Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា មានកាតព្វកិច្ចធ្វើការស្រាវជ្រាវលើគ្រប់វិស័យនៃវិទ្យាសាស្ត្រសង្គម និងធម្មជាតិ ដោយផ្តល់ការរួមចំណែកយ៉ាងសំខាន់ដល់រាជរដ្ឋាភិបាលកម្ពុជា។
Hot News
Moreសហប្រតិបត្តិការ ដើម្បីជនរួមជាតិ
នាព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ តំណាងមន្ទីរពេទ្យកាល់ម៉ែត ដែលមានឯកឧត្តមសាស្ត្រាចារ្យ ញ៉ែម សុភឿន ប្រធានមជ្ឈមណ្ឌលព្យាបាល ជំងឺបេះដូង និងក្រុមវេជ្ជបណ្ឌិតជំនាញបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។ កិច្ចពិភាក្សានេះ ផ្តោតជាសំខាន់ ពីការបង្កើតកិច្ចសហការជាមួយអ្នកជំនាញវះកាត់បេះមកពីមន្ទីរពេទ្យក្រុងបាងកក និងការបណ្តុះបណ្តាល បន្ថែមផ្នែកវះកាត់បេះដូងដល់គ្រូពេទ្យកម្ពុជា។
សូមបញ្ជាក់ថា ខណៈដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើដំណើរទស្សនកិច្ចនៅសហគមន៍ ចិញ្ចឹមគោទឹកដោះ វ៉ាង ណាំយីន កាលពីខែមេសាកន្លងមកនេះ ប្រធានសហគមន៍ដែលជាអ្នកឧបត្ថម្ភធំ ដល់មូលនិធិថែរក្សាបេះដូង បានរៀបចំឱ្យមានជំនួបជាមួយក្រុមគ្រូពេទ្យបេះដូងដ៏ល្បីនៅក្រុងបាងកក។ ជាលទ្ធផល ខាងភាគីថៃនឹងធ្វើកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់អាហារូបករណ៍សិក្សាជំនាញវះ កាត់បេះដូងដល់គ្រូពេទ្យជំនាញបេះដូងកម្ពុជា។ អ្នកសិក្សា ត្រូវមានឆន្ទៈពិតប្រាកដក្នុងការយកជំនាញមក បម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ ញ៉ែម សុភឿន បានសំដែងភាពរីករាយចំពោះការផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ឱ្យមានកិច្ចសហការនេះឡើង និងរីករាយស្វាគមន៍ចំពោះវត្តមាន ក្រុមគ្រូពេទ្យបេះដូងរបស់ភាគីថៃដែលមានបំណងមកទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។ទាំងនេះ ជាការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សបង្កើនអ្នកជំនាញផ្នែកវះកាត់បេះដូងបន្ថែមទៀតនៅកម្ពុជា បន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជូនមន្ត្រីចំនួន១០រូប ទៅសិក្សាពីបច្ចេកទេសចិញ្ចឹម គោយកទឹកដោះនៅប្រទេសថៃរួចហើយ ស្របតាមគោលនយោបាយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងតម្រូវការជាក់ស្តែង។
RAC Media


ពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ មានផ្ទៃដីសរុប១១៤.៣៥គីឡូម៉ែត្រការ៉េ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងសក្តានុពល ជាច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាចបម្រើដល់មុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏ទាក់ទាញផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយណាស់ ដែលមានវត្តមានមកលើទឹកដីនៃស្រុកឆែប ខេត្តព្រះវិហារនេះជាលើកទី៣។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថានៅទីនេះមិនគ្រាន់តែជាគោលដៅសំរាប់អភិរក្ស ប៉ុណ្ណោះនោះទេ តែវាជាតំបន់មួយសំរាប់ធ្វើសិក្សាស្រាវជ្រាវផងដែរ ព្រោះជាតំបន់នេះជាកេរមរតក ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ តាមការលើកឡើងពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលមានគោលបំណងបង្កើតជាកន្លែងផលិតទឹកដោះគោស្រស់នៅនឹងទីតាំងឧទ្យាននេះ សម្តេចតេជោបានសំដែងនូវការគាំទ្រ ហើយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារបានចូលរួមចំណែកផ្តល់ជាថវិកាចំនួន១០ម៉ឺនដុល្លារផងដែរ ក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹមយកទឹកដោះនៅទីនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តំបន់នេះបន្ទាប់ពីមានការអភិរក្ស និងអភិវឌ្ឍន៍ហើយ នឹងទទួលបាននូវភាពទាក់ទាញជាក់ជាមិនខាន ពីព្រោះជាកន្លែងអភិរក្សផង និងជាកន្លែងស្រាវជ្រាវ និងទាក់ទាញទេសចរណ៍ផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដាំដើមឈើពិតជាមានសារសំខាន់ណាស់ សំរាប់ការរីក ដុះដាលធនធានព្រៃឈើរបស់យើងឡើងវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាតម្រូវការឈើ ពិតជាមានច្រើនណាស់សម្រាប់ ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ បូករួមទាំងបទល្មើសព្រៃឈើផងដែរ ដូច្នេះរាជរដ្ឋាភិបាល បានខិតខំដាំដើមឈើឡើងវិញជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនគម្របព្រៃឈើអោយកាន់តែច្រើនឡើងវិញ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែកថែរក្សា និងអភិរក្សព្រៃឈើនោះ គឺត្រូវតែមានការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រៃឈើនោះជាមុនសិន ដូចជាតាមរយៈ ការផ្តល់ដីសម្រាប់ពួកគាត់បង្កបង្កើនផល ការកាត់បន្ថយកុំឱ្យពួកគាត់ប្រើប្រាស់ អុស ឬធ្យូងច្រើន ជំរុញឱ្យគាត់បង្កើនការដាំដុះ ដំណាំឧស្សាហកម្មផ្សេងៗដូចជា កៅស៊ូ ស្វាយចន្ទី និងដំណាំផ្សេងៗទៀតជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកសាជាថ្មីថា រាជរដ្ឋាភិបាលមិនបន្តផ្តល់ដីសម្បទាន សេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនណាទៀតនោះទេ តែត្រូវផ្តល់ជាដីសម្បទានសង្គមកិច្ចឱ្យប្រជាពលរដ្ឋរស់នៅ និងបង្កបង្កើនផលវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានការគ្រប់គ្រង ព្រៃឈើឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវ ឱ្យក្រុមអ្នកមានលុយ និងមានអំណាចមួយចំនួនមកទន្ទ្រាន ព្រៃឈើខុសច្បាប់ណាមួយឡើយ។
នៅថ្ងៃនេះសម្តេចតេជោបានប្រកាសនូវថវិកាមួយចំនួន ដែលទទួលបានពីការចូលរួមរបស់សប្បុរសជនក្នុងការអភិរក្ស និងអភិវឌ្ឍន៍ នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ រួមទាំងថវិការបស់សម្តេចតេជោ និងក្រុមគ្រួសារចំនួន១០ម៉ឺនដុល្លារនោះ គឺសរុបទទួលបាន ចំនួន១សែន៥ម៉ឺន២០០០ដុល្លារសហរដ្ឋអាម៉េរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមជូនពរឱ្យក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលរួមក្នុងសកម្មភាពអភិរក្ស និងអភិវឌ្ឍន៍នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនប្ញស្សីត្រឹបនេះ ទទួលបានជោគជ័យនាពេលខាងមុខ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។
នាឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសដាំដើមឈើប្រភេទឈើក្រញូង ជានិមិ្មតរូប អនុស្សាវវរីយ៍នៅទីនេះ ហើយក៏មានមន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងប្រជាពលរដ្ឋមួយចំនួនបាន ចូលរួមដាំដើមឈើ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ក្នុងបរិយាកាសរីករាយ ក្រៃលែងផងដែរ៕
(ប្រភព៖ Page Facebook Samdach Hun Sen Prime Minster of Cambodia)

«អាគារឥន្ទ្រទេវី» ចំណងដៃពីថ្មីសម្រាប់វិស័យបណ្តុះបណ្តាលនិងស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា !
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
បន្ទាប់ពីបញ្ចប់បេសកកម្មជូនជាតិ និងស្ថាប័ននៅប្រទេសថៃ និងខេត្តព្រះវិហាររួចមក នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញមួយរសៀលជាមួយក្រុមការងារសាងសង់អាគាររបស់អ្នកឧកញ្ញ៉ា ពុង ឃាវសែ ដែលនឹងផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា នូវអាគារមួយខ្នងមានកម្ពស់៤ជាន់ សម្រាប់បម្រើដល់វិស័យបណ្តុះបណ្តាល និងស្រាវជ្រាវ នៅក្នុងស្ថាប័នស្រាវជ្រាវរបស់ជាតិ។
បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា អាគារថ្មីនេះ ឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដាក់ឈ្មោះថា «អគារឥន្ទ្រទេវី» ហើយការសាងសង់ អាចនឹងត្រូវចំណាយអស់ជិត ២លានដុល្លារអាម៉េរិក ដោយមិនទាន់គិតពីការបំពាក់ឧបករណ៍ផ្សេងៗ។
កិច្ចពិភាក្សាជាមួយក្រុមការងារអ្នកឧកញ្ញា ពុង ខៀវសែ នៅសាលស្លឹករឹត អាគារបណ្ឌិតសភាចារ្យ
សូមបញ្ជាក់ថា គិតចាប់តាំងពីឡើងកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានតាំងចិត្តក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ប្រែក្លាយស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាឱ្យក្លាយជាធនាគារខួរក្បាល ជាកន្លែងដែលប្រមូលផ្តុំនូវបញ្ញាវន្តដែលអាចផលិតនូវការងារស្រាវជ្រាវដែលមានសារប្រយោជន៍ដល់ជាតិមាតុភូមិកម្ពុជា។ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម យង់ ពៅ ធ្លាប់បានប្រាប់ឱ្យដឹងថា «...ជាធនាគារខួរក្បាល ត្រូវការទាំងថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ឈរក្នុងភាពជាម្ចាស់លើការងារ ត្រូវមានវិន័យ និងសណ្តាប់ក្នុងអង្គភាពហើយមានទស្សនវិស័យធ្វើពីគ្មាន ឱ្យទៅជាមាន»។
«អាគារឥន្ទ្រទេវី»នេះ ជាចំណែកមួយនៃកិច្ចប្រឹងប្រែងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការគាំទ្រនិងសាងសង់ដោយក្រុមការងាររបស់អ្នកឧកញ្ញ៉ា ពុង ខៀវសែ ហើយក៏ជាអាគារទី២ ដែលរាជបណ្ឌិត្យសភាកម្ពុជាទទួលបាន បន្ទាប់ពីកាដូអាគារខេមរវិទូ ដែលជាកាដូដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
RAC Media

«កិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវនិងអប់រំ»
នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០ព្រឹក នៅសាលនាងនួននៃរាជបណ្ឌិត្យកម្ពុជា បានរៀបចំ អង្គជំនួបមួយជាមួយប្រតិភូឥណ្ឌាស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវ និងអប់រំ» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា។
សមាសភាពចូលរួមក្នុងជំនួប រួមមាន៖
- ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា
- ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា
- លោកបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ
- លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
- លោកបណ្ឌិត សាន សុរាវនិត មន្ត្រីផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ
- លោក សេង មាន មន្ត្រីផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ
- ប្រតិភូមកពីប្រទេសឥណ្ឌា ចំនួន ១១រូប។
នៅក្នុងកិច្ចចាប់ផ្តើមក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា៖ «រាជបណ្ឌិត្យសភាកម្ពុជាពិតជាមានសេចក្តីសោមនស្សរីករាយជាពន់ពេកដែលបានទទួលគណៈប្រតិភូឥណ្ឌា ហើយរាជបណ្ឌិត្យសភាកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា គណៈប្រតិភូឥណ្ឌា និងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវឱ្យបានទូលំទូលាយ»។ ឯកឧត្តមក៏បានបង្ហាញជូនប្រតិភូឥណ្ឌាអំពីរចនាសម្ព័ន្ធគ្រប់គ្រង មុខងារសំខាន់របស់វិទ្យាស្ថាននីមួយៗ និងក៏ដូចជាមជ្ឈមណ្ឌល ចំណុះនៃរាជបណ្ឌិត្យសភកម្ពុជាផងដែរ។ ឯកឧត្តម បានរៀបរាប់ដោយសង្ខេបពីឧទ្យានរាជបណ្ឌិត្យ សភា កម្ពុជា តេជោសែន ឫស្សីត្រឹប ដែលជាតំបន់ប្រវត្តិសាស្រ្តសំបូរទៅដោយធនធានធម្មជាតិ ជីវចម្រុះជាច្រើនប្រភេទ ជាពិសេស ការរកឃើញឡស្លដែកដែលមានតាំងតែពីសម័យអង្គរមកម្ល៉េះ។ ទាក់ទងនឹងចំណុចនេះឯកឧត្តមសង្ឃឹមថា ប្រតិភូឥណ្ឌា នឹងមានកិច្ចសហប្រតិការជាមួយរាជបណ្ឌិត្យសភាកម្ពុជាលើកិច្ចការស្រាវជ្រាវនៅតំបន់ប្រវត្តិសាស្រ្តដ៏សំបូរបែបមួយនេះ។
ឆ្លើយតបនឹងប្រសាសន៍របស់ឯកឧត្តម យង់ ពៅ គណៈប្រតិភូឥណ្ឌា បានបង្ហាញអំពីចំណាប់អារម្មណ៍ដែលបានមកដល់ប្រទេសកម្ពុជា និងបានមកជួបថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជាដើម្បីពិភាក្សាទៅលើកិច្ចការស្រាវជ្រាវដែល អាចនឹងធ្វើសហប្រតិបត្តិការជាមួយគ្នាបាន។ លោកសាស្រ្តាចារ្យតំណាងឱ្យគណៈប្រតិភូឥណ្ឌា និងសហការី បានមានចំណាប់អារម្មណ៍អំពី ក្បាច់រចនានៅតាមបណ្តាប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន មានបង្កប់នូវរចនាបទមួយចំនួនដែលមានសភាពប្រហាក់ប្រហែលនឹងរចនាបទនៅក្នុងសាសនាមួយរបស់ ឥណ្ឌា នោះគឺសាសនាជែន (Jainism) ដែលជាសាសនាមានអាយុកាលជាង ៣០០០ឆ្នាំមកហើយ។ គណៈប្រតិភូឥណ្ឌា បានជំរុញឱ្យមានការសហការសិក្សាស៊ីជម្រៅអំពីដើមកំណើតនៃការកសាងប្រាសាទដែលមាននៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់ដែរថា សាសនាជេននេះមិនមែនជាសាសនាហិណ្ឌូនោះទេ ហើយសាសនាជេន នេះមានការប្រព្រឹត្តិនិងវិន័យច្បាស់លាស់ណាស់ លើកកម្ពស់ឱ្យមនុស្សទាំងឡាយរស់នៅក្នុងសន្តិភាព ដោយមិនគាំទ្រឱ្យមានអំពើហឹង្សាណាមួយឡើយ។ មួយវិញទៀត សាសនានេះ មានគោលបំណងអប់រំមនុស្សឱ្យចេះចែករំលែក និងសាងតែអំពើល្អ។ សាសនាជេន នេះមានឥទ្ធិពលមកលើតំបន់អាស៊ីអាគ្នេយ៍ អាព្រិច និងតំបន់មួយចំនួនទៀត តាមរយៈអ្នកជំនួញជនជាតិឥណ្ឌានៅក្នុងតំបន់នីមួយៗ។ លោកបញ្ជាក់ថា ក្រៅពីសាសនានេះ ភាសា វប្បធម៌ អរិយធម៌ និងបច្ចេកវិទ្យាផ្សេងៗ ក៏បានដើរតួនាទីសំខាន់សម្រាប់ការធ្វើជំនួញនានាផងដែរ។ អាស្រ័យហេតុនេះហើយតំណាងគណៈប្រតិភូឥណ្ឌា និងសហការី បានស្នើដល់ភាគីរាជបណ្ឌិត្យសភាកម្ពុជា គួរមានការសិក្សាស៊ីជម្រៅទៅលើប្រភព និងឥទ្ធិពលនៃសាសនានេះផងដែរ ហើយខាងភាគីឥណ្ឌា បានសន្យាផ្តល់អាហារូបករណ៍ដល់រាជបណ្ឌិត្យសភាកម្ពុជាសម្រាប់ការសិក្សាថ្នាក់បណ្ឌិត ១កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២កន្លែង លើមុខវិជ្ជាសិក្សាស្រាវជ្រាវមុខជំនាញប្រវត្តិសាស្រ្ត និងបុរាណវិទ្យា។ រីឯ ការចុះអនុស្សរណៈយោគយល់គ្នា ឬកិច្ចព្រមព្រៀង នឹងរៀបចំធ្វើនៅពេលក្រោយ។
ទន្ទឹមនឹងគ្នានោះដែរ លោក ឈឹម សុខាន់ដារា អនុប្រធានឧទ្យានឫស្សីត្រឹប បានមានចំណាប់អារម្មណ៍ថា ប្រទេសឥណ្ឌា និងកម្ពុជាមានប្រវត្តិទាក់ទងគ្នាតាំងតែសម័យកាលមុនមកដល់បច្ចុប្បន្ន ហើយឥទ្ធិពលនៃវប្បធម៌ឥណ្ឌា ក៏មានច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ ហេតុដូច្នេះហើយលោកសង្ឃឹមថា ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិការទ្វេរភាគីលើវិស័យស្រាវជ្រាវដើម្បីជម្រុញឱ្យវប្បធម៌របស់ប្រទេសទាំងពីរកាន់តែមានភាពល្បីរន្ទឺ។ ភ្ជាប់ជាមួយនឹងការផ្តោតការសិក្សាស្រាវជ្រាវលើបញ្ហាប្រវត្តិសាស្ត្រ និងបុរាណវិទ្យា លោកឈឹម សុខាន់ដារា ក៏បានរៀបរាប់ដោយសង្ខេបថា ឧទ្យានឫស្សីត្រឹប ដែលមានទំហំ១១៤,៣៥ គឺឡូម៉ែត្រការ៉េ សំបូរពោរពេញទៅដោយធនធានធម្មជាតិ ធនធានវប្បធម៌ និងធនធានប្រវត្តិសាស្រ្ត ហើយរាជបណ្ឌិត្យសភាកម្ពុជា កំពុងធ្វើការសិក្សាស្រាវជ្រាវនៅតំបន់នោះដើម្បីស្វែងរករបកគំហើញថ្មីៗសម្រាប់ជាធាតុចូលជូនរដ្ឋាភិបាលកម្ពុជា។ ទាក់ទងនឹងចំណុចនេះ លោកក៏សង្ឃឹមផងដែរថា ភាគីឥណ្ឌានឹងសហការរៀបចំជាគម្រោងស្រាវជ្រាវនានា ក្នុងគោលដៅរួមមួយដើម្បីសិក្សាស្រាវជ្រាវនៅតំបន់ប្រវត្តិសាស្រ្តមួយនេះ។ ចុងក្រោយ ភាគីទាំងពីរក៏បានឯកភាពគ្នា ពិនិត្យលទ្ធភាពដើម្បីបង្កើតមានការសិក្សាស្រាវជ្រាវរួម ឬធ្វើសិក្ខាសាលារួមគ្នា ក្នុងពេលខាងមុខ៕
ព័ត៌មានដោយ សេង មាន | RAC Media
សរុបលទ្ធផលពីកិច្ចជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូឥណ្ឌា ចំណុចសំខាន់ៗមួយចំនួនបានទទួលការឯកភាព ដូចខាងក្រោម៖កិច្ចសហប្រតិការលើវិស័យស្រាវជ្រាវដែលមានគោលដៅរួមគ្នា លើការស្រាវជ្រាវខាងប្រវត្តិសាស្រ្ត និងបុរាណវិទ្យាភាគីឥណ្ឌាផ្តល់អាហារូបករណ៍ចំនួន៣កន្លែង (១កន្លែងសម្រាប់ថ្នាក់បណ្ឌិត និង២កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) ដល់រាជបណ្ឌិត្យសភាកម្ពុជា លើមុខជំនាញប្រវត្តិសាស្រ្ត និងបុរាណវិទ្យា។កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់នឹងពិភាក្សាពិស្តារនៅពេលដ៏ខ្លីខាងមុខ៕
Pictures
MoreNews
Moreបណ្ឌិត យង់ ពៅ៖ ទោះជាមានការចរចាដើម្បីឈានទៅដល់បទឈប់បាញ់ តែថៃនឹងប្រើលេសមួលបង្កាច់កម្ពុជាដើម្បីបន្តមហិច្ឆតាឈ្លានពានរបស់ខ្លួន
ជាដំណឹងល្អមួយ ដែលមេដឹកនាំពិភពលោកលូកដៃសម្រុះសម្រួលដើម្បីជំរុញឱ្យមានការចរចាឈានទៅសម្រេចបទឈប់បាញ់រវាង កម្ពុជានិងថៃ ក្រោយសង្គ្រាមព្រំដែនរវាងប្រទេសទាំងពីរបានបង្កការខូចខាត និងមានកងទ័ពនិងជនស៊ីវិលជាច្រើននាក់បានបាត់បង់ជីវិត។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានថ្លែងសាទរចំពោះការដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងនូវគំនិតផ្ដួចផ្ដើមជំរុញឱ្យមានកិច្ចសន្ទនាស្ដីពីបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ ដែលនឹងប្រព្រឹត្តឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលជាប្រធានផ្លាស់វេនអាស៊ាន។ កម្ពុជាតែងតែគោរពគោលការណ៍អន្តរជាតិ កិច្ចសន្ទនាពហុភាគីស្ដីពីការរក្សាសន្តិភាពនៅក្នុងតំបន់។
លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញថា នៅក្នុងជំនួបចរចាស្ដីពីបទឈប់បាញ់នៅទីក្រុងកូឡាឡាំពួនាថ្ងៃនេះ នាយករដ្ឋមន្ត្រីនឹងបង្ហាញជំហរទទួលបទឈប់បាញ់ជាទស្សនៈ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ការអនុវត្ត ថៃនឹងបន្តអនុវត្តបែបផ្សេង ខុសពីការចរចា ដូចជាទម្លាប់សព្វដងនៃមេដឹកនាំនិងប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ លោកបណ្ឌិតបានគូសរំឭកអំពីប្រវត្តិនៃការគោរពច្បាប់អន្តរជាតិរបស់ថៃថា កន្លងមក ដោយមានការដាក់សម្ពាធពីមហាអំណាច មេដឹកនាំថៃបានបង្ខំចិត្តប្រកាសទទួលយកសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ ប៉ុន្តែក្រោយមក មេដឹកនាំថៃ បានរំលោភបំពាននូវសេចក្ដីសម្រេចនេះ ដោយបានឈ្លានពានមកលើដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជា ពិសេសនៅក្នុងតំបន់ប្រាសាទព្រះវិហារ។ បន្ថែមពីនេះ ដោយមានយន្តការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ថៃបានសម្រេចនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ព្រំដែននៃប្រទេសទាំងពី ប៉ុន្តែថៃបែរជាបានរំលោភលើកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខា និងបានចូលឈ្លានពានបង្កជម្លោះជាថ្មីម្ដងទៀតនៅក្នុងឆ្នាំ២០២៥នេះ។ បើតាមលោកបណ្ឌិត យង់ ពៅ ថៃតែងតែទទួលយកនូវលទ្ធផលនៃការចរចា ឬឯកភាពទៅលើកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ប៉ុន្តែខ្លួនបែរជាអនុវត្តបំពានឬផ្ទុយទៅនឹងខ្លឹមសារទាំងនោះទៅវិញ។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួន មេដឹកនាំថៃពិតជាពិបាកនៅក្នុងការបដិសេធនូវការសម្របសម្រួល ព្រោះតែក្នុងពេលនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ជាអ្នកចេញមុខដោយផ្ទាល់ ដូច្នេះដើម្បីរក្សាមុតមាត់នៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក មេដឹកនាំថៃត្រូវតែបង្ខំចិត្តទទួលយក ប៉ុន្តែប្រាកដណាស់ដែលថា ថៃនឹងមិនអនុវត្តនូវកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ជាមួយកម្ពុជា។ លោកបណ្ឌិត យង់ ពៅ បន្តថា នៅក្រោយពីបញ្ចប់ការចរចាដើម្បីឈានទៅរកបទឈប់បាញ់ជាមួយកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងជាក់លាក់ក៏ដោយក្ដី ភាគីថៃនឹងរៀបចំសេនារីយ៉ូ ដើម្បីបន្តឈ្លានពានមកលើប្រទេសកម្ពុជាបន្តទៅទៀត ដោយថៃនឹងព្យាយាមចោទប្រកាន់និងលាបពណ៌កម្ពុជាថាជាអ្នករំលោភលើបទឈប់បាញ់ ឬប្រតិដ្ឋរឿងហេតុផ្សេងៗនៅក្នុងនយោបាយផ្ទៃក្នុងរបស់ខ្លួន ដែលខ្លួនមិនអាចអនុវត្តបទឈប់បាញ់នេះបាន។ ត្រង់ចំណុចនេះ កម្ពុជាក៏ត្រូវតែត្រៀមលក្ខណៈទុកជាមុន នៅចំពោះមុខភាពក្រឡិចក្រឡុចរបស់ភាគីថៃ ដែលចុះកិច្ចព្រមព្រៀងផ្សេងអនុវត្តផ្សេង។ ការត្រៀមលក្ខណៈនេះគឺធ្វើយ៉ាងណា កម្ពុជាត្រូវតែពង្រឹងជំហរនៅគ្រប់សមរភូមិទាំងអស់ រាប់ចាប់តាំងពីសមរភូមិយោធា សមរភូមិការទូត និងសមរភូមិយន្តការច្បាប់អន្តរជាតិ។
ដូចបានលើកឡើងខាងលើ បើទោះបីជាមានកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ក៏ដោយក្ដី ក៏ថៃនឹងនៅតែចិញ្ចឹមចិត្តដើម្បីវាយប្រហារលើប្រទេសកម្ពុជានៅក្នុងតំបន់សំខាន់ៗដូចជា តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ប្រាសាទព្រះវិហារជាដើម។ មិនតែប៉ុណ្ណោះ ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃបច្ចុប្បន្ន ការដឹកនាំប្រទេសហាក់ដូចជាមានការបែងចែកគ្នាជាច្រើនក្រុម ពិសេសមិនមានការឯកភាពគ្នារវាងរដ្ឋាភិបាល យោធា និងរាជវាំងនោះទេ ហើយការណ៍នេះ រឹតតែធ្វើឱ្យស្ថានការណ៍ទំនាក់ទំនងនយោបាយរបស់កម្ពុជានិងថៃ ពិតជាបន្តឡើងកម្ដៅមិនអាចចៀសផុតបានឡើយ។ ជាការពិតណាស់ថា ទោះបីជារដ្ឋាភិបាលស៊ីវិល អាចនឹងឯកភាពទៅលើការចរចាស្ដីពីបទឈប់បាញ់ក៏ដោយក្ដី ក៏ក្រុមយោធាទំនងជានឹងមិនយល់ស្របតាមនោះឡើយ ហើយនឹងមានសេនារីយ៉ូដាក់បន្ទុកថា ក្រោយរដ្ឋាភិបាលថៃបានឯកភាពនិងវិលត្រឡប់មកជាមួយសេចក្ដីសម្រេចចិត្តអំពីបទឈប់បាញ់ក្ដី ក៏ក្រុមយោធាថៃដែលមិនទទួលស្គាល់ការចរចាដែលប៉ះពាល់ដល់មហិច្ឆតាឈ្លានពានរបស់យោធាថៃ ឬរបស់ប្រទេសថៃទាំងមូល នឹងបន្តសង្គ្រាមឈ្លានពានប្រឆាំងនឹងអធិបតេយ្យភាពរបស់កម្ពុជាដដែល។ នៅត្រង់ចំណុចនេះ បណ្ដាមហាអំណាច និងប្រទេសដទៃទៀតលើពិភពលោក ដែលមានផលប្រយោជន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយនឹងថៃ ក៏ពិបាកនឹងបង្ហាញជំហរប្រឆាំងនឹងការឈ្លានពាន ឬធ្វើអន្តរាគមន៍ណាមួយទៅលើថៃផងដែរ។ សេនារីយ៉ូនេះ ក៏រាជរដ្ឋាភិបាលកម្ពុជាបានយល់ និងដឹងច្បាស់អំពីស្ថានការណ៍នេះផងដែរ ហើយយើង ពិតជាអាចប៉ាន់ស្មានទុកជាមុនថា ថៃនឹងបន្តការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដូច្នេះត្រូវតែត្រៀមខ្លួនឆ្លើយតបនិងទប់ទល់ឱ្យសមស្រប ស័ក្តិសម និងសមាមាត្រទៅលើភាគីថៃ នៅគ្រប់ទិដ្ឋភាពទាំងអស់។ ទោះជាយ៉ាងណា បច្ចុប្បន្ន កម្ពុជាពុំទាន់បានប្រើប្រាស់សំណាញ់មេឃ និងអាវុធធុនធ្ងន់ នៅឡើយទេ ប៉ុន្តែនៅក្នុងករណីដែលស្ថានការណ៍បង្ខំ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែប្រើប្រាស់សមត្ថភាពការពារជាតិរបស់ខ្លួន ដើម្បីធានាការពារឱ្យខាងតែបាននូវដែនអធិបតេយ្យភាព និងបូរណភាពដែនដីខ្លួន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយកម្ពុជាមិនអាចបណ្ដែតបណ្ដោយឱ្យមានការខូចខាតប្រាសាទដូនតា ការបាត់បង់អាយុជីវិតកងទ័ពនិងប្រជាជន និងបណ្ដាលឱ្យមានជនភៀសសឹកកម្ពុជារាប់ម៉ឺននាក់បន្ថែមទៅទៀតនោះឡើយ។ គួរបញ្ជាក់ផងដែរថា នៅក្នុងស្ថានការណ៍បច្ចុប្បន្ន ភាគីថៃមិនត្រឹមតែបានប្រើប្រាស់គ្រាប់បែកចង្កោមតែប៉ុណ្ណោះទេ តែកងទ័ពឈ្លានពានថៃ ថែមទាំងបានប្រើប្រាស់ផ្សែងពុលមកលើប្រទេសកម្ពុជាថែមទៅទៀត ដែលជាឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមនុស្សជាតិ ដែលកម្ពុជាត្រូវតែចងក្រងភស្តុតាងដើម្បីកសាងសំណុំរឿងប្ដឹងថៃទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ព្រមទាំងចាត់វិធានការបន្ទាន់ដែលសមាមាត្រឆ្លើយតបទៅនឹងទង្វើដ៏គឃ្លើន និងអមនុស្សធម៌បំផុតនេះ។
លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា ទាំងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន សុទ្ធតែបានបង្ហាញនូវចេតនានយោបាយចង់ឱ្យមានបទឈប់បាញ់ជាស្ថាពរ និងជំរុញឱ្យមានការចរចាស្វែងរកដំណោះស្រាយ ដើម្បីបញ្ឈប់អរិភាពនិងសង្គ្រាមដ៏ធ្ងន់ធ្ងររវាងប្រទេសជិតខាងទាំងពីរ កម្ពុជា-ថៃ។ សហរដ្ឋអាម៉េរិកបានព្រមានរួចមកហើយថា ខ្លួននឹងមិនចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរឡើយ ប្រសិនបើកម្ពុជានិងថៃ នៅតែបន្តសង្គ្រាមព្រំដែនជាមួយគ្នា ខណៈសាធារណរដ្ឋប្រជាមានិតចិន បានសម្ដែងការព្រួយបារម្ភ និងជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី។ ទោះជាយ៉ាងណា កម្ពុជាបានប្រកាសជំហររួចជាស្រេច ត្រៀមខ្លួនទទួលយកបទឈប់បាញ់ដែលមានលក្ខខណ្ឌសមស្រប តាមរយៈការអំពាវនាវរបស់សហរដ្ឋអាម៉េរិក។
ឆ្លៀតឱកាសនេះ លោកបណ្ឌិត យង់ ពៅ ក៏បានអំពាវនាវឱ្យសាធារណជនកម្ពុជា ស្វែងយល់អំពីជំហរនិងរបៀបធ្វើការរបស់មហាអំណាច ដោយចៀសវាងការបង្ហាញជំហរឈូឆរ អូសទាញឱ្យមហាអំណាចឱ្យពាក់ព័ន្ធឬចូលរួមនៅក្នុងទម្រង់ដូចនេះឬដូចនោះ។ លោកបណ្ឌិតបានបង្ហាញការព្រួយបារម្ភអំពីការចូលរួមរបស់មហាអំណាចតាមការអំពាវនាវឬញុះញង់ផ្សេងៗ ដែលអាចក្លាយទៅជាជម្លោះភូមិសាស្ត្រនយោបាយ ដូចដែលគេបានឃើញអំពីការប្រជែងរបស់មហាអំណាចនៅក្នុងតំបន់នានាលើពិភពលោក ដែលជាគ្រោះថ្នាក់ចំពោះប្រទេសសាមី៕
RAC Media | លឹម សុវណ្ណរិទ្ធ
ថៃផ្ដើមការឈ្លានពានកម្ពុជាដើម្បីការពារអំណាចនៅបាងកក និងលុបលាងភាពអាម៉ាស់របស់ខ្លួន ប៉ុន្តែកាន់តែបង្ហាញអន្តរជាតិនូវរូបភាព «ប្រទេសស៊ីវិល័យ តែមានចរិតប្រើច្បាប់ព្រៃ»
ដោយ៖ លឹម សុវណ្ណរិទ្ធ
សង្គ្រាមព្រំដែនរវាងកម្ពុជានិងថៃ បានផ្ទុះឡើងសារជាថ្មី ដោយសារភាគីថៃបានសម្រេចចិត្តជាឯកតោភាគីចង់បិទខ្ទប់ប្រាសាទតាមាន់ធំរបស់កម្ពុជា មិនឱ្យភ្ញៀវទេសចរចូលទស្សនា និងបានបើកការវាយប្រហារដោយកម្រោលមកលើកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាពកម្ពុជា ជាហេតុធ្វើឱ្យកងទ័ពកម្ពុជា ត្រូវបង្ខំចិត្តប្រើប្រាស់សិទ្ធិការពារខ្លួន និងការពារដែនអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន វាយបកប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃវិញ។ នេះគឺជាការរំលោភបំពានជាថ្មីម្ដងទៀតរបស់កងទ័ពថៃ ដែលប្រមាថទៅលើច្បាប់អន្តរជាតិ បំពានគោលការណ៍ធម្មនុញ្ញសហប្រជាជាតិនិងអាស៊ាន និងជាការរំលោភលើអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរ កម្ពុជា-ថៃបានចុះហត្ថលេខាព្រមព្រៀងគ្នា។
គេអាចយល់ដឹងបានយ៉ាងច្បាស់ថា ហេតុផលដែលថៃឈានដល់ការប្រើប្រាស់យោធាដើម្បីឈ្លានពានវាយប្រហារលើប្រទេសកម្ពុជា គឺដើម្បីលុបលាងភាពអាម៉ាស់របស់ខ្លួន ៥ចំណុចគឺ ១. អសមត្ថភាពរបស់មេដឹកនាំថៃនៅចំពោះមុខវិបត្តិនយោបាយផ្ទៃក្នុងដែលទ័លច្រកនិងបែកបាក់សង្គមធ្ងន់ធ្ងរជាច្រើនក្រុម ២. ភាពអាម៉ាស់មិនហ៊ានតតាំងជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងសំណុំរឿងព្រំដែនប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី (ថៃអះអាងថាប្រាសាទនិងតំបន់ទាំងនេះ ជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន តែបែរជាគ្មានសង្ឃឹមថានឹងប្រើប្រាស់ផែនទីចោររបស់ខ្លួនដើម្បីយកឈ្នះកម្ពុជាបាន) ៣. វិបត្តិសេដ្ឋកិច្ចនិងការស្ដីបន្ទោសពីសំណាក់អ្នករកស៊ីនិងប្រជាជនថៃ ចំពោះបញ្ហាបង្កឡើងដោយការបិទព្រំដែនជាឯកតោភាគីរបស់មេទ័ពថៃ ៤.ការអួតអាងអំពីសមត្ថភាពយោធារបស់ថៃប្រឈមនឹងកម្ពុជា ប៉ុន្តែគ្រាន់តែទាហានខ្លួនមានបំណងរំលោភអធិបតេយ្យភាពកម្ពុជា ដើរខុសតម្រុយចាស់ ក៏ត្រូវជាន់មីន (ដែលបន្សល់សម័យពីសង្គ្រាមស៊ីវិលនៅកម្ពុជានាអតីតកាល) ពិការនិងរងរបួសជាបន្តបន្ទាប់ ៥. ភាពអាម៉ាស់ដោយសារតែការមិនអើពើរបស់ភាគីទូតបរទេស ចំពោះការចោទប្រកាន់របស់ខ្លួនមកលើកម្ពុជាថា បង្កប់មីនថ្មីនៅតាមព្រំដែន ដោយសារតែគេបានដឹងពីពុតត្បុតរបស់ថៃ។ ដោយសារតែហេតុផលខាងលើនេះ ភាគីថៃបានយកលេសថា យុវជនខ្មែរទៅទស្សនាប្រាសាទតាមាន់ធំច្រើនលើសលុប (ខណៈប្រជាជនថៃដែលទៅទស្សនាមានចំនួនតិចតួច ព្រោះដឹងថាប្រាសាទនេះជាកម្មសិទ្ធិរបស់កម្ពុជា) ថៃបានសម្រេចជាឯកតោភាគីបិទប្រាសាទតាមាន់ធំ និងបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជា ដែលស្ថិតក្នុងបរិវេណតំបន់ប្រាសាទនេះ ដែលជាការរំលោភលើបន្ទាត់ក្រហមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកតែងតែបានរក្សាភាពអត់ធ្មត់ជាអតិបរមាចំពោះទង្វើដ៏គឃ្លើនរបស់ថៃ-សៀម និងព្យាយាមប្រើប្រាស់យន្តការច្បាប់អន្តរជាតិ យន្តការការទូត និងការចរចាដើម្បីបញ្ចៀសការប្រឈមខាងអាវុធជាមួយប្រទេសជិតខាង។ ទោះជាយ៉ាងណា ការការពារដែនអធិបតេយ្យភាព គឺជាគោលការណ៍ដ៏ចម្បងនិងកាតព្វកិច្ចដ៏ចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រឈមនឹងទង្វើឈ្លានពានជាក់ស្ដែងម្ដងហើយម្ដងទៀតពីភាគីថៃ ពិសេសការចាប់ផ្ដើមបាញ់ប្រហារមុនពីកងទ័ពឈ្លានពានថៃ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីឆ្លើយតបដោយយោធាទៅវិញនោះទេ។
ទោះជាស្ថានការណ៍ពិតជាក់ស្ដែងគឺយ៉ាងនេះក្ដី ក៏ទាំងរដ្ឋាភិបាលនិងកងទ័ពថៃ ដែលសម្រេចចិត្តប្រើប្រាស់កម្លាំងបាយដើម្បីឈ្លានពានកម្ពុជាថ្មី បែរជាមិនហ៊ានទទួលខុសត្រូវ ដោយខ្លួនហ៊ានធ្វើតែមិនហ៊ានទទួលទៅវិញ និងថែមទាំងបានប្រតិដ្ឋរឿងហេតុ បំភ្លៃព័ត៌មាន បំភ័ន្តសាធារណៈមតិនិងសហគមន៍អន្តរជាតិ តាមទំនៀមទម្លាប់របស់ជនជាតិថៃ ដោយក្រឡាស់រឿងចោទប្រកាន់មកលើកម្ពុជាដែលជាអ្នករងគ្រោះ ថាជាអ្នកចាប់ផ្ដើមការវាយប្រហារទៅវិញ។ ទោះជាយ៉ាងនេះក្ដី បណ្ដាប្រទេសនានាលើពិភពលោកដែលបានតាមដានស្ថានការណ៍វិវត្ត នេះវិវាទព្រំដែនកម្ពុជា-ថៃ ពិតជាអាចស្វែងយល់បានថា នរណាជាចោរ ហើយនរណាជាជនរងគ្រោះ។ ជាក់ស្ដែង ករណីទាហានថៃបានដើរខុសតម្រាយផ្លូវចាស់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា (ដើម្បីចៀសវាងការប៉ះទង្គិចតាមព្រំដែន) ហើយរំលោភចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា និងបានជាន់មីន (បន្សល់ពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា) រដ្ឋាភិបាលថៃបានអញ្ជើញអនុព័ន្ធយោធា ចំនួន៤៧ប្រទេសឱ្យចូលរួមស្ដាប់បទបង្ហាញនិងការបកស្រាយរបស់ខ្លួន តែភាគីចូលរួមមានតែ ១៧ប្រទេស ព្រោះគេបានដឹងអំពីចរិតពុតត្បុតរបស់ថៃ ហើយមិនត្រឹមតែប៉ុណ្ណោះអនុព័ន្ធយោធាដែលចូលរួម ថែមទាំងមិនបានបង្ហាញការចាប់អារម្មណ៍ មិនបានផ្ទៀងផ្ទាត់ រឹតតែមិនបានសួរសំណួរថែមទៅទៀត។ បណ្ដាភាគីទូតនិងប្រទេសជាដៃគូនានារបស់ថៃពិតជាអាចជ្រួតជ្រាបយ៉ាងច្បាស់អំពីចេតនាទុច្ចរឹតរបស់ថៃមកលើកម្ពុជា តាមរយៈការសង្កេតលើការវិវត្តនៃព្រឹត្តិការណ៍ ជំហរជាបន្តបន្ទាប់របស់គូភាគីទាំងពីរ និងហេតុផលសច្ចភាព (ប្រទេសតូចគ្មានហេតុផលទៅឈ្លានពានប្រទេសធំមុន) ប៉ុន្តែនៅក្នុងហេតុផលការទូត និងការរក្សាទំនាក់ទំនងល្អជាមួយភាគីទាំងពីរ គេពិបាកនឹងចេញមុខថ្កោលទោសថៃដែលជាអ្នកបង្កហេតុ ឬគាំទ្រប្រទេសកម្ពុជាដែលជាជនរងគ្រោះណាស់។ ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៍ឈ្លានពានជាថ្មី និងការប្រតិដ្ឋស្ថានការណ៍របស់ភាគីថៃ បានបង្ហាញឱ្យគេឃើញបន្ថែមទៀតអំពី ចរិតលក្ខណៈកំសាករបស់អ្នកនយោបាយ និងទាហានស្រេកឃ្លានអំណាចរបស់ថៃ ដែលមិនហ៊ានទទួលស្គាល់នូវសកម្មភាពជាចោរព្រៃរបស់ខ្លួន និងគេចវេសពីការទទួលខុសត្រូវ ដូចគ្នានឹងករណី ដែលទាហានវ័យចំណាស់របស់ថៃមួយរូបបានវាយមកលើកងទ័ពកម្ពុជា ហើយរត់ប្រាសអាយុយ៉ាងលឿន ប៉ុន្តែត្រូវបានប្រជាជនថៃមួយចំនួនលើកតម្កើងថាជា វីរៈបុរស និងករណីដែលថៃអះអាងថាប្រាសាទនិងតំបន់ស្ថិតក្នុងវិវាទជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែមិនហ៊ានឡើងទៅតុលាការយុត្តិធម៌អន្តរជាតិទៅវិញ។
សកម្មភាពឈ្លានពានជាថ្មីនៅក្នុងខែកក្កដា ឆ្នាំ២០២៥ មកលើប្រទេសកម្ពុជា បានសបញ្ជាក់បន្ថែមទៀត អំពីចរិតលក្ខណៈនៃជាតិសាសន៍ថៃ-សៀម ដែលក្នុងប្រវត្តិសាស្ត្រធ្លាប់ជាចោរឈ្លានពានវាតទីទឹកដីលើប្រទេសជិតខាង ដោយមិនស្គាល់នូវអ្វីជាច្បាប់អន្តរជាតិ និងអ្វីជាគោលការណ៍រស់នៅប្រកបដោយសន្តិសហវិជ្ជមាន នៅក្នុងពិភពលោកនាសម័យទំនើប។ ពោលគឺថៃសម្អាងលើសព្វាវុធនិងកម្លាំងយោធាដែលខ្លួនមាន បង្កើតផែនទីចោរ គូសវាសយកទឹកដីប្រទេសជិតខាងដែលខ្លួនត្រូវដណ្ដើមយកមកកាន់កាប់ ដូចគ្នាទៅនឹងទង្វើរបស់ហ៊ីត្លែនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរដូច្នោះដែរ។ ហេតុនេះហើយ ទើបបានថៃដែលជាភាគីឈ្លានពាន បានទាត់ចោលនូវសំណើរបស់ សហរដ្ឋអាម៉េរិក ចិន ម៉ាឡេស៊ី កូរ៉េ និងវៀតណាម អំពីការចរចាបញ្ចប់ជម្លោះជាមួយកម្ពុជា ទង្វើឈ្លានពានដ៏គឃ្លើននេះ ក៏ជាការឆ្លុះបញ្ចាំងឥរិយាបថនៃប្រជាជាតិដែលនិយមប្រើច្បាប់ព្រៃ ប្រមាថច្បាប់អន្តរជាតិ និងគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី ដែលមានចែងទាំងនៅក្នុងធម្មនុញ្ញសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលទាមទារឱ្យសហគមន៍អន្តរជាតិ និងមហាអំណាចដែលមានទំនួលខុសត្រូវចំពោះសន្តិភាព និងសន្តិសុខពិភពលោក ចាត់វិធានការចំពោះប្រទេសថៃជាភាគីឈ្លានពាន និងអន្តរាគមន៍ទប់ស្កាត់ការបង្ហូរឈាមរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ ទោះបីជាយ៉ាងណា ក្រោយការដាក់សំណើរបស់រាជរដ្ឋាភិបាល ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ថាប័នដែលធានាសន្តិភាព និងសន្តិសុខពិភពលោកមួយនេះ បានចេញសេចក្ដីសម្រេច ៣ចំណុចគឺ ១-អំពាវនាវឱ្យប្រកាន់យកការអត់ធ្មត់ជាអតិបរមា ២-បញ្ឈប់ហិង្សាប្រដាប់អាវុធ និង៣-ដោះស្រាយជម្លោះដោយសន្តិវិធី។ សហគមន៍អន្តរជាតិពិតជាបានមើលឃើញយ៉ាងប្រត្សក្រថា ចំណុចទាំង៣នេះសុទ្ធសឹងតែជាជំហរដែលកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនជារៀងរហូតមកហើយ តែគឺភាគីថៃទៅវិញទេ ដែលបានបំពានឥតឈប់ឈរ រហូតប្រើប្រាស់កម្លាំងយោធាវាយប្រហារលើអធិបតេយ្យភាពកម្ពុជាជាថ្មីទៀត ដែលជាការបង្ខំឱ្យកម្ពុជាអស់ការអត់ធ្មត់ និងត្រូវតែចាត់វិធានការឆ្លើយតបដោយម៉ឺងម៉ាត់ ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់និងគោលការណ៍អន្តរជាតិ។ ត្រង់ចំណុចនេះ សហគមន៍អន្តរជាតិ គួរតែពិនិត្យលទ្ធភាពចាត់វិធានការអន្តរាគមន៍ឱ្យកាន់តែជាក់ស្ដែង និងកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញថែរក្សា និងការពារសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងបង្ហាញតួនាទីកាន់តែប្រសើរបន្ថែមទៀតរបស់មហាអំណាចពិភពលោក ពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាស្ថាប័នមានសមត្ថកិច្ចកំពូលនិងតែមួយគត់របស់ពិភពលោក។
ជារួម អ្វីដែលបានលើកឡើងទាំងអស់ខាងលើនេះបានសបញ្ជាក់យ៉ាងប្រាកដថា ប្រទេសថៃបច្ចុប្បន្ន ក្រៅតែពីមានមហិច្ឆតាឈ្លានពានកាន់កាប់ទឹកដីប្រទេសជិតខាងបន្តពីអតីតកាលរហូតមក ប្រទេសនេះថែមទាំងមានក្បាលម៉ាស៊ីនដឹកនាំដែលគ្មានយុទ្ធសាស្ត្រជាក់លាក់នៅក្នុងការដឹកនាំ ព្រួយបារម្ភតែការបាត់បង់អំណាចរបស់ខ្លួន ចាប់អ្វីក៏ខុស ធ្វើអ្វីក៏មិនកើត បង្កើតបញ្ហាព្រំដែនជាមួយប្រទេសនៅជុំវិញខ្លួន ពិសេសបង្កវិវាទព្រំដែនជាមួយកម្ពុជាដើម្បីលុបលាងភាពអាម៉ាស់ និងបញ្ឆេះចរន្តជាតិនិយម ក្នុងគោលដៅបង្វែរស្ថានការណ៍និងប្រមូលការគាំទ្រពីប្រជាជនរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តឈ្លានពានដើម្បីតែអំណាច និងលុបលាងភាពអាម៉ាស់ទាំង៥ចំណុចរបស់អ្នកនយោបាយនិងក្រុមមេទ័ពថៃទាំងនេះ គ្រាន់តែជាការបង្ហាញបន្ថែមទៀតដល់សហគមន៍អន្តរជាតិនូវរូបភាព “ប្រទេសស៊ីវិល័យ តែមានចរិតប្រើច្បាប់ព្រៃ” ដូចដែលថៃធ្លាប់ប្រទេសមហាអំណាចហៅថា “ប្រទេសអសីលធម៌ចំពោះច្បាប់អន្តរជាតិ” នៅក្នុងពេលអតីតកាលតែប៉ុណ្ណោះ៕
បណ្ឌិត យង់ ពៅ៖ ថៃ បង្កសង្គ្រាមឈ្លានពានកម្ពុជាយ៉ាងប្រាកដ…!
បណ្ឌិត យង់ ពៅ៖ ករណីប៉ះទង្គិចយោធានៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ជាសិទ្ធិការពារខ្លួន និងការអធិបតេយ្យភាពស្របតាមច្បាប់អន្តរជាតិ តែត្រូវបំភ្លឺឱ្យសហគមន៍អន្តរជាតិបានដឹងឭនិងថ្កោលទោសការឈ្លានពានរបស់ថៃ
នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបំពានលើអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដោយបានសម្រេចចិត្តជាឯកតោភាគីចង់បិទខ្ទប់ប្រាសាទតាមាន់ធំរបស់កម្ពុជា មិនឱ្យភ្ញៀវទេសចរចូលទស្សនា និងបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ ជាហេតុធ្វើឱ្យកងទ័ពកម្ពុជា ត្រូវបង្ខំចិត្តប្រើប្រាស់សិទ្ធិការពារខ្លួន វាយបកទៅលើកងទ័ពថៃវិញ ស្របតាមច្បាប់អន្តរជាតិ ដែលរដ្ឋមួយមានសិទ្ធិការពារដែនអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន។ ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា កម្ពុជានៅតែមានភាពចាំបាច់នៅក្នុងការបំភ្លឺការណ៍ពិតពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឈ្លានពានទាំងកម្រោលជាថ្មីម្ដងទៀតរបស់កងទ័ពថៃនេះ ទៅដល់សហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ព្រោះកម្ពុជាក៏បានប្រកាសដាក់បន្ទាត់ក្រហមទៅកាន់ភាគីថៃ និងបានព្រមានកុំឱ្យឆ្លងហួសបន្ទាត់ក្រហមនេះ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដែលធ្លាប់បានឯកភាពគ្នាកន្លងទៅ ពាក់ព័ន្ធនឹងកិច្ចការងារដោះស្រាយបញ្ហាព្រំដែននេះ។
បើតាមលោកបណ្ឌិត យង់ ពៅ ភាគីថៃដែលចង់ដណ្ដើមកាន់កាប់ប្រាសាទតាមាន់ធំ ក្នុងដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ត្រូវបានកម្ពុជាដាក់ឱសានវាទ និងព្រមានកុំឱ្យភាគីថៃឆ្លងហួសព្រំដែននៃការអត់ធ្មត់របស់កម្ពុជា ដែលជារដ្ឋមួយប្រាថ្នាសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសនានា ពិសេសប្រទេសជិតខាងខ្លួន។ នៅក្នុងន័យផ្ដល់តម្លៃដល់សន្តិភាពតំបន់នេះហើយ ទើបកម្ពុជាបានសម្រេចចិត្តយកករណីវិវាទព្រំដែននៅតំបន់មុំបី តំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របីនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាខាងយោធា ដែលនាំទៅដល់ការបាត់បង់អាយុជីវិត និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែន។ ទោះជាយ៉ាងណាក៏ដោយ ភាគីថៃបែរជាមិនបានប្រកាន់ជំហរផ្ទុយពីកម្ពុជា ហើយសម្រេចចិត្តជ្រើសរើសយកការវាយប្រហារដោយយោធាមកលើកងទ័ពកម្ពុជាមុន ដោយបានបាញ់សព្វាវុធស្រោចមកលើមូលដ្ឋានកងទ័ពកម្ពុជាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះជាទង្វើដែលបង្ហាញអំពីភាពកម្រោល និងការប្រើប្រាស់ច្បាប់ព្រៃដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង ពីសំណាក់កងទ័ពថៃ ដែលកម្ពុជាមានភាពចាំបាច់ក្នុងការការពារសុវត្ថិភាព និងការពារដែនអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិអន្តរជាតិ។ ទោះជាយ៉ាងនេះក្ដី កម្ពុជាដែលជាភាគីរងគ្រោះដោយសារទង្វើរំលោភបំពានដោយគឃ្លើនរបស់ថៃ ក៏ត្រូវបំភ្លឺទៅកាន់សហគមន៍អន្តរជាតិ និងបំភ្លឺតាមរយៈលិខិតផ្លូវការរបស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីឱ្យបានដឹងអំពីដំណើររឿងពិតប្រាកដ សម្របសម្រួល និងអន្តរាគមន៍បញ្ចប់ការឈ្លានពានរំលោភបំពានច្បាប់អន្តរជាតិពីសំណាក់ភាគីថៃជាថ្មីម្ដងទៀត។ ពិសេសជាងនេះទៅទៀត កម្ពុជាត្រូវតែបង្ហាញការណ៍ពិតនៃការប៉ះទង្គិចរវាងកងទ័ពនៃប្រទេសទាំងពីរ ចៀសវាងត្រូវភាគីថៃ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចោទប្រកាន់ ដាក់បន្ទុក និងបរិហារកេរ្តិ៍ឈ្មោះកម្ពុជា ខុសពីការពិតជាក់ស្ដែងដែលកើតមានឡើង ដូចដែលរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយថៃបានធ្វើជាបន្តបន្ទាប់កន្លងមក៕
RAC Media | លឹម សុវណ្ណរិទ្ធ
បណ្ឌិត យង់ ពៅ៖ ការព្រមានរបស់រដ្ឋាភិបាលថៃកោះឯកអគ្គរាជទូតខ្លួនត្រឡប់ទៅវិញ គឺជាទង្វើនយោបាយមិនចេះអៀនខ្មាស់របស់ថៃ ដោយបង្កើតលេសទម្លាក់ទំនាក់ទំនងការទូត
សភាពការណ៍បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ថៃ កាន់តែមានកម្ដៅឡើងថែមទៀត ប្រសិនបើក្រឡេកមើលករណីថ្មីៗនេះ ដូចជាករណីទាហានថៃ៣នាក់ បានជាន់មីននៅក្នុងតំបន់មុំបី។ ស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ ដែលផ្ទុះឡើងដោយសារតែការបង្កហេតុពីភាគីថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកងទ័ពបានលបលួចបាញ់ប្រហារលើមូលដ្ឋានឈរជើងរបស់កងទ័ពកម្ពុជា ដែលបណ្ដាលឱ្យយោធិនមួយរូប គឺលោក សួន រោន បាត់បង់ជីវិតនៅនឹងលេណដ្ឋានក្នុងដែនអធិបតេយ្យភាពកម្ពុជា ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មានន័យថា ថៃដែលជាអ្នកបង្កើតការប្រឈមនិងភាពតានតឹងនៅតាមព្រំដែនជាបន្តបន្ទាប់រហូតមក ហើយករណីបាត់បង់ជីវិតរបស់យោធិនកម្ពុជារូបនេះ ថៃពុំទាន់បានបង្ហាញការទទួលខុសត្រូវរបស់ខ្លួននោះទេ បើទោះបីជាក្រសួងការបរទេសកម្ពុជាបានចេញលិខិតតវ៉ាការទូតទាមទារឱ្យមានការស៊ើបអង្កេត និងចាប់ជនបង្កមកទទួលកំហុសក៏ដោយក្ដី។
មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួនខាងលើនេះទេ ថៃថែមទាំងបានបង្កហេតុជាប្រចាំ ដើម្បីដុតបញ្ឆេះសភាពការណ៍នៅតាមព្រំដែនជាមួយកម្ពុជាឱ្យក្ដៅឡើងជាលំដាប់ ដោយមិនត្រឹមតែឆ្លើយតបឱ្យបានសមរម្យក្នុងនាមជារដ្ឋស្មើមុខស្មើមាត់ប៉ុណ្ណោះទេ ថៃថែមទាំងបានរុញច្រានសភាពការណ៍កាន់តែក្ដៅរោលរាលបន្ថែមទៀត តាមរយៈការគំរាមផ្ដាច់អគ្គិសនី អ៊ីនធឺណិត ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការប្រកាសផ្សេងៗ រាប់ទាំងការសម្រេចចិត្តបិទព្រំដែនគោកជាមួយនឹងកម្ពុជាដោយឯកតោភាគីថែមទៀតផង។ ត្រង់ចំណុចនេះ ថៃហាក់បានវាយតម្លៃយ៉ាងខុសឆ្គងធ្ងន់ធ្ងរ ដោយមើលឃើញថា កម្ពុជាពឹងផ្អែកលើខ្លួនទាំងស្រុង ព្រមទាំងបានបង្ហាញឥរិយាបថប្រមាថមកលើអធិបតេយ្យភាព និងកិត្តិយសរបស់ប្រជាជាតិកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ករណីចុងក្រោយនេះគឺ ករណីដែលទាហានថៃ បានចល័តខុសតម្រាយផ្លូវចាស់ដែលបានព្រមព្រៀងគ្នារវាងកងទ័ពជួរមុខនៃប្រទេសទាំងពីរ ហើយបានបណ្ដាលឱ្យទាហានថៃ៣រូប ជាន់មីនផ្ទុះរបួសនោះ ដែលភាគីថៃបានយករឿងនេះធ្វើជាលេសនៅក្នុងការចោទប្រកាន់និងមួលបង្កាច់មកលើប្រទេសកម្ពុជាថា បានបង្កប់មីនថ្មីប្រឆាំងនឹងកងទ័ពថៃ ខណៈដែលធាតុពិត មីនដែលកងទ័ពថៃបានដើរជាន់ ដោយសារតែខ្លួនមានចេតនាមិនល្អលបលួចចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជានោះ គឺជាមីនដែលបន្សល់តាំងពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាមកម្ល៉េះ។ យើងពិតជាបានដឹងរួចជាស្រេចថា នៅក្នុងសង្គ្រាមស៊ីវិលកម្ពុជានាពេលអតីតកាល ក្រោយរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅត្រូវបន្តការប្រឈមខាងអាវុធដាក់គ្នាជាបន្តជាមួយនឹងក្រុមខ្មែរត្រីភាគី ដែលបានទៅតាំងមូលដ្ឋាននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយគ្រាប់មីនចម្រុះប្រភេទគ្នាជាច្រើនសន្ធឹកត្រូវបានគេដាក់ពង្រាយនិងបង្កប់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ក្រោយមក នៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រាប់មីនទាំងអស់នោះ ត្រូវបានដោះជាបន្តបន្ទាប់នៅទូទាំងប្រទេស ដោយលើកលែងតែគ្រាប់មីនមួយចំនួនដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅពុំទាន់ត្រូវបានដោះអស់នៅឡើយទេ។ ដូច្នេះហើយ ការណ៍ដែលកងទ័ពថៃ ដើរជាន់មីននៅតំបន់ព្រំដែនកម្ពុជា-ថៃ នោះគឺជាកំហុសដោយចេតនាដែលកងទ័ពថៃបានលបលួចមកចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាទាំងបំពាន។ ត្រង់ចំណុចនេះ ភាគីថៃគួរតែមានការខ្មាស់អៀនចំពោះទង្វើទុច្ចរឹតរបស់ខ្លួនដែលបានបំពានច្បាប់អន្តរជាតិជាច្រើន ទាំងសន្ធិសញ្ញាបារាំង-សៀម ផែនទីបារាំង-សៀមដែលជាឧបសម្ព័ន្ធ និងអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ ជាជាងការព្យាយាមចោទប្រកាន់មកលើកម្ពុជាថា បានដាក់ពង្រាយនិងបង្កប់មីនថ្មី ព្រោះកម្ពុជាបានគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជាប់នូវកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាដែលពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិភាព។
ជាមួយគ្នានេះដែរ ការព្រមានកោះហៅឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាទៅវិញពីសំណាក់រដ្ឋាភិបាលថៃ ដោយយកលេសចោទប្រកាន់ថា កម្ពុជាបានដាក់ពង្រាយមីនថ្មីនៅលើទឹកដីថៃនោះ គឺជាការលើកឡើងទាំងបំពានដើម្បីលាក់បាំងនូវទង្វើទុច្ចរឹតឥតអៀនខ្មាស់របស់ថៃ ដែលបានបង្កើតរឿង ឬឆ្លៀតឱកាសទាញយកករណីនេះ ធ្វើជាហេតុផលដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ព្រោះកម្ពុជាពុំមានឱកាស និងគ្មានចេតនានៅក្នុងការឈ្លានពានអធិបតេយ្យភាពប្រទេសជិតខាងខ្លួនម្ដងទេ។ ជាការពិតណាស់ ដូចដែលបានលើកឡើងខាងលើ គ្រាប់មីនដែលត្រូវដាក់ពង្រាយនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនោះ មានតាំងពីសម័យសង្គ្រាមស៊ីវិលរបស់កម្ពុជា និងមិនទាន់ត្រូវបានបោសសម្អាតចេញពីផ្ទៃដីនោះឡើយ។ ដូច្នេះហើយ ការដែលកងទ័ពថៃបានដើរជាន់គ្រាប់មីនផ្ទុះនោះ គឺកើតឡើងដោយសារតែសកម្មភាពទុច្ចរឹតរបស់ថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជាតែប៉ុណ្ណោះ និងមិនមែនជាផែនការរៀបចំទុកជាមុនរបស់កម្ពុជានោះទេ ហេតុនេះ ប្រសិនបើរដ្ឋាភិបាលថៃសម្រេចចិត្តបន្ថយកម្រិតទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយយកលេសមិនសមហេតុផលដូចនេះ គឺគ្រាន់តែជាការបញ្ជាក់អំពីភាពឆ្គាំឆ្គងនៅក្នុងនយោបាយការបរទេស និងជាទង្វើនយោបាយមិនចេះអៀនខ្មាស់របស់ប្រជាជាតិថៃតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា សម្រាប់កម្ពុជា ប្រសិនបើរដ្ឋាភិបាលថៃ សម្រេចចិត្តកោះហៅឯកអគ្គរាជទូតខ្លួនត្រឡប់ទៅវិញ កម្ពុជានៅក្នុងនាមជារដ្ឋអធិបតេយ្យភាព និងស្មើភាពគ្នានៅលើឆាកអន្តរជាតិ មានសិទ្ធិនិងមានលទ្ធភាពឆ្លើយតបខាងការទូតគ្រប់គ្រាន់ទៅកាន់ភាគីថៃ ព្រោះរាជរដ្ឋាភិបាលកម្ពុជាមានភាពចាំបាច់នៅក្នុងការការពារអធិបតេយ្យភាព និងកិត្តិយសរបស់ខ្លួននៅលើឆាកអន្តរជាតិដូចគ្នា។ ប្រជាជាតិកម្ពុជាមិនអាចបណ្ដោយឱ្យភាគីថៃ ចេះតែប្រមាថមកលើអធិបតេយ្យភាព និងមុខមាត់របស់ខ្លួន ក៏ដូចជាការវាយតម្លៃដោយការប្រមាថមកលើសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជាបាននោះឡើយ។
ទោះជាយ៉ាងណា ទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃ នឹងអាចត្រូវបានស្ដារឡើងវិញ ដរាបណាភាគីថៃ យល់ព្រមទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត និងមានឆន្ទៈនៅក្នុងការសម្របសម្រួលនិងដោះស្រាយជាមួយនឹងកម្ពុជាពិតប្រាកដ។ ជាការពិតណាស់ ជម្លោះនីមួយៗ ត្រូវតែមានដំណោះស្រាយដោយប្រសិទ្ធភាពមួយដើម្បីបញ្ចប់អរិភាព ហើយការកោះហៅឯកអគ្គរាជទូតត្រឡប់ទៅប្រទេសថៃនេះ ក៏ធ្លាប់កើតមានឡើងរួចមកហើយ នៅក្នុងករណីជម្លោះប្រាសាទព្រះវិហារ។ ទោះជាយ៉ាងនេះក្ដី ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា កម្ពុជានិងថៃ មិនអាចលើកព្រំដែនខ្លួនចេញពីគ្នាបានឡើយ ហេតុនេះ ការស្ដារទំនាក់ទំនងការទូតឡើងវិញនឹងត្រូវធ្វើឡើងនាពេលក្រោយមកទៀត នៅពេលដែលថៃយល់ព្រមទទួលស្គាល់កំហុសរបស់ខ្លួន ទទួលយកយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិ និងអនុវត្តតាមស្មារតីព្រមព្រៀងរវាងភាគីទាំងពីទៅលើអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដែលធ្វើឡើងរវាងប្រទេសកម្ពុជានិងប្រទេសថៃ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ថៃប្រើល្បិចបន្លំភ្នែកអន្តរជាតិគ្រប់សម័យកាល
ដោយ៖ បណ្ឌិត ស៊ឺន សំ
ការចោទប្រកាន់របស់ប្រទេសថៃទៅលើកម្ពុជាថាបានប្រើប្រាស់មីនដែលផលិតនៅរុស្ស៊ីគឺជាបញ្ហាដ៏ស្មុគស្មាញមួយ ដែលឆ្លុះបញ្ចាំងពីភាពតានតឹងនយោបាយ និងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ការចោទប្រកាន់នេះមិនត្រឹមតែជាបញ្ហាបច្ចេកទេសទាក់ទងនឹងប្រភពនៃអាវុធ (មីន) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃហេតុផលភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រដែលអាចបម្រើផលប្រយោជន៍ផ្សេងៗ។
១. បរិបទប្រវត្តិសាស្ត្រនៃមីននៅកម្ពុជា
ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល និងជម្លោះអន្តរជាតិជាច្រើនទសវត្សរ៍ ជាពិសេសរវាងឆ្នាំ១៩៧៩ ដល់ ១៩៩៨។ ក្នុងអំឡុងពេលនេះ មីនប្រឆាំងមនុស្ស និងគ្រឿងផ្ទុះផ្សេងទៀតត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយក្រុមបក្សពួកនានា ដែលគាំទ្រដោយមហាអំណាចអន្តរជាតិផ្សេងៗគ្នា ដូចជា៖
- សហភាពសូវៀត/រុស្ស៊ី៖ មីនប្រភេទ PMN-2, POMZ-2 និង OZM-72 ត្រូវបានផ្គត់ផ្គង់ជាចម្បងទៅឱ្យរដ្ឋាភិបាលកម្ពុជា ដែលគាំទ្រដោយវៀតណាម។
- ចិន៖ មីនប្រភេទ Type 69 និង Type 72 ត្រូវបានផ្តល់ជូនក្រុមខ្មែរក្រហម និងក្រុមបក្សពួកផ្សេងទៀត។
- សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសលោកខាងលិច៖ មីនប្រភេទ M14, M16, និង VS-50 (អ៊ីតាលី) ត្រូវបានប្រើប្រាស់តាមរយៈការគាំទ្រដល់ក្រុមប្រឆាំងនឹងរដ្ឋាភ craftib កម្ពុជា។
- អឺរ៉ុបខាងកើត៖ មីនមួយចំនួនដូចជា NR-409 (បែលហ្ស៊ីក) ក៏ត្រូវបានរកឃើញផងដែរ។
ការប្រើប្រាស់មីនទាំងនេះបានបន្សល់ទុកនូវផលប៉ះពាល់មនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅកម្ពុជា ដោយមានជនស៊ីវិលរាប់ម៉ឺននាក់រងគ្រោះ និងរាប់លានហិកតានៃដីមិនអាចប្រើប្រាស់បានដោយសារតែមីនមិនទាន់ផ្ទុះ។ ដូច្នេះ ការលើកឡើងថាមីននៅកម្ពុជាមានប្រភពចម្រុះ គឺជាការពិត។ ទោះជាយ៉ាងណា ការចោទប្រកាន់របស់ថៃថាកម្ពុជាបានប្រើប្រាស់មីនរុស្ស៊ីជាពិសេស ហាក់ដូចជាមានចេតនាជាក់លាក់ ដែលអាចទាក់ទងនឹងគោលបំណងនយោបាយ ពោលគឺប្រទេសថៃបានឈ្លានពានចូលទឹកដីកម្ពុជាហើយ។
២. ហេតុផលនៃការចោទប្រកាន់របស់ថៃ
ការចោទប្រកាន់របស់ថៃថាកម្ពុជាបានប្រើប្រាស់មីនរុស្ស៊ីអាចមានហេតុផលចម្បងៗដូចខាងក្រោម៖
ក. ការបំភ្លៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី
នៅក្នុងបរិបទភូមិសាស្ត្រនយោបាយ រុស្ស៊ីត្រូវបានគេមើលឃើញថាជាប្រទេសដែលមានជំហរផ្ទុយពីបណ្តាប្រទេសលោកខាងលិច។ ដោយសារកម្ពុជាធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយសហភាពសូវៀតក្នុងទសវត្សរ៍១៩៨០ ការចោទប្រកាន់ថាកម្ពុជាប្រើប្រាស់មីនរុស្ស៊ីអាចជាវិធីសាស្ត្រមួយដើម្បីភ្ជាប់កម្ពុជាទៅនឹងរុស្ស៊ី ដើម្បីបង្កើតភាពមិនទុកចិត្តពីសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសលោកខាងលិច។ នេះអាចធ្វើឱ្យកម្ពុជាបាត់បង់ការគាំទ្រផ្នែកនយោបាយ និងហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិ។
ខ. ការបង្វែរការយកចិត្តទុកដាក់ពីការមិនគោរពសន្ធិសញ្ញាក្រុងអូតាវ៉ា
សន្ធិសញ្ញាក្រុងអូតាវ៉ា (Ottawa Treaty) ដែលហាមឃាត់ការប្រើប្រាស់ ផលិត និងស្តុកទុកមីនប្រឆាំងមនុស្ស ត្រូវបានអនុម័តនៅឆ្នាំ១៩៩៧។ កម្ពុជាបានចុះហត្ថលេខា និងផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ដោយប្តេជ្ញាចិត្តក្នុងការសម្អាតមីន និងគោរពច្បាប់អន្តរជាតិ។ ផ្ទុយទៅវិញ ប្រទេសថៃមិនបានចុះហត្ថលេខាលើសន្ធិសញ្ញានេះទេ។ ការចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់មីនរុស្ស៊ីអាចជាយុទ្ធសាស្ត្រដើម្បីបង្វែរការយកចិត្តទុកដាក់ពីការមិនចូលរួមរបស់ថៃក្នុងសន្ធិសញ្ញានេះ និងធ្វើឱ្យកម្ពុជាហាក់ដូចជាអ្នករំលោភច្បាប់អន្តរជាតិ។
គ. ការបង្កើតលេសសម្រាប់អន្តរាគមន៍ ឬការគ្រប់គ្រងព្រំដែន
ការចោទប្រកាន់នេះអាចជាផ្នែកនៃផែនការដើម្បីបង្កើតលេសសម្រាប់ការធ្វើអន្តរាគមន៍នៅតំបន់ព្រំដែន។ ដោយលើកឡើងថាកម្ពុជាបានបង្កប់មីន ថៃអាចប្រើប្រាស់រឿងនេះជាហេតុផលដើម្បីឈូសឆាយផ្លូវ ឬបង្កើនវត្តមានយោធានៅតាមព្រំដែន ដែលអាចជួយសម្រួលដល់ការចល័តទ័ព ឬសកម្មភាពផ្សេងទៀត។ នេះអាចមានគោលបំណងពង្រីកឥទ្ធិពលនៅតំបន់ជាយផ្នែកខ្លះនៃកម្ពុជា ដូចជាតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលធ្លាប់ជាចំណុចកណ្តាលនៃជម្លោះរវាងប្រទេសទាំងពីរ។
ការចោទប្រកាន់របស់ថៃថាកម្ពុជាបានប្រើប្រាស់មីនរុស្ស៊ីទាមទារភស្តុតាងជាក់លាក់ ដើម្បីបញ្ជាក់ថាកម្ពុជាពិតជាបានបង្កប់មីនទាំងនេះក្នុងគោលបំណងយោធា ឬនយោបាយ។ ទោះជាយ៉ាងណា មានចំណុចសំខាន់ៗដែលត្រូវពិចារណា៖
- ប្រភពចម្រុះនៃមីន៖ ដូចបានបញ្ជាក់ខាងលើ មីននៅកម្ពុជាមានប្រភពមកពីប្រទេសជាច្រើន រួមទាំងរុស្ស៊ី ចិន និងសហរដ្ឋអាម៉េរិក។ ការចោទប្រកាន់ថាកម្ពុជាបានប្រើមីនរុស្ស៊ីជាពិសេសអាចជាការជ្រើសរើសដើម្បីគាំទ្រយុទ្ធសាស្ត្រនយោបាយជាក់លាក់របស់ប្រទេសថៃក្នុងការឈ្លានពានប្រទេសកម្ពុជា។
- ការគាំទ្រខ្មែរក្រហម៖ នៅទសវត្សរ៍១៩៨០ ថៃបានផ្តល់ការគាំទ្រដល់ក្រុមខ្មែរក្រហម ដែលជាក្រុមប្រដាប់អាវុធដ៏សំខាន់មួយក្នុងការបង្កប់មីននៅកម្ពុជា។ ដូច្នេះ ការចោទប្រកាន់ថាកម្ពុជាជាអ្នកបង្កប់មីនអាចជាការបង្វែរការយកចិត្តទុកដាក់ពីតួនាទីរបស់ថៃក្នុងជម្លោះនេះ។
- បរិបទនៃជម្លោះព្រំដែន៖ ជម្លោះជុំវិញប្រាសាទព្រះវិហារនៅចន្លោះឆ្នាំ២០០៨-២០១១ បានបង្ហាញពីភាពមិនទុកចិត្តគ្នារវាងប្រទេសទាំងពីរ។ ការចោទប្រកាន់អំពីមីនអាចជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីបង្កើតភាពមិនមានស្ថិរភាព ឬបង្កហេតុផលសម្រាប់ការធ្វើអន្តរាគមន៍។
៣. ផលប៉ះពាល់នៃការចោទប្រកាន់
ការចោទប្រកាន់នេះអាចបង្កផលប៉ះពាល់ជាច្រើន៖
- ផលប៉ះពាល់នយោបាយ៖ ការភ្ជាប់កម្ពុជាទៅនឹងមីនរុស្ស៊ីអាចធ្វើឱ្យកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ជាពិសេសក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពសន្ធិសញ្ញាក្រុងអូតាវ៉ា។
- ផលប៉ះពាល់សន្តិសុខ៖ ការចោទប្រកាន់នេះអាចបង្កើនភាពតានតឹងនៅតាមព្រំដែន និងនាំឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា។
- ផលប៉ះពាល់មនុស្សធម៌៖ ការផ្តោតលើការចោទប្រកាន់នយោបាយអាចរំខានដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្អាតមីន ដែលជាអាទិភាពសម្រាប់កម្ពុជាដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ប្រជាជន។
ការចោទប្រកាន់របស់ប្រទេសថៃទៅលើកម្ពុជាថាបានប្រើប្រាស់ ឬបង្កប់មីនដែលផលិតនៅរុស្ស៊ី គឺជាបញ្ហាដ៏ស្មុគស្មាញ ដែលឆ្លុះបញ្ចាំងពីភាពតានតឹងនយោបាយ និងប្រវត្តិសាស្ត្រដ៏វែងឆ្ងាយរវាងប្រទេសទាំងពីរ។ ផ្ទុយពីការចោទប្រកាន់ថៃថាបានបង្កប់មីន កម្ពុជាបានជ្រើសរើសជំហរមិនឆ្លើយតបដោយការវាយប្រហារបក ប៉ុន្តែផ្តោតលើការការពារខ្លួន និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាមីនប្រកបដោយតម្លាភាព។ ការជ្រើសរើសជំហរការពារនេះបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយកម្ពុជាអាចឆ្លើយតបដោយ៖
- បញ្ជាក់អំពីការប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញាក្រុងអូតាវ៉ា៖ កម្ពុជាអាចបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសម្អាតមីន និងការគោរពច្បាប់អន្តរជាតិ។
- អំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិ៖ ដើម្បីបញ្ជាក់ភស្តុតាងអំពីប្រភពនៃមីន និងបញ្ជៀសការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។
- ពង្រឹងទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ៖ ដើម្បីទទួលបានការគាំទ្រក្នុងការដោះស្រាយបញ្ហាមីន និងការពារកេរ្តិ៍ឈ្មោះរបស់ខ្លួន។
ការចោទប្រកាន់របស់ថៃថាកម្ពុជាបានប្រើប្រាស់មីនរុស្ស៊ីហាក់ដូចជាមានគោលបំណងនយោបាយ និងយុទ្ធសាស្ត្រដែលអាចបម្រើផលប្រយោជន៍របស់ថៃ ដូចជាការបង្វែរការយកចិត្តទុកដាក់ពីការមិនគោរពសន្ធិសញ្ញាអន្តរជាតិ ឬការបង្កើតលេសសម្រាប់សកម្មភាពនៅតាមព្រំដែន។ ទោះជាយ៉ាងណា ដោយសារមីននៅកម្ពុជាមានប្រភពចម្រុះ និងប្រវត្តិសាស្ត្រនៃជម្លោះដ៏ស្មុគស្មាញ ការចោទប្រកាន់នេះត្រូវការភស្តុតាងជាក់លាក់ដើម្បីបញ្ជាក់។ កម្ពុជាគួរតែបន្តផ្តោតលើការសម្អាតមីន និងការកសាងទំនុកចិត្តជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះប្រកបដោយតម្លាភាព និងសន្តិភាព។
បណ្ឌិត ស៊ឺន សំ គឺជាអ្នកស្រាវជ្រាវគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា!
Videos
More
បទយកការណ៍ ស្តីពី «ការចោលសំរាម និងការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងកិច្ចសម្ភាសន៍ ស្ដីពី៖ សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្តមសិក្សា និងក្រោយឧត្តមសិក្សា