ព័ត៌មាន

ឯកឧត្ដមបណ្ឌិត សយ រាសី៖ គ្រប់មុខជំនាញទាំងអស់សុទ្ធតែមានសារៈសំខាន់ តែត្រូវជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្ត និងអាចបន្តឈានឆ្ពោះទៅកាន់អនាគតដែលខ្លួនចង់បាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត សយ រាសី សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានចែក រំលែកទស្សនៈដល់អ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូល និងយុវជនដែលនឹងត្រូវសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា នាពេលខាងមុខនេះថា «គ្រប់មុខជំនាញទាំងអស់សុទ្ធតែមានសារៈសំខាន់ តែត្រូវជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្តនិងអាចបន្តឆ្ពោះទៅកាន់អនាគតដែលខ្លួនចង់បាន»។

ឯកឧត្ដមបណ្ឌិត សយ រាសី ដែលមានជំនាញរដ្ឋបាលសាធារណៈ បានមានប្រសាសន៍ថា ដើម្បីជ្រើសរើសមុខជំនាញសម្រាប់សិក្សាបានត្រឹមត្រូវ គេអាចពិនិត្យមើលទៅលើសមត្ថភាព និងជំនាញរបស់ខ្លួន ក៏ដូចជាតម្រូវការទីផ្សារការ ងារផងដែរ ប៉ុន្តែការជំរុញទឹកចិត្តឱ្យយើងសម្រេចបានជោគជ័យបន្ថែមទៀតលើការសិក្សាមុខជំនាញនោះ គឺត្រូវផ្ដោត លើអ្វីដែលខ្លួនចង់រៀន និងមានលទ្ធភាពអាចរៀនមុខជំនាញនោះទៅបាន ដោយមិនមែនផ្អែកទាំងស្រុងទៅតាមការផ្ដល់យោបល់ពីអ្នកដទៃនោះឡើយ។

ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ការសម្រេចជ្រើសរើសរៀនមុខជំនាញអ្វីក៏សំខាន់ដែរ ប៉ុន្តែយុវជនត្រូវចោទសួរខ្លួនឯងវិញថា តើជំនាញនោះយើងអាចយកមកប្រើប្រាស់បានដែរឬទេ? ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍បន្ថែមថា យុវជនត្រូវចងចាំថា ការសិក្សារៀនសូត្រគឺដើម្បីជោគជ័យ ដែលភាពជោគជ័យនិងសេចក្ដីសុខរបស់ខ្លួន គឺប្រែប្រួលទៅតាមបុគ្គលខ្លួនឯងជាអ្នកកំណត់ថាត្រូវដើរទៅតាមផ្លូវណាមួយ និងការវិវត្តរបស់បុគ្គលខ្លួនដែលផ្លាស់ប្ដូរទៅតាមកាលៈទេសៈ៕

RAC Media | លឹម សុវណ្ណរិទ្ធ


2020-09-30 09:29:45   ថ្ងៃពុធ, 30 កញ្ញា 2020 ម៉ោង 04:29 PM
ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា៖ អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា សមាជិកបម្រុងនៃរាជ បណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលខាងលើនេះ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញដោយចាប់ផ្ដើមពីការចោទជាសំណួរថា «តើយើងនឹងត្រូវធ្វើអ្វីដើម្បីរយៈពេល៥ឆ្នាំក្រោយ យើងអាចក្លាយទៅជាអ្នកមានបាន? តើឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ តើនឹងមានអ្វីដែលអាចនាំយើងទៅរកចំណូលច្រើនបាន?»។ នេះជាសំណួរដែលឯកឧត្ដមបណ្ឌិតបានលើកឡើង ដើម្បី ទាញចំណាប់អារម្មណ៍អ្នកចូលរួមកិច្ចពិភាក្សាតុមូល ធ្វើការពិចារណាអំពីមុខជំនាញដែលខ្លួនត្រូវជ្រើសរើសដើម្បីភាពជោគជ័យនាពេលអនាគតខាងមុខ។

បន្ទាប់ពីចោទជាសំណួរទាំងពីរខាងលើនេះ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ជូនដល់អ្នកចូលរួមកិច្ចពិភាក្សាតុមូលនេះថា «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ»។ ឯកឧត្ដមបណ្ឌិតបានបន្តថា នៅក្នុងករណីខ្លះ ជំនាញដែលអ្នកដទៃជាច្រើនចាត់ទុកថាជាការយល់ឃើញពុំសមហេតុផល និងពុំអាចបង្កលទ្ធភាពក្នុងការទាញយកប្រាក់ចំណូលនាពេលបច្ចុប្បន្នក្ដី ក៏ប៉ុន្តែវាពិតជាអាចនឹងជាប្រភពចំណូលខ្ពស់មួយក្នុងពេលអនាគតផងដែរដូចជា ការលក់ខ្យល់ ការប្រើប្រាស់បច្ចេកវិទ្យាសាមញ្ញៗ តែផ្ដល់លទ្ធផលខ្ពស់ក្នុងវិស័យកសិកម្ម ដែលវាពឹងអាស្រ័យទៅលើគំនិតច្នៃប្រឌិត ការខិតខំប្រឹងប្រែង និងនវានុវត្តន៍របស់បុគ្គលម្នាក់។ ថ្លែងមកដល់ចំណុចនេះ ឯកឧត្ដមបណ្ឌិតបានលើកឡើងថា នៅថ្ងៃអនាគត សូម្បីតែអ្នកដាំចេកក៏អាចនឹងក្លាយទៅជាអ្នកមានដែរ ដោយឯកឧត្ដមបានបង្ហាញនូវជំនឿចិត្តថា «អនាគតកម្ពុជាអាចនឹងទទួលបានចំ ណូលពីការនាំចេញចេកទៅបរទេស ច្រើនជាងចំណូលដែលទទួលបានពីការនាំចេញអង្ករទៅទៀត»។

នាពេលអនាគតខាងមុខ យើងនឹងមើលឃើញនូវការផ្លាស់ប្ដូរជាច្រើនផ្សេងទៀតដែលយើងពុំធ្លាប់បានចួបពីមុនមក និងដែលជាចំណុចយើងត្រូវផ្ដោតការយកចិត្តទុកដាក់ និងសិក្សាស្រាវជ្រាវអំពីការវិវត្តថ្មីៗនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ នេះជាការបកស្រាយបន្ថែមរបស់ឯកឧត្ដមបណ្ឌិត ទៅលើគោលគំនិតរបស់ឯកឧត្ដមដែលថា «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ»៕

RAC Media| លឹម សុវណ្ណារិទ្ធ


2020-09-30 08:45:53   ថ្ងៃពុធ, 30 កញ្ញា 2020 ម៉ោង 03:45 PM
ឯកឧត្ដមបណ្ឌិត ហោ ប៉េង៖ ការជ្រើសរើសមុខជំនាញសិក្សាត្រូវពិចារណាទៅលើចរិតវិទ្យាសាស្ត្រ និងចរិតទីផ្សារ ដើម្បីក្លាយទៅជាធនធានប្រកបដោយថាមពលនិងសក្ដានុពល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើស​រើសមុខជំនាញសិក្សានៅឧត្ដមសិក្សានិងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ហោ ប៉េង សមាជិកបម្រុងនៃរាជ​បណ្ឌិត្យសភាកម្ពុជា បានផ្ដល់អនុសាសន៍ជូនដល់អ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូលយ៉ាងដូច្នេះថា «ការជ្រើសរើសមុខជំនាញសិក្សាត្រូវពិចារណាទៅលើចរិតវិទ្យាសាស្ត្រ និងចរិតទីផ្សារ ដើម្បីក្លាយទៅជាធនធានប្រកបដោយថាមពលនិងសក្ដានុពល»។

ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសជំនាញសិក្សានៅឧត្ដមសិក្សា គេត្រូវធ្វើការពិចារណាថា ជំនាញអ្វីដែលខ្លួនមានភាពខ្លាំងពូកែលើមុខវិជ្ជាឬជំនាញអ្វី កាលពីពេលដែលខ្លួនរៀននៅមធ្យមសិក្សាទុតិយភូមិ ហើយជំនាញអ្វីដែលត្រូវនឹងទេពកោសល្លនិងចំណេះដឹងដែលខ្លួនមាន។ ឯកឧត្ដមបណ្ឌិតបន្ត​ថា បន្ទាប់ពីស្វែងយល់និងពិនិត្យថាអាជីពណាមួយដែលខ្លួនប៉ងប្រាថ្នាហើយ គេត្រូវតែពិនិត្យមើលថាតើមានសាកល​វិទ្យាល័យណាមួយដែលត្រូវនឹងជំនាញដែលខ្លួនបានសម្រេចចិត្ត។ ចំណុចទាំងនេះ ត្រូវបានឯកឧត្ដមបណ្ឌិត​គូសបញ្ជាក់ថាជាការវិវត្តតាមបែបវិទ្យាសាស្ត្រ ឬដែលមានចរិតវិទ្យាសាស្ត្រ ហើយដែលចំណុចនឹងធ្វើឱ្យបុគ្គលនោះក្លាយខ្លួនទៅជាមនុស្សដ៏អស្ចារ្យនៅក្នុងសង្គម ដូចជាក្លាយខ្លួនទៅជាសហគ្រិនភាពដែលអាចជួយសង្គមបាន ជាអ្នកសេដ្ឋកិច្ចឆ្នើម អ្នករកស៊ីឆ្នើម ឬអ្នកវិទ្យាសាស្ត្រឆ្នើមជាដើម។

ចំណុចសំខាន់ទីពីរដែលឯកឧត្ដមបណ្ឌិតបានលើកឡើងគឺ ចរិតទីផ្សារ ដែលត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតបានបកស្រាយថា គេត្រូវពិនិត្យមើលទៅលើទីផ្សារថា តើមុខជំនាញណាដែលល្អនៅលើទីផ្សារ ហើយដែលមុខជំនាញនេះ គឺតែងតែទទួលអនុសាសន៍ពីឪពុកម្ដាយ បងប្អូនរបស់ខ្លួន ឬវាគ្មិនផ្សេងៗ។ ឯកឧត្ដមក៏បានគូសបញ្ជាក់ផងដែរថា និស្សិត​របស់កម្ពុជាតែងតែរងឥទ្ធិពលសេដ្ឋកិច្ចពីឪពុកម្ដាយ ដោយឪពុកម្ដាយជាអ្នកចេញថ្លៃចំណាយលើការសិក្សារបស់ខ្លួន ហើយចង្អុលបង្ហាញថាឱ្យទៅរៀននៅទីនេះ ឬនៅទីនោះ ដែលពួកគេមើលដោយផ្ដោតលើទំហំសេដ្ឋកិច្ច ថារៀនចប់ធ្វើការបានលុយ បានមុខមាត់ខ្ពង់ខ្ពស់។

ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ថា ការលើកឡើងខាងលើនេះ គឺជាជម្រើសមួយដែលយុវជន ត្រូវធ្វើការពិចារ ណា និងសម្រេចចិត្តដោយខ្លួនឯង ព្រោះប្រសិនបើគេធ្វើការសម្រេចចិត្តខុស នោះដំណើរឆ្ពោះទៅកាន់ភាពជោគជ័យរបស់គេ នឹងត្រូវផ្លាស់ប្ដូរទៅកាន់បរិបទមួយផ្សេងទៀត។ ជាអនុសាសន៍របស់ឯកឧត្ដមបណ្ឌិត ការសម្រេចចិត្តជ្រើស រើសមុខជំនាញដែលចេញពីទេពកោល្លរបស់បុគ្គល គឺជាការសម្រេចចិត្តចាប់យកជំនាញដែលមានមូលដ្ឋានគ្រឹះរឹងមាំជាង ហើយបន្ទាប់ពីបញ្ចប់ការសិក្សា តាមរយៈទេពកោសល្លរបស់ខ្លួន បុគ្គលនោះនឹងវិវត្តខ្លួនទៅជាបុគ្គលម្នាក់ដែលឆ្នើម អស្ចារ្យ និងរឹងមាំ។ ឯកឧត្ដមបណ្ឌិតបានបន្ថែមថា ការជ្រើសមុខជំនាញខុស យុវជនត្រូវផ្លាស់ប្ដូរចុះឡើង នឹងធ្វើឱ្យយុវជនខាតពេលវេលា ដែលទីបំផុតនឹងទៅវិលរកកន្លែងដើមវិញ៕

RAC Media | លឹម សុវណ្ណរិទ្ធ


2020-09-30 04:22:27   ថ្ងៃពុធ, 30 កញ្ញា 2020 ម៉ោង 11:22 AM
ឯកឧត្ដមបណ្ឌិត សឹង រេត៖ មុខរបរដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យានឹងមានទីផ្សារកាន់តែច្រើន ក្នុងសម័យបដិវត្តឧស្សាហកម្មជំនាន់ទី៤

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើស រើសមុខជំនាញសិក្សានៅឧត្ដមសិក្សានិងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត សឹង រេត សមាជិកបម្រុងនៃរាជ បណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីកំណើនតម្រូវការទីផ្សារការងារសម្រាប់អ្នកដែលមានមុខជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។

នៅក្នុងការធ្វើបទបង្ហាញជូនដល់អ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូល និងជាការគូសបញ្ជាក់ជូនដល់យុវជនកម្ពុជា ឯកឧត្ដមបណ្ឌិត សឹង រេត បានគូសបញ្ជាក់ថា មុននឹងជ្រើសរើសមុខជំនាញសិក្សា យើងត្រូវជ្រើសរើសជាមុន សិន ថាតើយើងចង់ជ្រើសរើសក្លាយទៅជាអ្វី។ ឯកឧត្ដមបណ្ឌិតមានប្រសាសន៍បន្តថា «ជាបទពិសោធក្នុងការជ្រើស រើសមុខជំនាញសិក្សានៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ដែលយើងត្រូវគិតថាប្អូនគួរតែរៀនអ្វី? ប៉ុន្តែអ្វីដែលសំខាន់យើងត្រូវពិចារណានោះគឺ យើងត្រូវពិនិត្យមើលថា តើទីផ្សារការងារត្រូវការមុខជំនាញអ្វី? និងអ្វីដែលយើងមានសមត្ថភាពក្នុងការសិក្សាជំនាញនោះ»។ នេះជាជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិត សឹង រេត។

បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិត ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ន កម្ពុជាកំពុងខ្វះខាតនូវធនធានមនុសុ្សជំនាញវិជ្ជាជីវៈ ហើយយុវជនជាច្រើនបានជ្រើសរើសការសិក្សានៅឧត្ដមសិក្សា ដោយសារតែអាចបំពេញការងារនៅក្នុងការិយាល័យ និងស្លៀកពាក់ឯកសណ្ឋានសមរម្យ។ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ក្រើនរំឭកបន្ថែមដល់យុវជនយ៉ាងដូច្នេះថា «យើងឃើញការងារនៅក្នុងការិយាល័យមើលទៅស្លៀកពាក់ឡូយ ប៉ុន្តែប្រាក់ខែ មិនប្រាកដថាប្រាក់ ខែឡូយនោះទេ»។

នៅចុងបញ្ចប់នៃបទបង្ហាញ ឯកឧត្ដមបណ្ឌិតបានផ្ដល់ជាអនុសាសន៍ជូនដល់យុវជនទាំងអស់ថា មិនថារៀនមុខជំនាញនៅឧត្ដមសិក្សា ឬជំនាញវិជ្ជាជីវៈផ្សេងៗទេ ការតាំងចិត្តគឺជារឿងសំខាន់ ហើយភាពជោគជ័យនៃការសិក្សារបស់យើង គឺអាស្រ័យធនធានគាំទ្រការសិក្សាដែលយើងមាន ដូចជាសៀវភៅនិងឯកសារជាដើម។ ក្រៅពីនេះ ឯកឧត្ដមបណ្ឌិតក៏បានលើកទឹកចិត្តដល់យុវជន ឱ្យចូលរួមក្នុងវេទិកាដែលពាក់ព័ន្ធនឹងជំនាញ និងសិក្សាបន្ថែមទៅលើជំនាញគាំទ្រជាច្រើនទៀត ដែលពាក់ព័ន្ធជំនាញស្នូលរបស់ខ្លួនផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ


2020-09-30 04:10:11   ថ្ងៃពុធ, 30 កញ្ញា 2020 ម៉ោង 11:10 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ៖ រៀនគឺមិនមែនដើម្បីមានបាននោះទេ តែរៀនដើម្បីឈរបានកាន់​តែខ្ពស់ មើលបានកាន់តែឆ្ងាយ ហើយអ្នកដែលខ្លាំង គឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្លរបស់ខ្លួន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «រៀនគឺមិនមែនដើម្បីមានបាននោះទេ តែរៀនដើម្បីឈរបានកាន់តែខ្ពស់ មើលបានកាន់តែឆ្ងាយ ហើយអ្នកដែលខ្លាំងគឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្លរបស់ខ្លួន» នេះជាប្រសាសន៍កត់សម្គាល់របស់ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ថ្លែងក្នុងកិច្ចពិភាក្សាតុមូល ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា យុវជនបច្ចុប្បន្ន ជ្រើសរើសមុខជំនាញសិក្សាដោយផ្អែកលើ៥ចំណុចសំខាន់ៗគឺ តាមមរតកគ្រួសារ តាមឭគេថា តាមមិត្តភក្តិ តាមតម្រូវការទីផ្សារ និងតាមការ​សម្រេចចិត្តផ្ទាល់ខ្លួន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា មានយុវជនជាច្រើនបានជ្រើសរើសមុខជំនាញសិក្សាទៅតាមមរតករបស់គ្រួសារ ដែលជាករណីឧទាហរណ៍គឺ គ្រួសារដែលប្រកបមុខរបរពេទ្យ ច្រើនតែតម្រង់ទិសឬបង្ខំកូនឱ្យបន្តចាប់យកមុខរបរពេទ្យដូចខ្លួន ដោយមិនបានឈ្វេងយល់ថា កូនរបស់ខ្លួនគ្មានឧបនិស្ស័យឬលក្ខណៈ​សម្បត្តិ​សម​ប្រកបពេញលេញ ដើម្បីចាប់យកជំនាញនោះឡើយ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងបញ្ជាក់ថា បើទោះបីជាយុវជនរូបនោះអាចសិក្សាចប់ និងបំពេញការងារនោះតាមការចង់បានរបស់គ្រួសារក្ដី ក៏យុវជន​រូបនោះមិនអាចបញ្ចេញនូវសក្ដានុពលរបស់ខ្លួនបាននោះឡើយ។ បន្ថែមពីនេះ ចំពោះការជ្រើសរើសមុខជំនាញតាមអ្វីដែលឭតាមគេថា មិត្តភក្តិ ឬតាមតម្រូវការទីផ្សារការងារ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យពន្យល់បន្ថែមថា «អ្នកខ្លះទៅរៀននៅទីនេះ ឬទីនោះ ដោយឭតាមគេថា ទៅតាមមិត្តភក្តិ ទៅតាមសាលាដែលមានស្រីស្អាត ឬទៅតាមតម្រូវការទីផ្សារ ក៏ពុំអាចទទួលបានជោគជ័យក្នុងអាជីពផងដែរ ព្រោះទាំងនេះមិនឆ្លើយតបទៅនឹងទេពកោសល្ល និងឧបនិស្ស័យដែលខ្លួនមាន»។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់អនុសាសន៍ដល់អង្គវេទិកាទាំងមូលថា «អ្នកដែលខ្លាំងគឺជ្រើសរើសមុខជំនាញទៅតាមទេពកោសល្យរបស់ខ្លួន ពុំមែនទៅតាមតម្រូវការទីផ្សារការងារនោះទេ ព្រោះទីផ្សារ​គឺយើងជាអ្នក បង្កើត គ្មាននរណាជាអ្នកបង្កើតឱ្យយើងនោះទេ។» នេះជាការផ្ដាំផ្ញើទៅដល់សិស្សានុសិស្សដែលកំពុងពិចារណាក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា ពិសេស សិស្សានុសិស្សដែលនឹងត្រូវប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅរយៈពេលប៉ុន្មានខែខាងមុខនេះ។

ជាការចែករំលែកបទពិសោធដែលធ្លាប់មានកន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យពីប្រទេសរុស្ស៊ី និងបានចូលបម្រើការងារដំបូង ឯកឧត្ដម​បណ្ឌិតសភាចារ្យគឺជាបណ្ឌិតដែលវ័យក្មេងជាងគេ ប៉ុន្តែឯកឧត្ដមបណ្ឌិតសភាចារ្យបានធ្វើដំណើរតាមទស្សនវិជ្ជាផ្ទាល់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលថា «វ័យឬអាយុ មិនមែនជាម៉ែត្រសម្រាប់វាស់ចំណេះដឹងនោះទេ» ហេតុនេះហើយ ឯកឧត្ដមបានប្រកាន់ជំហររឹងមាំ និងដើរឆ្ពោះទៅមុខជានិច្ច ហើយក៏ថែមទាំងបានចូលរួមផ្ដល់ជាគំនិត ទស្សនវិស័យ និងសម្រេចបាននូវសមិទ្ធផលជាច្រើនសម្រាប់ស្ថាប័នស្រាវជ្រាវរបស់ជាតិ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ប្រសិន​​បើគេយកកូនសេដ្ឋី គេអាចនឹងក្លាយជាអ្នកមានបាន ហើយប្រសិនបើជាគេរៀបការនឹងកូននាយករដ្ឋមន្ត្រី គេអាចនឹងមានអំណាចបានដែរ ប៉ុន្តែបើគេយកកូនបណ្ឌិត នោះគេមិនអាចមាននោះទេ វាទាមទារឱ្យមានការតាំងចិត្តប្រឹងប្រែងរៀនសូត្រដើម្បីកសាងចំណេះដឹងដោយខ្លួនឯង»។ ទោះជាយ៉ាងនេះក្ដី ឯកឧត្ដមបណ្ឌិតសភាចារ្យបានក្រើនរំឭកដល់អ្នកសិក្សារៀនសូត្រ និងយុវជនកម្ពុជាថា «សារៈសំខាន់នៃការសិក្សារៀនសូត្រ ពុំមែនរៀនដើម្បីមានបាននោះទេ គឺរៀនដើម្បីភ្នែកភ្លឺហើយមើលឃើញ ឈរបានកាន់តែខ្ពស់ សម្លឹងមើលបានកាន់តែឆ្ងាយ ប្រសិនបើយើងគ្មានចំណេះដឹងទេនោះ ទោះជាយើងមានភ្នែកភ្លឺក៏យើងមើលមិនឃើញដែរ។ ជាក់ស្ដែង នៅពេលដែលគេនិយាយអំពីសហរដ្ឋអាម៉េរិក ប្រសិនបើយើងមិនបានដឹង មិនបានរៀន និងមិនបានស្រាវជ្រាវ យើងនឹងពុំអាចឆ្លើយតបទៅគេវិញ​បាននោះឡើយ»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បន្ថែមថា រៀនពុំមែនសុទ្ធតែដើម្បីមានបាននោះទេ ព្រោះមានអ្នកមាននិងឧកញ៉ាច្រើនណាស់ដែលគ្មានសញ្ញាបត្រខ្ពស់នោះទេ តែគេមានជីវភាពមានបាននិងធូរធារ ចំណែកអ្នកធំមួយចំនួន ពុំមានសញ្ញាបត្រខ្ពស់នោះទេ ប៉ុន្តែគេអាចកាន់តំណែងនិងកិច្ចការងារជាច្រើនបាន។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងផ្ញើសារជូនដល់យុវជនកម្ពុជាថា យុវជនមិនត្រូវបោះបង់ការសិក្សានោះទេ គឺត្រូវតែតាំងចិត្តតស៊ូដើម្បីកសាងចំណេះដឹងនិងសមត្ថភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមនិងប្រទេសជាតិរបស់យើងទាំងអស់គ្នា៕

RAC Media | លឹម សុវណ្ណារិទ្ធ


2020-09-29 10:40:33   ថ្ងៃអង្គារ, 29 កញ្ញា 2020 ម៉ោង 05:40 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា «ញ៉ឹក សុក»

(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ចូលរួមគោរពវិញ្ញាក្ខន្ធឧបាសិកា «ញ៉ឹក សុក» ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុង​ឱកាស​ប្រកបដោយ​សមានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់បានចូលរួម​រំលែក​នូវ​មរណទុក្ខ​ដោយ​សេចក្តី​សោក​ស្តាយ​ជាមួយ​ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រួសារ ព្រមទាំង​សាច់ញាតិ​ទាំងអស់​នៃ​សព ដោយ​សេចក្តី​សង្វេគ​ក្រៃលែង និង​សមានទុក្ខ​យ៉ាង​ក្រៀមក្រំដោយ​ឧបាសិកា «ញ៉ឹក សុក» បាន​ទទួលមរណភាពនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១:០០នាទីរំលងអធ្រាត្រក្នុង​ជន្មាយុ ៨៧ឆ្នាំដោយ​ជរាពាធ​។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកមរណភាព​នេះគឺជា​ការបាត់បង់​មាតា ជីដូន ប្រក​បដោយ​គុណ​ដ៏​ធំធេង និង​ប្រកបដោយ​ព្រហ្មវិហារ​ធម៌ក្នុង​ការ​ចិញ្ចឹម​បីបាច់ និង​អប់រំ​កូនចៅ​កន្លងមក។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ សូមបួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​ឧបាសិកា «ញ៉ឹក សុក» បាន​អញ្ជើញទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ជាមួយការរំលែកទុក្ខ​សោក​នេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រួសារ សូមគោរពថ្លែងអំណរគុណជូនឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាដែលបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ចូលរួមគោរពវិញ្ញាណក្ខណ្ធចំពោះមរណភាពនៃអ្នកម្តាយ «ញ៉ឹក សុក» ។

ឯកឧត្តមបណ្ឌិត យង់ ពៅ និងគ្រួសារ សូមប្រសិទ្ធពរជ័យជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឧបាសិកា «ញ៉ឹក សុក» បានទទួលមរណភាពកាលពីយប់ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១ និង០០នាទីរំលងអធ្រាត្រក្នុង​ជន្មាយុ ៨៧ឆ្នាំដោយ​ជរាពាធ​។

ពិធីបុណ្យសពឧបាសិកា «ញ៉ឹក សុក» ត្រូវបានប្រារព្ធធ្វើនៅក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់៕

RAC Media | រឿន ភារុន


2020-09-26 10:30:09   ថ្ងៃសៅរ៍, 26 កញ្ញា 2020 ម៉ោង 05:30 PM
ជំនួបពិភាក្សាការងាររវាងរាជបណ្ឌិត្យសភាកម្ពុជា និងគណៈប្រតិភូស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងថ្នាក់ដឹកនាំស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលចួបនិងពិភាក្សាការងារជាមួយនឹងគណៈប្រតិភូនៃស្ថានទូតអូស្ត្រាលី ដែលដឹកនាំដោយឯកឧត្ដម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅបន្ទប់ ២-១១ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។ ជំនួបពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់ពីគ្នាទៅវិញទៅមក ពិសេសភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិស័យនានាដែលរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា អាចធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាបាន។

ក្នុងជំនួបពិភាក្សាការងារខាងលើនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម សូត្រ សំណាង អគ្គលខាធិការរងរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដម ខែក វីរៈ នាយកខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំវិទ្យាស្ថានទាំង៧នៃរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងក្នុងជំនួបជាមួយឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើការកត់សម្គាល់ទៅលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអូស្ត្រាលីចំនួន៥ចំណុចរួមមាន៖ ១. វិស័យកសិកម្ម ២. វិស័យអប់រំ និងបណ្ដុះបណ្ដាល ៣. វិស័យសុខាភិបាល ៤. អភិបាលកិច្ចល្អ ៥. វិស័យធនធានទឹក។

បន្ទាប់ពីបានពិភាក្សាគ្នារួច ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីវិស័យចំនួន៣ ធ្វើជាវិស័យសម្រាប់កិច្ចសហប្រតិបត្តិរវាងភាគីទាំងពីរគឺ៖

១. នយោបាយការបរទេស

២. វិស័យកសិកម្ម

៣. ការបណ្ដុះបណ្ដាលភាសាអង់គ្លេស

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជម្រាបជូនទៅឯកឧត្ដមអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីការផ្ដល់ជូននូវអាហារូបករណ៍ជូនដល់ជនជាតិអូស្ត្រាលីដើម្បីសិក្សាភាសាខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

គួរបញ្ជាក់ថា កម្ពុជានិងអូស្ត្រាលី បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនៅឆ្នាំ១៩៥២ និងក្រោយមកត្រូវកាត់ផ្ដាច់វិញនៅឆ្នាំ១៩៧៥ រហូតមកដល់ឆ្នាំ១៩៩៣ ទើបព្រះរាជាណាចក្រកម្ពុជានិងអូស្ត្រាលីមានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាឡើងវិញ៕

RAC Media | លឹម សុវណ្ណរិទ្ធ


2020-09-25 06:33:48   ថ្ងៃសុក្រ, 25 កញ្ញា 2020 ម៉ោង 01:33 PM
«ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ទទួលបានការតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា»

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង ទទួលបានការតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា យោងតាមសេចក្តីសម្រេចលេខ ០៤២/២០ ស.ស.រ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា


2020-09-24 08:50:51   ថ្ងៃព្រហស្បតិ៍, 24 កញ្ញា 2020 ម៉ោង 03:50 PM
ប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម

កាលពីរសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៣ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖


2020-09-24 03:17:37   ថ្ងៃព្រហស្បតិ៍, 24 កញ្ញា 2020 ម៉ោង 10:17 AM
ឆ្នាំនេះជាខួប២៧ឆ្នាំនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាខួបនៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលគិតមកត្រឹមឆ្នាំនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានអាយុ២៧ឆ្នាំហើយ (១៩៩៣-២០២០)។ ក្នុងឱកាសខួប២៧ឆ្នាំនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំសន្និសីទអបអរសាទរខួប២៧ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់ជាថ្មីនូវរដ្ឋធម្មនុញ្ញរបស់កម្ពុជាក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ និងក្រុមប្រឹក្សាធម្មនុញ្ញបានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងឥស្សរ ជនព្រមទាំងបញ្ញវន្តខ្មែរជាច្រើនរូប ឡើងធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងច្បាប់កំពូលនេះរបស់ជាតិ។

ចាប់តាំងពីឆ្នាំ១៩៤៧ មក ប្រទេសកម្ពុជាបានផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ខ្លួនទៅតាមរបត់នយោបាយចំនួន៦លើករួចមកហើយ៖

-លើកទី១នៅឆ្នាំ១៩៤៧

-លើកទី២នៅឆ្នាំ១៩៧២

-លើកទី៣នៅឆ្នាំ១៩៧៦

-លើកទី៤នៅឆ្នាំ១៩៨១

-លើកទី៥នៅឆ្នាំ១៩៨៩

-និងលើកចុងក្រោយនៅឆ្នាំ១៩៩៣ ក្នុងសម័យរាជាណាចក្រទីពីរ ដែលមានព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងប្រវត្តិសាស្ត្រ ក្រោយពីប្រទេសកម្ពុជាពើបប្រទះនឹងសង្គ្រាមជាង៣ទសវត្សរ៍ ភាគីខ្មែរក្នុងជម្លោះទាំង៤ភាគី គឺរដ្ឋាភិបាលសាធាណរដ្ឋប្រជាមានិតកម្ពុជាដែលក្រោយមកបានក្លាយទៅជារដ្ឋាភិបាលរដ្ឋកម្ពុជា និងក្រុមខ្មែរត្រីភាគី បានព្រមព្រៀងគ្នាក្នុងការរកដំណោះស្រាយរួមអំពីជម្លោះនៅកម្ពុជា ដោយមានការចូលរួមគាំទ្រនិងជ្រោមជ្រែងពីប្រទេសជាមិត្តទាំង១៨ផ្សេងទៀត និងព្រមទាំងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានឈានទៅដល់ការចុះហត្ថលេខាលើកញ្ចប់ដំណោះស្រាយរួមនៃជម្លោះកម្ពុជា ដែលត្រូវបានគេហៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចូលជាធរមាន ប្រទេសនិងប្រជាជនកម្ពុជាបានស្គាល់ការបោះ ឆ្នោតជាលើកដំបូងបន្ទាប់ពីរងគ្រោះដោយសារសង្គ្រាមក្នុងរយៈពេលជាង៣ទសវត្សរ៍ចុងក្រោយ ដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ និងត្រូវបានរៀបចំដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា «អ៊ុនតាក់»។ បន្ទាប់ពីលទ្ធផលឆ្នោតត្រូវបានប្រកាសរួច តំណាងដែលជាប់ឆ្នោតទាំងអស់ត្រូវបានកោះឱ្យចូលរួមកិច្ចប្រជុំ «សភាធម្មនុញ្ញ» ដើម្បីរៀបចំតាក់តែងរដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយទៅជាច្បាប់កំពូលរបស់ជាតិ។ ក្រោយពីតាក់តែងរួច រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ និងត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ បន្ទាប់ពីអនុម័តរដ្ឋធម្មនុញ្ញថ្មីរួច សភាធម្មនុញ្ញបានក្លាយខ្លួនទៅជា«រដ្ឋសភាជាតិ»ដែលជាស្ថាប័ននីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានប្រសូតឡើងនៅក្នុងឆ្នាំ១៩៩៣នេះ បានកំណត់អំពីរបបនយោបាយនៃព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ទ្រង់សោយរាជ្យប៉ុន្តែមិនកាន់អំណាច។ អង្គព្រះមហាក្សត្រមិនអាចនរណាបំពានបានឡើយ។ ព្រះមហាក្សត្រ គឺជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ជាអ្នកធានាឯករាជ្យជាតិ អធិប​តេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ រដ្ឋធម្មនុញ្ញថ្មីនេះ ក៏បានចែងយ៉ាងច្បាស់អំពីកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ជាតិ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលរួមជាវាគ្មិនធ្វើបទអន្តរាគមន៍ក្នុងសន្និសីទខាងលើនេះ បានគូសបញ្ជាក់ថា បច្ច័យជាចម្បងដែលនាំឆ្ពោះទៅដល់ការរៀបចំបង្កើតរដ្ឋធម្មនុញ្ញថ្មីនៃសម័យរាជាណាចក្រទីពីរ គឺការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលជាមូលដ្ឋានមួយសម្រាប់ការកសាងរដ្ឋធម្មនុញ្ញ និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលបាននាំមកនូវសន្តិភាពពេញលេញជូនដល់ជាតិមាតុភូមិកម្ពុជា និងធានាបាននូវការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃសម័យរាជាណាចក្រទីពីរនោះគឺ «នយោបាយឈ្នះ-ឈ្នះ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចប់ទាំងស្រុងនូវរចនាសម្ព័ន្ធចាត់តាំងរបស់ក្រុមខ្មែរក្រហម និងបញ្ចប់ស្ថានភាពនៃការគ្រប់គ្រងប្រទេសកម្ពុជាតាមរបៀបស្បែកខ្លានៅឆ្នាំ១៩៩៨។

ចំពោះការអនុវត្តរដ្ឋធម្មនុញ្ញថ្មី នៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា កន្លងមកកម្ពុជាតែងតែបានប្រើប្រាស់យន្តការធម្មនុញ្ញដើម្បីដោះស្រាយបញ្ហាជាតិ ដែលរួមមានដូច​ជាការបង្កើតឱ្យមានរបបសហនាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៩៣ ក្នុងគោលដៅធ្វើឱ្យមានសុខដុមនីយកម្ម និងការដោះស្រាយ​បញ្ហាដែលអាចប្រឈមគ្នាដោយការបង្ហូរឈាម មកជាការមិនបង្ហូរឈាមវិញ, ការដោះស្រាយវិវាទក្រោយព្រឹត្តិការណ៍ថ្ងៃទី៥-៦ កក្កដា ១៩៩៧ ដោយប្រើប្រាស់យន្តការរដ្ឋធម្មនុញ្ញ, ការដោះស្រាយភាពជាប់គាំងនយោបាយក្រោយ​ពីការបោះឆ្នោតឆ្នាំ១៩៩៨ ​ ឆ្នាំ២០០៣  ឆ្នាំ២០១៣ ដែលអាចបញ្ចៀសបាននូវការបង្ហូរឈាម, ការរក្សាកងកម្លាំង ដោយទុកកងកម្លាំងគឺជាឧបករណ៍របស់រដ្ឋ,ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងការបែងចែកអំណាចធំៗទាំង៣របស់រដ្ឋ​ឯក​រាជ្យ​ពីគ្នា និងការណ៍ដែលអ្នកនយោបាយប្រើប្រាស់យន្តការច្បាប់ដើម្បីដោះស្រាយបញ្ហានយោបាយ ដែលបង្ហាញពីភាពចាស់ទុំខាងនយោបាយ។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា គឺជាយន្តការដ៏មានប្រសិទ្ធភាពដែលគូសបញ្ជាក់ និងសម្រាប់ចង្អុលបង្ហាញនូវ​គោល​នយោបាយការបរទេស ទៅកាន់បណ្ដាប្រទេសជាដៃគូ ដែលរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់អំពីនយោបាយអព្យាក្រឹត អចិន្ត្រយ៍ និងមិនចូលបក្សសម្ព័ន្ធ និងដែលព្រះរាជាណាចក្រកម្ពុជាត្រូវជ្រើសរើសការរួមរស់ប្រកបដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ តាមរយៈច្បាប់កំពូលរបស់ជាតិនេះ ព្រះរាជាណាចក្រកម្ពុជា នឹងមិនឈ្លានពានឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃឡើយ ទោះបីក្នុងរូបភាពដោយផ្ទាល់ឬដោយប្រយោលក្ដី ដោយកម្ពុជាប្រកាន់ជំហរស្វាគមន៍នូវរាល់ដំណោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍​ផងគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត កម្ពុជាដែលប្រកាន់ជំហសន្តិភាពនិយម កម្ពុជានឹងមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹត្យរបស់ខ្លួនឡើយ ពិសេស​កម្ពុជានឹងមិនអនុញ្ញាត​ឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន ឬក៏មូលដ្ឋានយោធារបស់ខ្លួនលើទឹកដីបរទេសក្រៅតែពីក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ ទាំងនេះ គឺជាការចែងយ៉ាងច្បាស់លាស់ ដែលមាន​នៅ​ក្នុងមាត្រា៥៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអនុវត្តគោលនយោ​បាយ​​ការបរទេសបែបចម្រុះ​ពណ៌ ដែលកម្ពុជាស្វាគមន៍ចំពោះរាល់ទំនាក់ទំនងល្អ និងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងបណ្ដាប្រទេសជាមិត្តនិងជាដៃគូទាំងអស់ក្នុងភាពស្មើមុខស្មើមាត់ និងស្មើសិទ្ធិ និងគោរពអធិបតេយ្យនិងផលប្រយោជន៍ផងគ្នារៀងៗខ្លួន។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានធ្វើវិសោធនកម្មចំនួន៩ដងរួចមកហើយ ដែលការធ្វើវិសោធនកម្មលើកចុងក្រោយគឺនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៥៕

RAC Media | លឹម សុវណ្ណរិទ្ធ




2020-09-23 08:23:17   ថ្ងៃពុធ, 23 កញ្ញា 2020 ម៉ោង 03:23 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក