Royal Academy of Cambodia
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារឥន្ទ្រទេវី នៃរាជ បណ្ឌិត្យ សភាកម្ពុជា នៅក្នុងឱកាសខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងពិធីប្រកាសគោរមងារ កិត្តិយស ជូនដល់គោរមវន្តចំនួន៦រូប ព្រមទាំងប្រគល់សញ្ញាបត្រកិត្តិបណ្ឌិតជូនឥស្សរជន៣រូប និងប្រគល់សញ្ញាបត្រ ជូន ជ័យលាភីថ្នាក់បណ្ឌិតនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជាសរុបចំនួន១១រូប។
អគារសិក្សាដែលមានកម្ពស់បីជាន់ ស្មើនឹង ១៨ម៉ែត្រ មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង ១៧ម៉ែត្រ នេះ ត្រូវបានចាប់ផ្តើមបុកគ្រឹះសាងសង់នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នឹងត្រូវបានប្រើប្រាស់ដើម្បីបម្រើដល់ការបណ្ដុះបណ្ដាលក្រោយឧត្ដមសិក្សា ព្រមទាំងជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និង ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីកិច្ចពិភាក្សាតុមូលផ្សេងៗរបស់រាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន ក៏បានសម្រេចឯកភាពនូវសំណើរបស់ឯកឧត្ដមបណ្ឌិត្យសភាចារ្យ ដែលបានលើកឡើងអំពីគោលបំណង របស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការសុំសិទ្ធិបកប្រែឯកសារជាភាសាបរទេសទាំងឡាយមកជាភាសាខ្មែរ ដោយត្រូវមានក្រុមបកប្រែជំនាញ ដើម្បីបង្កភាពងាយស្រួលដល់សាធារណជន ពិសេសសិស្ស និស្សិត ក្នុងសិក្សាស្រាវជ្រាវឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត។ លើសពីនេះទៅទៀត សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន ក៏បានប្រកាសផ្ដល់ជូនដល់រាជបណ្ឌិត្យសភាកម្ពុជានូវមន្ទីរពិសោធន៍កម្រិតស្តង់ដារមួយ ដែលមានតម្លៃ ២០ម៉ឺនដុល្លារ ដល់រាជបណ្ឌិត្យសភាកម្ពុជា សម្រាប់បម្រើជាប្រយោជន៍ដល់ការពិសោធន៍បែបវិទ្យាសាស្ត្រនានាផងដែរ។
គួរបញ្ជាក់ផងដែរថា អគារឥន្ទ្រទេវី គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ ដែលថវិកាចំណាយក្នុងការសាងសង់ មានទឹកប្រាក់ចំនួន ១,៥៤៦,៩៤៤.៣០ដុល្លារ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ប្រភពរូបថត៖ SPM Page 21/11/2019
(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង៤:០០នាទីរសៀល ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានជួបប្រជុំពិភាក្សាគ្នា នៅទីស្តីការក្រសួងទេសចរណ៍។
ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ភាគីទាំងពីរបានឯកភាពគ្នាសហការលើចំណុច៤ (បួន)៖
១) រៀបចំប្រព័ន្ធផ្សព្វផ្សាយតាមគ្រប់រូបភាព សំខាន់គឺប្រព័ន្ធឌីជីថល
២) ការរៀបចំការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់អ្នកបម្រើសេវាកម្មទេសចរណ៍ទាំងពីរ ការធ្វើបដិសណ្ឋារកិច្ច ម្ហូបអាហារ និងការស្នាក់នៅ
៣) ការរៀបចំផែនទីទីតាំងរមណីយដ្ឋាន និងប្រាសាទនានា និង
៤) ការរៀបចំសៀវភៅផ្នត់ស្តីពី ទេសចរណ៍នៅកម្ពុជា
ជាទីបញ្ចប់ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍បានឯកភាពគ្នារៀបចំផែនការ យុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍។
កិច្ចប្រជុំបានបញ្ចប់នៅម៉ោង ៥៖៤៥នាទីរសៀលក្នុងថ្ងៃខែឆ្នាំដដែល ដោយបរិយាកាសរីករាយ និង ជោគជ័យ៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបជាមួយអ្នកឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ និងសហការី ដើម្បីអញ្ជើញត្រួតពិនិត្យអគារឥន្ទ្រទេវីទាំងមូលដែលនឹងត្រូវដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គោលបំណងនៃការសាងសង់អគារនេះឡើង គឺដើម្បីបំពេញតម្រូវការនៃការរីកចម្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជា លើបីចំណុច សំខាន់៖ ទី១. ជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផ្នែកភាសាចិន, ទី២. ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស (ជាទិសដៅនាពេលអនាគត) រាជបណ្ឌិត្យសភាកម្ពុជាមានបំណងប្រមូលផ្តុំអ្នកមានចំណេះដឹងខាងភាសាផ្សេងៗ ហើយសុំសិទ្ធិធ្វើការបកប្រែនូវរាល់ស្នាដៃ ឬផលិតផលដែលមានតម្លៃសម្រាប់ជាតិមកជាខេមរភាសា) និងទី៣. ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត សិក្ខាសាលា ហើយជាទិសដៅចំពោះមុខ អគារនេះក៏អាចបង្កើតជាតុមូលសម្រាប់បញ្ញវន្តធ្វើការវិភាគពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗនេះផងដែរ។ ជារួម អគារនេះនឹងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបញ្ចេញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ៕
សូមជម្រាបជូនថា អគារឥន្ទ្រទេវី ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបានសាងសង់រួចរាល់ហើយ នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការ នៅថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដោយសារបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងមានភាពចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព រាជបណ្ឌិត្យសភាកម្ពុជានឹងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្រាវជ្រាវលើគម្រោងឌីជីថលូបនីយកម្មនៃភាសាខ្មែរ (Digitization of the Khmer language Processing) ក្រោមការផ្តួចផ្តើមគំនិតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងជំនួបពិភាក្សានារសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម គង់ ម៉ារី ទីប្រឹក្សារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញ ៦រូបទៀតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញមកជួបឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការី ដើម្បីពិភាក្សាអំពី លទ្ធភាពក្នុងការរៀបចំបង្កើតគម្រោងឌីជីថលូបនីយកម្មនៃភាសាខ្មែរ (Digitization of the Khmer language Processing)។
នៅកិច្ចប្រជុំដែលបានរៀបចំឡើងនៅក្នុងសាលប្រជុំស្លឹករឹតរាជបណ្ឌិត្យសភាកម្ពុជា នាឱកាសនេះ ឯកឧត្តម គង់ ម៉ារី បានស្នើឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាចំនួន ៥ចំណុច រួមមាន៖ ១. ផ្តល់បច្ចេកទេសជាភាសាខ្មែរ ២.ប្រមូលទិន្នន័យទាក់ទងនឹងភាសាខ្មែរ ៣.រៀបចំសទ្ទានុក្រម (Lexicon) ៤.រៀបចំ Corpus និង៥. សាកល្បងលើ Prototype។
នៅក្នុងឱកាសនេះ ឯកឧត្តម គង់ ម៉ារី និងមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំធ្វើបទបង្ហាញជូនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីអំពី ដំណើរការរៀបចំគម្រោង និងសមិទ្ធផលស្រាវជ្រាវ កន្លងមកផងដែរ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តួចផ្តើមគំនិតសា្រវជ្រាវលើវិស័យបច្ចេកវិទ្យាព័ត៌មាននេះ ដើម្បីពង្រឹង និងពង្រីកវិស័យវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានឱ្យកាន់តែមានភាពងាយស្រួល និងទំនើប សម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគត។
ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឱ្យមន្ត្រីជំនាញស្ថាប័នទាំងពីរសហការធ្វើការរួមគ្នាបន្តទៀតទៅថ្ងៃអនាគត ដើម្បីឱ្យគម្រោងនេះសម្រេចបានសមិទ្ធផលល្អប្រសើរ។
ជាទីបញ្ចប់ មន្ត្រីជំនាញរាជបណ្ឌិត្យសភាកម្ពុជានិងមន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការរួមគ្នារៀបចំស្រាវជ្រាវគម្រោងឌីជីថលូបនីយកម្មនៃភាសាខ្មែរ ដើម្បីបំប្លែងឯកសារនានាដែលធ្វើឱ្យវិស័យបច្ចេកវិទ្យាព័ត៌មានមានភាពងាយស្រួលប្រើប្រាស់ រក្សាទុក និងចែកចាយលើប្រព័ន្ធអ៊ីនធឺណិតឱ្យកាន់តែទូលំទូលាយជាងមុន៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងភ្ញៀវកិត្តិយស បានរៀបចំប្រារព្ធពិធីសូធ្យមន្តចម្រើនព្រះបរិត្ត លើករាសី អគារឥន្ទ្រទេវី និងអភិសេកបដិមាព្រះនាងឥន្ទ្រទេវី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងសមាសភាពអញ្ជើញចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ បណ្ឌិត អស់លោក លោកស្រី អ្នកនាង និងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ១០០រូប។
នៅក្នុងពិធីតាមបែបសាសនា ព្រះសង្ឃចំនួន ៩អង្គបានសូធ្យមន្តចម្រើនព្រះបរិត្ត និងប្រោះព្រំលើករាសីនៅសំណង់បុស្បុក បដិមាព្រះនាងឥន្ទ្រទេវី និងនៅអគារឥន្ទ្រទេវី។
សូមជម្រាបជូនថា អគារឥន្ទ្រទេវី ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោកឧកញ៉ា ពុង ឃាងសែ ត្រូវបានសាងសង់រួចរាល់ហើយ នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការ នៅថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងទ្រឹស្តីផ្សារចងភ្ជាប់ជាមួយការអនុវត្តហើយត្រូវមានលទ្ធផល និងក្រមសីលធម៌វិជ្ជាជីវៈរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា គោលបំណងនៃការសាងសង់អគារនេះឡើង គឺដើម្បីបំពេញតម្រូវការនៃការរីកចម្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជា លើបីចំណុច សំខាន់៖ ទី១. ជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផ្នែកភាសាចិន, ទី២. ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស (ជាទិសដៅនាពេលអនាគត) រាជបណ្ឌិត្យសភាកម្ពុជាមានបំណងប្រមូលផ្តុំអ្នកមានចំណេះដឹងខាងភាសាផ្សេងៗ ហើយសុំសិទ្ធិធ្វើការបកប្រែនូវរាល់ស្នាដៃ ឬផលិតផលដែលមានតម្លៃសម្រាប់ជាតិមកជាខេមរភាសា) និងទី៣. ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត សិក្ខាសាលា ហើយជាទិសដៅចំពោះមុខ អគារនេះក៏អាចបង្កើតជាតុមូលសម្រាប់បញ្ញវន្តធ្វើការវិភាគពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗនេះផងដែរ។ ជារួម អគារនេះនឹងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិត និងវិទ្យាសាស្រ្តសង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបញ្ចេញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។
កាលពីមុន អគារនេះ (អគារA) ដែលមានកម្ពស់ត្រឹមតែមួយជាន់ត្រូវបានផ្លាស់ប្តូរទម្រង់ថ្មីមួយទៀតទៅជាអគារ ឥន្ទ្រទេវី ដែលមានកម្ពស់បីជាន់ មានលក្ខណៈកាន់តែទំនើប ដោយត្រូវបានបំពាក់បិរក្ខារប្រកបដោយផាសុកភាព និងកាន់តែមានសោភ័ណភាព សក្តិសមជាកន្លែងបណ្តុះបណ្តាលកម្រិតស្តង់ដារខ្ពស់សម្រាប់ជាតិដែលបម្រើលើវិស័យច្រើន ជាពិសេសគឺ ទាក់ទងនឹងការងារបណ្តុះបណ្តាលផ្សេងៗ។ អគារឥន្ទ្រទេវីនេះ មានកន្លែងដែលរៀបចំកម្មវិធីសម្រាប់អ្នកចូលរួមប្រមាណជាង ៤០០នាក់ ដែលកន្លងមករហូតដល់ពេលបច្ចុប្បន្ន រាជបណ្ឌិត្យសភាកម្ពុជាមិនទាន់មានទីកន្លែងសម្រាប់រៀបចំកម្មវិធីនានាដែលអាចទទួលអ្នកចូលរួមបានលើសពី ២០០នាក់នៅឡើយទេ។
ជាមួយនេះ បដិមាព្រះនាង ឥន្ទ្រទេវី ជាលើកដំបូងដែលត្រូវបានសិតនៅក្នុងបរិវេណអគារឥន្ទ្រទេវីនេះ គឺសិតឡើងអំពី ស្ពាន់ មានកម្ពស់ ១,៥៧ម៉ែត្រ គិតពីបាតជើងដល់ព្រះសិរ និងទំហំដងខ្លួនមានសមាមាត្រទៅនឹងរូបចម្លាក់ជាក់ស្តែងដែលឆ្លាក់នៅប្រាសាទព្រះខ័ន។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីបានសម្រេចសាងសង់បដិមាព្រះនាងឥន្ទ្រទេវី ជានិមិត្តរូបតម្កល់នៅក្នុងបរិវេណអគារ ដើម្បីជាការរម្លឹកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំពីរូបភាពគំរូនារីខ្មែរសម័យអង្គរដែលបានជួយដល់ប្រទេសជាតិជាច្រើន ជាពិសេសក្នុងវិស័យអប់រំ។
បដិមានេះទទួលបានជំនួយឧបត្ថម្ភពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង នាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍៕
RAC Media
(ភ្នំពេញ)៖ នៅសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូបង្រៀនភាសាចិនក្នុងតំបន់ នៃវិទ្យា ស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានសមាសភាពចូលរួមគណៈអធិបតី ភារធារីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងសមាគមសម្ព័ន្ធខ្មែរ-ចិន តំណាងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងវិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល-ហាន់ប៉ាន់ លោកគ្រូ និងអ្នកគ្រូសរុបចំនួន ៩០រូប។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល កញ្ញា វុធ សុភ័ក្រណា នាយិកាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយវិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល-ហាន់ប៉ាន់ បានបើកវគ្គបំប៉នគ្រូបង្រៀនភាសាចិន ជនជាតិខ្មែរ និងគ្រូឯកទេសជនជាតិចិននេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង តាមរយៈការប្រើប្រាស់ភាសា និងដើម្បីពិភាក្សា ផ្លាស់ប្តូរពុទ្ធិ នៃការបង្រៀនភាសាចិន ទៅកាន់ប្រជាជនកម្ពុជា ផ្សារភ្ជាប់ជាមួយនឹងចំណុចខ្លាំង និងចំណុចពិសេសរបស់គ្រូភាសាចិនក្នុងតំបន់ និងគ្រូឯកទេស ដោយផ្អែកលើតម្រូវការរបស់សិស្សនីមួយៗខុសៗគ្នា បំពេញនូវចំណុចខ្វះខាតរវាងគ្នានិងគ្នា ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក លើកកម្ពស់សមត្ថភាពការងារ និងជំនាញវិជ្ជាជីវៈ។
ជាមួយនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងលើកឡើងថា តាមរយៈវគ្គបណ្តុះបណ្តាលនាពេលនេះ លោកគ្រូ អ្នកគ្រូមានឱកាសចូលរួមជួយជំរុញការផ្លាស់ប្តូរវប្បធម៌ និងបានពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ចិន។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន ជនជាតិខ្មែរ និងគ្រូឯកទេសជនជាតិចិន ឆ្នាំសិក្សា២០១៩-២០២០ គឺផ្តោតសំខាន់លើជំនាញវិជ្ជាជីវៈជាខ្លាំង ខ្លឹមសារល្អ វិធីសាស្ត្រច្រើន រួមមាន សូរសព្ទ អក្សរចិន វាក្យសព្ទ វេយ្យាករណ៍ ការវិភាគឯកសារបង្រៀន ការគ្រប់គ្រង ថ្នាក់រៀនជាដើម ព្រមទាំងសិក្សាក្នុងអំឡុងពេលបង្រៀន គ្រូបង្រៀន និងសិស្ស ដើម្បីឱ្យកាន់តែយល់ច្បាស់ពីបញ្ហាខ្វះចន្លោះ។
ឯកឧត្តមបណ្ឌិត យង់ ពៅ បានជឿជាក់ថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលលើកនេះ លោកគ្រូ អ្នកគ្រូ នឹងធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នា ដើម្បីឱ្យការបង្រៀនមានការរីកចម្រើនឱ្យកាន់តែប្រសើរឡើង។
ឱកាសនេះ លោកស្រី ជ័រ វ៉ិនស៊ីង ភារធារីស្ថានទូតចិនប្រចាំកម្ពុជា តំណាងស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់មិត្តកម្ពុជា-ចិន ដែលខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់លោកស្រីសាស្ត្រាចារ្យ ដែលបានខិតខំធ្វើដំណើរពីចម្ងាយមកធ្វើការចែករំលែកពុទ្ធិ ក្នុងការបង្រៀនភាសាចិន។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ចិន និងកម្ពុជាមានទំនាក់ទំនងគ្នាលើគ្រប់វិស័យទាំងសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងនយោបាយដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ជាម្ចាស់ជំនួយ ជាប្រទេសវិនិយោគទុន និងជាប្រភពភ្ញៀវទេសចរ ច្រើនជាងគេ និងធំជាងគេនៅប្រទេសកម្ពុជា៕
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/ ១៦៧៦ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ជូនឯកឧត្តមបណ្ឌិត អ៊ឹម ឈុនលឹម ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
RAC Media
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/ ១៦៧៥ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសេដ្ឋាបណ្ឌិត» ជូនឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងជាប្រធានក្រុមជាតិ AIPA កម្ពុជា។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការវាយតម្លៃដាក់ពិន្ទុជ្រើសរើសប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំការប្រកួតប្រជែងជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានសមាសភាពអញ្ជើញចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ បណ្ឌិត ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការវាយតម្លៃសរុបចំនួន ១១រូប។ ពិធីប្រកួតប្រជែងនេះ បានប្រារព្ធឡើងនៅក្នុងសាលប្រជុំស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា។
បេក្ខជនដែលបានដាក់ពាក្យឈរឈ្មោះចូលរួមប្រកួតប្រជែងយកតំណែងប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាមានចំនួន ៣រូប រួមមាន៖
១. លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម។
២. លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ។
៣. លោកបណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ មន្ត្រីស្រាវជ្រាវ នៃមជ្ឈមណ្ឌលសិក្សាចិន។
នៅក្នុងការប្រកួតប្រជែងនេះ បេក្ខជនដែលបានដាក់ពាក្យឈរឈ្មោះទាំង ៣រូបត្រូវធ្វើបទបង្ហាញអំពី សមត្ថភាពដឹកនាំ ទស្សនវិស័យ ចក្ខុវិស័យ និងផែនយុទ្ធសាស្រ្តដឹកនាំវិទ្យាស្ថានឱ្យមានវឌ្ឍនភាពកាន់តែប្រសើរឡើង ដើម្បីឱ្យគណៈកម្មការពិនិត្យពិភាក្សា វាយតម្លៃ ដាក់ពិន្ទុជ្រើសរើសជាបេក្ខភាពប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្រោយពីការវាយតម្លៃ ពិន្ទុសរុបរបស់បេក្ខជននីមួយៗ ទទួលបានពិន្ទុដូចខាងក្រោម៖
១. លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គមទទួលបានពិន្ទុសរុបចំនួន ២៣០ពិន្ទុ។
២. លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈទទួលបានពិន្ទុសរុបចំនួន ៣៣១ពិន្ទុ។
៣. លោកបណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ មន្ត្រីស្រាវជ្រាវ នៃមជ្ឈមណ្ឌលសិក្សាចិនទទួលបានពិន្ទុសរុបចំនួន ២១៤ពិន្ទុ។
ជាលទ្ធផល ដោយផ្អែកលើចំណេះដឹង សមត្ថភាពដឹកនាំ និងពិន្ទុក្រោយពីបានស្តាប់បទបង្ហាញរបស់បេក្ខជនទាំង៣រូបយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការវាយតម្លៃនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានចំនួន ១១រូប ដែលបានវាយតម្លៃយ៉ាងសុក្រឹតនោះ គណៈកម្មការក៏បានសម្រេចដោយជ្រើសរើស លោកបណ្ឌិត ផុន កសិកា ជាបេក្ខភាពប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩។ បច្ចុប្បន្ន រាជបណ្ឌិត្យសភាកម្ពុជាមានវិទ្យាស្ថានចំណុះចំនួន ៦ ជាស្ថាប័នស្រាវជ្រាវ រួមមាន៖
១. វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ មាន៥ផ្នែក
២. វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម មាន៨ផ្នែក
៣. វិទ្យាស្ថានជីវ សាស្ដ្រ វេជ្ជសាស្ដ្រ និងកសិកម្ម មាន៤ផ្នែក
៤. វិទ្យាស្ថានវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា មាន ៥ផ្នែក
៥. វិទ្យាស្ថានភាសាជាតិ មាន៤ផ្នែក និង
៦. វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិមាន ៦ផ្នែក។
លើសពីនេះ រាជបណ្ឌិត្យសភាកម្ពុជាមានផែ្នក និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចំនួន ៥ទៀត រួមមាន៖
- ផ្នែកបណ្ដុះបណ្ដាល និងស្រាវជ្រាវ
- ផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ
- ក្រុមប្រឹក្សាជាតិភាសាខ្មែរ
- ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
- វិទ្យាស្ថាន ខុងជឺ
- មជ្ឈមណ្ឌលសិក្សាចិន
- មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (កូរ៉េ)
- មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាអង់គ្លេសកម្ពុជា (ឥណ្ឌា)៕
កាលពីរសៀល ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំអង្គប្រជុំរួម ដើម្បីពិនិត្យគោលការណ៍ក្នុងការសរសេរអក្សរខ្មែរ ជាអក្សរឡាតាំងដូចខាងក្រោម៖
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM