Royal Academy of Cambodia
(ព្រះវិហារ)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងកន្លែងផលិតផលដ៏ធំមួយនៅប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសចូលរួមពិធីដាំកូនឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រោមប្រធានបទ «ដាំដើមឈើម្នាក់មួយដើម បន្តដង្ហើមផែនដី» នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។
នៅចំពោះមុខថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំខេត្តព្រះវិហារ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានទៅធ្វើទស្សនកិច្ចសិក្សា និងបានចូលរួមដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបជាង២៥០នាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជាមិនត្រឹមតែជាទីកន្លែងបណ្តុះបណ្តាលលើទ្រឹស្តីប៉ុណ្ណោះទេ ស្ថាប័ននេះ គឺជាទីកន្លែងសិក្សាស្រាវជ្រាវ និងបង្ហាញសមិទ្ធផលស្នាដៃការងារជាក់ស្តែងដោយចងភ្ជាប់ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា៖«រាជបណ្ឌិត្យសភាកម្ពុជាទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»។
ជាទីតាំងអភិរក្ស អភិវឌ្ឍ និងអនុវត្តទ្រឹស្តីផ្ទាល់ជាក់ស្តែង ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបបាននិងកំពុងអនុវត្តគម្រោងមួយចំនួនក្នុងនោះ រួមមាន៖ គម្រោងចិញ្ចឹមគោទឹកដោះ, គម្រោងបណ្ដុះ និងដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប, គម្រោងចិញ្ចឹមពពែ និងគម្រោងស្រាវជ្រាវ គាំពារ និងអភិរក្សធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីស្តារគម្របព្រៃឈើរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់បន្ថែមថា នៅថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សី ទៅជាទីកន្លែងចំនួន៤ រួមមាន៖ ១. ជាទីកន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ២. ជាទីកន្លែងអភិរក្សព្រៃឈើបរិស្ថានធម្មជាតិ ៣. ជាកន្លែងជំរកសត្វគ្រប់ប្រភេទ ៤. ជាកន្លែងផលិតផលិតផលមួយនៅកម្ពុជា និង៥. ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន ពិសេសគឺប្រជាជនដែលរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឱ្យសុំអាជ្ញាធរពាក់ព័ន្ធ និងប្រជាជនមូលដ្ឋានចូលរួមទប់ស្កាត់ការកាប់បំផ្លាញគម្រប់ព្រៃឈើធម្មជាតិក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ បណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា ប្រសិនបើយើងកាប់បំផ្លាញព្រៃឈើពេលនេះ យើងទទួលបានផលប្រយោជន៍ក្នុងរយៈពេលខ្លី ប៉ុន្តែប្រសិនបើយើងចូលរួមរក្សាការងារគម្រប់ព្រៃឈើធម្មជាតិទាំងអស់គ្នា យើងនឹងទទួលផលប្រយោជន៍យូរអង្វែងរហូតដល់កូនចៅបន្តវេនថែមទៀត។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕
RAC Media
(ព្រះវិហារ)៖ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជាបានទៅធ្វើទស្សនកិច្ចសិក្សា និងបានចូលរួមដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីផ្សារភ្ជាប់នឹងបរិស្ថានផង និងសិក្សាពីខ្សែច្រវាក់ផលិតកម្មនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលស្ថិតនៅក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារផង។
នៅក្នុងពិធីដាំកូនឈើចំនួនជាង ១០០០ដើមក្រោមប្រធានបទ «ដាំដើមឈើម្នាក់មួយដើម បន្តដង្ហើមផែនដី» នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ បានប្រព្រឹត្តទៅដោយមានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និស្សិតថា្នក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋសរុបចំនួន ២៥០នាក់ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ពិធីដាំកូនឈើនេះមានគោលបំណងរួមចំណែកក្នុងការកសាងគម្របព្រៃឈើ ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ឱ្យមានចូលរួមដាំដើមឈើពីសាធារណជន។
តាមគម្រោង ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានគម្រោងដាំកូនឈើចំនួន ១លានដើមក្នុងរយៈពេល ៦ឆ្នាំ។ រាជបណ្ឌិតសភាកម្ពុជាបានសាងសង់ថ្នាលបណ្តុះបណ្តាលកូនឈើមួយកន្លែង ដែលស្របតាមបទដ្ឋានបច្ចេកទេស ហើយថ្នាលនេះ មានទំហំ៣០ម៉ែត្រគុណ៥០ម៉ែត្រ ដែលអាចបណ្តុះកូនឈើបានពី ៦ម៉ឺន ៥ពាន់ ទៅ ៧ម៉ឺនដើម។ ក្នុងរយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបបានដាំកូនឈើចំនួន ១៥០,៧២០ដើម លើផ្ទៃដី ៩២ហិកតា។
ក្រៅពីការដាំកូនឈើក្នុងឧទ្យាននៅក្នុងឱកាសនេះ ក្រុមនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតបានទស្សនកិច្ចសិក្សាស្វែងយល់ពីគម្រោងអភិរក្សឡស្លរដែកបុរាណ ការចិញ្ចឹមគោទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបផងដែរ។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕
RAC Media| រឿន ភារុន
អតីតរាជធានីនេះ ដែលបង្កើតឡើងប្រហែលនៅដើមស.វ.ទី៦ នៃគ.ស។ សព្វថ្ងៃ អង្គរបុរី ជាស្រុកមួយរបស់ខេត្តតាកែវ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។
នេះជាវីដេអូរខ្លីបង្ហាញពីសកម្មភាពខ្លះៗរបស់ក្រុមស្រាវជ្រាវបុរាណវិទ្យានិងប្រវត្តិសាស្រ្ត ដឹកនាំដោយឯកឧត្ដមបណ្ឌិត ជូ ច័ន្ទដារី និងក្រុមការងារ មានលោក សាន សុរាវនិត លោក ហៀង លាងហុង លោកបណ្ឌិត ហេង ហុកវេន និង លោក សុង ចំណាន។ ក្រុមការងារ បានចុះទៅសិក្សាស្រាវជ្រាវដល់ទីតាំងប្រវត្តិសាស្រ្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់និងប្រមូលព័ត៌មាន ព្រមទាំងទិន្នន័យថ្មីៗបន្ថែមទៀត សម្រាប់ចងក្រងឯកសារប្រវត្តិអតីតរាជធានីនិងទីក្រុងបុរាណនៃអាចក្រខ្មែរ។ ការសិក្សាស្រាវជ្រាវនឹងធ្វើនៅអតីតរាជធានីខ្មែរបុរាណនៅតំបន់ដទៃទៀតនៅទូទាំងប្រទេស។
សូមរីករាយកំសាន្តនាព្រឹកថ្ងៃសៅរ៍ ជាមួយសកម្មភាពចុះស្រាវជ្រាវ អមដោយបទចម្រៀងពីទីតាំង ពីរោះៗ ដោយមេត្រី។
RAC Media
ប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ
ភូមិបឹងក្រចាប់ត្បូងស្ថិតនៅក្នុងឃុំព្រែកតាម៉ាក់ នៅត្រើយខាងលិចនៃទន្លេមេគង្គ ដែលមានផ្ទៃដីមួយភាគធំត្រូវលិចនៅរដូវវស្សា។ ដូច្នេះហើយ ការដាំដុះបន្លែគឺអាចផលិតបានច្រើនតែនៅរដូវប្រាំង។ កាលពីមុន កសិករដាំបន្លែត្រូវ ដឹកបន្លែយកទៅលក់ដោយខ្លួនឯង ឬ លក់នៅត្រឹមផ្សារក្នុងឃុំតែប៉ុណ្ណោះ។ របៀបនេះ បានប្រែប្រួលដោយសារទីផ្សារបន្លែរីកកាន់តែធំ តម្រូវការបន្លែរបស់មនុស្សកាន់តែច្រើន ធ្វើឱ្យអ្នកស្រុកក្នុងភូមិខ្លះបែកគំនិតធ្វើជាឈ្មួញកណ្ដាលដើរទិញបន្លែ រួចដឹកយកទៅលក់នៅទីផ្សារធំក្នុងស្រុក ឬរហូតដល់ភ្នំពេញ គឺផ្សារនាគមាស និង ផ្សារដើមគ។
ការវេចខ្ចប់បន្លែមុននឹងដឹកយកទៅលក់នៅផ្សារព្រែកអញ្ចាញ ឬ ដឹកទៅផ្សារនៅភ្នំពេញ គាត់ប្រើធុងស្នោដែលអាចដាក់បន្លែបានចាប់ពី ៣០ ទៅ៥០ គីឡូក្រាម តាមប្រភេទបន្លែ ដើម្បីច្រកបន្លែ។ ចំពោះប្រភេទបន្លែសន្លឹក គេច្រើនច្រកក្នុងស្បោង ដោយ១ស្បោងផ្ទុកក្នុងទំងន់តែ ១០គីឡូក្រាមទេ។ ប៉ុន្តែ នៅភូមិបឹងក្រចាប់ខាងត្បូងមិនដាំបន្លែសន្លឹកទេ។
ឈ្មួញកណ្ដាលខ្លះមិនមែនជាអ្នកប្រកបមុខរបរទិញលក់បន្លែតែមួយមុខទេ គាត់អាចជាគ្រូបង្រៀន និងមានរបរផ្សេងទៀតក៏មាន។ ឧទាហរណ៍ កញ្ញា សុខ ស្រីណុច អាយុ២៦ឆ្នាំ ជាគ្រូបង្រៀងន និងជាអ្នកទិញបន្លែមកលក់នៅផ្សារដើមគរ និងផ្សារព្រែកអញ្ចាញ។ កញ្ញាចាប់ផ្តើមចេះរកស៊ីនាំបន្លែទៅលក់មានរយៈពេល២ឆ្នាំ។ ការដឹកបន្លែយកទៅលក់ដោយប្រើមធ្យោបាយដឹកជញ្ជូនដោយម៉ូតូសណ្តោង (រឺម៉កម៉ូតូ) ដែឡក្នុងមួយជើងៗអាចផ្ទុកចំណុះបន្លែបានពី ៧០០ ទៅ ៨០០ គីឡូក្រាម និងមានមនុស្សប្រុសម្នាក់ជាអ្នកបើកម៉ូតូ។ បន្លែដែលគាត់ទិញលក់អាស្រ័យលើអ្នកភូមិដាំបាន។ ជួលកាលមាន ននោង ត្រឡាច ត្រសក់ស្រូវ ត្រសក់ផ្អរ ត្រប់ ព្រៃក្តោប ត្រសក់ទុំ និងប៉េងបោះជាដើម។ រីឯតម្លៃប្រភេទបន្លែទាំងនេះ គឺមានការប្រែប្រួល ជាក់ស្តែងខែមិថុនា ត្រឡាចទិញពីកសិករក្នុងមួយគីឡូក្រាមតម្លៃ១ ៥០០ រៀល ត្រសក់ក្នុងមួយគីឡូ១១០០រៀល លក់ចេញវិញ១២០០រៀ់ល។ ននោងទិញចូល១គីឡូតម្លៃ ១៣០០ រៀល លក់ចេញ ១៥០០រៀល។ គ្រប់បន្លែទាំងអស់ គាត់យកចំណេញពីកសិករតែ២០០រៀល ក្នុង១គីឡូក្រាម។ ចំណែក អ្នកលក់នៅផ្សារដែលមានស្តង់ (តូប) ដាក់លក់ផ្សារវិញ គេអាចយកចំណេញរហូតដល់ ៥០០រៀល ក្នុងមួយគីឡូងក្រាម។
ទាក់ទងនឹងតម្លៃនេះ បើឈ្មួញកណ្ដាលយកចំណេញច្រើនពីកសិករដំាបន្លែ កសិករនឹងឈប់លក់ឱ្យ ព្រោះឈ្មួញកណ្ដាលមានច្រើននាក់ក្នុងភូមិ។
សម្រាប់ការដឹកយកទៅលក់នៅផ្សារនៅព្រែកអញ្ជាញ ពួកគាត់ត្រូវក្រោកយកទៅលក់នៅម៉ោង១យប់ (ព្រឹកព្រលឹម) រហូតដល់ម៉ោង៥ភ្លឺ។ ចំណែកឯកការដឹកយកទៅលក់នៅភ្នំពេញ (ផ្សារនាគមាស និង ផ្សារដើមគ) គាត់ចេញពីផ្ទះនៅម៉ោងប្រហែល៤រសៀល។ គាត់លក់ឱ្យម៉ូយដែលមានស្តង់ ឬ តូប នៅផ្សារជាតម្លៃបោះដុំ រួចត្រលប់មកផ្ទះវិញ។ បើបន្លែទំងន់ ៨០០គីឡូក្រាម គាត់អាចចំណេញថវិកាបានចន្លោះពី៨០ ០០០រៀល ទៅ ១០០ ០០០រៀល។
ជារួម ឈ្មួញទិញលក់បន្លែនៅភូមិក្រចាប់ត្បូងមិនមានបញ្ហា ឬ ធ្លាប់ឆ្លងកាត់បញ្ហាលក់មិនបាននោះទេ ព្រោះគាត់មានទំនាក់ទំនងជាមួយម៉ូយនៅផ្សារដែលគេកុម្មង់ទុកជាមុន មុននឹងទៅទិញពីកសិករដល់ចម្ការ។ របរគាត់អាចរកប្រាក់កម្រៃច្រើន ឬតិច ទោតាមលទ្ធភាពកសិករដាំបាន។ នៅពេលកសិករដាំបានច្រើន ព្រមជាមួយនឹងការកុម្មង់ពីទីផ្សារច្រើន ឈ្មួញកណ្ដាលអាចរកកម្រៃបានច្រើនដែរ។
ផ្ទុយទៅវិញ ចំពោះកសិករដាំបន្លែនៅភូមិក្រចាប់ខាងត្បូង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល តែងតែជួបប្រទះបញ្ហា គឺបញ្ហាទីផ្សារឬតម្លៃទីផ្សារ។ កសិករដាំបន្លែខាតបង់ថវិកាជារៀងរាល់រដូវ អាចបណ្តាលមកពីបន្លែជុញ (ជន់) ឬ អាចមកពីការនាំបន្លែមកពីតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ពិសេសបន្លែដែលនាំចូលពីបរទេសលើសលុបតែម្តង។ បញ្ហានេះត្រូវការដោះស្រាយជូនប្រជាកសិករដាំបន្លែ ដើម្បីឱ្យចង្វាក់ផលិតកម្មបន្លែរបស់ពួកគាត់អាចបន្តទៅបានដោយមាននិរន្តភាព។
RAC Media
ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
ចាប់ពីមានការផ្ទុះមេរោគកូរ៉ូណា នៅចុងឆ្នាំ២០១៩ ហើយកំពុងបន្តមកទល់នឹងពេលនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀតជាច្រើននៅលើពិភពលោក។ ក្នុងនោះវិស័យអាកាសចរណ៍ដែលជាវិស័យដឹកជញ្ជូនផ្លូវអាកាស ក៏ទទួលរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ផងដែរ ទាំងជើងហោះហើរអន្តរជាតិ ផលិតកម្មយន្តហោះ និងការងារទាំងផ្ទាល់និងប្រយោលទាក់ទងនឹងវិស័យនេះ។ មកទល់ពេលនេះ ជើងហោះហើររាប់ពាន់ត្រូវបានលុបចោលទូទាំងពិភពលោក ខណៈក្រុមហ៊ុនអាកាសចរណ៍ធំៗនៃពិភពលោកកំពុងព្យាយាមរកដំណោះស្រាយចំពោះការធ្លាក់ចុះនៃតម្រូវការធ្វើដំណើរ ប៉ុន្តែហាក់នៅមិនទាន់រកច្រកចេញបាននៅឡើយ។
យោងតាមសារព័ត៌មានស៊ីអិនអិន (CNN) បានបង្ហាញថា ក្រុមហ៊ុន Ryanair បានផ្អាកជើងហោះហើរទាំងចេញនិងទាំងចូលប្រទេសអ៊ីតាលីរហូតដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។ រីឯក្រុមហ៊ុន EasyJet ក៏បានលុបចោលជើងហោះហើរទាំងអស់របស់ខ្លួនទៅនិងមកពីប្រទេសអ៊ីតាលីចន្លោះពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី៣ ខែមេសាឆ្នាំ២០២០កន្លងមក។ ក្រុមហ៊ុន Norwegian Air ក៏បាននិយាយផងដែរថា ខ្លួននឹងកាត់បន្ថយជើងហោះហើរប្រមាណ ៣,០០០ ជើងក្នុងរយៈពេល ៣ ខែទៀត។ កិច្ចការផ្អាកនិងការកាត់បន្ថយជើងហោះហើរនេះ អាចនឹងបន្ត ប្រសិនបើបញ្ហាកូវីដ-១៩មិនទាន់ចប់។
នៅសហរដ្ឋអាម៉េរិកវិញជំងឺ កូវីដ-១៩ ក៏កំពុងខាំត្របាក់ញីញក់ឧស្សាហកម្មអាកាសចរណ៍ រហូតដល់ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ធំបំផុតចំនួនពីររបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន American និង Delta បានប្រកាសកាត់បន្ថយយ៉ាងគំហុកនូវកាលវិភាគហោះហើរទាំងអន្តរជាតិនិងនៅក្នុងស្រុក។ American ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុតនៅលើពិភពលោកបាននិយាយថា ខ្លួននឹងកាត់បន្ថយសមត្ថភាពហោះហើរអន្ដរជាតិរបស់ខ្លួនចំនួន១០% នៅរដូវក្តៅនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយថា ខ្លួននឹងកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួនចន្លោះពី ២០% ទៅ ២៥% និងកាត់ជើងហោះហើរក្នុងស្រុកពី ១០% ទៅ ១៥%។
ចំពោះក្រុមហ៊ុនអាកាសចរណ៍នៅតំបន់អាស៊ី ក៏យើងឃើញថា មានការកាត់បន្ថយជើងហោះហើរ ជាច្រើនដែរ ជាក់ស្តែង ក្រុមហ៊ុនហោះហើរ Qantas បានប្រកាសចាត់វិធានការកាត់បន្ថយថ្លៃដើម និងចំនួនជើងហោះហើរស្ទើរតែ១ភាគនៃជើងហោះហើរទាំងអស់ សម្រាប់រយៈពេល ៦ខែ និងបានកាត់បន្ថយប្រាក់ខែនាយកប្រតិបត្តិយ៉ាងច្រើន។ ក្រុមហ៊ុនអាកាសចរណ៍របស់អូស្ត្រាលី បានឱ្យដឹងថា សម្រាប់រយៈពេលនៅសល់នៃឆ្នាំសារពើពន្ធនេះ នាយកប្រតិបត្តិលោក Alan Joyce នឹងលះបង់ប្រាក់ខែ។ ប្រធានក្រុមហ៊ុន Qantas លោក Richard Goyder នឹងឈប់ទទួលយកថ្លៃគ្រប់គ្រង ហើយក្រុមដឹកនាំប្រតិបត្តិ នឹងត្រូវកាត់ប្រាក់ខែ៣០%។ ការលុបចោលភាគច្រើននឹងកើតឡើងនៅក្នុងទ្វីបអាស៊ី ជាកន្លែងដែលមានដើមកំណើតនៃការផ្ទុះឡើងនៃវីរុសនេះ។ ជើងហោះហើរក្នុងតំបន់ត្រូវបានកាត់បន្ថយ ៣១%។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងកាត់បន្ថយសមត្ថភាពនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ។ ការលុបចោលមានចំនួនរហូតដល់ ២៣% នៃសមត្ថភាពហោះហើរសរុប។
ប្រសិនបើយើងក្រឡេកមើល ក្រុមហ៊ុនផលិតយន្តហោះស៊ីវិលអឺរ៉ុប Airbus ក៏យើងមើលឃើញថា ឧស្សាហកម្មនេះកំពុងមានវិបត្តិយ៉ាងខ្លាំង ពីព្រោះតែការរាលដាលជាសាកលនូវមេរោគកូរ៉ូណា ដ៏សាហាវនេះ ហើយដែលនាំឱ្យក្រុមហ៊ុនត្រូវការពេលវេលាជាច្រើនទៀត ដើម្បីធ្វើឱ្យមានទំនុកចិត្តរបស់មនុស្សនៅក្នុងការធ្វើដំណើរតាមអាកាសឡើងវិញ។ គួរបញ្ជាក់ផងដែរថា លទ្ធផលត្រីមាសទី១ ក្រុមហ៊ុនបានខាតបង់ប្រាក់ ៥២២លានដុល្លារ នៅពេលដែលក្រុមហ៊ុនបានបញ្ឈប់កម្មកររាប់ពាន់នាក់ពីការងារជាបណ្តោះអាសន្ន ហើយបានផលិតយន្តហោះ៤០គ្រឿង តិចជាងក្នុងរយៈពេលដូចគ្នាបើប្រៀបធៀបទៅនឹងកាលពីឆ្នាំ២០១៩ កន្លងទៅ។
ចំណែកឯ ក្រុមហ៊ុនអាកាសចរណ៍ប្រទេសថៃក៏ជួបឧបសគ្គជាច្រើន ដោយសារវិបត្តិនេះដែរ។ បើយោងតាមបាងកកប៉ុស្ដិ៍បានបង្ហាញថា ជើងហោះហើរពីក្រៅប្រទេសចូលក្នុងប្រទេសថៃ នឹងត្រូវបន្តបិទរយៈពេល ១ខែបន្ថែមទៀត គឺរហូតដល់ថ្ងៃទី ៣១ ខែឧសភា ដោយសារតែរដ្ឋាភិបាលប្រទេសនេះ បារម្ភខ្លាចអំពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ការសម្រេចចិត្តបន្តពន្យារពេលបន្ថែមនៃរបិទជើងហោះហើរ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដូចជា Philippines AirAsia ជាដើម ដែលបានប្រកាសថា នឹងបើកជើងហោះហើរពីក្រុងម៉ានីលទៅកាន់បាងកក នៅថ្ងៃទី០១ ខែឧសភា។ មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនៃប្រទេសថៃចំនួន ៨ក្រុមហ៊ុនបានត្រៀមខ្លួនដើម្បីជួបពិភាក្សាជាមួយនឹងក្រសួងហិរញ្ញវត្ថុ ក្នុងការស្វែងរកប្រាក់កម្ចីការប្រាក់ទាប ដើម្បីរក្សាដង្ហើមអាជីវកម្មរបស់ពួកគេ។ ការស្វែងរកប្រាក់កម្ចីនេះ គឺធ្វើឡើងក្រោយពីក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ បានគោរពតាមសំណើរបស់រាជរដ្ឋាភិបាល ដោយមិនបញ្ឈប់បុគ្គលិកប្រហែល ៣ ទៅ៥ម៉ឺននាក់នៅក្នុងឧស្សាហកម្មអាកាសចរណ៍ ចំពេលដែលមានវិបត្តិកូវីដ-១៩។ មានក្រុមហ៊ុនអាកាសចរណ៍ទាំង៨ បានដាក់លិខិតទៅកាន់ក្រសួងរួចហើយ ដោយបានស្នើសុំប្រាក់កម្ចីការប្រាក់ទាប សរុបមានទំហំទឹកប្រាក់ប្រមាណ ២៤.១៥ ពាន់លានបាត ឬស្មើនឹងជាង ៧៤០ លានដុល្លារអាម៉េរិក។ ប៉ុន្ដែ មកទល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបណាមួយពីរដ្ឋាភិបាលនៅឡើយទេ។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ប្រទេសកម្ពុជាក៏មិនខុសពីបណ្តាប្រទេសដទៃលើសាកលលោកដែរ។ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា។ បើយោងតាមអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ឱ្យដឹងថា គិតត្រឹមដើមខែមេសា ២០២០ ការធ្វើដំណើរតាមជើងហោះហើរនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ជាង៩០% ខណៈខែ កុម្ភៈ និង ខែមីនា សុទ្ធតែបានធ្លាក់ចុះលើសពី៥០%ទាំងអស់។ ជាមួយបញ្ហានេះ ដើម្បីរួមចំណែកទប់ទល់នឹងស្ថានការណ៍ដ៏លំបាករបស់ក្រុមហ៊ុនអាកាសចរណ៍ រដ្ឋាភិបាលកម្ពុជាបានសម្រេចមិនយកពន្ធលើក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជារយៈពេល៣ខែ។
ជារួម វិបត្តិកូវីដ១៩ ពិតជាធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានលើវិស័យអាកាសចរណ៍សាកល ពិសេស នៅអឺរ៉ុប អាម៉េរិក និងអាស៊ី។ ផលប៉ះពាល់នេះបានជះឥទិ្ធពលលើវិស័យជាច្រើនដែលមានការពាក់ព័ន្ធ ដូចជា ក្រុមហ៊ុនផលិតយន្តហោះ វិស័យធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ក្រុមហ៊ុនផលិតប្រេង ក្រុមហ៊ុនផលិតអាហារសម្រាប់ផ្គត់ផ្គង់ការធ្វើដំណើរ។ល។ លើសពីនេះ ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសាកលលោក ដូចជា ចរន្តហិរញ្ញវត្ថុអន្តរជាតិ ពាណិជ្ជកម្ម ផលិតកម្មអន្តរជាតិ វិស័យទេសចរណ៍ និងចរន្តពលកម្ម ជាដើម។ បន្ទាប់ពីបញ្ហាកូវីដ១៩ បានថមថយទៅៗ ពេលដែលវិស័យអាកាសចរណ៍អន្តរជាតិនេះដំណើរការឡើងវិញ នោះនឹងរុញច្រានវិស័យជាច្រើនឱ្យមានដំណើរឡើងវិញ ផងដែរ ដែលកកត្តាចម្បងនាំឱ្យសេដ្ឋកិច្ចសាកលមានសភាពរលូន៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
កាលពីរសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា ដោយអនុម័តពាក្យបានចំនួន៤ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និងវប្បធម៌វិទ្យាដែលមានលោកបណ្ឌិត ផុន កសិកា, លោក សួ ប៉ុណ្ណារ៉ាត់, កញ្ញា តាកេត ស័កដា, លោក រឿន ភារុន និង លោកស្រី ម៉ិល វាសនា ចុះសិក្សាស្រាវជ្រាវគម្រោងស្ដីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» នៅប្រាសាទបន្ទាយឆ្មារ ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមពីចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧, សិក្សាកំណត់អត្តសញ្ញាណជាក់លាក់នៃចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧ ដែលឆ្លាក់នៅលើថែវប្រាសាទ ដើម្បីឈានទៅសិតបដិមាទោលព្រះបាទជ័យវរ្ម័នទី៧ ធ្វើពីស្ពាន់។
ប្រាសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប្រាសាទបន្ទាយឆ្មារជាប្រាសាទដែលត្រូវបានកសាងឡើងពីចុងសតវត្សរ៍ទី១២ដល់ដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា នាម ស្រិន្ទ្រកុមារ និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីជីវិតនៅក្នុងសមរភូមិកំចាត់ចាមនៅឆ្នាំ១១៧៧។
ការសិក្សាស្រាវជ្រាវនៅលើកនេះ ក្រុមការងារផ្ដោតលើការចុះកូដរូបព្រះបាទជ័យវរ្ម័នទី៧ដែលឆ្លាក់នៅតាមថែវ ដោយចែកទៅតាមទិស និង ស្លាប។ ឧទាហរណ៍នៅថែវខាងកើតត្រូវចែកជាថែវខាងកើតស្លាបខាងជើង និងថែវខាងកើតស្លាបខាងត្បូង។ រីឯ ទិសផ្សេងៗទៀតក៏ចែកទៅតាមទិស និងស្លាបដែរ។ ការចុះកូដគឺយកតាមប្រព័ន្ធអន្ដរជាតិ ដោយប្រើជាអក្សរឡាតាំង ដើម្បីឱ្យងាយស្រួលក្នុងបញ្ចូលក្នុងប្រព័ន្ធទិន្នន័យរួម និងស្ថាប័នជាតិ និង អន្ដរជាតិផ្សេងៗអាចយកប្រើបាន។ លេខកូដដែលប្រើគឺ BTC-20-ESG-01 (Banteay Chhmar-2020-East South Gallery-01, ប្រាសាទបន្ទាយឆ្មារ-២០២០-ថែវខាងកើតស្លាបខាងត្បូង-០១)។ លេខរូបគឺរាប់ពីលេខ០១ រហូតដល់រូបចុងក្រោយ។
តាមការចុះលេខកូដដោយក្រុមការងារ រូបចម្លាក់ដែលសង្ស័យថាជា ព្រះរូបព្រះបាទជ័វរ្ម័នទី៧ មានចំនួន ២២ ដែលសល់ពីការរលំបែកបាក់។
ក្រុមការងារក៏បានថតរូប 3D និង Photogrammetry នៅគ្រប់ថែវទាំងអស់សម្រាប់វិភាគរូបមួយផែនៗឱ្យបានល្អិតល្អន់។
ក្រុមការងារក៏ពិពណ៌នារូបនីមួយៗ ទាក់ទងនឹងឥរិយាបថ, ជំហរ, កាយវិការ, គ្រឿងពាក់គ្រង, មកុដ, កេតនភណ្ឌស្ដេច, ទេសកាល និង ព្រឹត្តិការណ៍ទាក់ទងនឹងរូបចម្លាក់។ រូបទាំងអស់នឹងបញ្ចូលក្នុងទិន្នន័យដែលមានបង្ហាញលេខកូដ, រូបថត និង ការពណ៌នាអំពីរូប។
ក្នុងបេសកកម្មលើកនេះដែរ ក្រុមទូរទស្សន៍ PNN ក៏បានចុះមកធ្វើបទយកការណ៍អំពី ការសិក្សាស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ ដល់ប្រាសាទបន្ទាយឆ្មារ។
RAC Media | តាកេត ស័កដា
ពាក្យថា«សង្រ្គាមត្រជាក់» ត្រូវបានប្រើជាដំបូងនៅឆ្នាំ១៩៤៥ ដោយអ្នកនិពន្ធអង់គ្លេសម្នាក់ឈ្មោះថា George Orwell ដោយសំដៅទៅលើស្ថានភាពនៃការប្រឈមមុខដាក់គ្នាជាប្រចាំរវាងរដ្ឋនិងរដ្ឋ ក៏ប៉ុន្តែ មិនឈានដល់ការផ្ទុះសង្រ្គាមក្តៅនឹងគ្នាដោយផ្ទាល់ទេ។ ក្រោយមក ជាពិសេស នៅក្រោយសង្រ្គាមលោកលើកទី២ ពាក្យថា«សង្រ្គាមត្រជាក់»នេះ ត្រូវបានគេយកមកប្រើជាទូទៅដើម្បីសំដៅលើការប្រឈមមុខដាក់គ្នារវាងមហាអំណាចធំៗទាំងពីរ គឺសហរដ្ឋអាម៉េរិក និងសហភាពសូវៀត។
ក្រោយសង្រ្គាមលោកលើកទី២ សហរដ្ឋអាម៉េរិកនិងសភាពសូវៀត ដែលជាអ្នកឈ្នះសង្រ្គាមជាមួយគ្នា បានក្លាយគូបដិបក្ខ។ សូវៀតដែលប្រកាន់យកលទ្ធិកុម្មុយនីស្ត ចង់ឱ្យពិភពលោកស្ថិតនៅក្រោមការគ្រប់គ្រងបែបប្រព័ន្ធសេដ្ឋកិច្ចនយោបាយសង្គមនិយម រីឯសហរដ្ឋអាម៉េរិកដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ក៏ចង់ឱ្យពិភពលោកស្ថិតនៅក្រោមការគ្រប់គ្រងបែបប្រជាធិតេយ្យសេរីនិងប្រព័ន្ធសេដ្ឋកិច្ចនយោបាយបែបមូលធននិយម ជាហេតុនាំឱ្យមានសង្រ្គាមមនោគមវិជ្ជា ដែលយើងហៅថា«សង្រ្គាមត្រជាក់»កើតឡើង។ សង្រ្គាមនេះបានអូសបន្លាយអស់រយៈពេល៤៦ឆ្នាំនិងបានសាយភាយពេញពិភពលោក។ សង្រ្គាមនេះចាប់ផ្ដើមលេចចេញរូបរាងច្បាស់លាស់នៅពេលមានការសាងសង់ជញ្ជាំងក្រុងប៊ែរឡាំងបែងចែកអាល្លឺម៉ង់ជាពីរ, សង្រ្គាមកូរ៉េ, សង្រ្គាមវៀតណាម, សង្រ្គាមអាហ្វហ្កានីស្ថាន, សង្រ្គាមនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ជាដើម។
សង្រ្គាមនេះ មានលក្ខណៈជាសង្រ្គាមបែបឃោសនាការ, សង្រ្គាមបែបចិត្តវិទ្យា និងសង្រ្គាមបែបតំណាង ដោយអ្នកធ្វើសង្រ្គាមពិតប្រាកដ គឺប្រទេសដែលនៅពីក្រោយខ្នងរបស់ភាគីជម្លោះម្ខាងៗ ហើយសូម្បីតែក្រុមផ្សេងៗ ឬបក្សផ្សេងៗនៅក្នុងប្រទេសតែមួយ ក៏បានបែងចែកគ្នាគាំទ្រមនោគមវិជ្ជាម្ខាងម្នាក់និងមានការប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម ដោយម្ខាងដែលប្រកាន់លទ្ធិកុម្មុយនីស្ត មានសហភាពសូវៀតជាបង្អែក រីឯម្ខាងទៀតដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរី មានសហរដ្ឋអាម៉េរិកជាបង្អែក ដូចជាវៀតណាមខាងជើងនិងត្បូង កូរ៉េខាងជើងនិងខាងត្បូង ក៏ដូចជា កម្ពុជាដែរដែលមានក្រុមប្រឆាំងគ្នាជាច្រើនក្រុម ហើយក្រុមទាំងអស់នេះគ្រាន់តែជាកូនអុករបស់មហាអំណាចទាំងពីរតែប៉ុណ្ណោះ ប៉ុន្តែក្រុមឬភាគីជម្លោះទាំងនោះ បានក្លាយជាជនរងគ្រោះពិតប្រាកដពីសង្រ្គាមត្រជាក់នេះ។
សង្រ្គាមត្រជាក់ដែលបង្កឡើងពីទំនាស់រវាងសហរដ្ឋអាម៉េរិកនិងសហភាពសូវៀត បានបង្កឱ្យមានវិនាសកម្មជាច្រើន តាមពិតវាមិនមែនជាសង្រ្គាមមនោគមវិជ្ជាស្អីនោះទេ ប៉ុន្តែ វាគឺជាការដណ្ដើមអំណាចរវាងប្រទេសមហាអំណាចពីរដែលឈ្នះសង្គ្រាមលោកលើកទី២ជាមួយគ្នា ហើយបន្តចង់បានលេខមួយតែម្នាក់ឯងនោះ។ ជាក់ស្តែង សង្រ្គាមរវាងអេត្យូពីនិងសូម៉ាលី ដើមឡើយ សហភាពសូវៀតគាំទ្រសូម៉ាលី និងសហរដ្ឋអាម៉េរិកគាំទ្រអេត្យូពី ហើយក្រោយមក សហភាពសូវៀតត្រឡប់មកគាំទ្រអេត្យូពី ឯសហរដ្ឋអាម៉េរិកក៏បែរទៅគំាំទ្រសូម៉ាលីវិញ ហើយប្រទេសមហាអំណាចទាំងពីរចេះតែផ្គត់ផ្គង់អាវុធទៅឱ្យពួកគេប្រយុទ្ធគ្នាទៅ។
រហូតដល់សម័យ មីខៀល ហ្គរបាឆូហ្វ (Mikhail Gorbachev) មេដឹកនាំសហភាពសូវៀតបានយកនយោបាយកែទម្រង់ប្រទេស ប្រែទៅជាប្រជាធិបតេយ្យ ទើបធ្វើឱ្យសង្រ្គាមត្រជាក់ត្រូវបញ្ចប់នៅឆ្នាំ១៩៩១។ សង្រ្គាមត្រជាក់ធ្វើឱ្យពិភពលោករងទុក្ខអស់រយៈពេល៤៦ឆ្នាំ។
ពីមុន គេយកមនោគមន៍វិជ្ជានយោបាយ មកធ្វើជាលេសក្នុងការធ្វើសង្រ្គាម ដែលយើងហៅថា «សង្រ្គាមត្រជាក់» បែងចែកពិភពលោកជាពីរក្រុមដោយមានមនោគមន៍វិជ្ជានយោបាយផ្ទុយគ្នាហើយបដិបក្ខគ្នា ប៉ុន្តែ សព្វថ្ងៃនេះ មនោគមន៍វិជ្ជានយោបាយលែងដើរតួនាទីជាឈ្នាន់ឱ្យប្រទេសនីមួយៗនៅលើពិភពលោកបែងចែកគ្នាទៀតហើយ ព្រោះថាសូម្បីតែប្រទេសប្រកាន់របបសង្គមនិយម ក៏អនុវត្តនយោបាយសេដ្ឋកិច្ចបែបមូលធននិយមដែរ។ ដូច្នេះ វាច្បាស់ណាស់ថា សង្រ្គាមត្រជាក់ជំនាន់ថ្មីនឹងមិនកើតពីទំនាស់ខាងឧត្ដមគតិទៀតទេ។ ដូច្នេះ តើសង្រ្គាមត្រជាក់សម័យថ្មីនឹងកើតឡើងមកពីមូលហេតុអ្វី?
ពិភពលោកសព្វថ្ងៃ ខុសឆ្ងាយពិភពលោកកាលពីប៉ុន្មានទសវត្សរ៍មុន សេដ្ឋកិច្ចបានចូលមកដើរតួនាទីសំខាន់ក្នុងការកំណត់ភូមិសាស្រ្តនយោបាយ ក្នុងន័យនេះ មានន័យថា សង្រ្គាមត្រជាក់ថ្មីអាចកើតពីសង្រ្គាម សេដ្ឋកិច្ច ជាក់ស្ដែង ចាប់ពីឆ្នាំ២០១៩ បង្កឡើងដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដែលមានភាគីម្ខាងទៀតគឺចិន។
ការចាប់ផ្ដើមដោយសង្រ្គាមពាណិជ្ជកម្មរវាចិននិងសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យពិភពលោក ជាពិសេស ប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកនិងចិន ឬប្រទេសតូចៗ ដែលពឹងផ្អែកលើផលប្រយោជន៍ខាងសេដ្ឋកិច្ចពីប្រទេសមហាអំណាចទាំងពីរ ក៏ចាប់ផ្ដើមចែកបក្សចែកបក្សពួក បើទោះជាមិនទាន់បង្ហាញពីជំហរដាច់ខាតដូចសម័យកាលសង្រ្គាមត្រជាក់ក៏ដោយ ក៏យើងបានឃើញច្បាស់ពីភាពលម្អៀងរបស់ប្រទេសនីមួយៗក្នុងការជ្រើសរើសឬគាំទ្រខាងមហាអំណាចណាមួយក្នុងចំណោមមហាអំណាចទាំងពីរ។ ពីដំបូង ការបែងចែកក្រុមខាងសេដ្ឋកិច្ចហាក់ដូចជានៅមានភាពស្រពិចស្រពិល ប៉ុន្តែ មកទល់ពេលនេះ រូបភាពនោះកាន់តែបង្ហាញជាក់ច្បាស់ ដែលក្នុងនោះ យើងបានឃើញក្រុមសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិកកំពុងឡោមព័ទ្ធចិន ដូចជាថ្មីៗនេះ មានការខិតខំទាញយកក្រុមហ៊ុនសហរដ្ឋអាម៉េរិកជាង១ពាន់ក្រុមហ៊ុនឱ្យដកការផលិតចេញពីប្រទេសចិន ហើយផ្លាស់ទីតាំងទៅឥណ្ឌា និងជប៉ុន ដែលជាប្រទេសដៃគូដ៏សំខាន់របស់សហរដ្ឋអាម៉េរិក បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភដល់វិស័យឧស្សាហកម្មឱ្យផ្លាស់ទីតាំងផលិតពីប្រទេសចិនទៅកាន់ប្រទេសផ្សេង។
រហូតមកដល់ចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ ជាវេលាដែលវីរុសកូវីដ១៩ បាននិងកំពុងរាតត្បាតពាសពេញពិភពលោក វាសមតែបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេស ប្រទេសមហាអំណាច រួមកម្លាំងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះ ប៉ុន្តែ បែរជាបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការចែកបក្សពួក និងការព្យាយាមធ្វើសង្រ្គាមចិត្តសាស្រ្តរវាងគ្នាទៅវិញ។ ដូចជាថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ទាមទារឱ្យចិនទទួលខុសត្រូវចំពោះការរាតត្បាតនៃកូវីដ-១៩ ហើយក៏កំពុងរៀបចំផែនការរយៈពេលវែង ដើម្បីដាក់ទណ្ឌកម្មប្រទេសចិន ទន្ទឹមនឹងនោះក៏បានកៀងគរសម្ព័ន្ធមិត្តនៅអឺរ៉ុប អាស៊ី មានជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ជាដើម រួមគ្នាដាក់សម្ពាធលើប្រទេសចិន។ លើសពីនេះទៀត ភាពតានតឹងរវាងសហរដ្ឋអាម៉េរិកនិងចិន បានបន្តកើតឡើង នៅពេលមានការចោទប្រកាន់ជាសាធារណៈរបស់អាម៉េរិកចំពោះចិនថា ប៉ុនប៉ងលួចការស្រាវជ្រាវលើវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩របស់ខ្លួន។ ជាការឆ្លើយតប ចិនបានប្រឆាំងនឹងការចោទប្រកាន់ទាំងឡាយរបស់អាម៉េរិក (ដូណាល់ត្រាំ)។
ពីមួយជំហានទៅមួយជំហាន ស្ថានការណ៍កាន់តែតានតឹងឡើងៗ ដូចជាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការដកខ្លួនចេញពីសន្ធិសញ្ញាមេឃចំហ (OPEN SKIES) ដែលអាចត្រួតពិនិត្យបណ្ដាចលនាយោធានិងបណ្ដាវិធានការកម្រិតគ្រឿងសព្វាវុធរបស់បណ្ដាប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះដោយចោទប្រកាន់រុស្ស៊ីថា រំលោភបំពានសន្ធិសញ្ញានេះ។ ហើយក្រោយពីចិនដាក់គម្រោងច្បាប់ស្ដីពីសន្តិសុខជាតិនៅក្រុងហុងកុង អាម៉េរិក បានលូកដៃចូលភ្លាម ដោយប្រកាសគំរាមដាក់ទណ្ឌកម្ម ជាហេតុនាំឱ្យចិនក៏បានគំរាមតបអាម៉េរិកអំពីការសងសឹករបស់ខ្លួនវិញភ្លាមៗដែរ ដោយចិនអះអាងថានឹងចាត់វិធានការមួយចំនួន ប្រសិនបើអាមេរិកនៅតែចចេសធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួននៅហុងកុង។
ទំនាស់រវាងមហាអំណាចទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែកើនកម្ដៅឥតឈប់ឈរ ហើយការស្ដែងឡើងនៃក្រុមម្ខាងៗក៏លេចចេញរូបរាងកាន់តែច្បាស់ឡើងៗ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបែងចែករវាងម្ខាងចិននិងម្ខាងអាម៉េរិក។ ស្ថានភាពបែបនេះ ចង់ឬមិនចង់ ប្រទេសតូចៗគ្មានជម្រើសទេ បើសង្រ្គាមបែបនេះនៅតែបន្ត ចុងក្រោយ ប្រទេសតូចៗត្រូវតែជ្រើសរើសយកការគាំទ្រភាគីណាមួយដោយផ្អែកលើផលប្រយោជន៍របស់ខ្លួនឬគាំទ្រភាគីណាមួយជាយថាហេតុ។ សង្រ្គាមលើកនេះអាចមិនប្រើអាវុធវាយប្រហារគ្នាដូចពីមុនទេ គេប្រើសម្ពាធខាងសេដ្ឋកិច្ចដាក់គ្នាទៅវិញទៅមក ដោយការប្រើប្រាស់មធ្យាបាយខាងពន្ធអាករ, ស្តង់ដារគុណភាពទំនិញ និងលក្ខខណ្ឌផ្សេងៗ។ បើសង្រ្គាមត្រជាក់ថ្មីអូសបន្លាយយូររហូតដល់៤៦ឆ្នាំ ដូចសង្រ្គាមត្រជាក់មុន នោះប្រជាជនពិភពលោកមុខតែលំបាកជាមិនខាន ជាពិសេស អាស៊ានទំនងជានឹងក្លាយជាចំណុចក្ដៅនៃការប្រជែងគ្នារវាងមហាអំណាចទាំងពីរ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និងវប្បធម៌វិទ្យាដែលមានលោកបណ្ឌិត ផុន កសិកា, លោក សួ ប៉ុណ្ណារ៉ាត់, កញ្ញា តាកេត ស័កដា, លោក រឿន ភារុន និង លោកស្រី ម៉ិល វាសនា ចុះសិក្សាស្រាវជ្រាវគម្រោងស្ដីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» នៅប្រាសាទបាយ័ន ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមពីចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧, សិក្សាកំណត់អត្តសញ្ញាណជាក់លាក់នៃចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧ ដែលឆ្លាក់នៅលើថែវប្រាសាទ ដើម្បីឈានទៅសិតបដិមាទោលព្រះបាទជ័យវរ្ម័នទី៧ ធ្វើពីស្ពាន់។
ការសិក្សាស្រាវជ្រាវនៅលើកនេះ ក្រុមការងារផ្ដោតលើការចុះកូដរូបព្រះបាទជ័យវរ្ម័នទី៧ដែលឆ្លាក់នៅតាមថែវខាងក្រៅជ្រុងខាងកើត ស្លាបខាងត្បូង។ ប្រព័ន្ធកូដដែលប្រើនៅប្រាសាទបាយ័នក៏មិនខុសពីប្រាសាទបន្ទាយឆ្មារដែរគឺ ចែកទៅតាមទិស និងស្លាបដែរ។ ការចុះកូដត្រូវយកតាមប្រព័ន្ធអន្ដរជាតិ ដោយប្រើជាអក្សរឡាតាំង ដើម្បីឱ្យងាយស្រួលក្នុងបញ្ចូលក្នុងប្រព័ន្ធទិន្នន័យរួម និងស្ថាប័នជាតិ និង អន្ដរជាតិផ្សេងៗអាចយកប្រើបាន។ លេខកូដដែលប្រើនៅប្រាសាទបាយ័នគឺ BY-20-ESG-L-1-001 (Bayon-2020-East South Gallery-Level-1-01, ប្រាសាទbay& n- ២០២០-ថែវខាងកើតស្លាបខាងត្បូង-ជាន់-០១-០១)។ លេខរូបគឺរាប់ពីលេខ០១ រហូតដល់រូបចុងក្រោយ។
ក្រុមការងារក៏បានថតរូប 3D និង Photogrammetry ដោយលោក ឡេង សត្យា អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរានៅគ្រប់ថែវទាំងអស់សម្រាប់វិភាគរូបតាមផែននីមួយៗឱ្យបានល្អិតល្អន់ ហើយក្រុមការងារក៏ពិពណ៌នារូបនីមួយៗ ទាក់ទងនឹងឥរិយាបថ, ជំហរ, កាយវិការ, គ្រឿងពាក់គ្រង, មកុដ, កេតនភណ្ឌស្ដេច, ទេសកាល និង ព្រឹត្តិការណ៍ទាក់ទងនឹងរូបចម្លាក់។ រូបទាំងអស់នឹងបញ្ចូលក្នុងទិន្នន័យដែលមានបង្ហាញលេខកូដ, រូបថត និង ការពណ៌នាអំពីរូប ដូចដែលបានធ្វើនៅប្រាសាទបន្ទាយឆ្មារដែរ។
ក្នុងបេសកកម្មស្រាវជ្រាវនៅប្រាសាទបាយ័នលើកនេះ ក្រុមទូរទស្សន៍ PNN ក៏បានចុះមកធ្វើបទយកការណ៍អំពី ការសិក្សាស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ នៅទីតាំងប្រាសាទបាយ័នផ្ទាល់។ បទយកការណ៍ដែលធ្វើឡើងដោយក្រុមទូរទស្សន៍ស្ថានីយ PNN បានធ្វើនៅប្រាសាទបន្ទាយឆ្មារផង និងប្រាសាទបាយ័នផងដែរ។ កិច្ចសម្ភាសន៍របស់ក្រុមទូរទស្សន៍ PNN បានសម្ភាសន៍ក្រុមការងារស្រាវជ្រាវ អ្នកជំនាញអាជ្ញាធរអប្សរា មានលោក អ៊ឹម សុខរិទ្ធី និងលោក ឡេង សត្យា។
RAC Media| តាកេត ស័កដា
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM