សភាពការណ៍បច្ចុប្បន្ន ទំនាក់ទំនងកម្ពុជា-ថៃ កាន់តែមានកម្ដៅឡើងថែមទៀត ប្រសិនបើក្រឡេកមើលករណីថ្មីៗនេះ ដូចជាករណីទាហានថៃ៣នាក់ បានជាន់មីននៅក្នុងតំបន់មុំបី។ ស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ ដែលផ្ទុះឡើងដោយសារតែការបង្កហេតុពីភាគីថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកងទ័ពបានលបលួចបាញ់ប្រហារលើមូលដ្ឋានឈរជើងរបស់កងទ័ពកម្ពុជា ដែលបណ្ដាលឱ្យយោធិនមួយរូប គឺលោក សួន រោន បាត់បង់ជីវិតនៅនឹងលេណដ្ឋានក្នុងដែនអធិបតេយ្យភាពកម្ពុជា ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មានន័យថា ថៃដែលជាអ្នកបង្កើតការប្រឈមនិងភាពតានតឹងនៅតាមព្រំដែនជាបន្តបន្ទាប់រហូតមក ហើយករណីបាត់បង់ជីវិតរបស់យោធិនកម្ពុជារូបនេះ ថៃពុំទាន់បានបង្ហាញការទទួលខុសត្រូវរបស់ខ្លួននោះទេ បើទោះបីជាក្រសួងការបរទេសកម្ពុជាបានចេញលិខិតតវ៉ាការទូតទាមទារឱ្យមានការស៊ើបអង្កេត និងចាប់ជនបង្កមកទទួលកំហុសក៏ដោយក្ដី។
មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួនខាងលើនេះទេ ថៃថែមទាំងបានបង្កហេតុជាប្រចាំ ដើម្បីដុតបញ្ឆេះសភាពការណ៍នៅតាមព្រំដែនជាមួយកម្ពុជាឱ្យក្ដៅឡើងជាលំដាប់ ដោយមិនត្រឹមតែឆ្លើយតបឱ្យបានសមរម្យក្នុងនាមជារដ្ឋស្មើមុខស្មើមាត់ប៉ុណ្ណោះទេ ថៃថែមទាំងបានរុញច្រានសភាពការណ៍កាន់តែក្ដៅរោលរាលបន្ថែមទៀត តាមរយៈការគំរាមផ្ដាច់អគ្គិសនី អ៊ីនធឺណិត ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការប្រកាសផ្សេងៗ រាប់ទាំងការសម្រេចចិត្តបិទព្រំដែនគោកជាមួយនឹងកម្ពុជាដោយឯកតោភាគីថែមទៀតផង។ ត្រង់ចំណុចនេះ ថៃហាក់បានវាយតម្លៃយ៉ាងខុសឆ្គងធ្ងន់ធ្ងរ ដោយមើលឃើញថា កម្ពុជាពឹងផ្អែកលើខ្លួនទាំងស្រុង ព្រមទាំងបានបង្ហាញឥរិយាបថប្រមាថមកលើអធិបតេយ្យភាព និងកិត្តិយសរបស់ប្រជាជាតិកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ករណីចុងក្រោយនេះគឺ ករណីដែលទាហានថៃ បានចល័តខុសតម្រាយផ្លូវចាស់ដែលបានព្រមព្រៀងគ្នារវាងកងទ័ពជួរមុខនៃប្រទេសទាំងពីរ ហើយបានបណ្ដាលឱ្យទាហានថៃ៣រូប ជាន់មីនផ្ទុះរបួសនោះ ដែលភាគីថៃបានយករឿងនេះធ្វើជាលេសនៅក្នុងការចោទប្រកាន់និងមួលបង្កាច់មកលើប្រទេសកម្ពុជាថា បានបង្កប់មីនថ្មីប្រឆាំងនឹងកងទ័ពថៃ ខណៈដែលធាតុពិត មីនដែលកងទ័ពថៃបានដើរជាន់ ដោយសារតែខ្លួនមានចេតនាមិនល្អលបលួចចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជានោះ គឺជាមីនដែលបន្សល់តាំងពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាមកម្ល៉េះ។ យើងពិតជាបានដឹងរួចជាស្រេចថា នៅក្នុងសង្គ្រាមស៊ីវិលកម្ពុជានាពេលអតីតកាល ក្រោយរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅត្រូវបន្តការប្រឈមខាងអាវុធដាក់គ្នាជាបន្តជាមួយនឹងក្រុមខ្មែរត្រីភាគី ដែលបានទៅតាំងមូលដ្ឋាននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយគ្រាប់មីនចម្រុះប្រភេទគ្នាជាច្រើនសន្ធឹកត្រូវបានគេដាក់ពង្រាយនិងបង្កប់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ក្រោយមក នៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រាប់មីនទាំងអស់នោះ ត្រូវបានដោះជាបន្តបន្ទាប់នៅទូទាំងប្រទេស ដោយលើកលែងតែគ្រាប់មីនមួយចំនួនដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅពុំទាន់ត្រូវបានដោះអស់នៅឡើយទេ។ ដូច្នេះហើយ ការណ៍ដែលកងទ័ពថៃ ដើរជាន់មីននៅតំបន់ព្រំដែនកម្ពុជា-ថៃ នោះគឺជាកំហុសដោយចេតនាដែលកងទ័ពថៃបានលបលួចមកចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាទាំងបំពាន។ ត្រង់ចំណុចនេះ ភាគីថៃគួរតែមានការខ្មាស់អៀនចំពោះទង្វើទុច្ចរឹតរបស់ខ្លួនដែលបានបំពានច្បាប់អន្តរជាតិជាច្រើន ទាំងសន្ធិសញ្ញាបារាំង-សៀម ផែនទីបារាំង-សៀមដែលជាឧបសម្ព័ន្ធ និងអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ ជាជាងការព្យាយាមចោទប្រកាន់មកលើកម្ពុជាថា បានដាក់ពង្រាយនិងបង្កប់មីនថ្មី ព្រោះកម្ពុជាបានគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជាប់នូវកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាដែលពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិភាព។
ជាមួយគ្នានេះដែរ ការព្រមានកោះហៅឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាទៅវិញពីសំណាក់រដ្ឋាភិបាលថៃ ដោយយកលេសចោទប្រកាន់ថា កម្ពុជាបានដាក់ពង្រាយមីនថ្មីនៅលើទឹកដីថៃនោះ គឺជាការលើកឡើងទាំងបំពានដើម្បីលាក់បាំងនូវទង្វើទុច្ចរឹតឥតអៀនខ្មាស់របស់ថៃ ដែលបានបង្កើតរឿង ឬឆ្លៀតឱកាសទាញយកករណីនេះ ធ្វើជាហេតុផលដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ព្រោះកម្ពុជាពុំមានឱកាស និងគ្មានចេតនានៅក្នុងការឈ្លានពានអធិបតេយ្យភាពប្រទេសជិតខាងខ្លួនម្ដងទេ។ ជាការពិតណាស់ ដូចដែលបានលើកឡើងខាងលើ គ្រាប់មីនដែលត្រូវដាក់ពង្រាយនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនោះ មានតាំងពីសម័យសង្គ្រាមស៊ីវិលរបស់កម្ពុជា និងមិនទាន់ត្រូវបានបោសសម្អាតចេញពីផ្ទៃដីនោះឡើយ។ ដូច្នេះហើយ ការដែលកងទ័ពថៃបានដើរជាន់គ្រាប់មីនផ្ទុះនោះ គឺកើតឡើងដោយសារតែសកម្មភាពទុច្ចរឹតរបស់ថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជាតែប៉ុណ្ណោះ និងមិនមែនជាផែនការរៀបចំទុកជាមុនរបស់កម្ពុជានោះទេ ហេតុនេះ ប្រសិនបើរដ្ឋាភិបាលថៃសម្រេចចិត្តបន្ថយកម្រិតទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយយកលេសមិនសមហេតុផលដូចនេះ គឺគ្រាន់តែជាការបញ្ជាក់អំពីភាពឆ្គាំឆ្គងនៅក្នុងនយោបាយការបរទេស និងជាទង្វើនយោបាយមិនចេះអៀនខ្មាស់របស់ប្រជាជាតិថៃតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា សម្រាប់កម្ពុជា ប្រសិនបើរដ្ឋាភិបាលថៃ សម្រេចចិត្តកោះហៅឯកអគ្គរាជទូតខ្លួនត្រឡប់ទៅវិញ កម្ពុជានៅក្នុងនាមជារដ្ឋអធិបតេយ្យភាព និងស្មើភាពគ្នានៅលើឆាកអន្តរជាតិ មានសិទ្ធិនិងមានលទ្ធភាពឆ្លើយតបខាងការទូតគ្រប់គ្រាន់ទៅកាន់ភាគីថៃ ព្រោះរាជរដ្ឋាភិបាលកម្ពុជាមានភាពចាំបាច់នៅក្នុងការការពារអធិបតេយ្យភាព និងកិត្តិយសរបស់ខ្លួននៅលើឆាកអន្តរជាតិដូចគ្នា។ ប្រជាជាតិកម្ពុជាមិនអាចបណ្ដោយឱ្យភាគីថៃ ចេះតែប្រមាថមកលើអធិបតេយ្យភាព និងមុខមាត់របស់ខ្លួន ក៏ដូចជាការវាយតម្លៃដោយការប្រមាថមកលើសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជាបាននោះឡើយ។
ទោះជាយ៉ាងណា ទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃ នឹងអាចត្រូវបានស្ដារឡើងវិញ ដរាបណាភាគីថៃ យល់ព្រមទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត និងមានឆន្ទៈនៅក្នុងការសម្របសម្រួលនិងដោះស្រាយជាមួយនឹងកម្ពុជាពិតប្រាកដ។ ជាការពិតណាស់ ជម្លោះនីមួយៗ ត្រូវតែមានដំណោះស្រាយដោយប្រសិទ្ធភាពមួយដើម្បីបញ្ចប់អរិភាព ហើយការកោះហៅឯកអគ្គរាជទូតត្រឡប់ទៅប្រទេសថៃនេះ ក៏ធ្លាប់កើតមានឡើងរួចមកហើយ នៅក្នុងករណីជម្លោះប្រាសាទព្រះវិហារ។ ទោះជាយ៉ាងនេះក្ដី ក្នុងនាមជាប្រទេសជិតខាងនឹងគ្នា កម្ពុជានិងថៃ មិនអាចលើកព្រំដែនខ្លួនចេញពីគ្នាបានឡើយ ហេតុនេះ ការស្ដារទំនាក់ទំនងការទូតឡើងវិញនឹងត្រូវធ្វើឡើងនាពេលក្រោយមកទៀត នៅពេលដែលថៃយល់ព្រមទទួលស្គាល់កំហុសរបស់ខ្លួន ទទួលយកយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិ និងអនុវត្តតាមស្មារតីព្រមព្រៀងរវាងភាគីទាំងពីទៅលើអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដែលធ្វើឡើងរវាងប្រទេសកម្ពុជានិងប្រទេសថៃ៕
RAC Media | លឹម សុវណ្ណរិទ្ធ