Royal Academy of Cambodia
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨
ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើត លិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ(ភ្នំពេញ)៖ ខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជនពាក់ព័ន្ធនឹងក្រុមហ៊ុនអភិវឌ្ឍន៍ឆ្នេរពយកំពេញនៃខេត្តព្រះសីហនុ ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍទៅជារមណីយដ្ឋានទេសចរណ៍លំដាប់ខ្ពស់មួយនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានថ្លែងតាមរយៈកិច្ចសម្ភាសន៍ពិសេសមួយថា រាជរដ្ឋា ភិបាលកម្ពុជាបាននិងកំពុងខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនបន្ថែមទៀត។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News ប្រមុខដឹកនាំក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានប្រាប់ឲ្យដឹងថា ការអនុញ្ញាតឲ្យវិស័យឯកជនធ្វើការវិនិយោគបង្កើតផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឆ្នេរសមុទ្រនោះគឺស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍២០១២ -២០២០ របស់រាជរដ្ឋាភិបាល។ រាល់ គំរោងអភិវឌ្ឍន៍ណាក៏ដោយដែលគោរព អនុវត្តតាមគោលការណ៍ណែនាំនៃការគ្រប់គ្រងឆ្នេរសមុទ្ររបស់រាជរដ្ឋាភិ បាលគួរត្រូវបានលើកទឹកចិត្ត។
នៅតំបន់សមុទ្រ ទន្ទឹមនឹងការខិតខំថែរក្សាឆ្នេរខ្សាច់ ឱ្យបានស្អាត ដើម្បីការកំសាន្តរបស់ទេសចរ និងកែសម្រួលការអភិវឌ្ឍខុសឆ្គងកន្លងមកដែលកំពុងមាន គឺជាកិច្ចការដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាកំពុងខិតខំធ្វើ។ព្រមជាមួយនេះ ក៏ត្រូវខិតខំសិក្សារកវិធីទាក់ទាញឲ្យមានការវិនិយោគជារមណីយដ្ឋានសម្រាកលម្ហែកម្សាន្តការកសាងឲ្យមានចំណតទូកក្តោង Marina ។ល។
ទីតាំងពយកំពេញនេះគឺសមស្របទៅនឹងផែនការយុទ្ធសាស្ត្រនេះណាស់។ តំបន់ឆ្នេរសមុទ្រកម្ពុជាដែលមាន៤ខេត្ត មានកោះជាង៦០ ឆ្នេរខ្សាច់ ឆ្នេរ ថ្មធំ ថ្មតូច ប្រវែង ៤៤០គីឡូម៉ែត្រ ក៏ពិតមែន តែកន្លែងទាំងនោះក៏នៅពុំទាន់បានអភិវឌ្ឍជាកន្លែងកម្សាន្តសម្រាប់ទេសចរទាំងអស់នៅឡើយ ដោយកន្លែងខ្លះ ពុំទាន់មានហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ចូលទៅបាន។ ផ្ទុយទៅវិញ កន្លែងខ្លះមានផ្លូវចូលទៅហើយ តែពុំទាន់មានការវិនិយោគ ដែលចាំបាច់ត្រូវមានអ្នកវិនិ យោគដែលមានស្នាដៃជំនាញ និងប្រវត្តិយល់ដឹងពីការកាពារបរិស្ថានឆ្នេរសមុទ្រច្បាស់លាស់ល្អទើបអនុញ្ញាតបាន។ កន្លែងខ្លះដែលពុំមានឆ្នេរខ្សាច់ក៏ត្រូវសិក្សាបង្កើតឲ្យមានឆ្នេរខ្សាច់។ ដូចនៅខេត្តកែប ឆ្នេរខ្សាច់ដែលមាននៅក្នុង ទីក្រុងកែបបច្ចុប្បន្ន គឺមិនមែនជាឆ្នេរខ្សាច់ធម្មជាតិនោះទេ តែជាឆ្នេរខ្សាច់សិប្បនិម្មិត ដែលលោកអភិបាលក្រុងកែបក្នុងជំនាន់មុនឆ្នាំ ១៩៧០ បានយកខ្សាច់ទៅចាក់បំពេញ ដើម្បីបង្កើតឡើង (ហើយក្រោយមក យើងក៏បន្តថែរក្សាចាក់បំពេញរហូតមក) ខណៈពេលដែលឆ្នេរខ្សាច់អង្កោលដ៏វែងមានក្នុងខេត្តនេះក៏មិនទានអាចរៀបចំបាន។ដូច្នេះគោល ដៅដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងអភិវឌ្ឍនៅតំបន់ឆ្នេរសមុទ្រមាន៣គឺ កោះ ឆ្នេរខ្សាច់ និងទីក្រុងជាប់ឆ្នេរ។ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកឡើងនូវទស្សនទាននៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពមួយឃ្លាថា «អភិរក្សបម្រើឱ្យការអភិវឌ្ឍ ការអភិវឌ្ឍបម្រើឱ្យការអភិវឌ្ឍ» ដោយប្រទេសកម្ពុជាសម្បូរដោយសក្តានុពលបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ល្អស្អាតជាច្រើនកន្លែង (ប្រាសាទបុរាណ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត តំបន់ទេសចរណ៍ធម្មជាតិ/អេកូទេសចរណ៍ជាដើម) ដែលអាចបង្កើតជាផលិតផលទេសចរណ៍ដ៏ទាក់ទាញបានយ៉ាងច្រើន សម្រាប់បច្ចុប្បន្ន និងទៅអនាគត ហើយផលិតផលទេសចរណ៍ទាំងនោះនឹងនាំមកនូវចំណូលយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ បង្កើតឱ្យយមាននូវឱកាសការងារ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ដូច្នេះ រាល់គម្រោងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ទោះបីជានៅក្នុងកម្រិតតូច មធ្យម ធំ ឬទោះបីនៅទីកន្លែងណាក៏ដោយ ក៏ត្រូវបានគិតគូរយកចិត្តទុកដាក់ដល់ការអភិរក្សជាមុន។ ប៉ុន្តែ ការអភិរក្សមិនមែនមានន័យថាជាការរារាំងដល់ការអភិវឌ្ឍនោះទេ ខណៈដែលគម្រោងអភិវឌ្ឍន៍ទាំងឡាយនោះ តរូវបានបម្រើឱ្យការអភិរក្ស។ ជាឧទាហរណ៍ យន្តការអភិរក្សតំបន់អង្គរបច្ច្ចុប្បន្ន គឺប្រកបដោយការប្រុងប្រយ័ត្ន និងស្មារតីទទួលខុសត្រូវខ្ពស់ ក៏ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។វាគឺជាការអភិវឌ្ឍទេសចរណ៍មួយដែលមានការគ្រប់គ្រងច្បាស់លាស់នៅក្នុងតំបន់នេះ សំដៅបង្កើនចំនួនទេសចរ បានប្រាក់ចំណូល បង្កើតការងារ តែត្រូវធានាឱ្យបាននូវកិច្ចការពារ អភិរក្ស បេតិកភណ្ឌពិភពលោកដ៏អច្ឆរិយៈមួយនេះឲ្យបានគង់វង្សរាប់ជំនាន់កូនចៅទៅអនាគត។
សរុបទៅ នៅតំបន់សៀមរាបអង្គរ មាន៤គោលដៅដែលត្រូវយកចិត្តទុកដាក់គឺ តំបន់ប្រាសាទអង្គរ ទីក្រុងសៀមរាប តំបន់ទន្លេសាប និងតំបន់ជុំវិញ។ នៅតំបន់ជុំវិញនេះក៏ពោរពេញដោយសម្បត្តិវប្បធម៌ ធម្មជាតិ ដែលត្រូវបានរក្សាការពារដោយសហគមន៍ ប្រជាពលរដ្ឋមូលដ្ឋាន ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសហគមន៍នេះជាសហគមន៍ទេសចរណ៍ ដោយត្រូវបញ្ចូលសកម្មភាពទេសចរណ៍ដែលមានការទទួលខុសត្រូវនៅក្នុងសហគមន៍នេះ ដើម្បីឱ្យប្រជាពលរដ្ឋសហគមន៍បានទទួលចំណូលបន្ថែមពីសកម្មភាពទេសចរណ៍តាមរយសេវាស្នាក់នៅជាផ្ទះស្នាក់ សេវាមគ្គុទ្ទេសក៍សហគមន៍ សេវាដឹកជញ្ជូនតាមរទេះគោ រទេះសេះ កាណូតឬទូកតូចៗ សេវាម្ហួូបអាហារ ។ល។ពោលគឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅតំបន់ជុវិញបានទទួលចំណូលជាអតិបរមាពីទេសចរ។ដរាបណាប្រជាពលរដ្ឋសហគមន៍បានទទួលផលប្រយោជន៍ពីសកម្មភាពទេសចរណ៍ប្រកបដោយសមធម៌ហើយ ដរាបនោះធនធានវប្បធម៌ និងធម្មជាតិនៅតំបន់នោះពិតជានឹងត្រូវបានការពារដោយប្រជាពលរដ្ឋប្រកបដោយស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់។ រីឯរាជធានីភ្នំពេញជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ជារាជ ធានីរបស់ប្រទេសជាតិ ដែលមានទីតាំងល្អឯក ចំទន្លេចតុមុខ។ ដោយឡែក នៅតំបន់ជុំវិញរាជធានីភ្នំពេញ មានភ្នំព្រះរាជទ្រព្យជាអតីតរាជធានី និងទេសភាពសំបូរបែបតាមដងទន្លេមេគង្គប្រកបដោយភាពទាក់ទាញ។ល។ នៅតំបន់ឥសាន្ត មានសត្វផ្សោតទន្លេមេគង្គ ឯតំបន់និរតីនៃប្រទេសសុទ្ធតែពោរពេញទៅដោយសក្តានុពលទេសចរណ៍វប្បធម៌ ធម្មជាតិ និងទេសចរណ៍សហគមន៍។ ពិសេសបំផុតដែលមិនអាចកាត់ថ្លៃបាន គឺភាពញញឹម រួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនកម្ពុជា។ ទាំងនេះសុទ្ធតែជាសក្តានុពលទេសចរណ៍ដែលមានឧត្តមភាពប្រកួតប្រជែងនៅក្នុងតំបន់និង លើពិភពលោក។ទាំងអស់នេះគ្រាន់តែជាការរៀបរាប់ដោយសង្ខេបស្តីអំពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍវិស័យទេស ចរណ៍កម្ពុជាយើងប៉ុណ្ណោះ។ សូមគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួម និងគាំទ្រ ព្រោះវិស័យទេសចរណ៍គឺជាអន្តរវិស័យ ដែលក្រសួងទេសចរណ៍តែម្នាក់មិនអាចធ្វើបានទេ។ ប៉ុន្តែ អ្វីដែលគួរចងចាំទាំងអស់គ្នា គឺការអភិរក្សមិនមែនដើម្បីរារាំងដល់ការអភិវឌ្ឍនោះទេ ដរាបណាគំរោងអភិវឌ្ឍន៍នោះបម្រើឱ្យការអភិរក្ស ដោយវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាមាសបៃតង និងជាការនាំចេញនៅនឹងកន្លែង ដែលបានចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតប្រាក់ចំណូល បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ។ សូមបងប្អូនទាំងអស់មេត្តាចូលរួមក្នុងយុទ្ធនាការ និងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ស្អាត និងបៃតង។
ប្រភព: ក្រសួងទេសចរណ៍
RAC Media | ហេង សុភី
ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំទាន់បានពិភាក្សាទៅលើយន្តការ ឬកំណត់ពេលវេលាក្នុងការប្រមូលពន្ធ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(Online)ក្នុងស្រុកទេ។នេះបើតាមសេចក្តីបំភ្លឺបន្ថែមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ថ្ងៃទី២៨កញ្ញា។
ក្នុងកិច្ចប្រជុំស្តីពី«សារពើពន្ធអេឡិចត្រូនិច(E-Tax)នៅទីស្តីការក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី២៥ ខែកញ្ញា ក្រសួង គ្រាន់តែសិក្សាទិដ្ឋភាពទូទៅនៃE-Tax និងការរីកចម្រើនរបស់សេដ្ឋកិច្ចឌីជីថលក្នុងប្រទេស តំបន់ និងសាកលលោក។ ក្នុងកិច្ចប្រជុំនោះ បានផ្តោតសំខាន់ទៅលើការរៀបចំបរិស្ថាន ដើម្បីឱ្យយទីផ្សារសេដ្ឋកិច្ចឌីជីថល កម្ពុជាមានការរីកចម្រើនលូតលាស់តាមរយៈការគិតគូរ និងរៀបចំក្របខណ្ឌគោលនយោបាយគ្រប់ជ្រុងជ្រោយ ដើម្បីវឌ្ឍនភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា។
បន្ថែមពីនេះក្រសួងសេដ្ឋកិច្ច បានពិភាក្សាដោយផ្តោតលើពាណិជ្ជ ជម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្លងកាត់ព្រំដែន (Cross-border e-commerce) ដោយក្រុមហ៊ុនសេវាផ្គត់ផ្គង់ឌីជីថលក្រៅប្រទេស ដែលនាំឲ្យប៉ះពាល់ជាអវិជ្ជមាន ដល់ការប្រកួតប្រជែងជាមួយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចក្នុងស្រុក។ ការសិក្សានេះធ្វើឡើង ក្នុងគោលបំណងដើម្បី ការការពារ និងលើកស្ទួយពាណិជ្ជកម្មនៅកម្ពុជា៕
ប្រភព: ថ្មីថ្មី
RAC Media | ហេង សុភី
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨បន្ទាប់ពីរងគ្រោះរញ្ជួយដី ៧.៥ រ៉ិចទ័រ ឥណ្ឌូនេស៊ី បានជួបប្រទះនឹងរលកយក្ស ស៊ូណាមិ ថែមទៀតផង។ រលកយក្សនេះ បានវាយប្រហារទីក្រុងចំនួន២ គឺ Palu នៃខេត្ត Sulawesi និង Donggala ភាគកណ្ដាលនៃប្រទេសឥណ្ឌូនេស៊ី និងដែលមានប្រជាជនសរុបប្រមាណជាង ៦០ម៉ឺននាក់។ មនុស្សយ៉ាងតិច ៣៨៤ នាក់ស្លាប់បាត់បង់ជីវិត និងជាង ៣៥០ នាក់បានរងរបួស ក្នុងហេតុការណ៍នេះ។
ប្រភព៖ BBC
RAC Media | លឹម សុវណ្ណរិទ្ធ
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨
(ភ្នំពេញ)៖ រមណីយដ្ឋានទេសចរណ៍ ត្រូវបានចាត់ទុកជាផលិតផលទេសចរណ៍ដ៏មានសារសំខាន់មួយ ក្នុងចំណោម លិតផលទេសចរណ៍នានា និងមានភាពប្រទាក់ក្រឡាគ្នាជាមួយផលិតផលទេសចរណ៍ផ្សេងៗ ដែលស្ថិតក្រោមទម្រង់នានា ដូចជា សណ្ឋាគារបែបរមណីយដ្ឋាន (Hotel Resort) រមណីយដ្ឋានបែបឧទ្យានជាតិដែលមានវិសាលភាពធំ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តដែលបង្កប់តម្លៃមិនអាចកាត់ថ្លៃបាន រមណីយដ្ឋានវិនិយោគខ្នាតធំ រមណីយដ្ឋានកែច្នៃឯកជនបែបគ្រួសារជាដើម ដែលទាមទារនូវយន្តការគ្រប់គ្រង និងការអភិវឌ្ឍផ្សេងៗគ្នា។
បច្ចុប្បន្ន កម្ពុជាមានរមណីយដ្ឋានទេសចរណ៍សរុបជិត ៤០០កន្លែង ដែលត្រូវបានចុះបញ្ជីផ្លូវការដោយមន្ទីរសចរណ៍រាជធានី-ខេត្ត ព្រមជាមួយនឹងកន្លែងមានសក្តានុពលទាក់ទាញទេសចរណ៍ជាច្រើនផេ្សងទៀត ដែលបាននិងកំពុងរៀប បចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ទទ្ទឹមនឹងការកើនឡើងជាបរិមាណ ក្រសួងក៏សង្កេតឃើញពីការរីកចម្រើនជាលក្ខណគុណភាព ទាក់ទងការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា មានការរីកចម្រើនកាន់តែប្រសើរ ដោយក្នុងនោះរួមមាន៖* ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ផ្លូវចូលទៅកាន់រមណីយដ្ឋានទេសចរណ៍ភាគច្រើន ត្រូវបានស្ថាបនា ជួសជុល និងកែលម្អ។* តាមរយៈការដាក់ចេញនូវយន្តការជាបន្តបន្ទាប់ កម្ពុជាអាចទប់ស្កាត់ការដំឡើងហួសហេតុលើម្អូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ។
* បញ្ហាបរិស្ថានអនាម័យមានភាពល្អប្រសើរ ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹងកាន់តែប្រសើរ។
* បញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ងាយគ្រោះថ្នាក់។
ប៉ុន្តែទោះជាយ៉ាងណា ការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍នៅតែជួបប្រទះ និងបញ្ហាប្រឈមមួយចំនួន ជាពិសេសការគ្រប់គ្រងសំរាមនៅតែជាបញ្ហាស្មុគស្មាញ នៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួន ហើយរមណីយដ្ឋាន សចរណ៍ភាគច្រើនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ដែលការអភិវឌ្ឍមានលក្ខណៈយឺតយ៉ាវ ហើយរមណីយដ្ឋានទេសចរណ៍មួយចំនួនទៀត ពុំទាន់មានការវិនិយោគឱ្យបានពេញលេញនៅឡើយ។
ដើម្បីរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពសាកសម«កម្ពុជា៖ព្រះរាជាណាចក្រអច្ឆរិយៈ»ក្រសួងទេស ចរណ៍ បានដាក់ចេញនូវចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ កាលពីឆ្នាំ២០១៧ និងបានកំណត់គោល ដៅយកឆ្នាំ២០១៩ ជាឆ្នាំធ្វើឱ្យរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសក្លាយជារមណីយដ្ឋានស្អាត ស្របតាមស្តង់ដារបស់ក្រសួងទេសចរណ៍។
ក្នុងន័យនេះ ដើម្បីក្លាយជារមណីយដ្ឋានស្អាត រមណីយដ្ឋានគំរូ គ្រប់រមណីយដ្ឋានទាំងអស់ត្រូវតែមានផែនការមេ (Master Plan) មានអ្នកគ្រប់គ្រងច្បាស់លាស់ (Site Manager) និងមានការចាត់តាំងនូវរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ (DMO-Destination Management Organization) ជាពិសេសសម្រាប់រមណីយដ្ឋានទេសចរណ៍ ដែលគ្រប់គ្រងដោយរដ្ឋ និងសហគមន៍។ រាល់សម្បទាទ្រទ្រង់ក្នុងរមណីយដ្ឋាន រាប់តាំងពីខ្ចុះ ឬតូបអង្គុយលេង ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងទទួលភ្ញៀវ បន្ទប់ទឹក ត្រូវតែរចនាឡើងឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ចំពោះបរិស្ថាន អនាម័យ រាល់គម្រោងវិនិយោគជារមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវបញ្ចូលនូវការគិតគូអំពីទស្សនទានបៃតង និងស្អាត ការរក្សាសោភ័ណភាពក្នុងរមណីយដ្ឋាន ដូចជាការដាំផ្កា និងដើមឈើ និងត្រូវខិតខំរក្សាឱ្យបាននូវបរិស្ថានស្អាត អនាម័យល្អជាពិសេសបញ្ឈប់ការបោះសំរាមផ្តេសផ្តាសក្នុងរមណីយដ្ឋាន។ក្នុងន័យនេះ ម្ចាស់គ្រប់គ្រងរមណីយដ្ឋានទាំងអស់ត្រូវតែសរសេរពាក្យអប់រំមិនឱ្យបោះសំរាមចោលផ្តេសផ្តាសខុសធុងសំរាម និងអប់រំភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្តឱ្យបានច្បាស់លាស់ជាមុន ព្រមជាមួយនេះ រមណីយដ្ឋានទេសចរណ៍ទាំងអស់ត្រូវបំពាក់ ធុងសំរាមឲ្យបានគ្រប់គ្រាន់ និងធ្វើការបែងចែកសំរាមទៅតាមប្រភេទនីមួយៗ ជំរុញការប្រើប្រាស់ផលិតផលធ្វើពីក្រដាសឬក្រណាត់ជំនួសផ្លាស្ទិក។ទាក់ទងនឹងបញ្ហាសន្តិសុខ-សុវត្ថិភាព គ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ត្រូវដាក់ស្លាកសញ្ញាឱ្យបានគ្រប់គ្រាន់ ទាំងស្លាកបង្ហាញព័ត៌មាន (Information) និងស្លាកសញ្ញាបង្ហាញទីតាំងនានា (Communication) ជាពិសេសស្លាកសញ្ញាបង្ហាញទីតាំងហាមឃាត់ និងតំបន់គ្រោះថ្នាក់ជាដើម ឱ្យសមស្របទៅតាមស្តង់ដាអប្បបរមារមណីយដ្ឋានទេសចរណ៍របស់ក្រសួងទេសចរណ៍ ហើយជាមួយនេះក៏ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់ ធ្វើការគ្រប់គ្រងលំហូរភ្ញៀវទេសចរ (Tourism Management Flow) ឱ្យបានច្បាស់លាស់។ទទ្ទឹមនឹងនេះ រមណីយដ្ឋានទេសចរណ៍ទាំងអស់ត្រូវរៀបចំមណ្ឌលព័ត៌មានទេសចរណ៍ (Tourist Information Center) ទៅតាមទំហំជាក់ស្តែងដើម្បីផ្តល់ព័ត៌មាន ក៏ដូចជាអប់រំភ្ញៀវទេសចរ មុនពេលចូលទៅលេងកំសាន្តក្នុងរមណីយដ្ឋានរបស់ខ្លួន ហើយមន្ទីរទេសចរណ៍ត្រូវពង្រឹងមណ្ឌលព័ត៌មានទេសចរណ៍ក្នុងខេត្តរបស់ខ្លួន ដើម្បីជាកន្លែងប្រមូលផ្តុំ និងផ្តល់ព័ត៌មានគ្រប់ជុ្រងជ្រោយពីគោលដៅទេសចរណ៍ក្នុងខេត្តរបស់ខ្លួនទៅដល់ភ្ញៀវទេសចរ។
គួរបញ្ជាក់ថា សម្រាប់ការប្រលងប្រណាំងរមណីយដ្ឋានគំរូលើកទី២ ឆ្នាំ២០១៨ នេះ មានបេក្ខភាពជារមណីយដ្ឋានស្អាតប្រចាំរាជធានី-ខេត្តចំនួន ៧៨ ត្រូវបានសម្រឹតសម្រាំងយកមកចូលរួមក្នុងការប្រលងប្រណាំងលើកទី២នេះ ដោយមានការកើនឡើងលើសទ្វេដងពីការប្រលងប្រណាំងលើកទី១ ឆ្នាំ២០១៧ ដែលមានរមណីយដ្ឋានបេក្ខភាពចូលរួមចំនួន៣៣៕
ប្រភព: ក្រសួងទេសចរណ៍
RAC Media | ហេង សុភី
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨
ប្រជាពលរដ្ឋគ្រប់ឋានៈនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា។ប្រជាពលរដ្ឋគ្រប់ឋានៈនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា។
ភ្នំពេញ៖ យោងតាមឯកសាររបស់លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ អតីតសមាជិកក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៃពុទ្ធ សាសនបណ្ឌិត្យនឹងបង្ហាញឱ្យយដឹងថា តើបុណ្យភ្ជុំបិណ្ឌមានប្រភពមកពីណា គេត្រូវធ្វើដើម្បីអ្វី ហើយនៅក្នុងរយៈពេលនៃការរៀបចំពិធីនេះតើប្រជាពលរដ្ឋខ្មែរគួរធ្វើអ្វីខ្លះនោះ?បុណ្យភ្ជុំបិណ្ឌ ជាបុណ្យសាសនាប្រពៃណីដែលធំជាងគេមួយរបស់ប្រជាជនខ្មែរយើង។បុណ្យនេះ មានលក្ខណៈជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរស ញាតិសន្ដាន ដែលធ្វើមរណកាលទៅ និងជាពិធីជួបជុំគ្នានៃញាតិសន្ដាន សាច់ញាតិទាំងអស់ដែលនៅទីឆ្ងាយ។ពិសេសនោះគឺជាបុណ្យនៃការចែករំលែកជួយដល់ព្រះសង្ឃដែលគង់ចាំវស្សា ដែលព្រះសង្ឃត្រូវការទាំងចង្ហាន់ និងបច្ច័យផងនោះ។ ការធ្វើទានរបស់ប្រជាពលរដ្ឋនៅខាងក្រៅវត្តនៅក្នុងអំឡុងនៃពិធីបុណ្យភ្ជុំបិណ្ឌ។ការធ្វើទានរបស់ប្រជាពលរដ្ឋនៅខាងក្រៅវត្តនៅក្នុងអំឡុងនៃពិធីបុណ្យភ្ជុំបិណ្ឌ។
ប្រវត្ដិនៃពិធីបុណ្យភ្ជុំបិណ្ឌ៖បុណ្យភ្ជុំបិណ្ឌ ជាបុណ្យដ៏សំខាន់មួយដែលប្រារឰធ្វើពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទជារៀងរាល់ឆ្នាំត្រូវនឹងខែកញ្ញា ឬតុលា។ រីឯថ្ងៃ១៥រោចហៅថាភ្ជុំបិណ្ឌ។ ក្នុងរយៈពេលភ្ជុំបិណ្ឌនេះ ចាស់ៗបានលះបង់ផ្ទះសម្បែងកូនចៅទៅនៅវត្តសមាទានសីល៥ ចាំសីល៨ បម្រើព្រះសង្ឃសម្អាតទីអារាម។ ចំណែកឯប្រជាពលរដ្ឋវិញ បានចែកវេនគ្នា ជាវេនចំនួន១៥ថ្ងៃ ឬបិណ្ឌ។ ក្នុងបិណ្ឌនីមួយៗ គេតែងធ្វើដូចជា ពេលយប់ជួបជុំពុទ្ធបរិស័ទ ប្រគេន ភេសជ្ជៈចំពោះព្រះសង្ឃ និងជូនចំពោះចាស់ព្រឹទ្ធាចារ្យ នមស្ការ គោរពព្រះរតនត្រ័យ និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ដ និងសម្ដែងធម៌ទេសនា។ពេលព្រឹកប្រគេនអាហារ ចំពោះព្រះសង្ឃឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជនដែលធ្វើមរណកាលទៅហើយនោះ។ទាក់ទិនទៅនឹងប្រវត្ដិបុណ្យភ្ជុំបិណ្ឌនេះដែរ បើតាមគម្ពីរលោកុត្តរសូត្របានបរិយាយថា ព្រះបាទពិម្ពិសារមានញាតិមួយក្រុម បានបំពេញទានមិនបរិសុទ្ធ គឺស៊ីបាយមុនលោក ពេលលាចាកខាងមុខក៏កើតជា«ប្រេត»។លុះដល់ព្រះសម្ពុទ្ធ ព្រះនាមកុក្ក បានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះទៅសួរព្រះថា ចុះយើងខ្ញុំកាលណាបានអាហារបរិភោគ? ព្រះពុទ្ធត្រាស់ថា ចាំសួរព្រះពុទ្ធជាន់ក្រោយចុះក្នុងសាស នាតថាគត អ្នកទាំងឡាយនឹងបានអាហារបរិភោគ។ លុះដល់ព្រះពុទ្ធនាម នាគមនោ ក៏បានត្រាស់ដូចព្រះពុទ្ធមុនទៀត ដល់ពុទ្ធកាលព្រះកស្សបោ ក៏ត្រាស់ប្រាប់ដូចនេះទៀត ទើបតែដល់ព្រះសមណគោតមត្រាស់ដឹង ទ្រង់បានត្រាស់ថា ចាំមើលព្រះបាទពិម្ពិសារ ជាញាតិរបស់អ្នកទាំងឡាយហើយ។លុះពិម្ពិសារបានថ្វាយទាន ជាដំបូងហើយ មិនផ្សាយទៅឱ្យពួកញាតិក៏ស្រាប់តែពួកប្រេតទាំងឡាយដែលជាញាតិនោះស្រែកយំទ្រហឹងក្នុងពេលរាត្រី។ ព្រះបាទពិម្ពិសារស្ដេចយាង ទៅកាន់វត្ដវេឡុវ័ន ហើយទូលសួរព្រះពុទ្ធ ព្រះពុទ្ធត្រាស់ថា ពួកប្រេត ជាញាតិរបស់ព្រះអង្គនាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះ ត្រូវបានអាហារបរិភោគក្នុងសាសនាតថាគត ប៉ុន្ដែព្រះអង្គធ្វើបុណ្យហើយ មិនបានផ្សាយទៅឱ្យ។ ពេលព្រះបាទពិម្ពិសារទ្រង់ជ្រាបហើយក៏បានធ្វើបុណ្យចាត់ចែងបញ្ជូនទៅឲ្យ។ ពួកប្រេតទាំងនោះ ក៏បានកើតនៅក្នុងទិព្វវិមាន ដោយសុខរៀងដរាប តទៅ។ ចាប់តាំងពីពេលនោះមក ពិធីកាន់បិណ្ឌ ក៏ចាប់ផ្ដើមមានកំណើតឡើងរហូតមកទល់ពេលនេះ។សាសនានិកនាំគ្នារាប់បាត្រឧទ្ទិសកុសលផលបុណ្យជូនដល់សាច់ញាតិរបស់ខ្លួន។សាសនានិកនាំគ្នារាប់បាត្រឧទ្ទិសកុសលផលបុណ្យជូនដល់សាច់ញាតិរបស់ខ្លួន។ អ្នកសាងល្អបានល្អ អ្នកសាងអាក្រក់បានផលអាក្រក់៖បើតាមគម្ពីរព្រះពុទ្ធសាសនា បានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអា ក្រក់ដែលបានធ្វើបាបកម្មផ្សេងៗលុះស្លាប់ទៅ តែងតែកើតជាប្រេត៤ប្រភេទ គឺប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឲ្យ។ គេតែងនិយមជ្រើសរើសចំថ្ងៃរនោច ខែភទ្របទ ព្រោះពេលវេលានោះ ព្រះចន្ទពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ព្រោះឱកាសនោះហើយ ដែលយមរាជដោះលែងពួកប្រេតទាំងនោះឲ្យមករស់នៅលាយឡំជាមួយមនុស្ស ចាំទទួលភោគផល ដែលបងប្អូនញាតិសន្ដាន ដែលញាតិឧទ្ទិសឲ្យ ព្រោះពួកប្រេតខ្លាចពន្លឺណាស់។ ប្រសិនបើរយៈពេល១៥ថ្ងៃ ពួកប្រេតដើររកគ្រប់វត្ដ ពុំមានឃើញបងប្អូនញាតិសន្ដានណាធ្វើបុណ្យ បញ្ជូនកុសលទៅឱ្យទេពួក គេនឹងអត់បាយ អត់ទឹក ស្រេកឃ្លានរងទុក្ខវេទនាយ៉ាងក្រៃលែង ហើយនឹងជេរប្រទេចដាក់បណ្ដាសាដល់បងប្អូនញាតិ កាទាំងឡាយឱ្យហិនហោចទ្រព្យសម្បត្ដិ ព្រាត់ប្រាសឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិផៅទាំងប្រាំពីរសន្ដាន។ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែងតែមានជំនឿទៅលើបុណ្យភ្ជុំបិណ្ឌ នេះជានិច្ច ទោះបីមានក្ដី ក្រក្ដី ទោះយ៉ាងណា ត្រូវធ្វើបុណ្យនេះ ដោយខានមិនបានមួយឆ្នាំម្ដងៗ គឺត្រូវយកនំចំណី ទៀន ធូប រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ក្នុងខែភទ្របទ។ បុណ្យភ្ជុំបិណ្ឌនេះ កាលដើមឡើយ គឺធ្វើឡើងរយៈពេល៣ខែ គឺ៩០ថ្ងៃ ដោយគិតតាំងពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។
ប៉ុន្ដែរហូតមកដល់បច្ចុប្បន្ន បុណ្យភ្ជុំបិណ្ឌ ត្រូវកាត់បន្ថយនៅសល់តែ១៥ថ្ងៃប៉ុណ្ណោះ ព្រោះដោយសារពេលវេលាមិនអំណោយផល បងប្អូនយើងមានភាពមមាញឹកខ្លាំង ក្នុងមុខរបរទទួលទាន ដូច្នេះ ត្រូវកាត់បន្ថយឲ្យខ្លីទៅវិញ។ បុណ្យភ្ជុំបិណ្ឌនេះមានអត្ថន័យធំធេងណាស់ សម្រាប់ប្រជាពុទ្ធបរិស័ទខ្មែរយើង ព្រោះបុណ្យភ្ជុំបិណ្ឌនេះ ធ្វើឡើងដើម្បីឧទ្ទិសថ្វាយដល់វិញ្ញាណក្ខន្ធបុព្វបុរស ញាតិកាទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកើតជាប្រេត នរក ឬក៏សភាវៈផ្សេង។ មួយវិញទៀតនោះ បុណ្យភ្ជុំបិណ្ឌជាបុណ្យជួបជុំបងប្អូនញាតិផៅគ្រប់ទិសទី សម្ដែងនូវសេចក្ដីសាទររីករាយ គ្រប់ៗគ្នា និងអ្វីដែលសំខាន់នោះ កាលណាមនុស្សយើងមានសទ្ធាជ្រះថ្លា ក្នុងព្រះធម៌ ក្នុងការធ្វើបុណ្យធ្វើទាននោះ វាជាបច្ច័យមួយ ជួយធ្វើឲ្យមនុស្សយើងមានចិត្ដស្ងប់ រំលស់នូវភាពសៅហ្មងគ្រប់ៗគ្នា។
ពិធីសំខាន់ ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌ មានដូចជា ពិធីសូត្រមន្ដបង្សុកូល បោះបាយបិណ្ឌជាដើម។ជំនឿលើពិធីពូនភ្នំខ្សាច់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ៖ទាក់ទិនទៅនឹងជំនឿ ដែលពុទ្ធបរិស័ទ លើកឡើងអំពីការពូនភ្នំខ្សាច់ នៅអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ វាជាជំនឿមួយដែលខ្មែរយើងទូទៅ យល់ឃើញថា វាល្អហើយមានប្រយោជន៍ ទើបពួកគាត់ធ្វើហើយបានដាក់លុយទៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូបស្មារលានូវរាល់កំហុសបាបមួយចំនួន ដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍កន្លងមក។ ការពូនភ្នំខ្សាច់នេះ ក៏ជាការឧទ្ទិសកុសលផលបុណ្យមួយ ជូនដល់ឧបការីជនទាំងឡាយ ដែលបានលាចាកលោកផងដែរ។ជំនឿរបស់ពលរដ្ឋលើការបោះបាយបិណ្ឌ៖នៅព្រលឹមម៉ោង៤ព្រឹកប្រជាពលរដ្ឋតែងតែនាំគ្នា ដើរទៅវត្ដអារាមនានា នៅក្នុងភូមិឬនៅក្បែរផ្ទះរបស់ខ្លួន ជាមួយនឹងនំចំណី ដែលធ្វើរួចជាស្រេច ដាក់ក្នុងចាន ឬស្បោង ដើម្បីទៅវត្ដ គេហៅថា «បោះបាយបិណ្ឌ»។ ការបោះបាយបិណ្ឌ ជាជំនឿអរូបីមួយផងដែរដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹកព្រហាមដើម្បីបញ្ជូនឬឧទ្ទិសកុសលឱ្យទៅញាតិសន្ដានសាច់សាលោហិតដែលបានចែកឋានទៅបរលោក។ ប៉ុន្តែនាពេលបច្ចុប្បន្ន ការបោះបាយបិណ្ឌនៅតាមបណ្តាវត្តខ្លះគេធ្វើតាំងពីល្ងាចមកម្ល៉េះ លុះព្រឹកឡើងទើបព្រះសង្ឃជួយវេរធម៌តាមក្រោយ។
ដំបូន្មានរបស់អ្នកជំនាញបុណ្យភ្ជុំបិណ្ឌ៖បុណ្យភ្ជុំបិណ្ឌជាបុណ្យមួយដែលមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជាតិខ្មែរយើង។ ដូច្នេះហើយបងប្អូនទាំងឡាយ ត្រូវតែប្រកាន់ខ្ជាប់នូវពិធីបុណ្យនេះ ជាដរាប ព្រោះជាបុណ្យដែលបង្កើតឡើងសម្រាប់ផ្ដល់ឱកាសឲ្យពុទ្ធបរិស័ទទាំងឡាយធ្វើបុណ្យធ្វើទាន ឧទ្ទិសកុសលដល់បុព្វការីជន និងសាច់ញាតិ ដែលបានចែកឋានទៅ និងជាបុណ្យសាសនាមួយផងដែរ ដែលប្រជាពលរដ្ឋទូទៅមិនអាចបំភ្លេចបាន៕
ប្រភព: Post khmer
RAC M edia| ហេង សុភី
ខ្លឹមសារទាំងស្រុងនៃសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាបុរី ញ៉ូវ យ៉ក សហរដ្ឋអាម៉េរិក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨
(ចិន)៖ នៅក្នុងលំហូរពាណិជ្ជកម្មពិភពលោក នាពេលបច្ចុប្បន្ន គេកំពុងសង្កេតឃើញថា កត្តាដែលជំរុញកំណើនសេដ្ឋកិច្ច កំពុងផ្លាស់ប្តូរកាន់តែលឿន ដែលជាហេតុនាំឱ្យ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ក្លាយជាបច្ចេកវិទ្យាដ៏កាន់តែសំខាន់ សម្រាប់គ្រប់គ្រងហានិភ័យ ដែលអាចកើតមានឡើងនៅក្នុងលំហូរ ពាណិជ្ជកម្មពិភពលោក។
អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដឺឡយត៍ ឆៃណា (Deloitte China) អ្នកនាង វីវាន ជាំង (Vivian Jiang) បានរៀបរាប់អំពីការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI សម្រាប់គ្រប់គ្រងហានិភ័យ។ អ្នកនាងបានរៀបរាប់យ៉ាងដូច្នេះ ក្រោយពីបញ្ចប់កិច្ចប្រជុំជើងឯកថ្មីប្រចាំឆ្នាំ ដែលបានធ្វើឡើងនៅប្រទេសចិន។អ្នកនាង វីវាន ជាំង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដឺឡយត៍ ឆៃណា និយាយថា «កិច្ចការនេះ ត្រូវការប្រើរូបមន្តអភិវឌ្ឍផ្នត់គំនិត វិធីប្រមូលពន្ធសំខាន់ៗ ក្បួនវិភាគការយល់ឃើញរបស់មនុស្ស ក្បួនដោះស្រាយបញ្ហា និងបច្ចេកវិទ្យាទិន្នន័យធំ ដើម្បីប្រមូលយក ទិន្ន័យសំខាន់ៗ យ៉ាងច្រើនដែលមាននៅក្នុងសេវាសាធារណៈ សម្រាប់ផ្តល់ឱ្យអតិថិជននិងសម្រាប់ប្រើក្នុងស្ថានភាពណាមួយ ដែលតម្រូវឱ្យយើងប្រើទិន្នន័យរបស់ក្រុមហ៊ុន ដើម្បីឱ្យយើងអាចព្យាករណ៍អត្រាទូទៅឬត្រាប័ណ្ណបំណុលដែលគេដាក់លក់ឱ្យសាធារណៈជនទិញ ទុកជាការវិនិយោគ»។
បច្ចេកវិទ្យា AI ក៏អាចយកមកប្រើសម្រាប់ទប់ស្កាត់ការឆបោកយកប្រាក់ផងដែរ ស្របពេលដែលពិភពវិនិយោគក្នុងពិភពលោកនាពេលសព្វថ្ងៃ កំពុងខ្វះទំនុកចិត្តលើគ្នា បើនិយាយជារួម។ អ្នកនាង វីវាន ជាំង អនុប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ដឺឡយត៍ ឆៃណា និយាយថា «នៅក្នុងសង្គមសាធារណៈ មានគេផ្តល់សេវាឬកម្មវិធីដោះស្រាយបញ្ហាច្រើនណាស់ ដែលពិតជាមានប្រសិទ្ធភាពមែន ដោយគេប្រើក្បួនដោះស្រាយបញ្ហា ប្រើទិន្នន័យធំ និងបច្ចេកវិទ្យាផ្ទុកទិន្នន័យនៅក្នុងលំហរអាកាសដើម្បីប្រមូលយកទិន្នន័យសំខាន់ៗសម្រាប់ផ្តល់ព័ត៌មានដែលចាំបាច់ ជូនដល់រដ្ឋាភិបាល នានា ដើម្បីទប់ស្កាត់បទល្មើសឆបោកយកប្រាក់។ នេះហើយ គឺជាវិធីមួយដែលជួយគ្រប់គ្រងហានិភ័យផ្នែកហិរញ្ញវត្ថុបានខ្លះៗដែរ»។ដើម្បីឱ្យសេវាឬកម្មវិធីនេះ អាចដំណើរការទៅមុខបាន ក្រុមហ៊ុនទាំងឡាយត្រូវការបើកប្រព័ន្ធវិភាគទិន្នន័យរបស់គេ តាមប្រព័ន្ធផ្ទុកទិន្នន័យក្នុងលំហរអាកាស ដើម្បីឱ្យគេអាចប្រមូលលទ្ធផលវិភាគបានលឿន។លោក ឌូក មែររីត ប្រធាននិងនាយកប្រតិបត្តិ ក្រុមហ៊ុន Splunk និយាយថា «ប្រព័ន្ធផ្ទុកទិន្នន័យក្នុងលំហរអាកាស ឬ ក្លោដ គឺពិតជាជួយឱ្យយើងអាចរីកចម្រើនបានខ្លាំងណាស់។ វាជួយឱ្យក្រុមហ៊ុនរបស់យើង អាចទាញយកទិន្នន័យ ហើយទទួលបានលទ្ធផល យ៉ាងលឿននិងយ៉ាងស្រួលតែម្តង។ ប៉ុន្តែយើងមានផលិតផលច្រើនណាស់ បន្ថែមពីលើប្រព័ន្ធទិន្នន័យរបស់យើង ដែលជួយឱ្យយើងអាចប្រឡូកក្នុងវិស័យជាច្រើនដូចជា សេវាការពារសន្តិសុខក្នុងអ៊ីនធើណេត ប្រព័ន្ធប្រតិបត្តិការផ្នែកIT និងការអភិវឌ្ឍsoftwareជំនាន់ក្រោយជាដើម ដែលសុទ្ធសឹងតែត្រូវការប្រើទិន្នន័យច្រើនណាស់»។ចំពោះក្រុមហ៊ុនទាំងឡាយដែលមិនអាចបង្កើតបច្ចេកវិទ្យា AI ដោយខ្លួនឯងបាន គេអាចទិញបច្ចេកវិទ្យានេះ ពីក្រុមហ៊ុនផ្សេងបាន ក្នុងតម្លៃដ៏ខ្ពស់។លោក ហ្វីលីព ហ្គឺបឺត ដៃគូជាន់ខ្ពស់ ក្រុមហ៊ុន BCG និយាយថា «មុនពេលយើងគិតដល់ធាតុផ្សំ ក យើងគួរតែមានផែនការរយៈពេលវែងសម្រាប់បច្ចេកវិទ្យា AI។ យើងរកឃើញថា ក្រុមហ៊ុនជាច្រើន មិនទាន់មានផែនការរយៈពេលវែងសម្រាប់បច្ចេកវិទ្យានេះទេ។ បើសិនជាយើងចង់ទិញបច្ចេកវិទ្យានេះពីក្រុមហ៊ុនផ្សេង ក្រុមហ៊ុននៅអឺរ៉ុបអាចជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍មួយ។ យើងឃើញមានក្រុមហ៊ុនអាម៉េរិកច្រើនណាស់ ដែលទិញបច្ចេកវិទ្យានេះពីអឺរ៉ុប ដោយសារអឺរ៉ុបមិនសូវសំបូរក្រុមហ៊ុនដែលប្រកួតប្រជែងគ្នា ផ្តល់សេវា AI នោះទេ។នេះគឺពិតជាឱកាសដែលគួរឱ្យចាប់អារម្មណ៍មែនទែន។ ប៉ុន្តែសព្វថ្ងៃ បច្ចេកវិទ្យានេះ កាន់តែមានតម្លៃថ្លៃទៅៗហើយ»។
បច្ចេកវិទ្យា AI ក៏មានគេរិះគន់ដែរ ថាវាអាចនាំឱ្យមានគ្រោះថ្នាក់ទៅវិញ ជាពិសេសគឺគេបារម្ភថាវានឹងធ្វើឱ្យមនុស្សបាត់បង់ការងារធ្វើ។ ប៉ុន្តែក្រុមហ៊ុនប្រឹក្សាយោបល់ អាក់ស៊ែនឆ័រ (Accenture) មិនគិតដូច្នេះទេ។លោក ភីធ័រ លេស៊ី នាយកគ្រប់គ្រងជាន់ខ្ពស់ ក្រុមហ៊ុន Accenture Strategy ប្រចាំប្រទេសអង់គ្លេស និង ប្រទេសអៀកឡង់ និយាយថា «ការពិតដែលកើតមាននៅកន្លែងធ្វើការរបស់យើង បង្ហាញថា គំនិតនេះ មិនត្រឹមតែជាការយល់ឃើញដែលខុសប៉ុណ្ណោះទេ តែក៏បង្ហាញថាយើងអាចប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតសម្រាប់ធ្វើការងារដែលស្វ័យប្រវត្ត និងសម្រាប់ ជួយបង្កើនសមត្ថភាពមនុស្ស។ វាក៏ជួយឱ្យមនុស្សមិនចាំបាច់ធ្វើការងារដែលគ្រោះថ្នាក់ ការងារដែលដដែលៗ ហើយអនុញ្ញាតឱ្យយើងអាចបង្កើតការងារថ្មីៗដែលកាន់តែច្នៃប្រឌិត កាន់តែទំនើប និងកាន់តែសាកសម។ ហើយមនុស្សនៅតែមានតួនាទីសំខាន់ដែលត្រូវធ្វើដដែល»។
ប្រភព: Fresh News
RAC Media|ហេង សុភី
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ ព្រះរាជាណាចក្រកម្ពុជា នឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩ខាងមុខ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្ដមរដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំជាមួយ ឯកឧត្ដម ម៉េវលូត សាវូសូគ្លូរ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ តួកគី ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាការព្រួយបារម្ភ និងយកចិត្តទុកដាក់រួមក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ព្រមទាំងផ្ដោតលើកិច្ចខិតខំប្រឹងប្រែងនានាដើម្បីពង្រឹងបន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ និងស្វែងរកសក្ដានុពលថ្មីៗក្នុងការជម្រុញផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ នៅចុងបញ្ចប់នៃជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុ ស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបណ្ឌិតសភាការទូតនៃក្រសួងការបរទេសនៃសាធារណរដ្ឋតួកគី» ហើយក៏នឹងមានសន្និសីទសារព័ត៌មានផងដែរ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលតួកគី បានសម្រេចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជាកាលពីចុងឆ្នាំ២០១៣មកម្ល៉េះ ហើយចាប់ពីឆ្នាំ១៩៩២មក សាធារណរដ្ឋតួកគីធ្លាប់បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៤៨ កន្លែងមកហើយ៕
ដកស្រង់ពី៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា និង គេហទំព័រក្រសួងការបរទេសតួកគី
RAC Media | លឹម សុវណ្ណរិទ្ធ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM