ព័ត៌មាន

អ្នកជំនាញសិលាចារឹកនៃរាជបណ្ឌិត្យសភាកម្ពុជាបកស្រាយអំពីប្រវត្តិនៃការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងវប្បធម៌ខ្មែរ តាមរយៈការសិក្សាទៅលើសិលាចារឹក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងពេលថ្មីៗនេះ មានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅក្នុងចំណោមមហាជនខ្មែរ អំពីការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ពិសេសនៅបន្ទាប់ពីការដែលប្រទេសថៃបានបញ្ចូលពិធីបុណ្យប្រពៃណី ដែលថៃហៅថា សង្ក្រាន្ត ជាមរតកបេតិកភណ្ឌពិភពលោក។

ឯកឧត្ដមបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសិលាចារឹក បានមានប្រសាសន៍លើកឡើងថា ខ្មែរបានប្រើប្រាស់ពាក្យ «ច្នំ» តាំងពី សតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ នេះបើយោងទៅតាមលោក ហ្សក ហ្សឺដេស បុរាណវិទូជនជាតិបារាំង ដែលបានគូសបញ្ជាក់ថា តាមរយៈសិលាចារឹកK.90 បានបង្ហាញថា មានពាក្យ "ច្នំ" ដែលសំដៅទៅដល់ការរៀបចំពិធីបុណ្យចូលឆ្នាំនៅមុនសម័យអង្គរ។

ឯកឧត្ដមបណ្ឌិត មាឃ បូរ៉ា បានគូសបញ្ជាក់បន្ថែមថា បើទោះជាមិនឃើញមានភស្តុតាងសិលាចារឹកដែលបង្ហាញថា ពាក្យ «សង្ក្រាន្ត» ត្រូវបានប្រើប្រាស់នៅពេលនោះក្ដី ក៏នេះមិនមានន័យថា នៅក្នុងសតវត្សរទី៧នោះ មិនមានពាក្យ «សង្ក្រាន្ត» នោះឡើយ ព្រោះអាចដោយសារតែសិលាចារឹកមិនបានបង្ហាញឱ្យអស់នូវពាក្យដែលត្រូវបានប្រើប្រាស់នាពេលនោះ ឬក៏អាចនិយាយបានម្យ៉ាងទៀតថា អ្នកសិក្សាស្រាវជ្រាវស្វែងរកសិលាចារឹកនោះមិនទាន់ឃើញ។

ទោះជាយ៉ាងណា នៅដើមសតវត្សរ៍ទី១០ ពាក្យ «សង្ក្រាន្ត» ត្រូវបានប្រើប្រាស់ដំបូងនៅក្នុងរាជ្យ ព្រះបាទ​ហស៌វរ្ម័នទី១ (៩១០-៩២២)។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ ក៏ទ្រង់បានប្រើប្រាស់ពាក្យ «ចាំចំនាំសង្ក្រាន្ត» ផងដែរ។

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-04-09 09:42:57   ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 04:42 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញនាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹបផ្ដល់ជូនកុមារនៅមណ្ឌលកុមារកំព្រា បុរីទារក និងកុមារជាតិ ដោយផ្ទាល់

(រាជធានីភ្នំពេញ) ថ្ងៃព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ចំនួន២០០លីត្រ ផ្ដល់ជូនដល់កុមារទាំង ១៧៧នាក់ នៅមណ្ឌលកុមារកំព្រា បុរីទារក និងកុមារជាតិនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានអាសយដ្ឋានស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កុមារនិងទារក ដែលស្ថិតនៅក្នុងមណ្ឌលកុមារកំព្រា បុរីទារក និងកុមារជាតិ សុទ្ធសឹងតែជាកុមារកំព្រា និងកុមារដែលមានពិការភាព ដោយមានកុមារខ្លះ ជាក្មេងកំព្រាពីកំណើត ដោយសារតែបាត់បង់ឪពុកម្ដាយ ឬក៏ត្រូវបានឪពុកម្ដាយបោះបង់ចោលតាំងពីតូចមកម្ល៉េះ។

ក្នុងឱកាសចែកទឹកដោះគោជូនដល់កុមារកំព្រានាពេលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបង្ហាញក្ដីរន្ធត់ជាខ្លាំង ចំពោះស្ថានភាពរបស់កុមារកំព្រា និងពិការដ៏កម្សត់ទាំងនេះ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានបង្ហាញពីសេចក្ដីសោមនស្សរីករាយផងដែរ ក្រោយពេលដែលឯកឧត្ដមបានឃើញស្នាមញញឹមចេញពីដួងចិត្តរបស់កុមារកំព្រា និងពិការទាំងនេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការបរិច្ចាគទឹកដោះគោជាអាហារូបត្ថម្ភដល់កុមារកំព្រា និងពិការនាពេលនេះ មានទិដ្ឋភាពចំនួន៤គឺ៖

- វ័យក្មេង គឺជាវ័យត្រូវទទួលអាហារូបត្ថម្ភដើម្បីការលូតលាស់,
- កុមារ គឺជាវ័យដែលត្រូវយកចិត្តទុកដាក់ថែទាំ និងគាំពារ ដើម្បីធនធានមនុស្សទៅថ្ងៃអនាគត,
- ការបរិច្ចាគ នឹងក្លាយជាគំរូដល់ក្មេង ហើយពួកគេនឹងអាចក្លាយជាអ្នកបរិច្ចាគនៅថ្ងៃអនាគត, និង
- ជាទស្សនវិជ្ជាឱ្យក្មេងៗចងចាំថាត្រូវធ្វើអ្វីៗដើម្បីអ្នកជំនាន់ក្រោយ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-04-09 06:26:55   ថ្ងៃអង្គារ, 09 មេសា 2024 ម៉ោង 01:26 PM
រាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់ទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ជូនកុមារកំព្រាសរុបចំនួន ៧៥នាក់ ដើម្បីរួមចំណែកជំរុញការលូតលាស់របស់កុមារកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ឱ្យមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា រៀបចំផ្ដល់ទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ចំនួន ១៤៨លីត្រ ទៅដល់កុមារកំព្រាសរុបចំនួន ៧៥នាក់ ដើម្បីជាការចូលរួមចំណែកជំរុញការលូតលាស់របស់កុមារកម្ពុជា ពិសេសកុមារកំព្រា។

កុមារដែលទទួលបានទឹកដោះគោស្រស់ជាអាហារូបត្ថម្ភខាងលើនេះ គឺជាក្មេងកំព្រាដោយសារបាត់បង់ឪពុកម្ដាយ ត្រូវបានឪពុកម្ដាយបោះបង់ចោល ជាកុមារដែលធ្លាប់ដើរសុំទាននៅតាមផ្លូវថ្នល់ និងខ្លះទៀតកំព្រាដោយសារតែឪពុកម្ដាយជាប់ពន្ធនាគារជាដើម។ បច្ចុប្បន្នកុមារទាំង ៧៥នាក់ កំពុងរស់នៅក្នុងមជ្ឈមណ្ឌលកូលាបទី៤ ដែលមានទីតាំងនៅ ផ្លូវ២៧១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយការផ្ដល់ទឹកដោះគោស្រស់ ទៅដល់កុមារកំព្រានាពេលនេះ ត្រូវបានប្រគល់ជូនតាមរយៈលោក ស រជ្ជណា អនុប្រធានមជ្ឈមណ្ឌលកូលាបទី៤។

ការផ្ដល់ជូនទឹកដោះគោស្រស់ជាអាហារូបត្ថម្ភដល់កុមារកំព្រាទាំង ៧៥នាក់ នាឱកាសនេះ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងសង្កត់ធ្ងន់ថា កុមារទាំងនេះ គឺជាកុមារដែលគួរតែត្រូវបានយកចិត្តទុកដាក់ ព្រោះពួកគេពុំមានកំហុសនោះទេ តែគឺជាក្មេងរងគ្រោះដោយសារហេតុផលផ្សេងៗគ្នា ហើយការយកចិត្តទុកដាក់លើការលូតលាស់កុមារ គឺជាកាតព្វកិច្ចដែលមនុស្សគ្រប់រូបនៅក្នុងសង្គមត្រូវតែបំពេញ ដើម្បីជំរុញធនធានមនុស្សនៅក្នុងការអភិវឌ្ឍនាពេលអនាគត៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-04-08 11:55:24   ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 06:55 PM
បណ្ឌិត យង់ ពៅ ស្នើឱ្យមានការជំរុញបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាព

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឱ្យមានការជំរុញបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាព តាមរយៈការបង្កើនការដាំដើមឈើឱ្យកាន់តែច្រើននៅតាមទីសាធារណៈនានា។

ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ថា "គ្រឹះស្ថានសារធារណៈធំៗរបស់រាជការ សាលារៀន ទីអារាម ព្រះវិហារ សួនសាធារណៈនានា គួរដាំប្រភេទឈើដែលអាចលូតលាស់បានធំឱ្យបានច្រើនដើម្បី៖

១- ជាម្លប់ ទប់កម្ដៅ

២- ជាសួនលម្អ ផ្តល់ភាពស្រស់ស្រាយគ្រប់ពេល

៣- ជាជម្រក ដល់សត្វនានា

៤- ជាម៉ាស៊ីនអុកស៊ីសែន Oxygens កាត់បន្ថយផ្សែងពុល

៥- ម្យ៉ាងធនធានព្រៃឈើយើង កាប់ស្ទើអស់ពីព្រៃ...។"

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមផងដែរថា នៅរដូវចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំ២០២៤នេះ ស្ថានភាពអាកាសធាតុបានកើនកម្ដៅជាខ្លាំង ដែលមានពេលខ្លះ ហក់កើនរហូតដល់ទៅ៤០អង្សាសេផងដែរ ដែលជានិន្នាការនៃការប្រែប្រួលអាកាសធាតុសាកល ហើយមិនមានការរំពឹងទុកថា នៅឆ្នាំបន្តបន្ទាប់ ការកើនឡើងកម្ដៅផែនដីអាចនឹងធ្លាក់ចុះទាបជាងពេលបច្ចុប្បន្ននោះដែរ ខណៈពេលដែលពិភពលោក ប្រជែងគ្នាប្រើប្រាស់ធនធានធម្មជាតិមិនបង្អង់ដៃ។

ឯកឧត្ដមបណ្ឌិតបានបន្តគូសបញ្ជាក់អំពីការសង្កេតរបស់ឯកឧត្ដមផ្ទាល់ថា ស្ថាប័នមួយចំនួនមាននិន្នាការកសាងផ្លូវនិងទីធ្លាក្នុងស្ថាប័នជាបេតុងស៊ីម៉ងត៍ នៅពាសពេញស្ថាប័ន ដោយសារចង់បានចំណតយានយន្តធំទូលាយ ប៉ុន្តែការធ្វើដូចនេះ ហាក់បានភ្លេចគិតគូរអំពីទិដ្ឋភាពមួយបែបទៀត ដែលឯកឧត្ដមបណ្ឌិតបានហៅថា "ចំណតសុខភាពរួម"។ ឯកឧត្ដមបណ្ឌិតបានស្នើឱ្យឱ្យអ្នកដឹកនាំនៅតាមស្ថាប័ន អង្គភាព និងទីកន្លែងសាធារណៈទាំងអស់ ជំរុញការគិតគូរពិចារណាឡើងវិញអំពីការបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាពសម្រាប់ទាំងអស់គ្នា៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-04-08 08:40:34   ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 03:40 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួួយប្រតិភូសាកលវិទ្យាល័យរុស្ស៊ី ដែលដឹកនាំដោយលោកស្រី Ksenia Trinchenko ប្រធាននាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលម៉ោង ២:០០នាទីរសៀល ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជួបប្រជុំជាមួយនឹងនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី។ ជំនួបពិភាក្សានាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដែលអាចឈានទៅរកការធ្វើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យស្រាវជ្រាវ វិទ្យាសាស្ត្រ អប់រំ និងបណ្ដុះបណ្ដាលរវាងស្ថាប័នទាំងពីរ។

ថ្លែងក្នុងឱកាសជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងការស្វាគមន៍ និងសេចក្ដីសោមន្សក្នុងជំនួបជាមួយនឹងប្រតិភូនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី ព្រមទាំងបានណែនាំអំពីសមាសភាពភាគីរាជបណ្ឌិត្យសភាកម្ពុជា តួនាទី បេសកកម្ម និងសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងនូវគំនិតផ្ដួចផ្ដើមជំរុញឱ្យភាគីរុស្ស៊ីពិចារណាបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសារុស្ស៊ីនៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

លោកស្រី Ksenia Trinchenko បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាសម្រាប់ការរៀបចំជំនួបនាឱកាសនេះ។ លោកស្រីបានកោតសរសើរឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលនៅតែប្រើប្រាស់និងចងចាំភាសារុស្ស៊ីបានយ៉ាងស្ទាត់ច្បាស់ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជាច្រើនឆ្នាំកន្លងមកហើយ។ លោកស្រីក៏បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពថ្មីៗ និងស្នាដៃវិទ្យាសាស្ត្រនានា ដែលរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច សម្រេចបាននាពេលកន្លងមកនេះផងដែរ។ លោកស្រីបន្ថែមទៀតថា រុស្ស៊ីនៅតែបន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយរុស្ស៊ីនៅតែមានបំណងចូលរួមចំណែកក្នុងការជំរុញអភិវឌ្ឍធនធានមនុស្សជាមួយកម្ពុជា។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់រុស្ស៊ីនៅក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ដែលកន្លងមកបានបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាច្រើនរូប ដែលក្រោយបញ្ចប់ការសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត ធនធានទាំងនោះ បានវិលត្រឡប់មកបម្រើការងារជូនជាតិមាតុភូមិគ្រប់កម្រិតនិងស្ទើរតែគ្រប់វិស័យ។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានថ្លែងសង្កត់ធ្ងន់អំពីសក្ដានុពលវិស័យវប្បធម៌ ទេសចរណ៍ បរិស្ថាន និងធនធានធម្មជាតិដែលមាននៅក្នុងតំបន់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ជម្រាបជូនប្រតិភូនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ីផងដែរ ដើម្បីភាគីទាំងពីរពិនិត្យមើលលទ្ធភាពនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគតផងដែរ។

ជាចុងបញ្ចប់ លោកស្រី Ksenia Trinchenko បានជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យថា ភាគីរុស្ស៊ីស្នើសូមអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឱកាសសមស្របណាមួយ ហើយឈានទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅលើអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរផ្ទាល់តែម្ដង។ បន្ថែមពីនេះ ក្នុងនាមនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី លោកស្រីក៏បានបង្ហាញបំណងអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ ទៅចូលរួមជាវាគ្មិននៅក្នុងវេទិកាវិទ្យាសាស្ត្រនានានៅក្នុងប្រទេសរុស្ស៊ី ដើម្បីចែករំលែកចំណេះដឹង និងទស្សនៈយល់ឃើញសំខាន់ៗទៅលើប្រធានបទនានា ដូចដែលស្ថាប័នស្រាវជ្រាវរុស្ស៊ីធ្លាប់អញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យនាពេលកន្លងមកផងដែរ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-04-05 10:04:23   ថ្ងៃសុក្រ, 05 មេសា 2024 ម៉ោង 05:04 PM
ការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា និស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងគ្រូបង្រៀនភាសាចិនជាជនជាតិចិនជាច្រើនរូបទៀត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។

ការចូលរួមក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរពីសំណាក់គ្រូបង្រៀនភាសាចិនជាជនជាតិចិននាឱកាសនេះ បានបង្ហាញអំពីការកសាងទំនាក់ទំនងល្អ និងការបង្កើនភាពជិតស្និទ្ធបន្ថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ស្របពេលថ្នាក់ដឹកនាំប្រទេសជាមិត្តទាំងពីរ បានសម្រេចកំណត់យកឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដោយជំរុញការយល់ដឹង និងស្វែងយល់ពីគ្នាបន្ថែមទាំងនៅក្នុងទិដ្ឋភាពសង្គម វប្បធម៌ ប្រពៃណីជាដើម។

បន្ថែមពីនេះ នៅពេលរសៀល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងគ្រូបង្រៀនជនជាតិចិនទាំងអស់ ក៏នឹងចូលរួមទស្សនាការសម្ដែងសិល្បៈនៅសាលមហោស្រពខេមរវិទូ ដែលមានដូចជា ការបង្ហាញអមពីការពត់ដៃ ជើង និងដងខ្លួន ក្នុងរបាំខ្មែរ ការសម្ដែងរបាំបុប្ផាលោកីយ៍ ល្ខោននិយាយ រឿងនេះមិនមែនជាសុបិន្ត ការសម្ដែងក្បាច់គុនចិន ការសម្ដែងរបាំបុកលក្ខណ៍ របាំ+ឧបករណ៍ភ្លេង ការច្រៀងចម្រៀងរួម និងសៀកពត់ខ្លួនផងដែរ។

សូមជម្រាបជូនផងដែរថា រាជបណ្ឌិត្យសភាកម្ពុជាតែងតែមានការរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យប្រពៃណីខ្មែរនិងចិននានា ដើម្បីជំរុញភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ក៏ដូចជាគ្រូបង្រៀនជនជាតិចិនទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងអង្គភាពឧបសម្ព័ន្ធ និងវិទ្យាស្ថានដែលចំណុះឱ្យរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់។ ជាក់ស្ដែង នាពេលកន្លងទៅ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំចិន នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ ដើម្បីបង្កើនភាពជិតស្និទ្ធ និងផ្ដល់ភាពកក់ក្ដៅដល់គ្រូបង្រៀនជនជាតិចិន ដែលបានបំពេញបេសកកម្មបង្រៀនភាសាចិននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ថ្នាក់ដឹកនាំវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានដឹកនាំគ្រូបង្រៀនជនជាតិចិនស្វែងយល់ពីពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមង្គលមានលក្ខណ៍ និងវត្តពុទ្ធគីរី ដែលស្ថិតនៅក្នុងខេត្តតាកែវផងដែរ។ បន្ថែមពីនោះ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានរៀបចំកម្មវិធីចែករំលែកពីប្រវត្តិ និងទំនៀមទម្លាប់ពិធីបុណ្យភ្ជុំបិណ្ឌជូនគ្រូបង្រៀនជនជាតិចិន ក្នុងគោលបំណងពង្រីកការយល់ដឹងបន្ថែមអំពីទំនៀមទម្លាប់និងប្រពៃណីរបស់ខ្មែរផងដែរ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-04-04 15:09:02   ថ្ងៃព្រហស្បតិ៍, 04 មេសា 2024 ម៉ោង 10:09 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូបទៀត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។

កម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ នាឱកាសនេះត្រូវបានរៀបចំឡើងដោយពេលព្រឹក មានការនិមន្តព្រះសង្ឃសូធ្យមន្តចម្រើនព្រះបរិត្ត លើករាសីតាមប្រពៃណីពុទ្ធសាសនា ដើម្បីទទួលបានសិរីសួស្ដីក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងលើមុខនេះ។

បន្ថែមពីនេះ នៅពេលរសៀល ក៏មានការសម្ដែងសិល្បៈនៅសាលមហោស្រពខេមរវិទូ ដែលមានដូចជា ការបង្ហាញអមពីការពត់ដៃ ជើង និងដងខ្លួន ក្នុងរបាំខ្មែរ ការសម្ដែងរបាំបុប្ផាលោកីយ៍ ល្ខោននិយាយ រឿងនេះមិនមែនជាសុបិន្ត ការសម្ដែងក្បាច់គុនចិន ការសម្ដែងរបាំបុកលក្ខណ៍ របាំ+ឧបករណ៍ភ្លេង ការច្រៀងចម្រៀងរួម និងសៀកពត់ខ្លួនផងដែរ។

លើសពីនេះទៅទៀត ដើម្បីបង្កើនភាពសប្បាយរីករាយ និងចូលរួមចំណែកថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរ ចាប់ពីម៉ោង៣:៥០នាទីរសៀលតទៅ ក៏មានការរៀបចំលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរមួយចំនួនដូចជា ល្បែងចោលឈូង បោះអង្គុញ លាក់កន្សែង វាយក្អម ទូលក្អម និងរុញអង្រែផងដែរ។ ការរៀបចំលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរនេះ គឺជាសារមួយដើម្បីបង្ហាញអំពីភាពចម្រុះនៃមរតកវប្បធម៌ខ្មែរទៅកាន់មហាជន ពិសេសយុវជនជំនាន់ក្រោយ ក៏ដូចជាបង្កើនការចងចាំអនុស្សារីយ៍ប្រកបដោយភាពសោមនស្សរីករាយក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផ្សារភ្ជាប់នឹងការថែរក្សាអត្តសញ្ញាណនៃការប្រារព្ធពិធីបុណ្យប្រពៃណីជាតិផងដែរ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ


2024-04-04 04:25:53   ថ្ងៃព្រហស្បតិ៍, 04 មេសា 2024 ម៉ោង 11:25 AM
ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយ៖ បណ្ឌិត យ៉ាន់ វិភារតន៍ ប្រធាន នាយកដ្ឋាន ផ្នែកសិល្បៈទស្សនីយភាពនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្ប:

ការកំណត់ថ្ងៃខែចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងតាំងពីយូលង់ណាស់មកហើយនោះគឺកំណត់យកតាមចន្ទគតិគឺកំណត់យកខែមិគសិរជាដើមឆ្នាំ។តាមចន្ទគតិគេកំណត់បែកចែកជា៣រដូវកាលធំៗនោះគឺៈ

១.ហេមន្តរដូវ ចាប់គិតពីថ្ងៃ១រោចខែកត្តិកដល់ថ្ងៃពេញបូរណ៌មីខែផល្គុន។ ហេមន្តរដូវនេះ ជារដូវត្រជាក់ ត្រូវចាត់ទុកជាដើមឆ្នាំលោកប្រៀបថាជាពេលវេលាពេលព្រឹក។

២. គិម្ហរដូវ ចាប់គិតពីថ្ងៃ១រោចខែផល្គុនដល់ថ្ងៃពេញបូរណ៌មីខែអាសាធ។ គិម្ហរដូវជារដូវក្តៅខ្លាំងចាត់ទុកជាកណ្តាលឆ្នាំលោកប្រៀបថាជាពេលវេលាពេលថ្ងៃត្រង់។

៣. វស្សានរដូវចាប់គិតពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃពេញបូរណ៌មីខែកត្តិក។ វស្សានរដូវជារដូវមេឃមីស្រទុំងងឹតនិងមានភ្លៀងផ្គរលោកចាត់ទុកថាជាចុងឆ្នាំប្រៀបថាជាពេលវេលាពេលល្ងាច។

បុរាណាចារ្យកំណត់យកខែមិគសិរជាខែទីមួយនៅក្នុងចន្ទគតិ ខែបុស្សជាខែទី២ រៀងទៅដល់ខែកត្តិកជាខែទី១២។

ចន្ទគតិ ដំណើរនៃព្រះចន្ទនោះកំណត់តាមក្បួនហោរមួយជុំពិភពម្តងគឺ ក្នុងរវាង២៩ថ្ងៃជាងកន្លះរាប់ជាមួយខែ និង១២ខែរាប់ជាមួយឆ្នាំ តែបើមានលើកអធិមាស គឺ១៣ខែជាមួយឆ្នាំ។ រដូវតាមចន្ទគតិនោះមិនទៀងត្រង់តាមធម្មតារហូតទៅ។ បុរាណាចារ្យគិតថា ប្រសិនបើយើងកំណត់យកប្រើតែចន្ទគតិ១យ៉ាង ច្រើនពាន់ឆ្នាំទៅខាងមុខទៀតនឹងត្រលប់ប្រែប្រួលរដូវ ដូចជារដូវរងាក្លាយជារដូវក្តៅ ហើយរដូវក្តៅក៏ក្លាយជារដូវមានភ្លៀងធ្លាក់ទៅវិញ។ 

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/15/researchs?page=2


RAC Media

រូបថត កម្ពុជាថ្មី (១ ខែមេសា ឆ្នាំ២០២២)

2024-04-03 14:40:13   ថ្ងៃពុធ, 03 មេសា 2024 ម៉ោង 09:40 PM
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំព្រឹទ្ធសភា គូសបញ្ជាក់អំពីការឯកភាពខាងនយោបាយ និងការទទួលស្គាល់អំពីសារៈសំខាន់ នៃតួនាទីរបស់ព្រឹទ្ធសភានីតិកាលទី៥ នៅក្នុងទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា

នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រាព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា៦២អង្គ/រូប ដែលក្នុងនោះ សមាជិកចំនួន ២អង្គ ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ សមាជិកចំនួន ២រូប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា និងសមាជិកចំនួន ៥៨រូប ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។

ជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំព្រឹទ្ធសភានាព្រឹកនេះ សមាជិកទាំង ៦២អង្គ/រូប បានបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ឯកឧត្ដម ប្រាក់ សុខុន ជាអនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ ជាអនុប្រធានទី២។ លទ្ធផលនេះបានសបញ្ជាក់ឱ្យឃើញថា ឥស្សរជនជាន់ខ្ពស់នយោបាយកម្ពុជាទាំង៦២ អង្គ/រូប មានការយល់ឃើញស្របគ្នា និងបានគាំទ្រយ៉ាងពេញទំហឹងចំពោះ បេក្ខភាពសម្ដេចតេជោជាប្រធានស្ថាប័នកំពូលរបស់ជាតិមួយនេះ និងបេក្ខភាពអនុប្រធានទាំងពីររូបមកពីគណបក្សប្រជាជនកម្ពុជា ដែលសុទ្ធសឹងជាឥស្សរជនពោរពេញទៅដោយបទពិសោធនិងមូលធនទស្សនៈ ​នៅក្នុងនយោបាយការបរទេសកម្ពុជា។

លទ្ធផលនៃការបោះឆ្នោតនាពេលនេះ មិនត្រឹមតែបានបង្ហាញអំពី ការវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្ដេចតេជោជាប្រធានគណបក្សប្រជាជន នៅក្នុងការដឹកនាំនិងពង្រឹងតួនាទីរបស់ព្រឹទ្ធសភាប៉ុណ្ណោះទេ ថែមទាំងជាសារបង្ហាញពីការយល់ឃើញដូចគ្នារបស់សមាជិកព្រឹទ្ធសភាទាំងអស់ថា ដល់ពេលវេលាដែលកម្ពុជាត្រូវពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនងនយោបាយការបរទេសរបស់ខ្លួន តាមរយៈបទពិសោធន៍និងទេពកោសល្លដ៏ប៉ិនប្រសប់របស់បុរសខ្លាំងកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានស្ថាប័ននេះផងដែរ។

លើសពីនេះ ការបោះឆ្នោតគាំទ្របេក្ខភាពសម្ដេចតេជោជាប្រធានព្រឹទ្ធសភា ពីសំណាក់សមាជិកព្រឹទ្ធសភាទាំង៦២ អង្គ/រូប ក៏មានសម្លេងរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សជំទាស់ចំនួន ៣រូបផងដែរ ដែលប្រការនេះបានបង្ហាញការទទួលស្គាល់នូវឥទ្ធិពល និងតួនាទីនយោបាយដ៏ចាំបាច់មិនអាចខ្វះបានរបស់សម្ដេច តេជោ ហ៊ុន សែន នៅក្នុងដំណើរនយោបាយរបស់កម្ពុជា បើទោះបីជាកន្លងមក អ្នកនយោបាយជំទាស់ តែងតែបង្ហាញនិន្នាការមិនយល់ស្របនឹងការដឹកនាំរបស់គណបក្សកាន់អំណាច ឬចំពោះយុទ្ធសាស្ត្រដឹកនាំរបស់សម្ដេចតេជោក៏ដោយក្ដី ព្រោះទោះបីជាយ៉ាងណាក៏ដោយ ទាំងអ្នកនយោបាយជំទាស់ និងអ្នកគាំទ្ររបស់ពួកគេ នៅតែទទួលបាននូវផលដោយផ្ទាល់ឬប្រយោល ចេញពីការអភិវឌ្ឍសង្គម ដែលជាផ្លែផ្កាកើតឡើងពីការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រដឹកនាំរបស់សម្ដេចតេជោប្រធានគណបក្សកាន់អំណាចផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

---

* រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ គឺជាទស្សនៈយល់ឃើញផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។

2024-04-03 08:49:58   ថ្ងៃពុធ, 03 មេសា 2024 ម៉ោង 03:49 PM
"ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមចំណែកជួយជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប"

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានឧបត្ថម្ភថវិកាចំនួន ២០ ០០០ ០០០ រៀល ចូលរួមចំណែកនៅក្នុង «គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដែលប្រឡាយនេះមានជម្រៅ២ម៉ែត្រ ទទឹងប្រវែង៣ម៉ែត្រ និងបណ្តោយប្រវែង៥២គីឡូ​ម៉ែត្រ ដែលត្រូវចំណាយថវិកាសរុបប្រមាណជា ៥២ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក​។

សូមគោរពជូនពរឯកឧត្ដមបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ជាពិសេសសូមទេព្តាឆ្នាំថ្មីប្រោសព្រំឯកឧត្តមបណ្ឌិតសភាចារ្យនិងក្រុមគ្រួសារ សូមទទួលបានសិរីមង្គលគ្រប់ប្រការ។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិតសភាចារ្យ បច្ចុប្បន្ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ សូមបញ្ជាក់ដែរថា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានទទួលគោរមងារវិទ្យាសាស្ត្រជា "បណ្ឌិតសភាចារ្យ" និងបានក្លាយជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ។


2024-04-02 11:29:11   ថ្ងៃអង្គារ, 02 មេសា 2024 ម៉ោង 06:29 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក