Royal Academy of Cambodia
ភាពតានតឹងរវាងប្រទេសចិននិងកោះតៃវ៉ាន់ គឺជាបញ្ហាមួយដែលបានអូសបន្លាយតាំងតែពីជាង ៧០ឆ្នាំមុន។ វាគឺជាសង្គ្រាមបដិវត្តន៍រវាងបក្សកុម្មុយនិស្តចិនដែលដឹកនាំដោយលោក ម៉ៅ សេទុង និង សាធារណរដ្ឋចិន ដែលដឹកនាំដោយលោក ចាង កៃចៀក តាំងពីមុនឆ្នាំ១៩៤៩ គឺមុនការបរាជ័យរបស់ក្រុមដែលបានរត់គេចខ្លួនទៅបោះទីតាំងនៅកោះ តៃវ៉ាន់។
កោះតៃវ៉ាន់ គឺជាកោះមួយដែលស្ថិតនៅជិតបំផុតទៅនឹងដែនដីគោករបស់ចិន គ្រាន់តែខណ្ឌចែកដោយច្រកសមុទ្រ ដែលមានចម្ងាយត្រឹមតែប្រមាណជា ១៣០គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។ តៃវ៉ាន់គឺជាកោះមួយ ដែលមានទីតាំងស្ថិតនៅ ភាគខាងត្បូងឆៀងខាងកើតនៃសាធារណរដ្ឋប្រជាមានិតចិន។ គិតត្រឹមឆ្នាំ២០២០ កោះមួយនេះមានប្រជាជនជាង ២៣ លាននាក់ និងមានរបបនយោបាយដឹកនាំប្រទេសច្បាស់លាស់ ហើយថែមទាំងប្រកាសថា ខ្លួនជាទឹកដីឯករាជ្យទៀតផង។
ទោះបីជាមកដល់បច្ចុប្បន្ននេះ តៃវ៉ាន់ត្រូវបានគណបក្សគូមីនតាំង ដែលជាគណបក្សកាន់អំណាច នៅកោះនេះអះ អាងថា វាជារដ្ឋស្របច្បាប់របស់ចិនទាំងមូលក៏ដោយ ក៏ដែនដីកោះដែលមានផ្ទៃក្រឡាត្រឹមតែជាង ៣៦ ពាន់គីឡូម៉ែតការ៉េនេះ គ្រាន់តែជាខេត្តមួយរបស់មហាយក្សចិនតែប៉ុណ្ណោះ នេះបើតាមរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋប្រជាមានិតចិន។
ជាទូទៅ គេសង្កេតឃើញថា ការផ្តាច់ទឹកដីទៅបង្កើតរដ្ឋឯករាជ្យ គឺតែងតែជាបញ្ហារសើបសម្រាប់គ្រប់ប្រទេសទាំងអស់ មិនថាចិនឬក៏ប្រទេសណាមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ ក្នុងករណីតៃវ៉ាន់ជាដែនដីមួយ ដែលបានប្រកាសផ្តាច់ចេញ ពីចិនអស់រយៈពេលជាង ៧០ឆ្នាំមកហើយនោះ តែនៅមិនទាន់ទទួលបានឯកភាពពីចិននៅឡើយ ហើយក៏នឹងមិនអាចរបូតចេញពីដៃរបស់ចិនដែរ គឺដោយសារតែតៃវ៉ាន់មានសារៈសំខាន់បំផុត សម្រាប់ប្រទេសចិន ទាំងខាងចំណងប្រវត្តិសាស្រ្ត និងខាងផ្នែកភូមិសាស្រ្តនយោបាយបច្ចុប្បន្ន។
មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញមានភាពតានតឹងជាងពេលមុនៗ បានកើនឡើងគួរឱ្យកត់សម្គាល់រវាង ចិននិងតៃវ៉ាន់ ដែលធ្វើឱ្យប្រទេសមួយចំនួននៅក្បែរខាង ក៏ដូចជានៅក្នុងតំបន់មានការព្រួយបារម្ភ ខ្លាចមានការរាល ដាលទៅជាការប្រឈមមុខដាក់គ្នាខាងយោធារវាងមហាអំណាចទាំងពីរ គឺប្រទេសចិនដែលជាអ្នកជំទាស់មិនឱ្យតៃវ៉ាន់ប្រកាសជារដ្ឋឯករាជ្យចេញពីខ្លួន និងសហរដ្ឋអាម៉េរិកដែលជាអ្នកនៅពីក្រោយខ្នងតៃវ៉ាន់តាំងពីយូរលង់ណាស់មកហើយ។
តើកត្តាសង្គ្រាមបដិវត្តន៍ដែលនៅមិនទាន់បានបញ្ចប់ឬកត្តាភូមិសាស្រ្តនយោបាយ ដែលជាមូលហេតុ នាំឱ្យប្រទេសចិននិងដែនដីតៃវ៉ាន់បន្ថែមកំដៅមិនចេះឈប់ឈរនេះ?
១. កត្តាសង្ក្រាមបដិវត្តន៍មិនទាន់បញ្ចប់
បើពិនិត្យមើលតាមបែបប្រវត្តិសាស្រ្ត តៃវ៉ាន់មិនត្រឹមតែធ្លាប់ជាដែនដីមួយរបស់ចិននោះទេ ក៏ប៉ុន្តែ រឹតតែសំខាន់ជាងនេះទៅទៀត តៃវ៉ាន់គឺជាអ្នកស្នងរបបសាធារណរដ្ឋចិនដែលធ្លាប់បានកាន់អំណាចនៅប្រទេសចិន ចាប់តាំងពីក្រោយបដិវត្តន៍ដើម្បីផ្តួលរំលំរបបរាជានិយមនៅឆ្នាំ១៩១១ ហើយក្រោយមក បានក្លាយជាគូសត្រូវដ៏ធំរបស់បក្សកុម្មុយនិស្ត ចិនដែលដឹកនាំដោយ លោក ម៉ៅ សេទុង នៅក្នុងអំឡុងសង្រ្គាមស៊ីវិល ឬសង្គ្រាមបដិវត្តន៍ ពីឆ្នាំ១៩២៧ ដល់ឆ្នាំ១៩៤៩។
នៅឆ្នាំ១៩៤៩ បក្សកុម្មុយនិស្តចិនបានទទួលជោគជ័យលើកងទ័ពរបស់ ចាង កៃចៀក (Chiang Kai-Shek) និងបានឡើងកាន់អំណាចនៅប្រទេសចិន ចំណែករដ្ឋាភិបាលសាធារណរដ្ឋចិនរបស់ ចាង ខៃចៀក បានរត់គេចខ្លួនទៅបោះទីតាំងនៅកោះតៃវ៉ាន់ ក៏ប៉ុន្តែ នៅតែបន្តប្រកាសតាំងខ្លួនថាជារដ្ឋាភិបាលស្របច្បាប់របស់ចិនដដែល។
ទោះបីជាបក្សកុម្មុយនិស្តចិន បានកាន់កាប់អំណាចក៏ពិតមែន ក៏ប៉ុន្តែសង្រ្គាមស៊ីវិលនៅតែមិនទាន់បញ្ចប់ ហើយនៅក្នុងឆាកអន្តរជាតិ ត្រូវមានចិនដល់ទៅពីរ គឺសាធារណរដ្ឋប្រជាមានិតចិន នៅចិនដីគោកដែលដឹកនាំដោយលោក ម៉ៅ សេទុង (Mao Tsé-Toung) និងសាធារណរដ្ឋចិននៅកោះតៃវ៉ាន់ ដែលដឹកនាំដោយ ចាង កៃចៀក ហើយភាគីទាំងពីរសុទ្ធតែប្រកាសខ្លួនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិនទាំងមូល។
បើទោះបីជាបក្សកុម្មុយនិស្តចិនបានជោគជ័យ និងកាន់អំណាចគ្រប់គ្រងដែនដីស្ទើរតែទាំងមូលហើយក៏ដោយ ក៏ប៉ុន្តែសាធារណរដ្ឋចិន នៅតែទទួលបានការទទួលស្គាល់តាមផ្លូវការទូតដោយបណ្តាប្រទេសភាគច្រើន ហើយជាងនេះទៅទៀត អាសនៈរបស់ចិននៅឯអង្គការសហប្រជាជាតិ រួមទាំងអាសនៈជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួនស្ថិតនៅក្រោមការកាន់កាប់របស់តៃវ៉ាន់ រហូតទាល់តែដល់ឆ្នាំ១៩៧១ ទើបអាសនៈទាំងនេះ ត្រូវបានប្រគល់មកឱ្យសាធារណរដ្ឋប្រជាមានិតចិនដែលដឹកនាំដោយបក្សកុម្មុយនិស្តចិនវិញ។
ក្រោយការឡើងកាន់អំណាចរបស់បក្សកុម្មុយនិស្តចិននៅឆ្នាំ១៩៤៩ សហរដ្ឋអាម៉េរិកនៅតែបន្តទទួលស្គាល់សាធារណរដ្ឋចិនឬតៃវ៉ាន់ ថាជារដ្ឋាភិបាលស្របច្បាប់របស់ចិន រហូតទាល់តែដល់ឆ្នាំ១៩៧៩ ទើបផ្លាស់ប្តូរមកទទួលស្គាល់ចិនដីគោកវិញ ក៏ប៉ុន្តែនៅតែបន្តចេញមុខការពារតៃវ៉ាន់ និងបំពាក់អាវុធឱ្យតៃវ៉ាន់ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
គួររំលឹកឡើងវិញផងដែរថា នៅអំឡុងសង្គ្រាមលោកលើកទី២ លោក ចាង កៃចៀក ដែលជាមេដឹកនាំក្រុមសាធារណរដ្ឋចិនបានទទួលបានជំនួយពីអាម៉េរិក និងមានចំនួនកងទ័ពយ៉ាងច្រើន ប៉ុន្តែជាកងទ័ពដែលទន់ខ្សោយ ដោយសារមេទ័ពរបស់ក្រុមនោះ ត្រូវបានតែងតាំងនិងដំឡើងឋានៈតាមរយៈបក្ខពួកនិយម ដោយមិនខ្វល់ពីសមត្ថភាព នាំឱ្យកើតមានអំពើពុករលួយពាសពេញនៅក្នុងជួរកងទ័ព។ មេទ័ពភាគច្រើននាំគ្នាបំប៉ោងចំនួនកូនទាហាន ព្រមទាំងឆ្លៀតកាត់របបទាហាន ដោយទុកឱ្យកូនទាហាន នៅតាមសមរភូមិខ្វះស្បៀង និងខ្វះគ្រឿងសព្វាវុធ។
ក្រោយសង្គ្រាមលោកលើកទី២ ទោះបីសហរដ្ឋអាម៉េរិក មិនពេញចិត្តនឹងការដឹកនាំរបស់ ចាង កៃចៀក ក៏ដោយ ក៏នៅតែបន្តផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់រដ្ឋបាលមួយនេះ ដើម្បីប្រឆាំងនឹងលោក ម៉ៅ សេទុង ដោយអាម៉េរិកមិនចង់ឱ្យចិនធ្លាក់ក្រោមការគ្រប់គ្រប់របស់ ម៉ៅ សេទុង ដោយសារកាលនោះ លោក ម៉ៅ សេទុង ទទួលបានជំនួយពីសហភាពសូវៀត។
ដូច្នេះ ប្រសិនបើយើងពិនិត្យមើលតាមប្រវត្តិនៃសង្គ្រាមបដិវត្តន៍ សបញ្ជាក់ឱ្យឃើញថា ភាពតានតឹងរវាងភាគីទាំងពីរ គឺជាការបន្សល់មកពីសង្រ្គាមស៊ីវិលឬសង្ក្រាមបដិវត្តន៍តាំងពីជាង៧០ឆ្នាំមុន រវាងរបប សាធារណរដ្ឋប្រជាមានិតចិន និងរបបសាធារណរដ្ឋរបស់ដែនដីតៃវ៉ាន់ដែលមានសហរដ្ឋអាម៉េរិកជាខ្នងបង្អែក តាំងពីដើមរៀងមក ដែលនៅមិនទាន់បានបញ្ចប់នៅឡើយ និងមិនទាន់អាចបង្រួបបង្រួមប្រទេសចិនទាំងមូលបានទេ។
២. កត្តាភូមិសាស្រ្តនយោបាយ
នាពេលបច្ចុប្បន្ននេះ ស្ថានភាពរវាងភាគីទាំងពីរបានប្រែប្រួលទៅជារបត់នយោបានថ្មីមួយទៀត ទៅវិញ ដោយសារតែដែនដីតៃវ៉ាន់បានពង្រីកខ្លួនឱ្យក្លាយទៅជាដែនដីមួយដែលមានសេដ្ឋកិច្ចរីកចម្រើនក្រោម ការជួយជ្រោមជ្រែងនិងគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាម៉េរិក ដែលជាដៃគូប្រជែងខាងភូមិសាស្ត្រនយោបាយ និងគូជម្លោះពាណិជ្ជកម្មរបស់ចិនលើគ្រប់វិស័យ។
តើតៃវ៉ាន់ ផ្តល់ប្រយោជន៍អ្វីខ្លះដល់សហរដ្ឋអាម៉េរិក ទើបបានជាសហរដ្ឋអាម៉េរិកតែងតែគាំទ្រតៃវ៉ាន់?
នៅរយៈកាលចុងក្រោយនេះ គេសង្កេតឃើញភាពតានតឹងរវាងចិននិងដែនដីតៃវ៉ាន់ បានឡើងកំដៅយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភ ពីប្រទេសជិតខាង ក៏ដូចជា ប្រទេសមួយចំនួនក្នុងតំបន់ ដែលគិតថាអាចរាលដាលទៅជាការប្រឈមមុខដាក់គ្នាខាងយោធា រវាងប្រទេសចិនដែលមិនឯកភាពឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ និងអាម៉េរិកដែលជាអ្នកគាំទ្រឱ្យតៃវ៉ាន់។
ដោយហេតុថា ប្រសិនបើចិនអនុញ្ញាតឱ្យដែនដីតៃវ៉ាន់ក្លាយជារដ្ឋឯករាជ្យពេញលេញ នឹងបង្កឱ្យទៅជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយសម្រាប់សន្តិសុខជាតិរបស់ប្រទេសចិន ពីព្រោះថា តៃវ៉ាន់ជាសម្ព័ន្ធមិត្តចាស់របស់សហរដ្ឋអាម៉េរិក តៃវ៉ាន់អាចនឹងត្រូវក្លាយទៅជាទីតាំងសម្រាប់សហរដ្ឋអាម៉េរិកប្រើដើម្បីធ្វើជាមូលដ្ឋានទ័ព គម្រាមកំហែងប្រទេសចិន ហើយក៏នឹងអាចបង្កភាពងាយស្រួលក្នុងការលូកដៃរបស់អាម៉េរិកទៅក្នុងជម្លោះ ដែនទឹកនៅសមុ្រចិនខាងត្បូង។
៣. កត្តាជម្លោះនៅសមុទ្រចិនខាងត្បូង
បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង ជាបញ្ហាចម្រូងចម្រាសដែលមិនទាន់មានដំណោះស្រាយនៅ ឡើយ រវាងប្រទេសចិន និងប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងប៊្រុយណេ ហើយក្នុងនោះ ដែនទឹករបស់ តៃវ៉ាន់ ក៏មានកោះមួយចំនួនស្ថិតនៅក្នុងដែនជម្លោះនៃសមុទ្រចិនខាងត្បូងផងដែរ។
សូមបញ្ជាក់ថា តៃវ៉ាន់ទាមទារអធិបតេយ្យភាពលើតំបន់ប្រជុំកោះទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយអះអាងថាខ្លួន មានយុត្តាធិការលើតំបន់ទឹកក្បែរនោះ រួមមាន ប្រជុំកោះ Spratlys (Nansha) ប្រជុំកោះ Paracel (Xisha) ប្រជុំកោះ Pratas (Dongsha) តំបន់ឆ្នេរ Macclesfield Bank (Zhongsha) និងកោះ Taiping ដែលត្រូវបានស្គាល់ថាជាប្រជុំកោះ Itu Aba និងឈ្មោះផ្សេងៗទៀត ដែលជាកោះធំជាងគេបង្អស់នៅក្នុងតំបន់ប្រជុំកោះ Spratlys។
ដូច្នេះ ប្រសិនបើ តៃវ៉ាន់ប្រកាសជារដ្ឋឯករាជ្យ នោះប្រទេសចិននឹងបន្ថែមភាគីជម្លោះថ្មីមួយទៀត ក្រៅពីវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ។
ហេតុផលចម្បងៗទាំងនេះហើយ ដែលធ្វើឱ្យប្រទេសចិនតែងតែការពារដាច់ខាតនូវនយោបាយ «ចិនតែមួយ» ដែលកំណត់ថា តៃវ៉ាន់ គឺជាដែនដីមួយរបស់ចិន ហើយតែងតែប្រកាន់ជំហរយ៉ាងមុតមាំប្រឆាំងដាច់ខាតមិនឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ។ មកទល់ពេលេះ ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ចិនបានបង្ហាញនូវជំហរយ៉ាងតឹងរ៉ឹងជាងមុន ហើយបានប្រកាសជាសាធារណៈថា ចំពោះ តៃវ៉ាន់ ចិននឹងប្រើប្រាស់គ្រប់ជម្រើសទាំងអស់ ទោះបីជាត្រូវការប្រើកម្លាំងទ័ពក៏ដោយ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» នៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ លោកស្រីបណ្ឌិត ព្រំ ទេវី សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីសារៈប្រយោជន៍នៃការសិក្សានៅក្រោយឧត្ដមសិក្សាថា «ការសិក្សានៅក្រោយឧត្ដមសិក្សានឹងបណ្ដុះឱ្យអ្នកសិក្សាចេះបង្កើតគំនិតទស្សនៈដោយខ្លួនឯង»។
លោកស្រីបណ្ឌិត ព្រំ ទេវី បានមានប្រសាសន៍លើកឡើងថា នៅក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នឹងបណ្ដុះឱ្យអ្នកសិក្សាចេះបង្កើតគំនិតទស្សនៈដោយខ្លួនឯង ដោយការបង្កើតគំនិតនេះ ទាមទារឱ្យមានសាស្ត្រាចារ្យ ជាអ្នកបង្ហាត់និងរំឭកទ្រឹស្ដី ផ្សំជាមួយនឹងវិធីសាស្ត្រស្រាវជ្រាវ និងភាពប៉ិនប្រសប់របស់សាស្ត្រាចារ្យ ផ្សារភ្ជាប់ទៅនឹងអ្វីដែលជាតម្រូវការរបស់សង្គមជាតិ។ លោកស្រីបណ្ឌិតបានបន្ថែមថា «ការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ យើងអាចបណ្ដុះបណ្ដាលមនុស្សឱ្យចេះគិត ដោយយកប្រវត្តិសាស្ត្រ ចំណេះដឹង និងស្ថានភាពជាក់ស្ដែង ថាត្រូវសម្រេចចិត្តយ៉ាងដូចម្ដេច»។
លោកស្រីបណ្ឌិតគូសបញ្ជាក់បន្ថែម អំពីសារៈសំខាន់នៃការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រសេដ្ឋកិច្ចថា ការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រជំនាញសេដ្ឋកិច្ច អាចជួយដល់ការសម្រេចចិត្តក្នុងជំនាញពាក់ព័ន្ធ, ផ្ដល់ព័ត៌មាននិងការព្យាករណ៍ជាមុន ជូនដល់ស្ថាប័នសាធារណៈ ក៏ដូចជាក្រុមហ៊ុនឯកជន នូវទិន្នន័យដែលអាចធ្វើការសម្រេចបាន, ផ្ដល់គំនិតឆ្ពោះទៅកាន់ភាពជោគជ័យ, ការយល់ដឹងអំពីតម្រូវការរបស់អ្នកប្រើប្រាស់ និងការប្រើប្រាស់ទ្រឹស្ដីនិងគម្រូ ដើម្បីធ្វើនិទស្សន៍៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈុន ពហុ បានមានប្រសាសន៍លើកឡើងថា «ការសិក្សានៅក្រោយឧត្ដមសិក្សា នឹងអនុញ្ញាតឱ្យអ្នកសិក្សាឈានទៅដោះស្រាយបញ្ហា ស្របតាមជំនាញ ឯកទេសជាក់លាក់របស់ខ្លួន»។
លោកបណ្ឌិត ឈុន ពហុ បានគូសបញ្ជាក់ជូនអ្នកចូលរួមក្នុងកិច្ចពិភាក្សាខាងលើនេះថា ការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា សំដៅលើការបណ្តុះបណ្តាលជំនាញក្នុងកម្រិតឯកទេស ឬវិជ្ជាជីវៈខ្ពង់ខ្ពស់ ដែលមានលក្ខណៈបណ្តុះបណ្តាលជាប្រព័ន្ធជាមួយនឹងការសិក្សាលើផ្នែកទ្រឹស្តី និងការអនុវត្ត និងអនុញ្ញាតឱ្យអ្នកសិក្សាអាចឈានទៅដល់ការដោះស្រាយបញ្ហានានាស្របតាមជំនាញឯកទេសជាក់លាក់របស់ខ្លួន។ លោកបណ្ឌិតបានបន្តថា គេត្រូវមានការលះបង់នៅក្នុងចាប់យកឱកាសបន្តការសិក្សានៅថ្នាក់ក្រោយឧត្ដមសិក្សា ដូចជាការលះបង់ពេលវេលាក្នុងការធ្វើទំនាក់ទំនងផ្សេងៗ កម្សាន្តឬចួបជុំជាមួយគ្រួសារនិងមិត្តភក្តិជាដើម។ ក្រៅពីនេះ គេត្រូវតែពិនិត្យមើលថាតើខ្លួនចង់ក្លាយជាអ្វី និងអ្វីដែលខ្លួនមានទេពកោសល្ល និងឧបនិស្ស័យ ដើម្បីអាចប្រើប្រាស់ជំនាញដែលខ្លួនចាប់យកនោះប្រកបដោយប្រសិទ្ធភាព គុណភាព និងបំពេញការងារបានប្រសិទ្ធផល។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ឈុន ពហុ។
នៅចុងបញ្ចប់នៃបទបង្ហាញ លោកបណ្ឌិត ឈុន ពហុ បានមានប្រសាសន៍បន្ថែមថា ការសិក្សានៅថ្នាក់ក្រោយឧត្ដមសិក្សា នឹងនាំមកនូវឱកាសក្នុងការទទួលបាននូវជីវិតថ្មី ឱកាសក្នុងការធ្វើទំនាក់ទំនងជាមួយបុគ្គលដែលមានលំដាប់ឬកម្រិតខ្ពស់ជាងមុននៅក្នុងសង្គម ហើយដែលទំនាក់ទំនងល្អ គឺជាគ្រឹះនៅក្នុងការចាប់ផ្ដើមឈានទៅជីវិតប្រសើរជាងមុន៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត សួន រ៉ានី សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានគូសបញ្ជក់អំពីថាមពល៤ដែលបុគ្គលម្នាក់ៗត្រូវពង្រឹងដើម្បីភាពជោគជ័យក្នុងជីវិត។
ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូលខាងលើ ឯកឧត្ដមបណ្ឌិត សួន រ៉ានី បានលើកឡើងថា មនុស្សម្នាក់ៗសុទ្ធសឹងតែមានចំណង់រៀងៗខ្លួន ដែលក្នុងនោះមានដូចជា ចំណង់កាមគុណ(សេចក្ដីទាក់ទាញដែលបុគ្គលម្នាក់មាននៅពេលគាត់ស្ថិតនៅក្នុងសង្គម ឬមជ្ឈដ្ឋានមួយ) ចំណង់ឬមហិច្ឆតាចង់ក្លាយជាមេដឹកនាំ និងចំណង់មានបានជាដើម ដោយគ្មាននរណាម្នាក់ចង់មានកេរ្តិ៍ឈ្មោះមិនល្អនោះទេ ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែអាច ឈានទៅដល់គោលដៅដែលខ្លួនចង់បាននោះដែរ។
ជាការចែករំលែកនូវទស្សនៈ និងបទពិសោធផ្ទាល់ខ្លួន ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត គេត្រូវកសាងភាពរឹងមាំរបស់ខ្លួនតាមរយៈការជំរុញថាមពលសំខាន់ៗចំនួន៤រួមមាន ថាមពលសុខភាព ថាមពលចិត្ត(បេះដូង) ថាមពលគំនិត(ខួរក្បាល) និងថាមពលឆន្ទៈ ដែលឯកឧត្ដមបណ្ឌិតចាត់ទុកថាជាចំណែកមួយសំខាន់ជាងគេ។ ឯកឧត្ដមបណ្ឌិតបានបន្តថា បន្ថែមពីលើការពង្រឹងថាមពលទាំង៤ ស្មារតីទទួលខុសត្រូវគឺជាគោលគំនិតសំខាន់ណាស់ សម្រាប់មនុស្សជោគជ័យ។
ឯកឧត្ដមបណ្ឌិត សួន រ៉ានី បានគូសបញ្ជាក់បន្ថែមថា យើងត្រូវប្រែក្លាយតម្រូវការទៅជាមហិច្ឆតា ដែលរស់នៅទៅតាមគោលដៅជីវិតរបស់ខ្លួន ហើយបើសិនជាមិនអាចសម្រេចបានទេនោះ យើងនឹងមិនទទួលបានជោគជ័យពិតប្រាកដក្នុងជីវិតនោះទេ៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅរាជណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីដំណើរវិវត្តចំនួន៣ដែលគេត្រូវពិចារណា នៅពេលដែល ខ្លួនចាប់ផ្ដើមសិក្សាថ្នាក់ក្រោយឧត្ដមសិក្សាគឺ ការរៀបចំខ្លួនទៅជាអ្នកឯកទេស ការកសាងភាពជាអ្នកដឹកនាំនៅលើឯកទេសរបស់ខ្លួន និងការក្លាយខ្លួនទៅជាអ្នករៀបចំគោលនយោបាយសម្រាប់ជាតិលើមុខវិជ្ជាឯកទេសនោះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានវិទ្យាស្ថានស្រាវជ្រាវជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ បានមានប្រសាសន៍ថា «យើងត្រូវរៀនដើម្បីឱ្យក្លាយខ្លួនទៅជាអ្នកឯកទេស បន្ទាប់ មកយើងត្រូវពង្រឹងខ្លួនឯងទៅជាភាពជាអ្នកដឹកនាំនៅលើឯកទេសដែលយើងមាន ដើម្បីយល់ដឹងថាយើងត្រូវអភិវឌ្ឍវាដោយរបៀបណា ហើយដំណាក់កាលទីបី យើងត្រូវក្លាយខ្លួនទៅជាអ្នករៀបចំគោលនយោបាយសម្រាប់ជាតិលើមុខវិជ្ជាឯកទេសរបស់យើង»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្តទៀតថា គេត្រូវសួរខ្លួនឯងថាជាអ្នកណា និងចង់បានអ្វី? ហើយមានសំណួរខ្លះ គេមិនអាចសួរអ្នកដទៃបាននោះទេ គឺត្រូវតែសួរទៅកាន់ខ្លួនឯងវិញ ព្រោះស្ថាន ភាពរវាងបុគ្គលម្នាក់ៗ និងពីពេលវេលាមួយទៅពេលវេលាមួយទៀតវាមានភាពខុសគ្នា ដូច្នេះមិនអាចមានចម្លើយដូចគ្នាតែមួយចំពោះមនុស្សគ្រប់រូបទេ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការសិក្សានៅថ្នាក់ក្រោយឧត្ដមសិក្សាថា ការសិក្សានៅក្រោយឧត្ដមសិក្សាគឺជាការសិក្សាស្រាវជ្រាវកាន់តែស៊ីជម្រៅ ដោយសារចំណេះដឹងថ្មីៗតែងតែកើតមានជាបន្តបន្ទាប់ ដែលទាមទារឱ្យអ្នកសិក្សាស្រាវជ្រាវត្រូវពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួនបន្ថែម។ ឯកឧត្ដមបណ្ឌិត សភាចារ្យ ក៏បានលើកឡើងផងដែរអំពីការវិវត្តនៃស្ថានភាពអប់រំនៅកម្ពុជាបច្ចុប្បន្ន ដោយក្រសួងអប់រំ យុវជន និងកីឡាបានផ្ដោតការយកចិត្តទុកដាក់ទៅលើការអប់រំស្ទែម (STEM) ដែលរួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យា ហើយក្នុងពេលចុងក្រោយ ក្រសួងបានឈានទៅផ្ដោតការយកចិត្តទុកដាក់បន្ថែមទៅលើការអប់រំតាមបែប ឌីជីថល៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញផ្ដល់អនុសាសន៍ក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «សារៈសំខាន់នៃការសិក្សាក្រោយឧត្ដមសិក្សា» ដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅរាជណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពី ភាពចាំបាច់ក្នុងការយកគំនិតទស្សនៈរបស់បញ្ញវន្តដើម្បីអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពជោគជ័យ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ប្រទេសជាតិមួយអាចរីកចម្រើនទៅបាន គឺអាស្រ័យនៅលើអ្នកសិក្សាស្រាវជ្រាវ ព្រោះគេមិនត្រូវយកការងារធ្វើជាបទពិសោធទេ គឺត្រូវយកគំនិតទស្សនៈរបស់បញ្ញវន្តធ្វើជាបទពិសោធដើម្បីភាពជោគជ័យក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមថា «កាលណាគេយកលទ្ធផលដែលអ្នកវិទ្យាសាស្ត្រទៅធ្វើជាបទពិសោធ នៅពេលស្រាវជ្រាវរកឃើញអ្វីមួយ ហើយយកកិច្ចការនោះមកធ្វើ ប្រទេសជាតិនឹងមានការរកចម្រើន ព្រោះបើសិនជាបទពិសោធរបស់មនុស្សម្នាក់មកធ្វើ វានឹងប៉ះពាល់ធ្ងន់ វាគ្រោះថ្នាក់ដល់សង្គម»។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្ថែមថា ក្នុងនាមជាបញ្ញវន្ត ជាអ្នកសិក្សាស្រាវជ្រាវ គេត្រូវយកស្នាដៃសិក្សាស្រាវជ្រាវរបស់ខ្លួនទៅតម្កល់នៅក្នុងបណ្ណាល័យ ដើម្បីរក្សាទុកជាប្រភពឯកសារសម្រាប់ការសិក្សា និងដើម្បីជាមូលដ្ឋានឯកសារសម្រាប់ឱ្យអ្នកសិក្សាស្រាវជ្រាវមានការបន្តគ្នាពីមួយជំនាន់ទៅមួយជំនាន់ទៀត យើងមិនត្រូវមានការបិទបាំងនោះទេ។ ការបន្តការសិក្សានៅថ្នាក់ក្រោយឧត្ដមសិក្សាគឺជាការសម្រួចជំនាញរបស់ខ្លួន ឱ្យកាន់តែខ្លាំងនិងរឹងមាំ ហើយគេ គួរតែតម្រង់គោលដៅឱ្យខ្លួនឯងក្លាយទៅជាអ្នកមានសមត្ថភាពគ្រប់គ្រាន់និងពេញលេញក្នុងការរៀបចំគោលនយោបាយ ឬការសម្រេចចិត្តនានាដែលមានប្រសិទ្ធភាពសម្រាប់ស្ថាប័ននិងសង្គមជាតិ មិនមែនសិក្សាដើម្បីតែយកសញ្ញាបត្របំពេញលក្ខខណ្ឌតែងតាំងតំណែងឬឋានៈនោះទេ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច។
ជាអនុសាសន៍ក្នុងឱកាសបិទបញ្ចប់កិច្ចពិភាក្សាតុមូល ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍សង្កត់ធ្ងន់ថា នៅក្នុងការបណ្ដុះបណ្ដាលនិស្សិតថ្នាក់ក្រោយឧត្ដមសិក្សា សាស្ត្រាចារ្យណែនាំត្រូវផ្ដល់ដល់និស្សិតដែលខ្លួនណែនាំនូវចំណេះដឹង និងការសម្រួចជំនាញរបស់ខ្លួន និងត្រូវជំរុញពួកគេឱ្យសម្លឹងឆ្ពោះទៅគោលដៅចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិ ដោយត្រូវតែបន្សល់នូវស្នាដៃនិងសមិទ្ធផលដែលជាគុណតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់សង្គមជាតិមួយនេះ៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលចួបនិងពិភាក្សាការងារជាមួយនឹងឯកឧត្ដម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូប៉េស (ERMENEGILDO KUPA LOPES) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបេតយ្យទីម័រខាងកើតប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យមើលលើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយនឹងស្ថាប័ននានា នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត។
ក្នុងឱកាសជំនួបពិភាក្សាការងារ នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ជម្រាបជូនដល់ឯកឧត្ដមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត ថា កម្ពុជានិងទីម័រខាងកើត គឺជាប្រទេសដែលមានប្រវត្តិសាស្ត្រស្រដៀងគ្នា ដោយកម្ពុជានិងទីម័រខាងកើតសុទ្ធសឹងជាប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមបរទេស និងបានតស៊ូដើម្បីដណ្ដើមឯករាជ្យជូនជាតិដូចគ្នា ដែលត្រូវតែធ្វើកិច្ចសហប្រតិបត្តិការនិងរក្សាទំនាក់ទំនងល្អជាមួយគ្នា។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា គឺជាស្ថាប័នស្រាវ ជ្រាវដែលមានឧបនិស្ស័យលើវិស័យសំខាន់ៗជាច្រើន ដោយមានវិទ្យាស្ថានជំនាញសរុបចំនួន៧ ធ្វើកិច្ចការងារទាំងទៅលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងវិទ្យាសាស្ត្រ។ ជាទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ថា ដើម្បីជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាដំណើរការអភិវឌ្ឍប្រទេស ភាគីទាំងពីរ គួរតែផ្ដោតកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត តួយ៉ាងដូចជា វិស័យកសិកម្ម និងវិស័យទេសចរណ៍ជាដើម។ បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវរវាងប្រទេសទាំងពីរ គួរតែត្រូវបានជំរុញឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ កម្ពុជា-ទីម័រខាងកើត។
ឯកឧត្ដមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត បានថ្លែងអំណរគុណដល់ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានរៀបចំជំនួបដ៏មានសារសំខាន់នេះ ហើយភាគីទីម័រខាងកើត បានមើលឃើញនូវចំណុចជាច្រើនដែលត្រូវសិក្សាពីកម្ពុជា ក្នុងនោះរួមមានដូចជា ការអភិវឌ្ឍខេត្តនៅតាមបណ្ដោយព្រំដែន ការអភិវឌ្ឍលើវិស័យទេសចរណ៍និងការធ្វើបដិសណ្ឋារកិច្ចរបស់កម្ពុជាចំពោះភ្ញៀវទេសចរជា ដើម។
ជាលទ្ធផលនៃជំនួបពិភាក្សាការងារនាព្រឹកនេះ ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការដោយផ្ដោតសំខាន់ លើ៥ចំណុចគឺ៖
១. កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើវិស័យកសិកម្ម
២. កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច
៣ កិច្ចសហប្រតិបត្តិការក្នុងរៀបចំសិក្ខាសាលា និងវេទិកាវិទ្យាសាស្ត្ររួមគ្នា
៤. កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នាលើវិស័យពាក់ព័ន្ធសំខាន់ៗផ្សេងទៀត
៥. រាជបណ្ឌិត្យសភាកម្ពុជាផ្ដល់ជូនដល់ភាគីទីម័រខាងកើតនូវអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឯកឧត្ដមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បាននិមន្តព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ដែលទើបនឹងត្រូវបានប្រគេនតួនាទីជាទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីទូលព្រះតេជគុណអំពីតួនាទី និងដំណើរការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទូលព្រះអង្គអំពីប្រវត្តិនៃការបង្កើតក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលកើតចេញពីគណៈកម្មាធិការជាតិភាសាខ្មែរ និងគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបង្កើតស្ថាប័នជាន់ខ្ពស់ភាសាខ្មែរនេះ។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឯកឧត្ដមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទូលព្រះតេជគុណ ហាក់ សៀងហៃ អំពីតួនាទី និងដំណើរការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងឧបសគ្គមួយចំនួននៅក្នុងការស្វែងរកការឯកភាពគ្នារវាងអ្នកជំនាញភាសាវិទ្យា ដើម្បីឈានទៅធ្វើការអនុម័តពាក្យថ្មីនាពេលកន្លងមក។
ថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបន្តគូសបញ្ជាក់ អំពីតួនាទីមិនអាចខ្វះបានរបស់អ្នកជំនាញភាសាដែលមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថាវ័យចាស់ឬក្មេង អ្នកមានទំនោរអភិរក្សនិយម ឬអ្នកជំនាញភាសាមានទំនោរទំនើបនិយមនោះទេ គឺត្រូវការស្វែងរកការឯកភាពគ្នា និងអាចទទួលយកបានពីគ្រប់មជ្ឈដ្ឋាន។ បន្ថែមក្រៅពីនេះ អ្នកជំនាញភាសាបាលី-សំស្ក្រឹត ត្រូវបានថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ ផ្ដោតនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយ សារពាក្យខ្មែរជាច្រើនជាពាក្យកម្ចីពីបាលី-សំស្ក្រឹត។
ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានធ្វើការកត់សម្គាល់និងផ្ដល់តម្លៃខ្ពស់ ចំពោះប្រសិទ្ធភាពនៃការបង្រៀននិងផ្សព្វផ្សាយវិស័យអក្សរសាស្ត្រខ្មែរតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ព្រះតេជគុណ ហាក់ សៀងហៃ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទូលសុំព្រះអង្គចូលរួមចំណែកជួយផ្សព្វផ្សាយនូវពាក្យថ្មីៗដែលមាននៅក្នុងសទ្ទានុក្រមបច្ចេកទេស ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរ បានអនុម័តរួចកន្លងមក ដោយរាជបណ្ឌិត្យសភាកម្ពុជាបានប្រគេនសទ្ទានុក្រមពាក្យបច្ចេកទេសថ្មីទាំង១១ក្បាល ដែលជាសទ្ទានុក្រមពាក្យបច្ចេកទេសទាំង១១ជំនាញ ដែលមាននិយមន័យតាមមុខជំនាញនីមួយៗ៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ស៊ឹម សៀងប៉ាវ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី៥ ខែតុលា ក្នុងជន្មាយុ៧៨ឆ្នាំ ដោយសាររោគាពាធ។ សពឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ ត្រូវតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់សូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារសពឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ស៊ឹម សៀងប៉ាវ។ មរណភាពរបស់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ស៊ឹម សៀងប៉ាវ គឺជាការបាត់បង់នូវស្វាមី បិតា និងជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ជាការបាត់បង់នូវបញ្ញវន្តដ៏ឆ្នើមមួយរូបដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមប្រោសព្រំដួងវិញ្ញាណក្ខន្ធឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ស៊ឹម សៀងប៉ាវ បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM