ព័ត៌មាន

«រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចុប្បន្ន វិស័យទេសចរណ៍សហគមន៍ ត្រូវបានពិភពលោកបន្តយកចិត្តទុកដាក់លើកស្ទួយយ៉ាងខ្លាំង»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨

(តូក្យូ-ជប៉ុន)៖ ដោយវិស័យទេសចរណ៍សហគមន៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកពីជនបទមកទីក្រុង រួមចំណែកដល់កិច្ចការពារបរិស្ថាន ទើបបានជាព្រឹត្តិការណ៍​ពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០១៨ (Japan Tourism Expo 2018) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកិច្ចប្រជុំតុមូលរដ្នមន្ត្រីទេសចរណ៍លើកទី២ លើកយកប្រធានបទតែមួយគត់មកពិភាក្សាគ្នាយ៉ាងល្អិតល្អន់ស៊ីជម្រៅ គឺ​ «និរន្តរភាពទេសចរណ៍ ដើម្បីអភិវឌ្ឍសហគមន៍ (Sustainable Tourism for Community Development)»។

កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីទេសចរណ៍លើកទី២នេះ បានធ្វើឡើងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងនោះក៏មានការចូលរួមពីរដ្ឋមន្រ្តីមកពី ១៩ប្រទេស និងពីតំណាងអង្គការអន្តរជាតិធំៗ រួមមាន៖ លោក Zurab Pololikashvili អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោកស្រី Gloria Guevara ប្រធានអង្គការទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) និងលោក Mario HARDY អគ្គនាយកនៃសមាគម Pacific Association of Travel Agents (PATA) និងលោក Shannon Stowell ប្រធានសមាគមទេសចរណ៍ផ្សងព្រេង (Adventure Tourism Association= ATA)។  កម្មវិធីនេះ ធ្វើឡើងដើម្បី​ចែករំលែកបទពិសោធន៍ ពិភាក្សាគ្នារិះរកយន្តការ និងយុទ្ធសាស្រ្ត ដើម្បីអភិវឌ្ឍសហគមន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពសម្រាប់ប្រទេស និងតំបន់។

ក្នុងឱកាសនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ពីរូបមន្តគំរូ 4Ps ដែលបានរកឃើញនៅកម្ពុជា ហើយត្រូវបានទទួលស្គាល់ជាសាកល៖

  • P1= Public (ផ្នែកសាធារណៈ)៖ រដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវចូលទស្សនា) រៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តនានា និងច្បាប់ដើម្បីគាំទ្រ ការពារសហគមន៍។ល។
  • P2= Partnership (ដៃគូអភិវឌ្ឍន៍)៖ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) ធនាគាអភិវឌ្ឍន៍អាស៊ី (ADB), សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វីក (PATA) Wild Life Alliance និងប្រទេសអ្នកផ្តល់ជំនួយត្រូវផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងអភិវឌ្ឍន៍សហគមន៍ ការបណ្តុះបណ្តាលព័ត៌មានវិទ្យា ការផ្សព្វផ្សាយពីសហគមន៍ដែលមានការទទួលខុសត្រូវ តាមរយៈបណ្តាញសហគមន៍អន្តរជាតិ។
  • P3= Private (ផ្នែកឯកជន)៖ ការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងធុរជនទេសចរណ៍ត្រូវជួយផ្សព្វផ្សាយ ព្រមទាំងរៀបចំកញ្ចប់ទស្សនកិច្ច ដែលមានការទទួលខុសត្រូវទៅកាន់សហគមន៍ទេសចរណ៍ និងអាចជួយពិចារណានាំ គម្រោងវិនិយោគខ្នាតតូច (Small Scale) ដូចជា Eco-lodges មកកាន់សហគមន៍។
  • P4= People (ប្រជាសហគមន៍ និងទេសចរ)៖ ប្រជាសហគមន៍ជាបញ្ហាគន្លឹះ ពួកគាត់ត្រូវឆ្លងកាត់ការអប់រំ បណ្តុះបណ្តាល ដើម្បីឱ្យពួកគាត់យល់អំពីគុណតម្លៃ និងអត្ថប្រយោជន៍ ពិសេសចំណូលថវិកាដែលបានពីសកម្មភាពទេសចរណ៍ ជាជាងចំណូលដែលបានមកពីការប្រមាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើ។

អត្ថប្រយោជន៍ពីសកម្មភាពទេសចរណ៍ រួមមាន៖ ចំណូលពីសេវាកម្មផ្ទះស្នាក់ ការធ្វើមគ្គុទេសក៍ទេសចរណ៍ សេវាកម្មម្ហូបអាហារ និងការផ្គត់ផ្គង់ភេសជ្ជៈ និងសេវាកម្មដឹកជញ្ជូន។ល។ ចំពោះអ្នកទេសចរក្នុងស្រុក និងទេសចរអន្តរជាតិ ពួកគេក៏ត្រូវឆ្លងកាត់ការអប់រំឱ្យបានល្អអំពីដំណើរទេសចរណ៍ប្រកបដោយការទទួលការខុសត្រូវគោរពប្រពៃណីទំនៀមទម្លាប់របស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាកិច្ចការពារបរិស្ថាន និងធម្មជាតិ។ គួររំឭកថា គន្លឹះនៃនិរន្តរភាពទេសចរណ៍ដើម្បីអភិវឌ្ឍន៍សហគមន៍ គឺការបែងចែកអត្ថប្រយោជន៍ដល់ប្រជាសហគមន៍ប្រកបដោយសមធម៌ (équitable benefit sharing)។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា អាស៊ានក៏បានដាក់ចេញស្តង់ដាទេសចរណ៍ជាច្រើន សំដៅធានាបាននូវផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព ដូចជា ស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន ស្តង់ដាផ្ទះស្នាក់អាស៊ាន។ ដោយឡែក ក្នុងចំណោមស្តង់ដាទាំងនោះ កម្ពុជាមានកិត្តិយសក្នុងនាមជាប្រទេសនាំមុខ ក្នុងការរៀបចំស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន និងស្តង់ដាទីក្រុងស្អាតអាស៊ាន។ ស្របជាមួយគ្នានោះ កម្ពុជាក៏បានរៀបចំឱ្យមានស្តង់ដារបស់ខ្លួន ដើម្បីធានាគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ សំដៅធានាឱ្យបាននូវទេសចរណ៍ប្រកបដោយនិរន្តរភាព។

ម្យ៉ាងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបអង្គវេទិកាថា ដោយកម្ពុជាមានសហគមន៍ជាង ២ ០០០កន្លែង ដែលបានចុះបញ្ជីក្នុងស្ថាប័នផ្សេងគ្នា ដូចជាក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធាន​ទឹក និងឧតុនិយមជាដើម និងដោយពិនិត្យឃើញថា ក្នុងចំណោមសហគមន៍ទាំងអស់នោះ ក៏អាចមានសហគម៍ខ្លះមានសក្តានុពលអាចអភិវឌ្ឍន៍បន្ថែមជាសហគមន៍ទេសចរណ៍ ដែលអាចរកចំណូលបន្ថែមពីសកម្មភាពទេសចរណ៍ជូនសហគមន៍បាន។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតឱ្យមានក្រុមការងារអន្តរក្រសួងមួយ ដែលមានក្រសួងទេសចរណ៍ជាប្រធាន ក្រសួងបរិស្ថានជាអនុប្រធានអចិន្ត្រៃយ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធផ្សេងទៀតជាសមាជិក ដើម្បីពិនិត្យមើលជាក់ស្តែង ក្នុងគោលបំណងសំខាន់អភិវឌ្ឍន៍ទៅជាសហគមន៍ទេសចរណ៍នេះ។ កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីបានយកចិត្តទុកដាក់ស្តាប់ កោតសរសើរ និងអរគុណដល់កម្ពុជា ដែលបានចែករំលែកបទពិសោធន៍នេះ៕

ប្រភព: ក្រសួងទេសចរណ៍ រូបភាពៈអុិនធើណែត

RAC Media |​ ហេង​ សុភី




2018-09-28 09:24:04   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 04:24 PM
«ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំនៅខេត្តយូណាន»

(ក្រុងដាលី)៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃរាជ​បណ្ឌិត្យ​សភា​​កម្ពុជា បានទទួលជំនួបមួយជាមួយ លោក Lyu Xing និងលោក Bi Shihong សាស្ត្រាចារ្យ​ពី​មជ្ឍមណ្ឌល​សិក្សា​ផ្នែកការទូតប្រទេសជិតខាងនៃប្រទេសចិន (Center for China’s Neighbor Diplomacy Studies) នៃសាកលវិទ្យាល័យយូណាន នៅឯសាកលវិទ្យាល័យដាលី ទីក្រុងដាលី នៃខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិត​ចិន។ ឆ្លៀតក្នុងជំនួបនោះដែរ កិច្ចពិភាក្សារវាងស្ថាប័នទាំងពីរ បានផ្តោតសំខាន់លើប្រធានបទសំខាន់ពីរ ៖  

  1. កិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវទាំងពីរដើម្បីសិក្សារួមគ្នាស្វែងរកធាតុចូលសម្រាប់ជូនដល់រដ្ឋាភិបាល​ទាំងពីរ។
  2. សិក្សារួមគ្នាពីឥរិយាបថរបស់ជនជាតិចិនដែលចូលមករស់នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។         

ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា បញ្ហាដែលបានលើកឡើងមកនេះ ជារឿងសំខាន់​ដែលស្ថាប័នទាំងពីរគួរតែចាប់ផ្តើមធ្វើអ្វីមួយដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។ ចំណែកលោកសាស្ត្រាចារ្យ Lyu Xing បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការរួមសហការគ្នា ដើម្បីសិក្សារួមគ្នាក្នុងនាមជាអ្នកស្រាវជ្រាវ។ 

ជាលទ្ធផល​នៃកិច្ចប្រជុំ ភាគីទាំងពីរបានព្រមព្រៀងគ្នាពិចារណាលើ​៣ចំណុច​សម្រាប់ជាចំណុចចាប់ផ្តើម​នៃកិច្ច​សហប្រតិបត្តិការ​រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យយូណាន ដូចខាងក្រោម៖

  1. ផ្អែកលើរបៀបវារៈទី១ ភាគីទាំងពីឯកភាពគ្នា នឹងធ្វើកិច្ចសហការគ្នា​ដោយ​មាន​មជ្ឍមណ្ឌល​សិក្សា​ចិន​ខាង​ភាគី​រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឍមណ្ឌលសិក្សាកម្ពុជានៅខាងភាគីសាកលវិទ្យាល័យយូណាន។
  2. ស្ថាប័នទាំងពីរនឹងរៀបចំធ្វើការផ្លាស់ប្តូរអ្នកស្រាវជ្រាវជាមួយគ្នាទៅវិញទៅមកទាក់ទងនឹងបញ្ហាព័ត៌មាន ការស្រាវ​ជ្រាវ ហើយ​នឹង​មាន​ការផ្តល់ជាអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិត​ពីភាគីរាជបណ្ឌិត្យ​សភា​កម្ពុជា​។
  3. ស្ថាប័នទាំងពីរនឹងសហការគ្នាដើម្បីសិក្សារួមគ្នាពីបញ្ហាផ្សេងៗ ហើយការស្រាវជ្រាវ​គប្បីនឹងបន្តមានច្រើន​ទៀត​នៅ​ថ្ងៃអនាគត។ ការសហការគ្នានេះ អាចជាការរៀបចំវេទិកាអន្តរជាតិ ដោយមានការចូលរួមពីភាគីទាំងពីរ នៅ​កម្ពុជា ឬនៅប្រទេសចិន។
កិច្ចព្រមព្រៀងសម្រាប់ចុះអនុស្សរណៈយោគយល់គ្នា ខាងភាគីរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំ​ពង្រាងខ្លឹមសារសម្រាប់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដែលធ្វើឡើងនៅក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវការមួយរបស់ថ្នាក់ដឹកនាំ​នៃរាជបណ្ឌិត្យសភាកម្ពុជានៅសាកលវិទ្យាល័យយូណាន នៅដើម​ខែ​វិច្ឆិកា ខាង​មុខ​នេះ។

គួររំឭកដែរថា កិច្ចប្រជុំរវាងឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោក​សាស្ត្រាចារ្យ Lyu Xing តំណាងសាកលវិទ្យាល័យយូណាន ធ្វើឡើងក្នុងគោលដៅ​ជំរុញកិច្ចសហប្រតិបត្តិការ​នៃស្ថាប័នទាំងពីរ នៅខណៈពេលដែលឯកឧត្តមអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអញ្ជើញ​ទៅចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិស្តីពី «វេទិកាភាគនិរតីលើកទី៩ និងវេទិកាបញ្ញាជនក្នុងកិច្ចសហប្រតិបត្តិការ​ទន្លេមេគង្គ-ឡានឆាង លើកទី២» នៅទីក្រុងដាលី (Dali) ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨៕



RAC Media | ហេង វីរិទ្ធិ

2018-09-28 09:23:40   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 04:23 PM
«សូមត្រៀមខ្លួនទុកជាមុន! កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងរយៈពេលច្រើនថ្ងៃ ពិសេសថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨

តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឱ្យដឹងថា ប្រព័ន្ធសម្ពាធទាបបន្តអូសកាត់លើព្រះរាជាណាចក្រកម្ពុជាដែលបង្កឱ្យអាកាសធាតុនៅទូទាំងប្រទេសមានស្ថានភាពដូចខាងក្រោម៖

  • ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
  • ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែតុលា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

នៅក្នុងសេចក្ដីជូនដំណឹងដដែលរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០១៨នេះក៏ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសនៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាបដែលអាចនឹងមានភ្លៀងធ្លាក់ច្រើនរហូតដល់បង្កជាជំនន់ទឹកភ្លៀងផងដែរ។


ប្រភព៖ ការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម

RAC Media | លឹម សុវណ្ណរិទ្ធ




2018-09-28 09:07:22   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 04:07 PM
«ឥណ្ឌូនេស៊ី កំពុងស្វែងរកឱកាសនៅកម្ពុជា...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨

តាមការផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៨ ខែកញ្ញានេះ គឺពាណិជ្ជករជាង ៨០នាក់មកពីប្រទេស កម្ពុជា និងឥណ្ឌូនេស៊ី បានជួបប្រជុំគ្នាកាលពីថ្ងៃទី២៦ ខែកញ្ញា នៅទីក្រុងភ្នំពេញដើម្បីសម្លឹងទៅរកការសហការវិនិយោគលើវិស័យដែលមានសក្ដានុពលរបស់កម្ពុជា។

ការផ្គូផ្គងពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ស្របនឹងវេទិកាពាណិជ្ជកម្ម និងការលើកកម្ពស់ទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០១៨។ លោក Sudiraman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានឱ្យដឹងថា ខណៈការកត់សម្គាល់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីររក្សាបានកំណើន និងកិច្ចសហប្រតិបត្តិការជាច្រើននៅតែកំពុងរង់ចាំសមភាគី និងភាពជាដៃគូរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតបានបន្តថ្លែងថា៖ «ឱកាស និងកិច្ចសហប្រតិបត្តិការនៅរង់ចាំក្នុងការស្វែងរកដើម្បីការរីកចម្រើន»។ ក្នុងឱកាសនោះដែរ ក្រុមហ៊ុនជាង៣០ របស់ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនជាង៥០ នៃប្រទេសកម្ពុជា បានចូលរួមក្នុងវេទិកាផ្គូផ្គងពាណិជ្ជកម្មនេះ។ ក្រុមហ៊ុនឥណ្ឌូនេស៊ី គឺមានមកពីវិស័យឱសថ សិប្បកម្ម សម្លៀកបំពាក់ សំណង់ និងគ្រឿងបន្លាស់រថយន្ត។

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងដល់ជាង ៣១៨លានដុល្លារ នៅរយៈពេល ៧ខែដំបូងឆ្នាំ២០១៨នេះ កើនឡើង ៨,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះបានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅឥណ្ឌូនេស៊ីបានកើនឡើងដល់ជាង ១៧លានដុល្លារ កើន ១២,៤១ភាគរយធៀបនឹងឆ្នាំមុន ខណៈការនាំចូលមកពីប្រទេសឥណ្ឌូនេស៊ី មានជាង ៣០១លានដុល្លារ កើនឡើង ៨,០៧ភាគរយ។

ដកស្រង់៖ ភ្នំពេញប៉ុស្តិ៍

RAC Media | ផាញ់ សារឿន




2018-09-28 08:55:32   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 03:55 PM
«អ្នកសារព័ត៌មានកម្ពុជាចូលរួមទស្សនកិច្ចស្វែងយល់ពីព័ត៌មានក្លែងក្លាយនៅអាម៉េរិក»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨

តាមការផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ គឺមានអ្នកសារព័ត៌មានចំនួន ២៤នាក់មកពី ២៤ប្រទេសផ្សេងៗគ្នាក្នុងពិភពលោកដែលរួមមានទាំងកម្ពុជាផងដែរ បាននឹងកំពុងតែធ្វើការស្វែងយល់ និងទស្សនកិច្ចរាយការណ៍ព័ត៌មានជាលក្ខណៈអន្តរជាតិមួយនៅសហរដ្ឋអាម៉េរិក ស្តីពី «ការប្រយុទ្ធប្រឆាំងនឹងការផ្តល់ព័ត៌មានមិនពិត និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ»។

ទស្សនកិច្ចនេះ នឹងបង្ហាញពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរដែលការផ្តល់ព័ត៌មានខុស ចោទជាបញ្ហាចំពោះប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ និងសារធារណជនមូលដ្ឋាននិងចំពោះកម្មវិធីផ្សេងៗ ដែលលើកកម្ពស់ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ វ៉ាស៊ីនតោន (FPC) តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំប្រទេសនីមួយៗក្រោមប្រធានបទ «ចំណេះដឹងសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងការផ្តល់ព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយ» ដោយបានចាប់ផ្តើមពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ នេះនៅក្នុងរដ្ឋ Washington, Philadelphia និង New York។

លោក Benjamin Weber នាយកមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិវ៉ាស៊ីនតោន FPC ប្រចាំរដ្ឋ Washington និង New York នៃនាយកដ្ឋានរដ្ឋរបស់សហរដ្ឋអាម៉េរិកថា ពាក្យព័ត៌មានក្លែងក្លាយនេះ (Fake News) ត្រូវបានប្រើប្រាស់ និងឃើញមានវត្តមានជាច្រើនឆ្នាំមកហើយ គឺប្រហែលជាតាំងពីឆ្នាំ១៨៩៨ មកម៉្លេះ។

ដកស្រង់៖ ភ្នំពេញប៉ុស្តិ៍

RAC Media | ផាញ់ សារឿន

លោក Alan C. Miller ស្ថានិកនិងជាប្រធាន​គម្រោងចំណេះ​ដឹង​ព័ត៌​មាន (NLP) ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន

2018-09-28 08:48:13   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 03:48 PM
«រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងអំណរគុណដល់អាម៉េរិក ដែលផ្តល់ថវិកាជាង ២៣លានដុល្លារសម្រាប់រៀបចំគម្រោងគាំទ្រដល់វិស័យវារីវប្បកម្មនៅកម្ពុជា»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ 

បើតាមសារព័ត៌មានCNC បានផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Carin Salerno នាយកទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) បានអញ្ជើញជាអធិបតីក្នុងវេទិកាសន្ទនាដៃគូវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍសាកវប្បកម្ម និងស្វាយចន្ទី។ ពិធីនេះបានរៀបចំប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Raffles Le Royal Phnom Penh ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម ជាច្រើនរូប។

ឯកឧត្តមវេង សាខុន បានថ្លែងអំណរគុណជូនចំពោះវត្តមានរបស់សមាជិក សមាជិកានៃអង្គពិធីទាំងមូលនិង ថ្លែងអំណរគុណជូនចំពោះគម្រោង CAMBODIA HARVEST II របស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងគម្រោងបន្លែផ្លែឈើកម្ពុជា របស់ទីភ្នាក់ស្វីសដើម្បីអភិវឌ្ឍ និងសហប្រតិបត្តិការ ដែលបានសហការយ៉ាងល្អប្រសើរក្នុងការរៀបចំវេទិកានេះឡើងដោយមានការចូលរួមពីស្ថាប័នសាធារណៈ វិស័យឯកជន អង្គភាពស្រាវជ្រាវ ផ្សព្វផ្សាយអប់រំកសិកម្ម និងដៃគូអភិវឌ្ឍន៍វិស័យឯកជន និងសហគមន៍ដើម្បីចែករំលែកបទពិសោធន៍មេរៀនល្អៗជាសក្តានុពលនៃអនុវិស័យសាកវប្បកម្មនិងដំណាំស្វាយចន្ទី និងបញ្ហាប្រឈមពាក់ព័ន្ធដើម្បីកំណត់នូវអាទិភាពនៃបញ្ហានេះ និងរិះរកវិធានការណ៍ដោះស្រាយប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព និងទាន់ពេលវេលាស្របតាមចក្ខុវិស័យនៃគោលនយោបាយលើការអភិវឌ្ឍអនុវិស័យសាកវប្បកម្ម និងស្វាយចន្ទីនៅកម្ពុជាក្នុងក្របខ័ណ្ឌកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណជាថ្មីម្តងទៀត ជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)​ ដែលបានរៀបចំគម្រោងគាំទ្រដល់វិស័យវារីវប្បកម្ម ដែលមានថវិកាសរុបប្រមាណជាង ២៣លានដុល្លារសហរដ្ឋអាម៉េរិក។

ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថារដ្ឋាភិបាល សហរដ្ឋអាម៉េរិក នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត។

ដកស្រង់៖ CNC

RAC Media | ផាញ់ សារឿន


2018-09-28 08:30:40   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 03:30 PM
«សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទៅដល់​បុរី​ញូវ​យ៉​ក​សហរដ្ឋអាម៉េរិក​ប្រក​បដោយ​សុ​វត្ថិភាព​នៅ​ម៉ោង​ជិត​៤​ទាបភ្លឺ​ថ្ងៃទី​២៨​កញ្ញា​នេះ...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨

​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​លើក​នេះ​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ ​«​ធ្វើ​ឱ្យ​អង្គការសហប្រជាជាតិ​​មាន​សារសំខាន់​ពាក់ព័ន្ធ​ជាមួយ​ប្រជាជន​ទាំងអស់​   ភាពជា​អ្នកដឹកនាំ​សកល​និង​ការទទួលខុសត្រូវ​រួម​សម្រាប់​សង្គម​ប្រកបដោយ​សន្តិភាព សមធម៌​ និង​និរន្តរ​ភាព​»​។

នៅក្នុង​របៀប​វា​រៈ​ដ៏​មាន​សារសំខាន់​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ នឹងធ្វើ​សេចក្តីថ្លែងការណ៍​ផ្តោតលើ​ការវិវឌ្ឍ​នាពេល​ថ្មីៗ ​និងសមិទ្ធផល​សំខាន់ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បានទាក់ទង​បញ្ហា​តំបន់ ​និង​អន្តរជាតិ ដែលជា​ការព្រួយបារម្ភ​រួម​។

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួមក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ ​ក្នុង​ឆ្នាំ​២០១៨ នេះ សម្តេចតេ​ជោ ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ លោ​ក អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (António Guterres)អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ,​លោក បូ​យ​កូ បូរី​ស្សូវ (Boyko Borissov) នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី​  លោក ខាដ​ហ្កា ប្រ៉ា​សាទ ស្សា​ម៉ា អូ​លី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ និង​ជួបពិភាក្សា​ដោយ​មិត្តភាព​ជាមួយ​ប្រមុខរដ្ឋ​ និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយចំនួនទៀត​។​

ក្នុងអំឡុងពេល​ស្នាក់នៅ​បុរី​ញូវយ៉ក​នោះដែរ​សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់នៅ​​សហរដ្ឋអាម៉េរិក និង​កាណាដា​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គ្រោងនឹង​វិលត្រឡប់មកដល់​មាតុប្រទេស​វិញ​នៅ​ល្ងាច​ថ្ងៃទី១ ខែតុលា ខាងមុខនេះ៕

ដកស្រង់៖ រស្មីកម្ពុជា

RAC Media | ផាញ់ សារឿន



2018-09-28 08:20:50   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 03:20 PM
«សេចក្តីអំពាវនាវចំនួន១០​ចំណុច ដើម្បី​ចូលរួមបង្ការនិង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨

ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ជា​ប្រធាន បានចេញ​ផ្សាយ​នូវ​សេចក្តីអំពាវនាវ ស្តីពី ការបង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌចំនួន១០ ចំណុច​។​ដើម្បី​បង្ការនិង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើសេចក្តី​អំពាវនាវចំនួន១០ចំណុចដល់​សាធារណជន  ​អ្នកប្រើប្រាស់​ផ្លូវដូចខាង​ក្រោម​៖

១-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ​។​ល​។

២-​សូមកុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូមមេត្តា​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។

៣-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​។

៤-​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជានិច្ច​។

៥-​ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​។

៦-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។

៧-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។

៨-​មិនត្រូវ​បត់ ឬ​វ៉ា​ជែង ក្នុង​ភាព​ប្រថុយប្រថាន ឬ​ធ្វេសប្រហែស​។

៩-​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត។

១០-​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​។​

ប្រភព៖ រស្មីកម្ពុជា

RAC Media | ផាញ់ សារឿន


2018-09-28 08:12:11   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 03:12 PM
«ភាពអសមត្ថភាព និងភាពអសកម្មរបស់មន្ដ្រីជាហានិភ័យសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨

សូមជម្រាបថាវិទ្យាស្ថានទី៥ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានកោះ ហៅប្រជុំភ្លាមដើម្បីតាមដាននិងត្រួតពិនិត្យការងាររបស់វិទ្យាស្ថាន។

វិទ្យាស្ថានទី៥ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ បានកោះហៅគឺជាវិទ្យាស្ថានវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា។រំលឹកផងដែរ ថា វិទ្យាស្ថាននេះមានលេខាធិការដ្ឋាន១ និងមាន៥ផ្នែកគឺ ១.ផ្នែកគណិតវិទ្យានិងស្ថិតិ ២.ផ្នែកគីមីនិងចំណីអាហារ៣.ផ្នែករូបវិទ្យានិងថាមពល ៤.ផ្នែកបច្ចេកវិទ្យា ៥.ផ្នែកព័ត៌មានវិទ្យានិងទូរគមនាគមន៍

កិច្ចប្រជុំនេះឯកឧត្ដមបណ្ឌិតសភាចារ្យ បានឱ្យមន្ដ្រីនីមួយៗក្នុងវិទ្យាស្ថានបង្ហាញពីសកម្មភាពការងារស្នាដៃកន្លងមក។សម្រាប់មន្ដ្រីដែលអសកម្មភាព និងអសមត្ថភាព ត្រូវតែចេញពីរាជបណ្ឌិត្យសភាកម្ពុជា។លើសពីនេះទៅទៀតបានជម្រុញឱ្យមន្ដ្រីដែលមានសមត្ថភាពខិតខំប្រឹងប្រែងធ្វើការសម្រាប់ឋានៈនិងតួនាទីមកតាមក្រោយសូមកុំដេកលក់ ឱ្យសោះ ព្រោះយើងជាស្ថាប័នជាតិកំពូល មួយដែលជាធនាគារខួរក្បាលរបស់ជាតិ។

ថ្លែងក្នុងអង្គប្រជុំឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏មានប្រសាសន៍រំលឹកផងដែរថា៖ 

-ការតែងតាំងទីប្រឹក្សារបស់រាជបណ្ឌិត្យសភាកម្ពុជា មិនមែនយកមកធ្វើជាព្រៃព្រឹក្សារបស់រាជបណ្ឌិត្យសភាកម្ពុជាទេ គឺផ្អែកនៅលើស្នាដៃនិងសមត្ថភាពរបស់ខ្លួនដើម្បីបន្សល់ទុកនៅស្នា ដៃចុងក្រោយរបស់ខ្លួន។

-បណ្ឌិតជាអ្នកស្រាវជ្រាវ និងអ្នកមានចំណេះដឹង ត្រូវទទួលខុសមុននិងដាក់ជូនប្រជាពលរដ្ឋអនុវត្ដនិងប្រើប្រាស់

-បង្រៀនគិត គឺជាកត្ដាសំខាន់ដែលបណ្ឌិតត្រូវធ្វើសម្រាប់អ្នកជំនាន់ក្រោយជាជាងបង្រៀនយកតែលុយ

ជាលទ្ធផលនៃកិច្ចប្រជុំ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ វិទ្យាស្ថានបច្ចេកវិទ្យាត្រូវតែពង្រឹងនូវសមត្ថភាពរបស់ខ្លួន នឹងត្រូវធ្វើកំណែទម្រង់ការងារនិងកិច្ចរដ្ឋបាលរបស់ខ្លួនដើម្បីបង្កើននូវប្រសិទ្ធភាពនិងប្រសិទ្ធផលជូនស្ថាប័ន។

RAC Media



2018-09-28 04:45:20   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 11:45 AM
«ក្រុងកំពតនឹងត្រូវបានចុះបញ្ជី ជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ...»

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨

ដោយមើលឃើញអំពីសក្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណង់ស្ថាបត្យកម្មបន្សល់ទុកពីជំនាន់សម័យអាណានិគមបារាំង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ នានាបាននឹងកំពុងខិតខំប្រឹងប្រែងចងក្រងរៀបចំបញ្ជីបេតិកភណ្ឌដើម្បីស្នើសុំទៅអង្គការយូនីស្កូចុះបញ្ជីជាក្រុង បេតិកភណ្ឌពិភពលោក។នេះបើតាមការលើកឡើងរបស់ លោក កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍ ប្រាប់អ្នកសារព័ត៌មានក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងកសាងឯកសារបឋម នៃក្រុងកំពតដែលត្រៀមចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្ត។

លោកបានបន្តថា ការចងក្រងឯកសារ ដើម្បីដាក់បញ្ចូលក្រុងកំពតចូលក្នុង បញ្ជីទីក្រុងបេតិកភណ្ឌពិភពលោកជាកិច្ចការរួមគ្នារវាងក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធនានាក្រុងការរៀប ចំចងក្រង ជាផែនការសកម្មភាពក្នុងការអភិរក្សតំបន់បេតិកភណ្ឌ ទាំងអស់នេះឱ្យក្លាយជាផលិតផលទេសចរណ៍មួយថ្មីរបស់ប្រទេសជាតិដើម្បីបង្ហាញឱ្យភ្ញៀវទេសចរ មកទស្សនាយល់អំពីអត្តសញ្ញាណជាតិរបស់យើង ដែលមានវ័យចំណាស់នៅក្នុងតំបន់អាស៊ី ពិសេសដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនពលរដ្ឋ ក៏ដូចជំរុញកំណើនសេដ្ឋកិច្ចជាតិស្របតាមគោលការណ៍យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ។

នេះជាលើកទីមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការចងក្រងឯកសារស្នើសុំចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោក។ជាមួយនេះ លោកស្នើដល់អាជ្ញធរ មន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ត្រូវសហការរួមគ្នាថែរក្សាអភិរក្សសំណង់បេតិកភណ្ឌទាំងអស់នោះឱ្យបានគង់វង្ស ពិសេសយើងទាំងគ្នាចូលរួមសម្អាតអនាម័យ បរិស្ថានលើកកម្ពស់សោភ័ណភាពទីក្រុងបង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន។អ្នកម្នាងបណ្ឌិត ស៊ីសុវត្តិ ម៉ែន ច័ន្ទទេវីនាយិកាមជ្ឈមណ្ឌលបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ផងដែរថា កន្លងមករាជរដ្ឋាភិបាលដែលមានក្រសួង វប្បធម៌និងវិចិត្រសិល្បៈបានរៀបចំគម្រោងសិក្សាអំពីទីក្រុងបី ដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌមានដូចជា ខេត្ត បាត់ដំបង កំពត និងក្រចេះ។

សូមបញ្ជាក់ថា បើតាមចក្ខុវិស័យព្យាករណ៍របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅឆ្នាំ ២០២០កម្ពុជា នឹងមានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៧លាននាក់ជាមួយចំណូលជាង៥ពាន់លានដុល្លារនិងបង្កើតការងារដោយផ្ទាល់ប្រមាណ១លាននាក់និងដោយប្រយោលរាប់លាននាក់ថែមទៀតផង៕

អត្ថបទទាំងស្រុងពី៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា  និង AKP

RAC Media | លឹម សុវណ្ណរិទ្ធ




2018-09-28 04:05:07   ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 11:05 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក