Royal Academy of Cambodia
ដោយ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលសម្បូរធនធានធម្មជាតិនិងសក្តានុពលកសិកម្ម កំពុងប្រឈមនឹងការសម្រេចចិត្តដ៏ស្មុគស្មាញមួយ ពោលគឺ ថាតើ កម្ពុជាគួរពឹងផ្អែកលើការនាំចូលស្បៀងអាហារពីប្រទេសជិតខាង ឬផ្តោតលើភាពគ្រប់គ្រាន់របស់ខ្លួនឯង? នៅពេលដែលពាណិជ្ជកម្មក្នុងតំបន់កាន់តែអាចមានលទ្ធភាពនាំចេញនាំចូលបានដោយងាយស្រួលជាងមុន ហើយតម្រូវការចំពោះផលិតផលចម្រុះបានកើនឡើង ការជជែកពិភាក្សាលើការនាំចូលម្ហូបអាហារពីក្រៅប្រទេស កាន់តែក្លាយជាប្រធានបទមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនធម្មតា អ្នកជំនាញ និងអ្នកនយោបាយ។
ម្យ៉ាងវិញទៀត ការនាំចូលម្ហូបអាហារពីប្រទេសជិតខាង ដូចជា វៀតណាម និងថៃ ផ្តល់អត្ថប្រយោជន៍ភ្លាមៗដល់កម្ពុជា។ ប្រទេសទាំងនេះមានហេដ្ឋារចនាសម្ព័ន្ធកសិកម្មទំនើបជាងកម្ពុជា ហើយក៏ជាប្រទេសដែលផលិតដំណាំមួយចំនួនកាន់តែមានប្រសិទ្ធភាព និងមានតម្លៃថោកជាងកម្ពុជា។ ឧទាហរណ៍ ការនាំចូលពូជស្រូវ ផ្លែឈើ ឬអាហារកែច្នៃដែលមិនទាន់មានការដាំដុះឬមិនទាន់ការផលិតក្នុងប្រទេសកម្ពុជា អាចជួយបំពេញតម្រូវការក្នុងស្រុកនិងរក្សាតម្លៃស្បៀងឱ្យមានស្ថិរភាព ជាពិសេស ក្នុងអំឡុងពេលនៃគ្រោះរាំងស្ងួតឬទឹកជំនន់ ដែលនៅតែជះឥទ្ធិពលដល់វិស័យកសិកម្មរបស់កម្ពុជា។
លើសពីនេះទៅទៀត ពាណិជ្ជកម្មអន្តរជាតិជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមរយៈការទិញលក់ម្ហូបអាហារឆ្លងកាត់ព្រំដែន ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងពង្រឹងទំនាក់ទំនងការទូតនិងសេដ្ឋកិច្ចជាមួយប្រទេសជិតខាងរបស់ខ្លួនដែរ។ ខ្សែចង្វាក់ផ្គត់ផ្គង់ម្ហូបអាហារក្នុងតំបន់ក៏គាំទ្រដល់ជម្រើសនិងភាពខុសគ្នារបស់អ្នកប្រើប្រាស់ផងដែរ ដោយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចំណីអាហារតាមរយៈការទទួលបានផលិតផលចម្រុះ។
ទោះជាយ៉ាងណាក៏ដោយ ក៏ការពឹងផ្អែកខ្លាំងពេកលើការនាំចូលម្ហូបអាហារពីបរទេសក៏នាំមកនូវហានិភ័យមួយចំនួនដែរ។ វាអាចធ្វើឱ្យកសិកម្មក្នុងស្រុកចុះខ្សោយដោយកាត់បន្ថយតម្រូវការម្ហូបអាហារដែលផលិតនៅក្នុងស្រុក។ កសិករខ្មែរដែលភាគច្រើនជាអ្នកប្រកបរបរតូចតាច ត្រូវតស៊ូប្រកួតប្រជែងជាមួយទំនិញនាំចូលដែលមានតម្លៃថោក។ បញ្ហានេះធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជានតាមជនបទ និងធ្វើឱ្យការអភិវឌ្ឍមានភាពយឺតយ៉ាវក្នុងវិស័យដែលផ្តល់ការងារយ៉ាងច្រើនដល់ប្រជាជន។ វាក៏បង្កើតភាពអាស្រ័យខ្លាំងពេកលើប្រទេសជិតខាងដែលអាចប្រថុយប្រថានក្នុងគ្រាមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ឬសកលលោក ដូចជា អ្នកដែលមានបទពិសោធអំឡុងពេលជំងឺរាតត្បាត COVID-19 ឬអំឡុងពេលមានជម្លោះពាណិជ្ជកម្មរវាងប្រទេសនានាក្នុងតំបន់។
លើសពីនេះទៀត ការនាំចូលម្ហូបអាហារ ពេលខ្លះអាចបង្កឱ្យមានកង្វល់ខាងបញ្ហាសុខភាពនិងសុវត្ថិភាព ប្រសិនបើការត្រួតពិនិត្យខាងផ្លូវច្បាប់និងបច្ចេកទេសមានភាពទន់ខ្សោយខ្លាំងពេក។ ការធានាថា ម្ហូបអាហារដែលនាំចូលត្រូវតែគោរពតាមស្តង់ដារសុខភាពរបស់កម្ពុជាដែលទាមទារឱ្យមានប្រព័ន្ធត្រួតពិនិត្យដ៏រឹងមាំនោះ នៅតែមានកម្រិតទាបនៅឡើយ។ ជាក់ស្ដែង ម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់ អាហារកែច្នៃ ដែលខូចគុណភាពឬមានជាតិគីមីលើសម្រិតសុវត្ថិភាពមួយចំនួននៅតែត្រូវបានគេនាំចូលមកក្នុងទីផ្សាររបស់កម្ពុជាជា បន្តបន្ទាប់។
សំណួរសំខាន់មួយគឺថាតើកម្ពុជាមិនគួរនាំចូលស្បៀងអាហារពីបរទេសឬយ៉ាងណា។ ខ្ញុំយល់ថា កម្ពុជាគួរបន្តនាំចូលម្ហូបអាហារពីបរទេស ប៉ុន្តែ ត្រូវមានលក្ខខណ្ឌ មានន័យថា ត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពរវាងការនាំចូលនិងផលិតកម្មក្នុងស្រុកដែលកំពុងតែមានសន្ទុះកើនឡើងជាបណ្ដើរៗ។ រាជរដ្ឋាភិបាលត្រូវតែគាំទ្រកសិករក្នុងស្រុកតាមរយៈការវិនិយោគលើប្រព័ន្ធធារាសាស្រ្ត ការស្តុកទុកផលិតផល គ្រាប់ពូជ និងការទទួលបានទីផ្សារ គ្រប់គ្រាន់ ក្នុងពេលជាមួយគ្នានេះ នៅតែអនុញ្ញាតឱ្យមានការនាំចូលជាយុទ្ធសាស្រ្តដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ និងបំពេញចន្លោះប្រហោងនៃការផ្គត់ផ្គង់ មិនមែននាំចូលដោយសេរី ដែលនាំទៅដល់ការធ្វើឱ្យកសិកម្មក្នុងស្រុកចុះខ្សោយដោយកាត់បន្ថយតម្រូវការម្ហូបអាហារដែលផលិតក្នុងស្រុក សម្លាប់ទីផ្សារក្នុងស្រុក និងធ្វើឱប៉ះប៉ពាល់ដល់ជីវភាព ការងារ សុខភាព និងសុខុមាលរបស់ប្រជាជនកម្ពុជានោះទេ។
សរុបមក ការនាំចូលម្ហូបអាហារពីប្រទេសជិតខាងអាចមានប្រយោជន៍ ប៉ុន្តែ ប្រសិនបើការនាំចូលនោះធ្វើឡើងដោយឈ្លាសវៃឬគតិបណ្ឌិត។ កម្ពុជាគួរតែខិតខំស្វែងរកវិធីសាស្រ្តប្រកបដោយតុល្យភាព ដែលការពារសន្តិសុខស្បៀង ការពារកសិករក្នុងស្រុកផង និងអាចធានាឱ្យមានម្ហូបអាហារដែលមានសុវត្ថិភាពនិងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ ដើម្បីធ្វើបែបនេះបាន ទាំងអ្នកនាំចូល អ្នកចែកចាយ ទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមច្រកព្រំដែន អាជ្ញាធរដែនដី និងអាជ្ញាធរថ្នាក់ជាតិ ត្រូវតែបំពេញភារកិច្ចឱ្យហ្មត់ចត់និងស៊ីចង្វាក់គ្នា ដោយសហការនិងសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដែលក្នុងនោះបំពេញការងារដោយអនុលោមតាមគោលការណ៍ច្បាប់ មនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ ហើយតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ៕
RAC Media
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ អ្នកវិភាគស្ថានភាពនយោបាយនិងសង្គមកម្ពុជា បានថ្លែងសាទរចំពោះការប្រកាសនេះ និងបានគូសបញ្ជាក់ថា ការរក្សាទុកអាកាសយានដ្ឋានចាស់សម្រាប់បម្រើប្រយោជន៍សាធារណៈ ជារឿងគួរអបអរសាទរ ទាំងក្នុងតម្លៃជាប្រវត្តិសាស្ត្រ និងការបិទបញ្ចប់ការទាញភ្ជាប់អនាគតអាកាសយានដ្ឋានចាស់ទៅនឹងរឿងនយោបាយ។ លោកបណ្ឌិត បានលើកឡើងថា ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជារឿងប្រសើរមួយដែលបានបិទបញ្ចប់ការបង្កើតទស្សនៈនយោបាយផ្សេងៗដើម្បីកេងចំណេញលើករណីនេះ ដោយអ្នកនយោបាយមួយចំនួន តែងតែទាញភ្ជាប់បញ្ហានេះទៅនឹងបញ្ហាផ្សេងៗទៀត ដែលជារឿងរសើបមួយផងដែរ ខណៈកន្លងទៅធ្លាប់មានការប្រើប្រាស់ដីសាធារណៈផ្សេងៗរបស់រដ្ឋ តាមរយៈការដោះដូរផ្សេងៗ។ ការបង្កើតពាក្យចចាមអារ៉ាមដែលថាដីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវបានដាក់ដេញថ្លៃលក់ឱ្យក្រុមហ៊ុនឯកជននោះ ត្រូវបានអ្នកនយោបាយ សកម្មជននយោបាយ ក៏ដូចជាអ្នកវិភាគមួយចំនួន បានទាញករណីនេះភ្ជាប់ទៅនឹងប្រធានបទយោបាយផ្សេងៗ តាមចេតនានិងការចង់បានរបស់ខ្លួន។
លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ថា មានការលើកឡើងជាច្រើនផ្សេងៗគ្នា អំពីការប្រើប្រាស់ដីអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងនាពេលខាងមុខ ហើយការប្រកាសថែរក្សាទីតាំងនេះទៅជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីបម្រើជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅ គឺជាការប្រកាសអំពីការសម្រេចចិត្តប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិតបានលើកឡើងនូវលទ្ធភាពនៃការប្រើប្រាស់ដីអាកាសយានដ្ឋានអន្តរជាតិនេះបន្ថែមថា ដោយសារតែការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម បញ្ហាដែលប្រជាពលរដ្ឋទូទៅបានជួបប្រទះខ្លាំងជាងគេនៅរាជធានីភ្នំពេញគឺ បញ្ហាស្ទះចរាចរណ៍ ដោយសារតែក្រសួងស្ថាប័នជាច្រើន ត្រូវបានសាងសង់នៅទីតាំងប្រជុំជនដែលមានសភាពតូចចង្អៀត និងចរាចរណ៍មមាញឹក។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិនេះ គួរតែត្រូវបានពិចារណាសម្រាប់ការរៀបចំជាទីបណ្ដុំក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីកាត់បន្ថយភាពកកស្ទះចរាចរណ៍ និងការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគ នៅក្នុងការស្វែងរកសេវាសាធារណៈផ្សេងៗពីក្រសួងស្ថាប័នរដ្ឋ។ ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានគូសបញ្ជាក់អំពីការកសាងក្រសួងស្ថាប័ន ក៏ដូចជាមន្ទីររដ្ឋនានានៅក្នុងទម្រង់រចនាបថស្ថាបត្យកម្មដែលមានការឯកភាពគ្នាជារួមមួយ ពិសេសតាមរចនាបថសំណង់ខ្មែរសហសម័យ ដែលអាចឆ្លុះបញ្ចាំងអំពីកិត្យានុភាពសំណង់សហសម័យរបស់ខ្មែរផង និងសម្រាប់ទុកជាប្រយោជន៍សាធារណៈដែលមានលក្ខណៈនិរន្តរភាពផងដែរ។
ម្យ៉ាងវិញទៀត អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា ដែលស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលគេងាយស្រួលធ្វើដំណើរមកកាន់រាជធានីភ្នំពេញ តាមផ្លូវក្រវាត់ក្រុងទី៣ ដែលស្ថិតនៅជិតនឹងទីតាំងអាកាសយានដ្ឋានចាស់ផងដែរ ដូច្នេះនឹងបង្កភាពងាយស្រួលនៅក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងទីតាំងរដ្ឋបាល និងអាកាសយានដ្ឋានអន្តរជាតិថ្មី ហើយដែលការតភ្ជាប់នេះ ក៏បម្រើដល់ការអភិវឌ្ឍនៅតំបន់ជាយក្រុងនេះផងដែរ។
បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងអំពីលទ្ធភាពនៃការរៀបចំទីតាំងអាកាសយានដ្ឋានចាស់ សម្រាប់បម្រើដល់ផលប្រយោជន៍សាធារណៈមួយផ្សេងទៀតនោះគឺ ការកសាងមន្ទីរពេទ្យកម្រិតស្តង់ដាជាតិដ៏ធំមួយ ជាមួយនឹងបរិវេណដ៏ធំទូលាយ ដែលគេអាចរៀបចំប្រមូលផ្ដុំទាំងមន្ទីរពេទ្យ សាកលវិទ្យាល័យវេជ្ជសាស្ត្រ មន្ទីរពិសោធន៍វេជ្ជសាស្ត្រកម្រិតខ្ពស់ និងសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីធានាបាននូវសុខុមាលភាពសម្រាប់សាធារណជន និងអ្នកទទួលប្រើប្រាស់សេវាសុខាភិបាលនៅទីនោះផងដែរ។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ទីតាំងអាកាសយានដ្ឋានចាស់ គួរតែត្រូវបានគ្រប់គ្រងនិងថែរក្សាឱ្យបានគង់វង្ស ដើម្បីបង្ហាញអំពីវប្បធម៌ថែរក្សាមរតកអ្នកជំនាន់មុន ការបន្តនិរន្តរភាពនៃទីតាំងជាប្រវត្តិសាស្ត្រសម្រាប់ជាតិ និងគូសរំលេចអំពីដំណើរការអភិវឌ្ឍសង្គមជាតិ ដែលគាំទ្រដល់សុខមាលភាពសាធារណៈ និងទទួលបានការសាទរពីប្រជាពលរដ្ឋទូទៅផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជជែកពិភាក្សា ស្វែងយល់អំពីដំណើរការនិងរចនាសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា និងពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជានារសៀលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវសេចក្ដីសោមនស្សចំពោះជំនួបលើកទីមួយនេះ និងបានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូតអំពីសមាសភាពថ្នាក់ដឹកនាំ ប្រវត្តិនៃការបង្កើត និងរចនាសម្ព័ន្ធក៏ដូចជាស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា។
ជាការឆ្លើយតប ឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) បានបង្ហាញចំណាប់អារម្មណ៍អំពីសមិទ្ធផលរបស់រាជបណ្ឌិត្យសភាកម្ពុជា និងសង្ឃឹមថា រាជបណ្ឌិត្យសភាកម្ពុជានឹងជំរុញការសិក្សាភាសាបារាំង ដើម្បីសិក្សាប្រវត្តិសាស្ត្រខ្មែរ និងជំនាញផ្សេងៗទៀត។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងបារាំង នៅក្នុងវិស័យផ្សេងៗដូចជា វិស័យបណ្ណាសារដ្ឋាន វិស័យកសិកម្ម កសិកម្ម និងវិស័យអប់រំជាដើម។ ឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) បានបង្ហាញពីក្ដីរំពឹងថា រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសាធារណរដ្ឋបារាំងនៅកម្ពុជា នឹងឈានទៅដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀតនាពេលខាងមុខនេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ឯកឧត្ដមមានក្ដីរំពឹងថា តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយនឹងស្ថាប័នស្រាវជ្រាវបារាំង ដែលមានដូចជាការរៀបចំគម្រោងស្រាវជ្រាវរួមគ្នាលើប្រធានបទសំខាន់ ការរៀបចំសិក្ខាសាលានិងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រផ្សេងៗជាដើម។
ជាលទ្ធផល រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតបារាំង បានឯកភាពគ្នាគ្រោងនឹងរៀបចំបាឋកថាស្ដីពី «ទំនាក់ទំនងកម្ពុជា-បារាំង» នាពេលមុខខាងមុខ ដើម្បីពង្រីកការយល់ដឹងរបស់អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាសាធារណជន អំពីទំនាក់ទំនងជាមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងការប្រមើលមើលអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារគម្រោងកសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់នឹងអាកាសធាតុនៅតំបន់ទន្លេមេគង្គ (Project for Building Climate-Resilient Rain Schools in the Mekong Region) រួមជាមួយប្រតិភូពីសាកលវិទ្យាល័យជាតិសេអ៊ូល ដឹកនាំដោយសាស្ត្រាចារ្យ មូយុង ហាន អញ្ជើញក្នុងជំនួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេស ដឹកនាំដោយឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល នៅទីស្ដីការក្រសួង។
ជំនួបនេះឱកាសនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូល ពាក់ព័ន្ធនឹងការអនុវត្តការប្រមូលទឹកភ្លៀងសម្រាប់ទទួលទានដោយសុវត្ថិភាពនៅតាមមន្ទីរពេទ្យ នៅក្នុងស្ថានភាពនៃបម្រែបម្រួលអាកាសធាតុបច្ចុប្បន្ន។
ឯកឧត្ដមបណ្ឌិត បានបន្តថា កាលពីឆ្នាំ២០២២ កន្លងទៅ រាជបណ្ឌិត្យសភាកម្ពុជា បានអនុវត្តគម្រោងទឹកភ្លៀងសាលារៀន នៅវិទ្យាល័យកំបូល ក្នុងរាជធានីភ្នំពេញ ក្រោមមូលនិធិសហប្រតិបត្តិការមេគង្គកូរ៉េ (MKCF) ដោយទទួលលទ្ធផលយ៉ាងត្រចះត្រចង់។ ហេតុនេះហើយ រាជបណ្ឌិត្យសភាកម្ពុជាមានបំណងស្វែងរកកិច្ចសហប្រតិបត្តិពីក្រសួងសុខាភិបាលបន្ថែមទៀត ដើម្បីបន្តអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត យង់ ពៅ និងឯកឧត្តម សាន់ សាប់អី បានឯកភាពគ្នាសូមឱ្យក្រុមការងារបច្ចេកទេស បន្តធ្វើការជាមួយគ្នាបន្ដើម្បីពិនិត្យពីលទ្ធភាពដែលអាចធ្វើការជាមួយគ្នាទៅថ្ងៃខាងមុខទៀត៕
RAC Media | លឹម សុវណ្ណរិទ្ធ
ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា
ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៦៩ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងរុស្ស៊ី ដែលជាទំនាក់ទំនងនៃភាពជាដៃគូយូរអង្វែង ដែលបានចាក់ឫសយ៉ាងជ្រៅដោយការគោរពគ្នាទៅវិញទៅមក ភាពស៊ីសង្វាក់គ្នាជាយុទ្ធសាស្ត្រ និងទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង។ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអតីតសហភាពសូវៀតត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ដោយបានឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រផ្សេងៗដោយប្រែប្រួលទៅតាមការផ្លាស់ប្តូរបរិបទក្នុងស្រុកនិងអន្តរជាតិ និងត្រូវបានពង្រឹងយ៉ាងរឹងមាំស៊ីជម្រៅនិងទូលំទូលាយ។
នៅបណ្ដាឆ្នាំដំបូងៗ សហភាពសូវៀតបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះឯករាជ្យ អព្យាក្រឹតភាព និងការអភិវឌ្ឍប្រកបដោយអធិបតេយ្យភាពរបស់កម្ពុជា។ ថ្នាក់ដឹកនាំសហសូវៀតបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះបាទ នរោត្តម សីហនុ ក្នុងការរក្សាស្វ័យភាពកម្ពុជាក្នុងស្ថានភាពនៃការប្រកួតប្រជែងគ្នាក្នុងសង្គ្រាមត្រជាក់។ សហភាពសូវៀតបានគាំទ្រកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម វប្បធម៌ និងវិទ្យាសាស្ត្រសំខាន់ៗនៅឆ្នាំ១៩៥៧។ ការថ្កោលទោសរបស់សហភាពសូវៀតចំពោះរដ្ឋប្រហារឆ្នាំ១៩៧០ដែលបានទម្លាក់សម្តេចព្រះនរោត្តម សីហនុ បានឆ្លុះបញ្ចាំងពីគោលជំហរ និងការប្តេជ្ញាចិត្តជាគោលការណ៍របស់ទីក្រុងម៉ូស្គូចំពោះអ្នកដឹកនាំស្របច្បាប់របស់កម្ពុជា។
ទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រឈមមុខនឹងរយៈពេលដ៏លំបាកក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលដឹកនាំដោយ លន់ នល់ សហភាពសូវៀត បានយល់ឃើញថា ខ្លួនបានស្ថិតក្នុងទ្វេគ្រោះការទូត ដោយទទួលស្គាល់ស្ថានទូតតំណាងឱ្យរដ្ឋាភិបាលនិរទេសដែលដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ និងសាធារណរដ្ឋខ្មែរក្នុងពេលដំណាលគ្នា។ បន្ថែមពីលើនេះ ភាពតានតឹងភូមិសាស្ត្រនយោបាយរវាងសហភាពសូវៀតនិងចិនក្នុងអំឡុងពេលនេះ បានធ្វើឱ្យស្មុគស្មាញដល់វិធីសាស្រ្តរបស់ទីក្រុងមូស្គូចំពោះតំបន់អាស៊ីអាគ្នេយ៍ រួមទាំងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកម្ពុជាផងដែរ។
បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានបង្កើតចំណងទំនាក់ទំនងការទូតនិងការអភិវឌ្ឍ ដ៏រឹងមាំឡើងវិញជាមួយសហភាពសូវៀត។ ចាប់ពីដើម រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៨០ សហភាពសូវៀតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដែលហែកហួរដោយសង្រ្គាម។ ជំនួយជាច្រើនត្រូវបានផ្ដល់ទៅលើវិស័យថាមពល កសិកម្ម ការដឹកជញ្ជូន ការថែទាំសុខភាព ការបណ្តុះបណ្តាលមន្ត្រីរដ្ឋការស៊ីវិល និងកិច្ចការយោធា។ មរតកដ៏យូរអង្វែងនៃយុគសម័យនោះ គឺជាកម្មវិធីផ្លាស់ប្តូរការអប់រំដែលប្រជាជនកម្ពុជាប្រហែល ៨,០០០នាក់សិក្សានៅសហភាពសូវៀត។ និស្សិតដែលបញ្ចប់ការសិក្សាទាំងនេះជាច្រើននាក់ឥឡូវនេះកាន់មុខតំណែងសំខាន់ៗក្នុងរដ្ឋាភិបាល វិស័យអប់រំ អាជីវកម្ម និងវិជ្ជាជីវៈផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។
ការរំលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ បានសម្គាល់ចំណុចរបត់មួយទៀតក្នុងទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ ទោះបីជាសហព័ន្ធរុស្ស៊ីត្រូវបានទទួលស្គាល់ភ្លាមៗថាជារដ្ឋស្នងក៏ដោយ ក៏ការយកចិត្តទុកដាក់របស់ទីក្រុងមូស្គូបានផ្លាស់ប្តូរខាងក្នុងជាបណ្តោះអាសន្ន ដោយសាររុស្ស៊ីនៅពេលនោះប្រឈមមុខនឹងការផ្លាស់ប្តូរនយោបាយនិងសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅ។ ក្នុងអំឡុងពេលនេះ ទំនាក់ទំនងទ្វេភាគីមានការយឺតយ៉ាវ ទោះបីជារុស្ស៊ីបានបន្តដើរតួនាទីប្រកបដោយស្ថាបនាក្នុងដំណើរការសន្តិភាពរបស់កម្ពុជាក៏ដោយ។ គួរកត់សម្គាល់ថា ប្រទេសរុស្ស៊ីបានគាំទ្រកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងការអនុវត្តអាណត្តិរបស់អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (អ៊ុនតាក់) ដែលជួយស្តារសន្តិភាព និងស្ថិរភាពនយោបាយឡើងវិញ។
ចាប់តាំងពីការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់កម្ពុជាឡើងវិញនៅឆ្នាំ១៩៩៣ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងរុស្ស៊ីបានពង្រីកជាលំដាប់។ ទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយកាន់តែស៊ីជម្រៅ ដែលទ្រទ្រង់ដោយទស្សនៈរួមស្តីពីអធិបតេយ្យភាព ការមិនជ្រៀតជ្រែកគ្នា និងសណ្តាប់ធ្នាប់អន្តរជាតិពហុប៉ូល។ កម្ពុជានិងរុស្ស៊ីសហការជាទៀងទាត់ក្នុងវេទិកាអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ និងយន្តការដែលពាក់ព័ន្ធជាមួយអាស៊ាន។ រុស្ស៊ីបានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវមជ្ឈភាពរបស់អាស៊ាន និងផ្តល់តម្លៃដល់កិច្ចសហការឈានឡើងរបស់ខ្លួនជាមួយតំបន់អាស៊ីអាគ្នេយ៍ ដែលកម្ពុជាបានដើរតួនាទីជាដៃគូដ៏គួរឱ្យទុកចិត្តនិងប្រកបដោយការគាំទ្រ។
ការផ្លាស់ប្តូរកម្រិតខ្ពស់រវាងកម្ពុជា និងរុស្ស៊ីបានផ្តល់សម្ទុះបន្ថែមទៀតដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ទីក្រុងសូឈី (Sochi) ក្នុងឆ្នាំ២០១៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន និងជំនួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីក្នុងការជំរុញរបៀបវារៈទ្វេភាគី។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មន្ត្រីកម្ពុជានិងរុស្ស៊ីបានបន្តចូលរួមតាមរយៈគណៈប្រតិភូសភា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រី និងកិច្ចសន្ទនាអន្តររដ្ឋាភិបាល សំដៅពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។
ពាណិជ្ជកម្មរវាងកម្ពុជានិងរុស្ស៊ីនៅតែមានកម្រិតតិចតួច ដែលភាគច្រើនដោយសារតែចម្ងាយភូមិសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មមានកម្រិត។ យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំរវាង ៧០ ទៅ ១០០លានដុល្លារក្នុងមួយឆ្នាំ។ ការនាំចេញរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ កៅស៊ូ និងទំនិញកសិកម្ម ខណៈការនាំចូលពីប្រទេសរុស្ស៊ី រួមមាន ជី គ្រឿងចក្រ និងផលិតផលប្រេង។ ប្រទេសទាំងពីរបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈម ដូចជា ឧបសគ្គផ្នែកភ័ស្តុភារកម្ម ការតភ្ជាប់វិស័យធនាគារនៅមានកម្រិត និងការយល់ដឹងអំពីទីផ្សារប្រទេសទាំងពីរនៅមានកម្រិត។ ការពង្រឹងកិច្ចសហប្រតិបត្តិការតាមស្ថាប័ន និងការលើកកម្ពស់ការចូលរួមរវាងធុរកិច្ចនិងធុរកិច្ច នឹងក្លាយជាគន្លឹះក្នុងការសម្រេចបាននូវសក្តានុពលក្នុងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី។
ការផ្លាស់ប្តូរក្នុងវិស័យអប់រំនិងវប្បធម៌ នៅតែជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ ប្រទេសរុស្ស៊ីបន្តផ្តល់អាហារូបករណ៍ប្រចាំឆ្នាំសម្រាប់និស្សិតកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ មន្ត្រីរាជការ វិស្វករ វេជ្ជបណ្ឌិត និងអ្នកអប់រំ ដែលជាអតីតនិស្សិតសិក្សានៅរុស្ស៊ីនិងសហភាពសូវៀតជាច្រើន ឆ្លុះបញ្ចាំងពីចំណងដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការវប្បធម៌ក៏ត្រូវបានធ្វើឱ្យរស់ឡើងវិញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងព្រឹត្តិការណ៍ ការតាំងពិព័រណ៍ និងកម្មវិធីរួមគ្នាលើកកម្ពស់ការយល់ដឹង និងការផ្តល់តម្លៃគ្នាទៅវិញទៅមក។
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងបច្ចេកទេស ដែលជាលក្ខណៈពិសេសដ៏រឹងមាំនៃការចូលរួមក្នុងសម័យសង្រ្គាមត្រជាក់ ក៏បានលេចចេញជាថ្មីនៅក្នុងកិច្ចសន្ទនានាពេលថ្មីៗនេះផងដែរ។ ទោះបីជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិមានទំហំមានកម្រិតក៏ដោយ ក៏រុស្ស៊ីបានបង្ហាញពីការត្រៀមខ្លួនក្នុងការផ្តល់ការបណ្តុះបណ្តាលផ្នែកយោធា គាំទ្រផែនការយុទ្ធសាស្រ្ត និងចែករំលែកជំនាញបច្ចេកទេសជាមួយកម្ពុជា។ កិច្ចសហប្រតិបត្តិការបែបនេះឆ្លុះបញ្ចាំងពីការបង្កើនទំនុកចិត្តរវាងភាគីទាំងពីរ និងការយកចិត្តទុកដាក់រួមគ្នាចំពោះសន្តិភាពនិងសន្តិសុខក្នុងតំបន់។
ខណៈដែលប្រទេសទាំងពីរសម្លឹងឆ្ពោះទៅមុខ មានការចាប់អារម្មណ៍គ្នាទៅវិញទៅមកយ៉ាងខ្លាំងក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនិងការធ្វើពិពិធកម្មនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ កម្ពុជាទទួលស្គាល់រុស្ស៊ីថា ជាមហាអំណាចសាកលដែលការចូលរួមក្នុងតំបន់អាស៊ីអាគ្នេយ៍របស់រុស្ស៊ីបានរួមចំណែកដល់ស្ថិរភាពក្នុងតំបន់និងតុល្យភាពជាយុទ្ធសាស្ត្រ។ ម្យ៉ាងវិញទៀត រុស្ស៊ីចាត់ទុកកម្ពុជាជាមិត្តដ៏គួរឱ្យទុកចិត្ត ដែលមានតួនាទីសំខាន់ក្នុងអាស៊ាននិងការទូតក្នុងតំបន់។ ក្នុងពេលវេលានៃភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង កម្ពុជានិងរុស្ស៊ីត្រូវបានរួបរួមគ្នាដោយមានចក្ខុវិស័យមួយចំពោះសណ្តាប់ធ្នាប់អន្តរជាតិពហុភាគីប្រកបដោយយុត្តិធម៌ជាងមុនដោយផ្អែកលើការសន្ទនា បរិយាបន្ន និងការគោរពច្បាប់អន្តរជាតិ។
ក្នុងរយៈពេលជិតប្រាំពីរទសវត្សរ៍នេះ ទំនាក់ទំនងកម្ពុជា-រុស្ស៊ីបានវិវត្តទៅជាភាពជាដៃគូដែលសម្គាល់ដោយភាពធន់ ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព។ ពីសាមគ្គីភាពក្នុងអំឡុងសង្រ្គាមត្រជាក់រហូតដល់កិច្ចសហការពហុវិស័យនាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានសម្របខ្លួនទៅនឹងពេលវេលាផ្លាស់ប្តូរ ដោយរក្សាបាននូវតម្លៃស្នូលរបស់ខ្លួន ខណៈដែលកម្ពុជានិងរុស្ស៊ីប្រារព្ធខួបលើកទី៦៩ឆ្នាំនៃទំនាក់ទំនងការទូត មូលដ្ឋានគ្រឹះដែលមានភាពរឹងមាំសម្រាប់សមិទ្ធផលធំៗដែលមិនធ្លាប់មាននៅក្នុងកិច្ចសន្ទនានយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ការតភ្ជាប់ខាងវប្បធម៌ និងការទូតសកល៕
RAC Media
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរៀបចំសមាជិករវាងរដ្ឋសភានិងព្រឹទ្ធសភានៅដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ លោកបណ្ឌិត យង់ ពៅ បានចែករំលែកទស្សនៈយល់ឃើញថា នេះគឺជាសមាជជាប្រវត្តិសាស្ត្រលើកទីមួយនៅក្នុងសម័យរាជាណាចក្រទីពីរ នៃប្រទេសកម្ពុជា ដែលស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ពោលគឺរដ្ឋសភានិងព្រឹទ្ធសភាបានផ្ដួចផ្ដើមគំនិតរៀបចំសមាជរួមគ្នា ដែលជាសញ្ញាណមួយដ៏ប្រសើរសម្រាប់ការដោះដូរទស្សនៈយល់ឃើញរវាងអ្នកនយោបាយកាន់អំណាច និងអ្នកនយោបាយគណបក្សជំទាស់ នៅក្នុងការជជែកអំពីការព្រាង ការអនុម័តច្បាប់ និងការដោះស្រាយបញ្ហាសំខាន់ៗនានារបស់ជាតិ ដូចជានៅក្នុងវិស័យកសិកម្ម ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។ បញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងជាមូលដ្ឋានគ្រឹះនយោបាយរបស់កម្ពុជាផងដែរ។ បើតាមលោកបណ្ឌិត សមាជដែលគ្រោងធ្វើនាពេលខាងមុខនេះ ពិតជាសមស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី៩ ថ្មី ដែលបានចែងអំពីការរៀបចំសមាជរដ្ឋសភា-ព្រឹទ្ធសភា ដែលនឹងចារឹកទុកនៅក្នុងប្រវត្តិសាស្ត្រស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់បន្ថែមទៀតថា សមាជស្ថាប័ននីតិប្បញ្ញត្តិនាពេលខាងមុខនេះ ក៏ជាការគូសរំលេចអំពីការជជែកពិភាក្សាគ្នានៅក្នុងក្របខ័ណ្ឌពហុមតិ ក៏ដូចជាពហុបក្សផងដែរ ពោល នៅក្នុងសភាទាំងពីរមានសមាជិកពីគណបក្សប្រជាជនជាបក្សកាន់អំណាច និងមានសមាជិកមកពីគណបក្សជំទាស់ពីរគឺ គណបក្សហ្វ៊ុនស៊ិនប៉ិចនៅឯរដ្ឋសភា និងគណបក្សឆន្ទៈនៅឯព្រឹទ្ធសភា។ លោកបណ្ឌិតបានសាទរចំពោះការរៀបចំសមាជនេះ និងបានស្នើសុំឱ្យសមាជិករដ្ឋសភានិងព្រឹទ្ធសភា មកពីគណបក្សទាំងបី នឹងបើកចិត្តទូលាយនៅក្នុងវេទិកាកម្រិតសភា ដើម្បីជជែកដេញដោល និងផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកក្នុងរយៈពេល២ថ្ងៃនេះ ដោយឈរលើទស្សនៈរួមរបស់ជាតិកម្ពុជាថា តើអ្នកនយោបាយកម្ពុជាត្រូវរួមគ្នាធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ប្រទេសជាតិ។
បន្ថែមពីនេះ សមាជលើកទីមួយនៃស្ថាប័ននីតិប្បញ្ញត្តិ ក៏បានគូសរំលេចឱ្យឃើញអំពីដំណើរការស្ថាប័នសភាទាំងពីរ ពិសេសព្រឹទ្ធសភាកម្ពុជា ដែលបានបំពេញតួនាទីកាន់តែសកម្ម នៅក្នុងការងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់ និងការងារពិនិត្យភាពចាំបាច់នៃនយោបាយកម្ពុជា ដើម្បីធ្វើឱ្យសង្គមនយោបាយកម្ពុជាកាន់តែមានស្ថានភាពប្រសើរឡើងបន្ថែមទៀត ឆ្លើយតបទៅនឹងស្ថានភាពប្រកួតប្រជែងភូមិសាស្ត្រនយោបាយពិភពលោកដ៏ក្ដៅគគុក និងការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ពិភពលោកជាបន្តបន្ទាប់ ក្នុងគោលដៅរក្សាឱ្យបាននូវឧត្ដមប្រយោជន៍នៃប្រជាជាតិខ្មែរ។ លោកបណ្ឌិតបានបន្តថា ការប្រមូលផ្ដុំនូវពហុមតិនៅក្នុងសមាជជាប្រវត្តិសាស្ត្រនៃស្ថាប័ននីតិប្បញ្ញត្តិនេះ នឹងអាចមានការជជែកពិភាក្សា ដោះដូរទស្សនៈយោបល់គ្នាទៅវិញទៅមក និងបង្ហាញពីចេតនានយោបាយជាវិជ្ជមាននៅក្នុងសង្គមនយោបាយកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់ផងដែរថា គំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ជាសញ្ញាណដ៏ល្អមួយ ដែលបើកឱកាសឱ្យមានការចូលរួមប្រកបដោយន័យស្ថាបនា ពិសេសនៅក្នុងកិច្ចការដឹកនាំរដ្ឋនិយាយជារួម និងនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិនិយាយដោយឡែក ពីសំណាក់អ្នកនយោបាយជំទាស់ ខណៈដែលកន្លងមក ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន បានព្យាយាមប្រើប្រាស់វេទិកាឬកម្មវិធីក្រៅផ្លូវការផ្សេងៗ ទាំងនៅក្នុងនិងក្រៅប្រទេសដើម្បីវាយប្រហារ ឬរិះគន់បែបជាន់ពន្លិច ឬនៅក្នុងរូបភាពហុចដងដាវទៅឱ្យបរទេសទៅវិញ។ សមាជិកនាពេលខាងមុខនេះ គឺជាឱកាសដែលគណបក្សកាន់អំណាចបានផ្ដួចផ្ដើមគំនិត ដើម្បីអនុញ្ញាតឱ្យអ្នកនយោបាយនៃគណបក្សជំទាស់ដែលមានអសនៈនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ អាចចូលរួមជាទស្សនៈយោបល់ក្នុងអត្ថន័យស្ថាបនា ក្នុងគោលបំណងសម្រេចឱ្យបាននូវទស្សនៈជារួមរបស់ជាតិ ឈានទៅថែរក្សាការពារ និងនាំមកនូវផលប្រយោជន៍សម្រាប់ជាតិមាតុភូមិ។ លោកបណ្ឌិត យង់ ពៅ ក៏បានសំណូមពរផងដែរចំពោះអ្នកនយោបាយនៃគណបក្សជំទាស់ដែលជាសមាជិករដ្ឋសភានិងព្រឹទ្ធសភា គួរតែត្រៀមលក្ខណៈ និងគិតគូរពិចារណាទុកជាមុន ធ្វើយ៉ាងណាលើកបង្ហាញនូវទស្សនៈយល់ឃើញនៅក្នុងជ្រុងនៃការគិតគូរខាងនយោបាយរបស់គណបក្ស ដែលត្រូវមានគុណតម្លៃបម្រើជាប្រយោជន៍ក្នុងការដោះស្រាយបញ្ហានានារបស់ប្រទេសជាតិ ដោយយោងតាមរបៀបវារៈដែលបានកំណត់និងប្រកាសជូនដំណឹងទុកជាមុននេះ។ លោកបណ្ឌិតបានបង្ហាញក្ដីរំពឹងថា សមាជស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជានាខែមិថុនាខាងមុខនេះ នឹងក្លាយជាវេទិកាសភាជាប្រវត្តិសាស្ត្រយ៉ាងពិតប្រាកដមួយសម្រាប់ប្រទេសកម្ពុជា ដែលអ្នកនយោបាយកាន់អំណាច និងអ្នកនយោបាយជំទាស់ អាចសម្រេចបាននូវទស្សនៈរួមមួយរបស់ជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាសម្រេចបាននូវឧត្ដមប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរទាំងមូល ដើម្បីធានាបាននូវភាពរឹងមាំខាងនយោបាយរបស់កម្ពុជា ប្រឈមទល់នឹងស្ថានភាពវិវត្តនិងប្រកួតប្រជែងឥតឈប់ឈរនាពេលបច្ចុប្បន្ននេះ៕
RAC Media | លឹម សុវណ្ណរិទ្ធ
By Dr. Kin Phea, Director General of the International Relations Institute of Cambodia, Royal Academy of Cambodia
May 13, 2025, marks the 69th anniversary of diplomatic relations between Cambodia and Russia, a longstanding partnership rooted in mutual respect, strategic alignment, and enduring historical ties. Established on May 13, 1956, between Cambodia and the former Soviet Union, this bilateral relationship has traversed various historical eras, adapting to shifting domestic and international contexts while steadily strengthening in depth and scope.
In the early years, the Soviet Union demonstrated strong support for Cambodia's independence, neutrality, and sovereign development. Soviet leaders praised King Norodom Sihanouk's efforts to preserve Cambodia’s autonomy amidst Cold War rivalries. They supported Cambodia’s accession to the United Nations and signed critical trade, cultural, and scientific agreements in 1957. The Soviet Union’s condemnation of the 1970 coup that deposed King Sihanouk reflected Moscow’s principled stance and commitment to Cambodia’s legitimate leadership.
Relations faced a difficult period in the 1970s. After the 1970 coup led by General Lon Nol, the Soviet Union found itself in a diplomatic dilemma, simultaneously hosting embassies representing both the Sihanouk-led government-in-exile and the Khmer Republic. Additionally, geopolitical tensions between the Soviet Union and China during this period further complicated Moscow’s approach to Southeast Asia, including its engagement with Cambodia.
Following the fall of the Khmer Rouge regime in 1979, Cambodia re-established strong diplomatic and developmental ties with the Soviet Union. From 1980 through the end of the decade, the Soviet Union played a crucial role in helping rebuild Cambodia’s war-torn economy and infrastructure. Assistance flowed into energy, agriculture, transportation, healthcare, civil service training, and military affairs. A particularly enduring legacy of this era is the educational exchange program that saw around 8,000 Cambodians study in the Soviet Union. Many of these graduates now hold important positions in government, academia, business, and professional sectors across Cambodia.
The dissolution of the Soviet Union in 1991 marked another turning point in Cambodia-Russia relations. Although the Russian Federation was promptly recognised as the successor state, Moscow’s attention temporarily shifted inward as it faced profound political and economic transitions. During this period, bilateral ties slowed, though Russia continued to play a constructive role in Cambodia’s peace process. Notably, Russia supported the 1991 Paris Peace Agreements and the implementation of the United Nations Transitional Authority in Cambodia (UNTAC), which helped restore peace and political stability.
Since the re-establishment of Cambodia’s constitutional monarchy in 1993, bilateral relations with Russia have gradually expanded. Political trust and cooperation have deepened, supported by shared perspectives on sovereignty, non-interference, and a multipolar international order. Cambodia and Russia regularly collaborate in international fora such as the United Nations and ASEAN-related mechanisms. Russia has consistently supported ASEAN centrality and values its growing engagement with Southeast Asia, where Cambodia has emerged as a trusted and supportive partner.
High-level exchanges between Cambodia and Russia have provided further momentum to the relationship. Prime Minister Hun Sen’s visit to Sochi in 2016 for the Russia-ASEAN Summit and his meeting with President Vladimir Putin highlighted a renewed commitment to advancing the bilateral agenda. In recent years, Cambodian and Russian officials have continued to engage through parliamentary delegations, ministerial visits, and intergovernmental dialogues aimed at expanding cooperation in key areas.
Trade between Cambodia and Russia remains modest, largely due to geographic distance and limited commercial infrastructure. According to Cambodia’s Customs Department, bilateral trade typically ranges between USD 70–100 million annually. Cambodian exports include garments, rubber, and agricultural goods, while imports from Russia consist of fertilisers, machinery, and petroleum products. Both countries have expressed interest in enhancing economic ties, particularly in energy, infrastructure, and investment. However, challenges such as logistical constraints, limited banking links, and low market awareness persist. Strengthening institutional cooperation and promoting business-to-business engagement will be key to realising the untapped potential in Cambodia-Russia trade relations.
Educational and cultural exchanges remain a cornerstone of Cambodia-Russia relations. Russia continues to provide annual scholarships for Cambodian students, contributing to human resource development and professional training. Many of Cambodia’s top civil servants, engineers, doctors, and educators are alumni of Russian and Soviet institutions, reflecting a deep and lasting bond between the peoples of both nations. Cultural cooperation has also been revived in recent years, with events, exhibitions, and joint programs promoting mutual understanding and appreciation.
Defence and technical cooperation, a strong feature of Cold War-era engagement, has also re-emerged in recent dialogues. Although still limited in scale, Russia has expressed readiness to provide military training, support strategic planning, and share technical expertise with Cambodia. Such cooperation reflects the growing trust between the two sides and their shared interest in regional peace and security.
As both countries look ahead, there is a strong mutual interest in further deepening and diversifying this relationship. Cambodia recognises Russia as a global power whose engagement in Southeast Asia contributes to regional stability and strategic balance. Russia, in turn, views Cambodia as a reliable friend with an important role in ASEAN and regional diplomacy. In a time of increasing geopolitical uncertainty, Cambodia and Russia are united by a vision of a more just, multipolar international order based on dialogue, inclusivity, and respect for international law.
Over nearly seven decades, Cambodia-Russia relations have evolved into a partnership marked by resilience, mutual trust, and pragmatic cooperation. From the solidarity of the Cold War to today’s multi-dimensional collaboration, the relationship has adapted to changing times while preserving its core values. As Cambodia and Russia commemorate 69 years of diplomatic relations, the foundation has never been stronger for greater achievements in political dialogue, economic development, cultural engagement, and global diplomacy.
RAC Media | Department of Public Affair
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការតំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការី បានជួបពិភាក្សាការងារជាមួយប្រតិភូតំណាង២៥សាកលវិទ្យាល័យនៃខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកម្ពុជា-ក្វាងស៊ី ដោយផ្តោតលើ៖
- ពង្រឹងទំនាក់ទំនងវិទ្យាសាស្ត្រអប់រំ
- ផ្លាស់ប្តូរអន្តរជាតិរវាងសាកលវិទ្យាល័យនិងសាកលវិទ្យាល័យ
- កិច្ចព្រមព្រៀងលើវិស័យអប់រំ បច្ចេកវិទ្យា និងភាសា
- ផ្លាស់ប្តូរអាហារូបករណ៍ចិន-កម្ពុជា
- ជំរុញកិច្ចសហប្រតិបត្តិការអប់រំផ្នែកបញ្ញាសិប្បនិម្មិត (Ai)
- សហការបង្កើតមជ្ឈមណ្ឌលកសាងបញ្ញាសិប្បនិម្មិតចិន-អាស៊ាន
- ផ្លាស់ប្តូរធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យាគ្នាទៅវិញទៅមក
- សហការបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រោយកិច្ចពិភាក្សា ភាគីទាំងពីររំពឹងថា នឹងសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតលើវិស័យសិក្សាធិការ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្លាស់ប្តូរបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Ai) ពីគ្នាទៅវិញទៅមក។ ក្នុងនោះ ភាគីចិនគ្រោងអញ្ជើញអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមវេទិកាវិទ្យាសាស្ត្រនៅខេត្តក្វាងស៊ី នាពេលខាងមុខនេះ។
នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានភាពសង្គម បានអំពាវនាវឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី ខណៈដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុយ៉ាងខ្លាំង ពិសេសការកើនឡើងនូវកម្ដៅផែនដី ដោយសារមូលហេតុផ្សេងៗដូចជា ការបាត់បង់គម្របព្រៃឈើនៅតាមប្រទេសនិងតំបន់នានា និងការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ជាដើម។ លោកបណ្ឌិត បានគូសបញ្ជាក់ថា គេត្រូវតែបង្កើនទំហំព្រៃឈើ និងការដាំដុះដើមឈើនៅតាមទីកន្លែងនានាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីរក្សាសីតុណ្ហភាពនៅតាមទីតាំងទាំងឡាយ ពិសេសនៅតាមទីសាធារណៈ កាត់បន្ថយឧស្ម័នកាបូនិចនៅក្នុងបរិយាកាស និងជួយបង្កើនការផលិតអុកសែនពីធម្មជាតិ តាមរយៈដើមឈើដែលត្រូវបានដាំទាំងនោះ។ សម្រាប់លោកបណ្ឌិត កិច្ចការងារនេះ ទាមទារឱ្យមានការចូលរួមឱ្យបានច្រើនតាមដែលអាចធ្វើបាន ទាំងប្រជាពលរដ្ឋ រដ្ឋាភិបាល និងក្រសួងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ពិសេសនៅតាមក្រសួងស្ថាប័នរដ្ឋ គួរតែចាប់ផ្ដើមដាំដើមឈើជាប្រភេទឈើធំៗ ដើម្បីផ្ដល់ម្លប់ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
លោកបណ្ឌិតបានកត់សម្គាល់ថា នៅតាមក្រសួងស្ថាប័នសាធារណៈមួយចំនួន គេសង្កេតឃើញថា ទីធ្លាមានការរៀបចំចាក់បេតុងនិងរៀបការ៉ូឡាជាដើម ស្ទើតែគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលនេះក៏ជាចំណែកនៃការបង្កើនកម្ដៅនៅតាមទីតាំងស្ថាប័នរដ្ឋ និងទីកន្លែងសាធារណៈ ដែលនៅពេលខ្លះ ក្ដៅសឹងតែមិនអាចធ្វើដំណើរបានផងដែរ។ លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា ផ្លូវនៅទីប្រជុំជន ទាំងនៅក្នុងរាជធានីភ្នំពេញនិងតាមខេត្តនានាក្ដី គួរតែមានការដាំដើមឈើជាប្រភេទធំៗជាច្រើន សម្រាប់សាធារណជន និងអ្នកដំណើរអាចឆ្លងកាត់ ឈប់សម្រាក ឬធ្វើដំណើរជាមួយនឹងសីតុណ្ហភាពត្រជាក់សមល្មមផងដែរ ព្រោះបើតាមបទពិសោធន៍ដែលលោកបណ្ឌិត ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសរីកចម្រើនមួយចំនួន ក៏ដូចជាប្រទេសក្នុងតំបន់ មានការដាំដើមឈើធំៗដែលផ្ដល់ជាម្លប់សម្រាប់ការធ្វើដំណើរ ឈប់សម្រាក ឬឆ្លងកាត់ផងដែរ។ នេះគឺជាការផ្ដល់ភាពសុខដុមនីយកម្មនៅក្នុងការធ្វើដំណើរតាមដងផ្លូវមួយសម្រាប់សាធារណជន ក៏ដូចជាភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសដែរ។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្តថា គេមិនគួរព្រួយបារម្ភចំពោះការថែទាំដើមឈើ អនាម័យ និងសោភ័ណភាពនៅតាមទីតាំងដែលដាំដើមឈើ ដែលតម្រូវឱ្យមានការអ្នកបោសសម្អាតនោះទេ ព្រោះការដាំដើមឈើធំៗនៅតាមផ្លូវឬទីតាំងសាធារណៈនានា គឺជាការផ្ដល់ផាសុកភាពទៅដល់ប្រជាពលរដ្ឋទូទៅ និងក៏ជាការលើកសម្រស់រាជធានីខេត្ត និងទីប្រជុំជននានាផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិតយល់ឃើញថា សាលារាជធានី-ខេត្ត ឬក្រសួងមន្ទីរដែលពាក់ព័ន្ធ គួរតែកំណត់នូវលក្ខខណ្ឌសម្រាប់បុរី ឬសំណង់អគារនានា ដើម្បីទទួលអាជ្ញាបណ្ណអនុញ្ញាតឱ្យសាងសង់ ត្រូវតែមានការរៀបចំប្លង់ដាំដើមឈើធំៗក្នុងកម្រិតណាមួយ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយកម្ដៅ ក៏ដូចជាបង្កើនសោភ័ណទីក្រុង ឬទីប្រជុំជនជាដើម។ លោកបណ្ឌិត បានលើកឡើងបន្ថែមថា រដ្ឋអំណាចត្រូវតែដាក់កំហិតឱ្យមានការចូលរួមតាមលទ្ធភាពជាក់ស្ដែង នៅក្នុងការកែប្រែបញ្ហាកើនឡើងកម្ដៅផែនដី តាមរយៈវិធានការគាំទ្រ និងលក្ខខណ្ឌកំណត់ផ្សេងៗ ដើម្បីឈានទៅកែសម្រួលបរិយាកាសផែនដី។ ប្រសិនបើគេមិនគិតគូរអំពីបញ្ហានេះទេ នោះពិភពលោកនឹងកាន់តែកើនឡើងកម្ដៅបន្ថែមទៀត ហើយគេក៏មិនអាចអង្គុយធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់ ឬនៅក្នុងម្លប់រហូតនោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិត ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទូទៅ ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលផងដែរ ដើម្បីសម្រេចបាននូវគោលដៅទីសាធារណៈប្រកបដោយផាសុកភាពសម្រាប់មនុស្សទាំងអស់គ្នា។
ទោះជាយ៉ាងណា លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា កិច្ចការងារនេះ ក្រសួងស្ថាប័នសាធារណៈត្រូវតែចាប់ផ្ដើមធ្វើជាគម្រូ ដើម្បីទាក់ទាញ និងជំរុញការចូលរួមពីសំណាក់មហាជន ព្រមទាំងត្រូវកំណត់ច្បាប់បញ្ញត្តិឱ្យបានជាក់លាក់ និងច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលដៅនេះក្នុងពេលខាងមុខ ពោលគឺត្រូវសម្រេចឱ្យបាននូវបរិស្ថានល្អប្រសើរ និងទីសាធារណៈប្រកបដោយផាសុកភាពសម្រាប់មនុស្សទាំងអស់គ្នា។
RAC Media | លឹម សុវណ្ណរិទ្ធ
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូនិកនៅកម្ពុជា មិនថាជាការវិនិយោគផលិតសម្រាប់លក់នៅទីផ្សារក្នុងស្រុក ឬសម្រាប់ការនាំចេញនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការសាទរ និងគាំទ្រទាំងស្រុងនូវជំហរដ៏មុតមាំនេះ។ ជាមួយគ្នានេះ លោកបណ្ឌិតបានគូសបញ្ជាក់ថា បារីអេឡិចត្រូនិកគឺជាផលិតផលផ្ទុកទៅដោយសារធាតុញៀនមួយ ដែលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាពអ្នកជក់ក៏ដូចជាអ្នកទទួលរងផ្សេងបារីនេះ ពិសេសផលិតផលនេះកំពុងពេញនិយមគួរឱ្យកត់សម្គាល់នៅក្នុងចំណោមយុវវ័យមួយចំនួន ដែលខ្លះថែមទាំងមានការយល់ច្រឡំថា បារីអេឡិចត្រូនិកមិនមានប៉ះពាល់ដល់សុខភាពរបស់ខ្លួនដូចជាបារីធម្មតាទៅវិញ។ លោកបណ្ឌិតបានបន្តថា តាមការសង្កេតរបស់លោក បារីអេឡិចត្រូនិកបានជ្រៀតចូលទៅក្នុងចំណោមយុវជនវ័យជំទង់ដែលជាវ័យកំពុងពេញសិក្សារៀនសូត្រនៅមធ្យមសិក្សា និងក្នុងចំណោមពលរដ្ឋផ្សេងទៀត ដែលតាមការស្រាវជ្រាវរបស់អ្នកជំនាញ បារីអេឡិចត្រូនិកថែមទាំងបង្កផលប៉ះពាល់ខ្លាំងខួរក្បាល ធ្វើឱ្យខូចសរីរាង្គផ្សេងៗ ដែលបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសុខមាលភាពសាធារណៈ ដែលនៅថ្ងៃអនាគត កម្ពុជានឹងអាចបាត់បង់ធនធានមនុស្សប្រកបដោយបញ្ញាញាណ ប្រសិនបើគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទេនោះ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ដើម្បីសម្រេចនូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស គឺជាចំណុចស្នូលសំខាន់ ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។
លោកបណ្ឌិត បានបន្ថែមទៀតថា ប្រសិនបើមិនមានយុទ្ធសាស្ត្រជាក់លាក់ ដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាព ថាមភាព និងសុខភាពបរិបូរណ៍ទេ កម្ពុជាពិតជាលំបាកនៅក្នុងការឈានទៅសម្រេចគោលដៅរបស់ខ្លួនណាស់។ ក្នុងន័យនេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថ្មីថា រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់នៅក្នុងការចាត់វិធានការឱ្យបានជាក់លាក់ និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់បញ្ហាសង្គមដែលបង្កឡើងដោយការប្រើប្រាស់បារីអេឡិចត្រូនិក គ្រឿងញៀន និងការគ្រឿងស្រវឹង ដើម្បីប្រទេសកម្ពុជាទទួលបាននូវពលរដ្ឋប្រកបដោយថាមពល និងសក្ដានុពលនៅក្នុងការជំរុញសេដ្ឋកិច្ចជាតិនោះឡើយ។
លោកបណ្ឌិត យង់ ពៅ បានបង្ហាញក្ដីរំពឹងថា ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច នឹងអនុវត្តតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋភិបាលឱ្យបានមោះមុតបំផុត លុបបំបាត់និន្នាការនៃការប្រើប្រាស់បារីអេឡិចត្រូនិកនិងគ្រឿងញៀនឱ្យបានកម្រិតខ្ពស់បំផុត ខណៈពេលកន្លងទៅ គេឃើញមានការដាក់លក់បារីអេឡិចត្រូនិក និងគ្រឿងស្រវឹង នៅតាមទីកន្លែងសាធារណៈ នៅជិតសាលារៀន ក៏ដូចជានៅតាមកន្លែងដែលប្រមូលផ្ដុំយុវវ័យជាដើម។ លោកបណ្ឌិតបានបន្តថា រាជរដ្ឋាភិបាលត្រូវតែជំរុញឱ្យមានការអនុវត្តវិធានការក្ដៅឱ្យខាងតែបាន ដោយដាក់កំហិតថា រាល់ភាពអសកម្មខាងលើ កើតមានឡើងនៅក្នុងមូលដ្ឋានណា អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានឬទីតាំងនោះ ត្រូវទទួលរងនូវវិធានការរដ្ឋបាល ឬការពិន័យ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់ជាធរមាន ចៀសវាងការអនុវត្តដែលគ្មានតម្លាភាព និងការទទួលខុសត្រូវ។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ប្រសិនបើរាជរដ្ឋាភិបាលមិនអាចចាត់វិធានការឱ្យមានប្រសិទ្ធភាព និងម៉ឺងម៉ាត់ទេនោះ រាជរដ្ឋាភិបាលនឹងត្រូវប្រឈមការចំណាយដ៏ខ្ពស់នៅក្នុងការរ៉ាប់រងលើសេវាសុខភាពសាធារណៈ ហើយគោលដៅអភិវឌ្ឍនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ អាចនឹងត្រូវពន្យាពេលផងដែរ។ លោកបណ្ឌិតបានថ្លែងជំរុញឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចចូលរួមអនុវត្តសកម្មភាពឱ្យបានជាក់ស្ដែង មិនមែនត្រឹមតែជាការអនុវត្តដោយគ្រាន់តែជាការបង្ហាញរបាយការណ៍ ឬរូបភាព ដើម្បីយករួចខ្លួនដោយគ្មានការទទួលខុសត្រូវនោះឡើយ។
RAC Media | លឹម សុវណ្ណរិទ្ធ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM