ព័ត៌មាន

កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈ កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន៥ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖


2020-09-23 01:54:27   ថ្ងៃពុធ, 23 កញ្ញា 2020 ម៉ោង 08:54 AM
«អត្ថប្រយោជន៍នៃការសិក្សាភាសាចិន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញធ្វើបទបង្ហាញស្តីពី «អត្ថប្រយោជន៍នៃការសិក្សាភាសាចិន»ដល់សិក្ខាកាមសរុប២០០នាក់ដែលជាលោកគ្រូ អ្នកគ្រូបង្រៀនភាសាចិននៅតាមគ្រឹះស្ថានអប់រំភាសាចិននានានៅកម្ពុជា។ សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់នេះមានរយៈពេល១០ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងការធ្វើបទបង្ហាញតាមរយៈប្រព័ន្ធវីដេអូ Conference ឯកឧត្តមបណ្ឌិត គិន ភា បានឱ្យតម្លៃខ្ពស់លើការអប់រំ ជាពិសេសការសិក្សាភាសាចិន ដោយឯកឧត្តមបណ្ឌិតបានមានប្រសាសន៍លើកឡើងថា អ្នកសិក្សាភាសាចិននឹងទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗ, អាចស្រាវជ្រាវឯកសារផ្សេងៗតាមរយៈភាសាចិន និងអាចសិក្សាប្រព័ន្ធច្បាប់របស់ប្រទេសចិន ជាពិសេសអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិតបានមើលឃើញថា ដោយសារប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ហើយស្ទើរតែមួយភាគ៤ នៃប្រជាជនលើពិភពលោកចេះនិយាយភាសាចិន ដូច្នេះចេះភាសាចិនអាចមាន លទ្ធភាពទទួលបានការងារច្រើន មានទីផ្សារការងារច្រើន និងទទួលបានប្រាក់ចំណូលខ្ពស់។

ឯកឧត្តមបណ្ឌិតបានលើកឡើងបន្ថែមថា ការសិក្សាភាសាចិនគឺជាយានមួយដ៏សំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច ដោយសារមហាយក្សចិនជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ថ្នាក់ទីពីរនៅលើពិភពលោក ដូច្នេះសិក្សាភាសាមួយនេះ អាចបង្កើននូវវិនិយោគមួយផ្នែកធំទៅសេដ្ឋកិច្ចជាតិ ការបង្កើនអាជីវកម្មផ្សេងៗ តាមរយៈការទំនាក់ទំនងដោយប្រើភាសាចិន។ ជាមួយនេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ការសិក្សាភាសាចិនជាសារមួយដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមរយៈការយល់ដឹងពីវប្បធម៌ដ៏ចំណាស់របស់ប្រទេសចិន និងអាចផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ជនជាតិបរទេសតាមរយៈភាសាចិន ព្រមទាំងនយោបាយនិងទំនាក់ទំនងការទូតជាមួយប្រទេសចិនដែលកំពុងត្រូវបានរឹតចំណងមិត្តភាព កម្ពុជា-ចិនដែលមានតាំងពីយូរណាស់មកហើយ និងបង្កើតកម្មវិធីផ្សេងៗដែលទាក់ទង មិត្តភាពកម្ពុជា-ចិនឲ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានបញ្ជាក់ថា៖«ចិនជាប្រទេសមហាអំណាចមានប្រជាជនច្រើន សេដ្ឋកិច្ចទីពីរលើពិភពលោក និងវប្បធម៌ដ៏ចំណាស់។ នេះជាហេតុនាំឲ្យមានសារប្រយោជន៍ជាច្រើនដល់ការសិក្សាភាសាចិន»៕

RAC Media


2020-09-22 12:26:31   ថ្ងៃអង្គារ, 22 កញ្ញា 2020 ម៉ោង 07:26 PM
«ការអភិវឌ្ឍគ្រូបង្រៀនភាសាចិនក្នុងតំបន់នៅកម្ពុជា និងគោលការណ៍ខ្សែក្រវាត់ និងផ្លូវ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍគ្រូបង្រៀនភាសាចិនក្នុងតំបន់នៅកម្ពុជា និងគោលការណ៍ខ្សែក្រវ៉ាត់ និងផ្លូវដល់សិក្ខាកាមសរុប២០០នាក់ដែលជាលោកគ្រូ អ្នកគ្រូបង្រៀនភាសាចិននៅតាមគ្រឹះស្ថានអប់រំភាសាចិននានានៅកម្ពុជា។ សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់នេះមានរយៈពេល១០ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងការធ្វើបទបង្ហាញតាមរយៈប្រព័ន្ធវីដេអូ Conference ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងអំពីសារប្រយោជន៍សំខាន់ៗចំនួន៤ចំណុចរួមមាន៖ ១. គោលការណ៍ខ្សែក្រវាត់ និងផ្លូវ ២. ការអភិវឌ្ឍគ្រូក្នុងតំបន់ ៣. សារៈសំខាន់របស់គ្រូបង្រៀនភាសាចិន ក្នុងគោលការណ៍ខ្សែក្រវាត់ និងផ្លូវ និង៤.សន្និដ្ឋាន។

ឯកឧត្តមបណ្ឌិតសភាចារ្យបានចាត់ទុកគោលការណ៍ខ្សែក្រវាត់ និងផ្លូវគឺជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ស៊ី ជីនភីង នៅឆ្នាំ២០១៣ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន      ជាមួយប្រទេសជាច្រើននៅទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។

ចំពោះគោលបំណងនយោបាយសម្លឹងមកអាស៊ី អាស៊ាន ពិសេសកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យមើលឃើញគឺដើម្បីទទួលបានស្ថិរភាពនយោបាយ សន្តិភាព និងសក្តានុពលសេដ្ឋកិច្ច (ពាណិជ្ជកម្ម, សំណង់អគារ, ទេសចរណ៍, ការដឹកជញ្ជូន និងផែទឹកជ្រៅ,....)។

ដោយឡែកបញ្ហាប្រឈមចំពោះគ្រូបង្រៀនជនជាតិចិននៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យមើលឃើញដែរថា ចំនួនគ្រូបង្រៀនភាសាចិនបញ្ជូនមកកម្ពុជាមិនទាន់អាចបំពេញតម្រូវការគ្រប់គ្រាន់ ធនធានគ្រូបង្រៀនភាសាចិនកម្រិតខ្ពស់នៅមានកម្រិត មិនទាន់មានអ្នកឯកទេសធ្វើការវាយតម្លៃ និងរៀបចំកម្មវិធីសិក្សាភាសាចិនកម្រិតខ្ពស់នៅកម្ពុជា រយៈពេលបម្រើការងារខ្លី (រយៈពេល១ឆ្នាំទៅ៣ឆ្នាំ)។

នៅចំពោះបញ្ហាប្រឈមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា ភាពចាំបាច់ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ គឺតម្រូវការធនធានអ្នកចេះភាសាចិនឱ្យកើនឡើង តម្រូវការធនធានអ្នកចេះភាសាចិនកម្រិតខ្ពស់ តម្រូវការធនធានអ្នកចេះភាសាចិនរួមជាមួយជំនាញវិជ្ជាជីវៈដែលបម្រើឱ្យវិស័យទេសចរណ៍វិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ចវិស័យកសិកម្ម និងកសិឧស្សាហកម្ម ឧស្សាហកម្មធុនស្រាល និងមធ្យម ពាណិជ្ជកម្ម ការទូត អប់រំ និងសុខាភិបាលជាដើម។

ជាក់ស្តែងចំពោះការពង្រឹងសមត្ថភាពភាសាចិនខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន និងភាសាបរទេសនៃក្រសួងអប់រំចិនបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពភាសាចិននេះក្នុងកម្រិតថ្នាក់បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ភាសាចិន គរុកោសល្យភាសាចិន អក្សរសាស្ត្រចិន បកប្រែភាសាចិន ភាសាចិនពាណិជ្ជកម្ម ភាសាចិន      ទេសចរណ៍ និងភាសាចិនសុខាភិបាល។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជាក់បន្ថែមថា៖« ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលរាជបណ្ឌិត្យសភាកម្ពុជានឹងអភិវឌ្ឍធនធានអ្នកចេះភាសាចិននៅកម្ពុជាទាំងបរិមាណ និងគុណភាព»៕

RAC Media| រឿន ភារុន


2020-09-22 09:00:15   ថ្ងៃអង្គារ, 22 កញ្ញា 2020 ម៉ោង 04:00 PM
«ការអញ្ជើញសួរសុខទុក្ខឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ជូរ ច័ន្ទដារី អគ្គលេខាធិការរងរាជបណ្ឌិត្យ សភាកម្ពុជា និង    លោក ប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញសួរសុខទុក្ខឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ ជំនួយការរាជ​បណ្ឌិត្យ​សភាកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញតាំងពីថ្ងៃទី៨ ខែកញ្ញារហូតមក។

ឯកឧត្ដមបណ្ឌិត ជូរ ច័ន្ទដារី អគ្គលេខាធិការរងរាជបណ្ឌិត្យសភាកម្ពុជា និងលោក ប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុបាននាំការផ្ដាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាជូនចំពោះ សាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ និងបានឱ្យវេជ្ជបណ្ឌិតខិតខំធ្វើការព្យាបាល និងថែទាំព្យាបាលឱ្យបានដិតដល់។ ជាមួយនេះ ឯកឧត្ដមបណ្ឌិត ជូរ ច័ន្ទដារី អគ្គលេខាធិការរងរាជបណ្ឌិត្យសភាកម្ពុជា និងលោក ប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុបាននាំថវិកាដែលទទួលបានពីថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាសរុបចំនួន​៥,៧៣០,០០០រៀល (ប្រាំលានប្រាំពីររយសាមសិបពាន់រៀលគត់) ជូនក្រុមគ្រួសារឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ ដើម្បីជួយសម្រាលបន្ទុកនៃការព្យាបាល។

ជំនួសមុខឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ ក្រុមគ្រួសារសូមថ្លែងអំណរគុណឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំវិទ្យាស្ថាន/អង្គភាពចំណុះ ព្រមទាំងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាដែលបានចូលរួមឧបត្ថម្ភថវិកា ដើម្បីជួយសម្រាលបន្ទុកនៃការព្យាបាលជំងឺរបស់ឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ ជំនួយ​ការ​រាជបណ្ឌិត្យសភាកម្ពុជា។

ក្រុមគ្រួសារឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ សូមជូនពរថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

RAC Media | រឿន ភារុន


2020-09-15 07:41:04   ថ្ងៃអង្គារ, 15 កញ្ញា 2020 ម៉ោង 02:41 PM
តើស្រីលង្កានិងឡាវ កំពុងជាប់អន្ទាក់បំណុលចិនឬ? ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍឹមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជ​បណ្ឌិត្យ​សភាកម្ពុជា

ចិនជាប្រទេសផ្តល់ប្រាក់កម្ចីធំជាងគេបង្អស់នៅលើពិភពលោក ដោយបានផ្តល់កម្ចីច្រើនជាងធនាគារពិភពលោក ឬ​ស្ថាប័នអន្តរជាតិដទៃទៀត។ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៧ ប្រាក់កម្ចីរបស់បណ្តាប្រទេសនានាពីប្រទេសចិន «បាន​កើនឡើង១០ដង ចាប់ពីចំនួនតិចជាង ៥០០ពាន់លានដុល្លារ ទៅដល់ ជាង៥លានលានដុល្លារអាម៉េរិក» ហើយមានការលើកឡើងជាច្រើន ជាច្រើនទាក់ទងនឹងបញ្ហានេះ ដោយចាត់ទុកថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងប្រើប្រាស់ «ការទូតអន្ទាក់បំណុល» ដើម្បីបានចំណេញប្រយោជន៍ផ្នែកយុទ្ធសាស្ត្រទៅលើបណ្ដាប្រទេស នានា ដែលកំពុងជួបការលំបាកក្នុងការសងបំណុល ដែលខ្ចីនៅក្រោមគម្រោងហេដ្ឋារចនាសម្ព័ន្ធ «ខ្សែក្រវាត់និងផ្លូវ» របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

តើប្រទេសឡាវ និងស្រីលង្កា ដែលបានផ្តល់សិទ្ធិគ្រប់គ្រងក្រុមហ៊ុនអគ្គិសនី និងលក់ កំពង់ផែ ទៅឱ្យភាគីចិន ជាការដាក់អន្ទាក់បំណុលរបស់ចិនមែនឬទេ?

ប្រទេសឡាវ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យក្រុមហ៊ុនចិនគ្រប់គ្រងចំណែកភាគហ៊ុនដ៏ធំនៅក្នុងក្រុមហ៊ុនអគ្គិសនីរបស់ខ្លួន ដោយបានចុះកិច្ចព្រមព្រៀងចែកចំណែកភាគហ៊ុនអគ្គិសនីរវាងក្រុមហ៊ុនអគ្គិសនីរដ្ឋ «Electricite du Laos» (EdL) របស់ឡាវ និងក្រុមហ៊ុនចិន «China Southern Power Grid Co»។​​ក្រុមហ៊ុនរដ្ឋឡាវ និងក្រុមហ៊ុនចិននេះ បានព្រមព្រៀងគ្នាបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា «Electricite du Laos Transmission Company Limited» (DELT) ដោយក្នុងនោះ ភាគហ៊ុនធំគ្រប់គ្រងក្រុមហ៊ុនថ្មីនេះ ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនចិន។ ក្រុមហ៊ុនថ្មី EDLT នឹងវិនិយោគទឹកប្រាក់ប្រហែល២ពាន់លានដុល្លារអាម៉េរិក ទៅលើការតភ្ជាប់បណ្ដាញអគ្គិសនីក្នុងស្រុក និងទៅក្រៅស្រុក ។

ប្រទេសឡាវបានវិនិយោគថវិកាយ៉ាងច្រើនទៅលើគម្រោងវារីអគ្គិសនី ដែលភាគច្រើនគាំទ្រដោយកម្ចីថវិកាពីប្រទេស​ចិន ក្នុងបំណងក្លាយខ្លួនជា «ធុងអាគុយនៃអាស៊ីអាគ្នេយ៍» ប៉ុន្តែ គម្រោងមួយចំនួនទាំងនោះ រួមទាំងគម្រោងផ្លូវរថ​ភ្លើង​ល្បឿនលឿនចិនថ្មី គម្រោងយុទ្ធសាស្រ្តផ្លូវដែករបស់ប្រទេសទាំងពីរ គឺស្របទៅតាមគោលដៅរបស់ប្រទេសនីមួយៗ ហើយវាជាការបន្ស៊ីគ្នារវាងគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ភាគីចិន និងយុទ្ធសាស្រ្តរបស់ភាគី​ឡាវ ក្នុងការប្រែក្លាយពីប្រទេសឡាវដីគោកបិទជិតទៅជាប្រទេសមានផ្លូវឆ្លងកាត់ (From land-locked to land-linked country) កំពុងក្លាយជាចំណុចស្នូលនៃបញ្ហាបំណុល ។

ធនាគារពិភពលោក ក៏បានប៉ាន់ស្មានកាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅថា កម្រិតបំណុលរបស់ឡាវអាចនឹងឡើងដល់ ៦៨% នៃផលទុនក្នុងស្រុកសរុប-ផ.ស.ស នៅឆ្នាំ២០២០ កើនឡើងពី៥៩% កាលពីឆ្នាំ២០១៩។ ចំណែកទីភ្នាក់ងារកម្រិត ឥណទាន Moody បានព្រមានថា ប្រទេសនេះ ប្រហែលជាមិនអាចសងបំណុលរបស់ចិនបាននៅ​ពេល​អនាគតដ៏ខ្លីខាងមុខនេះទេ។

ទីភ្នាក់ងារ Moody ក៏បាននិយាយថា ប្រទេសឡាវនៅក្នុងឆ្នាំ២០២០នេះ ត្រូវមានកាតព្វកិច្ចសងបំណុលបរទេសប្រហែល ១.២ពាន់លានដុល្លារអាម៉េរិក ជាកម្ចីដែលខ្លួនខ្ចីពីធនាគារពាណិជ្ជ និងបណ្ណបំណុលថៃ ដែលត្រូវទូទាត់ជាសាច់ប្រាក់នៅខែកញ្ញា និងខែតុលា ប៉ុន្តែ ទុនបម្រុងអន្តរជាតិរបស់ឡាវ គិតត្រឹមខែមិថុនា ឆ្នាំ២០២០នេះ មានតែ ៨៦៤ លានដុល្លារអាម៉េរិក ប៉ុណ្ណោះ។

ចំណែកប្រទេសស្រីលង្កា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ក៏បានចុះហត្ថលេខាលើកិច្ចសន្យាលក់កំពង់ផែនៅតំបន់​ទឹកជ្រៅ «Hambantota» ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសស្រីលង្កា ដើម្បីយកប្រាក់ដែលបានមកពីការលក់កំពង់ផែ នោះ ទៅសងបំណុលបរទេស ដែលនៅក្នុងនោះ មានមួយភាគជាបំណុលពីប្រទេសចិន។

រដ្ឋាភិបាលស្រីលង្កាសម្រេចលក់កំពង់ផែ Hambantota និងដីទំហំ ១៥,០០០ ហិចតា នៅក្បែរកំពង់ផែសម្រាប់ធ្វើជាតំបន់ឧស្សាហកម្ម ទៅឱ្យក្រុមហ៊ុនរដ្ឋចិន ក្នុងតម្លៃ ១ពាន់ ១រយលានដុល្លារ សម្រាប់គម្រោងវិនិយោគរយៈពេល​៩៩ឆ្នាំ ។

កិច្ចសន្យាលក់កំពង់ផែក្នុងស្រុកទៅឱ្យក្រុមហ៊ុនចិន ត្រូវបានពន្យារពេលជាច្រើនដង ដោយសារចលនាប្រឆាំងពីសហ​ជីពកម្មករនៅកំពង់ផែផ្ទាល់ និងពីក្រុមបក្សប្រឆាំងរបស់ ស្រីលង្កា ដែលបារម្ភពីផលអាក្រក់ពីរយ៉ាង។ ទីមួយ គេខ្លាច​ក្រែងចិនប្រើកំពង់ផែ Hambantota ជាមូលដ្ឋានទ័ព និងទី២ គេបារម្ភថា ចិនបង្កើតតំបន់អាណានិគមកិច្ចនៅក្នុងទឹកដីស្រីលង្កា។ ដើម្បីធានាថា ចិននឹងមិនអាចប្រែក្លាយកំពង់ផែទៅជាកន្លែងតាំងទ័ពចិន ទៅថ្ងៃអនាគត រដ្ឋាភិបាលស្រី​​លង្កា​បានអះអាងថា ខ្លួនបានបញ្ចុះចំណែកភាគហ៊ុនរបស់ចិន នៅក្នុងការគ្រប់គ្រងកំពង់ផែ ពី៨០ភាគរយ មកនៅ​៧០​ភាគរយ ចំណែក បញ្ហាសន្តិសុខ ការធ្វើគមនាគមន៍ផ្លូវទឹក ត្រូវគ្រប់គ្រងនិងសម្រេច ដោយរដ្ឋាភិបាលស្រីលង្កា គឺមិន​មែនដោយភាគីក្រុមហ៊ុនចិននោះឡើយ។

កំពង់ផែ Hambantota ចាប់បើកដំណើរការនៅឆ្នាំ២០១០ នៅក្រោមជំនួយឥណទានរបស់ចិនប្រមាណ ១ពាន់ ៣​រយលានដុល្លារអាម៉េរិក។ ដោយសារទីតាំងសេដ្ឋកិច្ច មិនសូវអំណោយផល ព្រោះថា ទំនិញភាគច្រើនត្រូវស្រូបដោយកំពង់ផែដ៏ធំនៅក្រុងកូឡុំបូ កំពង់ផែ Hambantota រកប្រាក់ចំណូលមិនសូវបាន និងបានធ្វើឱ្យរដ្ឋស្រីលង្កាជាប់បំណុល ដោយសារតែការខាតបង់ប្រមាណ ៣០០លានដុល្លារ ចាប់តាំងពីបើកសម្ពោធកំពង់ផែនោះមក។

កិច្ចសន្យាលក់កំពង់ផែ Hambantotaទៅឱ្យចិន បានជួយឱ្យរដ្ឋាភិបាលនៃប្រទេសនេះយកប្រាក់ទៅសងបំណុលរបស់បរទេស ប្រមាណ៦៥ពាន់លានដុល្លារ ដែលនៅក្នុងនោះ៨ពាន់លានដុល្លារ ជាបំណុលដែលស្រីលង្កាជំពាក់​ចិន។

កំពង់ផែ Hambantotaជាកំពង់ផែធំទី២ របស់ស្រីលង្កា ដែលចិនបានផ្តល់ថវិកាសាងសង់ ក្រោមស្លាកប្រាក់ជំនួយ​ឥណ​ទានហើយឥណ្ឌាព្រួយបារម្ភពីការពង្រីកដែនទឹក ជាពិសេស វត្តមានកងទ័ពរបស់ចិននៅស្រីលង្កា ដែលស្ថិតនៅចុងច្រមុះមិនឆ្ងាយប៉ុន្មានពីប្រទេសខ្លួន។ ប៉ុន្តែក្រុង ប៉េកាំងបានអះអាងថា កំពង់ផែនៅស្រីលង្កានឹងដើរតួជាចំណតសំខាន់នៅក្នុងនយោបាយសេដ្ឋកិច្ច ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលចិនត្រូវការប្រើសម្រាប់ភ្ជាប់ពីអាស៊ីទៅអឺរ៉ុប។

បន្ថែមសេចក្តីសន្និដ្ឋានសម្រាបករណីស្រីលង្កានិងឡាវនៅទីនេះ មុននឹងចូលករណីកម្ពុជា។

សម្រាប់ករណីប្រទេសឡាវ និងស្រីលង្កា រដ្ឋាភិបាលនៃ ប្រទេសទាំងពីរមិនបាន ប្រយ័ត្នប្រយ៉ែងក្នុងការកំណត់ពិដាននៃកម្ចីបរទស ទើបបានជាប់បំណុលបរទេស ដែល ភាគច្រើនពីប្រទេសចិន រហូតមិនអាចមានលទ្ធភាពទូទាត់ សង​ត្រឡប់ទៅវិញតាម កាលកំណត់បាន ទើបឈានទៅដល់ការផ្ទេរសិទ្ធគ្រប់គ្រង និងលក់ សម្បត្តិរដ្ឋ ដើម្បីទូទាត់សងបំណុលបរទេសមួយចំនួន ក្នុងពេលដែលរដ្ឋាភិបាល មិនមានលទ្ធភាព គ្រប់គ្រាន់ ឬ ហៅម្យ៉ាងទៀតថា បំណុលបរទេសបានឡើងហួសពិដាននៃកម្ចី។

ករណីប្រទេសស្រីលង្កា និងឡាវ នាំឱ្យមានមជ្ឈដ្ឋានមួយចំនួនសម្តែងកង្វល់ថា កម្ពុជា អាចនឹងជាប់បំណុលចិន ដែលមិនអាចសងបានផងដែរនៅពេលខាងមុខ បើសិនជាមិន មានការប្រយ័ត្នប្រយែង។

សម្រាប់ប្រទេសកម្ពុជា គិតមកទល់នឹងពេលនេះ បំណុលសាធារណៈដែលកម្ពុជាជំពាក់បរទេស គឺស្ថិតនៅក្រោម​៣០% ធៀបនឹង ផ.ស.ស ដែលជាទំហំមួយតិចតួច បើធៀបនឹងប្រទេសជិតខាងផ្សេងទៀតដូចជា ឡាវ មានរហូតពី ៥៩% ទៅ ៦៨% នៃ ផ.ស.ស និងវៀតណាម មានរហូតពី ៦០% ទៅ ៧០% នៃ ផ.ស.ស ឯណោះ។ នេះសបញ្ជាក់​ឱ្យឃើញថា កម្ពុជានៅតែមានលទ្ធភាពខ្ចីបំណុលពីបរទេស និងស្ថាប័នដៃគូអន្តរជាតិនានាបន្ថែមទៀត ដើម្បីយកមកប្រើប្រាស់ក្នុងការជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

សូមបញ្ជាក់ថា យោងតាមយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ សរុប ធៀបនឹង ផ.ស.ស ត្រូវស្ថិតនៅក្រោម ៥៥% ដែលក្នុងនោះ អនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ ក្រៅប្រទេស (រួមទាំងបំណុលដែលមានការធានាពីរដ្ឋ) ធៀបនឹង ផ.ស.ស ត្រូវស្ថិតនៅក្រោម ៤០% និងអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្នុងប្រទេស(រួមទាំងបំណុលដែលមានការធានាពីរដ្ឋ) ធៀបនឹង ផ.ស.ស ត្រូវស្ថិតនៅក្រោម ១៥% ដូច្នេះបំណុលសាធារណៈក្រៅប្រទេស របស់កម្ពុជានៅមានចីរភាព និងហានិភ័យទាប។

តាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានសន្និធិបំណុលសាធា​រណៈ​សរុបចំនួន ៧,៥៩៩ លានដុល្លារអាម៉េរិក ក្នុងនោះ បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ០.០៤% ស្មើនឹង២.៧៤ លានដុល្លារអាម៉េរិក និងបំណុលសាធារណៈក្រៅប្រទេសមានចំនួន ៩៩.៩៦ % ត្រូវនឹងប្រមាណ ៧,៥៩៦ លានដុល្លារ ដែលក្នុងនោះ ៤០% ជាបំណុលរបស់ប្រទេសចិន។ របាយការណ៍បានបង្ហាញទៀតថា ក្នុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូន ដៃគូអភិវឌ្ឍន៍សរុបចំនួន ជាង ៣០៨ លានដុល្លារអាម៉េរិក។ បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ១.៦៩ ពាន់លានដុល្លារអាម៉េរិក ។

សូមបញ្ជាក់ផងដែរថា អត្រាការប្រាក់ដែលកម្ពុជាខ្ចីពីចិនមានបីប្រភេទ គឺ មាន(០%), ១.២៥% និង២%។ ០% ជាកម្ចីគ្មានការប្រាក់, ១.២៥% គឺសម្រាប់កម្ចីជាលុយយ័ន និង២% សម្រាប់កម្ចីជាលុយដុល្លារអាម៉េរិក ហើយសងមក​វិញក្នុងរយៈពេល២០ឆ្នាំ តែអាចពន្យារពេល សងបានរយៈពេល៧ឆ្នាំដោយមិនមានការផាកពិន័យ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា



2020-09-14 08:09:57   ថ្ងៃចន្ទ, 14 កញ្ញា 2020 ម៉ោង 03:09 PM
ពិធីអបអរសាទរខួប១ឆ្នាំនៃការសិតបដិមាទោលព្រះនាងឥន្ទ្រទេវី​ និងពិធីសម្ពោធសៀវភៅព្រះនាងឥន្ទ្រទេវី

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីអបអរសាទរខួប១ឆ្នាំនៃការសិតបដិមាទោលព្រះនាងឥន្ទ្រទេវី​ និងពិធីសម្ពោធសៀវភៅព្រះនាងឥន្រ្ទទេវី។

នារសៀលដ៏មនោរម្យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងភ្ញៀវកិត្តិយសបានរៀបចំប្រារព្ធពិធីសូធ្យមន្តចម្រើនព្រះបរិត្ត លើករាសីបដិមាព្រះនាងឥន្ទ្រទេវី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងសមាសភាពអញ្ជើញចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ បណ្ឌិត អស់លោក លោកស្រី អ្នកនាង និងកញ្ញា ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ២០០រូប។

នៅក្នុងពិធីតាមបែបសាសនា ព្រះសង្ឃចំនួន ៩អង្គបានសូធ្យមន្តចម្រើនព្រះបរិត្ត និងប្រោះព្រំលើករាសីនៅសំណង់បុស្បុក បដិមាព្រះនាងឥន្ទ្រទេវី។

ក្រៅពីពិធីបែបសាសនា, ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវ បណ្ឌិត សាស្ត្រាចារ្យអស់លោក លោកស្រី ថ្នាក់ ដឹកនាំ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា និងភ្ញៀវកិត្តិយសទាំងអស់បានទស្សនាការសម្តែងល្ខោនបាសាក់របស់ក្រុមល្ខោន ភី សុគន្ធី ដែលបានសម្តែងល្ខោនរឿង ចន្ទសង្វារបុប្ផាភួង ព្រមទាំងពិសារនំបញ្ចុកខ្មែរសាមគ្គីផងដែរ។

សូមបញ្ជាក់ថា បដិមាព្រះនាង ឥន្ទ្រទេវី ជាលើកដំបូងដែលត្រូវបានសិតនៅក្នុងបរិវេណអគារឥន្ទ្រទេវីនេះ គឺសិតឡើងអំពី ស្ពាន់ មានកម្ពស់ ១,៥៧ម៉ែត្រ គិតពីបាតជើងដល់ព្រះសិរ និងទំហំដងខ្លួនមានសមាមាត្រទៅនឹងរូបចម្លាក់ជាក់ស្តែងដែលឆ្លាក់នៅប្រាសាទព្រះខ័ន។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីបានសម្រេចសាងសង់បដិមាព្រះនាងឥន្ទ្រទេវី ជានិមិត្តរូបតម្កល់នៅក្នុងបរិវេណអគារ ដើម្បីជាការរម្លឹកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំពីរូបភាពគំរូនារីខ្មែរសម័យអង្គរដែលបានជួយដល់ប្រទេសជាតិជាច្រើន ជាពិសេសក្នុងវិស័យអប់រំ។

បដិមានេះទទួលបានជំនួយឧបត្ថម្ភពីលោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍៕

RAC Media| រឿន ភារុន


2020-09-10 07:11:09   ថ្ងៃព្រហស្បតិ៍, 10 កញ្ញា 2020 ម៉ោង 02:11 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន និងលោកជំទាវ និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដាំកូនឈើទាលជិត ៤០០ដើមនៅវត្តមង្គលមានលក្ខណ៍

(ខេត្តតាកែវ)៖ បន្ទាប់ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានប្រគេនទេយ្យទាននិងចង្ហាន់ដល់ព្រះសង្ឃក្នុងឱកាសចូលរួមពិធីកាន់បិណ្ឌ៥ បុណ្យភ្ជំបិណ្ឌដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមកនៅក្នុងវត្តមង្គលមានលក្ខណ៍ ស្ថិតក្នុងឃំុត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវរួច នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងលោកជំទាវ និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពជា ព្រមទាំងក្រុមការងារបានដាំដើមឈើទាលសរុបចំនួន៣៩២ដើម ដើម្បីជានិមិត្តរូប និងលើកកម្ពស់បរិស្ថានធម្មជាតិនៅវត្តមង្គលមានលក្ខណ៍៕

RAC Media| រឿន ភារុន


2020-09-07 08:19:21   ថ្ងៃចន្ទ, 07 កញ្ញា 2020 ម៉ោង 03:19 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុមការងារចូលរួមពិធីកាន់បិណ្ឌ៥ នៅវត្តទាំង៥ក្នុងឃុំត្រពាំងធំខាងជើង

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពជានិងក្រុមការងារបានចូលរួមពិធីកាន់បិណ្ឌ៥ ក្នុងឱកាសបុណ្យភ្ជំុបិណ្ឌដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមកនៅក្នុងវត្តទាំង៥ ក្នុងត្រពាំងធំខាងជើង ក្នុងនោះរួមមាន៖ ១. វត្តមង្គលមានលក្ខណ៍ ២. វត្តពោធិ៍រុន ៣. វត្តពោធិ៍ដុះ ៤. វត្តអង្គស្អាត និង៥. វត្តសិរីដំណាក់។

ក្នុងចំណោមវត្តទាំង៥ខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពជានិងក្រុមការងារបានចូលរួមពិធីកាន់បិណ្ឌ៥ នៅវត្តមង្គលមានលក្ខណ៍ដោយផ្ទាល់ ស្ថិតក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន និងក្រុមការងារទាំងអស់បានគោរពថ្វាយភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធ និងបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ និង សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាតក្នុងឋានសុគតិភពកុំបីខានឡើយ ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន និងសហការីបានប្រគេនទេយ្យទាននិងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យបុណ្យសរុបចំនួន ៨០០,០០០រៀលជូនព្រះអធិការវត្តផងដែរ៕

RAC Media | រឿន ភារុន

 

2020-09-07 08:08:21   ថ្ងៃចន្ទ, 07 កញ្ញា 2020 ម៉ោង 03:08 PM
របាយការណ៍សង្ខេប ស្តីពី ការចុះប្រមូលទិន្នន័យដំណាំយកស្លឹក និងដំណាំយកគ្រាប់ ក្រោមគម្រោង «ការគាំទ្របច្ចេកវិទ្យាផលិត និងអនុវត្តន៍បាយអូឆាដើម្បីកែប្រែដីឱ្យមានគុណភាព និងបង្កើនទិន្នផលដំណាំកសិកម្មនៅកម្ពុជា» ដោយ៖ ស្វាយ រីដា

RAC Media

ប្រភព៖ ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

2020-09-03 07:38:09   ថ្ងៃព្រហស្បតិ៍, 03 កញ្ញា 2020 ម៉ោង 02:38 PM
សកម្មភាពចុះស្រាវជ្រាវគម្រោងស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ»

ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែសីហា ឆ្នាំ២០២០ សមាជិកស្រាវជ្រាវគម្រោងស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាអំពីការនាំបន្លែចេញ និងចូលនៅតាមច្រកទ្វារទ្វេភាគី និងច្រកទ្វារអន្តរជាតិជាតិក្នុងខេតខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ដូចតទៅ៖

១. ច្រកទ្វារព្រំដែនអន្តជាតិគីឡូ១៣ (ភ្នំជី)

២. ច្រលទ្វារព្រំដែនអន្តរជាតិដូង

៣. ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

៤. និងនៅតាមច្រកព្រំដែនមួយចំនួនទៀត

បើយោងតាមការអង្កេត ក៏ដូចជាការធ្វើបទសម្ភាសន៍មន្ត្រីប្រចាំការនៅតាមច្រកទ្វារនីមួយៗ គឺចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ គឺមិនមានការនំាបន្លែចេញឬនាំបន្លែចូលច្រើនទេ ពោលគឺមានតិចតួច សម្រាប់តម្រូវការបរិភោគប្រចាំរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនតែប៉ុណ្ណោះ។ ចំពោះប្រភេទបន្លែនាំចូលមកពីប្រទេសថៃមានដូចជា ស្ពៃក្តោប ត្រប់ស្រួយ ខ្ញី ល្ពៅ ពោត ម្លៀត អំពិលទុំ ជាដើម។ ចំណែកកម្ពុជាវិញ ក៏បាននាំចេញ ដំឡូង ផ្លែម្តេញ ម្ទេស ជាដើម។

ដូចនេះបើតាមការចុះអង្គេតផ្ទាល់របស់ក្រុមស្រាវជ្រាវគឺមិនមានការនាំបន្លែចូលច្រើនដូចមុនការផ្ទះឡើងនៃជំងឺកូវីដនោះទេ ពោល គឺមានដោះដូរទំនិញគ្នាតិចតួចប៉ុណ្ណោះ។

RAC Media

ប្រភព៖ ក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា

2020-09-01 06:22:59   ថ្ងៃអង្គារ, 01 កញ្ញា 2020 ម៉ោង 01:22 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក