ព័ត៌មាន

«ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប កំពុងមានវត្តមានក្នុងឱកាសនៃពិធីបុណ្យអុំទូកនាខេត្តកំពង់ស្ពឺ...»

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមការងារផ្សព្វផ្សាយទឹកដោះគោតេជោសែនឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើដំណើរដល់ក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងឱកាសពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។

ក្នុងដំណើរនៃការផ្សព្វផ្សាយនោះ ក្រុមការងារបានដាក់តាំងបង្ហាញទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប នៅម្តុំវិមានឯករាជ្យ ក្រុងច្បារមន ជូនដល់ប្រជាពលរដ្ឋបានស្គាល់ និងភ្លក្សរសជាតិ របស់ទឹកដោះគោ ដែលបានផលិតឡើងក្រោមសោភណភាពល្អ ស្អាត ទាក់ទាញ ទាំងស្លាក សណ្ឋាន និងរសជាតិរបស់ទឹកដោះគោ ដែលជាសមិទ្ធផលកើតឡើងពីការស្រាវជ្រាវ លើការចិញ្ចឹមគោយកទឹកដោះ របស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប មានទីតាំងស្ថិតនៅក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនៃការដាក់តាំងបង្ហាញពីផលិតផលនោះ ក៏ឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងាររបស់លោក បានអញ្ជើញចុះមកសាកសួរ ស្វែងយល់ និងបានភ្លក្សនូវរសជាតិទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹបផងដែរ។ ខណៈនោះ ឯកឧត្ដមនិងក្រុមការងារ បានសរសើរ អំពីរសជាតិឈ្ងុយឆ្ងាញ់ពិតប្រាកដ ដូចអ្វីដែលបានឮពីអ្នកធ្លាប់បានភ្លក្សរសជាតិទឹកដោះគោនេះរួចប្រាកដមែន ដោយអ្នក ទាំងនោះសុទ្ធតែពោលសរសើរបែបនេះគ្រប់ៗគ្នា ហើយឯកឧត្ដមក៏បានសម្តែងនូវមោទកភាពចំពោះផលិតផលរបស់ជាតិខ្មែរមួយនេះយ៉ាងក្រៃលែង។

សូមបញ្ជាក់ផងដែរថា ទីតាំងលក់និងផ្សព្វផ្សាយទឹកដោះគោតេជោសែន ឫស្សីត្រឹបស្ថិតនៅខាងកើតវិមានឯករាជ្យ ចំហៀងខាងត្បូងរូបសំណាក សម្តេចសង្ឃរាជ ជួនណាត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្បែរឆាកតន្ត្រីហ្សូរ៉ាស់ ZORUS៕

RAC Media


2019-11-02 08:23:36   ថ្ងៃសៅរ៍, 02 វិច្ឆិកា 2019 ម៉ោង 03:23 PM
«ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ចង់ឃើញប្រជាជនកម្ពុជាមានទម្លាប់រស់នៅដូចប្រជាជនជប៉ុនដែរ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលនេះ ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអនុញ្ញាតឱ្យលោក Mori Nobuo លេខាទី១នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅក្នុងសាលប្រជុំស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការងាររវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរបស់ជប៉ុន។

នៅក្នុងជំនួបពិភាក្សាការងារ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ស្វាគមន៍លោក Mori Nobuo លេខាទី១នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នបណ្តុះបណ្តាល និងស្រាវជ្រាវជាន់ខ្ពស់ជាតិខ្មែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងអំពី ចំណុចវិជ្ជមានជាច្រើនដែលប្រជាជនជប៉ុនមានក្នុងនោះ រួមមាន ទម្លាប់រស់នៅប្រចាំថ្ងៃស្អាត មានសីលធម៌ សុជីវធម៌ និងការគោរពគ្នាទៅវិញទៅមក ជាពិសេសគឺ ជប៉ុនផលិតផលិតផលមានគុណភាពខ្ពស់។ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា អំឡុងពេលឯកឧត្តមបណ្ឌិតសភាចារ្យបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន នាពេលកន្លងមក ឯកឧត្តមបណ្ឌិតសភាចារ្យបានចាប់អារម្មណ៍សង្កេតឃើញថា ជនជាតិជប៉ុនជាជនជាតិដែលមានទម្លាប់រស់នៅស្អាត គោរពច្បាប់ចរាចរណ៍ និងផលិតផលិតផលមានគុណភាពខ្ពស់។

ជាមួយគ្នានេះ លោក Mori Nobuo លេខាទី១នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្តបណ្ឌិតសភាចារ្យដែលបានអនុញ្ញាតឱ្យលោកចូលជួបពិភាក្សាការងារ។ តំណាងស្ថានទូតជប៉ុន លោក Mori Nobuo បានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើជាវាគ្មិន និងទស្សនកិច្ចសិក្សាស្វែងយល់ការងារសំខាន់ៗនៅប្រទេសជប៉ុននៅដើមឆ្នាំ២០២០ ដូចខាងក្រោម៖

១. សិក្សាអំពីលទ្ធភាពសហប្រតិបត្តិការគ្នាលើការចិញ្ចឹមគោយកទឹកដោះ ខណៈពេលរាជបណ្ឌិត្យសភាកម្ពុជាបាន និងកំពុងសិក្សាស្រាវជ្រាវផលិតទឹកដោះគោស្រស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្រាប់

២. សិក្សាអំពីលទ្ធភាពសហប្រតិបត្តិការគ្នាលើការបង្កាត់ពូជដើមឈើ និងផ្កាគ្រប់ប្រភេទ

៣. សិក្សាស្វែងយល់អំពី កិច្ចការងារទំនាក់ទងអន្តរជាតិ និងការទូតរបស់ជប៉ុន

៤. សិក្សាស្វែងយល់អំពី វិស័យអប់រំបណ្តុះបណ្តាល និងស្រាវជ្រាវតាមគ្រឹះស្ថានឧត្តមសិក្សារបស់ជប៉ុន

៤. សិក្សាស្វែងយល់អំពី កិច្ចការព្រំដែនរបស់ជប៉ុន

៥. សិក្សាស្វែងយល់អំពី គោលនយោបាយភូមិមួយផលិតផលមួយរបស់ជប៉ុន និង

៦. សិក្សាស្វែងយល់អំពី ការធ្វើវិស័យកសិកម្មបែបទំនើបរបស់ជប៉ុន ជាដើម។

ជាការឆ្លើយតបនឹងការអញ្ជើញរបស់ភាគីជប៉ុន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណភាគីជប៉ុនដែលបានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ នាពេលនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍សង្ឃឹមថា ដំណើរទស្សនកិច្ចសហប្រតិបត្តិការនឹងក្លាយជាធាតុចូលដ៏សំខាន់ ដើម្បីនាំផលប្រយោជន៍ជាច្រើនជូនរាជរដ្ឋាភិបាល និងប្រជាជនទាំងពីរ៕

RAC Media


2019-11-01 10:32:20   ថ្ងៃសុក្រ, 01 វិច្ឆិកា 2019 ម៉ោង 05:32 PM
«ជំនួបពិភាក្សាការងារ រវាង​ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកតំណាងស្ថានទូតជប៉ុននៅកម្ពុជា...»

នៅរសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Mori Nobuo ជាលេខាទី១ របស់ស្ថាន​ទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនៃកិច្ចពិភាក្សានេះ ភាគីទាំងពីរបានសិក្សាពីលទ្ធភាពនៃក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរបស់ជប៉ុន។

លើសពីនេះទៀត ភាគីជប៉ុន លោក Mori Nobuo បានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើជាវាគ្មិន និងទស្សនកិច្ចសិក្សានៅប្រទេសជប៉ុននាដើមឆ្នាំ២០២០ ខាងមុខដែលនឹងផ្តោតទៅលើប្រធានបទមួយចំនួន មានដូចជា៖

ទី១. ការសិក្សាកិច្ចការបរទេស

ទី២. ការសិក្សាវិស័យអប់រំ

ទី៣. កិច្ចការព្រំដែនរវាងកូរ៉េ និងជប៉ុន

ទី៤. ការសិក្សាអំពីភូមិមួយផលិតផលមួយ  និង

ទី៥. ការសិក្សាលើវិស័យកសិកម្ម ជាដើម។

RAC Media


2019-11-01 09:52:28   ថ្ងៃសុក្រ, 01 វិច្ឆិកា 2019 ម៉ោង 04:52 PM
«សប្បុរសជនក្នុងរាជធានីភ្នំពេញផ្តល់ដើមឈើផ្កាខ្មែរចំនួន១២ប្រភេទ សរុបចំនួន ៤៥ដើមជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទទួលដើមឈើផ្កាខ្មែរចំនួន១២ប្រភេទ សរុបចំនួន ៤៥ដើម ពីលោក ណៅ សុខ ដែលជាសប្បុរសជនម្នាក់រស់នៅក្នុងរាជធានីភ្នំពេញដែលបានផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមដាំដុះលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។

មគ្គទេសក៍ទេសចរណ៍រស់នៅក្នុងរាជធានីភ្នំពេញ លោក ណៅ សុខ បានដឹកជញ្ជូនដើមឈើផ្កាចំនួន ១២ប្រភេទ សរុបចំនួន ៤៥ដើម តាមមធ្យោបាយត្រីចក្រយានយន្ត (ម៉ូតូរ៉ឺម៉កកង់បី) មកដល់រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកមិញនេះ។ បុរសវ័យ ៤៨ឆ្នាំ លោក ណៅ សុខ បានមានប្រសាសន៍ឱ្យដឹងថា មូលហេតុដែលនាំឱ្យលោកសម្រេចចិត្តទិញដើមឈើផ្កាទាំង១២ប្រភេទ សរុបចំនួន ៤៥ដើមផ្តល់ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា ដោយសារលោកមានគោលបំណងចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។

ម្យ៉ាងទៀត លោកបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការបរិច្ចាគដើមឈើផ្កាខ្មែរនេះ គឺមានគោលបំណងចូលរួមអបអរសាទរខួបកំណើតគម្រប់ ៨ឆ្នាំ របស់កូនប្រុសរបស់លោក គឺឈ្មោះ ណៅ សុខសាន្តសុធនវឌ្ឍនបញ្ញា នៅថ្ងៃទី២ ខែវិច្ឋិកា ឆ្នាំ២០១៩ខាងមុខនេះផង។

«ខ្ញុំមានបំណងយកថ្ងៃប្រារព្ធខួបកំណើតកូន ជាថ្ងៃធ្វើធម្មទានជួយសង្គមតាមលទ្ធភាព។ សកម្មភាពទាំងនេះអាចជួយឱ្យខ្ញុំមានសុខភាពផ្លូវចិត្តដែរ។ សូមតេជានុភាពនៃព្រះរតនត្រៃយ៍ជួយឃុំគ្រងកូនឱ្យជួបតែសេចក្តីសុខក្នុងដំណើរជីវិត»។ លោក ណៅ សុខ មានប្រសាសន៍បង្ហាញពីទឹកចិត្តឳពុកជូនពរកូនប្រុស នៅពេលជូនដើមឈើផ្កានៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា។

ក្រៅពីផ្តល់ដើមឈើផ្កាជូនរាជបណ្ឌិត្យសភាកម្ពុជា លោក ណៅ សុខ បានមានប្រសាសន៍ថា លោកក៏ធ្លាប់បានបរិច្ចាគសម្ភារៈ និងដើមឈើផ្កាជូនទៅតាមទីអារាម មណ្ឌលអប់រំពុទ្ធសាសនាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺដទៃទៀតដែរ។

ឆ្លើយតបនឹងទឹកចិត្តរបស់សប្បុរសជនខាងលើ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណដល់លោក ណៅ សុខ ដែលផ្តល់ជូនកូនដើមឈើផ្កា ដើម្បីចូលរួមដាំដុះលើកកម្ពស់បរិស្ថានធម្មជាតិក្នុងស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជាសូមស្វាគមន៍សប្បុរសជនជាតិ និងអន្តរជាតិដែលមានគោលបំណងជួយជ្រោមជ្រែងស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។

សូមជម្រាបជូនថា ដើមឈើផ្កាទាំង ១២ប្រភេទ សរុបចំនួន ៤៥ដើម រួមមាន៖ ដើមផ្ការំដួល ដើមព្កុល ដើមផ្កាអង្គបុស្ប ដើមផ្កាត្របែកព្រៃ ដើមសេដា ដើមអសោក ដើមលៀប ដើមចន្ទន៍ និងដើមផ្កាក្រវាន់៕



2019-10-30 07:40:24   ថ្ងៃពុធ, 30 តុលា 2019 ម៉ោង 02:40 PM
«កាលានុវត្តភាពនិងបញ្ហាប្រឈម នៃការអភិរក្សនិងអភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តរភាព »

លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានធ្វើបទបង្ហាញស្តីពី «កាលានុវត្តភាពនិងបញ្ហាប្រឈម នៃការអភិរក្សនិង អភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តរភាព » នៅក្រុងហ្លួងព្រះបាង ប្រទេសឡាវ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដែលមានការចូលរួមពីស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ(KEI, NRC) រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។

សន្និសីទនេះ ពិភាក្សាគ្នាដេញដោលគ្នាពេលមួយថ្ងៃដោយជជែកពីប្រធានបទបីពាក់ព័ន្ធនឹងព្រៃឈើរួមមាន៖ Session 1 «Opportunities and Challenges for Sustainable Forestry Development.» Session 2 «Efforts for community-based forestry and participatory approaches for sustainable forest management.» Session 3 «Innovation in forest-based solutions and cross-sectoral forestry practices» ។

សន្និសីទអន្តរជាតិនេះ មានវាគ្មិន និងអ្នកចូលរួមមកពី រាជបណ្ឌិត្យសភាកម្ពុជា ស្ថាប័នស្រាវជ្រាវជាន់សាធារណរដ្ឋខ្ពស់កូរ៉េ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានចំនួនប្រមាណ១៦២នាក់។

បទបង្ហាញ៖

RAC Media


2019-10-28 09:59:03   ថ្ងៃចន្ទ, 28 តុលា 2019 ម៉ោង 04:59 PM
« ...មនុស្សត្រូវការធម្មជាតិ តែធម្មជាតិមិនត្រូវការមនុស្សឡើយ....»

«... ប្រទេសក្រីក្រត្រូវការថវិកា ដើម្បីអភិវឌ្ឍន៍ប្រទេស រីឯប្រទេសជឿនលឿនត្រូវការបរិស្ថាន។ យើងដឹងហើយថា ប្រទេសដែលមានឧស្សាហកម្មជឿនលឿន ដូចអាម៉េរិក ចិន រុស្ស៊ី ជាប្រទេសដែលបានបំផ្លិចបំផ្លាញព្រៃឈើ និងបរិស្ថាន ខ្លាំងជាងគេ។ ប្រទេសចិនបានអភិវឌ្ឍប្រទេសដោយមិនបានគិតពីបរិស្ថាន ពេលនេះប្រទេសចិនបានចំ​ណាយ​ថវិការាប់ពាន់លានដុល្លារដើម្បីស្តារគម្របព្រៃឈើឡើងវិញ។ ស្រដៀងគ្នានេះដែរ កូរ៉េខាងត្បូងក៏មានបទពិសោធន៍ប្រហាក់ប្រហែលគ្នាដែរ។ ដូច្នេះ យើងជាប្រទេស ដែលផឹកទឹកទន្លេមេគង្គរួមគ្នា កម្ពុជា វៀតណាម ឡាវ គួរដកស្រង់បទពិសោធន៍ទាំងនេះដើម្បីជាមេរៀនសម្រាប់ប្រទេសរបស់យើង ព្រោះថា មនុស្សត្រូវការធម្មជាតិ តែធម្មជាតិមិនត្រូវការមនុស្សឡើយ....» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៨ ស្តីពី «ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពនៅប្រទេសឡាវ កម្ពុជា និងវៀតណាម» នៅក្រុងហ្លួងព្រះបាងប្រទេសឡាវ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដែលមានការចូលរួមពីស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ(KEI, NRC) រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។

ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានរំលេចផងដែរថា «....វិទ្យាស្ថានបរិស្ថានកូរ៉េ(KEI) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករៀបចំសន្និសីទអន្តរជាតិនេះ ដើម្បីផ្តល់ឱកាសដល់អ្នកសិក្សាស្រាវជ្រាវមកពីប្រទេសទាំង៤រួមមាន កម្ពុជា កូរ៉េខាងត្បូង វៀតណាម និងឡាវ បានផ្លាស់ប្តូរយោបល់និងរៀនសូត្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ក៏ដូចជាបញ្ហាប្រឈមនានា និងបទពិសោធន៍កន្លងមកអំពីបញ្ហាព្រៃឈើនៅក្នុងប្រទេសនីមួយៗ។ ម្យ៉ាងវិញទៀត KEI ជាដៃគូយ៉ាងសំខាន់របស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការជួយសហការដល់ការសិក្សាពីផែនការមេនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ....»។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា «... វត្តមានរបស់អ្នកសិក្សាស្រាវជ្រាវកូរ៉េ ដើរស្របគ្នានឹងគោលនយោបាយថ្មីរបស់ប្រធានាធិបតីកូរ៉េ មូន ជេអ៊ីន នៅក្នុងតំបន់គឺ គោលនយោបាយសម្លឹងមកទិសខាងត្បូង ( New Southern Policy ) ដែលជាការបង្ហាញជំហរថ្មីរបស់កូរ៉េនៅក្នុងតំបន់ ដែលជាការប្រកួតប្រជែងឥទ្ធិពលថ្មីរវាង អាម៉េរិក ចិន និងជប៉ុន...»

បញ្ជាក់ជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមសន្និសីទលើកទី៨នៅក្រុងវប្បធម៌ ហ្លួងព្រះបាង ប្រទេសឡាវ។ សន្និសីទនេះ នឹងពិភាក្សាគ្នាដេញដោលគ្នាពេញមួយថ្ងៃដោយគ្រោងនឹងជជែកពីប្រធានបទបីពាក់ព័ន្ធនឹងព្រៃឈើ រួមមាន៖ Session 1 «Opportunities and Challenges for Sustainable Forestry Development.» Session 2 «Efforts for community-based forestry and participatory approaches for sustainable forest management.» Session 3«Innovation in forest-based solutions and cross-sectoral forestry practices» ។

សន្និសីទអន្តរជាតិនេះ មានវាគ្មិន និងអ្នកចូលរួមមកពី រាជបណ្ឌិត្យសភាកម្ពុជា ស្ថាប័នស្រាវជ្រាវជាន់ខ្ពស់កូរ៉េ ខាងត្បូង បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានចំនួនប្រមាណ ១៦២នាក់។


2019-10-28 05:59:54   ថ្ងៃចន្ទ, 28 តុលា 2019 ម៉ោង 12:59 PM
«ការតភា្ជប់ទេសចរណ៍កម្ពុជា វៀតណាម ឡាវ និងទស្សន:អនាគត( ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី »

លោក ហេង សុភី មន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញមួយស្តីពី «ការតភា្ជប់ទេសចរណ៍កម្ពុជា វៀតណាម ឡាវ និងទស្សន:អនាគត ( ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី » នៅក្នុងសន្និសីទអន្តរជាតិលើកទី៨ ស្តីពី «ទេសចរណ៍វប្បធម៌ និងសង្គមប្រកបដោយ​ចីរភាពនៅប្រទេសឡាវ វៀតណាម និងកម្ពុជា» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅក្រុងហ្លួងព្រះបាង នៃសាធារ​ណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

វិស័យទេសចរណ៍បានរួមចំណែកកសាងសេដ្ឋកិច្ច សង្គម តាមរយៈការផ្តល់ឱកាសការងាររកប្រាក់ចំណូល លើកកម្រិតជីវភាពប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារសម្បត្តិធនធានវប្បធម៌ ធម្មជាតិ ជីវៈចម្រុះ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ តំបន់ CLV ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ១៩៩៩ ដោយមានការឯកភាពពីថ្នាក់ដឹកនាំនៃប្រទេសទាំង៣។

តាមការសិក្សាស្រាវជ្រាវបានសង្កេតឃើញថា សក្តានុពលធនធានទេសចរណ៍តំបន់ CLV គឺមានភាពប្រហាក់ប្រហែលគ្នា ទាំងធនធានធម្មជាតិ វប្បធម៌ និងប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលមានចំនួន ៨៦ ជន​ជាតិ កំពុងរស់នៅលើខេត្តទាំង១៣ នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។ គួរបញ្ជាក់ផងដែរថា តំបន់ CLV មាន​១៣​​ខេត្ត ដោយកម្ពុជាមានចំនួន ៤ ខេត្ត គឺខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងខេត្តរតនគីរី ចំណែកប្រទេសឡាវមានចំនួន ៤ ខេត្ត គឺខេត្តចំប៉ាសាក់ អត្តពើ សារ៉ាវាន់ និងខេត្តសេកុង រីឯប្រទេសវៀតណាមមានចំនួន៥ខេត្ត គឺខេត្តកន្ទុំ យ៉ាឡាយ ដាឡាក់ ដាក់ណុង និង ប៊ីងភឿក។

តាមរយៈការស្រាវជ្រាវក៏បានអោយដឹងពីចំនួននៃការធ្វើដំណើរមកដល់នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកាន់តំបន់ CLV ព្រមទាំងបានសិក្សាបន្ថែមទៅលើសេវាកម្មស្នាក់នៅ និងកម្លាំងពលកម្មដែលកំពុងបម្រើការ លើវិស័យទេសចរណ៍ក្នុងខេត្តទាំង១៣នេះផងដែរ។

ដើម្បីតភ្ជាប់ទេសចរណ៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ប្រាកដណាស់ កម្ពុជាត្រូវធ្វើសមាហរណកម្មខ្លួន ឯងចូលទៅក្នុងតំបន់ទាំងមូល។ តាមរយៈការសិក្សាស្រាវជ្រាវ បញ្ហាប្រឈម ជាច្រើន ដែលត្រូវបានរកឃើញក្នុងតំបន់ភូមិភាគឦសាន្តក្នុងនោះរួមមាន៖ ផ្លូវ (ផ្លូវទៅកាន់រមណីយដ្ឋាន) មិនទាន់មានព្រលានយន្តហោះ ធនធានមនុស្សនៅមានកម្រិត ការរុករករ៉ែធ្វើអោយប៉ះពាល់ធនធានធម្មជាតិ គ្មានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដំណើរឆ្លងកាត់តាមច្រកព្រំដែននៅតែចោទជាបញ្ហា សុវត្ថិភាពចំណីអាហារ មិនមានកន្លែងសង្គ្រោះបឋមក្នុងរមណីយដ្ឋាន ការធ្លុះ​ធា្លយសេដ្ឋកិច្ចលើវិស័យទេសចរណ៍ គ្មានផលិតផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញបន្ថែម កង្វះទឹកស្អាតនិងអគ្គិស​នីមិនទាន់មានគ្រប់គ្រាន់ ការអនុវត្តប្រព័ន្ធច្បាប់នៅមានកម្រិត ការចូលរួមរបស់វិស័យឯកជននៅមានកម្រិត គ្មានប្រាក់មូលនិធិដើម្បីអភិវឌ្ឍទេសចរណ៍ កម្សោយនៃការសិក្សាទីផ្សារនិងការផ្សព្វផ្សាយតំបន់ភូមិភាគឥសាន្តទៅកាន់ពិភព​លោកទាំងមូល។

ការអភិវឌ្ឍទេសចរណ៍តំបន់ភូមិភាគឦសាន្ត និយាយជារួមគឺជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ទាំងមូល និងនិយាយដោយឡែកគឺជាការលើកកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ចូលរួមថែរក្សាការពារសម្បត្តិធ​នធានធម្មជាតិ បង្កើនឱកាសការងារ ព្រមទាំងលើកកិត្តិយស ប្រទេសជាតិទៅកាន់ពិភពលោកទាំងមូល។ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមខាងលើ វាគ្មិនបាន ផ្តល់ជាអនុសាសន៍មួយចំនួនដូចជា៖ ១. ការអភិវឌ្ឍធនធានមនុស្ស ២. ចូលរួមថែរក្សាការពារធនធានកម្រ សត្វព្រៃនិងជីវៈចម្រុះ ៣. អភិវឌ្ឍន៍ផ្លូវទៅកាន់រមណីយដ្ឋាន ៤.បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយ ប្រទេសជិតខាង ជាពិសេសតាមច្រកព្រំដែន សម្រួលការធ្វើដំណើរនៃភ្ញៀវទេសចរ ៥. ជំរុញលើក ទឹកចិត្តអោយមានការចូលរួមពីវិស័យឯកជនអោយបានខ្លាំងក្លា ៦. ពង្រឹងប្រព័ន្ធច្បាប់ ជាពិសេស ច្បាប់ស្តីពីវិស័យទេសចរណ៍ ៧. បង្កើនថវិកាសម្រាប់ធ្វើការសិក្សាទីផ្សារនិង ផ្សព្វផ្សាយប្រកបដោយ ភាព​​ទាក់ទាញនឹងច្នៃប្រឌិត ៨. ជំរុញការដាំដុះនិងចិញ្ចឹមសត្វសម្រាប់បម្រើដល់តម្រូវការក្នុងស្រុក និងភ្ញៀវទេសចរ ៩. ដាក់ចេញនូវផែនការសកម្មភាពអភិវឌ្ឍទេសចរណ៍អោយទាន់សម័យឧស្សាហកម្មជំនាន់ទី៤.០​ ( Smart Tourism)​ ១០. ជំរុញឱ្យមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលមានបណ្តុះបណ្តាលលើផ្នែកម្ហូបអាហារ បដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍ (Guide) ឱ្យសមស្របទៅនឹងស្ថានភាពទេសចរណ៍នៅតំបន់ភូមិភាគឦសាន្ត។

ការប្រឹងប្រែងអភិវឌ្ឍខ្លួនដើម្បីសមាហរណកម្មចូលទៅក្នុងតំបន់ CLV-DTA គឺជាការប្រែក្លាយ ប្រទេស៣អោយទៅជាគោលដៅទេសចរណ៍តែមួយប្រកបដោយភាពទាក់ទាញនិងតម្លាភាព។

សូមរំឭកជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមសន្និសីទលើកទី៨នៅក្រុងវប្បធម៌ហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សន្និសីទនេះ នឹងពិភាក្សាដេញ ដោលគ្នាពេញមួយថ្ងៃដោយគ្រោងនឹងជជែកពីប្រធានបទបី ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រួមមាន៖

ទី១«វិស័យទេសចរណ៍ផ្សារភ្ជាប់នឹងការអភិរក្សធម្មជាតិប្រកបដោយចីរភាពនៅ ឡាវ វៀតណាម និងកម្ពុជា»
ទី២«ទេសចរណ៍វប្បធម៌និងសង្គមប្រកបដោយចីរភាពនៅប្រទេសឡាវ វៀតណាម និងកម្ពុជា» និង
ទី៣«ផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយសេដ្ឋកិច្ចនិរន្តរភាពនៃប្រទេសឡាវ វៀតណាម និងកម្ពុជា»។

សន្និសីទអន្តរជាតិនេះ មានវាគ្មិន និងអ្នកចូលរួមមកពី រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានចំនួនប្រមាណ១៥០នាក់។

RAC Media


2019-10-28 04:08:21   ថ្ងៃចន្ទ, 28 តុលា 2019 ម៉ោង 11:08 AM
« ទេសចរណ៍សហគមន៍ធម្មជាតិចំបក់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»

វាគ្មិនពីរាជបណ្ឌិត្យសភាកម្ពុជា កញ្ញា អ៊ុន សុភ័ក្រ្ត មន្រ្តីស្រាវជ្រាវវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម បានធ្វើបទបង្ហាញមួយស្តីពី«ទេសចរណ៍សហគមន៍ធម្មជាតិចំបក់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព» នៅក្នុងសន្និសីទអន្តរជាតិលើកទី៨ ស្តីពី «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នៅក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ទេសចរណ៍សហគមន៍ធម្មជាតិចំបក់ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ក្រោមការគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសដោយអង្គការម្លប់បៃតង និងកិច្ចសហការណ៍របស់សហគមន៍ព្រៃឈើ និងសហគមន៍តំបន់អភិរក្ស។ ក្រោយឆ្នាំ ២០០៩ សហគមន៍មួយនេះ បានរៀបចំគ្រប់គ្រងសហគមន៍របស់ខ្លួនដោយឯករាជ្យ។

យោងតាមសក្តានុពលទេសចរណ៍ដែលតំបន់នេះមានដូចជា ទឹកធ្លាក់ ព្រៃឈើ សត្វព្រៃ និងសេវាទេសចរណ៍ដទៃទៀតដូចជា ការដើរព្រៃ ការបោះតង់ ការមើលសត្វស្លាប ផ្ទះស្នាក់ រូងប្រចៀវ ។ល។ ទេសចរណ៍សហគមន៍មួយនេះអាចទាក់ទាញទេសចរណ៍ក្នុងកំណើនមួយគួរឱ្យកត់សម្គាល់ ព្រមទាំងទទួលបានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិ ជារឿយៗមកចាប់តាំងពីឆ្នាំ២០០៦មក។

ការអភិវឌ្ឍប្រកបដោយនិរន្តភាពរបស់ទេសចរណ៍សហគមន៍ធម្មជាតិចំបក់មានភាពជោគជ័យបានតាមយុទ្ធសាស្រ្តគោល ៤ សំខាន់ៗគឺ ÷ ការគ្រប់គ្រង ការចូលរួម ការបែងចែកផលប្រយោជន៍ និងការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។

ទន្ទឹមនឹងនេះដែរ ទេសចរណ៍សហគមន៍នេះក៏នៅតែមានបញ្ហាប្រឈមមួយចំនួនដូចជា មានប្រធានតែម្នាក់ដែលអាចទទួលគ្រប់គ្រងការងារសហគមន៍បាន ការផ្សព្វផ្សាយនៅមានកម្រិត ហេតុថារចនាសម្ព័ន្ធនៅមានការខ្វះខាត បុគ្គលិកផ្តល់សេវាកម្មទេសចរណ៍មិនមានជំនាញគ្រប់គ្រាន់ ។ល។ ដែលតម្រូវឱ្យមានការចូលរួមដោះស្រាយពីសំណាក់ភាគីពាក់ព័ន្ធ។

សរុបមក ទេសចរណ៍សហគមន៍ចំបក់ទទួលបានជោគជ័យគួរជាទីកត់សម្គាល់ និងអាចឈរក្នុងលំដាប់ទេស​ចរណ៍​សហគមន៍ថ្នាក់ជាតិ និងអន្តរជាតិ តែទោះបីជាយ៉ាងណាការសហការណ៍របស់ក្រសួង មន្ទីរ ឬបុគ្គលពាក់ព័ន្ធគឺជាសញ្ញាណវិជ្ជមានមួយក្នុងការជួយជំរុញដំណើរការរបស់ទេសចរណ៍សហគមន៍នេះឲ្យកាន់តែមានភាពប្រសើរ និងនិរន្តរភាព។

បញ្ជាក់ជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមសន្និសីទលើកទី៨នៅក្រុងវប្បធម៌ហ្លួងព្រះបាង ប្រទេសឡាវ។ សន្និសីទនេះ នឹងពិភាក្សាគ្នាដេញដោលគ្នាពេញមួយថ្ងៃដោយគ្រោងនឹងជជែកពីប្រធានបទបីពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រួមមាន៖

ទី១ «វិស័យទេសចរណ៍ផ្សារភ្ជាប់នឹងការអភិរក្សធម្មជាតិប្រកបដោយចីរភាពនៅ ឡាវ វៀតណាមនិងកម្ពុជា» 

ទី២«ទេសចរណ៍វប្បធម៌និងសង្គមប្រកបដោយចីរភាពនៅប្រទេសឡាវវៀតណាមនិងកម្ពុជា» និង

ទី៣«ផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយសេដ្ឋកិច្ចនិរន្តរភាពនៃប្រទេសឡាវវៀតណាមនិងកម្ពុជា» ។

សន្និសីទអន្តរជាតិនេះ មានវាគ្មិន និងអ្នកចូលរួមមកពី រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានចំនួនប្រមាណ១៥០នាក់។ 

RAC Media



2019-10-27 09:07:46   ថ្ងៃអាទិត្យ, 27 តុលា 2019 ម៉ោង 04:07 PM
« កម្ពុជា វៀតណាម ឡាវ មានសក្តានុពលលើវិស័យទេសចរណ៍អេកូឡូសី(ecology)» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា...

ឡាវ៖ ថ្លែងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើទី៨ ស្តីពី «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នៅក្រុង​ហ្លួងព្រះបាង​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច បានសង្កត់ពីការអភិវឌ្ឍវិស័យទេសចរណ៍ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសទាំងបី។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានរំលេចផងដែរថា «....នៅកម្ពុជា វិស័យទេចរណ៍បែងចែកជា៥ ដូចជា៖ ១.ទេសចរណ៍វប្បធម៌ ២. ទេសចរណ៍បរិស្ថាន ៣.ទេសចរណ៍សប្បនិមិត (នៅវៀតណាមមាន៤៖ ជិះរ៉ត, នៅហាឡុងបេមានការកែច្នៃជាច្រើន,) ៤. ទេសចរណ៍សុខាភិបាល (ក្នុងចំណោមប្រទេសទាំងបី វៀតណាមដើរមុនគេ) ៥.ទេសចរណ៍ផលិតផល (ប្រទេសវៀតណាមដើរលឿនជាងគេក្នុងចំណោមប្រទេសទាំងបី) ....»។

សូមបញ្ជាក់ជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យ​សភាកម្ពុជាទៅចូលរួមសន្និសីទលើកទី៨នៅក្រុងវប្បធម៌ ​ហ្លួងព្រះបាង​ ប្រទេសឡាវ។ សន្និសីទអន្តរជាតិនេះ មានវាគ្មិន និងអ្នកចូលរួមមកពី រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យា​សាស្ត្រសង្គមវៀតណាម ដែលមានចំនួនប្រមាណ១៥០នាក់។

អង្គសន្និសីទនឹងពិភាក្សាគ្នាដេញដោលគ្នា គ្រោងជជែកពីប្រធានបទចំនួនបីពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រួមមាន៖
ទី១. «វិស័យទេសចរណ៍ផ្សារភ្ជាប់នឹងការអភិរក្សធម្មជាតិប្រកបដោយចីរភាពនៅ ឡាវ វៀតណាម និងកម្ពុជា»
ទី២. «ទេសចរណ៍វប្បធម៌និងសង្គមប្រកបដោយចីរភាពនៅប្រទេសឡាវ វៀតណាម និងកម្ពុជា» និង
ទី៣. «ផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយសេដ្ឋកិច្ចនិរន្តរភាពនៃប្រទេសឡាវវៀតណាមនិងកម្ពុជា» ។


ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ក្រុង​ហ្លួងព្រះបាង​ ប្រទេសឡាវ។ 

RAC Media


2019-10-27 06:57:50   ថ្ងៃអាទិត្យ, 27 តុលា 2019 ម៉ោង 01:57 PM
«ជំនួបអ្នកវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី៨»

ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ គឺជាប្រធានបទនៃសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៨ នាថ្ងសទី២៧ ខែតុលា ឆ្នាំ២០១៩នៅ ក្រុង​ហ្លួងព្រះបាង​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានការចូលរួមពីអ្នកស្រាវជ្រាវមកពីរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមសន្និសីទលើកទី៨នៅប្រទេសឡាវ។ សន្និសីទនេះ នឹងពិភាក្សាគ្នាដេញដោលគ្នាពេលមួយថ្ងៃដោយគ្រោងនឹងជជែកពីប្រធានបទបីពាក់ព័ន្ធនឹងវិស័យទេសចរណ៍ រួមមាន៖

ទី១ «វិស័យទេសចរណ៍ផ្សារភ្ជាប់នឹងការអភិរក្សធម្មជាតិប្រកបដោយចីរភាពនៅ ឡាវ វៀតណាមនិងកម្ពុជានេះ»

ទី២«ទេសចរណ៍វប្បធម៌និងសង្គមប្រកបដោយចីរភាពនៅប្រទេសឡាវវៀតណាមនិងកម្ពុជា»

ទី៣«ផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយសេដ្ឋកិច្ចនិរន្តរភាពនៃប្រទេសឡាវវៀតណាមនិងកម្ពុជា»

សូមរំលើកជូនថា សន្និសីទអន្តរជាតិនេះបានចាប់ផ្តើមរៀបចំឡើងដំបូង នៅដាណាំងប្រទេសវៀតណាម ក្នុងឆ្នាំ២០១២ ដែលផ្តួចផ្តើមឡើងពីបណ្ឌិត្យសភាប្រទេសទាំង៣ ហើយប្រទេសទាំងបីនឹងឆ្លាស់វេនគ្នាដើម្បីរៀបចំសន្និសីទនេះ។

RAC Media


2019-10-27 04:32:26   ថ្ងៃអាទិត្យ, 27 តុលា 2019 ម៉ោង 11:32 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក