Royal Academy of Cambodia
(ខេត្តព្រះវិហារ)៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតថា្នក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមពិធីបើកការដ្ឋានជីកប្រឡាយព្រំដីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលមានទីតាំងនៅក្នុងឃុំឆែប ១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
គួររំលឹកផងដែរថា នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់និងសង្កត់ធ្ងន់អំពីសារៈប្រយោជន៍នៃការជីកប្រឡាយព្រំដីជំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលខ្លឹមសារសង្ខេបដូចខាងក្រោម៖
ការជីកប្រឡាយព្រំដីមានទិដ្ឋភាពសំខាន់ៗចំនួន៧ដូចតទៅ៖
១. រក្សាព្រំដីនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលមានប្រវែងសរុប ៥២គីឡូម៉ែត
២. រក្សាប្រភពទឹកសម្រាប់ប្រើប្រាស់សម្រាប់ដំណាំ និងជាពិសេសសម្រាប់សត្វព្រៃទាំងឡាយដែលរស់នៅក្នុងឧទ្យាន
៣. អភិរក្សទីតាំងកេរ្ត៍ដំណែលប្រវត្តិសាស្រ្ត ដែលមានដូចជាទីតាំងឡស្លដែកសម័យអង្គរ និងសម្បត្តិវប្បធម៌អរូបីជាច្រើនទៀត
៤. អភិរក្សព្រៃឈើដែលនៅក្នុងឧទ្យានដើម្បីបរិស្ថាន និងជីវចំរុះទាំងអស់ដែលមាននៅក្នុងទីតាំងឧទ្យាន
៥. អភិរក្សសត្វព្រៃនានា ទាំងសត្វកម្រ ទាំងសត្វជិតផុតពូជ ដែលមានវត្តមាននៅឧទ្យាន
៦. បង្កើតជាទីតាំងទេសចរណ៍បរិស្ថាន ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋមូលដ្ឋានឱ្យចេះស្រឡាញ់បរិស្ថាន និងជាពិសេសបង្កើតឱកាសការងារនិងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ពួកគាត់
៧. បន្សល់ទុកជាមេរៀននិងគម្រូប្រវត្តិសាស្រ្ត សម្រាប់កូនចៅជំនាន់ក្រោយឱ្យចេះស្រឡាញ់ព្រៃឈើនិងសត្វព្រៃ ជាពិសេសសម្បត្តិវប្បធម៌ជាតិ។
ជាការពិតណាស់ ស្មារតីនៃការជីកប្រឡាយព្រំដីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប នៅតែបន្ត។ ក្នុងន័យនេះ ប្រសិនជាឯកឧត្តម លោកជំទាវលោក លោកស្រី អ្នកនាង កញ្ញា បេក្ខជនបណ្ឌិត និងនិស្សិតទាំងអស់ ដែលមានបំណងចូលរួមចំណែកលើការអភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ដ៏មានតម្លៃនៅក្នុងឧទ្យាន សូម ឯកឧត្តម លោកជំទាវលោក លោកស្រី អ្នកនាង កញ្ញា បេក្ខជនបណ្ឌិត និងនិស្សិតទាំងអស់ អញ្ជើញចូលរួមជាវិភាគទានតាមការគួរ ក្នុងការជីកប្រឡាយនេះដើម្បីគុណតម្លៃសម្រាប់ពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត តាមរយៈQR Codeនិង លេខកុងធនាគារខាងក្រោម។
តាមរយៈការចូលរួមវិភាគទានលើការជីកប្រឡាយព្រំដីដ៏សស្រាក់សស្រាំពីសំណាក់ឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ មន្រ្តីរាជាការ បេក្ខជនបណ្ឌិត និស្សិត និងមហាជននេះ ពិតជាបានឆ្លុះបញ្ចាំងអំពីស្មារតីស្រឡាញ់យកចិត្តទុកដាក់លើបរិស្ថានរបស់ខេមរបុត្រ និងការួមសាមគ្គីដើម្បីសម្បត្តិធម្មជាតិនិងវប្បធម៌ សម្រាប់មនុស្សជាតិនាពេលបច្ចុប្បន្ននិងកូនចៅជំនាន់ក្រោយនៅថ្ងៃអនាគត។
សូមគោរពអរគុណ និងអរគុណ
នៅថ្ងៃអាទិត្យ ១២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងនិស្សិតថា្នក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមក្នុងការចាប់ផ្តើមជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលមានទីតាំងនៅក្នុងឃុំឆែប ១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍ថា ការជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិរក្សព្រៃឈើ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់កូនចៅជំនាន់ក្រោយដែលនឹងទទួលបានប្រយោជន៍យ៉ាងច្រើន ដោយសារតែការអភិរក្សព្រៃឈើរបស់មនុស្សជំនាន់នេះ។ ការជីកប្រឡាយនេះ ក៏នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់សត្វគ្រប់ប្រភេទ ដែលរស់នៅក្នុងឧទ្យាន ក៏ដូចជាបក្សាបក្សីទាំងឡាយដែលត្រូវការទឹកផឹកសម្រាប់ការរស់នៅ។
ប្រជាពលរដ្ឋដែលរស់នៅជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា អាចទាញយកប្រយោជន៍ផ្សេងៗគ្នាអំពីការអភិរក្សព្រៃឈើរបស់ឧទ្យាន ហើយកិច្ចការនេះទាមទារឱ្យមានការចូលរួមពីសំណាក់ពលរដ្ឋកម្ពុជាគ្រប់រូប ព្រោះការការពារព្រៃឈើនេះ គឺមានបញ្ហាប្រឈមច្រើនណាស់ ដោយហេតុថា ពលរដ្ឋមួយចំនួនបានកាប់ឈើលក់ដើម្បីទទួលប្រាក់សម្រាប់ការជីវិតប្រចាំថ្ងៃ។
ការជីកប្រឡាយនេះ ក៏មានន័យជានិមិត្តរូបសម្រាប់ប្រទេសកម្ពុជាផងដែរ ព្រោះថានេះគឺជាតាំងចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សព្រៃឈើ និងការបង្ហាញជានិមិត្តរូបសម្រាប់កិច្ចការអភិរក្សព្រៃឈើនេះផង។
សូមបញ្ជាក់ផងដែរថា ថវិកានៃការជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជានេះ គឺជាថវិកាដែលបានមកពីការចូលរបស់សប្បុរសជននានា ក្នុងប្រទេសកម្ពុជាដែលមានរួមថា្នក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជនខ្មែរដែលមានចិត្តចង់អភិរក្សព្រៃឈើនៅក្នុងប្រទេសកម្ពុជា ហើយរហូតមកដល់ពេលនេះថវិកាសម្រាប់ការជីកប្រឡាយនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយរាជបណ្ឌិត្យសភាកម្ពុជានៅតែទទួលថវិកាពីសប្បុរសជនដែលចង់ចូលរួមជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជាក្នុងការជីកប្រឡាយនេះផងដែរ។
RAC Media |បណ្ឌិត ស៊ឺន សំ
ប្រតិកម្មម្ដងហើយម្ដងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនិងបេះដូងដ៏ពុះកញ្ជ្រោលរបស់ប្រជាជនខ្មែរទូទាំងប្រទេសនិងប្រជាជនខ្មែរដ៏ច្រើនលើសលប់ដែលកំពុងរស់នៅឯនាយសមុទ្រ ដែលប្រាថ្នាចង់ឃើញព្រែកជីកនេះលេចចេញជារូបរាងឆាប់ៗនៅលើទឹកដីខ្មែរ ដែលជារដ្ឋអធិបតេយ្យមួយមានអត្ថិភាពរាប់ពាន់ឆ្នាំមកហើយនៅលើផែនដី។
គោលបំណងរបស់លោក សម រង្ស៊ី ចំពោះករណីនេះមានបួនធំៗ :
១. លោក សម រង្ស៊ី មានបំណងបម្រើផលប្រយោជន៍បរទេសជិតខាងនិងរបៀបវារៈភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ ជាយូរមកហើយ លោក សម រង្ស៊ី តែងតែយកបរទេសជាខ្នងបង្អែកនយោបាយប្រឆាំងរបស់ខ្លួន យកអាយុជីវិតប្រជាជននិងអ្នកគាំទ្រជាខែលការពារសុវត្ថិភាពផ្ទាល់ខ្លួន។ នយោបាយប្រឆាំងរបស់គាត់តែងបន្សល់ទុកនូវហានិភ័យជាច្រើនរាប់មិនអស់ដល់អ្នកគាំទ្រនិងអ្នកហែហមគាត់ តែគាត់ខ្លួនឯងរស់នៅសោយសុខស្រណុកស្រួលនៅគេហដ្ឋានផ្ទាល់ខ្លួននៅបរទេសយ៉ាងរំភើយ។ នយោបាយប្រឆាំងរបស់គាត់ក៏នាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិផងដែរ។
២. លោក សម រង្ស៊ី ប្រាថ្នាចង់បានការតបតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រោះគាត់យល់ឃើញថា ការតបតណាមួយចេញពីសម្តេចតេជោក្តី ចេញពីសម្តេចធិបតីក្តី ធ្វើឱ្យគាត់មានទម្ងន់នយោបាយ។ សម្តេចតេជោ និងសម្តេចធិបតីកាន់តែតបត កាន់តែធ្វើឱ្យលោក សម រង្ស៊ី ទទួលបានមូលធននយោបាយ។
លោក សម រង្ស៊ី មើលឃើញយ៉ាងច្បាស់ពីទំហំនៃការគាំទ្រដ៏ផុលផុសនិងយ៉ាងប្តូរផ្តាច់របស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការនយោបាយចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជុំវិញគម្រោងព្រែកជីកហ្វូណនតេជោនេះ។ ការគាំទ្ររបស់ប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសបានក្លាយជាចរន្តជាតិដ៏សំខាន់មួយក្នុងការពង្រឹងឯកភាពនិងសាមគ្គីជាតិជាធ្លុងមួយដ៏រឹងមាំ។ កម្លាំងគាំទ្រនេះ គឺជាការបិទជីពចរប្រឆាំងរបស់លោក សម រង្ស៊ី ខណៈ អ្នកជំនិតនិងមនុស្សសំខាន់ៗនៅជុំវិញគាត់បានចាកចេញពីគាត់ជិតអស់ទៅហើយ។ លោក សម រង្ស៊ី កំពុងឯកោជាខ្លាំងដែលនាំឱ្យលោកពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង និយាយប៉ាតណាប៉ាតណី លែងខ្វល់ខ្វាយពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។
៣. លោក សម រង្ស៊ី ព្យាយាមបំភ័យប្រជាជនពីផលប៉ះពាល់ខាងផ្នែកបរិស្ថាននិងអេកូឡូស៊ីដូចដែលវៀតណាមបានលើកឡើងដែរ ដែលតាមពិតគឺលោក សម រង្ស៊ី ឈរខាងវៀតណាមខ្លាចបាត់បង់ផលប្រយោជន៍វៀតណាម, ឥទ្ធិពលវៀតណាមមកលើកម្ពុជា។ លោក សម រង្ស៊ី ព្យាយាមបំភ័យប្រជាជនដោយភ្ជាប់ព្រែកជីកនេះទៅនឹងយុទ្ធសាស្ត្រយោធាចិន ដែលនោះជាភាសារបស់មហាអំណាចមួយដែលកំពុងព្រួយបារម្ភចំពោះការរះឡើងរបស់ចិនតែប៉ុណ្ណោះ។
៤. លោក សម រង្ស៊ី ព្យាយាមធ្វើឱ្យរូបគាត់ ឈ្មោះគាត់ សំឡេងគាត់ បានអណ្តែតខ្លះលើប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ ដ្បិតរូប ឈ្មោះ និងសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែលេចត្រដែតឡើងយ៉ាងខ្លាំងនិងរស់រវើកលើប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិទូទាំងពិភពលោក និងក្នុងប្រព័ន្ធព័ត៌មានសង្គម។
សរុបសេចក្តីមក ការលើកឡើងម្តងហើយម្តងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដូចគ្នានឹងការលើកឡើងដដែលៗរបស់វៀតណាមដែរ ដែលហាក់ដូចជាមានចេតនារារាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលជាការរំលោភលើឯករាជ្យភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។
កង្វល់របស់លោកលោក សម រង្ស៊ី ជាកង្វល់នយោបាយផ្ទាល់ខ្លួនដើម្បីបិទបាំងភាពឯកោនិងភាពទ័លច្រកនយោបាយរបស់គាត់ ជាជាងខ្វល់ខ្វាយពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនិងសុខទុក្ខរបស់ប្រជាជន។
ក៏ប៉ុន្តែ ទោះបីជាមានការរាំរាំងបន្ទុចបង្អាក់ពីអានុភាពណាក៏ដោយ ក៏រាជរដ្ឋាភិបាលយើងត្រូវតែសាងសង់ព្រែកជីកនេះឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ទោះមានឬគ្មានការវិនិយោគរបស់បរទេសក៏ដោយ ព្រោះប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការនយោបាយ ឈរយ៉ាងរឹងមាំនៅជាមួយរាជរដ្ឋាភិបាលជុំវិញគម្រោងព្រែកជីកនេះ។
យើងសាងសង់ព្រែកជីកយើង ដើម្បីមោទនភាពជាតិយើង ឯកភាពជាតិយើង សាមគ្គីជាតិយើង ឯករាជ្យជាតិយើង ផលប្រយោជន៍សេដ្ឋកិច្ចជាតិយើង និងទុកជាមរតកឱ្យកូនចៅយើងរាប់ពាន់ឆ្នាំទៅមុខទៀត៕
៤ ឧសភា ២០២៤
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថៃ Thai Public Broadcasting Service (Thai PBS) អំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ថៃ ដែលផ្ដោតទៅលើការខ្វែងគំនិតគ្នា រវាងប្រជាជនប្រទេសទាំងពីរទៅលើបញ្ហាវប្បធម៌ និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។
ឆ្លើយតបទៅនឹងសំណួរអំពីការខ្វែងគំនិតគ្នារវាងប្រជាជនខ្មែរនិងប្រជាជនថៃ ទៅលើបញ្ហាវប្បធម៌ នៃប្រទេសទាំងពីរ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កម្ពុជា-ថៃ ជាប្រទេសជិតខាងដែលមានប្រវត្តិទំនាក់ទំនងជាមួយគ្នារាប់រយឆ្នាំមកនេះ តែងតែមានការផ្លាស់ប្ដូរ ឬជះឥទ្ធិពលទៅលើគ្នាទៅវិញទៅមក ដោយនៅពេលដែលខ្មែរមានការរីកចម្រើនរុងរឿង វប្បធម៌ខ្មែរបានជះឥទ្ធិពលទៅលើសង្គមរស់នៅរបស់សៀមឬជនជាតិថៃ ហើយនៅពេលដែលប្រទេសកម្ពុជាមានការថមថយស្រុតចុះនូវការរីកចម្រើនសង្គម នយោបាយ ឬសេដ្ឋកិច្ច នោះឥទ្ធិពលនយោបាយ ក៏ដូចជាវប្បធម៌របស់ថៃពិតជាបានជ្រាបចូលមកក្នុងសង្គមខ្មែរដូចគ្នាដែរ។ ត្រង់ចំណុចនេះ តោងឱ្យប្រជាជននៃប្រទេសទាំងពីរ ត្រូវស្វែងយល់និងរៀនសូត្រអំពីប្រវត្តិសាស្ត្រប្រទេស ពិសេសប្រវត្តិទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យបានច្បាស់លាស់ ចៀសវាងការភ័ន្តច្រឡំ ឬរង្វេងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។
ឯកឧត្ដមបណ្ឌិតបានបន្តទៀតថា នៅពេលមានការជះឥទ្ធិពលទៅវិញទៅមក បានបង្កជាការយល់ច្រឡំមួយចំនួននៅក្នុងចំណោមប្រជាជននៃប្រទេសទាំងពីរ ជាក់ស្ដែង សម្លៀកបំពាក់និងវប្បធម៌មួយចំនួន ដែលមានអត្ថិភាពនៅកម្ពុជាតាំងពីសម័យបុរាណមក ប៉ុន្តែដោយសារតែបច្ចុប្បន្នប្រទេសថៃមានការរីកចម្រើនជាងប្រទេសកម្ពុជា ហើយក៏មានការស្លៀកពាក់ឬអនុវត្តវប្បធម៌ដែលស្រដៀងគ្នានេះ និងត្រូវបានខ្មែរជំនាន់ក្រោយយកមកស្លៀកពាក់ឬអនុវត្ត ក៏បានធ្វើឱ្យអ្នកជាតិនិយមខ្មែរដែលមិនសូវជាបានជ្រួតជ្រាបអំពីប្រវត្តិសាស្ត្រនិងការវិវត្តនៃវប្បធម៌ មានការយល់ច្រឡំថាជាការចម្លងតាមថៃទៅវិញ។ ទោះជាយ៉ាងណា នៅក្នុងចំណោមបណ្ដាប្រជាជនអាស៊ាន ប្រជាជនខ្មែរស្រឡាញ់ថៃច្រើនជាង។
ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ការមិនយល់ដឹងច្បាស់អំពីប្រវត្តិសាស្ត្រ ការដុតរោលបន្ថែមពីក្រុមអ្នកជ្រុលនិយម ពិសេសអ្នកនយោបាយឱកាសនិយមនៃប្រទេសទាំងពីរ គឺជាហេតុផលចម្បងដែលនាំទៅដល់ការប្រឈមដោយពាក្យសម្ដីរវាងក្រុមអ្នកជាតិនិយមនៃប្រទេសទាំងពីរ ដូចដែលបានកើតមាននាពេលកន្លងមកនេះ។
ចំពោះការប្រាស្រ័យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានផ្ដល់ជាទស្សនៈដល់អ្នកសារព័ត៌មានថៃ Thai PBS យ៉ាងដូច្នេះថា បញ្ហាមួយចំនួនដែលកើតមាននៅក្នុងប្រទេសកម្ពុជា ត្រូវបានអ្នកសារព័ត៌មានមិនមែនអាជីពមួយចំនួន យកទៅផ្សព្វផ្សាយ និងបំផុតបំប៉ោងហេតុការណ៍ ជាហេតុធ្វើឱ្យមានការព្រួយបារម្ភមួយចំនួនពីសំណាក់ប្រជាជនថៃ ចំពោះស្ថានភាពសង្គមជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតបានគូសរំឭកអំពីប្រវត្តិនៃការជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ នៅក្នុងសម័យកាលដែលកម្ពុជាដឹកនាំដោយសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានភាពជិតស្និទ្ធ រហូតដល់មានការផលិតជាបទចម្រៀងច្រៀងរួមគ្នាដោយលោក ស៊ិន ស៊ីសាមុត និងតារាចម្រៀងថៃថែមទៀតផង ដែលរៀបរាប់អំពីទំនាក់ទំនងស្នេហាឆ្លងដែនរវាងប្រុសស្រីមួយគ្នា ជាជនជាតិខ្មែរនិងជនជាតិថៃ។ ហេតុនេះហើយ ឯកឧត្ដមបណ្ឌិតបានស្នើឱ្យអ្ន កនយោបាយ ពិសេសប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ គួរតែជំរុញបន្ថែមនូវការផ្លាស់ប្ដូរ និងស្វែងយល់អំពីវប្បធម៌នៃប្រទេសជិតខាងទាំងពីរឱ្យបានកាន់តែប្រសើរឡើង និងមានលក្ខណៈជាក់ស្ដែងបន្ថែមទៀត ដើម្បីជាការបញ្ជ្រាបការយល់ដឹង និងភាពជិតស្និទ្ធរវាងប្រជាជននិងប្រជាជន។
បើតាមឯកឧត្ដមបណ្ឌិត យង់ ពៅ អ្នកនយោបាយប្រទេសទាំងពីរ គួរតែជាតួអង្គដ៏សំខាន់នៅក្នុងការចូលរួមចំណែកជំរុញទំនាក់ទំនងល្អរវាងប្រទេសនិងប្រជាជនទាំងពីរ ជាជាងការដុតរោលបញ្ហាទំនាក់ទំនង តាមរយៈការទាញយកផលប្រយោជន៍ពីចរន្តជាតិនិយមរបស់ប្រជាជនខ្លួន ហើយបង្វែរបញ្ហាមកដាក់បន្ទុកនៅលើទំនាក់ទំនងជាមួយប្រទេសជិតខាង។ ឯកឧត្ដមបណ្ឌិត បានលើកឡើងនូវឧទាហរណ៍អំពីករណី រុញបញ្ហាស្នើឱ្យបើកច្រកព្រំដែននៅប្រាសទព្រះវិហារ ដែលលើកឡើងដោយអ្នកនយោបាយថៃ និងត្រូវបានប្រតិកម្មដោយអ្នកស្រាវជ្រាវនិងសាធារណជនកម្ពុជា ជំរុញដល់រដ្ឋាភិបាលកុំឱ្យបើកច្រកព្រំដែននេះ ដែលបញ្ហានេះត្រូវបានអ្នកនយោបាយប្រឆាំងក្នុងប្រទេសថៃ រុញបញ្ហាឱ្យកាន់តែផ្ទុះ ពិសេសការបង្វែរបញ្ហាទៅលើកាន់រឿងអធិបតេយ្យរវាងប្រទេសទាំងពីរ រហូតដល់ប្រកាសទាមទារខេត្តកោះកុងនិងកោះគុជថែមទៀតផង ដែលនេះគឺជាការរុតរោលបញ្ហានយោបាយពីគណបក្សក្រៅរដ្ឋាភិបាលថៃសុទ្ធសាធ និងគ្មានផលចំណេញអ្វីទាល់តែសោះចំពោះការជំរុញទំនាក់ទំនងប្រទេសនិងប្រជាជនទាំងពីរ កម្ពុជា-ថៃ។
ជាអនុសាសន៍ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ដើម្បីបង្កើតបរិយាកាសស្វែងយល់ពីគ្នាឱ្យកាន់តែប្រសើរ និងបញ្ចៀសនូវការភ័ន្តច្រឡំគ្នា អ្នកសារព័ត៌មានអាជីពនៃប្រទេសទាំងពីរ គួរតែផលិតមាតិកាព័ត៌មានល្អៗដែលមានខ្លឹមសារស្ថាបនា ពន្យល់បកស្រាយអំពីបញ្ហាវប្បធម៌ ទិដ្ឋភាពប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរឱ្យបានស៊ីជម្រៅកាន់តែច្រើន និងអំពាវនាវឱ្យអ្នកព័ត៌មានមិនមែនអាជីពឬអ្នកបង្កើតមាតិកាតាមអនឡាញ កុំបន្តបង្កើតមាតិកាព័ត៌មានមិនពិតដែលមានចរិតញុះញង់អ្នកជាតិនិយមនៃប្រទេសទាំងពីរ ដែលនាំទៅដល់ការខាតបង់នៃប្រទេសទាំងពីរ ទាំងនៅក្នុងទិដ្ឋភាពនយោបាយ ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយនឹងជាប្រធានព្រឹទ្ធសភាកម្ពុជានាពេលបច្ចុប្បន្ន គឺជាថា្នក់ដឹកនាំកម្ពុជាមួយរូបដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជាជាមួយ និងសាធារណរដ្ឋកូរ៉េនៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៧។
តាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសកូរ៉េខាងត្បូងក្នុងខែឧសភា ឆ្នាំ ២០២៤នេះ។ ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងខែឧសភា ឆ្នាំ ២០២៤ នេះ បានធ្វើឱ្យមានការទន្ទឹងរង់ចាំពីសំណាក់ពលករខ្មែរ និស្សិត និងអ្នកស្រាវជ្រាវកម្ពុជាដែលកំពុងតែមានវត្តមាននៅក្នុងប្រទេសកូរ៉េ និងការចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យការទូតរបស់កម្ពុជា ព្រោះថាចាប់តាំងពីបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាមកសម្តេចធិបតី ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន វៀតណាម ថៃ បារាំង ម៉ាឡេស៊ី ហើយនឹងប្រទេសឡាវ និងបានចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗផ្សេងទៀតរបស់អាស៊ាន និងការថ្លែងសារនៅអង្គការសហប្រជាជាតិ។
ដំណើរទស្សនៈកិច្ចនាពេលខាងមុខនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ដោយសារតែវានឹងបង្ហាញពីឱកាសមួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។ ខណៈដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រៀមជួបជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងនោះ ចំណុចខាងក្រោមនេះ គឺជាការរំពឹងទុក និងរបៀបវារៈសំខាន់ៗមួយចំនួន ដែលប្រទេសកម្ពុជា និងកូរ៉េខាងត្បូងគួរតែពិភាក្សាជាមួយគ្នា៖
១. កិច្ចសហប្រតិបត្តិការការពារជាតិ និងភាពជាដៃគូសន្តិសុខ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គួរតែបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងភាពជាដៃគូសន្តិសុខជាមួយកូរ៉េខាងត្បូង ព្រោះថាក្នុងពេលកន្លងមក ប្រទេសមួយចំនួនបានចាត់ទុកថាកម្ពុជា គឺជាមិត្តតែមួយ គត់របស់ប្រទេសចិននៅក្នុងតំបន់អាស៊ាន ប៉ុន្តែការពិតទៅ គឺកម្ពុជាមានទំនាក់ទំនងល្អជាមួយនឹងប្រទេសផ្សេងៗទៀតក្នុងពិភពលោក។ ការគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យផ្សេងៗទៀត ដូចជា ការប្រឆាំងនឹងភេរវកម្ម សន្តិសុខដែនសមុទ្រ និងទំនើបកម្មការពារជាតិ នឹងមានសារៈសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងយោធារបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។
២. កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឱកាសវិនិយោគ៖ ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឱកាសវិនិយោគ នឹងមានសារៈសំខាន់ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ។ កម្ពុជាអាចទទួលបានអត្ថប្រយោជន៍បន្ថែមទៀតពីអ្នកជំនាញកូរ៉េខាងត្បូងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងពាណិជ្ជកម្ម។ ការស្វែងរកផ្លូវសម្រាប់ការបណ្តាក់ទុនរួមគ្នា និងភាពជាដៃគូអាជីវកម្ម នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងជំរុញកំណើនក្នុងវិស័យសំខាន់ៗ ដែលនឹងកាន់តែមានប្រយោជន៍បន្ថែមទៀតសម្រាប់ប្រទេស កម្ពុជា។ រដ្ឋាភិបាលកម្ពុជា គួរតែពិចារណានូវចំណុចខ្វះខាតមួយចំនួន ដែលអ្នកវិនិយោគកូរ៉េគេត្រូវការខ្លាំងអំពីប្រទេសកម្ពុជា ដូចជាទំនុកចិត្តក្នុងការវិនិយោគ ប្រសិទ្ធភាពនៃការបំពេញការងាររបស់មន្ត្រីជំនាញកម្ពុជា និងបញ្ហាផ្សេងទៀតដែលអ្នកវិនិយោគបរទេសកំពុងតែប្រឈមក្នុងប្រទេសកម្ពុជា។ តាមពិតទៅ បើសិនជារដ្ឋាភិបាលកម្ពុជា ចង់ដឹងពីបញ្ហាប្រឈមរបស់អ្នកវិនិយោគគិនបរទេសនោះ គ្រាន់តែរៀបចំកម្មវិធីមួយហើយអញ្ជើញអ្នកវិនិយោគបរទេសទាំងនោះឱ្យពួកគាត់និយាយពីបញ្ហាប្រឈមនៃការរកស៊ីក្នុងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជាតាំងចិត្តក្នុងការស្តាប់ និងកែទម្រង់បន្ថែមទៀតគឺកាន់តែប្រសើរឡើងហើយ។ សម្រាប់អ្នកវិនិយោគខ្លះ គេមិនចង់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ គេត្រូវតែការប្រកាសនៃការវិនិយោគមួយដែលល្អសម្រាប់ការវិនិយោគរបស់គេតែប៉ុណ្ណោះ។
៣.ការផ្លាស់ប្តូរវប្បធម៌និងការអប់រំ៖ ការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំអាចពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងជំរុញការយល់ដឹងកាន់តែច្រើនរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង។ សម្តេចធិបតី ហ៊ុន ម៉ាណែត អាចពិភាក្សាអំពីគំនិតផ្តួចផ្តើមនានាដើម្បីលើកទឹកចិត្តដល់ការផ្លាស់ប្តូរនិស្សិត កម្មវិធីភាសា និងព្រឹត្តិការណ៍វប្បធម៌ ដែលបង្ហាញពីបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសទាំងពីរ។
៤. សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៖ ការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ និងការស្វែងរកមធ្យោបាយសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងកិច្ចពិភាក្សាទល់មុខ នឹងមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ ការពិភាក្សាអំពីកង្វល់រួមជាមួយនឹងកូរ៉ខាងត្បូង ដូចជា ស្ថិរភាពក្នុងតំបន់ ការដោះស្រាយជម្លោះ និងការសន្ទនាការទូត អាចរួមចំណែកបន្ថែមទៀតដល់តំបន់ដែលមានសុវត្ថិភាព និងវិបុលភាព។ ការស្តាប់គ្នាទៅវិញទៅមក ហើយនឹងការព្យាយាមយល់ពីគ្នាទៅវិញទៅមក គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងកូរ៉េខាងត្បូង។
៥. ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៖ ការគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះស្ថិរភាព និងវិបុលភាពក្នុងតំបន់។ កម្ពុជាមានភាពល្បីល្បាញខ្លាំងចំពោះការសម្រេចចិត្តរបស់ខ្លួនក្នុងជំលោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ កម្ពុជាក៏បានប្រែក្លាយពីប្រទេសដែលមានសង្គ្រាមទៅជាប្រទេសដែលបានបញ្ជូនទ័ពរបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀតក្នុងនាមអង្គការសហប្រជាជាតិ ដើម្បីជួយដោះមីន និងកិច្ចការមនុស្សធម៌ផ្សេងទៀត។ កិច្ចសហការលើបញ្ហាផ្សេងទៀត ដែលមានដូចជាការថែទាំសុខភាព ការឆ្លើយតបគ្រោះមហន្តរាយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព អាចជួយពង្រឹងទំនាក់ទំនង និងដោះស្រាយបញ្ហាប្រឈមរួមរបស់ប្រទេសទាំងពីរ។ ប្រទេសកម្ពុជាអាចរៀនសូត្របន្ថែមទៀតអំពីប្រទេសកូរ៉េ ចំពោះការរៀបចំទីលានសាធារណៈ និងការរៀបចំទីក្រុង ព្រោះថានៅប្រទេសនៅពេលនេះមានតម្រូវការខ្លាំងសម្រាប់អ្នកនៅទីក្រុងភ្នំពេញ ដែលត្រូវការទីលានកំសាន្ត និងកន្លែងហាត់ប្រាណសាធារណៈ។ សណ្តាប់ធ្នាប់ទីក្រុង គឺជារឿងសំខាន់ ហើយការរៀបចំឱ្យបានសមស្របទៅនឹងការប្រែប្រួលបរិស្ថាន ក៏ជារឿងសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ ចំពោះកិច្ចការនេះ ប្រទេសកូរ៉េ និងប្រទេសចិន គេបានរៀបចំល្អ ដែលកម្ពុជាអាចយកជាគម្រូសម្រាប់ការរៀបចំទីក្រុងនៅកម្ពុជាបាន។
សរុបមក ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង សម្តេចធិបតី ហ៊ុន ម៉ាណែត គួរតែបង្ហាញពីការខ្នះខ្នែងរបស់កម្ពុជា ក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅបមន្ថែមទៀតលើវិស័យផ្សេងៗដែលចាំបាច់សម្រាប់ប្រទេសកម្ពុជា។ ការសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍រួម គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រជាជាតិទាំងពីរ។ ដំណើរទស្សនកិច្ចនាពេលខាងមុខ នេះនឹងបង្ហាញពីឱកាសដ៏មានតម្លៃក្នុងការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជាកូរ៉េ និងជាឱកាសសម្រាប់ស្វែងយល់បន្ថែមទៀតពីវិធីសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ជូនទាំងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង។
បណ្ឌិត ស៊ឺន សំ គឺជាអ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។
-------
* រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ គឺជាទស្សនៈយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។
RAC Media
នៅក្នុងសង្វៀននយោបាយ គេតែងតែឃើញតួអង្គនយោបាយនីមួយៗប្រើប្រាស់យុទ្ធសាស្ត្រ យុទ្ធវិធី ក៏ដូចជាដើរតួនាទីគ្រប់រូបភាព និងនៅគ្រប់ទិដ្ឋភាព ធ្វើយ៉ាងណាដើម្បីមានប្រៀបលើដៃគូប្រជែង និងដើម្បីទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ពិសេសការគាំទ្រពីសំណាក់ប្រជាជនដែលជាប្រភពអំណាចនៅក្នុងសង្គមប្រជាធិបតេយ្យ ទៅតាមបែបផែនច្បាប់ ឬនិន្នាការសង្គមនៃប្រទេសនីមួយៗ។ ការប្រជែងគ្នាដណ្ដើមភាពជោគជ័យនៅក្នុងសង្វៀននយោបាយ គឺជាលក្ខខណ្ឌកំណត់ការរីកចម្រើននៃសង្គមជាតិដ៏ប្រសើរបំផុត នៅពេលដែលអ្នកនយោបាយនៅក្នុងសង្គមនោះ ធ្វើការប្រកួតប្រជែងគ្នាទៅលើគោលនយោបាយដើម្បីជំរុញវឌ្ឍនភាពសង្គមនៅតាមវិស័យនានា ដែលខ្លួនយល់ថានៅមានការខ្វះខាត ឬដើម្បីអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។ ទោះជាយ៉ាងណា ដើម្បីឈានទៅក្រសោបយកអំណាចរដ្ឋ អ្នកនយោបាយខ្មែរមួយចំនួនបានប្រើប្រាស់វិធីសាស្ត្រគ្រប់បែបយ៉ាងស្របទៅតាមមហិច្ឆតា និងការចង់បានរបស់ខ្លួន មិនខ្វល់ខ្វាយអំពីផលវិបាក ឬគ្រោះថ្នាក់ដែលបណ្ដាលមកអំពើរបស់ខ្លួន រហូតដល់ក្នុងករណីខ្លះ ពួកគេថែមទាំងបានក្លាយខ្លួនទៅជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួនថែមទៀតផង។
ហេតុផលដ៏សំខាន់មួយ ដែលអាចពន្យល់អំពីដំណើរដែលនាំឱ្យអ្នកនយោបាយខ្មែរមួយចំនួន ធ្លាក់ខ្លួនទៅជាអ្នកប្រឆាំងនឹងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួននោះគឺ អ្នកនយោបាយទាំងនោះ បានចាប់ផ្ដើមជីវិតនយោបាយរបស់ខ្លួនដោយមិនបានសិក្សាអំពីបទពិសោធន៍ប្រវត្តិសាស្ត្រជាតិសាសន៍របស់ខ្លួន ឬពួកគេបានធ្វើសេចក្ដីសម្រេចចិត្តខាងនយោបាយដោយភ្លេចនូវមេរៀនប្រវត្តិសាស្ត្រ ដែលបានធ្លាប់បានកើតមានរួចហើយនៅក្នុងប្រទេសកម្ពុជា។ តួយ៉ាងដូចជាការបែកបាក់គ្នារវាងអ្នកនយោបាយខ្មែរនាអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ឆ្នាំ១៩៧០ ដោយសារតែការបែងចែកពណ៌សម្បុរមនោគមវិជ្ជារវាងគ្នានឹងគ្នា ដូចជាខ្មែរស ខ្មែរខៀវ និងខ្មែរក្រហមជាដើម បានបណ្ដាលឱ្យខ្មែរភ្លេចដើមកំណើត និងឈាមជ័រជាខ្មែរដូចគ្នា ហើយដុតរោលនិងកាប់សម្លាប់គ្នាទៅវិញទៅមក។ ជាលទ្ធផល ប្រទេសកម្ពុជា បានធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមអស់ជាង៣ទសវត្សរ៍ ហើយរាល់សមិទ្ធផលដែលប្រទេសជាតិសម្រេចបាន ត្រូវរលាយបង់ដោយសារហេតុផលនៃការបែកបាក់ជាតិ។
បន្ថែមពីលើនេះ បុគ្គលិកលក្ខណៈអស្មិមានះ និងមានគោលគំនិតធ្វើនយោបាយដើម្បីតែឈ្នះនិងចាញ់នោះ ក៏ជាភាពគ្រោះថ្នាក់មួយផ្សេងទៀត ដែលធ្វើឱ្យអ្នកនយោបាយខ្មែរខ្លះ បានតាំងចិត្តតម្រង់គោលគំនិតរបស់ខ្លួន តែទៅលើការក្ដោបក្ដាប់ឱ្យខានតែបាននូវអំណាចគ្រប់គ្រងរដ្ឋ។ ប្រការនេះ គឺជាហេតុបណ្ដាលឱ្យអ្នកទាំងនោះវិវត្តខ្លួនបន្តិចម្ដងៗ ទៅជាអ្នកនយោបាយដែលបាត់បង់មនសិកាជាតិ និងគ្មានស្មារតីជាតិនិយម ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែផលប្រយោជន៍ខាងនយោបាយរបស់ខ្លួន បំភ្លេចចោលនូវឧត្ដមប្រយោជន៍ជាតិ រឹតតែមិនបានគិតគូរថាខ្លួនត្រូវធ្វើយ៉ាងណាដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសដែលបានផ្ដល់កំណើតដល់ខ្លួននិងក្រុមគ្រួសារ ក៏ព្រោះតែយល់ថា បើខ្លួនចូលរួមជាមួយគូប្រជែងរបស់ខ្លួន អាចនឹងក្លាយទៅការផ្ដល់ផលចំណេញខាងនយោបាយទៅដល់ដៃគូរ។
ហេតុផលមួយផ្សេងទៀតដែលគេគួរកត់សម្គាល់នោះគឺ នយោបាយខ្មែរមួយចំនួនបានដៅការគិតរបស់ខ្លួន ផ្ដោតសំខាន់ទៅលើបញ្ហាបុគ្គលផ្ទាល់ខ្លួន ពោលគឺការយកទំនាស់ផ្ទាល់ខ្លួនជាធំ បំភ្លេចអស់នូវអត្ថន័យដើមនៃពាក្យ «នយោបាយ» គឺ ជាវិទ្យាសាស្ត្រដែលពាក់ព័ន្ធទៅដល់ភាពថ្កុំថ្កើងសម្បូណ៌សប្បាយរុងរឿងរបស់មនុស្ស និងបុរីទាំងមូល (អារីស្តូត “៣៨៤-៣២២មុនគ.ស.”)។ សម្រាប់អ្នកនយោបាយប្រភេទនេះ ការសងសឹក ឬឆ្លើយតបជាអវិជ្ជមានទៅកាន់អ្នកដែលខ្លួនធ្លាប់បរាជ័យ ឬមានទំនាស់ជាមួយ គឺជាគោលដៅសំខាន់បំផុតនៅក្នុងការដែលខ្លួនចូលរួមនៅក្នុងឆាកនយោបាយ។ ការប្រកាន់គោលគំនិតដូចនេះ មិនបាននាំមកនូវជាគុណតម្លៃនៅក្នុងការអភិវឌ្ឍសង្គមជាតិនោះឡើយ ព្រោះពួកគេធ្វើនយោបាយគឺដើម្បីតែគំនុំបុគ្គល ហើយប្រសិនបើពួកបានឡើងគ្រប់គ្រងកិច្ចការងាររដ្ឋ នោះរឿងដែលពួកគេត្រូវធ្វើមុនគេបង្អស់គឺ កំចាត់គូបដិបក្ខរបស់ខ្លួន ដោយមិនខ្វល់ត្រូវលះបង់ក្នុងកម្រិតណានោះឡើយ ដែលជាហេតុនឹងនាំទៅដល់ការបែកបាក់ និងភយន្តរាយនៅក្នុងសង្គមជាតិទាំងមូលជាក់ជាមិនខាន។ ក្នុងករណីផ្ទុយមកវិញ ប្រសិនបើគូបដិបក្ខរបស់ខ្លួនគឺជាអ្នកកាន់កាប់អំណាចវិញ អ្នកនយោបាយទាំងនេះ នឹងព្យាយាមរិះរកវិធីសាស្ត្រយ៉ាងណា ដើម្បីរារាំងការកសាងសមិទ្ធផល ឬបំផ្លាញគម្រោងការអភិវឌ្ឍទាំងឡាយរបស់គូបដិបក្ខ ព្រោះពួកគេយល់ថាភាពបរាជ័យរបស់គូបដិបក្ខខ្លួន គឺជាច្រកសម្រាប់ឈានទៅរកភាពជោគជ័យរបស់ខ្លួននាពេលខាងមុខ ឬដើម្បីជាសារបង្ហាញដល់មហាជនថា គូបដិបក្ខរបស់ខ្លួនមិនអាចអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនថ្កុំថ្កើងនោះឡើយ ហើយនៅពេលបន្ទាប់ពួកគេនឹងចេញមុខអះអាងថា មានតែពួកគេទេ ដែលអាចដឹកនាំប្រទេសឱ្យរីកលូតលាស់ជឿនលឿនទៅមុខបាន។
លើសពីនេះទៅទៀត អ្នកនយោបាយដែលនឹងក្លាយខ្លួនទៅជាអ្នកប្រឆាំងផលប្រយោជន៍មាតុភូមិខ្លួន គឺជាអ្នកនយោបាយដែលដើរតាមតែខ្សែញាក់របស់បរទេសឬមហាអំណាច។ ហេតុអ្វី? ពីព្រោះអ្នកនយោបាយ ដែលចាំតែដើរតាមការបង្គាប់បញ្ជារបស់បរទេសឬមហាអំណាច គឺជាអ្នកនយោបាយដែលគ្មានយុទ្ធសាស្ត្រនយោបាយផ្ទាល់ខ្លួនសម្រាប់ឆ្ពោះទៅកាន់គោលដៅនយោបាយដែលខ្លួនប៉ងប្រាថ្នា ក្រៅតែពីការបង្ខូចឈ្មោះរបស់ដៃគូប្រជែងរបស់ខ្លួន។ ពួកគេធ្វើទៅតាមការចាត់ចែង ឬណែនាំពីបរទេសខាងក្រៅ ដើម្បីធ្វើយ៉ាងណាសម្រេចបាននូវមហិច្ឆតាកាន់អំណាចរបស់ខ្លួន ហើយបើទោះបីជាចង់ ឬមិនចង់ ជានិច្ចកាលសកម្មភាពរបស់ពួកគេតែងតែប្រឆាំងនឹងផលប្រយោជន៍ជាតិ ព្រោះនេះគឺជាយុទ្ធសាស្ត្ររបស់បរទេសឬមហាអំណាច ដែលគេឃើញកើតមានតរៀងរហូតមកនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយពួកគេតែងតែប្រើប្រាស់វិធីសាស្ត្រគ្រប់យ៉ាង ដើម្បីអាចទាញផលប្រយោជន៍តាមដែលអាចធ្វើទៅបានពីបណ្ដាប្រទេសទាំងឡាយ ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច យោធា និងការទូត តាមរយៈអ្នកនយោបាយអាត្មានិយមមួយចំនួននៃជាតិសាសន៍នោះ។ នៅក្នុងករណីខ្លះ អ្នកនយោបាយទាំងនោះធ្វើសកម្មភាពតាមខ្សែញាក់របស់មហាអំណាច គឺដោយសារចង់បានការគាំទ្រពីមហាអំណាច ធ្វើជាដើមទុនបន្តប្រជាប្រិយភាពនយោបាយរបស់ខ្លួន ប៉ុន្តែនៅក្នុងករណីខ្លះទៀត ពួកគេធ្វើដូចនេះ គឺដោយសារតែការភ័ន្តច្រឡំរបស់ពួកគេផ្ទាល់ថាបរទេស ឬមហាអំណាចពិតជាស្រឡាញ់ និងចង់ជួយដល់ប្រទេសជាតិរបស់ពួកគេ ជាងជាតិសាសន៍របស់ពួកគេថែមទៀតផង។ ទោះជានៅក្នុងទិដ្ឋភាពណាមួយ នៅក្នុងចំណោមទិដ្ឋភាពដែលបានលើកឡើងខាងលើនេះក្ដី ការដើរតាមយុទ្ធសាស្ត្រ ឬការបង្គាប់បញ្ជារបស់បរទេសឬមហាអំណាចទាំងស្រុងដូចបានរៀបរាប់ខាងលើនេះ គឺដោយសារតែអ្នកនយោបាយទាំងនោះ ជាអ្នកនយោបាយគ្មានយុទ្ធសាស្ត្រជាក់លាក់ និងប្រាកដប្រជាសម្រាប់បន្តជីវិតនយោបាយ ហើយក៏ជាហេតុដែលនាំឱ្យបរទេសអាចលូកដៃមកកកូរកកាយផ្ទៃក្នុងខ្មែរបានដោយងាយ។
ជារួម អ្នកនយោបាយទាំងអស់គួរតែបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអភិវឌ្ឍសង្គមជាតិ នៅក្នុងនាមជាជនជាតិដែលកើតនៅលើទឹកដីមាតុភូមិដ៏កម្សត់មួយនេះ ហើយតាំងខ្លួនជាអ្នកនយោបាយស្ថាបនាឧត្ដមប្រយោជន៍ជាតិ មានស្មារតីបង្រួបបង្រួម និងផ្សះផ្សាជាតិ ដើម្បីកសាងប្រទេសឱ្យក្លាយទៅជាអារ្យប្រទេសជាថ្មី ដូចដែលដូនតាខ្មែរ ជាពិសេសបុព្វបុរសសម័យអង្គរ ដែលធ្លាប់បាននាំនាវាកម្ពុជាឈានក្លាយទៅជាមហាអំណាចដ៏លេចត្រដែតទាំងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដ៏សម្បូរបែបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកនយោបាយខ្មែរគួរតែបញ្ឈប់វប្បធម៌ “មានអញអត់ឯង មានឯងអត់អញ” ការយកគំនុំបុគ្គលជាធំនៅក្នុងការធ្វើនយោបាយ និងលុបបំបាត់ឱ្យបាននូវផ្នត់គំនិតដែលយល់ឃើញថា បរទេសមានទឹកចិត្តស្រឡាញ់និងគិតគូរផលប្រយោជន៍ខ្មែរ ច្រើនជាងជាតិសាសន៍ខ្មែរគ្នាឯង ព្រោះនៅពេលជួបវិបត្តិឬភយន្តរាយនៅក្នុងសង្គមជាតិមួយ មានតែប្រជាជននិងប្រជាជាតិយើងទេ ដែលនៅខាំស្មៅតស៊ូ ទ្រាំលំបាក និងប្រឈមមុខនឹងបញ្ហាជាមួយគ្នា ដើម្បីដោះស្រាយ និងស្រោចស្រង់ជោគវាសនាប្រទេសជាតិ គ្មានបរទេសឬមហាអំណាចណាយល់ព្រមបាត់បង់ផលប្រយោជន៍ជំនួស ឬស្ម័គ្រចិត្តមកទទួលរងគ្រោះជាមួយប្រជាជននិងជាតិសាសន៍យើងឡើយ សមដូចសុភាសិតខ្មែរមួយលើកឡើងថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់»។
---
* រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ គឺជាទស្សនៈយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបំផុសស្មារតីស្នេហាជាតិ រួមចំណែកជួយដល់ប្រទេសជាតិ ការពារជាតិ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ ដើម្បីអាចទទួលបានទទួលបានប្រទេសជាតិមួយដ៏ខ្លាំង។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិសាស្ត្រសង្គ្រាមរបស់អ៊ីស្រាអែល ក៏ដូចជាស្មារតីស្នេហាជាតិរបស់ជនជាតិនេះ ដែលទម្រាំឈានក្លាយជាប្រទេសអភិវឌ្ឍដូចបច្ចុប្បន្នថា ប្រជាជនជ្វីហ្វ នៅពេលសង្គ្រាមកើតមានឡើង ឪពុកនិងកូនប្រុសទៅធ្វើកងទ័ព កូនស្រីទៅធ្វើពេទ្យ ម្ដាយធ្វើគ្រាប់ និងធ្វើម្ហូបផ្ញើទៅប្ដីនិងកូនប្រុសនៅសមរភូមិ។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីប្រវត្តិសាស្ត្រកម្ពុជាថា ទំនោររបស់ប្រជាជនកម្ពុជាក្នុងអតីតកាល ហាក់មានភាពខុសស្រឡះពីគ្នានឹងជនជាតិអ៊ីស្រាអែល ដែលកូនអ្នកក្រត្រូវចូលធ្វើទាហាន ក្នុងពេលដែលកូនអ្នកមាននិងកូនអ្នកធំចាកចេញពីប្រទេស ដើម្បីគេចផុតពីសង្គ្រាមនិងសេចក្ដីស្លាប់។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ថ្លែងសង្កត់ធ្ងន់ថា «[...] យើងកូនអ្នកក្រ យកទ្រូងទាំងពាំងក្បាលពួកអ្នកទាំងនោះ តែពួកអ្នកមានបញ្ជូនទៅនៅក្រៅ [...]»។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានបានគូសបញ្ជាក់បន្ថែមថា អ៊ីស្រាអែលខ្លាំង ដោយសារតែប្រជាជននៃប្រទេសនោះ មានស្មារតីស្នេហាជាតិ មានជំហររួបរួមគ្នាជាធ្លុងមួយពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ប្រទេសជាតិ ដែលត្រង់ចំណុចនេះ ប្រជាជននិងអ្នកនយោបាយខ្មែរមួយចំនួនត្រូវចេះរៀនសូត្រពីគេ មិនមែន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបង្ហាញអំពីការប្ដេជ្ញាចិត្តផ្ទាល់ខ្លួនរបស់ឯកឧត្ដមថា «ខ្ញុំបានតាំងចិត្តរួចជាស្រេច ខ្ញុំធ្លាប់មានប្រពន្ធបរទេស គេឱ្យសញ្ជាតិ តែខ្ញុំអត់យកទេ ខ្ញុំបានតាំងចិត្តរួចហើយថា ខ្ញុំស្លាប់នៅលើទឹកដីនេះ ខ្ញុំមិនទៅណាទេ ព្រោះខ្ញុំកើតនៅលើទឹកដីនេះ ខ្ញុំត្រូវបម្រើនូវផលប្រយោជន៍នៃទឹកដីនេះ [...] ខ្ញុំមិនដូរទឹកដីនេះទេ ខ្ញុំត្រូវរស់នៅលើទឹកដីនេះ ហើយខ្ញុំធ្វើដើម្បីបុព្វហេតុទឹកដីនេះ [...]»។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លែងជំរុញឱ្យជនរួមជាតិខ្មែរទាំងអស់ ត្រូវបំផុសស្មារតីជួយប្រទេសជាតិ ស្រលាញ់ជាតិ ការពារជាតិ ដើម្បីផលប្រយោជន៍ជាតិ នោះទើបអាចចូលរួមចំណែកជំរុញនិងកសាងមាតុភូមិកំណើតរបស់ខ្លួន ក្លាយទៅជាប្រទេសជាតិមួយដែលរីកចម្រើន និងខ្លាំងក្លាទៅបាន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា អ៊ីស្រាអែល ដែលជាប្រទេសមានការរីកចម្រើនដ៏ខ្លាំងក្លាមួយនៅតំបន់មជ្ឈិមបូព៌ា ក៏ដោយសារតែការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ប្រជាជនគេដូច្នេះដែរ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្ដល់អនុសាសន៍ដល់ជនរួមជាតិទាំងអស់ថា «យើងត្រូវតែចូលរួមចំណែកធ្វើឱ្យសង្គមជាតិរីកចម្រើន បន្សល់ស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយ ហើយមនុស្សជំនាន់ក្រោយត្រូវបន្តវេន នូវអ្វីដែលអ្នកជំនាន់នេះ និងបុព្វបុរសបានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ន»៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» ដើម្បីបង្ហាញអំពីទស្សនៈយល់ឃើញពីសំណាក់បញ្ញវន្ត អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងប្រវត្តិនៃជម្លោះ បញ្ហាស្នូលសំខាន់ៗដែលនាំទៅដល់ជម្លោះ និងស្ថានការណ៍វិវត្តចុងក្រោយនៅតំបន់មជ្ឈិមបូព៌ា ផលប៉ះពាល់នៃជម្លោះចំពោះសណ្ដាប់ធ្នាប់ និងការវិវត្តនយោបាយនៅទូទាំងសកលលោកនាពេលបច្ចុប្បន្ន។
កិច្ចពិភាក្សាតុមូលនាឱកាសនេះ ត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់៖
១. ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
២. ឯកឧត្ដមបណ្ឌិត ឈាង វណ្ណារិទ្ធ ទីប្រឹក្សា និងជានាយករងខុទ្ទកាល័យសម្ដេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា
៣. លោកបណ្ឌិត ដៀប សុផល អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ
៤. លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា
ក្នុងឱកាសអញ្ជើញបកស្រាយអំពីស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ានេះ ឯកឧត្ដមបណ្ឌិត ឈាង វណ្ណារិទ្ធ បានធ្វើបទបង្ហាញដោយផ្ដោតលើ បរិបទនៃការបម្រែបម្រួលតុល្យភាពអំណាចពិភពលោក និងការវិវត្តនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាក្នុងតំបន់ និងពិភពលោក ដែលមានភាពជាប់ពាក់ព័ន្ធគ្នាយ៉ាងស្អិតល្មួតជាខ្លាំង។ ឯកឧត្ដមបណ្ឌិតបន្តថា បញ្ហាមជ្ឈិមបូព៌ា គឺជាសំណុំរឿដែលលំបាកក្នុងការដោះស្រាយបំផុតនៅក្នុងពិភពលោក ដោយសារតែនរណាក៏ចង់មានឥទ្ធិពលលើតំបន់នេះ និងក៏ព្រោះតែតំបន់នេះគឺជាស្តុកប្រេងដ៏ធំរបស់ពិភពលោក ដែលចាក់ស្រែះទៅដោយផលប្រយោជន៍របស់មហាអំណាច។ ទោះជាយ៉ាងណា សម្រាប់ការយល់ឃើញរបស់ឯកឧត្ដមបណ្ឌិតផ្ទាល់ មហាអំណាចទាំង៣ដែលកំពុងមានឥទ្ធិពលយ៉ាងធំធេងនៅក្នុងតំបន់មជ្ឈិមបូព៌ា ពិតជាមិនចង់ឱ្យផ្ទុះនូវសង្គ្រាមបន្ថែមទៀតនៅក្នុងតំបន់ជាយុទ្ធសាស្ត្រមួយនេះឡើយ ហើយការសម្រេចបាននូវតុល្យភាពយោធារវាងប្រទេសនៅក្នុងតំបន់ ក៏ជាបច្ច័យមួយដែលនាំទៅដល់ការធានាបានថា តំបន់នេះ នឹងមិនមានផ្ទុះសង្គ្រាមរវាងប្រទេសនឹងប្រទេស បន្ថែមទៀតនោះដែរ។
សម្រាប់លោកបណ្ឌិត ដៀប សុផល ការវិវត្តនៃវិបត្តិនៅមជ្ឈិមបូព៌ា ត្រូវបានលោកបណ្ឌិតបានចាត់ទុកជាបញ្ហាធំទី២ បន្ទាប់ពីបញ្ហានៅតំបន់អឺរ៉ុប ដែលជះឥទ្ធិពលដល់ពិភពលោកទាំងមូល។ លោកបណ្ឌិតបន្តថា សម្រាប់អ្នកប្រវត្តិសាស្ត្រ គេត្រូវរកឱ្យឃើញនូវកត្តាសន្មត់សត្យានុម័ត និងកត្តាអត្តនោម័ត ដែលកើតឡើង ដោយសារ តែតំបន់នេះសម្បូរប្រេង ឬដោយសារតែការកកើតឡើងនូវរដ្ឋអ៊ីស្រាអែល។ លោកបណ្ឌិតបានបន្ថែមទៀតថា នៅក្នុងតំបន់នេះមិនមែនមានត្រឹមតែប្រទេសកាន់សាសនាអ៊ិស្លាមនោះទេ គឺមានក្រុមប្រទេសកាន់គ្រិស្តសាសនា និងក្រុមឃើដជាដើម។ លើសពីនេះ មហាអំណាចតែងតែលូកដៃចូលទៅក្នុងបញ្ហាតំបន់នេះជាញឹកញាប់ ដោយសារតែការប្រឈមគ្នារវាងក្រុមប្រកាន់សាសនាផ្សេងៗគ្នា ដែលគេបានយកសាសនាជាឈ្នាន់ដើម្បីទៅកកូរកកាយនៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលក្រុមកាន់សាសនាអ៊ិស្លាមក៏មានការបែងចែកច្រើនដូចជា ក្រុមជ្រុលនិយម ក្រុមកណ្ដាលនិយម និងក្រុម Fundamentalism (ការដឹកនាំដោយយកសាសនាជាស្ថាប័នកំពូល) ដែលធ្វើឱ្យអ្នកកាន់សាសនាអ៊ិស្លាម ងាយប្រឈមមុខនឹងទំនាស់។
សម្រាប់លោក ពុយ គា លោកបានបានធ្វើបទបង្ហាញដោយផ្ដោតទៅលើ និន្នការរបស់ប្រទេសធំៗ ដែលបង្កើនថវិកាវិស័យយោធាស្ទើរតែគ្រប់ប្រទេសទាំងអស់ ដោយសារតែជម្លោះ និងភាពតានតឹងក្នុងតំបន់នានា ស្របពេលដែលប្រទេសទាំងអស់ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចរៀងៗខ្លួន។ ជាមួយគ្នានេះ លោកក៏បន្តលើកឡើងអំពីជំនួយថ្មីដែលសហរដ្ឋអាម៉េរិកបានអនុម័តថវិការហូតដល់៩៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ដែលក្នុងនោះក៏មានជំនួយដល់ប្រទេសអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។
ចំណែក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ដែលជាវាគ្មិនទីបួន ឯកឧត្ដមបានធ្វើបទបង្ហាញដោយផ្ដោតលើ ៥ចំណុចគឺ៖ ការបង្កើតរដ្ឋអ៊ីស្រាអែល ប្រវត្តិសង្គ្រាមអ៊ីស្រាអែល ការវាយប្រហាររបស់ក្រុមហាម៉ាស់ និងវាយប្រហារស្ថានកុងស៊ុលអ៊ីរ៉ង់និងការឆ្លើយតបរបស់អ៊ីរ៉ង់ និងនយោបាយតាប៊ីយែររបស់មហាអំណាច។ ឯកឧត្ដមបណ្ឌិតសភាចា រ្យ បានគូសបញ្ជាក់អំពីប្រវត្តិនៃការបាត់បង់ទឹកដីអស់រយៈពេលជាង២ពាន់ឆ្នាំរបស់ជនជាតិជ្វីហ្វ និងការវិលត្រឡប់មកកាន់កាប់អតីតទឹកដីរបស់ខ្លួនពីសំណាក់ជនជាតិនេះ បន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ តាមរយៈការជួយជ្រោមជ្រែងពីសំណាក់មហាអំណាច និងអង្គការសហប្រជាជាតិ។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានលើកឡើងអំពីសង្គ្រាម ដែលអ៊ីស្រាអែលត្រូវប្រឈមមុខនឹងក្រុមប្រទេសអារ៉ាប់ដែលប៉ុនប៉ងរំលាយរដ្ឋអ៊ីស្រាអែលពីផែនទីពិភពលោក ការតស៊ូប្រយុទ្ធប្រឆាំងនឹងសត្រូវជុំទិស ជាមួយនឹងស្មារតីស្នេហាជាតិដ៏មុះមុតរបស់ជនជាតិជ្វីហ្វ ដើម្បីរក្សាអត្ថិរភាពរបស់ប្រជាជាតិខ្លួន។ នៅក្នុងចំណុចសង្គ្រាមជាមួយបណ្ដាប្រទេសអារ៉ាប់នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លែងសង្កត់ធ្ងន់អំពីចំណុចជាយុទ្ធសាស្ត្រដែលអ៊ីស្រាអែលបានវាយបកហើយកាន់កាប់លើព្រែកជីកស៊ុយអេ ដែលនៅពេលនោះត្រូវបានទទួលការគាំទ្រពីសហរដ្ឋអាម៉េរិក ដោយឯកឧត្ដមបណ្ឌិតសភាចារ្យបានចោទជាសំណួរថា អាម៉េរិកបានគាំទ្រករណីព្រែកជីកស៊ុយអេ ចុះហេតុអ្វីបានជាសហរដ្ឋអាម៉េរិកមកដាក់បន្ទុកលើកកម្ពុជា សម្រាប់ករណីគម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទៅវិញ?
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមទៀតថា «ត្រង់ចំណុចនេះ មានអ្នកនយោបាយខ្មែរនៅក្រៅប្រទេសខ្លះ បែរជាដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន មកចោទប្រកាន់គម្រោងព្រែកជីករបស់កម្ពុជានេះទៅវិញ»។
ចំពោះយុទ្ធសាស្ត្រនយោបាយតាប៊ីយែររបស់មហាអំណាច នៅក្នុងតំបន់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានពន្យល់ថា ដើម្បីដុតបញ្ឆេះបញ្ហាឱ្យអាម៉េរិកចំណាយថវិកា បញ្ជៀសការយកចិត្តុទុកដាក់របស់មហាអំណាចអាម៉េរិក កុំផ្ដោតតែទៅលើបញ្ហាអ៊ុយក្រែននោះ មហាអំណាចរុស្ស៊ីក៏បានបង្វែរស្ថានការណ៍ក្នុងតំបន់ផ្សេងៗគ្នា ដោយក្នុងនោះ បានជំរុញឱ្យកូរ៉េខាងជើងសាកល្បងអាវុធ និងបង្កើតបញ្ហាវាយប្រហាររបស់ក្រុមហាម៉ាស់ទៅអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាម៉េរិកនៅក្នុងតំបន់ និងភាពតានតឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ឱ្យចាប់ផ្ដើមផ្ទុះឡើង។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានថ្លែងសង្កត់ធ្ងន់ផងដែរថា ថ្វីដ្បិតតែស្ថានការណ៍នៅទូទាំងពិភពលោកមានសភាពតានតឹង និងស្ទើរតែឈានទៅផ្ទុះជាជម្លោះទ្រង់ទ្រាយធំក្ដី ក៏ប៉ុន្តែសង្គ្រាមលោកលើកទី៣ នឹងមិនអាចកើតមានឡើងបានឡើយ ប្រសិនបើគេមិនទាន់ស្វែងរកពិភពលោកថ្មីណាមួយដើម្បីឱ្យមនុស្សជាតិអាចរស់នៅបាននោះទេ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ដោយ៖ លឹម សុវណ្ណរិទ្ធ
ហេតុការណ៍កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាបានចាប់ផ្ដើមបាត់បង់ច្រកផ្លូវទឹកទៅកាន់សមុទ្ររបស់ខ្លួន ដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ (បច្ចុប្បន្នជាដែនដីភាគខាងត្បូងរបស់ប្រទេសវៀតណាម) ព្រមទាំងកំពង់ផែធំៗចំនួន៣ នៅក្នុងសតវត្សទី១៦ នៃគ្រិស្តសករាជ ដែលជាផ្លូវគមនាគមន៍ដ៏សំខាន់ តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូតរបស់ប្រទេសកម្ពុជាជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ ការបាត់បង់អតីតដែនដីរបស់ខ្មែរខាងលើនេះ កើតមានឡើងតាមរយៈការដែលមេដឹកនាំខ្មែរនាពេលនោះ អនុញ្ញាតឱ្យប្រទេសជិតខាងខ្ចីដីនៅតំបន់ដីដណ្ដទន្លេមេគង្គខាងលើនេះ ដើម្បីបង្កបង្កើនផលស្រូវ និងហ្វឹកហាត់កងទ័ពដើម្បីធ្វើសង្គ្រាមទប់ទល់នឹងប្រទេសមួយផ្សេងទៀត។
៤០០ឆ្នាំក្រោយមក រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានសិក្សារៀបចំគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការកសាងផ្លូវទឹកជាច្រកទៅកាន់សមុទ្រលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងរយៈកាលចុងក្រោយនេះ ដែលនឹងផ្ដល់នូវផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រទេសកម្ពុជាទាំង នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងចូលរួមចំណែកនៅក្នុងការពារនិងថែរក្សាប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនៅក្នុងតំបន់។
ទោះជាយ៉ាងណា ក្រោយការលើកឡើងអំពីគម្រោងកសាងព្រែកជីកហ្វូណនតេជោរបស់កម្ពុជានេះ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើងដោយសហរដ្ឋអាម៉េរិក និងវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជា ដែលការលើកឡើងនេះមានបង្កប់នូវចរិតភូមិសាស្ត្រនយោបាយ ដោយចោទប្រកាន់អំពីផលប៉ះពាល់បរិស្ថាន និងការមួលបង្កាច់ថា គោលបំណងពិតប្រាកដរបស់ព្រែកជីកនេះគឺបម្រើឱ្យយុទ្ធសាស្ត្រយោធារបស់ចិនទៅវិញ។
ការយកគម្រោង «ព្រែកជីកហ្វូណនតេជោ» ធ្វើជាប្រធានបទសម្រាប់របៀបវារៈនយោបាយ ដើម្បីចោទប្រកាន់មួលបង្កាច់មកលើប្រទេសកម្ពុជានេះ ត្រូវបានបញ្ញវន្ត និងអ្នកស្រាវជ្រាវកម្ពុជាបកស្រាយ និងបំភ្លឺជាបន្តបន្ទាប់ ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម ប្រវត្តិសាស្ត្រ និងបច្ចេកទេស។ ថ្វីដ្បិតតែដោយសារផលប្រយោជន៍ និងយុទ្ធសាស្ត្រនយោបាយ គេនឹងមិនទទួលយកការបកស្រាយទាំងនេះក្ដី ក៏ប៉ុន្តែការពន្យល់បកស្រាយរបស់ក្រុមបញ្ញវន្តកម្ពុជា ពិតជាបានជ្រួតជ្រាបនៅក្នុងចំណោមស្រទាប់យុវជន អ្នកសិក្សាស្រាវជ្រាវ និងសាធារណៈមតិជាតិ ដែលចំណុចនេះអាចបង្ហាញឱ្យឃើញជាក់ស្ដែងតាមរយៈ ការមិនអើពើទៅនឹងពាក្យញុះញង់និងមួលបង្កាច់របស់បរទេស ក៏ដូចជាអតីតមេដឹកនាំក្រុមប្រឆាំងដែលកំពុងនិរទេសនៅបរទេស ពីសំណាក់ប្រជាជនខ្មែរនោះឡើយ។ ប្រការនេះបង្ហាញឱ្យឃើញផងដែរថា ប្រជាជនខ្មែរពិតជាមានការពិចារណាយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយទៅលើបញ្ហាដែលជាឧត្ដមប្រយោជន៍ជាតិ មិនប្រតិកម្ម ឬជ្រួលច្របល់ទៅតាមការញុះញង់មួលបង្កាច់ និងបង្ខូចការពិត ដោយគ្មានការថ្លឹងថ្លែងទៅលើហេតុផល ដំណើរវិវត្ត និងតម្រូវជាក់ស្ដែងនៃសង្គមជាតិរបស់ខ្លួនឡើយ។
នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងអំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងនាមជារដ្ឋឯករាជ្យ អធិបតេយ្យ និងមានបូរណភាពពេញលេញស្របតាមច្បាប់អន្តរជាតិ ក្នុងការសម្រេចនូវជោគវាសនា និងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន។ សម្តេចតេជោបានថ្លែងសង្កត់ធ្ងន់ថា «កម្ពុជាមិនល្ងង់ជាងវៀតណាមទេ» ព្រមទាំងបានសន្យាដាក់ជីវិតក្នុងកសាងព្រែកជីកនេះឱ្យបានថែមទៀតផង។
តាមរយៈការប្រកាសអំពីឆន្ទៈដ៏មោះមុត ហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត ដើម្បីឧត្ដមប្រយោជន៍ជាតិ ជាមួយនឹងទស្សនវិស័យដ៏វែងឆ្ងាយនេះ មេដឹកនាំកម្ពុជាពិតជានឹងសម្រេចបាននូវសមិទ្ធផលព្រែកជីក ដែលជាច្រកផ្លូវទឹកទៅកាន់សមុទ្រជាប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបានក្នុងរយៈពេលជាង៤០០ឆ្នាំចុងក្រោយ ក៏ដូចជានឹងក្លាយទៅជាមូលដ្ឋានដ៏សំខាន់ នៅក្នុងការធានាបាននូវឯករាជ្យភាពខាងសេដ្ឋកិច្ច និងការដោយឈរលើមូលដ្ឋានទស្សនវិជ្ជាបែបខ្មែរ បង្កើតឡើងដោយកុលបុត្រខ្មែរ និងសម្រាប់ផលប្រយោជន៍ប្រជាជាតិខ្មែរសុទ្ធសាធ។
«ព្រែកជីកហ្វូណនតេជោ» នេះ ក៏នឹងក្លាយទៅជានិមិត្តរូបនៃការបង្រួបបង្រួមស្មារតីជាតិដ៏មោះមុតបំផុត តាមរយៈឆន្ទៈនយោបាយរបស់មេដឹកនាំខ្មែរ គឺសម្ដេចតេជោ និងសម្ដេចធិបតី ហើយស្មារតីជាតិនេះមិនត្រឹមតែបានជ្រួតជ្រាបនិងទទួលយកពីសំណាក់មហាជនខ្មែរប៉ុណ្ណោះទេ តែថែមទាំងត្រូវបានទទួលស្គាល់ និងគាំទ្រពីសំណាក់សមាជិកនិងអតីតសមាជិកក្រុមប្រឆាំង បើទោះបីជាអ្នកខ្លះបានចេញមុខអបអរសាទរ និងគាំទ្រ ហើយអ្នកខ្លះមិនបានបង្ហាញការគាំទ្រឱ្យឃើញជាសកម្មភាព ឬពាក្យសម្ដីក្ដី ក៏ក្នុងនាមជាជនជាតិខ្មែរ ក្រុមប្រឆាំងឬអ្នកនយោបាយជំទាស់ទាំងនោះ ពិតជាបានមើលឃើញអំពីសារៈប្រយោជន៍ដ៏ឧតុង្គឧត្ដមនៃគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ តាមរយៈការរក្សាភាពស្ងប់ស្ងៀម និងទន្ទឹងរង់ចាំមើលសមិទ្ធផលនេះសម្រេចបាននាពេលខាងមុខ។
ជាការពិតដែលឥតប្រកែកបាន «គម្រោងព្រែកជីកហ្វូណនតេជោ» គឺជាសមិទ្ធផលដែលត្រូវតែសម្រេចឱ្យខានតែបាន ទោះបីជាមានការជំទាស់ ឬចោទប្រកាន់មួលបង្កាច់ដោយគ្មានការពិតពីសំណាក់មជ្ឈដ្ឋានខាងក្រៅណាមួយក្ដី ព្រោះគម្រោងនេះគឺជាគម្រោងដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ជាឧត្ដមប្រយោជន៍ជាតិ ដែលខ្មែរគ្រប់រូបត្រូវចូលរួមចំណែកជំរុញសម្រេចឱ្យបាន ហើយមានតែខ្មែរដែលប្រឆាំងនឹងផលប្រយោជន៍ជាតិ និងបម្រើឱ្យយុទ្ធសាស្ត្របរទេសប៉ុណ្ណោះ ដែលជំទាស់ និងមិនចូលរួមនៅក្នុងគម្រោងដ៏មានសារៈសំខាន់នេះ។
ការជំរុញឱ្យគម្រោងជីកព្រែកនេះក្លាយទៅជាចលនាជាតិទាំងមូល ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន គឺជាយុទ្ធសាស្ត្រដ៏វិសេសវិសាលមួយ ដែលនឹងបង្ហាញឱ្យឃើញកាន់តែច្បាស់អំពី ស្មារតីរួបរួមគ្នានៃប្រជាជាតិដែលមានអរិយធម៌ចំណាស់នៅអាស៊ីអាគ្នេយ៍ ការបង្ហាញអំពីទស្សនៈជាតិរួមជាធ្លុងមួយ នៅក្នុងការកសាងសមិទ្ធផលសម្រាប់បន្សល់ដល់មនុស្សជំនាន់ក្រោយ ដូចដែលដូនតាខ្មែរនៅស្ទើគ្រប់សម័យកាល ពិសេសបុព្វបុរសសម័យមហានគរ បន្សល់ទុកនូវមរតកដ៏មហស្ចារ្យ ទាំងរូបី និងអរូបីដល់យើងដែលជាកូនចៅជំនាន់ក្រោយ។
ការកសាង «ព្រែកជីកហ្វូណនតេជោ» ដែលជាច្រកផ្លូវទឹកទៅកាន់សមុទ្រជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រជាង៤០០ឆ្នាំចុងក្រោយនេះ តាមរយៈគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ និងឆន្ទៈដ៏មុតមាំក្នុងសម្រេចឱ្យបានរបស់សម្ដេចធិបតី គឺជាសក្ខីភាពដែលមិនអាចប្រកែកបាន ដែលលោកទាំងពីរពិតជាស័ក្តិសមបំផុតនឹងពាក្យថា «វរជន» របស់ប្រជាជាតិខ្មែរ ដោយមិនត្រឹមតែបានបន្សល់នូវសមិទ្ធផលជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមេដឹកនាំ ដែលបង្រួបបង្រួមស្មារតីឯកភាពជាតិដ៏មោះមុតរបស់ខ្មែរនាសម័យទំនើបនេះ៕
(អត្ថបទវិភាគខាងលើជាទស្សនៈផ្ទាល់ខ្លួនរបស់លោក លឹម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការនៃរាជបណ្ឌិត្យសភាកម្ពុជា)
យប់មិញនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ពិតជាមានក្តីរំភើបនិងមោទនភាពយ៉ាងក្រៃលែង ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមហាបុរសរដ្ឋប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ។
ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោមានភាពច្បាស់លាស់និងដាច់ណាត់ដែលបង្ហាញពីការសម្រេចចិត្តដ៏ត្រឹមត្រូវនិងមានលក្ខណ:វិទ្យាសាស្ត្រខ្ពស់បំផុតពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ។ ប្រសាសន៍នេះក៏ជាការផ្ញើសារដ៏ច្បាស់លាស់មួយទៅកាន់មេដឹកនាំវៀតណាមដែលបណ្ដោយឱ្យមន្ត្រីរបស់ខ្លួនវាយប្រហារកម្ពុជាម្តងហើយម្តងទៀតជុំវិញគម្រោងព្រែកជីកនេះបើទោះបីកម្ពុជាធ្លាប់ពន្យល់ច្រើនលើកច្រើនសារហើយក៏ដោយ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា «កម្ពុជាមិនល្ងង់ជាងវៀតណាមទេ» និងបានសន្យាដាក់ជីវិតក្នុងកសាងព្រែកជីកនេះឱ្យបាន។
យើងពិតជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ឆ្លាតវៃ មានចក្ខុវិស័យវែងឆ្ងាយ មានការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានសេចក្តីក្លាហានចំពោះមុខសម្ពាធនានា។ គ្រប់កាលៈទេសៈ សម្តេចតេជោ តែងតែឈរយ៉ាងរឹងមាំដើម្បីការពារផលប្រយោជន៍ជាតិ ការពារសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ ឯករាជ្យ បូរណភាពទឹកដី កិត្យានុភាពជាតិលើឆាកអន្តរជាតិ និងវិបុលភាពសម្រាប់ប្រជាជាតិខ្មែរយើង។
ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាយើងត្រូវតែសាងសង់ព្រែកជីកនេះឱ្យខាងតែបានដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង ដោយអនុវត្តយុទ្ធសាស្ត្រ «ឆ្កែចេះតែព្រុស រទេះចេះតែបរ» ។
នៅពេលយើងមានព្រែកជីកនេះ យើងនឹងធូរច្រមុះហើយ យើងមិនចាំបាច់ខ្ចីបំពង់អុកស៊ីហ្សែនរបស់នរណាមកដកដង្ហើមទៀតទេ, យើងអាចកាត់បន្ថយភាពអាស្រ័យទៅលើអ្នកជិតខាងបានច្រើនហើយ។
ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ គ្រប់ស្រទាប់វណ្ណៈ ត្រូវតែស្រុះដៃគ្នាក្នុងចរន្តតែមួយជាមួយថ្នាក់ដឹកនាំយើង ជាមួយរាជរដ្ឋាភិបាលយើង ក្នុងការជំរុញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះឱ្យលេចចេញជារូបរាងឆាប់ៗ។ គម្រោងនេះគឺជាការសាកល្បងដ៏សំខាន់ណាស់ចំពោះភាពរឹងមាំនៃកម្លាំងឯកភាពជាតិ សាមគ្គីជាតិ និងភាពធន់នៃជាតិយើង៕
២៧ មេសា ២០២៤
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM