ព័ត៌មាន

គម្រោងកម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយ

នៅសល់ពេលប្រមាណជាង២ខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នឹងចាប់ផ្តើមឡើងនៅទូទាំងប្រទេស ហើយរហូតមកទល់ពេលនេះ គណបក្សនយោបាយប្រមាណជា ២០គណបក្ស ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់ថានឹងចូលរួមក្នុងដំណើរការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។​ 


ឯកឧត្តមបណ្ឌិត គិន ភា អ្នកសម្របសម្រួលកម្មវិធីកិច្ចពិភាក្សាតុមូល

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកសម្របសម្រួលកម្មវិធីកិច្ចពិភាក្សាតុមូល បានបញ្ជាក់ឱ្យដឹងថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើន ដែលមិនបានជ្រួតជ្រាប និងយល់ឱ្យបានស៊ីជម្រៅអំពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយដែលនឹងចូលរួមក្នុងការបោះឆ្នោត​ខាងមុខនេះទេ។ ប្រធានវិទ្យាស្ថានរូបនេះ ក៏បានបញ្ជាក់ដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានគម្រោងនឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «កម្មវិធីនយោបាយរបស់គណបក្សនយោបាយ» នានា ចំនួន​០៦លើកជាបន្តបន្ទាប់ ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ តទៅរហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ នៅសាលរំដួល អាគារ A​ នៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងកម្មវិធីកិច្ចពិភាក្សាតុមូលនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងអញ្ជើញវាគ្មិន​ជា​តំណាង​នៃគណបក្សនយោបាយទាំងអស់​ មកបង្ហាញអំពីព័ត៌មាន​ទូទៅ​របស់​គណបក្ស​របស់​ខ្លួន ហើយនិងកម្មវិធីនយោបាយទូទៅរបស់គណបក្សនីមួយៗ ម​កពិភាក្សា​ដេញដោលគ្នា។ ក្នុង​នាមជា​អ្នក​រៀប​ចំ​កម្មវិធី និងជាអ្នកសម្របសម្រួលកិច្ចពិភាក្សាផងនោះ ឯកឧត្តម គិន ភា បាន​មានប្រសាសន៍ នៅក្នុងកម្មវិធីនេះ អ្នកចូលរួមអាចមានសំណួរសួរទៅ​កាន់​តំណាង​គណបក្ស​នីមួយៗផងដែរ។ ការលើកឡើងនេះ គឺច្បាស់ណាស់ថា ការរៀបចំ​កម្មវិធី​កិច្ចពិភាក្សា​តុ​មូលកន្លងមកនៅរាជបណ្ឌិត្យសភាកម្ពុជា អ្នកចូលរួមអាចលើកជាសំណួរ​សួរ​ទៅ​កាន់​វាគ្មិន​ណាមួយដែលខ្លួនពេញចិត្ត។

ការរៀបចំកម្មវិធីនេះឡើងមានគោលបំណង៖

  • ផ្តល់ឱកាសស្មើៗគ្នាដល់គណបក្សនយោបាយទាំងអស់ ដែលចូលរួមបោះ​ឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងការបង្ហាញ និងពិភាក្សាដេញ​ដោលអំពីកម្មវិធីនយោបាយរបស់ខ្លួន។
  • ផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានចូលរួមស្តាប់ និង​សាក​សួរ​ដេញដោលអំពីកម្មវិធីនយោបាយសំខាន់របស់គណបក្សនានា ដែល​ចូល​រួម​បោះឆ្នោត។
  • ប្រមូលចងក្រងកម្មវិធីនយោបាយ និងការសន្យានយោបាយរបស់គណបក្ស​នយោបាយជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ ដើម្បីតាមដានការអនុវត្តការ​សន្យានយោបាយទាំងនោះនៅពេលជាប់ឆ្នោត។
  • ចូលរួមលើកកម្ពស់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។​

រហូតមកទល់នឹងល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នេះ ឯកឧត្តម គិន ភា បាន​ប្រាប់ឱ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយទាំង២០ ដែលរាជបណ្ឌិត្យសភាកម្ពុជា​ បាន​ទាក់ទងអញ្ជើញនោះ មានគណបក្សនយោបាយ​មួយមិនអាចចូលរួមក្នុងពិភាក្សានេះ និងគណបក្សនយោបាយមួយទៀតមិនទាន់ឆ្លើយតប ដូច្នេះសូមគណបក្សនយោបាយទាំងអស់ ពិនិត្យកាលបរិច្ឆេទសម្រាប់កម្មវិធីបង្ហាញរបស់គណបក្សនយោបាយនានាដូចមានតារាងជូនភ្ជាប់ខាងលើបន្ថែមទៀត។
បើពិនិត្យឱ្យច្បាស់ទៅគណបក្សដែលមិនបានចូលរួមនោះគឺ គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ (LDP) ចំណែក​គណបក្សខ្មែរឈប់ក្រ ក៏មិនមាន​ការឆ្លើយតប​ តែទោះយ៉ាងណាក៏ដោយ រាជបណ្ឌិត្យសភាកម្ពុជា សង្ឃឹមទុកថា គណបក្សនយោបាយនានា នឹងឆ្លៀតចាប់យកឱកាសដ៏កម្រ​នេះ ដើម្បីបង្ហាញជូនសាធារណជនពីគោលនយោបាយសំខាន់ៗរបស់ខ្លួន។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ​កិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ៗ ដោយទទួលបានការគាំទ្រពីសំណាក់សាធារណជន និងអ្នកសារព័ត៌មានជាច្រើនផងដែរ។ នៅចាំបានថា កាលពីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ​ រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ផ្តើមរៀបចំកម្ម​វិ​ធី​កិច្ចពិភាក្សាតុមូលប្រភេទនេះ​យ៉ាង​ផុសផុល ដោយមានវត្តមានរបស់វាគ្មិនមកពីគណបក្សនយោបាយ និងអ្នកស្រាវជ្រាវ មកពិភាក្សាដេញដោលគ្នានៅលើវេទិកា និងបញ្ចប់ទៅដោយមានការសួរសំណួរជាច្រើនពីសំណាក់អ្នក​ចូលរួមជាសមាសភាពមកពីគ្រប់និន្នាការបក្សនយោបាយ មន្ត្រីរាជការ សិស្សនិស្សិត និង​ប្រជា​ពលរដ្ឋ​ជាច្រើនរូបផងដែរ៕

ខាងក្រោមនេះ ជាកម្រងរូបភាពមួយចំនួនពីការរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូល នៅរាជបណ្ឌិត្យសភាកម្ពុជា​នាពេលកន្លងមក៖




ព័ត៌មានដោយ សេង សុធា | RAC Media

2018-05-25 17:45:04   ថ្ងៃសុក្រ, 25 ឧសភា 2018 ម៉ោង 12:45 AM
«អាគារឥន្ទ្រទេវី» ចំណងដៃពីថ្មីសម្រាប់វិស័យបណ្តុះបណ្តាលនិងស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា !


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

បន្ទាប់ពីបញ្ចប់បេសកកម្មជូនជាតិ និងស្ថាប័ននៅប្រទេសថៃ និងខេត្តព្រះវិហាររួចមក នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញមួយរសៀលជាមួយក្រុមការងារសាងសង់អាគាររបស់អ្នកឧកញ្ញ៉ា ពុង ឃាវសែ ដែលនឹងផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា នូវអាគារមួយខ្នងមានកម្ពស់៤ជាន់ សម្រាប់បម្រើដល់វិស័យបណ្តុះបណ្តាល និងស្រាវជ្រាវ នៅក្នុងស្ថាប័នស្រាវជ្រាវរបស់ជាតិ។

បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា អាគារថ្មីនេះ ឯកឧត្តមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដាក់ឈ្មោះថា «អគារឥន្ទ្រទេវី» ហើយការសាងសង់ អាចនឹងត្រូវចំណាយអស់ជិត ២លានដុល្លារអាម៉េរិក ដោយមិនទាន់គិតពីការបំពាក់ឧបករណ៍ផ្សេងៗ។


កិច្ចពិភាក្សាជាមួយក្រុមការងារអ្នកឧកញ្ញា ពុង ខៀវសែ នៅសាលស្លឹករឹត អាគារបណ្ឌិតសភាចារ្យ

សូមបញ្ជាក់ថា គិតចាប់តាំងពីឡើងកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានតាំងចិត្តក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ប្រែក្លាយស្ថាប័នរាជ​បណ្ឌិត្យសភាកម្ពុជាឱ្យក្លាយជាធនាគារខួរក្បាល ជាកន្លែងដែលប្រមូលផ្តុំនូវបញ្ញាវន្តដែលអាចផលិត​នូវការងារស្រាវជ្រាវដែលមានសារប្រយោជន៍ដល់ជាតិមាតុភូមិកម្ពុជា។ អគ្គលេខាធិការរាជបណ្ឌិត្យ​សភា​កម្ពុជា ឯកឧត្តម យង់ ពៅ ធ្លាប់បានប្រាប់ឱ្យដឹងថា «...ជាធនាគារខួរក្បាល ត្រូវការទាំងថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ឈរក្នុងភាពជាម្ចាស់លើការងារ ត្រូវមានវិន័យ និងសណ្តាប់ក្នុងអង្គភាពហើយមានទស្សនវិស័យធ្វើពីគ្មាន ឱ្យទៅជាមាន»។

«អាគារឥន្ទ្រទេវី»នេះ ជាចំណែកមួយនៃកិច្ចប្រឹងប្រែងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការគាំទ្រនិងសាងសង់ដោយក្រុមការងាររបស់អ្នកឧកញ្ញ៉ា ពុង ខៀវសែ ហើយក៏ជាអាគារទី២ ដែលរាជបណ្ឌិត្យសភាកម្ពុជាទទួលបាន បន្ទាប់ពីកាដូអាគារខេមរវិទូ ដែលជាកាដូដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

RAC Media

2018-05-25 16:47:09   ថ្ងៃសុក្រ, 25 ឧសភា 2018 ម៉ោង 11:47 PM
ពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃសុក្រ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ក្នុងពីធីដាំដើមឈើ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ដែលស្ថិតនៅឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ មានផ្ទៃដីសរុប១១៤.៣៥គីឡូម៉ែត្រការ៉េ ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/ រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងសក្តានុពល ជាច្រើនដូចជា ធនធានព្រៃឈើ សត្វព្រៃ វត្ថុបុរាណ ដែលអាចបម្រើដល់មុខងារក្នុងបរិស្ថានព្រៃឈើវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ដ៏ទាក់ទាញផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយណាស់ ដែលមានវត្តមានមកលើទឹកដីនៃស្រុកឆែប ខេត្តព្រះវិហារនេះជាលើកទី៣។ 


សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ថានៅទីនេះមិនគ្រាន់តែជាគោលដៅសំរាប់អភិរក្ស ប៉ុណ្ណោះនោះទេ តែវាជាតំបន់មួយសំរាប់ធ្វើសិក្សាស្រាវជ្រាវផងដែរ ព្រោះជាតំបន់នេះជាកេរមរតក ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ តាមការលើកឡើងពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលមានគោលបំណងបង្កើតជាកន្លែងផលិតទឹកដោះគោស្រស់នៅនឹងទីតាំងឧទ្យាននេះ សម្តេចតេជោបានសំដែងនូវការគាំទ្រ ហើយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារបានចូលរួមចំណែកផ្តល់ជាថវិកាចំនួន១០ម៉ឺនដុល្លារផងដែរ ក្នុងការចូលរួមទិញមេគោដើម្បីចិញ្ចឹមយកទឹកដោះនៅទីនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តំបន់នេះបន្ទាប់ពីមានការអភិរក្ស និងអភិវឌ្ឍន៍ហើយ នឹងទទួលបាននូវភាពទាក់ទាញជាក់ជាមិនខាន ពីព្រោះជាកន្លែងអភិរក្សផង និងជាកន្លែងស្រាវជ្រាវ និងទាក់ទាញទេសចរណ៍ផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដាំដើមឈើពិតជាមានសារសំខាន់ណាស់ សំរាប់ការរីក ដុះដាលធនធានព្រៃឈើរបស់យើងឡើងវិញ។ 


សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាតម្រូវការឈើ ពិតជាមានច្រើនណាស់សម្រាប់  ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ បូករួមទាំងបទល្មើសព្រៃឈើផងដែរ ដូច្នេះរាជរដ្ឋាភិបាល បានខិតខំដាំដើមឈើឡើងវិញជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនគម្របព្រៃឈើអោយកាន់តែច្រើនឡើងវិញ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែកថែរក្សា និងអភិរក្សព្រៃឈើនោះ គឺត្រូវតែមានការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រៃឈើនោះជាមុនសិន ដូចជាតាមរយៈ ការផ្តល់ដីសម្រាប់ពួកគាត់បង្កបង្កើនផល ការកាត់បន្ថយកុំឱ្យពួកគាត់ប្រើប្រាស់ អុស ឬធ្យូងច្រើន ជំរុញឱ្យគាត់បង្កើនការដាំដុះ ដំណាំឧស្សាហកម្មផ្សេងៗដូចជា កៅស៊ូ ស្វាយចន្ទី និងដំណាំផ្សេងៗទៀតជាដើម។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកសាជាថ្មីថា រាជរដ្ឋាភិបាលមិនបន្តផ្តល់ដីសម្បទាន សេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនណាទៀតនោះទេ តែត្រូវផ្តល់ជាដីសម្បទានសង្គមកិច្ចឱ្យប្រជាពលរដ្ឋរស់នៅ និងបង្កបង្កើនផលវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវតាមដានការគ្រប់គ្រង ព្រៃឈើឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវ ឱ្យក្រុមអ្នកមានលុយ និងមានអំណាចមួយចំនួនមកទន្ទ្រាន ព្រៃឈើខុសច្បាប់ណាមួយឡើយ។ 

នៅថ្ងៃនេះសម្តេចតេជោបានប្រកាសនូវថវិកាមួយចំនួន ដែលទទួលបានពីការចូលរួមរបស់សប្បុរសជនក្នុងការអភិរក្ស និងអភិវឌ្ឍន៍ នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹបនេះ រួមទាំងថវិការបស់សម្តេចតេជោ និងក្រុមគ្រួសារចំនួន១០ម៉ឺនដុល្លារនោះ គឺសរុបទទួលបាន ចំនួន១សែន៥ម៉ឺន២០០០ដុល្លារសហរដ្ឋអាម៉េរិក។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមជូនពរឱ្យក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលរួមក្នុងសកម្មភាពអភិរក្ស និងអភិវឌ្ឍន៍នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនប្ញស្សីត្រឹបនេះ ទទួលបានជោគជ័យនាពេលខាងមុខ និងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ 

នាឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសដាំដើមឈើប្រភេទឈើក្រញូង ជានិមិ្មតរូប អនុស្សាវវរីយ៍នៅទីនេះ ហើយក៏មានមន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងប្រជាពលរដ្ឋមួយចំនួនបាន ចូលរួមដាំដើមឈើ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនប្ញស្សីត្រឹប ក្នុងបរិយាកាសរីករាយ ក្រៃលែងផងដែរ៕

(ប្រភព៖  Page Facebook Samdach Hun Sen Prime Minster of Cambodia)


2018-05-18 14:15:45   ថ្ងៃសុក្រ, 18 ឧសភា 2018 ម៉ោង 09:15 PM
សហប្រតិបត្តិការ ដើម្បីជនរួមជាតិ

នាព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ តំណាងមន្ទីរពេទ្យកាល់ម៉ែត ដែលមានឯកឧត្តមសាស្ត្រាចារ្យ ញ៉ែម សុភឿន ប្រធានមជ្ឈមណ្ឌលព្យាបាល ជំងឺបេះដូង និងក្រុមវេជ្ជបណ្ឌិតជំនាញបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។ កិច្ចពិភាក្សានេះ ផ្តោតជាសំខាន់ ពីការបង្កើតកិច្ចសហការជាមួយអ្នកជំនាញវះកាត់បេះមកពីមន្ទីរពេទ្យក្រុងបាងកក និងការបណ្តុះបណ្តាល បន្ថែមផ្នែកវះកាត់បេះដូងដល់គ្រូពេទ្យកម្ពុជា។


សូមបញ្ជាក់ថា ខណៈដែលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើដំណើរទស្សនកិច្ចនៅសហគមន៍ ចិញ្ចឹមគោទឹកដោះ វ៉ាង ណាំយីន កាលពីខែមេសាកន្លងមកនេះ ប្រធានសហគមន៍ដែលជាអ្នកឧបត្ថម្ភធំ ដល់មូលនិធិថែរក្សាបេះដូង បានរៀបចំឱ្យមានជំនួបជាមួយក្រុមគ្រូពេទ្យបេះដូងដ៏ល្បីនៅក្រុងបាងកក។ ជាលទ្ធផល ខាងភាគីថៃនឹងធ្វើកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់អាហារូបករណ៍សិក្សាជំនាញវះ កាត់បេះដូងដល់គ្រូពេទ្យជំនាញបេះដូងកម្ពុជា។ អ្នកសិក្សា ត្រូវមានឆន្ទៈពិតប្រាកដក្នុងការយកជំនាញមក បម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជា។


ឯកឧត្តមសាស្ត្រាចារ្យ ញ៉ែម សុភឿន បានសំដែងភាពរីករាយចំពោះការផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ  សុខ ទូច ឱ្យមានកិច្ចសហការនេះឡើង និងរីករាយស្វាគមន៍ចំពោះវត្តមាន ក្រុមគ្រូពេទ្យបេះដូងរបស់ភាគីថៃដែលមានបំណងមកទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។ទាំងនេះ ជាការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សបង្កើនអ្នកជំនាញផ្នែកវះកាត់បេះដូងបន្ថែមទៀតនៅកម្ពុជា បន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជូនមន្ត្រីចំនួន១០រូប ទៅសិក្សាពីបច្ចេកទេសចិញ្ចឹម គោយកទឹកដោះនៅប្រទេសថៃរួចហើយ ស្របតាមគោលនយោបាយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងតម្រូវការជាក់ស្តែង។

RAC Media


2018-05-15 21:30:34   ថ្ងៃអង្គារ, 15 ឧសភា 2018 ម៉ោង 04:30 AM
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃសុក្រ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទសោតទស្សន៍នៃរាជបណ្ឌិត្យសភាកម្ពុជា។ 


របៀបវារៈនៃកិច្ចប្រជុំនេះមាន៖

១. សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី

២. សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ

៣. សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥  

     មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤នៃច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើ

     អាជីវកម្មធនធានរ៉ែ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣

    ខែកក្កដាឆ្នាំ២០០១។

៤.បញ្ហាផ្សេងៗ៖ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ

    «កិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី(AFoCO) »។ 


4

2018-05-11 03:19:06   ថ្ងៃសុក្រ, 11 ឧសភា 2018 ម៉ោង 10:19 AM
សេចក្តីថ្លែងការណ៍របស់អតីត​ប្រធានាធីបតី​ម៉េរិកទី៤៤ លោក ​បារ៉ាក់​ អូបាម៉ា


អតីត​ប្រធានាធីបតី​អាម៉េរិកទី៤៤ លោក ​បារ៉ាក់​ អូបាម៉ា កាលពី​ថ្ងៃ​អង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បាន​ចេញ​មុខ​រិះគន់​ខ្លាំង​ៗ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដោយ​លើក​ឡើងថា​ ការ​សម្រេច​នេះ​​អាច​នាំ​ទៅ​រកផ្លូវ​ខុស។លោក​បារ៉ាក់​ អូបាម៉ា អតីតប្រធានាធិបតីស្បែកខ្មៅដំបូងគេរបស់អាម៉េរិករូប​នេះ បាន​ថ្លែង​បន្តទៀតថា "នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​ វា​តែង​តែ​មាន​ការ​ផ្លាស់​ប្ដូរ​គោលនយោបាយ​ និង​អាទិភាព​ពី​រដ្ឋបាល​មួយ​ទៅ​រដ្ឋបាល​មួយ​ទៀត។ តែ​ការ​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ វា​អាច​បំផ្លាញ​នូវ​ភាព​ប្រាកដប្រជា​របស់​សហរដ្ឋអាម៉េរិក និង​នាំឲ្យ​យើង​ស្ថិត​ក្នុង​ភាព​អវិជ្ជមាន​ជាមួយ​នឹង​ប្រទេស​មហាអំណាច​ផ្សេង​ទៀត"។


រីឯអតីត​អនុ​ប្រធានាធិបតី​អាមេរិកក្នុងរដ្ឋបាលលោក អូបាម៉ា លោក Joe Biden ក៏បាន​បង្ហាញការ​មិនយល់​ស្រប​ទៅនឹង​ការ​ប្រកាស​របស់​លោក​ត្រាំ​ផង​ដែរ។ លោក​ បាន​លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​​នេះ គឺ​ជា​កំហុស​ដ៏​ធំ​មួយ ដែល​វា​នឹង​នាំ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ឆ្ពោះ​ទៅ​កាន់​ការអភិវឌ្ឍអាវុធ​នុយក្លេអ៊ែរ​ម្ដង​ទៀត​ ដោយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សំណង​អ្វី​ទេ។លោក Joe Biden បានថ្លែង​នាពេល​កន្លង​មក នៅ​មុខ​សេតវិមាន​អាម៉េរិក អមលោក​អូបាម៉ា។គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ ត្រូវ​បាន​ចុះ​ហត្ថលេខាក្នុង​រដ្ឋបាល​របស់​លោក​អូបាម៉ា កាល​ពី​ឆ្នាំ​២០១៥​ ក្នុងគោលបំណង​ដើម្បីផ្អាកការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរអ៊ីរ៉ង់៕


2018-05-09 22:08:21   ថ្ងៃពុធ, 09 ឧសភា 2018 ម៉ោង 05:08 AM
ពិធីសំណេះសំណាលចងក្រងជីវប្រវត្តិ និងគុណកថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។

2018-05-05 10:33:59   ថ្ងៃសៅរ៍, 05 ឧសភា 2018 ម៉ោង 05:33 PM
ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យជីវជាំង

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃទី ២៨ មេសាឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ​រាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយប្រតិភូដែលអញ្ជើញមកពីសាកលវិទ្យាល័យជីវជាំង នៃសាធារណរដ្ឋប្រជាមានិតចិន។


នៅក្នុងឱកាសនៃជួបនោះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង បានពិភាក្សា លើបញ្ហាមួយ ចំនួន ដែលមានដូចជា ឱកាសនៃការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ការបណ្តុះបណ្តាលលើជំនាញវេជ្ជសាស្ត្រ ការផ្លាស់ប្តូរអ្នកជំនាញរបស់ស្ថាប័នទាំងពីរ និងការធ្វើសន្និសីទរួមគ្នា។ភាគីទាំងពីរបានចុះហត្ថលេខាយល់ព្រម លើចំណុចដូចខាងក្រោម៖

         ១. ការសិក្សាស្រាវជ្រាវលើបញ្ហាវេជ្ជសាស្ត្រ និងប្រតិបត្តិការឱសថបុរាណចិននៅក្នុង ព្រះរាជណាចក្រកម្ពុជា  

             ដោតផ្តោលើបញ្ហាប្រឈម និងដំណោះស្រាយ

         ២.ការសិក្សាស្រាវជ្រាវលើអត្រានៃជំងឺដែលប៉ះពាល់សុខភាពប្រជាជនកម្ពុជា ដែលមានដូចជាជំងឺថ្លើម

            និងជំងឺក្រពះ ជាដើម។

        ៣.ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាទៅប្រទេសចិន ដើម្បីសិក្សាយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់តំលៃ

            វេជ្ជសាស្ត្រក្នុងប្រទេសកម្ពុជា។ ៤. កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ដើមឈើរបស់ព្រះរាជាណាចក្រកម្ពុជា

​​            នៅក្នុងទីតាំងឧទ្យានតេជោសែនឬស្សីត្រឹបនៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ ភាគីទាំងពីរបានចុះហត្ថលេខាយល់ព្រមនូវចំណុចខាងលើ ដោយភាគីរាជ បណ្ឌិត្យសភាកម្ពុជា ដំណាងដោយឯកឧត្តមបណ្ឌិត យង់ ពៅ ហើយភាគីចិនដំណាងដោយបណ្ឌិត Xu Lishen ប្រធានផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជីវជាំង។

2018-05-05 10:21:06   ថ្ងៃសៅរ៍, 05 ឧសភា 2018 ម៉ោង 05:21 PM
ជំនួបជាមួយដៃគូសហប្រតិបត្តិការពីក្រុងសៀងហៃ

ឯកឧត្តមបណ្ឌិតយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្អង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូចិន មកពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើតដឹកនាំដោយលោកស្រី ឆាង ជីវម៉ី ជួបសំដែងការគួរសម និងពិភាក្សាការងារនៅសាលស្លឹករឹត ព្រឹកថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨។


គោលបំណងនៃជំនួបនេះគឺផ្តោតជាសំខាន់ក្នុងការផ្លាស់ប្តូរនិស្សិតថ្នាក់ក្រោយឧត្តមសិក្សា ការផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជា និងការពិនិត្យលទ្ធភាពក្នុងបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។ លោកស្រី ឆាង ជីវម៉ី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងប្រសិទ្ធភាពការងាររបស់រាជបណ្ឌិត្យសភាកម្ពុជានាដំណាក់កាលថ្មីៗនេះ លោកស្រីមានជំនឿយ៉ាងមុតមាំថា ស្ថាប័នយើងទាំងពីរនឹងអាចធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យសិក្សានិងស្រាវជ្រាវ ជាពិសេសលើការសិក្សាភាសាចិនសម្រាប់ថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់ក្រោយឧត្តមសិក្សា។ 


យ៉ាងណាម៉ិញ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានដើរតួយ៉ាងសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលភាសាចិនដល់សិស្សានុសិស្សកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយនូវវប្បធម៌ចិនដល់សិស្សានុសិស្សកម្ពុជា។ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូនិងបានកោតសរសើរចំពោះថ្នាក់ដឹកគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជានាពេលនេះ។ ឯកឧត្តមបណ្ឌិតបានបន្តថា « រដ្ឋាភិបាលប្រទេសយើងទាំងពីរ មានទំនាក់ទំនងគ្នាយ៉ាងល្អ ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ក្នុងនាមជាដៃគូសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ 


បន្ថែមពីលើនេះទៀត ការជួបគ្នារវាងស្ថាប័នអប់រំសិក្សាស្រាវជ្រាវកំពូលៗរបស់ជាតិយើងទាំងពីរ ក៏ទាមទារឱ្យមានកិច្ចសហការគ្នាល្អផងដែរ។ ក្នុងន័យនេះយើងគួរមានកិច្ចសហការក៏ដូចជាកិច្ចការស្រាវជ្រាវរួមគ្នា ដើម្បីបង្កើននូវការរឹតចំណងមិត្តភាព ជាពិសេសលើការអប់រំនិងបណ្តុះបណ្តាលភាសាចិន»។ លោកស្រីឆាង ជីវម៉ី បានទទួលយកសំណើខាងរាជបណ្ឌិត្យសភាកម្ពុជានិងពិនិត្យលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សកម្ពុជាតាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។


 ដោយ ខែក វីរៈ | RAC Media

2018-04-08 12:16:36   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 07:16 PM
ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើត។ អ្វីដែលសហរដ្ឋអាម៉េរិកចង់ឆ្លុះបញ្ចាំងនៅពេលនេះគឺតួនាទីដែលរីកធំជាងមុនរបស់ឥណ្ឌា ទាំងសេដ្ឋកិច្ចនិងសន្តិសុខ។ ទី២ គឺអាម៉េរិកចង់ពង្រីកនូវតួនាទីរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបើយើងក្រឡេកមើលទីតាំង គឺកម្ពុជា ស្ថិតនៅចំកណ្តាលតំបន់នេះ ។


 អាម៉េរិកចង់ឃើញប្រទេសឯករាជ្យដែលមានស្ថានភាពនិងគោលដៅដូចគ្នា នឹងអាចរីកចម្រើនទាំងអស់គ្នា។ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក គឺធានាបាននូវសេរីភាពនិងសន្តិភាព ប៉ុន្តែយើងបានជំរុញឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិសេរីភាពនិងអំណាចដល់ពលរដ្ឋ ហើយអំណាចរដ្ឋត្រូវតែមានធម្មានុរូប។ ចក្ខុវិស័យរបស់អាម៉េរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មិនទាត់ចោលប្រទេសណាមួយចោលនោះទេ ហើយអាម៉េរិកបានបើកចំហរចំពោះការធ្វើដំណើរទៅមុខរបស់ប្រទេសនានា។ 


សហរដ្ឋអាម៉េរិកមានមូលដ្ឋានបុគ្គលិកការទូតច្រើននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយដៃគូនិងសម្ព័ន្ធមិត្តអាម៉េរិកនៅទីនោះ គ្មាននរណាអាចប្រៀបធៀបបាននោះឡើយ ក្នុងនោះមានអាស៊ាន និងអេប៉ិច ដែលជាវេទិកាតំបន់ដោយមានការបើកចំហរ និងសេរី។ សហរដ្ឋអាម៉េរិក បានវិនិយោគច្រើនទៅក្នុងស្ថាប័នតំបន់ទាំង២ដើម្បីធានាបាននូវភាពរីកចម្រើននិងសន្តិសុខក្នុងតំបន់ ហើយអាម៉េរិកនឹងធ្វើការដោះស្រាយបញ្ហាវិវាទដោយច្បាប់អន្តរជាតិនិងតំបន់។  នេះអ្វីដែលបានលើកឡើងក្នុងបាឋកថា ស្ដីពី «គោលនយោបាយរដ្ឋបាលដូណាល់ត្រាំ ស្ដីពីសន្តិសុខ និងពាណិជ្ជកម្មក្នុងតំបន់» ដោយធ្វើបទបង្ហាញដោយ លោក ម៉ៃឃើល ញូបៀល អនុប្រធានបេសកកម្មកិច្ចការបរទេសរបស់ស្ថានទូតអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជានៅសាលរំដួលអគារ A នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នេះ ។


ដោយ ខែក វីរៈ / RAC Media

2018-04-08 11:52:31   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:52 PM

សេចក្តីប្រកាស

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទានុក្រមកសិកម្ម និងក្បាលលិខិតរបស់រាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២១

ថ្ងៃអង្គារ, 31 សីហា 2021 ម៉ោង 08:46 PM

ចុចមើល ទាញយក