈ្មោះភូមិ​មួយ​នៅ​ចង្កេះ​ភ្នំព្រះវិហារនេះ ថាជា«ភូមិប្រាំមករា» ដើម្បីលើកតម្លៃនៃព្រឹត្តិការណ៍ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣ និងបាន​សរសេរ​ស្លាក​ឈ្មោះភូមិជូនទៅមេភូមិនៅព្រឹកថ្ងៃទី៦ មករា នៅពេលចុះពីប្រាសាទព្រះវិហារមកវិញ។ លោកបណ្ឌិត ជិន សុជាតិ ថាកាលមុនមិនទាន់បានកំណត់ឈ្មោះភូមិប្រាំមករា ភូមិនេះ ត្រូវគេហៅតាមសំនៀងភាសាថៃ តែមិន​មានជា​ផ្លូវការនោះទេ។

RAC Media


រូបថត៖ ហេង ជីវ័ន្ត | Phnom Penh Post photo

2019-01-05 17:48:14   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 12:48 AM
«លោកបណ្ឌិតសភាចារ្យ សុខ ទូច ជូនសារពន្យល់ដល់អ្នកវិភាគមួយចំនួន អំពីវិនិយោគចិននៅកម្ពុជា»

ភ្នំពេញ៖ បច្ចុប្បន្នក្នុងផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនថាតែអ្នកនិយាយភាសាចិន ឬ ជាបញ្ញវន្តនោះទេ ច្រើនមានទស្សនបែបអវិជ្ជមាននៅពេលដែលវត្តមានជនជាតិចិន បានហូរចូលមកប្រទេសកម្ពុជា ក្នុងអំឡុងប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។ ការវិភាគពីលំហូរជនជាតិចិនក្នុងប្រទេសកម្ពុជា បានក្លាយជាប្រធានបទក្តៅ ហើយក៏មានការ​បង្ហោះការវិភាគផ្សេងៗតាមរបៀបផ្សេងគ្នា ជាពិសេសតាមបណ្តាញសង្គម។ 

ជនជាតិចិនខ្លះមកក្នុងនាមជាទេសចរ ខ្លះក៏មកជាវិនិយោគិន ហើយខ្លះទៀតក៏មកក្នុងនាមប្រជាពលរដ្ឋសាមញ្ញ មកប្រកបរបរចិញ្ចឹមជីវិតតាមរបៀបជាតិសាសន៍ចិន នៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា។ 

ក្នុងឱកាសធ្វើបទ​ឧទ្ទេស​នាម​ក្នុងបាឋកថា ស្តីពី «រដ្ឋាភិបាលដើមស្រល់» នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភា​ចារ្យ​ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់ដល់អ្នកវិភាគមួយចំនួនដែលតែងរិះគន់ និងបង្ហាញការព្រួយបារម្ភផ្សេងៗចំពោះវត្តមានរបស់ជនជាតិចិន និងការវិនិយោគរបស់ចិននៅក្នុងប្រទេស​កម្ពុជាថា ជនចិនចូលមក កម្ពុជានា​ពេលនេះ មិនដូចចិនដែលមកកាន់កម្ពុជាកាលពីទសវត្សរ៍ទី៦០ នោះទេ។ ចិនពីអតីត​កាល​មកកម្ពុជាដោយហែលទឹក ហើយចិនជំនាន់ឆ្នាំ១៩៧៩ បានយកមនោគមន៍វិជ្ជាមកសាបព្រួសនៅកម្ពុជា ប៉ុន្តែចិនសម័យនេះ យកវិនិយោគ និងគម្រោងសាងសង់អគារខ្ពស់ៗ មកកម្ពុជា ហើយ លំហូរចិន នៅមានកម្រិតតិចតួចនៅឡើយ បើ​ប្រៀប​ធៀបនឹងប្រទេសជិតខាង ដូចជាថៃ ជាដើម ដែលបច្ចុប្បន្ន លំហូរចិនចូលស្រុកថៃ មានមិនតិចជាង​១០លាន​នាក់​នោះ​ទេ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថែមជូនទៅអ្នកវិភាគទាំងអស់ សូមឱ្យវិភាគពិចារណាឡើងវិញ ថាតើមានជនជាតិប៉ុន្មាននាក់ដែលកាន់ប៉ាស្ព័រខ្មែរ​ និងកាន់អត្តសញ្ញាណបណ្ណខ្មែរ។ គ្រប់ជន​បរទេស មិនថាបារាំងឬចិន មិនមានសិទ្ធិទិញនិងកាន់កាប់ដីធ្លីនៅកម្ពុជាទេ កម្ពុជា បានផ្តល់សិទ្ធិដល់ជនបរទេស ឱ្យ​មានសិទ្ធិទិញចាប់ពីជាន់ទី១ឡើងប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ​ សុខ ទូច បានប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការអនុវត្តច្បាប់ចំពោះជនបរទេសទាំងឡាយ ទាំងជនចិន និងជនជាតិផ្សេងៗទៀត ដែលធ្វើខុសច្បាប់នៅកម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យសង្ឃឹមថា សម្តីរបស់​សម្តេច​តេជោនាយក​រដ្ឋមន្ត្រី  នឹងជំរុញការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព៕

RAC Media

2019-01-05 17:18:28   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 12:18 AM
«បណ្ឌិតសភាចារ្យ សុខ ទូច៖ ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» ដោយ៖ លឹម សុវណ្ណរិទ្ធ

ភ្នំពេញ៖ «ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» នេះគឺជាប្រយោគមួយឃ្លាដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងអង្គបាឋកថាមួយ ស្ដីពី «រដ្ឋាភិបាល​ដើមស្រល់» ដែលរៀប​ចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងដោយមានការឧទ្ទេសនាមផ្ទាល់ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ នេះ។        

ក្នុងបាឋកថាដែលមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតសរុបជាង១០០អង្គ/នាក់ដែលមកពីបណ្ដាមជ្ឈដ្ឋានផ្សេងៗគ្នា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងនូវប្រយោគ​មួយឃ្លានេះនៅក្នុងការបកស្រាយរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ទាក់ទងទៅនឹងសំណួរដែលបានចោទឡើងថា «ក្នុងក្របខណ្ឌនយោបាយការបរទេសនិងទំនាក់ទំនងអន្តរជាតិ តើនៅក្នុងរដ្ឋាភិបាលដើមស្រល់ ត្រូវធ្វើយ៉ាងដូចម្ដេច?»។        

ជាការឆ្លើយតបទៅនឹងចម្ងល់ខាងលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា នៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋាភិបាលមួយត្រូវតែមានភាពបត់បែនយ៉ាងឈ្លាសវៃ ដោយផ្លាស់ប្ដូរឥរិយាបថទៅតាមតថភាពនៃការវិវឌ្ឍ​នៃបរិបទនយោបាយពិភពលោក ដូចជាមនោគមជាដើម។ ប្រសិនបើអាម៉េរិកចង់ឱ្យកម្ពុជាគោរព គឺត្រូវបង្កើនការវិនិយោគឱ្យកាន់​តែ​ច្រើនបន្ថែមទៀតមកកម្ពុជា។        

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងនូវឧទាហរណ៍មួយថានៅពេលដែលសហភាពសូវៀតមិនទាន់ដួលរលំផង របបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលប្រកាន់មនោគមវិជ្ជាកុំម្មុយនីស្តក្រោមសហភាពសូវៀត បែរជាហ៊ានទៅចរចាជាមួយ​នឹង​ក្រុមខ្មែរត្រីភាគីដែលដឹកនាំដោយសម្ដេចសីហនុទៅវិញ ខណៈដែលជំនាញការវៀតណាមកំពុងមានវត្តមានពេញប្រទេសកម្ពុជា។         

ប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា «ឧទាហរណ៍ ចាប់ពីឆ្នាំ១៩៧៩ដល់១៩៩៣ ពេលនោះសហភាពសូវៀតមិនទាន់ដួលរលំទេ កម្ពុជា គឺមើលនយោបាយនរណា? សហភាពសូវៀត ប៉ុន្តែមានបុរសមួយដែលហៅថាបុរសខ្លាំង គឺសមមិត្ត ហ៊ុន សែន ហ្នឹងឯង ដែលហ៊ានចរចាជាមួយសម្ដេចនរោត្ដមសីហនុ នៅឆ្នាំ១៩៨៧ ពេលហ្នឹងជំនាញការកំពុងនៅពេញប្រទេស»។        

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ការប្រែប្រួលនេះគឺដូចគ្នាទៅនឹងនយោបាយការបរទេសផងដែរ ដែលកាលពីសម័យកាលមុនកម្ពុជាចាត់ទុកអាម៉េរិក ជាប្រទេសឈ្លានពាននិងជាសត្រូវ ប៉ុន្តែពេលនេះក្នុងសម័យព្រះរាជាណាចក្រទី២ កម្ពុជានិងអាម៉េរិក គឺជាដៃគូ ជាមិត្តភាពនឹងគ្នា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នយោបាយការបរទេសក៏ដូចគ្នា នៅពេលនោះអាម៉េរិកជាចក្រពត្តិ អាម៉េរិកជាសត្រូវ ដល់តែឥឡូវអាម៉េរិកគឺជាមិត្តភក្តិ អាម៉េរិកគឺជាមហាអំណាចលេខមួយ ឃើញទេវាប្រែប្រួលលឿនណាស់ លឿនមែនទែន»។        

ដោយភ្ជាប់ប្រធានបទអំពីផ្លាស់ប្ដូរគោលនយោការបរទេសរបស់អាម៉េរិកពីរដ្ឋការលោកអូបាម៉ា មកក្រោមរដ្ឋការរបស់លោក ដូណាល់ត្រាំ ដែលជ្រើសយក នយោបាយ «American First» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់យ៉ាងច្បាស់​ថា បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់នយោបាយការបរទេសចម្រុះពណ៌ ហើយដែលត្រូវស្វែងរកចំណេញរៀងៗខ្លួន ហើយក្នុងទំនាក់​ទំនងរវាងកម្ពុជា ចិន និងអាម៉េរិក គឺជំនួយរបស់មហាអំណាចទាំងពីរនេះមានលក្ខណៈខុសគ្នាដោយ «ជំនួយរបស់​ចិន​គឺមានបំណង ចំណែកឯជំនួយរបស់អាម៉េរិកគឺមានចំណង» ហើយដែលចំណងរបស់អាម៉េរិកមាន៣គឺ៖ តម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ ។ ប៉ុន្តែឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសរំឭកផងដែរថា ប្រសិនបើអាម៉េរិកចង់ឱ្យកម្ពុជាដើរតាម គឺត្រូវ​តែ​ផ្ដល់គុណតម្លៃដល់កម្ពុជា ពុំមែនត្រឹមតែការ វិនិយោគបន្តិចបន្តួចដូចបច្ចុប្បន្ននោះទេ។        

ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់នយោបាយការបរទេសចម្រុះពណ៌ ហើយដែលត្រូវស្វែងរកចំណេញរៀងៗខ្លួន។ ចិនជំនួយមានបំណង អាម៉េរិកជំនួយមានចំណង ដែលចំណងនេះមាន៣គឺ៖ តម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ។ ប៉ុន្តែការដែលមហាអំណាចចង់ឱ្យគោរពនិងដើរតាម គឺត្រូវផ្ដល់ផលប្រយោជន៍ឱ្យគេ មិន​មែន​យកមកដាក់កម្ពុជា តែកូកាកូឡានិងហាំបឺហ្គ័រនោះទេ។ ហើយកម្ពុជាមិនមែនចាប់តែចិននោះទេ គឺកម្ពុជាក៏បានចាប់ជប៉ុន​ដែរ ដែលត្រង់នេះហើយខ្ញុំបានជប៉ុនថាត្រូវធ្វើផ្លូវឱ្យបានល្អមានគុណភាព ហើយដោយឡាននៅកម្ពុជាភាគច្រើនគឺ​ជា​ឡានជប៉ុនមិនមែនឡានចិននោះទេ» ។        

សរុបចុងក្រោយនៃការបកស្រាយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងថា «នយោបាយការបរទេសនិងទំនាក់ទំនងអន្តរជាតិគឺប្រែប្រួលទៅតាមមេដឹកនាំ របបនយោបាយ និងមនោគមវិជ្ជា»។

RAC Media


2019-01-05 10:13:29   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 05:13 PM
«បណ្ឌិតសភាចារ្យ សុខ ទូច៖ តើបញ្ហាសំរាម កែមួយជំនាន់ ឬ កែ៦ខែ!»

ការលើកឡើងនូវប្រសាសន៍ខាងលើនេះឡើង ខណៈដែលឯកឧត្តមសភាចារ្យ សុខ ទូច​ បាន​លើក​យក​បញ្ហា​សំរាម​ដែលកំពុងក្លាយ​ជា​បញ្ហា​ឈឺក្បាល​មួយ​នៅ​រាជ​ធានីភ្នំពេញ ជាឧទាហរណ៍មួយក្នុងបទបង្ហាញ​ក្នុង​​បាឋកថាស្តីពី«រដ្ឋាភិបាលដើមស្រល់» កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។

ដើមឡើយនៅពេលដែលនិយាយពីប្រទេសសិង្ហបុរី  គេនឹកឃើញភ្លាមថា ប្រទេសដ៏តូចមួយនេះ ជាប្រទេសដែលមានការរីកចម្រើនខ្លាំង គ្មានសំរាមរាយប៉ាយនៅតាមទីសាធារណៈ ហើយក៏ជាប្រទេសមួយ​មានច្បាប់​តឹងរ៉ឹង​ពាក់ព័ន្ធបញ្ហាសំរាមនៅតំបន់អាស៊ីអាគ្នេយ៍នេះ។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការរីកចម្រើនគួរកត់សម្គាល់ ហើយក៏ទទួលបាននាម​ជាប្រទេស​មាន​កំណើន​សេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកម្ពុជា នៅបន្តជំរុញ​ការ​អភិវឌ្ឍ​គ្រប់វិស័យដើម្បីរក្សាកំណើនសេដ្ឋកិច្ចច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ការអភិវឌ្ឍក្នុងតំបន់ទីក្រុង​មិនចាញ់​សិង្ហបុរី​ប៉ុន្មានទេ ទាស់​តែ​ទីក្រុងភ្នំពេញមានសំរាមច្រើនជាងគេទៅវិញ។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ​បាន​បញ្ជាក់ថា តើ​ចង់​កែ​ប្រែ​បញ្ហាសំរាម កែមួយជំនាន់ ឬ កែត្រឹមរយៈពេលតែ ៦ខែ? ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់បន្ថែមថា បើចង់កែ​មួយ​ជំនាន់ ត្រូវយកវិស័យអប់រំ​ជា​​គោល តែបើចង់កែត្រឹម៦ខែ ត្រូវយកច្បាប់មកអនុវត្តន៍។ ការអប់រំនេះ មិនសំដៅតែនៅតាម​សាលា​រៀន​​តែម្យ៉ាងនោះទេ គ្រួសារត្រូវមានតួនាទីធំសំខាន់ក្នុងការអប់រំណែនាំកូនចៅ ហើយស្ត្រីជាម្តាយ ជាអ្នកដែលមានឥទ្ធពលខ្លាំងជាងគេទៅលើ​កូនៗ។ ការផ្តល់តម្លៃតិចដល់ស្រ្តី ជារឿងមិនត្រឹមត្រូវ។ ស្ត្រី ជាម្តាយ ហើយក៏ជាវិចិត្រករដ៏ចំណានម្នាក់។ បើម្តាយណែនាំកូនឱ្យចេះចោលសំរាមក្នុង​ធុងហើយ កូននឹងមើលពីគំរូល្អនេះ។ ម្តាយជាអ្នកផ្តល់គំរូមុនគេក្នុងគ្រួសារដល់កូនរបស់គាត់ ដូច្នេះហើយស្រ្តី​ជា​ម្តាយ​ក៏ត្រូវមានមូលដ្ឋានគ្រឺះទទួលបានការអប់រំឱ្យបានច្រើនដូចគ្នា។ 

នៅក្នុងតំបន់អាស៊ីអាគ្មេយ៍ ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងទៅលើអ្នកបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ត្រូវគេដឹង និងទទួលស្គាល់ពីការអនុវត្តច្បាប់​នៅប្រទេសសិង្ហបុរី ដែលករណីខ្លះ អ្នកចោលសំរាម ត្រូវទទួលពិន័យដោយការវាយនឹងរំពាត់។ ហេតុនេះ ការកែប្រែទម្លាប់ចោលសំរាម ត្រូវការឆន្ទៈក្នុងការអនុវត្តច្បាប់ ទាំងអបរំ ការផាកពិន័យ ហើយក៏ត្រូវការពលរដ្ឋគ្រប់គ្នាមានទំនួលខុសត្រូវក្នុងការកាត់បន្ថយសំរាមនៅទីសាធារណៈ។

សូមបញ្ជាក់ថា​ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំបាឋកថា ស្តីពី «រដ្ឋាភិបាលដើមស្រល់» នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩៕RAC Media

2019-01-05 07:42:52   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 02:42 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំបាឋកថា ស្ដីពី «រដ្ឋាភិបាលដើមស្រល់» ចុះផ្សាយថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ | ដោយ៖ លឹម សុវណ្ណរិទ្ធ

ភ្នំពេញ៖ នៅក្នុងបាឋកថានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទាញចំណាប់អារម្មណ៍អង្គបាឋកថាទាំងមូលអំពីចំណងជើងនៃបាឋកថា ដោយឯកឧត្ដមបានរំឭកអំពីដំណើរវិវឌ្ឍ​នៃការដឹកនាំរដ្ឋពីសម័យកាលបុរាណរហូតមកដល់បច្ចុប្បន្ន ដែលផ្ដើមចេញពីការគ្រប់គ្រងរដ្ឋតាមបែបសាសនា ការគ្រប់គ្រងតាមបែបផ្ដាច់ការដែលអំណាចទាំងអស់ស្ថិតនៅ​ដៃមនុស្សតែម្នាក់។ បច្ចុប្បន្ននេះរបបដឹកនាំភាគច្រើននៅលើពិភពលោកបានចាប់យករបបប្រជាធិបតេយ្យ ដែលអំណាចដឹកនាំរដ្ឋកើតចេញពីការបោះឆ្នោតរបស់ប្រជាជននៃប្រទេសនីមួយៗ។ មហាក្សត្រដែលបានផ្លាស់ប្ដូរការដឹកនាំប្រទេសពីរបបរាជនិយមមកប្រជាធិបតេយ្យមុនគេបង្អស់គឺ ព្រះមហាក្សត្រនៃចក្រភពអង់គ្លេសនៅក្នុងសតវត្សរ៍ទី១៧ នៃ​គ.ស.។

ទោះយ៉ាងណានៅពេលដែលយើងបានស្តាប់ពាក្យថា «ដើមស្រល់» អ្នកស្តាប់ភាគច្រើន ប្រាកដជាគិតដល់ភាពអវិជ្ជមាន ដោយប្រៀបប្រដូចដើមស្រល់ទៅនឹងភាពមិនស្មោះត្រង់ ឬភាពមិនទៀងទាត់។ ឧទាហរណ៍ មនុស្សចិត្តស្រល់ ឬស្រីចិត្តចុងស្រល់ ដែលគេបានសំដៅដល់ភាពមិនល្អ។ តែអ្វីដែលនឹងត្រូវលើកមកបង្ហាញ​ក្នុង​បាឋកថា​នេះ គឺជារឿង​ផ្សេងដាច់ស្រឡះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវទិដ្ឋភាពនៃដើមស្រល់ដែលស្ថិតក្នុងកាលៈទេសៈផ្សេងៗគ្នា ដូចជានៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងនៅតំបន់អឺរ៉ុប ដើមស្រល់ស្ថិតនៅតំបន់ត្រូពិច និងនៅតំបន់ក្ដៅហែងខ្លាំងនៅអាហ្វ្រិក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកភាពរឹងមាំ អត់ធន់នឹងអាកាសធាតុរបស់ដើមស្រល់ ធ្វើជានិមិត្តរូបរបស់អ្នកនយោបាយ ហើយក៏ជាឧទាហរណ៍នៃគំរូរដ្ឋាភិបាលដែលរឹងមាំមួយ ដែលមានឫសគល់ផ្អែកលើវិស័យធំៗចំនួន៩ ហើយវិស័យឬក្រសួងដែលសំខាន់ជាងគេដែលប្រមុខរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់នោះគឺ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បើតាមបាឋកថារបស់ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រៅពីក្រសួងសំខាន់ៗទាំង៣ នៅមានក្រសួងចំនួន៦ទៀតដែលជាឫសគល់នៃរដ្ឋាភិបាលដើមស្រល់គឺ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តគូសបញ្ជាក់បន្ថែមថា ក្រៅពីនេះ នៅក្នុងរដ្ឋាភិបាលដើមស្រល់ នៅមានវិស័យជាមែកធាងសំខាន់ៗ៥ផ្សេងទៀត ដូចជា អប់រំ វប្បធម៌ សង្គម សាសនា និងភាសា។ នៅក្នុងនោះផងដែរ វិស័យអប់រំដែលត្រូវបានគេកត់សម្គាល់ គឺជាវិស័យដែលជាមែកធាងសំខាន់របស់រដ្ឋាភិបាល​ដើមស្រល់ ក៏ព្រោះវិស័យនេះគឺជាវិស័យដែលត្រូវកំណត់បម្រើដល់វិស័យផ្សេងៗទៀត។ ទោះយ៉ាងណា មានប្រទេសចំនួន៣ប៉ុណ្ណោះនៅអាស៊ីដែលកសាងប្រទេសចេញពីវិស័យអប់រំជាអាទិភាពផ្ទាល់។ ដោយសារតែមានការគាំទ្រពីមហាអំណាច ដូចជាប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាដើម វិស័យ​ការពារជាតិ ត្រូវបានធានាដោយសហរដ្ឋអាម៉េរិកផ្ទាល់នៅក្រោយសង្គ្រាមលោកលើកទី២ និងសង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ​១៩៥០។ ក្រៅពីនេះ នៅមានប្រទេសអាស៊ានមួយនិងខេត្តមួយរបស់ចិន ដែលជ្រើសយកវិស័យអប់រំជាអាទិភាពផ្ទាល់ គឺប្រទេសសិង្ហបុរី ដែលបានប្រើប្រាស់នយោបាយកាំប្រម៉ា គឺសិង្ហបុរីមានភាពវ័យឆ្លាត ទាក់ទាញនាំយកវិនិយោគទុនពីប្រទេសមហាអំណាច មកវិនិយោគ​ក្នុងប្រទេសរបស់ខ្លួន ដូច្នេះហើយ នៅពេលមានហេតុការណ៍អ្វីកើតឡើង ប្រទេសមហាអំណាចនឹងមិនបណ្តោយឱ្យ​វិនិយោគទុនរបស់ខ្លួន ត្រូវខូចខាតនោះទេ នេះមានប្រដូចមកថា មហាអំណាចត្រូវតែការពារប្រទេសដែលមាន​ការធ្វើវិនិយោគរបស់ខ្លួនច្រើន។

កម្មវិធីបាឋកថានេះ រៀបចំឡើងនៅព្រឹកថ្ងៃសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា និងឧទ្ទេសនាមដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃការក្រុមប្រឹក្សាបណ្ឌិត​សភា​ចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា និងដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតសរុបចំនួន១០៨ អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមក​ពីមជ្ឈដ្ឋានផ្សេងៗគ្នា ចូលរួមស្ដាប់ ស្វែងយល់ និងចោទសួរយ៉ាងផុសផុ ដើម្បីស្វែងយល់និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតអំពីបាឋកថាដ៏មានអត្ថន័យសំខាន់នេះ៕

RAC Media

សូមចូលទីមើលការផ្សាយផ្ទាល់៖ ​https://www.facebook.com/725262267489254/videos/1989628871090413/UzpfSTI4ODA4NjgwNTAwNTIzMjo1NDQ1ODczNTkzNTUxNzQ/


2019-01-05 06:42:40   ថ្ងៃសៅរ៍, 05 មករា 2019 ម៉ោង 01:42 PM
«ទិសដៅការងារសម្រាប់ដើមឆ្នាំ២០១៩របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ» ដោយ៖ លោក ហឿង សុធារស់

វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីសកម្មភាពនិងទិសដៅការងារសម្រាប់បើកឆាកឆ្នាំ២០១៩នេះ រយៈពេល២ថ្ងៃជាប់គ្នាតាំងពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានលើកយកបញ្ហាសំខាន់ៗមកពិភាក្សា ពិនិត្យមើលសមិទ្ធផលការងារប្រចាំខែធ្នូឆ្នាំ២០១៨ដែលបានអនុវត្តកន្លងមក និងទិសដៅនាខែបន្ទាប់ទៀត និងពិភាក្សាដាក់ជាទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំថ្មី ឆ្នាំ២០១៩នេះ។ 

ដោយមានការចាត់តាំងពីឯកឧត្តមប្រធានវិទ្យាស្ថាន លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំបន្តនាព្រឹកថ្ងៃសុក្រនេះ ដោយបានផ្តោតការពិភាក្សាទៅលើការប្រមូលគំនិតយោបល់ពាក់ព័ន្ធនឹងការងារក្នុងវិស័យសិល្បៈទស្សនីយភាពខ្មែរ។ កិច្ចពិភាក្សានាព្រឹកនេះ គឺយោងតាមស្មារតីនៃកិច្ចប្រជុំកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ការពិភាក្សាបានផ្តោតទៅលើបញ្ហាសំខាន់២ ហើយអង្គប្រជុំបានសម្រេចថា៖

១. នឹងរៀបចំបង្កើតគម្រោងស្រាវជ្រាវ សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យសិល្បៈទស្សនីយភាពសម្រាប់សម្តែងនៅអាគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា នាពេលខាងមុខ។ 

២. នឹងរៀបចំផែនការសកម្មភាព ក៏ដូចជាជំនួបជាមួយអ្នកជំនាញសិល្បៈទស្សនីយភាព ពិភាក្សារកគំនិតចម្បងៗ ក្នុងនោះមានលោកស្រី ឈន នីបុរាណ ដែលជាគ្រូបង្ហាត់របាំបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ និងអ្នកជំនាញនៅតាមបណ្តាអង្គការនានាដែលពាក់ព័ន្ធវិស័យសិល្បៈទស្សនីយភាពផងដែរ ដើម្បីស្វែងយល់ពីលក្ខណៈបច្ចេកទេស និងរកមធ្យោបាយជម្រុញឱ្យវិស័យសិល្បៈទស្សនីយភាពខ្មែរទទួលបានការគាំទ្រកាន់តែទូលំទូលាយពីសាធារណជនបន្ថែមទៀត។

កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ បន្តស្មារតីអង្គប្រជុំកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅឯសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា។

RAC Media


2019-01-04 09:48:38   ថ្ងៃសុក្រ, 04 មករា 2019 ម៉ោង 04:48 PM

សេចក្តីប្រកាស

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទានុក្រមកសិកម្ម និងក្បាលលិខិតរបស់រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២១

ថ្ងៃអង្គារ, 31 សីហា 2021 ម៉ោង 08:46 PM

ចុចមើល ទាញយក