Royal Academy of Cambodia
ប្រទេស Zimbabwe បានប្រកាសប្រើប្រាស់រូបិយបណ្ណផ្លូវការរបស់ខ្លួន ក្រោយពីប្រទេសចិនបានប្រកាសលុបបំណុលដែល Zimbabwe សងក្នុងឆ្នាំនេះ។ ការប្រើប្រាស់លុយយ៉ន់នេះនឹងជួយសម្រួលដល់ពាណិជ្ជកម្មរបស់ Zimbabwe និងប្រទេសចិន។
ប្រទេស Zimbabwe បានប្រកាសប្រើប្រាស់រូបិយបណ្ណផ្លូវការរបស់ខ្លួន ក្រោយពីប្រទេសចិនបានប្រកាសលុបបំណុលដែល Zimbabwe សងក្នុងឆ្នាំនេះ។ ការប្រើប្រាស់លុយយ៉ននេះនឹងជួយសម្រួលដល់ពាណិជ្ជកម្មរបស់ Zimbabwe និងប្រទេសចិន។
រូបិយបណ្ណ យ៉ន់ ជារូបិយបណ្ណទី៣ដែលប្រទេស Zimbabwe ចាប់ផ្តើមប្រើប្រាស់ដែលមានដុល្លារអាម៉េរិក និងរូបិយបណ្ណ រ៉េន របស់អាហ្រិ្វកខាងត្បូង។ ប្រទេស Zimbabwe បានបោះបង់ឈប់ចាយរូបិយបណ្ណរបស់ប្រទេសខ្លួនក្នុងឆ្នាំ២០០៩ ក្រោយពីរូបិយបណ្ណប្រទេស Zimbabwe បានកើនអតិផរណា ៥០០ពាន់លានភាគរយ។ បាតុភូតរបៀបនេះហៅថា ដុល្លារូបនីយកម្ម (Dollarization) ដែលប្រទេសរងគ្រោះដោយអភិអតិផរណា (Hyperinflation) បានបោះបង់រូបិយបណ្ណរបស់ប្រទេសខ្លួន ហើយប្រើរូបិយបណ្ណដែលមានស្ថិរភាព (Stable Currency) ដូចជាដុល្លារដើម្បីប្រឆាំងអតិផរណា។ បាតុភាពនេះក៏បានកើតឡើងចំពោះសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងដើមទសវត្សរ៍ទី៩០ ដែលពេលនោះអភិ-អតិផរណារបស់កម្ពុជាប្រមាណ ៣០០% និងការហូរចូលនៃដុល្លារពីការចំណាយជាដុល្លាររបស់ UNTAC សម្រាប់ការបោះឆ្នោត ក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស ប៉ុន្តែកម្ពុជាអាចរក្សាប្រាក់រៀលរបស់ខ្លួនរហូតដល់សព្វថ្ងៃ ទោះបីអត្រាដុល្លារូបនីយកម្មមានកម្រិតខ្ពស់ក៏ដោយ។
កត្តាដែលនាំឱ្យអភិអតិផរណា (Hyperinflation) របស់ Zimbabwe បណ្តាលមកពីវិបត្តិសេដ្ឋ-កិច្ចនិងការចំណាយរដ្ឋាភិបាលច្រើនហួសហេតុ ដូចជាការចូលសង្រ្គាមនៅ Congo បានបណ្តាលឱ្យប្រទេស Zimbabwe បានបោះពុម្ពលុយរូបិយបណ្ណដ៏សន្ធឹកសន្ធាប់ដែលបណ្តាលឱ្យមានអតិផរណាឡើង ៧៨ពាន់លាន% ក្នុងឆ្នាំ២០0៨។
ការប្រើប្រាស់លុយយ៉ន់របស់ Zimbabwe នេះមិនទាន់បានអនុញ្ញាតិជាសាធារណៈទេ គឺអនុញ្ញាតិនៅត្រឹមការដោះដូរពាណិជ្ជកម្មជាមួយនឹងចិន។
ក្នុងទ្រឹស្តី ដុល្លារូបនីយកម្ម (Dollarization) ការប្រើប្រាស់រូបិយបណ្ណអន្តរជាតិជា Legal Tender បានផ្តល់គុណសម្បតិ្ត និងគុណវិបត្តិ។ គុណសម្បត្តិ មានដូចជា ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ជួយសម្រួលការដោះដូរពាណិជ្ជកម្មនិងវិន័យក្នុងចំណាយរដ្ឋាភិបាលដែលមិនអាចបោះលុយស្រេចតែអំពើចិត្ត។ គុណវិបត្តិមានដូចជា បាត់បង់គោលនយោបាយ រូបិយវត្ថុនិងអត្រាប្តូរប្រាក់ (Monetary and Exchange Rate Policy) និងរងឥទ្ធិពលគោលនយោបាយនិងឥទ្ធិពលខាងក្រៅ របស់ប្រទេសម្ចាស់រូបិយវត្ថុ។ ចំពោះគុណវិបត្តិនៃគោលនយោបាយរូបិយវត្ថុជាក់ស្តែងដូចប្រទេសកម្ពុជា មិនអាចទម្លាក់ការប្រាក់របស់ខ្លួន ឱ្យនៅក្រោម ១០ភាគរយបាន ដោយសារធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមិនអាចខ្ចីកម្ចីជាដុល្លារពីធនាគារជាតិកម្ពុជាក្នុងអត្រាការប្រាក់ទាបដែលតម្រូវឱ្យធនាគារនៅកម្ពុជាខ្ចីក្រៅប្រទេសដែលមានការប្រាក់ខ្ពស់ ហើយបន្តកម្ចីការប្រាក់ខ្ពស់ប្រជាជនកម្ពុជា។ (ជាទូទៅ ធនាគារពាណិជ្ជអាចខ្ចីពីធនាគារកណ្តាលដែលអាចឱ្យធនាគារកណ្តាលមានគោលនយោបាយអត្រាការប្រាក់)។ ជាងនេះទៅទៀត ប្រទេសដែលមានដុល្លារូបនីយកម្មខាតបង់ seigniorage ដែលជាចំណូលបានមកពីការបោះលុយក្នុងអត្រាមួយដែលអាចរក្សាស្ថិរភាពអតិផរណា៕
បញ្ហាសំណេរភាសាខ្មែរ ជាពិសេសបញ្ហាអក្ខរាវិរុទ្ធ បានក្លាយជាប្រធានបទក្តៅមួយតាមបណ្តាញសង្គម កាលពីសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីមានការបង្ហាញពីសំណេរឈ្មោះប្រទេសមហាអំណាចមួយ នៅក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃ៣០ ខែមេសា កន្លងទៅថ្មីៗនេះ។ មានមតិមហាជនជាច្រើនបានចូលរួមចំណែកជជែកវែកញែក បង្ហាញទឡ្ហីករណ៍ និងលើកហេតុផលមកបញ្ជាក់។
«យើងក៏សប្បាយចិត្ត ដោយមើលឃើញថាប្រជាជនខ្មែរចាប់ផ្តើមឈឺឆ្អាលនិងស្រឡាញ់ភាសាជាតិរបស់ខ្លួន ដោយមានការរិះគន់ពីបញ្ហាអក្ខរាវិរុទ្ធនាពេលកន្លងមក។» នេះ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ មានប្រសាសន៍នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃអង្គារ ៤កើត ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ព្រឹកមិញនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ស្ថាប័នរដ្ឋ និង ឯកជនច្រើន បានពឹងផ្អែកលើវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត សម្រាប់ផ្ទៀងផ្ទាត់សំណេរអក្ខរាវិរុទ្ធ ល្គឹកណាមិនទាន់មានវចនានុក្រមភាសាខ្មែរថ្មីដែលមានការឯកភាពគ្នាស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នប្រជុំដោយអ្នកសិក្សាស្រាវជ្រាវមានច្រើនជំនាញ ច្រើនវិស័យពីស្ថាប័នរដ្ឋនិងឯកជនផ្សេងៗគ្នា។ ក្នុងនាមស្ថាប័នសិក្សាស្រាវជ្រាវភាសាខ្មែរ ការប្រើប្រាស់វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោលសំខាន់សម្រាប់ការងារបង្កើតបច្ចេកសព្ទថ្មី។ ចំណែករឿងអក្ខរាវិរុទ្ធ នោះជាបញ្ហាមួយ តែអ្វីដែលចាំបាច់បំផុតនោះ គឺខិតខំស្រាវជ្រាវបង្កើតពាក្យថ្មីឱ្យបានច្រើនដើម្បីបំពេញទៅតាមសេចក្តីត្រូវការអ្នកប្រើប្រាស់ដែលខាងក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវធ្វើ ដោយសុំមិនមានការកែទម្រង់ច្រើនទេ គឺយកតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោលដូចគ្នា។
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានរំឭកផងដែរពីការផ្ដើមបង្កើត«ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា (ហៅកាត់ថា ក.ជ.ភ.ខ.)» ព្រមទាំងសមិទ្ធផលដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានប្រឹងប្រែងបង្កើតឡើងប្រាប់ដល់អ្នកសារព័ត៌មានថ្មីៗ (ThmeyThmey) និង សារព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) កាលពីព្រឹកមិញនេះ។ បើយើងក្រឡេកទៅមើលប្រទេសជិតខាងយើង គឺប្រទេសថៃនិងប្រទេសឡាវ យើងឃើញថាគេប្រើប្រាស់វិធីខុសពីយើងក្នុងការបង្កើតពាក្យ ដោយគេប្រើភាសាសំស្ក្រឹតជាគោល ចំណែកយើងប្រើភាសាបាលីជាគោល។ ជាការពិត យើងតែងមានទំនាស់ក្នុងការបង្កើតពាក្យ ដោយការប្រើប្រាស់គោលការណ៍ខុសៗគ្នា ហើយកន្លងមកក្រុមប្រឹក្សាជាតិភាសាខ្មែរប្រឹងប្រែងសម្របសម្រួល ទើបរាជរដ្ឋាភិបាលសម្រេចឱ្យយកវចនានុក្រមខ្មែរ (ការផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពគ្រាទី៥ នៅឆ្នាំ១៩៦៧-៦៨) ដែលមហាជនភាគច្រើនតែងស្គាល់និងនិយមហៅថា «វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត» ជាគោលក្នុងការបង្កើតពាក្យថ្មី»។ លោកបន្តថា «ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះយើងមិនយកតាមតែភាសាបាលីតែម្យ៉ាងទេ ដោយហេតុថាក្នុងភាសាខ្មែរយើងមានផ្នត់ច្រើនក្នុងការបង្កើតពាក្យថ្មី។ ទន្ទឹមនឹងនោះ យើងក៏យកតាមខេមរយានកម្មផងដែរ។»
លោកបានបញ្ជាក់បន្ថែមទៀតថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ មានគណៈកម្មការបច្ចេកសព្ទចំនួន១៧ ទៅតាមមុខជំនាញដែលធ្វើការរៀងខ្លួន បែងចែកជាក្រុមក្នុងការសិក្សាពីការបង្កើតពាក្យតាមជំនាញរៀងនីមួយៗ។ ក្រោយពីគណៈកម្មការបច្ចេកសព្ទតាមជំនាញបានជជែកពិភាក្សាវែកញែកបង្កើតបានពាក្យថ្មីហើយ យើងតែងមានការប្រជុំរួមដើម្បីឆ្លងនិងអនុម័តនៅក្រុមប្រឹក្សាជាតិភាសាខ្មែរនៅរៀងរាល់ថ្ងៃអង្គារនិងថ្ងៃពុធ មុននឹងធ្វើការផ្សព្វផ្សាយនៅលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួននិងនៅលើបណ្តាញផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា (RAC Media)។
សូមបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានប្រជុំអនុម័តបច្ចេកសព្ទថ្មីៗ បានប្រមាណចំនួនជាង ២៥០០ពាក្យហើយ។ ចំណែកពាក្យសម្រាប់មហាជនប្រើប្រាស់ជាទូទៅវិញ ក្រុមប្រឹក្សាជាតិភាសាខ្មែរ កំពុងប្រមូលពាក្យដែលប្រើប្រាស់ជាប្រចាំដោយដាក់ទៅតាមក្រុមន័យ ហើយការងារនេះបានកំពុងដំណើរការមកបានជាង១ឆ្នាំហើយ ដោយប្រមូលបានប្រហែល៤០០០ពាក្យ។
ជាចុងក្រោយឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ស្នើឱ្យខាងសារព័ត៌មានទាំងអស់ មិនថាតែសារព័ត៌មានថ្មីៗ(ThmeyThmey) និងសារព័ត៌មានសំឡេងប្រជាធិបតេយ្យ(VOD) ប៉ុណ្ណោះទេ សូមចូលរួមសហការផ្សព្វផ្សាយនិងលើកតម្កើងភាសាជាតិខ្មែរយើង ជាពិសេសគឺត្រូវចាប់អារម្មណ៍មែនទែនចំពោះអនាគតនៃភាសាជាតិ ព្រោះបើកាលណាពាក្យបង្កើតហើយមិនមានអ្នកប្រើទេ គឺពាក្យឬភាសានោះនឹងស្លាប់។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា «យើងស្វាគមន៍រាល់ការចូលរួមបង្កើតពាក្យថ្មីពីមជ្ឈដ្ឋានខាងក្រៅ រួមទាំងការរិះគន់ពីមហាជនដែលជាអ្នកប្រើប្រាស់ភាសាទាំងអស់។ នៅថ្ងៃមុខ យើងមានគម្រោងថានឹងមានការរៀបចំសិក្ខាសាលាអំពីឈ្មោះប្រទេស រាជធានី/ខេត្ត ពីភាសាបរទេសទៅជាភាសាខ្មែរ និង ពីភាសាខ្មែរទៅបរទេស ហើយយើងគ្រោងបង្កើតកម្មវិធី(Application)ដើម្បីផ្សព្វផ្សាយសទ្ទានុក្រមដែលយើងបង្កើតបាន។ លើសពីនេះ យើងនឹងមានចេញផ្សាយវចនានុក្រមខ្មែរថ្មីមួយនៅឆ្នាំ២០២២ ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាល៕
RAC Media | ម៉ៅ សុគន្ធា
(ប្រភពរូបភាព៖ https://sopheak.wordpress.com/2015/11/30)
៧-២-សុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់ (១)
ដោយផ្អែកតាមបណ្ណសារស្តីពី«បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨)»[១]នេះ នៅក្នុងពិធីសម្ពោធមាន សុន្ទរកថាចំនួន៤របស់ចាងហ្វាងរាជការក្រុមមឿង (សាលាក្រុងភ្នំពេញ), រេស៊ីដង់ជាន់ខ្ពស់, ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ និងចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាមចាស់។ សុន្ទរកថារបស់ចាងហ្វាងរាជការក្រុមមឿងបានបង្ហាញនៅក្នុងភាគទី៧ វគ្គទី១រួចហើយ។ សម្រាប់ភាគទី៧ វគ្គទី២នេះ សូមបង្ហាញសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំង បានចាប់ផ្តើមដោយការអធិប្បាយរបស់គាត់មុននឹងថ្លែងសុន្ទរកថា ដែលមានខ្លឹមសារដើម ដោយមានការកែសម្រួលមួយចំនួន ដូចខាងក្រោម៖
ក-សេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់[២]
សេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់ មានខ្លឹមសារដូចតទៅ៖ ដល់ធ្វើពិធីបុណ្យរួចស្រេចហើយ លោក បូដូវាំង ដែលនៅលើខឿនវិមាន ហើយដែលមានព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ, លោក សាសសាំង, ប៉ាទ្រី, សម្តេចក្រុមព្រះៗកែវហ្វាមុនីវង្ស, លោក ឌូក្វាំង, អ្នកឧកញ៉ាវាំងវរៈវៀងជ័យជួន, លោកសង្ឃរាជបារាំង ប៊ូស៊ុយ និងគ្រូពេទ្យ វ៉ាល់ឡេត៍ នៅអមជុំវិញផង នោះលោក បូឌូវាំង ក្រោកឈរឡើងដើម្បីសូត្រសេចក្តីអធិប្បាយរបស់លោក។
គេមើលទៅឃើញ លោករេស៊ីដង់ជាន់ខ្ពស់ រំជួលក្នុងចិត្តជាខ្លាំង។ ឯសេចក្តីរំជួលយ៉ាងនេះក៏ងាយនឹងយល់ ត្បិតលោកបានស្គាល់ជាច្រើនក្នុងពួកជំទង់ ដែលលោករៀបនឹងអធិប្បាយអំពីសេចក្តីដែលជំទង់នោះរងទុក្ខវេទនាជាយូរហើយមរណៈទៅ និងអំពីផលបុណ្យប្រសើររបស់ជំទង់ទាំងនោះ។ ប៉ុន្តែដល់ចេញអធិប្បាយទៅ លោកក៏បានអធិប្បាយសំឡេងឮច្បាស់ជាប្រាកដ។
ដល់បានអធិប្បាយស្តាយ២ម៉ាត់៣ម៉ាត់ អំពីលោកគូវែរណឺរ យេណេរ៉ាល់[៣] ដែលពុំបានអញ្ជើញមកដោយមានរវល់នៅក្រុងតុងកឹងនោះ លោករេស៊ីដង់ជាន់ខ្ពស់ បាននិយាយរៀបរាប់ពីការដែលជាងរចនាឈ្មោះ ឌូក្វាំង(Ducoing)បានធ្វើ ហើយលោកមានសេចក្តីសរសើរជាច្រើន។ ស្រេចហើយលោកចាប់អធិប្បាយអំពីគំនិតជាងរចនាដ៏ប្រសើរនេះ គឺគំនិតដែលបណ្តាលនាំឱ្យធ្វើវិមាននេះឡើង ដែលជាការនាំឱ្យសាសន៍ទាំង២ ចូលរួបរួមគ្នាពុំគប្បីញ៉ែកចេញបានឡើយ ព្រមទាំងសេចក្តីកតញ្ញូដឹងគុណដល់បុគ្គលដែលស៊ូដល់នៅសេចក្តីស្លាប់ ដើម្បីស្រោចស្រង់សេចក្តីចេះដឹងក្នុងជំពូទ្វីបមនុស្សយើង ហើយនឹងសេចក្តីដែលសាសន៍ទាំងអស់គ្នាត្រូវរួចខ្លួនធ្វើអ្វីបានតាមចិត្ត។
ស្រេចហើយទើបមានសេចក្តីសរសើរជាច្រើនដល់នគរបារាំងសែស។ ឯនគរបារាំងសែសមានគំនិតឈ្វេងយល់ឃើញថាសេចក្តីដែលបញ្ចុះបញ្ចូលដោយសង្កត់សង្កិនបង្ខំនេះ ជាការពុំគួរមានឡើយ។ ប៉ុន្តែគប្បីមានការបញ្ចុះបញ្ចូលចិត្តឱ្យបានយល់ ទើបប្រសើរជាង។ នៅនគរខ្មែរក្តី នគរឆ្លងសមុទ្រ[៤] ឯទៀតដែលនៅក្នុងអាណាព្យាបាលបារាំងក្តី នគរបារាំងសែសបានធ្វើយ៉ាងដូច្នេះឯងទាំងអស់ លើបណ្តារាស្ត្រទាំងអម្បាលម៉ាន នគរបារាំងសែសនាំសេចក្តីសុខដល់ពពួកក្រុមក្នុងរបៀបរៀបរយ និងសុខក្សេមក្សាន្តឥតមានបង្ខំអ្វីឡើយ ព្រោះបានកាន់នៅសេចក្តីមេត្តាករុណា សេចក្តីឱ្យរួចខ្លួនទីទៃៗ ហើយនឹងសេចក្តីសប្បុរសដែលបានប្រព្រឹត្តលើនគរទាំងអស់។ នៅស្រុកខ្មែរអំពីដើមមានទ័ពពីប្រទេសក្រៅចូលមកលុកក្នុងនគរ ហើយនិងមានច្បាំងគ្នាក្នុងស្រុកជាច្រើនរយឆ្នាំ ឥឡូវនគរបារាំងសែស បានធ្វើឱ្យបានសេចក្តីសុខ និងបានស្តារប្រទេសឡើងវិញបន្ទាប់ពីទទួលរងការខូចខាតពីសម័យមុន។ រាល់ថ្ងៃនគរបារាំងសែសធ្វើឱ្យចម្រើនពីការដែលរកឃើញក្នុងវិស័យវេជ្ជសាស្ត្រ ដើម្បីបំបាត់រោគឆ្លង ដែលបណ្តាលឱ្យមរណភាពជាច្រើនក្នុងស្រុកពីដើម។ ក្រៅអំពីការទាំងនេះ នគរអាណាព្យាបាលបានចាត់ចែងថែរក្សាប្រាសាទក្បាច់រចនា ជាកេរដំណែលសេចក្តីចេះដឹងនៃជាតិខេមរៈពីដើម ហើយបានរក្សាសេចក្តីជឿរបស់រាស្ត្រក្នុងទំនុកបម្រុងឱ្យនៅដូចដើម។ សេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់ ចប់ត្រឹមនេះ។
គួររំលឹកថា លុះបានអធិប្បាយទូន្មានពន្យល់ដល់បណ្តាពួកជំទង់ដែលត្រូវតែធ្វើការជាតំណពីរបស់បុគ្គលដែលស្លាប់នោះតទៅទៀតនោះ លោករេស៊ីដង់ជាន់ខ្ពស់ បានសម្តែងបញ្ចប់សេចក្តីអធិប្បាយរបស់លោក ហើយលោកបាននិយាយនឹកគុណដល់អ្នកដែលស្លាប់ក្នុងនគរទាំង២ នេះម្តងទៀត ដោយសេចក្តីនឹកគុណពីកិរិយាដ៏ប្រសើរ និងសេចក្តីដែលបុគ្គលទាំងនេះបានស៊ូយ៉ាងដូច្នេះ បណ្តាជននៅឯក្រោយគង់មានចិត្តចាំពុំភ្លេចតាំងពីនេះតទៅ។ បុគ្គលទាំងនេះជាអ្នកនាំផ្លូវ ដែលបណ្តាជននៅឯក្រោយគង់មានចិត្តចាំពុំភ្លេចតាំងពីនេះតទៅ។ បុគ្គលទាំងនេះជាអ្នកនាំផ្លូវ ដែលបណ្តាជននៅឯក្រោយជាតំណ និងយកតម្រាប់តាមក្នុងគ្រាក្រីក្រ។
សេចក្តីបរិយាយខ្លីនេះមិនពេញបរិបូរណ៍ទេ។ លុះបានអធិប្បាយហើយ លោករេស៊ីដង់ជាន់ខ្ពស់ បាននិយាយអំពីនយោបាយបារាំង ដែលនាំឱ្យនគរបារាំងសែសហ៊ាននិយាយអួតថា បានធ្វើឱ្យបណ្តាជនស្រុកខ្មែរចូលចិត្តគ្រប់គ្នាទាំងអស់។
(សូមរង់ចាំអានភាគបន្ត!)
------------------------------------
[១] បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥, ទំព័រ៨២-៨៨។
[២] គួររំលឹកថា មុននឹងមានអត្ថាធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់ គេបានបើកក្រណាត់គ្របវិមានចេញ ហើយគេបានចែកទង់ជ័យឱ្យពួកទាហានពិជ័យសង្គ្រាមដែលមាននៅក្នុងទឹកដីក្រោមការគ្រប់គ្រងរបស់បារាំងទាំងប៉ុន្មាន។ នៅវេលាដែលលោករេស៊ីដង់ជាន់ខ្ពស់ កំពុងតែចែកទង់ជ័យនោះ លោកសក្កិ៥(បូរ៉ែល) ជាអ្នកនាយកស្តីទីទ័ព ចំណែកខាងស្រុកកូសាំងស៊ីននិងស្រុកខ្មែរ ចាត់ចែងបង្គាប់ឱ្យពួកទាហានគំនាប់។
[៣] លោកគូវែរណឺរយេណេរ៉ាល់(Gouverneur Général) គឺលោកអគ្គទេសាភិបាលឥណ្ឌូចិនដែលគ្រប់គ្រងលើរដ្ឋ៥: កូសាំងស៊ីន, កម្ពុជា, អណ្ណាម, តុងកឹង និងឡាវ។
[៤] នគរឆ្លងសមុទ្រគឺ«ទឹកដីឯនាយសមុទ្រ»(Territoire d’Outre-Mer/Overseas Territory) នៅក្រោមការគ្រប់គ្រងរបស់បារាំង។
នៅថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩ៈ០០ នាទីព្រឹក ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីការពារគម្រោងលម្អិតនិក្ខេបបទថ្នាក់បណ្ឌិត ជូនបេក្ខបណ្ឌិត សៀង ឯមទទឹម ជំនាញ អក្សរសិល្ប៍ (ជំនាន់ទី២ វគ្គ១) លើប្រធានបទ «វិភាគទាននៃតម្លៃអប់រំក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរដល់វប្បធម៌សន្តិភាពនៅកម្ពុជា»។ ប្រធានបទនេះ ដឹកនាំដោយសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន។
ជាលទ្ធផល គណៈកម្មការវាយតម្លៃបានអនុញាតឱ្យ បេក្ខបណ្ឌិត សៀង ឯមទទឹម ធ្វើការស្រាវជ្រាវលើប្រធានរបស់ខ្លួនបន្តទៀត។
ដោយ៖ សេង មាន
ដោយការស្រឡាញ់ និងចូលចិត្តប្រទេសកម្ពុជា លោក Love Englund នាយកក្រុមហ៊ុន The Room Design Studio និងក្រុមគ្រួសារ បានចូលមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៤ និងបានធ្វើដំណើរទៅកាន់ខេត្តជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា។ នាពេលកន្លងទៅថ្មីៗនេះ លោក Love Englund និងក្រុមគ្រួសារ បានទៅកំសាន្តនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប ដែលមានទីតាំងនៅក្នុងឃុំឆែប២ ស្រុកឆែប នៃខេត្តព្រះវិហារ ហើយលោកក៏បានទៅទស្សនានៅភូមិលំនៅគំរូ ដែលរាជបណ្ឌិត្យសភាកម្ពុជាបានកំពុងតែរៀបចំជូនពលរដ្ឋដែលរស់នៅជិតបរិវវេណនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប។
នៅក្នុងឱកាសនៃការធ្វើដំណើរកំសាន្តរបស់លោកទៅកាន់តំបន់ឧទ្យានឫស្សីត្រឹបនោះ ដោយយល់ឃើញថា ប្រជាពលរដ្ឋដែលរស់នៅជិតឧទ្យានមានការខ្វះខាតអណ្តូងទឹកប្រើប្រាស់ ជាពិសេសភូមិឋានគំរូដែលរាជបណ្ឌិត្យសភាកម្ពុជា កំពុងរៀបចំរចនាសម្ព័ន្ធភូមិឋានថ្មី ជូនពលរដ្ឋនោះ នៅមានការខ្វះខាតច្រើន ហេតុនេះ លោក Love Englund និងក្រុមគ្រួសារក៏បានសម្រេចផ្តល់ជាអណ្តូងទឹកចំនួន ៣ សម្រាប់ពលរដ្ឋប្រើប្រាស់ ដោយគិតជាទឹកប្រាក់មានចំនួន ៥៤០០ដុល្លារសហរដ្ឋអាម៉េរិក (ប្រាំពាន់បួនរយដុល្លារអាម៉េរិក)។
មុនត្រឡប់មកវិញ លោក Love Englund ក៏បានសន្យាថាលោកនឹងជ្រោមជ្រែងការអភិវឌ្ឍនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប ជាពិសេស ការអភិរក្សព្រៃឈើ និងការដាំដើមឈើឡើងវិញក្នុងបរិវេណរបស់ឧទ្យាន។
RAC Media | ស៊ឺន សម
កាលពីថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍ បានចំនួន០៤ពាក្យ ដូចខាងក្រោម៖
ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយរបស់ចិន ដែលទំនាក់ទំនងនេះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ក្នុងរូបភាពកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។ តែទោះបីជាយ៉ាងនេះក្ដី មានការលើកឡើងជាកង្វល់និងដាក់ការសង្ស័យជាច្រើន អំពីជំនួយនិងកម្ចីរបស់ចិន ដែលអាចនាំឱ្យមានការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច ធនធានប្រទេស និងអាចឈានដល់ការធ្លាក់នៅក្នុងអន្ទាក់បំណុលរបស់ចិន ដូចបណ្ដាប្រទេសមួយចំនួន។
ជាការពិតណាស់ ការព្រួយបារម្ភគឺជារឿងធម្មតាមួយ ដែលមិនគួរត្រូវបានច្រានចោលទាំងស្រុងនោះឡើយ ប៉ុន្តែការបំផុសបំផុលឱ្យមានការភ័ន្តច្រឡំ ឬធ្វើឱ្យសាធារណមតិមានការជ្រួលច្របល់នោះ ពិតជាមិនគួរកើតមាននោះឡើយ។ ការប្រៀបធៀបករណីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន ទៅនឹងករណីប្រទេសមួយចំនួន ក្នុងករណីកសាងទំនប់វារីអគ្គិសនី ក៏ដូចជាការលើកឡើងថា កម្ពុជាអាចក្លាយទៅជាកូនបំណុលរបស់ចិនរហូតដល់លក់កំពង់ផែរបស់ប្រទេសខ្លួននោះ ពិតជាមិនត្រឹមត្រូវនោះឡើយ។
ក្នុងន័យនេះហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងក្នុងកិច្ចពិភាក្សាតុមូលនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ថា កម្ពុជាត្រូវការអភិវឌ្ឍន៍ដោយផ្អែកលើមូលដ្ឋានសន្តិភាព ហើយដើម្បីមានសន្តិភាព គឺត្រូវមាន អីហូប ដែលតម្រូវឱ្យមានការកសាងទំនប់វារីអគ្គិសនី ដើម្បីផ្គត់ផ្គង់តម្រូវការអគ្គិសនីជាប្រភពថាមពលសម្រាប់បម្រើដល់ដំណើរការសេដ្ឋកិច្ចកម្ពុជា ហើយដែលនេះប្រាកដណាស់ គឺត្រូវការកាប់ព្រៃឈើក្នុងចំនួនកំណត់ណាមួយ (ដើម្បីសម្អាតបាតអាងវារីអគ្គិសនី)។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាពកម្ពុជា បានលើកឡើងថា «អ្នកដែលបំផ្លាញបរិស្ថានធំជាងគេគឺមហាអំណាច តែបែរជាស្រែកមិនឱ្យប្រទេសតូចកាប់បំផ្លាញព្រៃឈើ ហើយនៅពេលដែលហៅចូលប្រជុំរឿងបរិស្ថាន បែរនាំគ្នាដើរចេញអស់»។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា «បើ[មហាអំណាច]មិនចង់ឱ្យប្រទេសតូចៗកាប់ព្រៃឈើ ត្រូវឱ្យលុយដល់ប្រទេសទាំងនោះ គឺទិញដើមឈើទាំងនោះទុកឱ្យហើយ កុំឱ្យគេកាប់។ មិនមែនខ្លួនឯងបំផ្លាញបរិស្ថានដើម្បីមានបាន ហើយមិនឱ្យប្រទេសតូចៗខិតខំដើម្បីមានបាននោះទេ។ គេត្រូវការអភិវឌ្ឍប្រទេស បើប្រទេសមិនអភិវឌ្ឍតើមានសន្តិភាពឬទេ? បើគ្មានអ្វីហូប តើមានសន្តិភាពឬទេ?»
ទាក់ទងនឹងការលើកឡើងអំពីកង្វល់និងការដាក់ការសង្ស័យករណីកម្ចីរបស់ចិន អាចធ្វើឱ្យការបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច និងធនធានប្រទេស និងអាចឈានដល់ការធ្លាក់នៅក្នុងអន្ទាក់បំណុលរបស់ចិននោះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងដោយសង្កត់ធ្ងន់ថា «[...] សូមកុំប្រៀបធៀប! កម្ពុជាជារបស់កម្ពុជា មិនអាចប្រៀបធៀបទៅនឹងប្រទេសណាមួយបាននោះទេ។ កម្ពុជានៅតែជាប្រទេសដែលទន់ភ្លន់នៅក្នុងនយោបាយការបរទេស ព្រោះជាប្រទេសទន់ខ្សោយហើយតូច។ ដូច្នេះអ្នកណាផ្ដល់ផលប្រយោជន៍ ត្រូវតែងាកទៅទីនោះ»។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា រឿងនេះមិនខុសពីទំនាក់ទំនងរវាងអាមេរិកនិងប្រទេសមជ្ឈឹមបូព៌ាមួយចំនួននោះទេ ដែលតាមច្បាប់សាសនារបស់ប្រទេសទាំងនោះ គឺបានបិទសិទ្ធិសេរីភាពរបស់នារី ក៏សហរដ្ឋអាមេរិកមិនអាចទៅនិយាយអំពីប្រជាធិបតេយ្យនោះដែរ។
លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់បន្ថែមថា គេមិនអាចប្រៀបធៀបកម្ពុជាដែលចាប់ចិន ទៅនឹងប្រទេសដែលបាត់បង់ធនធានធម្មជាតិឬជាប់បំណុលចិនបាននោះទេ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានស្រាយបញ្ជាក់ថា «[...] ខុសគ្នាឆ្ងាយណាស់ ព្រោះសម្ដេចតេជោ កសាងប្រទេសពីបាតដៃទទេ ខុសពីអ្នកទាំងនោះដែលកសាងពីមានផ្ទះទៅអត់ផ្ទះ ប៉ុន្តែមនុស្សនេះ កសាងពីអត់ផ្ទះ មកមានផ្ទះ អគារ៤២ជាន់។ វាខុសគ្នា។ អញ្ចឹងដឹងផ្លូវដើរ អាក្រក់យ៉ាងម៉េចហើយ បើមនុស្សមិនដែលក្រ បានវាពិបាក ដឹងតែពេលមាន ដល់ពេលក្រពិបាក [...]»
ចំណុចមួយផ្សេងទៀត ដែលឯកឧត្ដមបណ្ឌិតសភាចារ្យអះអាងថា កម្ពុជានឹងមិនមានវាសនាដូចប្រទេសទាំងនោះក៏ព្រោះតែ មេដឹកនាំប្រទេសកម្ពុជា មិនចាប់ដៃ(ធ្វើកិច្ចសហប្រតិបត្តិការ) តែជាមួយចិននោះទេ ដោយសម្ដេចតេជោបានចាប់ដៃជាមួយនឹងលោក ដូណាល់ត្រាំ ចាប់លោកពូទីន និងចាប់មេដឹកនាំប្រទេសដទៃទៀត ដើម្បីលំនឹងនៃនយោបាយការបរទេស ដើម្បីផលប្រយោជន៍ និងដើម្បីទ្រទ្រង់សេដ្ឋកិច្ច។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្ដាំផ្ញើដល់អ្នកនយោបាយ និងប្រជាពលរដ្ឋទូទៅថា លោកសង្ឃឹមថា មិនថាអ្នកដែលនិយមខាងណាឬខាងណាមិនសំខាន់នោះទេ ប៉ុន្តែសំខាន់ត្រូវយកគំនិតទៅវិនិច្ឆ័យ ដើម្បីរកសេចក្ដីសុខ និងការអភិវឌ្ឍប្រទេសឈរនៅលើមូលដ្ឋានសន្តិភាព ដែលមិនរុញប្រទេសកម្ពុជាចូលទៅក្នុងភ្លើងសង្គ្រាមនោះឡើយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ «ប្រទេសកម្ពុជាទទួលបានការវិនិយោគពីចិនក្នុងទំហំ ច្រើនជាងអាម៉េរិក ហេតុនេះហើយទើបបានជាកម្ពុជាងាកទៅ រកចិន» នេះជាការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។ ប៉ុន្តែអ្វីដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់នោះគឺ កម្ពុជាងាកទៅរក ចិន គឺជាការងាកខាងផ្នែកសេដ្ឋកិច្ច មិនមែនងាកខាងផ្នែកនយោបាយនោះទេ ព្រោះកម្ពុជាមានការបោះឆ្នោតដ៏ទៀងទាត់ នៅរៀងរាល់អាណត្តិ ខណៈដែលសាធារណរដ្ឋប្រជាមានិតចិន ពុំមានការបោះឆ្នោតនោះឡើយ។
ក្នុងបរិបទដែលមានការឆ្លងឆ្លើយគ្នារវាងស្ថានបេសកកម្មការទូត របស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងស្ថានបេសកកម្មការទូត របស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា អំពីទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន ដែលក្នុងនោះ កម្ពុជាបានរៀបចំខ្លួនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមានការចូលរួមក្នុងគម្រោងផ្លូវមួយខ្សែក្រវាត់មួយ និងថ្មីៗនេះមានទាំងការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តកោះកុង ដែលចំណុចនេះ បែរជាបានក្លាយទៅជាពាក្យចចាមអារ៉ាមរហូតឈានដល់ថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក ចោទជាសំណួរទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការសង្ស័យអំពីវត្តមាននៃមូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន នៅលើទឹកដីកម្ពុជាថែមទៀតផង។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ការដឹកជញ្ជូនផ្លូវទឹកគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការដោះដូរពាណិជ្ជកម្មធំៗ ដែលតម្រូវឱ្យកម្ពុជាត្រូវសាងសង់កំពង់ទឹកជ្រៅ ដើម្បីអាចអនុញ្ញាតឱ្យនាវាដឹកទំនិញធុនធំចូលចតនិងបែងចែក ទំនិញនៅកំពង់ផែរបស់កម្ពុជាបាន។
ជាទស្សនៈផ្ទាល់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា សហរដ្ឋអាម៉េរិកមានភាពចាំបាច់ដែលត្រូវតែដាក់ការវិនិយោគឱ្យបានច្រើនជាងបច្ចុប្បន្ន ធ្វើយ៉ាងណាស្រូបយកចំនួនកម្លាំងពលកម្មឱ្យបានច្រើនដើម្បីជាការបង្កើនឥទ្ធិពលរបស់ខ្លួនលើកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងថា វាជា រឿងធម្មតាទេ នរណាដែលផ្ដល់ប្រយោជន៍ឱ្យកម្ពុជាច្រើនជាង កម្ពុជានឹងងាករកអ្នកនោះហើយ។
គួរបញ្ជាក់ផងដែរថា បើតាមតួលេខចេញដោយក្រសួងពាណិជ្ជកម្មកម្ពុជា ការវិនិយោគរបស់ចិននៅកម្ពុជាមានទំហំសរុបរហូតដល់ ១ ៣១០ លានដុល្លារ ស្មើនឹង៤១,៣%នៃការវិនិយោគទាំងមូលនៅកម្ពុជា។
ជាចុងក្រោយមុនបិទបញ្ចប់កិច្ចពិភាក្សាតុមូលខាងលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងជាការក្រើនរំឭកដល់យុវជននិងសាធារណជនទូទៅថា៖ «ក្នុងរូបភាពណាក៏ដោយ កម្ពុជាត្រូវតែជ្រើសយកសន្តិភាពជាធំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។ សេដ្ឋកិច្ចអាចមានស្ថិរភាពបានគឺដោយសារនយោបាយ ហើយបើគ្មានស្ថិរភាពនយោបាយនោះទេ ក៏គ្មានសកម្មភាពសេដ្ឋកិច្ចនោះឡើយ»៕
RAC Media | លឹម សុវណ្ណរិទ្ធ
ពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ក្រោមអធិបតីភាព ព្រះបាទសម្តេចស៊ីសុវត្ថិ
សូមរំឭកថា ពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ បានប្រព្រឹត្តទៅនៅក្រុងភ្នំពេញ រយៈពេល៣ថ្ងៃ គឺពីថ្ងៃសុក្រទី២៧ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យទី១ ខែមីនា ឆ្នាំ១៩២៥។ នៅក្នុងកម្មវិធីថ្ងៃសុក្រទី២៧ ខែកុម្ភៈ មានពិធីជប់លៀងជូនអតីតយុទ្ធជនចាប់ពីម៉ោង៨យប់ និងពិធីរាំកម្សាន្តនៅក្នុងសាលបុណ្យនៃសាលាក្រុងភ្នំពេញ ចាប់ពីម៉ោង១០:៣០នាទីយប់។ នៅក្នុងកម្មវិធីថ្ងៃសៅរ៍ទី២៨ ខែកុម្ភៈ មានក្បួនដង្ហែកងទ័ពចាប់ពីម៉ោង៧ព្រឹក និងការសម្ពោធ «ផ្ទាំងរំឭក»(Plaque commémorative) អំពីការស្នាក់នៅក្នុងសាលាក្រុងភ្នំពេញនៃលោកសេនាប្រមុខ សុព (Maréchal Joffre) កាលពីខែធ្នូ ឆ្នាំ១៩២១។ កម្មវិធីថ្ងៃអាទិត្យទី១ ខែមីនា ឆ្នាំ១៩២៥ គឺពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១។
ទាញយកអត្ថបទជា pdf ៖ http://rac.apppeppers.com/royal-academy/research/attachments/original/101.pdf?1556543518
បច្ចេកសព្ទចំនួន១០ ត្រូវបានអនុម័ត នៅក្នុងសប្តាហ៍ទី៣ ក្នុងខែមេសា ឆ្នាំ២០១៩នេះ រួមមាន៖
-បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ កាលពីថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី ក្នុងនោះមាន៖ ១. សហនិពន្ធន៍ ២. សហអ្នកនិពន្ធ ៣. មាលីបទ។
-បច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន០៧ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរកាលពីថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ក្នុងនោះមាន៖ ១. ប្រេកង់ / ហ្វេ្រកង់ ២. សៀគ្វីបិទ ៣. សៀគ្វីចំហ / សៀគ្វីបើក ៤. អង្គធាតុចម្លងអគ្គីសនី ៥. អ៊ីសូទ្បង់ ៦. អន្តរកម្ម ៧. អ៊ីសូទ្បង់អគ្គិសនី។
សទិសន័យ៖
១-សហនិពន្ធន៍៖ ស្នាដៃរឿងប្រលោមលោក អត្ថបទសិក្សាកថា អត្ថបទស្រាវជ្រាវ... ដែលកើតចេញពីការតែងនិពន្ធ រៀបរៀង ចងក្រង ដោយអ្នកនិពន្ធច្រើននាក់រួមគ្នា។
ឧទាហរណ៍ រឿងថៅកែចិត្តចោរ រឿងភូមិតិរច្ឆាន ជាស្នាដៃសហនិពន្ធន៍។
២- សហអ្នកនិពន្ធ អ. co-authors បារ. co-auteurs (m.) ៖ អ្នកនិពន្ធពីរឬច្រើននាក់រួមគ្នាតាក់តែងនិពន្ធ រៀបរៀង ឬចងក្រងស្នាដៃអ្វីមួយ។
ឧទាហរណ៍៖
- លោក ឌឹក គាម និង លោក ឌឿក អំ ជាសហអ្នកនិពន្ធរឿងភូមិតិរច្ឆាន។
- លោក ពៅ យូឡេង និង លោក អ៊ំ ឈឺន ជាសហអ្នកនិពន្ធរឿងថៅកែចិត្តចោរ។
៣- មាលីបទ អ. Anthology បារ. anthologie (f.)៖ កម្រងស្នាដៃអក្សរសិល្ប៍ ជាប្រលោមលោក រឿងខ្លី កំណាព្យ ចម្រៀង រឿងល្ខោន សេចក្តីដកស្រង់ជាដើម ដែលត្រូវបានជ្រើសរើសប្រមូលចងក្រងជាឯកសារមួយ ឬជាភាគទៅតាមសម័យកាលណាមួយ ដោយបង្ហាញនាមអ្នកនិពន្ធ ប្រវត្តិស្នាដៃ អត្ថន័យសង្ខេបខ្លះៗនៃស្នាដៃ។
ឧទាហរណ៍ មាលីបទដែលមានចំណងជើងថា អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី១៩ ចងក្រងដោយ ឃីង ហុកឌី បោះពុម្ពឆ្នាំ២០០៣។
៤-ប្រេកង់ / ហ្វេ្រកង់ អ. requency បារ. fréquence (f.) ៖ ចំនួនព្រឹត្តិការណ៍ដែលកើតទ្បើងដដែលៗក្នុងមួយខ្នាតពេល។
៥- សៀគ្វីបិទ អ. closed circuit បារ. circuit fermé (m.) ៖ សៀគ្វីអគ្គិសនីដែលមានចរន្តឆ្លងកាត់។
៦- សៀគ្វីចំហ / សៀគ្វីបើក អ. open circuit បារ. circuit ouvert (m.)៖ សៀគ្វីអគ្គិសនីដែលគ្មានចរន្តឆ្លងកាត់។
៧- អង្គធាតុចម្លងអគ្គីសនី អ. electrical conductor បារ. conducteur électrique (m.) ៖ សារធាតុដែលអាចឱ្យចរន្តអគ្គិសនីឆ្លងកាត់បាន។
៨- អ៊ីសូទ្បង់ អ. insulator បារ. isolant (m.)៖ សារធាតុដែលមិនចម្លងចរន្តអគ្គិសនី កម្តៅ ឬសំឡេង។
៩- អន្តរកម្ម អ. interaction បារ. interaction (f.) ៖ អំពើទៅវិញទៅមករវាងវត្ថុពីរ ឬច្រើន។
១០- អ៊ីសូទ្បង់អគ្គិសនី អ. electrical insulator បារ. isolant électrique (m.)៖ សារធាតុមិនចម្លងចរន្តអគ្គិសនី។
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM