Royal Academy of Cambodia
ភ្នំពេញ៖ នៅព្រឹកថ្ងៃទីចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវី ដែលស្ថិតនៅមុខអគារឥន្ទ្រីទេវីនៃរាជ បណ្ឌិត្យសភាកម្ពុជាផ្ទាល់ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអមជាគណៈអធិបតីដោយ ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ឯកឧត្ដមបណ្ឌិតសភាចារ្យជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យនិងឯកឧត្ដមបណ្ឌិត ឯកឧត្ដម ជាអគ្គលេខាធិការ អគ្គលេខាធិការរង និងជាប្រធានវិទ្យាស្ថានទាំង៦ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូបទៀត។
ក្នុងពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវីនេះ មានការនិមន្ត/យាងសូត្រប្រោសព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ពីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក និងព្រះតេជគុណជាសមាជិកគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសរុប ៩ អង្គផងដែរ។
នៅមុនការចាប់ផ្ដើមកម្មវិធីផ្លូវការ នៅក្នុងពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវីនេះ មានការសែនក្រុងពាលីដោយអមជាមួយរបាំថ្វាយស្ដេចក្រុងពាលី ការច្រៀងចម្រៀងបទនគររាជ ការច្រៀង និងប្រគុំភ្លេងបុរាណថ្វាយ/ជូននិងយាង/អញ្ជើញបារមីទាំងឡាយតាមជំនឿខ្មែរដូចជា ជំទាវស្រីខ្មៅ និងព្រាយក្បាលប្រាំបីជាដើម។
គួរបញ្ជាក់ផងដែរថា រូបបដិមាព្រះនាងឥន្ទ្រទេវីមានកម្ពស់១.៥៧ម៉ែត្រ និងទំហំដងខ្លួន មានទំហំប៉ុនគ្នាទៅនឹងរូបចម្លាក់ព្រះនាងនៅជាប់នឹងប្រាសាទព្រះខ័ន ដែលស្ថិតនៅក្នុងខេត្តសៀមរាប ហើយត្រូវបានសាងសង់ឡើងនៅក្រោមសំណង់បុស្បុកដែលមានទំហំ ៩ម៉ែត្រ x ៩ម៉ែត្រ និងមានទីតាំងស្ថិតនៅខាងមុខអគារឥន្ទ្រីទេវី។ ការសិតរូបបដិមាព្រះនាងឥន្ទ្រទេវីនេះ បានទទួលថវិកាឧបត្ថម្ភ ពីសំណាក់លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេងអភិវឌ្ឍន៍។
ចំណែកឯអគារឥន្ទ្រទេវី ដែលត្រូវបានកសាងឡើង ដោយទទួលបានការឧបត្ថម្ភជាថវិកាពីលោកឧកញ៉ា ពង្ស ខៀវសែ និងដែលជាអគារដែលនឹងបម្រើដល់ការបណ្ដុះបណ្ដាលធនធានបញ្ញវន្តនៅរាជបណ្ឌិត្យសភាកម្ពុជា នឹងត្រូវសម្ពោធជាផ្លូវការក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
RAC Media | លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្នុងពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវីនៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់និងរំឭកអំពីគុណបំណាច់យ៉ាងធំធេងក្នុងវិស័យអប់រំខ្មែរ របស់ព្រះនាងឥន្ទ្រទេវី ជាព្រះអគ្គមហេសីព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាក្សត្រដ៏ឆ្នើមរបស់ខ្មែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងនូវហេតុផលជាទស្សនវិជ្ជាចំនួន៥ ដែលព្រះនាងជានិមិត្តរូបនៃវិស័យអប់រំខ្មែរ គឺ៖
១. ព្រះនាងជាស្ត្រីខ្មែរទីមួយដែលបង្កើតវិស័យអប់រំ
២. ព្រះនាងជាស្ត្រីខ្មែរទីមួយដែលផ្លាស់ប្ដូរទូដាក់ចានស្រាក់ចាន ទៅជាទូសម្រាប់ដាក់សៀវភៅ ហើយព្រះនាងបានកែប្រែសាលាឆទានទៅជាបណ្ណាល័យសម្រាប់ការសិក្សា
៣. ព្រះនាងជាអ្នកផ្ដល់យោបល់និងចក្ខុវិស័យដល់ថ្នាក់ដឹកនាំជាតិ
៤. ព្រះនាងបានប្រែក្លាយទស្សនៈយល់ឃើញមួយរបស់ខ្មែរ ដែលមុនសម័យអង្គរ ខ្មែរតែងតែបានឱ្យតម្លៃនារីត្រឹមតែថា «ស្ត្រីនៅមិនឆ្ងាយពីចង្ក្រាន្ត»
៥. ព្រះនាងឥន្ទ្រទេវីបានធ្វើឱ្យមានសុខដុមនីយកម្មរវាងសាសនាព្រះពុទ្ធ និងព្រហ្មញ្ញសាសនា។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ រូបបដិមាព្រះនាងឥន្ទ្រទេវី នៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានប្រារព្ធពិធីសិត ក្រោមអធិបតីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាឧបនាយករដ្ឋមន្ត្រីជាស្ត្រីតែមួយរូបគត់ ក្នុងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅរសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចុះអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យត្រាវិញ ខេត្តត្រាវិញប្រទេសវៀតណាមដើម្បីធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា មានដូចខាងក្រោម៖
១. ការផ្លាស់ប្តូរនិស្សិត និងអ្នកសិក្សាស្រាវជ្រាវ។
២. សហការរៀបចំបង្កើតវចនានុក្រមកម្ពុជា វៀតណាម។
៣. សិក្សាស្រាវជ្រាវរួមគ្នាលើវិស័យកសិកម្ម ទេសចរណ៍ សេដ្ឋកិច្ចរវាងស្ថាប័នទាំងពីរ។
នៅពេលខាងមុខនេះ សាកលវិទ្យាល័យត្រាវិញ នឹងជួយសហការបណ្តុះបណ្តាលផ្នែកបង្កាត់ផ្កាដល់មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ហើយអ្នកឯកទេសបង្កាត់ពូជផ្កាវៀតណាម នឹងមកសិក្សាស្វែងយល់បន្ថែមពីប្រភេទផ្កាដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប។
RAC Media
កាលពីរសៀល ថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន០១ពាក្យ៖
RAC Media
ជំំនួបជាមួយអនុប្រធានមន្ទីរទេសចរណ៍ក្រុងហូជីមិញ
នៅវេលាព្រឹក ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី NGUYEN Thi Anh Hoa អនុប្រធានមន្ទីរទេសចរណ៍ក្រុងហូជីមិញ ដើម្បីសិក្សាស្វែងយល់ពីវិស័យទេសចរណ៍នៅក្នុងក្រុងហូជីមិញ នៃប្រទេសវៀតណាម។
លុះដល់ពេលរសៀល ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច និងក្រុមការងារ បានអញ្ជើញទៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ ក្រុងហូជីមិញ ដើម្បីស្វែងយល់ពីការបណ្តុះបណ្តាលក្នុងវិស័យទេសចរណ៍ក្នុងក្រុងហូជីមិញប្រទេសវៀតណាម របស់សាកលវិទ្យាល័យ។
លោកស្រី NGUYEN Thi Anh Hoa អនុប្រធានមន្ទីរទេសចរណ៍ក្រុងហូជីមិញ
សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គនិងមនុស្សសាស្ត្រ
RAC Media
តាងនាមឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយនាយក និងនាយិកាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យមើលការអនុវត្តការងាររបស់វិទ្យាស្ថាននាពេលកន្លងមក។
គោលបំណងសំខាន់ៗនៃជំនួបនោះរួមមាន៖
ទី ១. ដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថានខុងជឺ
ទី ២. អំពីកម្មវិធីជំនួបជាមួយគ្រូបង្រៀនជនជាតិចិនដែលមកថ្មី។
ក្រោយបញ្ចប់ជំនួបនោះ អគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានសូមឱ្យវិទ្យាស្ថានខុងជឺ ដែលជាវិទ្យាស្ថានចំណុះឱ្យរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់កិច្ចសហប្រតិបត្តិការកាន់ល្អបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងប្រារព្ធវកម្មវិធីខួប ១០ ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺនេះ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩ ហើយស្របពេលជាមួយគ្នានេះ វិទ្យាស្ថានក៏មានកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនដែលទើបតែអញ្ជើញមកដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៩ ផងដែរ។
សូមបញ្ជាក់ផងដែរថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០០៩ ហើយបានបណ្តុះបណ្តាលភាសាចិនដល់សិស្សានុសិស្សជាច្រើននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលជាសាខារបស់វិទ្យាស្ថានខុងជឺ។
ថ្ងៃ ពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៩។
RAC Media
រាជបណ្ឌិត្យសភាកម្ពុជាបានបន្តចែកទឹកដោះគោតេជោសែនឫស្សីត្រឹប ទឹកដោះគោនៃក្តីនៃក្តីស្រឡាញ់ ជាមួយស្នាមញញឹមនៅខ័ណ្ឌជ្រោយចង្វារកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដល់សិស្សថ្នាក់ទី៧និងទី៨ ចំនួន៦០នាក់ និង ចែកជូនទៅដល់កុមារកំព្រាដែលកំពុងស្នាក់នៅសមាគមអភិវឌ្ឍន៍គ្រួសារពលីនិងកុមារកំព្រា ដែលស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ចំនួន៥០នាក់។
លោកស្រី អ៊ុក មុនីណារុំ នាយិកាប្រតិបត្តិនៃសមាគមន៍អភិវឌ្ឍន៍គ្រួសារពលី និង កុមារកំព្រាបានឱ្យដឹងថា បច្ចុប្បន្ន សមាគមន៍មានកុមារកំព្រាចំនួន៥០នាក់ ដែលពួកគេទាំងអស់ត្រូវបានបញ្ជូនពីគ្រប់ខេត្តក្រុង អ្នកខ្លះមានតែឪពុក ខ្លះមានតែម្តាយ ខ្លះគ្មានទាំងឪពុកគ្មានទាំងម្តាយ ហើយត្រូវឪពុកម្តាយបោះបង់ចោល ហើយនៅទីនោះក្មេងៗទទួលបានការអប់រំនិងមើលថែយ៉ាងយកចិត្តទុកដាក់។ លោកស្រីបានបន្តថា លោកស្រី មានទឹកចិត្តសប្បាយរីករាយនៅពេលដែលក្មេងនៅទីនោះ សប្បាយជាមួយនឹងការសាករសជាតិទឹកដោះគោស្រស់សុទ្ធ១០០ភាគរយដែលជាផលិតផលរបស់ខ្មែរ ពោរពេញដោយស្នាមញញឹមបែបនេះ។
សូមបញ្ជាក់ផងដែរថា ទឹកដោះគោតេជោសែនឫស្សីត្រឹប គឺជាផលិតផលរបស់ខ្មែរ ដែលកើតចេញពីកិច្ចការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា គោចិញ្ចឹមនៅក្នុងខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា មិនមែនជាផលិតផលនាំចូល ឬ ចិញ្ចឹមដោយជនបរទេសនោះទេ។
ដោយ៖ សុគន្ធា
RAC Media
កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាបាននាំទឹកដោះគោតេជោសែនឫស្សីត្រឹប ទៅចែកជូនដល់សិស្សានុសិស្សថ្នាក់ទី២ដល់ថ្នាក់ទី៦ ចំនួន២១០នាក់ នៅសាលាបឋមសិក្សាជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា ត្រើយម្ខាងនៃរាជធានីភ្នំពេញ ឱ្យបានសាករសជាតិនិងរីករាយជាមួយនឹងការទទួលទានទឹកដោះគោស្រស់សុទ្ធ១០០%ដែលជាផលិតផលក្នុងស្រុកខ្មែរយើង។
នេះបង្ហាញពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការអប់រំនិងចែករម្លែកក្តីស្រឡាញ់ ទៅកាន់កុមារតូចៗ ដែលកំពុងតែស្ថិតនៅក្នុង វ័យលូតលាស់ ហើយទាមទារចាំបាច់នូវប្រូតេអ៊ីនដើម្បីបំប៉នខួរក្បាល និង ឆ្អឹង។ បើពួកគាត់(កុមារ)លូតលាស់ល្អ វៃឆ្លាត ពួកគាត់នឹងក្លាយជាទំពាំងស្នងឫស្សីដែលរឹងមាំរបស់គ្រួសារនិងជាតិ។ ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប មិនត្រឹមតែជាផលិតផលក្នុងស្រុកប៉ុណ្ណោះទេ តែជាផលិតផលដែលអាចជួយដល់សុខភាពនិងជាពិសេសគឺជួយក្នុងការលូតលាស់របស់កុមារឱ្យបានល្អនិងរឹងមាំថែមទៀតផង។
គួររំលឹកផងដែរថា គិតមកទល់ពេលនេះ នេះជាលើកទី១៧ហើយ ដែលរាជបណ្ឌិត្យសភាកម្ពុជាចែករំលែកទៅដល់កុមារ យុវជន និង មនុស្សម្នាជាច្រើនពាន់នាក់។
សូមបញ្ជាក់ថា ទឹកដោះគោតេជោសែនឫស្សីត្រឹប ដែលផលិតនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ -ឥលូវមានដាក់លក់នៅលើទីផ្សារហើយ។
RAC Media
នៅព្រឹក ថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ ២០១៩ ក្រុមការងារសិតរូបព្រះនាងឥន្ទ្រទេវី និងសរសេររបាយការណ៍អគារឥន្ទ្រទេវីបានរៀបចំពិធីសែនព្រេនសង់សំណង់បុស្បុកព្រះនាងឥន្ទ្រទេវី នៅទីធ្លាខាងមុខអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជាដើម្បីសុំសេចក្តីសុខ និងសូមឱ្យប្រកបដោយភាពជោគជ័យក្នុងការបើកការសាងសង់សំណង់បុស្បុក ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។ សំណង់បុស្បុកនឹងសង់នៅខាងមុខអគារឥន្ទ្រទេវីឆៀងខាងជើង។ សំណង់បុស្បុកនេះមានទំហំបាត ៩ម៉ែត្រក្រឡា និងកម្ពស់៩ម៉ែត្រ។ កិច្ចការសាងសង់នោះនឹងបញ្ចប់ជាស្ថាពរនៅពាក់កណ្ដាលខែវិច្ឆិកា មុនកម្មវិធីសម្ពោធន៍អគារឥន្ទ្រទេវី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះ។
បន្ទាប់ពីបញ្ចប់កិច្ចពិធីសែនព្រេន ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅពិនិត្យមើលការសាងសង់និងប៉ាន់រូបព្រះនាងឥន្ទ្រទេវី នៅការដ្ឋានរបស់លោក សុផុន សំខាន់ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសូនរូបនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលលោកជាជាងសិតរូប និងសំណង់បុស្បុករបស់ព្រះនាងឥន្ទ្រទេវី ដែលមានទីតាំងស្ថិតនៅជិតផ្សារឈូកមាសភ្នំពេញថ្មី។
គួររំឭកដែរថា សំណង់បុស្បុក និងរូបបដិមាព្រះនាងឥន្ទ្រទេវីធ្វើពីស្ពាន់ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុនហេងអភិវឌ្ឍ។ មកដល់ពេលនេះ ការប៉ាន់រូបព្រះនាងឥន្ទ្រទេវីបានរួចរាល់ និងបន្តចាក់ពុម្ព ដើម្បីត្រៀមនឹងសិតរូបស្ពាន់នៅក្នុងកម្មវិធីសិតបដិមាព្រះនាងឥន្ទ្រទេវី ដែលគ្រោងនឹងរៀបចំឡើងនៅមុខអគារ«ឥន្ទ្រទេវី» រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media | តាកេត ស័កដា
RAC Media
ភ្នំពេញ៖ ជាទូទៅ នៅពេលណាដែលគេនិយាយអំពីពាក្យថាស្នេហាជាតិឬជាតិនិយម មានប្រជាជនកម្ពុជាមិនតិចទេ ដែលលើកដៃ ស្រែកគាំទ្រ និងអះអាងពីការចូលរួម ប៉ុន្តែ «មនសិការស្នេហាជាតិពិតប្រាកដ វាទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា» នេះជាការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូសេវាកម្មធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ ។
ដោយធ្វើការឆ្លើយតបទៅនឹងបញ្ហាធ្លាក់ថ្លៃតម្លៃកសិផលខ្មែរ ដែលនាំឱ្យកសិករដែលខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារមកប្រកបមុខរបរកសិកម្មនេះជួបវិបត្តិបំណុល និងដែលមានមនុស្សមួយចំនួនបានប្រៀបធៀបកសិផលខ្មែរមានតម្លៃថោក បើប្រៀបធៀបនឹងតម្លៃកសិផលប្រទេសជិតខាងនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា «សូមឱ្យពលរដ្ឋកម្ពុជាចូលរួមប្រើប្រាស់ផលិតផលរបស់ខ្មែរ។ បើយើងមិនរួមគ្នាប្រើប្រាស់ផលិតផលរបស់ខ្មែរទេ យើងមិនអាចធ្វើអ្វីសម្រាប់ខ្មែរបាននោះទេ។»
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ក្រើនរំឭកប្រជាពលរដ្ឋកម្ពុជាឱ្យកត់សម្គាល់និងចងចាំយ៉ាងដូច្នេះថា៖ «មហាសេដ្ឋីកូរ៉េខាងត្បូង គេមកស្រុកខ្មែរ គេផឹក សូជូ (ស្រារបស់កូរ៉េ) គេអត់ផឹកវីស្គីទេ គេមិនផឹក Henessy នោះទេ។ ឯជប៉ុនគេផឹក សាកេ ទោះបីជាគេមានយ៉ាងណាក៏ដោយ។ ហើយប៉ោមរបស់ចិន ដឹកចូលជប៉ុន តម្លៃតែ១ដុល្លារទេ ប៉ុន្តែគេហូបប៉ោមជប៉ុនដែលមានតម្លៃ៤ដុល្លារ។ មោទកភាពជាតិខ្មែរ តើនរណាមួយបកចេកអំបូងញ៉ាំ? តើនរណាមួយផឹកទឹកដូង? បើខ្មែរផឹកទឹកដូងតែម្នាក់១ផ្លែ ក៏១៨លាននាក់ត្រូវការ១៨លានផ្លែដែរ ប៉ុន្តែខ្មែរផឹកអី? Coca Cola, Fanta តើនេះជាមោទកភាពជាតិខ្មែរ?»។
ជាការបន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បច្ចុប្បន្នយុវជនខ្មែរបានក្លាយទៅជាអ្នកផ្សព្វផ្សាយផលិតផលឱ្យគេ(បរទេស)ទៅទៀត ដែលគេប្រើពាក្យថា «ក្មេងជំនាន់ក្រោយដែលស៊ីវិល័យ គេផឹកកាហ្វេម៉ាកសញ្ញាបរទេសហើយថតបង្ហាញ» តែគ្មាននរណាម្នាក់ផឹកទឹកដូងរួចថតបង្ហាញថាខ្លួនឯងផឹកទឹកដូងខេត្តកំពត ខ្ញុំហូបទុរេននៅខេត្តនេះ ខ្ញុំហូបក្រូចពោធិ៍សាត់នៅខេត្តបាត់ដំបង។ អត់មាននោះទេ គឺមានតែយួរកាហ្វេគេបង្ហាញ កាន់ហាំប៊ឺហ្គ័របង្ហាញ។ ទាំងអស់នេះហើយ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានចោទជាសំណួរទៅកាន់វេទិកាទាំងមូលថា «តើឱ្យយើងជួយដោយរបៀបណា?»។
ជាចុងក្រោយ ចំពោះករណីបញ្ហាធ្លាក់ថ្លៃស្រូវរបស់កម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់នូវអនុសាសន៍ជាគន្លឹះថា «នៅថ្ងៃអនាគត កម្ពុជាមានភាពចាំបាច់ ត្រូវប្រែក្លាយផលិតផលស្រូវរបស់កម្ពុជាឱ្យក្លាយទៅជាផលិតផលសម្រេចចំនួន ៥ប្រភេទផ្សេងៗគ្នាដែលមិនមែនជាស្រូវ ដើម្បីបង្ការចំពោះការធ្លាក់ថ្លៃស្រូវរបស់កម្ពុជា»។ ប្រការនេះ វាទាមទារឱ្យមានការសិក្សាស៊ីជម្រៅ និងកំណត់នូវទស្សនវិស័យបន្ថែម ពិសេសគឺការគាំទ្រគោលនយោបាយពីរាជរដ្ឋាភិបាលបន្ថែម និងជាពិសេសការចូលរួមពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ក្នុងការគាំទ្រផលិតផលជាតិ ដើម្បីឱ្យសម្រេចបាននូវគោលបំណងនេះ៕
RAC Media | លឹម សុវណ្ណរិទ្ធ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM