ព័ត៌មាន

«ឯកឧត្តមបណ្ឌិត យង់ ពៅ លើកទឹកចិត្តមន្ត្រីឱ្យមកបំពេញការងារឱ្យទៀងទាត់ ដើម្បីបន្សល់កេរ្តិ៍ឈ្មោះស្នាដៃជូនស្ថាប័ន និងសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងខែសីហា ឆ្នាំ២០២០ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានលើកទឹកចិត្តមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវគោរពម៉ោងបំពេញការងារឱ្យបានត្រឹមត្រូវទៀងទាត់ និងខិតខំប្រឹងប្រែងបម្រើការងារតាមជំនាញរបស់ខ្លួន ដើម្បីបន្សល់កេរ្តិ៍ឈ្មោះស្នាដៃជូនស្ថាប័ន និងសង្គមជាតិ។

ក្នុងអំឡុងពេលដឹកនាំកិច្ចប្រជុំប្រចាំដែលបានប្រព្រឹត្តទៅនៅក្នុងបន្ទប់ប្រជុំ RAC 2-11 អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា, ឯកឧត្តមបណ្ឌិត យង់ ពៅ បានពិនិត្យមើលឃើញថា មន្ត្រីមួយចំនួនពុំបានមកបំពេញការងាររបស់ខ្លួនទៀងទាត់នោះទេ ដូចនេះឯកឧត្តមបណ្ឌិតបានក្រើនរម្លឹកឱ្យមន្ត្រីទាំងអស់មកបំពេញការងាររបស់ខ្លួន និងពិនិត្យមើលច្បាប់ស្តីពី លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តជាធរមានឡើងវិញ។

ក្រៅពីការរម្លឹកអំពីការគោរពម៉ោងការងាររបស់មន្ត្រី, ឯកឧត្តមបណ្ឌិតអគ្គលេខាធិការបានក្រើនរម្លឹកថ្នាក់ដឹកនាំ និងអង្គភាពឧបសម្ព័ន្ធចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យពិនិត្យវាយតម្លៃចំណេះជំនាញ សមត្ថភាព ក្រមសីលមន្ត្រីដែលនឹងត្រូវតាំងតាំងឡើងវិញ ស្របតាមនឹងរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំថ្មីតាមអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជាថ្មីផងដែរ។

ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បញ្ជាក់ដូច្នេះថា៖«រាជបណ្ឌិត្យសភាកម្ពុជាគឺជាស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់របស់ជាតិ ដូចនេះមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវមានចំណេះជំនាញ សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងស្នាដៃការងាររបស់ខ្លួនឱ្យបានល្អប្រសើរ»៕

RAC Media | រឿន ភារុន


2020-09-01 06:12:27   ថ្ងៃអង្គារ, 01 កញ្ញា 2020 ម៉ោង 01:12 PM
សកម្មភាពចុះសិក្សាអំពីផលិត​កម្មបន្លែនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែសីហា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»​នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាអំពីផលិត​កម្មបន្លែនៅខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ។

ក្រុមការងារបានទទួលជួបស្វាគមន៍ដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង រួមទាំងប្រធានមន្ទីរពាក់ព័ន្ធចំនួន៧ ជាពិសេសគឺមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ មន្ទីរពាណិជកម្ម ដើម្បីផ្ដល់ទិន្នន័យដែលពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវគម្រោង។

ក្រុមការងារស្រាវជ្រាវក៏បានចុះទៅសិក្សានៅផ្សារឈ្មោះ ភូ ពុយ ដែលជាកន្លែងលក់បោះដុំបន្លែដ៏ធំមួយក្នុងខេត្តបាត់ដំបង ព្រមទាំងបានសម្ភាសន៍ជាមួយនឹងអាជីវកនៅទីនោះផងដែរ។ ផ្សារ ភូ ពុយ ជាផ្សារលក់បោះដុំបន្លែដែលដាំក្នុងខេត្តបាត់ដំបងខ្លះ បន្លែនាំមកពីផ្សារដើមគរខ្លះ និងក៏មានបន្លែនាំចូលពីប្រទេសថៃដែរ។ ប្រភេទបន្លែខ្លះក៏នាំពីផ្សារ​  ភូ ពុយ ទៅកាន់ផ្សារដើមគរវិញដែរ។

នៅព្រឹកថ្ងៃទី២៩ ក្រុមការងារបានចុះទៅទីតាំងដាំបន្លែមួយកន្លែងស្ថិតនៅសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង និងបានបន្តចុះសិក្សាសហគមន៍កសិកម្មតាសីសាមគ្គីដែលមានទីតំាងស្ថិតភូមិសាសី ឃុំតាមឿន ស្រុកថ្មគោល ខេត្តបាត់ដំបង ជាកន្លែងដាំបន្លែក្នុងផ្ទះសំណាញ់សរុបចំនួន២០ខ្នង ក្នុងមួយខ្នងមានទំហំ១០ម៉ែត្រគុណនឹង២៣ម៉ែត្រ។ ប្រភេទបន្លែដែលសហគមន៍ដាំរួមមាន ស្ពៃខាត់ណា, ស្ពៃក្តោប, ស្ពៃបូកគោ និង សាឡាត់។

RAC Media

ប្រភព៖ ក្រុមការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា





2020-08-31 09:02:47   ថ្ងៃចន្ទ, 31 សីហា 2020 ម៉ោង 04:02 PM
សកម្មភាពស្រាវជ្រាវពីអតីតរាជធានី និងទីក្រុងបុរាណខ្មែរ

ការសិក្សាស្រាវជ្រាវអំពីអតីតរាជធានីនិងទីក្រុងបុរាណខ្មែរ ដឹកនាំដោយឯកឧត្តមបណ្ឌិតជូ ច័ន្ទដារី និងសហការី  (លោ​ក​បណ្ឌិត ហេង ហុកវេន លោកហៀង លាងហុង និងលោកសុង ចំណាន) បានចុះសិក្សានៅតាមទីតាំងអតីតរាជធានីផ្សេងៗ មួយចំនួន ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅខេត្តព្រះវិហារនិងខេត្តសៀមរាប។

ក្រុមការងារបានចុះទីសិក្សានៅអតីតរាជធានីកោះកេរ ដែលស្ថិតនៅភូមិកោះកែរ ឃុំកោះកែរ ស្រុកគូលែន ខេត្តព្រះ វិហារ និងបន្ទាប់មក នៅទីតាំងតំបន់យសោធរបុរៈដែលជាទីតាំងនៅមុនតំបន់កោះកេរ និងបន្ទាប់ពីការផ្លាស់ពី កោះ កេរមកយសាធរបុរៈវិញ។

នៅថ្ងៃចុងបញ្ចប់នៃបេសកកម្មរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ បានបន្តទៅសិក្សានៅតំបន់យសោធរបុរៈ ដែលមានដូចជាទីតាំងនៃឥន្ទប័ទបុរី(អង្គរធំ)និងកន្លែងទីតាំងប្រាសាទបាពួន។

ការសិក្សាបានពិនិត្យមើលលើរចនាសម្ព័ន្ធទីតាំងនៃអតីតរាជធានីតាមទីកន្លែងទាំងនោះ និងស្វែងយល់នូវលក្ខណៈពិសេសផ្សេងៗគ្នា ក្នុងការរៀបចំបង្កើតជាទីតាំងនៃរាជធានីនីមួយៗ។

RAC Media

ប្រភព៖ ក្រុមការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា



2020-08-31 08:46:22   ថ្ងៃចន្ទ, 31 សីហា 2020 ម៉ោង 03:46 PM
ជម្រើសនយោបាយនិងទំនាក់ទំនាក់ការបរទេសកម្ពុជា ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោកកំពុងមានការវិវត្ថផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងពោរពេញទៅដោយគ្រោះថ្នាក់។ ពិភពលោកបានដើរមកសករាជនៃភូមិសាស្រ្តនយោបាយថ្មីមួយទៀត ដែលកកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួលដ៏លំបាកឆ្ពោះទៅរកប្រព័ន្ធពហុប៉ូលដែលតួអង្គថ្មី/ចាស់កំពុងប្រកួតប្រជែងដណ្ដើមតួនាទីគ្នាក្នុងការសម្រេចលើកិច្ចការពិភពលោកនិងតំបន់។ កម្ពុជាជាប្រទេសតូចនៅចន្លោះប្រទេស​​ធំពីរ និងមានសេដ្ឋកិច្ចមានភាពអាស្រ័យច្រើនជាមួយតួអង្គខាងក្រៅ ព្រមទាំងពពុះនយោបាយផ្ទៃក្នុងមិនសូវល្អ។ ដូច្នេះការរៀបចំនយោបាយនិងទំនាក់ទំនាក់ការបរទេសមានសារៈសំខាន់ណាស់កម្ពុជា ទាំងក្នុងទិដ្ឋភាពនយោ​បាយ សន្តិសុខ យុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសង្គមវប្បធម៌។

ចំពោះមុខសភាពការណ៍នេះ កម្ពុជាត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោការណ៍គ្រឹះនៃ នយោបាយការបរទេសរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោ​បាយអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់សន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និង ប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។

ប៉ុន្តែ កម្ពុជាត្រូវតែមានភាពវៃឆ្លាតក្នុងការអនុវត្តនយោបាយការបរទេសរបស់ខ្លួន គឺជានយោបាយដែលអាចទាញយកចំណេញពីប្រទេសអ្នកមាននិងមហាអំណាចតាមដែលអាចធ្វើទៅបាន ដោយមិនរើសអើងថា ជាលោកសេរីឬលោកកុម្មុយនិស្តនោះឡើយ ពីព្រោះពួកមហាអំណាចទាំងឡាយក៏ជ្រើសរើសយកវិធីនេះដូចគ្នាដែរ ពោលគឺឱ្យតែបានផលចំណេញដល់ប្រទេសជាតិនិងប្រជាជន។ លុយគឺគ្មានពណ៌និងគ្មានក្លិនកុម្មុយនិស្តឬសេរីនោះទេ។

ការបន្តប្រកាន់ជំហរបែងចែកថាលោកសេរីឬលោកកុម្មុយនិស្ត គឺជាគំនិតនយោបាយហួសសម័យនិងឆោតល្ងង់ដែលមិនស្របជាមួយនិន្នាការពិភពលោកបច្ចុប្បន្ននេះឡើយ។ ក្នុងន័យនេះ គ្មានហេតុផលអ្វីដែលកម្ពុជាត្រូវបដិសេធទំហំដ៏ធំនៃវិនិយោគចិនមកក្នុងប្រទេសខ្លួននោះទេ, ហើយរិតតែស្វាគមន៍ខ្លាំងថែមទៀតចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីបំពេញឱ្យភាពចន្លោះប្រហោងនៃភាពអនុគ្រោះរបស់គណៈកម្មការអឺរ៉ុប គឺ EBA ២០% ដែលត្រូវបានកាត់កាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ស្វាគមន៍ផងដែរចំពោះការវិនិយោគមកពីប្រទេសនានាដូចគ្នា កម្ពុជាគ្មានការរើសអើងចំពោះការវិនិយោគមកពីប្រទេសណានោះទេ ហើយកម្ពុជាក៏ស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗទៀតដែរ។

បើយើងពិនិត្យទៅលើទំនាក់ទំនងការបរទេសកម្ពុជា យើងគួរបែងចែកជាបួនទម្រង់ ទី១.ទំនាក់ទំនងរបស់កម្ពុជាជា​មួយប្រទេសជិតខាង, ទី២.ទំនាក់ទំនងរបស់កម្ពុជាជាមួយមហាអំណាចមធ្យមនៅក្នុងតំបន់, ទី៣.ទំនាក់ទំនងរបស់កម្ពុជាជាមួយបណ្តាប្រទេសនានាទាំងក្នុងនិងក្រៅតំបន់, ទី៤.ទំនាក់ទំនងរបស់កម្ពុជាជាមួយមហាអំណាចសំខាន់បី រួមមាន រុស្ស៊ី សហរដ្ឋអាម៉េរិក និងចិន។

ក្នុងសេណារីយោនេះ កម្ពុជាត្រូវមានទំនាក់ទំនងល្អជាបងប្អូនជាមួយប្រទេសជិតខាង រួមមាន ឡាវ ថៃ និងវៀតណាម ក្នុងហេតុផលនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ កម្ពុជាមិនអាចយកប្រទេសជិតខាងណាជាសត្រូវនោះ​ទេ ប៉ុន្តែ កម្ពុជាក៏មិនត្រូវឱនក្បាលជាមួយប្រទេសជិតខាងណាមួយដែរ។ កម្ពុជាត្រូវមានទំនាក់ទំនងដោយស្មើមុខនិងស្មើសិទ្ធិជាមួយគ្រប់បណ្តាប្រទេសទាំងអស់។ ប្រទេសណាក៏ដោយដែលឈ្លនពានកម្ពុជា យើងត្រូវឆ្លើយតបតាមភាសា​របស់ពួកគេ។

ចំពោះប្រទេសមហាអំណាចមធ្យមក្នុងតំបន់វិញ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ ការងើបឡើងយ៉ាងឆាប់រហ័សនិងស្វាហាប់ក្នុងវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់បណ្ដាប្រទេសអាស៊ី ជាពិសេស ចិន ជប៉ុន ឥណ្ឌា កូរ៉េ​ខាងត្បូង និងសហគមន៍ ASEAN បាននាំឱ្យជញ្ជីងកំណើនសេដ្ឋកិច្ចផ្អៀងមកតំបន់អាស៊ី។ ក្នុងន័យនេះ កម្ពុជាត្រូវមានទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រជាមួយមហាអំណាចមធ្យមក្នុងតំបន់ទាំងនេះ រួមមាន ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង ដើម្បីផលប្រយោជន៍នយោបាយ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះដែរ កម្ពុជាត្រូវមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសផ្សេងទៀត ទាំងក្នុងក្រៅតំបន់ ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មនិងការទូតរបស់ខ្លួន។

ចំពោះទំនាក់ទំនងកម្ពុជាជាមួយមហាអំណាចសំខាន់បី រួមមាន រុស្ស៊ី សហរដ្ឋអាមេរិក និងចិនវិញ យើងត្រូវពិនិត្យទៅសក្តានុពលខាងផ្នែកនយោបាយ សន្តិសុខ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច។ ក្នុងន័យនេះ ចំពោះទំនាក់ទំនងជាមួយរុស្ស៊ី យើងត្រូវដឹងថា បច្ចុប្បន្ន រុស្ស៊ីគឺមិនមែនជាអតីតសហភាពសូវៀតទៀតទេ។ រុស្ស៊ីគ្មានបំណងនិងគ្មានលទ្ធភាពចងក្រងសម្ព័ន្ធដូចសម័យអតីតសហភាពសូវៀតទៀតឡើយ។ ដូច្នេះរុស្ស៊ីគ្មានថាមពលអ្វីទៅជួយអូសសណ្តោងសេដ្ឋកិច្ចប្រទេសណាទេ ប៉ុន្តែ រុស្ស៊ីនៅតែមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងន័យនយោបាយផងនិងយុទ្ធសាស្ត្រផង។ ដូច្នេះ កម្ពុជាចាំបាច់ត្រូវរក្សាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាប្រពៃណីជាមួយរុស្ស៊ី។

ចំពោះសហរដ្ឋអាម៉េរិកវិញ បច្ចុប្បន្ន សហរដ្ឋអាម៉េរិកប្រៀបដូចជារដ្ឋបុរី ស្ប៉ាត ដែលចេះតែមានការបារម្ភកាន់តែខ្លាំង​ឡើងខ្លាចបាត់បង់តំណែងជាមហាអំណាចពិភពលោកទី១របស់ខ្លួនដោយសម្លឹងមើលមិនពព្រឹចភ្នែកចំពោះការរះឡើងយ៉ាងខ្ពស់ត្រដែត និងការរីកចម្រើនកាន់តែលឿនរបស់ចិន ដែលជាមហាអំណាចថ្មីប្រៀបបីដូចជារដ្ឋបុរី  អាថែន ក្នុងសេណារីយ៉ូរបស់ទុយស៊ីឌីដនាសម័យក្រិចបុរាណ។

ដូច្នេះ ទំនាក់ទំនងរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក គឺស្មុគស្មាញពិបាកប៉ាន់ស្មាន, ចំពោះមុខ សហរដ្ឋអាមេរិកនឹងមិនចាប់យកកម្ពុជាជាដៃគូយុទ្ធសាស្ត្រទេ។ និយាយជារួមទៅ ក្នុងទស្សនៈរបស់ខ្លួន សហរដ្ឋអាម៉េរិកចាត់ទុកកម្ពុជាជាស្ត្រីមានប្តីរួចឬយ៉ាងហោចណាស់ ជាស្ត្រីដែលភ្ជាប់ពាក្យរួច។ ជាសាច់ការជាក់ស្តែង កម្ពុជាមិនមែនស្រីក្រមុំ ជាស្ត្រីមេ​ម៉ាយ ឬជាស្ត្រីមានប្តីហើយអ្វីនោះទេ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ខ្ជាប់នូវនយោបាយការបរទេសផ្កាចម្រុះ​ពណ៌។ ក្នុងន័យនេះ កម្ពុជាមិនអាចយកសហរដ្ឋអាម៉េរិកជាសត្រូវបានទេ កម្ពុជាចាំបាច់ត្រូវថ្នាក់ថ្នមទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក។ យើងត្រូវដឹងថា សហរដ្ឋអាម៉េរិកជាមហាអំណាចទី១លើពិភពលោក មានសម្ព័ន្ធមិត្តច្រើន ហើយដៃគូក៏ច្រើន ដូច្នេះ សហរដ្ឋអាម៉េរិកមានទឹកមាត់ប្រៃនៅក្នុងកិច្ចការតំបន់និងពិភពលោក។

ដោយឡែកប្រទេសចិន គឺជាមហាអំណាចថ្មីដែលទើបរះឡើងយ៉ាងត្រដែតត្រដឹម មានការអភិវឌ្ឍលឿនខ្លាំងស្ទើរគ្រប់​វិស័យ។ ប្រធានាធិបតី ស៊ី ជីនពីង ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០១២ បានបោះបង់ចោលយុទ្ធសាស្រ្តដ៏ប្រយ័ត្នប្រយែងរបស់លោក តេង ស៊ាងពីង ដែលបាននិយាយថា «លាក់កម្លាំង រង់ចាំពេលវេលា»។ ផ្ទុយទៅវិញ លោក ស៊ី ជីនពីង បានប្រកាសថា របបដឹកនាំរបស់គាត់នឹងបន្ត “ក្តីសុបិនរបស់ប្រទេសចិន” ដោយអះអាងជាថ្មីថា ចិនជាទីតាំងដ៏ត្រឹមត្រូវនៃមហាអំណាចពិភពលោកបន្ទាប់ពីរងនូវការប្រមាថអស់រយៈពេលមួយសតវត្សរ៍ក្រោមកណ្តាប់​ដៃ​របស់សហរដ្ឋអាម៉េរិក អឺរ៉ុប និងជប៉ុន។ ចាប់តាំងពីការប្រកាសនោះមក លោក ស៊ី ជីនពីង បានផ្តោតលើការបង្វែរកម្លាំងសេដ្ឋកិច្ចរបស់ចិនទៅជាសាច់ដុំនៃភូមិសាស្ត្រនយោបាយ។

នៅឆ្នាំ២០១៣ លោក ស៊ី ជីនពីង បានប្រកាសពីផែនការផ្លូវសូត្រសតវត្សរ៍ទី២១ ក្រោយមកហៅថា «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ»  ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនលានដុល្លារ។ ក្រុងប៉េកាំងបញ្ចេញនូវសមត្ថភាពឧស្សាហកម្មរបស់ខ្លួន ដើម្បីសាងសង់ផ្លូវឆ្លងកាត់បណ្តាប្រទេសនៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ គោលបំណងរបស់ចិន គឺប្រែក្លាយខ្លួនជាមជ្ឈ​មណ្ឌលសេដ្ឋកិច្ចពិភពលោកដ៏រស់រវើក។ លោក ស៊ី ជីនពីង ក៏ប្តេជ្ញាដឹកនាំដណ្តើមខ្សែសង្វាក់មូលធននិយមតាម​រយៈគំនិតផ្តួចផ្តើមមួយទៀតហៅថា «ផលិតនៅប្រទេសចិន ឆ្នាំ២០២៥ (Made in China 2025)»។

លោក ស៊ី ជីនពីង ក៏បានចាប់ផ្តើមគម្រោងប្រែក្លាយ “ចិនជាមហាអំណាចយោធា” នៅអាស៊ីប៉ាស៊ីហ្វិក។ គាត់បានពង្រឹងកងទ័ពជើងទឹក ដាក់ពង្រាយនាវា បង្កើតកោះយោធានៅសមុទ្រចិនខាងត្បូងនិងខាងកើត ដើម្បីត្រួតត្រាផ្លូវដឹកជញ្ជូន (ផ្លូវ​ទឹកនិងអាកាស) ទាមទារសិទ្ធិរុករកប្រេង និងឧស្ម័នធម្មជាតិក្រោមសមុទ្រ និងសិទ្ធិនេសាទ។ នៅទីបំផុតទៅ       ប្រ​ទេស​ចិនបានអះអាងកាន់តែច្រើននៅក្នុងភូមិសាស្ត្រនយោបាយ រាប់ចាប់តាំងពីបញ្ហាប្រែប្រួលអាកាសធាតុរហូតដល់ជម្លោះពាណិជ្ជកម្ម។

នៅសហរដ្ឋអាម៉េរិក ការរះឡើងរបស់ប្រទេសចិន ត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ដល់ឧត្តមភាពរបស់សហរដ្ឋអា​ម៉េរិក​នៅក្នុងប្រព័ន្ធអន្តរជាតិ។ ទោះបីជាគំនិតនៃការពង្រីកសេដ្ឋកិច្ចនិងយោធារបស់ចិន និងការថមថយឥទ្ធិពល​សហរដ្ឋអាម៉េរិកដែលមិនអាចទប់បាន គឺផ្អែកលើការសន្មត់និងការប៉ាន់ស្មានដែលគួរឱ្យសង្ស័យក៏ដោយ ក៏ប្រទេសចិនគឺជាប្រទេសតែមួយគត់ ដែលមានសក្តានុពលគំរាមកំហែងដល់ឋានៈរបស់សហរដ្ឋអាម៉េរិក។ ជាការពិត ការប្តូរទិសអំ​ណាច​អាចបង្កគ្រោះថ្នាក់ដល់ស្ថេរភាពនៃប្រព័ន្ធអន្តរជាតិ ប្រសិនបើមហាអំណាចចាស់និងមហាអំណាចថ្មី មិនយល់គ្នាអំពីអភិបាលកិច្ចនិងការដឹកនាំនៅក្នុងប្រព័ន្ធអន្តរជាតិ។

ការរះឡើងរបស់ចិននៅទ្វីបអាស៊ី និងកាន់តែខ្លាំងឡើងៗនៅទូទាំងពិភពលោក គឺជាភាពចលាចលភូមិសាស្ត្រនយោ​បាយដ៏ធំដែលសហរដ្ឋអាម៉េរិកត្រូវប្រឈមមុខ។ បទពិសោធន៍ប្រវត្តិសាស្ត្របានបង្ហាញថា ការធ្វើសមាហរណកម្មមហាអំណាចដែលទើបរះឡើងថ្មីទៅក្នុងប្រព័ន្ធអន្តរជាតិមិនមែនជាការងារងាយស្រួលនោះទេ។ មហាអំណាចដែល​ងើបឡើងថ្មីនេះ មាននិន្នាការពង្រីកវិសាលភាពនៃសកម្មភាពរបស់ខ្លួនក្នុងការប៉ុនប៉ងដើម្បីទទួលបាននូវវត្ថុធាតុដើម ទីផ្សារ និងមូលដ្ឋានយោធា ហើយនៅក្នុងដំណាក់កាលនៃការពង្រីកនេះ ប្រទេសចិនបានពង្រីកសកម្មភាពនិងសហគ្រាស​​របស់ខ្លួននៅក្នុងប្រទេសជាច្រើន ជាពិសេស បន្ទាប់ពីការដាក់ចេញនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ(BRI)។ ដើម្បី​ធានាដល់ការវិនិយោគ និងគមនាគមន៍ផ្លូវសមុទ្រ ប្រទេសចិនកំពុងពង្រឹងសមត្ថភាពពង្រីកអំណាចរបស់ខ្លួន។ ការពង្រីកកងនាវារបស់ចិនបង្កជាការប្រឈមដល់សហរដ្ឋអាម៉េរិកក្នុងនាមជាមហាអំណាចកងទ័ពជើងទឹកមុនគេ និង «អនុត្តរភាពដែនសមុទ្រ»របស់សហរដ្ឋអាម៉េរិក។

ក្នុងន័យនេះ ចិនដែលជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជានិងជាប្រទេសដែលមានកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជាផងនោះ ទំនាក់ទំនងល្អជាមួយចិន កម្ពុជាពិតជាទទួលបាននូវផលប្រយោជន៍ដ៏មហាសាល ទាំងផ្នែកនយោបាយ សន្តិសុខ យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច។ ប៉ុន្តែ កម្ពុជាក៏គួរតែរក្សាតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបនិងបណ្តាប្រទេសនៅអឺរ៉ុបខាងលិចផងដែរ។

យើងត្រូវដឹងថា ចិន ត្បិតមានសេដ្ឋកិច្ចធំ មានការអភិវឌ្ឍលឿនខ្លាំង និងមានប្រទេសដៃគូច្រើនក៏ពិតមែន ប៉ុន្តែ ចិនមិន​មានសម្ព័ន្ធមិត្តច្រើនទេ ហើយចិនក៏កំពុងមានភាពរកាំរកូសមួយផ្នែកជាមួយរដ្ឋភាគីសមុទ្រចិនខាងត្បូងនៅអាស៊ាន មួយផ្នែកជាមួយឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ដែលជាប្រទេសជិតខាងចិន ហើយប្រទេសទាំងនោះកំពុងក្លាយជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាម៉េរិក។ បើយើងនិយាយពីសហភាពអឺរ៉ុប    និងបណ្តាប្រទេសនៅអឺរ៉ុបខាងលិចវិញ ពួកនេះជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រជាប្រពៃណីរបស់សហរដ្ឋអាម៉េរិក ថ្វីត្បិតបច្ចុប្បន្ន ដៃគូសម្ព័ន្ធមិត្តទាំងពីរមានការខ្វែគំនិតគ្នាខ្លះលើសេណារីយោមួយចំនួន ប៉ុន្តែ ក្នុងកាលៈទេសៈចាំបាច់ណាមួយ ពួកគេចាប់គ្នាភ្លាមនិងគាំទ្រគ្នាទៅវិញទៅមក, សហភាពអឺរ៉ុបតែងបន្ទរតាមសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិកតែងគាំទ្រសហភាពអឺរ៉ុប។

ជាសេចក្តីសន្និដ្ឋាន ក្នុងជម្រើសនយោបាយនិងទំនាក់ទំនាក់ការបរទេសរបស់ខ្លួន កម្ពុជាត្រូវរក្សានូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែ ត្រូវតែជានយោបាយដែលឆ្លាតវៃដើម្បីទាញផលប្រយោជន៍​ជាអតិបរិមាសម្រាប់ប្រជាជាតិយើង។ កម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយការបរទេសទន់ភ្លន់តែមិនទន់ជ្រាយ បត់បែនតែមិនលក់អធិបតេយ្យនិងឯករាជ្យជាតិ។ នយបាយការបរទេសកម្ពុជា ជានយោបាយផ្កាចម្រុះពណ៌និងរីកគ្រប់​រដូវ។ ក្នុងទំនាក់ទំនាក់ការបរទេសវិញ កម្ពុជាត្រូវរក្សានូវគោលការណ៍គ្រឹះនៃសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ កម្ពុជាមិនត្រូវជ្រើសរើសយកប្រទេសណាមួយមកជំនួសឱ្យប្រទេសណាមួយនោះទេ ពោលគឺកម្ពុជាត្រូវការនូវពិពិធភាពទីផ្សារនិងការទូតដើម្បីសន្តិភាព ស្ថិរភាព      មិត្ត​​​ភាព វិបុលភាព និងការអភិវឌ្ឍ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


2020-08-29 16:15:02   ថ្ងៃសៅរ៍, 29 សីហា 2020 ម៉ោង 11:15 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់បានដឹកនាំសមាជិក សមាជិកាចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាងសាលាបុណ្យនៅវត្តពោធិ៍រុន

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់បានដឹកនាំសមាជិក សមាជិកាចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាងសាលាបុណ្យនៅវត្តពោធិ៍រុន ស្ថិតក្នងភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង។

ក្នុងឱកាសបញ្ចុះបឋមសិលានេះ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងសមាជិក សមាជិកាបានប្រគេនបច្ច័យបុណ្យសរុបចំនួន ២លានរៀលជូនព្រះចៅអធិការវត្តពោធិ៍រុន។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃំុត្រពាំងធំខាងជើង និងសមាជិក សមាជិកាបានបំបួសដើមឈើទាលធំចំនួន២ដើម និងដាំកូនឈើជានិមិត្តរូបចំនួនសរុប ៧០ដើមក្នុងវត្តពោធិ៍រុន ក្នុងនោះ រួមមាន៖

- កូនឈើបេង 10 ដើម

- កូនឈើក្រញូង 10 ដើម

- កូនទៀបបារាំង 50 ដើម៕

RAC Media 


2020-08-29 05:52:30   ថ្ងៃសៅរ៍, 29 សីហា 2020 ម៉ោង 12:52 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ វៀតណាមអាចផ្លុំផ្សែងដាក់កម្ពុជា ហើយកម្ពុជាក៏អាចផ្លុំផ្សែងដាក់វៀតណាមវិញដែរ តែការផ្លុំផ្សែងដាក់គ្នា មិនមែនជាដំណោះស្រាយក្នុងសម័យសាកលភាវូបនីយកម្មនោះទេ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះ នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា វៀតណាមអាចផ្លុំផ្សែងដាក់កម្ពុជា ហើយកម្ពុជាក៏អាចផ្លុំផ្សែងដាក់វៀតណាមវិញដែរ តែការផ្លុំផ្សែងដាក់គ្នា មិនមែនជាដំណោះស្រាយក្នុងសម័យសាកលភាវូបនីយកម្មនោះទេ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសថ្លែងយ៉ាងដូច្នេះ ជាការឆ្លើយតបទៅនឹងសំណួរដែលចោទសួរអំពីចេតនារបស់ភាគីវៀតណាម ដែលវៀតណាមបានរុះរើតង់បណ្ដោះអាសន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ហើយសាងសង់ខ្ទមដែលមានលក្ខណៈរឹងមាំជាងមុននៅចម្ងាយប្រមាណជា១២០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា ករណីនេះ វាគឺជានយោបាយតាបប៊ីយែ ដោយក្នុងពេលដែលវៀតណាមមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក កម្ពុជាមិនដែលឆ្កឹះទេ ដូច្នេះកម្ពុជាចាប់ចិន វៀតណាមក៏ត្រូវតែគោរពការសម្រេចចិត្តរបស់កម្ពុជាក្នុងនយោបាយការបរទេសផងដែរ។ ក្នុងករណីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា សម្រាប់ជាយុទ្ធសាស្ត្រទប់ទល់វិញ កម្ពុជាអាចមានយុទ្ធសាស្ត្រចំនួន៣គឺ៖ ១.ក្រុមម៉ុងតេញ៉ា ២.ខ្មែរកម្ពុជាក្រោម និងទី៣.វៀតណាមជាប្រទេសកុម្មុយនីស្ត សហរដ្ឋអាម៉េរិកជួយវៀតណាមនៅពេលត្រូវការវៀតណាមទប់ជាមួយចិនប៉ុណ្ណោះ ពេលចប់ជាមួយចិន នោះវៀតណាមអាចនឹងប្រឈមបញ្ហាអស្ថិរភាព ដោយសារចលនាចង់បានប្រជាធិបតេយ្យក្នុងប្រទេស ដែលចំណុចនេះសហរដ្ឋអាម៉េរិកធ្វើរួចហើយនៅអេហ្ស៊ីបនិងតួកគី។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា វៀតណាមអាចផ្លុំផ្សែងដាក់កម្ពុជា ហើយកម្ពុជាក៏អាចផ្លុំផ្សែងដាក់វៀតណាមវិញដែរ តែការផ្លុំផ្សែងដាក់គ្នា មិនមែនជាដំណោះស្រាយក្នុងសម័យសាកលភាវូបនីយកម្មនោះទេ គេត្រូវតែស្វែងរកដំណោះស្រាយដែលអាចស្រុះស្រួលគ្នា។ ទោះបីជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានរំឭកឱ្យភាគីវៀតណាមគិតគូរឡើងវិញថា «វៀតណាមត្រូវចងចាំ អំពីផ្លូវលំហូជីមិញដែលជាគុណបំណាច់របស់កម្ពុជា ប្រសិនបើគ្មានផ្លូវលំហូជីមិញនោះទេ វៀតណាមមិនអាចបង្រួបបង្រួមវៀតណាមខាងត្បូងនោះទេ សូមឱ្យវៀតណាមចាំប្រវត្តិសាស្ត្រត្រង់នេះ»។

គួរបញ្ជាក់ផងដែរថា សម្រាប់ករណីស្រដៀងគ្នានឹងការតាំងប៉ុស្តិ៍នៅជិតតំបន់ព្រំដែននេះដែរ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានឆ្លើយតបទៅភាគីវៀតណាមវិញ ដោយបានសាងសង់ប៉ុស្តិ៍រឹងមាំនៅក្នុងខេត្តកំពត ប្រឈមទល់មុខនឹងប៉ុស្តិ៍វៀតណាមដែលបានសាងសង់នៅក្នុងតំបន់ក្បែរព្រំដែនកម្ពុជា-វៀតណាមម្ដងរួចមកហើយ៕

RAC Media | លឹម សុវណ្ណរិទ្ធ


2020-08-29 05:37:16   ថ្ងៃសៅរ៍, 29 សីហា 2020 ម៉ោង 12:37 PM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ រាជរដ្ឋាភិបាលបានបំពេញចំណុច៤សំខាន់សម្រាប់ព្រំដែនកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជរដ្ឋាភិបាលបានបំពេញចំណុច៤សំខាន់សម្រាប់ព្រំដែនកម្ពុជា ហើយបើខ្ញុំស្លាប់ទៅវិញ ក៏ខ្ញុំសប្បាយរីករាយដែរ នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត្យសភា សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ១០កើតខែភទ្របទ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នេះ នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។

ចំណុចសំខាន់ៗទាំង៤ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់រួមមាន៖

១-បង្គោលព្រំដែនដែលបន្សល់ពីសម័យអាណានិគមនិយមបារាំងមិនត្រូវបានបំផ្លាញ ត្រូវរក្សាទុក

២-ការស្ថាបនាផ្លូវនៅតាមព្រំដែនកម្ពុជា-វៀតណាម

៣-ដីនៅតាមព្រំដែនមិនត្រូវបានជួលឱ្យបរទេស ព្រោះកម្ពុជាមិនចង់ឃើញនយោបាយច្រែះស៊ីដែក

៤-ការសាងសង់ជាលក្ខណៈប្លង់រឹងណាមួយនៅលើដីជិតព្រំដែនចម្ងាយ១៥០ម៉ែត្រ ត្រូវមានការឯកភាពពីប្រទេសទាំង២ កម្ពុជា-វៀតណាម

ឆ្លើយតបទៅនឹងការសាងសង់ប៉ុស្តិ៍យាមដែលជាជម្រករឹងមាំនៅជិតព្រំដែនកម្ពុជា-វៀតណាម ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា វៀតណាមត្រូវតែធ្វើការស្នើសុំពីកម្ពុជា ព្រោះកម្ពុជា-វៀតណាម បានឯកភាពនិងព្រមព្រៀងគ្នាក្នុងការប្រែក្លាយព្រំដែនកម្ពុជា-វៀតណាមទៅជា ព្រំដែនឯកភាព ព្រំដែនសហប្រតិបត្តិការ ព្រំដែនសេដ្ឋកិច្ច និងព្រំដែនទប់ស្កាត់ការជួញដូរគ្រឿងញៀន ស្ត្រី និងកុមារ ដូច្នេះភាគីទាំងពីរត្រូវតែផ្ដល់គំនិតគ្នាទៅវិញទៅមក។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កម្ពុជាត្រូវតែធ្វើកំណត់ទូតទៅភាគីវៀតណាម បើទោះបីជាវៀតណាមធ្វើនៅលើទឹកដីរបស់ខ្លួនក៏ដោយ តែយើងមានកិច្ចព្រមព្រៀងនឹងគ្នា។ ក្នុងករណីដែលវៀតណាមមិនស្ដាប់ កម្ពុជាត្រូវទទូចជាថ្មីម្ដងទៀត ហើយបើវៀតណាមមិនបញ្ឈប់ នោះកម្ពុជាមានសិទ្ធិអាចធ្វើប៉ុស្តិ៍ដូចគ្នាចម្ងាយ១២០ម៉ែត្រដូចគ្នាទល់មុខនឹងប៉ុស្តិ៍ដែលវៀតណាម។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ករណីនេះ កម្ពុជាបានធ្វើប៉ុស្តិ៍រឹងមាំមួយរួចមកហើយនៅក្នុងខេត្តកំពត ក្នុងតំបន់ព្រំដែនជាមួយប្រទេសវៀតណាម។

គួរបញ្ជាក់ផងដែរថា យោងតាមលិខិតរបស់ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាល គោរពជូនគោរពជូន អភិបាលនៃអភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់អំពីការដែលកម្លាំងនគរបាលខេត្តកណ្ដាលបានចុះទៅពិនិត្យនៅចំណុចទីតាំងតង់ចាស់របស់យោធាការពារព្រំដែនវៀតណាម ប៉ុស្តិ៍៩២៥វិញសឿង នៅនិយាមការ514575-1206948 ភូមិភូវី ឃុំភូឡុក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល បានប្រទះឃើញភាគីវៀតណាមកំពុងសាងសង់តង់ថ្មី(ជាជម្រករឹងមាំ) ដោយសាងសង់អំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រx៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ។

RAC Media | លឹម សុវណ្ណរិទ្ធ


2020-08-29 05:31:04   ថ្ងៃសៅរ៍, 29 សីហា 2020 ម៉ោង 12:31 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដឹកនាំក្រុមការងារស្រាវជ្រាវព្រំដែន៥នាក់ចូលរួម ពិធីប្រគល់-ទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»

នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) បានដឹកនាំក្រុមការងារស្រាវជ្រាវព្រំដែន៥នាក់ ចូលរួម,ពិធី «ប្រគល់-ទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម» ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីប្រគល់នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានទទួលផែនទីឋានលេខាព្រំដែនខ្នាត ១/២៥០០០ ចំនួន១ឈុតពីអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនផងដែរក្នុងចំណោមក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៣៥ ដែលទទួលបាន ដើម្បីយកទៅប្រើប្រាស់។

ផែនទីនេះជាការបង្ហាញនូវសមិទ្ធផលនៃការបោះបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម ដែលសម្រេចបាន៨៤ភាគរយ។

ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ត្រូវបានកម្ពុជា- វៀតណាម រៀបចំពិធីប្រគល់និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉កបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកឧត្តម ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។

ការរៀបចំប្រគល់ទទួលផែនទីនេះត្រូវបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន៨៤ ភាគរយ កាលពីថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០១៩ កន្លងទៅ៕

RAC Media | រឿន ភារុន


2020-08-27 06:03:44   ថ្ងៃព្រហស្បតិ៍, 27 សីហា 2020 ម៉ោង 01:03 PM
«រាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងទេសចរណ៍ចុះអនុស្សរណៈនៃការយោគយល់គ្នាជួយអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍»

(ទីស្តីការក្រសួងទេសចរណ៍)៖ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នៅទីស្តីការក្រសួងទេសចរណ៍ឯកឧត្តម​បណ្ឌិត​ ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច​​​ ប្រធានរាជបណ្ឌិត្យ​សភា​កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេស​ចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរាជបណ្ឌិត្យសភាពកម្ពុជា។

ថ្លែងក្នុងឱកាសពិធីចុះអនុស្សរណៈយោយល់គ្នារវាងស្ថាប័នទាំងពីរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានប្រសាសន៍ថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងរាជបណ្ឌិត្យសភាកម្ពុជានៅពេលនេះ ត្រូវបានមើលឃើញថា ជាការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជា ជាពិសេស នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ក្នុងការជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសបណ្តុះបណ្តាល និងផ្តល់ចំណេះដឹង ដល់មន្រ្តីជំនាញ យុវជន សិស្ស និស្សិត និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ទាំងផ្នែកជំនាញ និងកិច្ចការស្រាវជ្រាវ ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត ក៏ដូចជាទទួលបានការងារមួយសមរម្យ ជាមួយនឹងការបង្កើនប្រាក់ចំណូលរបស់ខ្លួនកាន់តែល្អប្រសើរ។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងចំពេលវេលា និងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍លើការជំរុញការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ សំដៅសម្រេចចក្ខុវិស័យ "បុគ្គលិកម្នាក់ ជំនាញមួយ" និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងស្របតាមស្តង់ដាសមត្ថភាពតំបន់ អន្តរជាតិ និងពិភពលោក ជាពិសេសបង្កើនភាពជាដៃគូក្នុងការរៀបចំឱ្យមានការបណ្តុះបណ្តាលខ្លីៗ ទាំងជំនាញបន្ថែម និងជំនាញថ្មី (Up-Skilling and Reskilling) ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា ស្របតាមស្តង់ដាអាស៊ាន តំបន់ និងអន្តរជាតិ និងជាដៃគូក្នុងការជំរុញផ្នែកសិក្សាស្រាវជ្រាវ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាក្របកដោយគុណភាព និរន្តរភាព និងបរិយាបន្ន។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្នុងការងារបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍កន្លងមក ក្រសួងទេសចរណ៍បានកំពុងយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ (ទាំងផ្នែកសាធារណៈ និងឯកជន) សំដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងស្របតាមស្តង់ដាសមត្ថភាពតំបន់ អន្តរជាតិ និងពិភពលោក។ ជាពិសេសក្រសួងទេសចរណ៍ បានកំពុងសហការជាមួយទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) និងដៃគូរអភិវឌ្ឍផ្សេងៗទៀត ដើម្បីជំរុញការកសាងសា​លា​ជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបន្តសហការជាមួយសាលាបណ្តុះបណ្តាល ឯកជន និងវិស័យឯក​ជនដើម្បីរៀបចំនូវវគ្គបណ្តុះបណ្តាលខ្លីៗ ទាំងជំនាញបន្ថែម និងជំនាញថ្មី (Up-Skilling and Reskilling) ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍បន្ថែមថា ក្រសួងទេសចរណ៍ បានកំពុងជំរុញឱ្យសាលាបណ្តុះបណ្តាល និងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចអនុវត្តកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនស្របតាមស្តង់ដាអាស៊ានផងដែរ។ លើសពីនេះទៅទៀត ដើម្បីជំរុញការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណ និងគុណភាព ក្រសួងទេសចរណ៍ បានមើលឃើញច្បាស់ពីសារៈសំខាន់នៅក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មានដើម្បីជួយដល់ការតាមដានតម្រូវការទីផ្សារជំនាញ និងសមត្ថភាពរបស់អ្នកបម្រើការ​ងារ​នៅក្នុងវិស័យទេសចរណ៍ ជាពិសេសជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេស​ចរណ៍តាមរយៈប្រព័ន្ធអនឡាញ ដែលអាចឱ្យអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់យកអាជីពជាអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍អាចធ្វើការសិក្សាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងអាច ពង្រឹងសមត្ថភាពជំនាញពេញមួយជីវិត។ ក្នុងនោះ ក្រសួងទេសចរណ៍ បានបង្កើត ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ (Online Tourism Professional Training Management System) www.tptd.org ដែលជាប្រព័ន្ធមួយ ត្រូវបាន រៀបចំឡើងសម្រាប់ជួយដល់វិស័យអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍រយៈពេលវែង ហើយជាប្រព័ន្ធមួយដែលអាចប្រើប្រាស់ក្នុងការរក្សាទិន្នន័យអ្នកជំនាញទេសចរណ៍សម្រាប់តាមដានសមត្ថភាព និងជំនាញ និងជួយ ដល់ការវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ និងការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាម​អន​ឡាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាពិសេសជួយសម្រួលដល់ការផ្សារភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការជំនាញ និង កម្លាំងពលកម្មក្នុងវិស័យទេសចរណ៍៕

RAC Media| រឿន ភរុន


2020-08-27 05:19:57   ថ្ងៃព្រហស្បតិ៍, 27 សីហា 2020 ម៉ោង 12:19 PM
លទ្ធផលនៃកិច្ចពិភាក្សាតុមូលស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើអក្សរឡាតាំងសម្រាប់កត់សូរភាសាខ្មែរ ករណីអសាធារណនាម» ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ

RAC Media

ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ



2020-08-13 10:53:42   ថ្ងៃព្រហស្បតិ៍, 13 សីហា 2020 ម៉ោង 05:53 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក