Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំស្តីពី តើសមាជិកបម្រុងត្រូវត្រៀមខ្លួននិងធ្វើអ្វីខ្លះនៅពេលបន្ទាប់? ដើម្បីផ្តល់ឱកាសជូនដល់សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាជួបប្រជុំពិភាក្សារួមគ្នា ដើម្បីស្វែងរកគំនិតដោះស្រាយបញ្ហាប្រឈមនានារបស់ជាតិជូនរាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។
នៅក្នុងកិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនាសាលប្រជុំសម្តេចសង្ឃរាជ ជួន ណាត នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានមាន ប្រសាសន៍ថា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាគ្រប់រូបៗសុទ្ធតែជាបញ្ញាជនឆ្នើមរបស់ជាតិដែលមានចំណេះជំនាញ សញ្ញាបត្រថ្នាក់បណ្ឌិត បទពិសោធន៍ជ្រៅជ្រះលើការងារជាក់ស្តែង និងមានស្នាដៃឯកសារសៀវភៅបោះពុម្ពផ្សាយច្បាស់លាស់របស់ខ្លួន។ តាមរយៈចំណេះជំនាញ និងបទពិសោធន៍ការងារភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជឿជាក់យ៉ាងមុតមាំថា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់នឹងក្លាយជាធនធានដ៏ចំណាន មានគំនិតដ៏ប្រពៃដែលអាចប្រមើមើលធ្លុះពីស្ថានភាពរបស់សង្គមជាតិ អន្តរជាតិនៅពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដើម្បីចូលរួមផ្តល់គំនិត រកដំណោះស្រាយបញ្ហាប្រឈមលើគ្រប់វិស័យ ដើម្បីអភិវឌ្ឍសង្គមជាតិឱ្យកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាពសម្រាប់មនុស្សបន្តវេនជំនាន់បន្តបន្ទាប់ទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា សមាជិកបម្រុងទាំង ១៣នាក់បន្ថែមទៀតដែលទើបត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំ២០២០ តាមរយៈអនុក្រឹត្យលេខ ៦៥៧ អនក្រ.តត ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នឹងផ្តល់គំនិតជាធាតុចូលពីការសិក្សាស្រាវជ្រាវលើវិស័យអាទិភាពនានាតាមបែបវិទ្យាសាស្រ្ត ដើម្បីរួមចំណែកអភិវឌ្ឍសង្គមប្រកបដោយនិរន្តិរភាពឱ្យស្របនឹងបេសកកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលមានភារកិច្ចដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជាបើកបេះដូងទូលាយចំពោះអ្នកមានសមត្ថភាពពីគ្រប់ទិសទី ហើយអ្នកប្រាជ្ញរបស់កម្ពុជាត្រូវតែរួមគ្នាគិត និងស្រាវជ្រាវ ដើម្បីស្វែងរកធាតុចូលជូនដល់រាជរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ ក្នុងការកំណត់ចក្ខុវិស័យ និងរៀបចំផែនទីសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។ ហើយក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ក្រើនរម្លឹកបញ្ជាក់ថា៖ «រាជបណ្ឌិត្យសភាកម្ពុជាមានទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្តចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»។
សរុបរហូតមកដល់ពេលបច្ចុប្បន្ននេះ សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា មានចំនួន សរុប ២៨នាក់ (សមាជិកបម្រុង ទទួលបានការតែងតាំងឆ្នាំ២០១៦ ចំនួន ៦រូប, ឆ្នាំ២០១៨ ចំនួន ៩រូប និងនៅឆ្នាំ២០២០ ចំនួន ១៣រូប)។ បញ្ញាជនដែលសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាត្រូវមានសញ្ញាបត្រថ្នាក់បណ្ឌិត រយៈពេលលើសពី១០ឆ្នាំ មានស្នាដៃឆ្នើមក្នុងការងារសិក្សាស្រាវជ្រាវ មានក្រមសីលធម៌វីជ្ជាជីវៈល្អ និងកំពុងធ្វើការងារលើជំនាញរបស់ខ្លួន(ចាប់ពី១០ឆ្នាំឡើង) អាចស្នើសុំដាក់ពាក្យស្នើសុំចូលជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌
- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
RAC Media| រឿន ភារុន
រាជរដ្ឋាភិបាលតាមរយ:ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុញ្ញាតមន្ត្រីថ្មីទាំង ១៧ នាក់នៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានប្រឡងជាប់ជាស្ថាពរចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី តាមរយៈប្រកាសលេខ ៥០ ប្រក.បល ចុះថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
យោងតាមប្រកាសរបស់ទីស្តីគណៈរដ្ឋមន្ត្រីដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី មន្ត្រីកម្មសិក្សាថ្មីទាំង ១៧នាក់មានឋានន្តរស័ក្តិ ក្របខណ្ឌ ក.៣.៤ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ តទៅ។
កាលពីរសៀលថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៤ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
កាលពីថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម ឡូយ សុផាត ដឹកនាំប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក, សាលាខេត្តព្រះវិហារ និង សាលាស្រុកឆែប ដើម្បីចូលទស្សនាឈ្វេងយល់អំពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលមានទីតាំស្ថិតនៅក្នុងឃុំឆែបមួយនិងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងឱកាសនៃការចូលទស្សនាឈ្វេងយល់របស់គណៈប្រតិភូ ឯកឧត្តម សូត្រ សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបបានដឹកនាំក្រុមការងាឧទ្យានររៀបចំធ្វើបទបង្ហាញជូនដល់គណៈប្រតិភូ ដើម្បីឈ្វេងយល់បន្ថែម ដោយបានផ្តោតទៅលើខ្លឹមសារសំខាន់ៗចំនួនបី រួមមាន៖
១)- ការបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ និងកសិដ្ឋានចិញ្ចឹមសត្វពពែ និងចៀម ដើម្បីជំរុញផលិតកម្មគោទឹកដោះនៅប្រទេសកម្ពុជា, លើកស្ទួយជីវភាពប្រជាកសិករនៅជនបទតាមរយៈការចិញ្ចឹមគោទឹកដោះ និងចិញ្ចឹមពពែ ដោយកែប្រែឥរិយាបទប្រជាសហគមន៍ជុំវិញឧទ្យានកុំឱ្យកាប់ព្រៃឈើ, ចងក្រងឯកសារនិងបង្រៀនអំពីរបៀបចិញ្ចឹមគោទឹកដោះ និង បង្កើនផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេស
២)- ធនធានធានធម្មជាតិដូចជាព្រៃឈើ ផ្កាព្រៃ និងសត្វព្រៃជាច្រើនប្រភេទ ដោយបានសហការជាមួយក្រុមថតរូបវត្តមានសត្វមានសត្វស្លាបនៅកម្ពុជា និងបានរកឃើញសត្វស្លាបចំនួន ១២៩ប្រភេទ ហើយក្រុមការងារបានចុះអប់រំផ្សព្វផ្សាយដល់ប្រជាជនឱ្យចូលរួមអភិរក្សថែរក្សា និង ការចូលរួមបោះជំរំរបស់សិស្សនិស្សិតនៅតាមសាកលវិទ្យាល័យ។
៣)-ធនធានវប្បធម៌ដូចជាឡស្លដែកបុរាណ ដែលឧទ្យានបានធ្វើកំណាយ ស្រាវជ្រាវឃើញឡស្លដែកចំនួន ៤បណ្តុំធំៗ ដែលទួលឡចំនួន ៦៤ទួល និងបានបង្កើតសារមន្ទីរនៅនឹងកន្លែង និងជនជាតិកួយដែលជាជាតិពន្ទុវិទ្យា។
បន្ទាប់ពីបទបង្ហាញដែលបានរៀចំឡើងដោយក្រុមការងាររបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ដែលដឹកនាំ ដោយ ឯកឧត្តម ឡូយ សុផាត រួមទាំងថ្នាក់ដឹកនាំដែលបានអញ្ជើញមកពីក្រសួងនានាផងនោះក៏បានអញ្ជើញទស្សនាផ្ទាល់ដល់កសិដ្ឋានចិញ្ចឹមគោ ពពែ និងចៀមផងដែរ។
RAC Media
ប្រភព៖ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ : កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន៤ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថាកម្ពុជា ត្រូវការរៀបចំ និងដោះស្រាយ បញ្ហា ៥ គឺ៖ ១. ការដឹកជញ្ជូន, ២. ការិយាល័យធិបតេយ្យ, ៣. បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:, ៤. តម្លៃអគ្គិសនី។
បើថ្លៃដើមផលិតថ្លៃ ការដឹកជញ្ជូនចំណាយច្រើន បូកជាមួយការចាយវាយលើការិយាល័យធិបតេយ្យ នោះផលិតផលមិនអាចលក់បានថោកជាងគេទេ។ ដូច្នេះហើយ ចាំបាច់ណាស់ដែលថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ ត្រូវជជែកពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយរួម លើកទឹកចិត្តដល់វិស័យឯកជនបង្កើនវិនិយោគនិងផលិតកម្មក្នុងស្រុក។
បញ្ជាក់នៅក្នុងកិច្ចពិភាក្សាតុមូល ពីសារប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាពកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានសង្កត់ធ្ងន់ថា បើសិនតម្លៃថ្លៃដើមកាន់តែទាប ឱកាសប្រកួតប្រជែង មានកាន់តែខ្ពស់។
ចំណែកលោកបណ្ឌិត គឺ សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញថា ផលិតផលបន្លែចិន មានតម្លៃថោកជាងផលិតផលក្នុងស្រុក ដូច្នេះកម្ពុជាអាចក្លាយជាកន្លែងបង្ហូរផលិតផលកសិកម្មបន្លែពីចិន ដូច្នេះត្រូវការឱ្យកម្ពុជា រៀបចំយុទ្ធសាស្ត្រត្រៀមខ្លួនទប់ស្ថានការណ៍នេះ។
ប្រសិនបើការរៀបចំខ្លួនឆ្លើយតបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន មិនគ្រប់គ្រាន់ទេនោះ នឹងធ្វើឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបាត់តុល្យភាព ហើយលំហូរពាណិជ្ជកម្មនឹងធ្ងន់ទៅខាងចិន។ លំហូរទំនិញពីចិននឹងហូរចូលមកទីផ្សារកម្ពុជា ហើយកម្ពុជា ត្រូវការរៀបចំខ្លួនជាចាំបាច់សម្រាប់ទប់លំហូរទំនិញរបស់ចិន ដើម្បីឱ្យកម្ពុជា អាចបង្កើនវិនិយោគនិងផលិតកម្មដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ឬក៏សម្រាប់នាំចេញផលិតកសិកម្មទៅកាន់ទីផ្សារចិនវិញ។
បើសង្កេតពីសភាពនៃការធ្វើពាណិជ្ជកម្ម ឬតម្រូវការសម្រាប់ការនាំចេញទៅបរទេស តម្រូវការនៃផលិតផលត្រូវមានបរិមាណច្រើន ដែលត្រូវការឱ្យមានផលិតកម្មក្នុងទ្រង់ទ្រាយធំដូចគ្នា។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់បន្ថែមថា ការជំរុញផលិតកម្មតាមរយៈសហគមន៍កសិកម្ម ជារឿងចាំបាច់ ហើយនេះ ក៏មានន័យថាបានផ្ដល់ឱកាសដល់កសិករ ក៏ដូចជាផលិតករកម្ពុជា ឱ្យចូលរួមក្នុងផលិតកម្ម ជាពិសេសផលិតកម្មក្នុងវិស័យកសិកម្ម។
វាគ្មិនកិត្តិយស៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច (រូបស្ដាំ) និងលោកបណ្ឌិត គី សេរីវឌ្ឍន៍ (រូបឆ្វេង)
ឯកឧត្តម សុខ សុភ័ក្រ្ត (រូបស្ដាំ) និងក្រុមការងារក្រសួងពាណិជ្ជកម្ម (រូបជួរក្រោយ) និងឯកឧត្ដមបណ្ឌិត គិន ភា (រូបឆ្វេង)
ទិដ្ឋភាពទូទៅក្នុងកិច្ចប្រជុំពិភាក្សាតុមូលនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា
ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ ផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្ដម ងួន ញ៉ិល ជា «កិត្តិនីតិកោសលបណ្ឌិត»។
រហូតមកទល់ពេលនេះ ឥស្សរជនជាន់ខ្ពស់ ដែលទទួលបានគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជាកិត្តិនីតិកោសលបណ្ឌិត មានសរុបចំនួន ៧រូប។
RAC Media
ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៦ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ ផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្ដម ទេព ងន ជា «កិត្តិសង្គហបណ្ឌិត»។
រហូតមកទល់ពេលនេះ ឥស្សរជនជាន់ខ្ពស់ ដែលទទួលបានគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជាកិត្តិសង្គហបណ្ឌិត មានសរុបចំនួន ៣រូប។
RAC Media
ឯកឧត្ដម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា
ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៥ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ ផ្ដល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្ដម ស៊ឹម កា ជា «កិត្តិនីតិកោសលបណ្ឌិត»។
រហូតមកទល់ពេលនេះ ឥស្សរជនជាន់ខ្ពស់ ដែលទទួលបានគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជាកិត្តិនីតិកោសលបណ្ឌិត មានសរុបចំនួន ៦រូប ហើយ។
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM