ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតថៃប្រចាំកម្ពុជាគ្រោងរៀបចំវេទិការួមគ្នាដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភា​ឆ្នាំ ២០២៥ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបជាមួយអ្នកស្រី Sirinapa RANGSIMAPORN អគ្គទីប្រឹក្សានៃស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការរៀបចំវេទិការួមគ្នាដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។

ក្នុងឱកាសជំនួបនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ កម្ពុជា-ថៃ ដែលមានប្រវត្តិសាស្ត្រជាប់ពាក់ព័ន្ធនឹងគ្នារាប់រយឆ្នាំកន្លងមកហើយ ហើយក្នុងឆ្នាំ២០២៥នេះ គឺជាខួរលើកទី៧៥ នៃទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ថា គួរតែមានការរៀបចំព្រឹត្តិការណ៍បង្ហាញវប្បធម៌ ផលិតផល និងជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យបានកាន់តែប្រសើរ ដើម្បីបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសជិតខាងទាំងពីរ។

គួរបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតថៃប្រចាំកម្ពុជា បានឯកភាពគ្នាសម្រេចកំណត់យកថ្ងៃទី ៥ មិថុនា ឆ្នាំ២០២៥ ដើម្បីប្រារព្វវេទិការួមគ្នាដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិកាន់តែប្រសើររវាងប្រជាជាតិទាំងពីរ៕

RAC Media | លឹម សុវណ្ណរិទ្ធ  នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2025-05-06 06:57:27   ថ្ងៃអង្គារ, 06 ឧសភា 2025 ម៉ោង 01:57 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំស្ដីពីការបង្រៀនថ្នាក់បរិញ្ញាបត្រ ដើម្បីវាយតម្លៃស្តង់ដាគុណភាព និងជំរុញលើកកម្ពស់ការសិក្សាស្រាវជ្រាវ

 

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំស្ដីពីការបង្រៀនថ្នាក់បរិញ្ញាបត្រ សម្រាប់ការបង្រៀននៅឆមាសទី២ ដើម្បីវាយតម្លៃស្តង់ដាគុណភាព និងជំរុញលើកកម្ពស់ការសិក្សាស្រាវជ្រាវ ដែលមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលនឹងបង្រៀនថ្នាក់បរិញ្ញាបត្រទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។

 

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំស្ដីពីការបង្រៀនថ្នាក់បរិញ្ញាបត្រ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ឆ្នាំ២០២៥ នេះ គឺជាឆ្នាំចាប់ផ្ដើមដំណើរការបង្រៀនថ្នាក់បរិញ្ញាបត្រជាលើកដំបូងនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជានៅកម្រិតមហាវិទ្យាល័យ ពិសេសដើម្បីពង្រឹងសមត្ថភាពយុវជនកម្ពុជា នៅក្នុងការសិក្សាស្រាវជ្រាវដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ការសិក្សាស្រាវជ្រាវពិតជាមានសារៈសំខាន់ណាស់នៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តាមរយៈការធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាពនិងគុណភាព និងការស្វែងរកធាតុចូលជូនដល់ក្រសួង ស្ថាប័ន អង្គភាព និងវិស័យឯកជនជាដើម។

 

ឯកឧត្ដមបណ្ឌិតបានបន្តថា ឯកឧត្ដមសូមប្រសិទ្ធនាមថា ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជំនាន់ទី១ គឺជាវគ្គតម្រង់ទិសដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សទាំងនៅក្នុងន័យវិទ្យាសាស្ត្រ សីលធម៌ និងមនសិកាជាតិ ដែលយុវជនមួយចំនួនហាក់បាត់បង់គុណតម្លៃមនសិការ សីលធម៌ និងសមត្ថភាពតាមបែបវិទ្យាសាស្ត្រ។ ឯកឧត្ដមបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរអំពី សារៈសំខាន់នៃការបណ្ដុះបណ្ដាលមុខវិជ្ជាខេមរសិក្សា ដែលផ្ដោតសំខាន់ទៅលើការសិក្សាអំពីវប្បធម៌-អរិយធម៌ខ្មែរ និងមនសិកាស្នេហាជាតិរបស់យុវជនខ្មែរជំនាន់ក្រោយ។

 

ការអប់រំធនធានមនុស្សដោយផ្ដោតទៅលើការអប់រំសីលធម៌ សុជីវធម៌ និងមនសិកាជាតិ គឺជាមូលដ្ឋានចម្បងនៅក្នុងការធានាបាននូវមោទកភាពទៅលើប្រជាជាតិរបស់ខ្លួន និងក៏ជាការរួមចំណែកដ៏សំខាន់នៃការថែរក្សានិងលើកតម្កើងមុខមាត់ជាតិសាសន៍ និងប្រទេសជាតិរបស់ខ្លួនផងដែរ។ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា នៅក្នុងមុខវិជ្ជាខេមរសិក្សា នឹងផ្ដោតទៅលើការសិក្សាអំពីវប្បធម៌ ទំនៀមទម្លាប់ សិល្បៈ  និងប្រវត្តិសាស្ត្រ ពិសេសប្រវត្តិសាស្ត្រខ្មែរ ដើម្បីបញ្ជ្រាបចំណេះដឹងជាមូលដ្ឋានសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា។

 

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសំណូមពរដល់គ្រូបង្រៀនទាំងអស់ ត្រូវផ្សារភ្ជាប់ការបណ្ដុះបណ្ដាលទៅនឹងការពង្រឹងចំណេះដឹង ដែលមានលក្ខណៈវិទ្យាសាស្ត្រ ដោយត្រូវជំរុញនិស្សិតឱ្យមាននិន្នាការនៅក្នុងការអានសៀវភៅ អាចដកស្រង់ខ្លឹមសារផ្សេងៗពីក្នុងសៀវភៅ និងចេះតាមដានស្ថានការណ៍សេដ្ឋកិច្ចនិងសង្គម និងអន្តរជាតិជាដើម។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត បានស្នើសូមឱ្យគ្រូបង្រៀនទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់នៅមុនការបង្រៀន រាប់ចាប់តាំងពីឯកសារគោលសម្រាប់ការបង្រៀន ឯកសារគាំទ្រ និងការទទួលខុសត្រូវលើការបង្រៀនតាមលក្ខខណ្ឌរបស់រាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ

2025-04-30 09:45:54   ថ្ងៃពុធ, 30 មេសា 2025 ម៉ោង 04:45 PM
ទំនាក់ទំនងកម្ពុជា-វៀតណាមក្នុងយុគសម័យថ្មី៖ ការពង្រឹងចំណងមិត្តភាពក្នុងស្ថានភាពនៃការប្រកួតប្រជែងរវាងមហាអំណាច

ដោយ : គិន ភា បណ្ឌិត

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ឆ្នាំនេះគឺជាខួបលើកទី៥៨ នៃទំនាក់ទំនងកម្ពុជា-វៀតណាម និងខួបលើកទី៥០ នៃកាបង្រួបបង្រួមប្រទេសវៀតណាម។ វាជាឱកាសដ៏ល្អមួយដើម្បីឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍នៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។ ក្នុងយុគសម័យក្រោយជម្លោះ កម្ពុជានិងវៀតណាមបានកសាងស្ថាប័នក្នុងស្រុករបស់​​ខ្លួនឡើងវិញ និងពូនជ្រំទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលបង្កើតឡើងដោយផ្អែកលើសាមគ្គីភាពជាប្រវត្តិសាស្ត្រ សមាហរណកម្មតំបន់ និងការប្តេជ្ញាចិត្តកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀតចំពោះគោលការណ៍គោរពអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងការរួមរស់ជាមួយគ្នាដោយសន្តិភាព។

តែទោះជាបែបនេះក្តី ទំនាក់ទំនងទ្វេភាគីបច្ចុប្បន្នរវាងកម្ពុជានិងវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាដែលកើតឡើងដែលមិនមែនមកពីជវភាពផ្ទៃក្នុងទេ ប៉ុន្តែមកពីទិដ្ឋភាពវិវត្តន៍នៃទំនាក់ទំនងអន្តរជាតិ។ ជាពិសេស ការត្រឡប់មកវិញរបស់លោក Donald Trump ទៅកាន់តំណែងប្រធានាធិបតីអាម៉េរិក និងការប្រកួតប្រជែងជាយុទ្ធសាស្រ្តកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងចិន កំពុងផ្លាស់ប្តូរជាមូលដ្ឋាននូវនិម្មាបនកម្មភូមិសាស្ត្រនយោបាយសកលនិងក្នុងតំបន់។ ក្នុងបរិបទដែលកំពុងវិវត្តនេះ កម្ពុជានិងវៀតណាមចាំបាច់ត្រូវតែបញ្ជាក់ឡើងវិញនូវការយកចិត្តទុកដាក់​​របស់ខ្លួនក្នុងការរួមរស់ជាមួយគ្នាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី ដែលជាគោលការណ៍គ្រឹះដែលគាំទ្រដល់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ

ទំនាក់ទំនងកម្ពុជា-វៀតណាមបានទទួលឥទ្ធិពលយ៉ាងស៊ីជម្រៅពីបទពិសោធន៍ ប្រវត្តិសាស្ត្រដែលមានភាពប្រទាក់ក្រឡាគ្នា។ អន្តរាគមន៍យោធារបស់វៀតណាមក្នុងឆ្នាំ១៩៧៩ ដែលនាំទៅដល់ការដួលរលំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានក្លាយជាពេលវេលាដ៏សំខាន់ ក្នុងការផ្លាស់ប្តូរនយោបាយនិងសង្គមនៃប្រទេសទាំងពីរ។ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក ប្រទេសទាំងពីរបានផ្លាស់ប្តូរបន្តិចម្តងៗពីបដិបក្ខភាពនឹងគ្នានិងការមិនទុកចិត្តគ្នាជាប្រវត្តិសាស្ត្រ ឈានទៅបង្កើតក្របខណ្ឌទ្វេភាគីដែលផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបន្ស៊ីផលប្រយោជន៍យុទ្ធសាស្ត្រនិងសេដ្ឋកិច្ចជាមួយគ្នាមាគ៌ានេះបង្ហាញពីការផ្លាស់ប្តូរដោយចេតនាឆ្ពោះទៅរកការបង្រួបបង្រួមគោលដៅអភិវឌ្ឍន៍នៅក្នុងទិដ្ឋភាពតំបន់ដ៏ទូលំទូលាយ។

សាមគ្គីភាពបន្តដើរតួនាទីជាសសរស្តម្ភគ្រឹះនៃទំនាក់ទំនងកម្ពុជា-វៀតណាម។ ប្រទេសទាំងពីរបានអះអាងយ៉ាងខ្ជាប់ខ្ជួននូវការគាំទ្រគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព ស្ថិរភាពនយោបាយ និងមាគ៌ាអភិវឌ្ឍន៍ជាតិរបស់គ្នាទៅវិញទៅមក។ កម្ពុជាបានទទួលស្គាល់តួនាទីដ៏សំខាន់របស់វៀតណាមក្នុងការបញ្ចប់របបខ្មែរក្រហមប្រល័យពូជសាសន៍ដោយទទួលស្គាល់ថា វាជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន។ ដូចគ្នានេះដែរ វៀតណាមបានសម្តែងការដឹងគុណចំពោះការរួមចំណែករបស់កម្ពុជាក្នុងអំឡុងពេលតស៊ូរបស់វៀតណាមដើម្បីបង្រួបបង្រួមជាតិ ដែលគូសបញ្ជាក់ពីលក្ខណៈបដិការនៃការគាំទ្រគ្នាជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ ការទទួលស្គាល់គ្នាទៅវិញទៅមកនេះ បានពង្រឹងទំនាក់ទំនងដែលចាក់ឫសនៅក្នុងការលះបង់រួមគ្នា និងភាពជាដៃគូក្នុងតំបន់យូរអង្វែង។

សាមគ្គីភាពជាមូលដ្ឋាននេះបានឆ្លងហួសពីប្រភពដើមប្រវត្តិសាស្ត្រ ដោយបានវិវត្តទៅជាកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ទៅលើវិស័យនានា ដូចជា សុន្ទរកថានយោបាយ សកម្មភាពសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការផ្លាស់ប្តូរវប្បធម៌។ ការបង្ហាញឱ្យឃើញជាក់ស្តែងនូវទំនុកចិត្តដែលកំពុងរីកចម្រើនរវាងប្រជាជាតិទាំងពីរ បានរំលេចឱ្យឃើញតាមរយៈការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ការចុះកិច្ចព្រមព្រៀងផ្លូវការស្តីពីការបោះបង្គោលខណ្ឌសីមាព្រំដែន និងជាពិសេសការផ្លាស់ប្តូរការទូតកម្រិតខ្ពស់រវាងរដ្ឋាភិបាលនិងបក្សកាន់អំណាចនៃប្រទេសទាំងពីរ។

ជាសក្ខីភាពជាក់ស្ដែង កិច្ចប្រជុំកំពូលនៅថ្ងៃទី២១ ខែកុម្ភៈ និងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ រវាងប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម គឺលោក តូ ឡាំ នៅទីក្រុងហូជីមិញ បានបង្ហាញពីភាពស៊ីជម្រៅនៃការផ្លាស់ប្តូរការទូតរវាងកម្ពុជានិងវៀតណាម។ កិច្ចប្រជុំកំពូលទាំងពីរនេះបានអះអាងឡើងវិញនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនកិច្ចសហប្រតិបត្តិការនយោបាយ និងការគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងជំរុញទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងប្រកបដោយនិរន្តរភាព វាមានសារៈសំខាន់ជាពិសេសចំពេលដែលវៀតណាមប្រារព្ធខួប លើក​​ទី៥០នៃការបង្រួបបង្រួមជាតិ និងផ្លាស់ប្តូរជាសក្ដានុពលក្នុងតំបន់។

កម្ពុជានិងវៀតណាមមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ ហើយបានរួមគ្នាកាន់តែខ្លាំង​​ឡើងលើបញ្ហាសំខាន់ៗក្នុងតំបន់និងពិភពលោកប្រទេសទាំងពីរគាំទ្រមជ្ឈភាពអាស៊ាន និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ក្នុងកម្រិតសាកល ប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងផងគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ខណៈដែលការប្រកួតប្រជែងកាន់តែខ្លាំងរវាងសហរដ្ឋអាម៉េរិកនិងចិន ប្រទេសទាំងពីរបានផ្តល់អាទិភាពចំពោះស្ថិរភាពក្នុងតំបន់ ការសន្ទនា និងស្វ័យភាពជាយុទ្ធសាស្ត្រ ជាជាងការចូលរួមជាមួយប្លុកដែលកំពុងប្រកួតប្រជែងគ្នា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាលំនឹងនៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលកំពុងវិវត្ត។ ទស្សនៈរួមបែបនេះពង្រឹងការសម្របសម្រួល​​របស់ពួកគេមិនត្រឹមតែសម្រាប់ក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវេទិកាតំបន់ ដូចជា អាស៊ាន យន្តការអាស៊ានបូក និងក៏ដូចជានៅក្នុងវេទិកាសាកល ដូចជា អង្គការសហប្រជាជាតិ ជាដើម។

ក្នុងមាគ៌ាឆ្ពោះទៅមុខ គោលការណ៍បច្ចសីលាសន្តិសហវិជ្ជមានជាមូលដ្ឋានគ្រឹះគ្របដណ្តប់លើការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដី, ការមិនឈ្លានពានគ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងផងគ្នា, សមភាពនិងផលប្រយោជន៍ទៅវិញទៅមក និងការរួមរស់ជាមួយគ្នាដោយសន្តិភាព ត្រូវតែដើរតួនាទីជាមូលដ្ឋានគ្រឹះជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម។ ជាឧទាហរណ៍ ការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី តម្រូវឱ្យមានការដោះស្រាយដោយសន្តិវិធីនូវបញ្ហាព្រំដែនតាមរយៈការសន្ទនានិងក្របខណ្ឌច្បាប់ ដោយមិនធ្វើសកម្មភាពណាមួយជាឯកតោភាគីដែលអាចបំផ្លាញទំនុកចិត្ត។ ដូចគ្នានេះដែរ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាកំណត់ថា ការវិវត្តនយោបាយក្នុងស្រុករបស់ប្រទេសនីមួយៗ ត្រូវបានចាត់ទុកជាកិច្ចការអធិបតេយ្យដោយមិនមានការបង្ខិតបង្ខំឬសម្ពាធពីខាងក្រៅនោះឡើយ។

ការប្រកាន់ខ្ជាប់នូវគោលការណ៍សមភាពនិងផលប្រយោជន៍ទៅវិញទៅមក ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយសមធម៌ និរន្តរភាព និងតម្លាភាពក្នុងពាណិជ្ជកម្មនិងការវិនិយោគរវាងកម្ពុជានិងវៀតណាម។ ក្នុងវិស័យសន្តិសុខ ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមឆ្លងដែន ដូចជា ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត អាចត្រូវបានអនុវត្តក្នុងក្របខណ្ឌដែលគោរពអធិបតេយ្យភាពជាតិ និងយុត្តាធិការផ្លូវច្បាប់។ ការរក្សាការប្តេជ្ញាចិត្តជាបទដ្ឋានទាំងនេះមិនត្រឹមតែពង្រឹងភាពជាដៃគូទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវយន្តការប្រកបដោយស្ថិរភាព ដើម្បីកាត់បន្ថយផលប៉ះពាល់នៃសម្ពាធភូមិសាស្ត្រនយោបាយខាងក្រៅ និងសក្ដានុពលសង្គម-នយោបាយផ្ទៃក្នុង ដែលអាចធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹង។

ចំពេលដែលភាពមិនប្រាកដប្រជាជាសកលដែលកំពុងកើនឡើង និងការត្រលប់មកវិញដ៏មានសក្តានុពលនៃគោលនយោបាយការបរទេសផ្តោតលើផលប្រយោជន៍និយមកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាល Trump អាណត្តិទី២ ដែលធ្វើឱ្យគោលការណ៍ពហុភាគីនិយមធ្លាក់ចុះ និងការប្រកួតប្រជែងរវាងសហរដ្ឋអាម៉េរិកនិងចិនកាន់តែខ្លាំង កម្ពុជានិងវៀតណាមប្រឈមមុខនឹងជម្រើសយុទ្ធសាស្ត្រកាន់តែស្មុគស្មាញ។ ក្នុងបរិបទនេះ ស្វ័យភាពជាយុទ្ធសាស្ត្រគួរតែជាមគ្គុទេសក៍សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដោយអនុញ្ញាតឱ្យប្រទេសទាំងពីររក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយមហាអំណាច ខណៈផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ ស្ថិរភាពក្នុងតំបន់ និងមាគ៌ាគោលនយោបាយការបរទេសឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ។

ការរក្សាស្វ័យភាពជាយុទ្ធសាស្ត្រតម្រូវឱ្យកម្ពុជានិងវៀតណាមនៅតែយកចិត្តទុកដាក់ចំពោះកង្វល់ជាយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក និងផ្តល់ការធានាឱ្យគ្នាទៅវិញទៅមក។ ការគិតតែពីការមានឥទ្ធិពលើគ្នា អតុល្យភាព ឬការរំលោភលើអធិបតេយ្យភាពគ្នា អាចធ្វើឱ្យចំណុចរសើបប្រវត្តិសាស្ត្រឆាបឆេះឡើងវិញនិងបំផ្លាញទំនុកចិត្ត។ ទំនាក់ទំនងដែលមានមូលដ្ឋានលើសមភាព ការគោរពគ្នាទៅវិញទៅមក និងការកសាងទំនុកចិត្ត គឺជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមខាងក្នុងនិងសម្ពាធខាងក្រៅ។ ក្នុងពេលជាមួយគ្នានេះ ប្រទេសទាំងពីរត្រូវតែមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃការប្រកួតប្រជែងរវាងមហាអំណាចដែលកំពុងកើតឡើងនៅក្នុងតំបន់ជិតៗរបស់ខ្លួន។ ក្នុងការសម្របសម្រួលជាមួយអាស៊ាន ប្រទេសទាំងពីរត្រូវតែទប់ទល់នឹងការគាបសង្កត់​​ដើម្បីឱ្យចូលរួមជាមួយប្លុកតែមួយ ជំនួសឱ្យការលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ដែលចាក់ឫសក្នុងសន្តិភាព សមាហរណកម្ម និងការចូលរួមប្រកបដោយកិច្ចសហប្រតិបត្តិការ។

ខណៈដែលកម្ពុជានិងវៀតណាមប្រារព្ធខួបលើកទី៥៨នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទន្ទឹមនឹងខួបលើកទី៥០នៃការបង្រួបបង្រួមជាតិរបស់វៀតណាម និងការបន្តរីកចម្រើនរបស់កម្ពុជាក្នុងការអភិវឌ្ឍជាតិ ប្រជាជាតិទាំងពីរត្រូវតែបញ្ជាក់ឡើងវិញនូវភាពអាស្រ័យគ្នាទៅវិញទៅមកនៃអនាគតរបស់ខ្លួន។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលកំណត់ដោយអតីតកាលរួម និងគោលបំណងឆ្ពោះទៅរកអនាគតរួម គួរតែត្រូវបានរឹតបន្តឹងឱ្យកាន់តែរឹងមាំដោយឈរលើគោលការណ៍នៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ការគោរពបូរណភាពទឹកដី សាមគ្គីភាពយូរអង្វែង និងចក្ខុវិស័យរួមសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ខណៈដែលមានការកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាចនិងភាពមិនប្រាកដប្រជាជាសកល កម្ពុជា និងវៀតណាមមានឱកាសដើម្បីបង្ហាញឃើញពីរបៀបដែលប្រទេសជិតខាងដែលមានប្រវត្តិសាស្ត្រស្មុគស្មាញជាមួយគ្នា អាចសហការគ្នាដើម្បីជំរុញសន្តិភាព ភាពធន់ និងវិបុលភាព។ តាមរយៈការរក្សាស្វ័យភាពជាយុទ្ធសាស្ត្រនិងតម្លៃរួម ភាពជាដៃគូរវាងប្រទេសទាំងពីរមិនត្រឹមតែរឹងមាំយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីជាសសរស្តម្ភនៃស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

RAC Media

2025-04-30 05:11:22   ថ្ងៃពុធ, 30 មេសា 2025 ម៉ោង 12:11 PM
បណ្ឌិត យង់ ពៅ៖ ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីដែលភាគីវៀតណាមបានអញ្ជើញកងទ័រកម្ពុជាចូលរួមដង្ហែព្យុហយាត្រារបស់ខ្លួន ដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាមនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម។ បើតាមលោកបណ្ឌិត កម្ពុជានិងវៀតណាម មានទំនាក់ទំនងនិងការជាប់ពាក់ព័ន្ធនឹងគ្នាជាប្រវត្តិសាស្ត្រតាំងពីសម័យអង្គរមកម្ល៉េះ ដែលក្នុងនោះករណីអធិបតេយ្យភាព ក៏ជាចំណុចដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ពិសេសប្រទេសកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងជំរុញសម្រេចបាននូវការបង្រួបបង្រួមទឹកដីរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងនៅក្នុងសម័យសង្គ្រាមត្រជាក់។

លោកបណ្ឌិត យង់ ពៅបានមានប្រសាសន៍បន្ថែមទៀតថា នៅពេលដែលគេនិយាយអំពីការបង្រួបបង្រួមជាតិរបស់វៀតណាម គេមិនអាចបំភ្លេចនូវការចូលរួមចំណែកដ៏សំខាន់របស់កម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងរំដោះប្រទេសវៀតណាមខាងត្បូង ដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិវៀតណាមនោះឡើយ។ លោកបណ្ឌិតបានបន្តថា សម្ដេចព្រះបរមរតនកោដ្ឋ នរោត្ដមសីហនុ តែងតែមានព្រះរាជឱង្ការរំឭកអំពីការចូលរួមចំណែករបស់កម្ពុជា ក្រោមការដឹកនាំរបស់ព្រះអង្គនៅក្នុងការជួយដល់ប្រជាជាតិវៀតណាមនៅក្នុងដំណើរការសង្គ្រាមដើម្បីតស៊ូបង្រួបបង្រួមប្រទេសវៀតណាម។

គេពិតជានៅចងចាំបាននូវការអនុញ្ញាតឱ្យវៀតណាម ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីដឹកជញ្ជូនសព្វាវុធ គ្រាប់រំសេវ ស្បៀងអាហារ និងមាសប្រាក់ ពីកំពង់ផែកំពង់សោមទៅព្រំដែនកម្ពុជា-វៀតណាមខាងត្បូង តាមរយៈផ្លូវលំហូជីមិញនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើដល់យុទ្ធនាការបង្រួបបង្រួមប្រទេសវៀតណាម។ នេះគឺជាការចូលរួមចំណែករបស់កម្ពុជា នៅក្នុងដំណើរការបង្រួបបង្រួមប្រជាជាតិវៀតណាម ហើយដែលជាលទ្ធផល បាននាំប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ដែលឆាបឆេះចេញពីប្រទេសវៀតណាមដោយផ្ទាល់។ លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ប្រសិនបើគ្មានជំនួយពីប្រទេសកម្ពុជានោះទេ នោះវៀតណាមខាងជើងពិតជាមិនអាចបង្រួបបង្រួមប្រជាជាតិរបស់ខ្លួនបាននោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតបានគូសបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ហើយដែលគេត្រូវចងចាំ និងយល់ដឹងឱ្យបានច្បាស់លាស់អំពីសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលមិនអាចកោសលុបបាន។ បើតាមលោកបណ្ឌិត យង់ ពៅ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមត្រូវតែនឹកចងចាំឱ្យបានច្បាស់លាស់អំពីគុណបំណាច់របស់កម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អរបស់ខ្លួន ដែលបានចូលរួមជ្រោមជ្រែងយ៉ាងពេញទំហឹងដើម្បីឯករាជ្យភាព និងបង្រួបបង្រួមទឹកដីរបស់វៀតណាម។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមផងដែរថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក៏គួរតែត្រូវបានអ្នកវិភាគនយោបាយ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបបានដឹង និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីតថភាពនៃប្រវត្តិសាស្ត្រ នៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម ដើម្បីចៀសវាងការវាយតម្លៃនៅក្នុងជ្រុងផ្សេងៗ ប្រាសចាកអំពីការពិត និងស្ថានភាពជាក់ស្ដែង នៃទំនាក់ទំនងកម្ពុជា-វៀតណាម៕

RAC Media | លឹម សុវណ្ណរិទ្ធ

2025-04-29 09:19:36   ថ្ងៃអង្គារ, 29 មេសា 2025 ម៉ោង 04:19 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំការប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៃរាជបណ្ឌិត្យសភាកម្ពុជាំ និងដាក់ទិសការងារនៅត្រីមាសបន្ទាប់

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅបន្ទប់ក្រវាន់ អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ  អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានការប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងដាក់ទិសការងារនៅត្រីមាសបន្ទាប់ ដែលមានការចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតប្រធានវិទ្យាស្ថាន ប្រធានអង្គភាពឧបសម្ព័ន្ធ  និងលោក-លោកស្រីប្រធាននាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថាន ប្រធាននាយកដ្ឋានស្ដីទីនៃនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា កញ្ញាបណ្ឌិតនាយិកាវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ លោកនាយកវិទ្យាស្ថានម៉ក់ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់ថ្នាក់ដឹកនាំវិទ្យាស្ថានចំណុះរាជបណ្ឌិត្យសភាកម្ពុជា អង្គភាពឧបសម្ព័ន្ធ និងនាយកដ្ឋាននិងមជ្ឈមណ្ឌលនានាចំណុះអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងបានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថាន អង្គភាពឧបសម្ព័ន្ធ នាយកដ្ឋាន និងមជ្ឈមណ្ឌលទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីសម្រេចបានស្នាដៃ និងសមិទ្ធផលសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា និងប្រទេសជាតិទាំងមូល ទាំងនៅក្នុងកិច្ចការងារសិក្សាស្រាវជ្រាវ និងការបំពេញកិច្ចការងាររដ្ឋបាលនៅក្នុងមុខនាទីដែលខ្លួនទទួលខុសត្រូវរៀងៗខ្លួន។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ផងដែរថា ក្នុងនាមជាស្ថាប័នគ្រឹះស្ថានសាធារណៈរដ្ឋបាល ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា គប្បីត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងកាន់តែសកម្មខ្លាំងជាងមុនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមនិងប្រទេសជាតិ។ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍បន្តថា ក្រៅពីបំពេញការងារនៅក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ មន្ត្រីទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ត្រូវតែបំពេញតួនាទីភារកិច្ច ដោយប្រកាន់ខ្ជាប់តាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដូចដែលមានចែងនៅក្នុងច្បាប់ផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាព ផលិតភាព និងស័ក្តិសិទ្ធិភាពនៃការងាររបស់មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ បានស្នើឱ្យថ្នាក់ដឹកនាំវិទ្យាស្ថាន អង្គភាពឧបសម្ព័ន្ធ នាយកដ្ឋាន និងមជ្ឈមណ្ឌលទាំងអស់ ជំរុញនិងលើកទឹកចិត្តដល់មន្ត្រីរាជការ ក៏ដូចជាមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលរួមចែករំលែកនូវស្នាដៃ និងមាតិកាល្អៗនានា ទាំងស្នាដៃសិក្សាស្រាវជ្រាវក្នុងក្របខ័ណ្ឌស្ថាប័ន និងមាតិកាល្អៗនានា នៅលើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីចូលរួមចំណែកបង្កើតឱកាសសម្រាប់ការសិក្សារៀនសូត្រ  ស្រាវជ្រាវ និងស្វែងយល់អំពីចំណេះដឹងក៏ដូចជារបកគំហើញថ្មីៗ ព្រមទាំងបង្កើនបរិយាកាសជាវិជ្ជមាននៅក្នុងសង្គមជាតិផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2025-04-29 08:32:55   ថ្ងៃអង្គារ, 29 មេសា 2025 ម៉ោង 03:32 PM
រាជបណ្ឌិត្យសភាកម្ពុជាបើកទូលាយសម្រាប់ការចូលរួមរបស់បញ្ញវន្តនិងអ្នកសិក្សាស្រាវជ្រាវ ក្នុងសន្និសីទអន្តរជាតិលើកទី១៣ រវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ​ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំណែនាំ និងផ្ដល់អនុសាសន៍ដល់បេក្ខជនដែលជាប់ការវាយតម្លៃជ្រើសរើសជាប់ជាស្ថាពរ ជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិ រវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច  និងវប្បធម៌នៅកម្ពុជា ឡាវ និងវៀតណាម" និងប្រធានបទ "ការផ្លាស់ប្ដូរបៃតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ"។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនឹងបេក្ខជនដែលជាប់ការវាយតម្លៃជ្រើសរើសជាប់ជាស្ថាពរ ជាវាគ្មិននៅក្នុងសន្និសីទអន្តរជាតិលើកទី១៣ នារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ណែនាំ និងផ្ដល់អនុសាសន៍ដល់បេក្ខជនទាំងអស់ថា បេក្ខជនជាអ្នកសិក្សាស្រាវជ្រាវដែលជាប់ការវាយតម្លៃ នឹងត្រូវចុះកិច្ចសន្យាស្រាវជ្រាវជាមួយនឹងគណៈកម្មការតំណាងឱ្យរាជបណ្ឌិត្យសភាកម្ពុជា ដែលការប្រគល់អត្ថបទសិក្សាស្រាវជ្រាវ ត្រូវធ្វើឡើងយ៉ាងយូរនៅត្រឹមខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា សន្និសីទអន្តរជាតិលើកទី១៣ ដែលបេក្ខជននឹងចូលរួមនៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ គឺជាសន្និសីទអន្តរជាតិរវាងបណ្ឌិត្យសភានៃប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ ដែលរាជបណ្ឌិត្យសភាកម្ពុជា តែងតែបានផ្លាស់វេនទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ និងចូលរួមជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ជារៀងរាល់ឆ្នាំ។ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ផងដែរថា កន្លងមក វាគ្មិនដែលចូលរួមតំណាងឱ្យអ្នកសិក្សាស្រាវជ្រាវកម្ពុជា សុទ្ធសឹងតែជាមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ប៉ុន្តែនៅក្នុងឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា បានបើកចំហរចំពោះចូលរួមពីសំណាក់អ្នកសិក្សាស្រាវជ្រាវពីស្ថាប័នខាងក្រៅ នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា សន្និសីទអន្តរជាតិលើកទី១៣ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ នាពេលខាងមុខនេះ គឺជាសន្និសីទកម្រិតវិទ្យាសាស្ត្ររវាងអ្នកប្រាជ្ញនិងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃប្រទេសទាំង៤ ដែលទាមទារឱ្យវាគ្មិនទាំងអស់ ត្រូវផ្ដោតការយកចិត្តទុកដាក់ចំពោះអត្ថបទស្រាវជ្រាវរបស់ខ្លួន ឱ្យមានលក្ខណៈត្រឹមត្រូវ និងជាក់លាក់ ដោយឈរលើមូលដ្ឋានការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ ឯកឧត្ដមបណ្ឌិត បានចាត់ទុកថា នេះគឺជាការបើកទូលាយសម្រាប់ការចូលរួមរបស់បញ្ញវន្តនិងអ្នកសិក្សាស្រាវជ្រាវកម្ពុជា ដើម្បីបង្ហាញស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្ររបស់ខ្លួន នៅក្នុងសន្និសីទអន្តរជាតិ៤ប្រទេស រវាងរវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ​ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ ក៏បានថ្លែងលើកឡើងផងដែរថា នាពេលខាងមុខ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំមូលនិធិសម្រាប់ការស្រាវជ្រាវផ្សេងៗ ដើម្បីបើកទូលាយចំពោះការចូលរួមស្រាវជ្រាវពីសំណាក់អ្នកសិក្សាស្រាវជ្រាវទាំងឡាយរបស់កម្ពុជា ដើម្បីជំរុញវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្ដល់ធាតុចូលជូនដល់ក្រសួង ស្ថាប័ន និងរដ្ឋាភិបាល ក្នុងគោលបំណងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសជ្រើសរើសអ្នកស្រាវជ្រាវ សម្រាប់ការសិក្សាស្រាវជ្រាវធ្វើបទបង្ហាញក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៣ ទៅលើប្រធានបទចំនួន ២ ដែលចែកចេញជាប្រធានបទរងចំនួន ៦គឺ៖

វគ្គទី១ ប្រធានបទ ស្ដីពី «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌នៅកម្ពុជា ឡាវ និងវៀតណាម» ដែលមានប្រធានបទរងចំនួន ៣ គឺ៖

        - ប្រធានបទរងទី១៖ ការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៖ មាគ៌ាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឡាវ និងវៀតណាម

        - ប្រធានបទរងទី២៖ ការរក្សាអត្តសញ្ញាណវប្បធម៌ និងការពង្រឹងឯកភាពតំបន់

        - ប្រធានបទរងទី៣៖ សុខដុមនីយកម្មគោលនយោបាយសង្គម៖ ការដោះស្រាយបញ្ហាប្រឈមរួមគ្នាក្នុងវិស័យសុខាភិបាល ការអប់រំ និងសុខុមាលភាពសង្គម

វគ្គទី២ ប្រធានបទ ស្ដីពី «ការផ្លាស់ប្ដូបៃតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទពិសោធន៍ និងទស្សនៈរបស់ប្រទេសកូរ៉េ» ដែលមានប្រធានបទរងចំនួន ៣ គឺ៖

        - ប្រធានបទរងទី១៖ គោលនយោបាយបរិវត្តកម្មបៃតងរបស់កូរ៉េ៖ បទពិសោធន៍និងទស្សនទានសម្រាប់កម្ពុជា ឡាវ និងវៀតណាម

        - ប្រធានបទរងទី២៖ ជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈសេដ្ឋកិច្ចចក្រា និងគំនិតផ្ដួចផ្ដើមកំណើនបៃតង

        - ប្រធានបទរងទី៣៖ កិច្ចសហប្រតិបត្តិការរបស់កូរ៉េសម្រាប់ការអភិវឌ្ឍបៃតងនៅកម្ពុជា ឡាវ និងវៀតណាម៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2025-04-28 08:33:18   ថ្ងៃចន្ទ, 28 មេសា 2025 ម៉ោង 03:33 PM
បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសនៃខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-ថៃ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានវាយតម្លៃចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលថៃនៅកម្ពុជាថា ធ្វើឡើងស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា នេះគឺជាសញ្ញាណល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ និងជាចំណែកមួយនៃការរំឭកខួបទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសជិតខាងទាំងពីរផងដែរ។

 លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃដូច្នេះ ដោយអះអាងថា ប្រសិនបើប្រទេសជិតខាងទាំងពីរមានបញ្ហាប្រឈមមួយចំនួននឹងគ្នា ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមិនជួបជជែកពិភាក្សាដោះស្រាយជាមួយគ្នានោះទេ នោះបញ្ហានឹងមិនអាចដោះស្រាយរួមគ្នាបាននោះឡើយ។ ម្យ៉ាងទៀត កម្ពុជានិងថៃ គឺជាប្រទេសមានព្រំដែនជាប់គ្នា ដែលបញ្ហានានាតែងតែកើតឡើងដោយចៀសមិនផុតឡើយ ទោះក្នុងកម្រិតណាមួយក៏ដោយក្ដី។

 លោកបណ្ឌិតបានបន្ថែមទៀតថា ថ្វីដ្បិតតែទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទើបតែឈានមកដល់ខួបទី៧៥ឆ្នាំក្ដី ប៉ុន្តែប្រជាជាតិទាំងពីរមានទំនាក់ទំនងនឹងជាប្រវត្តិសាស្ត្រជិត១ពាន់ឆ្នាំកន្លងទៅហើយ ខណៈប្រទេសទាំងពីរមានអធិបតេយ្យភាពលាតសន្ធឹងជាប់គ្នាទាំងព្រំដែនគោកនិងព្រំដែនទឹក។ ជាមួយគ្នានេះ ប្រទេសទាំងពីរ មានចំណងពាក់ព័ន្ធគ្នាទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ក៏ដូចជាសេដ្ឋកិច្ចដែលបំពេញឱ្យគ្នាទៅវិញទៅមក។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា យោងលើចំណងពាក់ព័ន្ធនិងទំនាក់ទំនងយ៉ាងស៊ីជម្រៅដូចបានរៀបរាប់ខាងលើ ប្រទេសទាំងពីរ កម្ពុជា-ថៃ ពិតជាមិនអាចមើលរំលងពីភាពចាំបាច់នៅក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរួមគ្នាបាននោះឡើយ ដោយមេដឹកនាំទាំងពីរត្រូវជួបប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ ដើម្បីឈានទៅស្វែងរកដំណោះស្រាយគ្រប់កម្រិត ទាំងកម្រិតអ្នកបច្ចេកទេស កម្រិតការទូត និងកម្រិតប្រមុខរដ្ឋាភិបាលដូចជាក្នុងឱកាសដំណើរទស្សនកិច្ចនាពេលនេះផងដែរ។ លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃថា ជំនួបកម្រិតប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី និងការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំនៃប្រទេសទាំងពីរទៅលើកិច្ចសហប្រតិបត្តិការ ការថែរក្សាទំនាក់ទំនងល្អ និងការដោះស្រាយបញ្ហាប្រឈមនៃប្រទេសទាំងពីរ ដើម្បីឈានទៅថែរក្សា និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។

 ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់អំពីរបបនយោបាយនិងស្ថានភាពនយោបាយនៃប្រទេសទាំងពីរផងដែរថា ទាំងកម្ពុជានិងថៃ សុទ្ធសឹងតែប្រកាន់យករបបប្រជាធិបតេយ្យ និងរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ហេតុនេះហើយ ដែលជាហេតុនាំឱ្យមាននិន្នាការទស្សនៈនយោបាយផ្សេងៗគ្នាក្នុងសង្គមដោយចៀសមិនផុត ដែលក្នុងកាលៈទេសៈខ្លះ ក្រុមអ្នកមាននិន្នាការផ្សេងពីរដ្ឋាភិបាលក៏បានបង្កជារលកនយោបាយ និងឆ្លៀតឱកាសកេងចំណេញលើស្មារតីជាតិនិយមរបស់ប្រជាជន ដូចជាករណីបញ្ហាអធិបតេយ្យនៃប្រទេសទាំងពីរ ដែលកន្លងមក ត្រូវបានក្រុមប្រឆាំងនៃប្រទេសទាំងពីរបញ្ឆេះឱ្យពលរដ្ឋប្រទេសទាំងពីរមានមន្ទិល និងកំហឹងទៅលើរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ថៃជាដើម។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ពីភាពចាំបាច់ដែលតម្រូវឱ្យមានជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជួបជជែក ពិភាក្សា ស្រាយមន្ទិល និងដោះស្រាយបញ្ហាប្រឈម ប្រកបដោយភាតរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយស្របតាមស្ថានភាពជាក់ស្ដែងនៅក្នុងទំនាក់ទំនងនៃប្រទេសក្បែរខាងទាំងពីរ។ លោកបណ្ឌិតបានបន្តថា គេមិនអាចបណ្ដោយឱ្យក្រុមអ្នកជាតិនិយមជ្រុល ឬក្នុងអ្នកនយោបាយប្រឆាំងមួយចំនួនតូចរុញច្រានបញ្ហាប្រឈមដែលកំពុងកើតមាន បង្កើតជាកំហឹងជាតិនិយមជ្រុល ឬការរើសអើងជាតិសាសន៍រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ថៃនោះឡើយ។ បើតាមលោកបណ្ឌិត តាមរយៈការជួបជជែកពិភាក្សាគ្នាដោយផ្ទាល់ មេដឹកនាំនៃប្រទេសទាំងពីរ អាចឈានទៅរកដំណោះស្រាយមានប្រសិទ្ធភាព និងប្រកបដោយការយោគយល់និងភាពបត់បែនទៅតាមស្ថានការណ៍ជាក់ស្ដែងនៅក្នុងករណីនីមួយៗបានយ៉ាងងាយស្រួល ព្រមទាំងអាចឈានទៅការរកឃើញគន្លឹះល្អៗ នៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើងថែមទៀតផងដែរ។

 បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានបង្ហាញអំពីក្ដីរំពឹងរបស់លោកទៅលើលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ នៅក្នុងជំរុញទំនាក់ទំនងល្អជាប្រពៃណី រវាងកម្ពុជានិងថៃ តាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជាផងដែរ។ ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ នឹងជំរុញ ក៏ដូចជាពន្លឿននូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងអាចឈានទៅសម្រេចនូវកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ លោកបណ្ឌិត ក៏បានកត់សម្គាល់អំពីទិដ្ឋភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដូចជា ការបញ្ជូនកម្លាំងពលកម្មកម្ពុជាទៅបម្រើការងារនៅក្នុងប្រទេសថៃផងដែរ ដែលលំហូរកម្លាំងពលកម្មនេះ បានផ្ដល់នូវការរួមចំណែកដ៏សំខាន់មួយនៅក្នុងការជំរុញសេដ្ឋកិច្ចថៃ ក៏ដូចជាការបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ។ នេះសបញ្ជាក់អំពីទំនាក់ទំនងដែលហុចប្រយោជន៍ទ្វេទិសនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃ ដែលលោកបណ្ឌិត យង់ ពៅ បានបង្ហាញសុទិដ្ឋិនិយមថា មេដឹកនាំទាំងពីរ នឹងឈានទៅដល់កិច្ចព្រមព្រៀង និងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ

2025-04-23 08:01:43   ថ្ងៃពុធ, 23 មេសា 2025 ម៉ោង 03:01 PM
ពេលដែលដំរីជល់គ្នា ងាប់ស្រមោចសង្អារ

ដោយ : បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិកនិងចិន បានកើនឡើងហួសពីការប្រជែងដណ្តើមឥទ្ធិពលសកល វាបានវិវត្តទៅជាល្បែងចាញ់-ចាញ់ ដែលផ្តល់ផលវិបាកដ៏មហន្តរាយសម្រាប់ប្រទេសតូចៗ។ ខណៈដែលប្រទេសមហាអំណាចទាំងពីរប្រើពាណិជ្ជកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធជាអាវុធដើម្បីបំផ្លាញគ្នាទៅវិញទៅមក បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម កំពុងត្រូវបានអូសចូលទៅក្នុងព្យុះសង្ឃរាមួយដែលពួកគេមិនបានបង្កើត។ ពន្ធគយចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកដែលដាក់ទៅលើការនាំចូលបន្ទះសូឡាពីប្រទេសទាំងនេះ រួមជាមួយនឹងការគំរាមកំហែងសងសឹករបស់ប្រទេសចិន បង្ហាញឱ្យឃើញពីរបៀបដែលការប្រកួតប្រជែងរបស់មហាអំណាចកំពុងធ្វើឱ្យមានអស្ថិរភាពដល់ការអភិវឌ្ឍ ធ្វើឱ្យខូចដល់គោលដៅអាកាសធាតុ និងលុបបំបាត់ចោលនូវគោលការណ៍ពហុភាគីនិយម។

ការសម្រេចចិត្តនាពេលថ្មីៗនេះដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកដើម្បីបញ្ចប់នីតិវិធីដំឡើងអត្រាពន្ធលើការនាំចូលបន្ទះសូឡាពីប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Reuters បានបង្ហាញពីស្ថានការណ៍ដ៏គ្រោះថ្នាក់ក្នុងការប្រកួតប្រជែងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិន។ ក្នុងចំណោមប្រទេសទាំងនេះ កម្ពុជាប្រឈមនឹងការយកពន្ធលើសពី ៣,៥០០%។ នេះជាអត្រាពន្ធដ៏ខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

ការដំឡើងអត្រាពន្ធដ៏សែនខ្ពស់ហួសពពកបែបនេះត្រូវបានសហរដ្ឋអាមេរិកលើកយុត្តិកម្មដោយផ្អែកលើហេតុផលថា កម្ពុជាមិនបានសហការពេញលេញជាមួយនឹងការស៊ើបអង្កេតទាក់ទងនឹងការគេចវេសពន្ធដែលមានស្រាប់ទាក់ទងនឹងក្រុមហ៊ុនផលិតបន្ទះសូឡារបស់ចិន។ ពន្ធគយទាំងនេះមានគោលបំណងទប់ស្កាត់នូវអ្វីដែលសហរដ្ឋអាមេរិកមើលឃើញថា ជាការប៉ុនប៉ងរបស់ក្រុមហ៊ុនចិនដើម្បីគេចវេសពន្ធដោយការបង្វែរទីតាំងផលិតកម្មតាមរយៈប្រទេសនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែធ្វើឱ្យប៉ះពាល់ដោយមិនសមាមាត្រចំពោះប្រទេសនានា ដូចជាកម្ពុជាដែលកំពុងខិតខំអភិវឌ្ឍឧស្សាហកម្មបៃតង និងធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសកល។

ការសងសឹកយ៉ាងរហ័សរបស់ចិន ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Euronews ក៏ជាបញ្ហាប្រឈមដូចគ្នា។ ប្រទេសចិនបានប្តេជ្ញាចិត្តថា នឹងសងសឹកដល់ប្រទេសណាដែលគាំទ្រនូវអ្វីដែលខ្លួនកំណត់ថាជា «ឯកោនិយមពាណិជ្ជកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក» (U.S.-led trade isolationism) ខណៈដាក់ពន្ធសងសឹកយ៉ាងឆាប់រហ័សលើការនាំចេញកសិផលពីអាស៊ីអាគ្នេយ៍ ដូចជា ធូរេនវៀតណាម និងអង្ករថៃ។ យុទ្ធសាស្ត្របែបនេះឆ្លុះបញ្ចាំងពីនយោបាយប្លុកសម័យសង្រ្គាមត្រជាក់ ដែលបង្ខំឱ្យប្រទេសនានា «ជ្រើសរើសភាគីណាមួយ» នៅក្នុងការប្រកួតប្រជែងទ្វេភាគ (ពីរប្លុកឬពីរប្រទេស)។ ផ្នត់គំនិតបែបនេះទុកលំហតិចតួចណាស់សម្រាប់ស្វ័យភាពឬអាទិភាពនៃការអភិវឌ្ឍរបស់ប្រទេសតូចៗ ដែលភាគច្រើននៃពួកគេកំពុងព្យាយាមរក្សាអព្យាក្រឹតភាពនិងផ្តោតលើវឌ្ឍនភាពក្នុងស្រុក។

នេះជាទ្វេគ្រោះដ៏សោកនាដកម្មដែលប្រទេសជាច្រើនកំពុងប្រឈមមុខសព្វថ្ងៃ។ ប្រជាជាតិទាំងអស់ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចតូចតាច ដូចជាកម្ពុជាមិនចង់ឱ្យគេបង្ខំឱ្យជ្រើសរើសភាគីណាមួយឡើយ។ ប្រទេសទាំងអស់ចង់រក្សាទំនាក់ទំនងប្រកបដោយផលិតភាពជាមួយទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង ពី ព្រោះប្រទេសទាំងពីរនេះគឺជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់។ មិនខុសពីប្រទេសកំពុងអភិវឌ្ឍជាច្រើនផ្សេងទៀតទេ កម្ពុជាស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយបិយាបន្ន និងការចូលរួមដោយសន្តិវិធីជាមួយតួអង្គពិភពលោកទាំងអស់។ ការរំពឹងទុករបស់មហាអំណាចចង់ឱ្យប្រជាជាតិនានាត្រូវតែនៅជាមួយតែភាគីម្ខាង បើពុំនោះនឹងត្រូវប្រឈមមុខនឹងផលវិបាកផ្សេងៗ គឺជារឿងអយុត្តិធម៌ខ្លាំងណាស់ និងមិនអាចអនុវត្តបាន។

ស្ថានភាពគ្រោះថ្នាក់គឺខ្ពស់បំផុតសម្រាប់ប្រទេសនានាក៏ដូចជាកម្ពុជា ដែលបានបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហូបនីយកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ កំណើនសេដ្ឋកិច្ចកម្ពុជាដែលពឹងផ្អែកខ្លាំងលើការនាំចេញនិងការវិនិយោគផ្ទាល់ពីបរទេស ហានិភ័យដែលបង្អាក់ការអភិវឌ្ឍរបស់ខ្លួន គឺមិនមែនដោយភាពទន់ខ្សោយខាងក្នុងទេ ប៉ុន្តែគឺដោយសាររលកខាងក្រៅនៃការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយ។ ជាការណ៍ពិត យើងជាស្រមោចសង្អារឬជាស្មៅនៅក្រោមជើងដំរី។

ពាណិជ្ជកម្មគួរតែនិយាយអំពីផលប្រយោជន៍ទៅវិញទៅមកនិងការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនការប្រកាន់បក្សពួកនយោបាយឬការប្រកួតប្រជែងមនោគមវិជ្ជានោះទេ។ ក៏ប៉ុន្តែ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពាណិជ្ជកម្មកាន់តែក្លាយជាអាវុធមួយនៅក្នុងការតស៊ូដ៏ទូលំទូលាយសម្រាប់ឧត្តមភាពសកល។ ការអនុវត្តបែបនេះធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានអនុញ្ញាតឱ្យប្រទេសតូចធំអាចចូលរួមដោយស្មើភាពគ្នាក្នុងសេដ្ឋកិច្ចពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

នេះជាពេលវេលាដែលអង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវតែដើរតួនាទីឱ្យសកម្មនិងរឹងមាំបន្ថែមទៀត។ ក្នុងនាមជាអាណាព្យាបាលចម្បងនៃប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើច្បាប់ WTO ដែលត្រូវបានបង្កើតឡើងដើម្បីបង្ការបែបផែនសេដ្ឋកិច្ចបែបគំរាមកំហែងនិងឯកតោភាគីនិយមដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ យន្តការរបស់ WTO ដើម្បីដោះស្រាយវិវាទ ត្រួតពិនិត្យពាណិជ្ជកម្ម និងកំណត់បទដ្ឋាន គឺជាឧបករណ៍ដ៏សំខាន់សម្រាប់រក្សាការប្រកួតប្រជែងដោយយុត្តិធម៌ និងការពារសិទ្ធិរបស់សមាជិកទាំងអស់ ជាពិសេស ប្រទេសដែលងាយរងគ្រោះបំផុត។

ទោះជាបែបនេះក្តី សមត្ថភាពដំណើរការរបស់ WTO ត្រូវបានចុះខ្សោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយស្ថាប័នដោះស្រាយបណ្ដឹងរបស់ខ្លួនបានពិការបាត់ទៅហើយ, ហើយសមាជិកសំខាន់ៗរបស់អង្គការនេះកំពុងបន្តសកម្មភាពពាណិជ្ជកម្មឯកតោភាគីដែលបំពានស្មារតីនិងលិខិតូបករណ៍របស់ខ្លួន។ ប្រសិនបើពហុភាគីនិយមត្រូវតែរស់រានមានជីវិតនិងរីកចម្រើន, WTO ត្រូវតែត្រូវបានផ្តល់អំណាចនិងត្រូវតែកែទម្រង់ មិនមែនទុកចោលឱ្យនៅកៀនជញ្ជាំងបែបនេះទេ។ WTO ត្រូវតែជាវេទិកាដែលវិវាទអាចត្រូវបានដោះស្រាយបានដោយឈរលើច្បាប់ មិនមែនអំណាច ហើយជាកន្លែងដែលរដ្ឋតូចៗមានសិទ្ធិនិងទទួលបានការការពារដូចៗគ្នាទៅនឹងរដ្ឋធំៗដែរ។

លើសពីនេះទៀត ស្ថានភាពបច្ចុប្បន្នមានផលវិបាកហួសពីរឿងសេដ្ឋកិច្ចទៅទៀត។ នៅពេលដែលពាណិជ្ជកម្មក្លាយជាសមរភូមិ សកម្មភាពអាកាសធាតុនឹងក្លាយជាជនរងគ្រោះ។ ប្រទេសកម្ពុជានិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍឧស្សាហកម្មថាមពលបៃតង ដូចជា ការផលិតថាមពលពន្លឺព្រះអាទិត្យ ទាំងដើម្បីបំពេញតាមគោលដៅអាកាសធាតុផង និងដើម្បីជំរុញការបង្កើតការងារផង។ អត្រាពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើបន្ទះសូឡានេះគំរាមកំហែង បង្អាក់ដំណើរកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយធ្វើឱ្យផលិតផលរបស់យើងមានភាពប្រកួតប្រជែងតិចតួច បង្អាក់ការវិនិយោគ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់។

ការប្រឈមមុខគ្នាដែលកំពុងកើនឡើងនេះក៏ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ផងដែរ។ អាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង ៦៥០លាននាក់ មានការប្តេជ្ញាចិត្តជាយូរមកហើយចំពោះអព្យាក្រឹតភាព ការរួមរស់ដោយសន្តិភាព និងសមាហរណកម្មសេដ្ឋកិច្ច។ អាស៊ានក្នុងនាមជាប្លុកតំបន់បានផ្តល់អាទិភាពចំពោះ «មជ្ឈភាពអាស៊ាន» ក្នុងកិច្ចការតំបន់ក្នុងគោលបំណងដើរតួនាទីជាស្ពានរវាងមហាអំណាច មិនមែនជាសមរភូមិសម្រាប់មហិច្ឆតារបស់ពួកគេទេ។ ការបង្ខំឱ្យប្រទេសនានាជ្រើសរើសរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មានតែធ្វើឱ្យខូចតុល្យភាពដ៏មានសារៈសំខាន់នេះ ហើយចាក់បញ្ចូលភាពប្រែប្រួលទៅក្នុងតំបន់ដែលគេឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់និងសុខសន្តិភាពក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

ទីបំផុត មហាអំណាចត្រូវតែទទួលស្គាល់ថា សកម្មភាពរបស់ពួកគេគឺហួសពីព្រំដែនរបស់ពួកគេហើយ។ ការគណនាផលបូកសូន្យរបស់ពួកគេមិនមែនប៉ះពាល់តែពួកគេទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រជាជាតិជាច្រើនដែលបំណងប្រាថ្នាតែមួយគត់របស់ខ្លួនគឺការកសាងអនាគតដ៏ល្អប្រសើរមួយសម្រាប់ប្រជាជនរបស់ខ្លួន។

ការសម្រេចបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពសាកល ស្ថិតនៅលើមហាអំណាចធំៗដែលចាំបាច់ត្រូវតែបោះបង់ចោលល្បែងចាញ់-ចាញ់ដែលបម្រើតែផលប្រយោជន៍ខ្លួនឯង ហើយត្រូវមានការប្តេជ្ញាចិត្តចំពោះពហុភាគីនិយម ភាពត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយមានអង្គការសហប្រជាជាតិជាស្នូល។ ប្រជាជាតិទាំងអស់ រួមទាំងប្រទេសតូចៗដូចជាកម្ពុជា មានការប្តេជ្ញាចិត្តលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយបរិយាបន្ន ដោយធានាថាគ្មាននរណាម្នាក់ត្រូវបានទុកឱ្យនៅឯកោ និងប្រឆាំងនឹងការបង្ខំឱ្យឈរនៅតែជាមួយភាគីម្ខាង។ ដូចដែលសុភាសិតខ្មែរយើងពោលថា «ពេលដំរីជល់គ្នា ងាប់ស្រមោចសង្អារ» គឺបានរំលឹកយើងថា ការប្រកួតប្រជែងរវាងមហាអំណាច គឺ មិនមែនជាការប្រកួតអរូបីទេ ប៉ុន្តែជាកម្លាំងបំផ្លិចបំផ្លាញដែលកម្ទេចជីវភាពរស់នៅ ពង្រីកវិសមភាព និង បំផ្លាញអនាគតរួមរបស់យើង។ មាគ៌ាឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ និងយុត្តិធម៌ប្រកបដោយនិរន្តរភាព គឺស្ថិតនៅលើកិច្ចសហប្រតិបត្តិការ គឺមិនមែនស្ថិតនៅលើការប្រឈមមុខដាក់គ្នាទេ និងអនុញ្ញាតឱ្យប្រទេសទាំងអស់ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូទាំងអស់។ សម្រាប់អាស៊ីអាគ្នេយ៍, ការរស់រានមានជីវិត និងវឌ្ឍនភាពអាស្រ័យទៅលើការរួបរួមគ្នា នាវានុវត្តន៍ និងការប្តេជ្ញាចិត្តដែលមិនអាចកាត់ថ្លៃបានចំពោះពហុភាគីនិយម។ ស្មៅអាចត្រូវព្យុះបោកបក់ឱ្យបត់បែន តែមិនត្រូវបែកបាក់ទេ៕

RAC Media

2025-04-23 00:23:32   ថ្ងៃពុធ, 23 មេសា 2025 ម៉ោង 07:23 AM
វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយនឹងអង្គការចលនាដើម្បីសុខភាពកម្ពុជា នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង»។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ដោយឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងថ្លែងសុន្ទរកថាបើកដោយរដ្ឋលេខាធិការជាតំណាងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» នឹងប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញទៅលើប្រធានបទសំខាន់ៗចំនួន៣គឺ៖

       + «ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង» ធ្វើបទបង្ហាញដោយតំណាងអង្គការសុខភាពពិភពលោក 

       + «បច្ចុប្បន្នភាពនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» ធ្វើបទបង្ហាញដោយវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា 

       + «ទស្សនៈប្រជាជនលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» ធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

បន្ទាប់ពីការធ្វើបទបង្ហាញទៅលើប្រធានបទរងទាំង៣ខាងលើនេះ កិច្ចពិភាក្សារួមស្តីពី «លទ្ធភាពនៃការកំហិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទម្រង់មួយចំនួន» ដែលសម្របសម្រួលដោយឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន           វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានរៀបចំឡើងដោយមានការបញ្ចេញទស្សនៈពីសំណាក់វាគ្មិនទាំងអស់ និងមានការលើកឡើងពីសំណួរពីសំណាក់អ្នកចូលរួមដែលជាអ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការ និងនិស្សិតអញ្ជើញមកពីបណ្ដាក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យនានា។

នៅចុងបញ្ចប់នៃសិក្ខាសាលា ដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងផ្ដល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង» ជាមួយនឹងអនុសាសន៍មួយចំនួនផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2025-04-22 07:10:56   ថ្ងៃអង្គារ, 22 មេសា 2025 ម៉ោង 02:10 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត»

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» ដែលសហការរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មានកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងឱកាសអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» នារសៀលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ចំណងមិត្តភាពរវាងកម្ពុជានិងចិនមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ ចម្លាក់ដែលបរិយាយពីវត្តមានរបស់ប្រជាជនចិន, អាជីវករចិន និងកងព័ទចិននៅលើជញ្ជាំងប្រាសាទបុរាណកម្ពុជា គឺជាភស្តុតាងដ៏សំខាន់ដើម្បីពីជម្រៅនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរតាំងពីសម័យបុរាណកាលមក។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តទៀតថា ទំនាក់ទំនងកម្ពុជា-ចិនក្នុងយុគសម័យថ្មីនេះ កាន់តែស៊ីជម្រៅ និងបានឈានដល់កម្រិតកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ មិនត្រឹមដើរតួនាទីជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរចាក់ឫសកាន់តែជ្រៅ កាន់តែរឹងមាំ និងកាន់តែមានភាពធន់។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងសង្កត់ធ្ងន់ថា ក្នុងឋានៈជាធនាគារគំនិតសំខាន់របស់ជាតិ  រាជបណ្ឌិត្យសភាកម្ពុជាពិតជាមានកិត្តិយស និងមោទនភាពយ៉ាងក្រៃលែងដោយបាន រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយថាមពល គតិបណ្ឌិត ចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា ក្នុងការរៀបចំខ្លឹមសារនៃការសន្ទនា និងការផ្លាស់ប្តូរទស្សនៈក្នុងបណ្តាសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជា-ចិន។    ខ្ញុំជឿជាក់ថាថាតាមរយៈការចាក់ផ្សាយកម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinping  ចូលចិត្ត» គឺពិតជា ចលករមួយដ៏សំខាន់ណាស់ក្នុងការជំរុញដល់ការស្វែងយល់ឱ្យកាន់តែខ្លាំងថែមមួយកម្រិតទៀតរវាងប្រទេសយើងទាំងពីរ ទាំងក្នុងមជ្ឈដ្ឋាន ប្រជាជន ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានកត់សម្គាល់ផងដែរថា ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររវាងយុវជន ដោយហេតុថា យុវជន គឺជាអ្នកបន្តវេនពូនជ្រុំទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ នៅកម្ពុជា យុវជនកាន់តែច្រើនឡើងៗស្រឡាញ់ ចូលចិត្ត និងរៀនភាសាចិន និងកាន់តែស្វែងយល់និងស្រឡាញ់វប្បធម៌ចិន។ ជាក់ស្តែង នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំមកនេះ មានអ្នកចុះឈ្មោះចូលរៀនភាសាចិន ជាង១៣ម៉ឺននាក់។

បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅជាមួយមជ្ឈដ្ឋាននានារបស់ប្រទេសចិន ដើម្បីផ្តល់ជាវេទិកាផ្លាស់ប្តូរកាន់តែធំទូលាយចំពោះប្រជាជននៃប្រទេសទាំងពីរ  ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន ឱ្យឡើងដល់កម្រិតខ្ពស់ និងរួមចំណែកចារទំព័រថ្មីនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែត្រចះត្រចង់ រឹងមាំ មានស្ថិរភាព និងភាពធន់។

គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដមរដ្ឋមន្ត្រី Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិននិងជាអគ្គនាយកអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន   ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2025-04-17 08:40:08   ថ្ងៃព្រហស្បតិ៍, 17 មេសា 2025 ម៉ោង 03:40 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក