Royal Academy of Cambodia
សកម្មភាពកសិករផលិតបន្លែសម្អាតបន្លែមុនថ្លឹងលក់ឱ្យសហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ
ក្រុមការងារស្រាវជ្រាវដំណាំបន្ថែរបស់រាជបណ្ឌិត្យសភាកម្ពុជា បន្តចុះសិក្សាតាមសហគមន៍បន្លែដែលមានដំណើរការល្អ និងកំពុងទទួលបានការពេញចិត្តនិងគាំទ្រពីកសិករជាសមាជិកសហគមន៍បន្ថែនៅខេត្តកំពង់ស្ពឺ។ បើតាមការសម្ភាសន៍ផ្ទាល់ជាមួយប្រធានសហគមន៍ និងកសិករដាំបន្លែបានឱ្យដឹងថា តម្លាភាព ភាពស្មោះត្រង់ និងស្ថិរភាពតម្លៃ ទិញចូលនិងលក់ចេញទៅអតិថិជន ជាគន្លឹះធ្វើឱ្យសហគមន៍បន្លែមានការទទួលស្គាល់ និងបន្តដំណើរការល្អរហូតដល់សព្វថ្ងៃ។
(កំពង់ស្ពឺ)៖ នៅថ្ងៃសុក្រ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងក្នុងនាមជាតំណាងឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងក្រុមការងារគម្រោងបាយអូឆា (Biochar) មកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវនៅសហគមន៍អភិវឌ្ឍន៍កសិកម្ម បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ (Peri-Urban Agriculture Cooperative) ដោយមានការសម្របសម្រួលរបស់លោកបណ្ឌិត ជា ស៊ីណាត អ្នកឯកទេសសាកវប្បកម្ម (បន្លែ ផ្លែឈើ និងរុក្ខជាតិលម្អ) ពីសាកលវិទ្យាល័យជាតិសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាមួយសហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ។ ទស្សនកិច្ចសិក្សានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីចង្វាក់ផលិតកម្ម និងទីផ្សារលក់បន្លែរបស់សហគមន៍ ព្រមទាំងចុះទៅសិក្សាស្វែងយល់ផ្ទាល់ពីការដាំដុះរបស់ប្រជាកសិករដែលជាសមាជិកសហគមន៍ នៅឯភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង ទីតាំងពិសោធន៍ ដាំបន្លែដោយប្រើប្រាស់បាយអូឆាជាមូលដ្ឋានក្នុងការសិក្សាស្រាវជ្រាវ ដែលស្ថិតនៅភូមិច្រកខ្លុង ឃុំទ័ពមៀន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ លោក វណ្ណៈ សម្បត្តិ លេខាធិការនៃសហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ បានបង្ហាញថា សហគមន៍នេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០១ និងបានចុះបញ្ជីជាផ្លូវការនៅឆ្នាំ២០០៩។ ការបង្កើតសហគមន៍នេះ គឺក្នុងគោលបំណងដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្ន សហគមន៍មានបុគ្គលិកបំពេញការងារចំនួន៦នាក់។ សហគមន៍អាចដំណើរការទៅបានដោយទទួលបានប្រាក់ចំណូលមកពីប្រភពបី គឺ៖
១- ការទិញស្រូវ ដើម្បីផលិតជាអង្ករលក់
២- ការបង្កើតឥណទានខ្នាតតូច ដោយយកការប្រាក់ទាប
៣- ការចងក្រងសហគមន៍ដាំបន្លែ បានចំនួន៨០ គ្រួសារ លើផ្ទៃដីដាំដុះចំនួន៨ហិកតា។
ទាក់ទងចង្វាក់ផលិតកម្មទិញនិងលក់បន្លែវិញ សហគមន៍មានទីផ្សារធំមួយ គឺ Japan Farm Products (Cambodia) Co., Ltd. (SEATS) ដែលអាចទទួលទិញបន្លែចាប់ពី ៧០០ ទៅ ៨០០គីឡូក្រាមក្នុងមួយថ្ងៃ។ បច្ចុប្បន្នសហគមន៍មានដំណើរការល្អ ពោលគឺអាចលក់បានក្នុង១ថ្ងៃចាប់ពី ៣០០ ទៅ ៤០០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមតម្លៃ៤០០០រៀល សម្រាប់ប្រភេទបន្លែ មានសាឡាត់ ត្រកួន សាឡាត់ឡាត់ពណ៌ ជាដើម។ សហគមន៍ ក៏មានតារាងតម្លៃសម្រាប់លក់ចេញទៅអតិថិជន ទៅតាមប្រភេទបន្លែផ្សេងៗគ្នា។
លោកស្រី យូ លុន ប្រធានសហគមន៍បន្លែចម្រុះ បានបញ្ជាក់ឱ្យដឹងថា ដោយសារសហគមន៍មានដំណើរការល្អ នៅឆ្នាំ២០១៨ សហគមន៍ទទួលបានការវាយតម្លៃនិងផ្ដល់ចំណាត់ថ្នាក់លេខ១ ព្រមទាំងទទួលបានការលើកទឹកចិត្ត ពីរាជរដ្ឋាភិបាល នូវថវិកាចំនួន ១០ ០០០ ០០០ រៀល (ដប់លានរៀល) និងម៉ាស៊ីនបូមទឹកចំនួន១០គ្រឿងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការរបស់សហគមន៍ បានជួបឧបសគ្គមួយចំនួនទាក់ទងនឹងរោងដាំបន្លែ និងកង្វះខាតប្រភពទឹកសម្រាប់ស្រោចស្របដំណាំរបស់សមាជិកសហគមន៍។ ក្នុងនាមលោកស្រី ជាប្រធានសហគមន៍ដាំបន្ថែចម្រុះ សូមសំណូមពរពីរចំណុច៖
១- ជួយសង់រោងបន្លែដល់ប្រជាកសិករម្នាក់១រោងបន្ថែមដែលមានទំហំ១០ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ឬទំហំ១០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ។
២- ជួយជីកប្រព័ន្ធស្រោចស្រព អណ្តូង ឬស្រះជាដើម។
បន្ទាប់ពីសិក្សាស្វែងយល់ពីចរន្តទីផ្សារ ក៏ដូចជាដំណើរការទូទៅរបស់សហគមន៍កន្លងមក លោក វណ្ណៈ សម្បតិ្ត បាននាំក្រុមការងារគម្រោងបន្លែ និង ក្រុមការងារគម្រោងបាយអូឆា ចុះទៅសិក្សាស្វែងយល់ផ្ទាល់ពីការដាំដុះដំណាំរបស់ប្រជាកសិករជាសមាជិកសហគមន៍ នៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមការបង្ហាញរបស់កសិករដាំបន្លែដែលជាសមាជិករបស់សហគមន៍ បានបង្ហាញយ៉ាងច្បាស់ថា សហគមន៍បានធ្វើការងារដោយភាពស្មោះត្រង់ជាមួយកសិករ ពិសេសគឺតម្លៃទិញចូលពីកសិករ និងតម្លៃលក់ចេញឱ្យក្រុមហ៊ុនជប៉ុន ឬ លក់ឱ្យឈ្មួញកណ្ដាលផ្សេងទៀតដោយមានតម្លាភាព។ ដូច្នេះ កសិករមានជំនឿលើសហគមន៍ ទើបមិនងាកបែររកកន្លែងលក់ថ្មី ទោះបីមានការឈ្មួញកណ្ដាលថ្មីៗមកសុំចរចាទិញបន្លែពីពួកគាត់ក៏ដោយ។ សហគមន៍អភិវឌ្ឍន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ នៅបន្តរក្សានិរន្តភាពក្នុងដំណើរការរបស់ខ្លួនបានមកទល់សព្វថ្ងៃនេះ ក៏ដោយសារតម្លាភាពជាមួយកសិករ ពិសេសគឺភាពស្មោះត្រង់។
បន្ទាប់ពីបញ្ចប់ការទស្សនកិច្ចសិក្សានៅកន្លែងដាំដុះរបស់ប្រជាកសិករជាសមាជិកសហមគមន៍បន្លែនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួច ក្រុមការងារក៏បានបន្តទៅទស្សនកិច្ចសិក្សាស្វែងយល់នៅទីតាំងពិសោធន៍ដាំបន្លែដោយប្រើប្រាស់បាយអូឆាអនុវត្តន៍លើដំណាំកសិកម្មរបស់ក្រុមការងារគម្រោងស្រាវជ្រាវបាអូឆានៃរាជបណ្ឌិត្យសភាកម្ពុជា នៅភូមិច្រកខ្លុង ឃុំទ័ពមៀន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ គម្រោងសិក្សាស្រាវជ្រាវចាប់ដំណើរនៅឆ្នាំ២០២០នេះ មានរយៈពេលជិត១ឆ្នាំហើយ ក្នុងគោលបំណងសំខាន់ផលិត និង ប្រើប្រាស់បាយអូឆា ដើម្បីកែប្រែដីឱ្យមានគុណភាព និងបង្កើនទិន្នផលដំណាំ។ ការផលិតបាយអូឆា គឺអាចវត្ថុធាតុដើមនៃសំណល់ផ្សេងៗរួមមាន សំណល់កសិកម្ម សំណល់សរីរាង្គផ្សេងៗ និងសំណល់ផ្ទះបាយជាដើម។ លោក ស្វាយ រីដា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគម្រោងស្រាវជ្រាវបាយអូឆានេះ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២១តទៅ ក្រុមការងារនឹងយកលទ្ធផលស្រាវជ្រាវដែលបានធ្វើឡើងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ សម្រាប់ជាទុនក្នុងការអនុវត្តដល់ប្រជាពលដ្ឋនៅតាមមូលដ្ឋាន ក្រោមគម្រោង «គោលនយោបាយយុទ្ធសាស្រ្តការអភិវឌ្ឍបាយអូឆានៅកម្ពុជា»។ គម្រោងនេះមានការចូលរួមពីសមាជិកស្រាវជ្រាវដូចជា៖ លោក ស្វាយ រីដា, លោក អាត ធារ៉ា, លោក លឹម សេងឌី និង លោក ហេង វីរិទ្ធិ ដោយមានឯកឧត្តមបណ្ឌិត យង់ ពៅ គឺជាអ្នកសម្របសម្រួលគម្រោង។
រូបភាព ១៖ សហគមន៍អភិវឌ្ឍន៍កសិកម្ម បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ
រូបភាព ២៖ កសិករកាត់សម្អាតបន្លែមុននឹងថ្លឹងលក់ទៅឱ្យសហគមន៍
រូបភាព ៣៖ លោកស្រី យូ លន់ កំពុងបង្ហាញសហគមន៍ ដល់ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា
រូបភាព ៤៖ លោក យិន ពោ ធ្វើបទសម្ភាសន៍លោក វណ្ណៈ សម្បត្តិ លេខាធិការសហគមន៍បន្លែចម្រុះ
រូបភាព ៥៖ រងដំណាំកសិករសមាជិកសហគមន៍ នៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
រូបភាព ៦៖ រងពិសោធន៍បាយអូឆាលើដំណាំពោត ស្ថិតនៅភូមិច្រកខ្លុង ឃុំទ័ពមៀន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
រូបភាព ៧៖ ក្រុមការងារចុះសិក្សាផលិតកម្មបន្លែនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ (ទីតាំងពិសោធន៍បាយអូឆា)
(រូបពីឆ្វេងទៅស្តាំ៖ លោកបណ្ឌិត ជា ស៊ីណាត, លោក អាត ធារ៉ា, លោក ហេង វីរិទ្ធិ, លោកបណ្ឌិត ផុន កសិកា, លោកបណ្ឌិត លឹម សេងឌី, និងលោក ស្វាយ រីដា)
(ព្រះវិហារ)៖ ក្រុមហ៊ុន Thalis និងអ្នកជំនាញផលិតឈីស (Cheese) មកពីប្រទសបារាំង ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជាមានបំណងដាក់ទុនវិនិយោគផលិតឈីស (Cheese) ពីទឹកដោះគោស្រស់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ដើម្បីសិក្សាពីលទ្ធភាពរៀបចំកិច្ចសហការរួមគ្នាលើការផលិតឈីសនៅពេលខាងមុខនេះដោយផ្ទាល់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ប្រតិភូជាន់ខ្ពស់នៃក្រុមហ៊ុន Thalis និងអ្នកជំនាញផលិតឈីសមកពីប្រទសបារាំង ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជា បានអញ្ជើញមកទស្សនកិច្ចឈ្វេងយល់ពីចង្វាក់ផលិតកម្មទឹកដោះគោស្រស់ និងកសិដ្ឋានចញ្ចឹមគោទឹកដោះ នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប នៃខេត្តព្រះវិហារ។
ប្រតិភូខាងលើមានចំនួន ៥នាក់ រួមមាន៖ ១. លោក Arnaud DARC នាយកក្រុមហ៊ុន Thalias ២. កញ្ញា Hak Lina នាយិការប្រតិបត្តិភោជនីយដ្ឋាន Topaz, Khema និងសណ្ឋាគារ Arunreas៣. លោក Nicolas ROUSSEAU អ្នកជំនាញផលិត ឈីស (Cheese) ៤. Mathilde VASSEUR ប្រធាន SCR និង៥. កញ្ញា Nguon Socheata ប្រធានផ្នែកលទ្ធកម្ម។
នៅក្នុងឱកាសជំនួបនេះ លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានធ្វើបទបង្ហាញអំពី ប្រវត្តិនៃការចញ្ចឹមគោទឹកដោះ និងសង្វាក់ផលិតកម្មកែច្នៃទឹកដោះគោស្រស់សុទ្ធ១០០ភាគរយ ជូនដល់ប្រតិភូ និងអ្នកជំនាញបានទទួលជ្រាប និងបានទៅទស្សនាទីតាំងសំខាន់ៗ មួយចំនួន ដូចជា ៖ កសិដ្ឋានចិញ្ចឹមគោទឹកដោះ ខ្សែសង្វាក់ផលិតកម្មកែច្នៃទឹកគោស្រស់ វាលស្មៅ កសិដ្ឋានចិញ្ចឹមពពែ និងទីតាំងបុរាណដ្ឋាន ព្រមទាំង សារៈមន្ទីរនៅនឹងស្ថានីយបុរាណវិទ្យាស្ដីពីឧស្សាហកម្មស្លដែកបុរាណ ថែមទៀតផងដែរ។
ក្រោយពីស្តាប់បទបង្ហាញនិងទស្សនាទីតាំងដោយផ្ទាល់មក ប្រតិភូនិងអ្នកជំនាញខាងផលិតឈីស បានវាយតម្លៃខ្ពស់និងចាប់អារម្មណ៍យ៉ាងខ្លាំងមកលើសក្តានុពលរបស់ឧទ្យាន ជាពិសេសបានផ្ដល់តម្លៃខ្ពស់ថា៖ «ផលិតផលទឹកដោះគោស្រស់នេះ គឺជាផលិតផលទឹកគោសុទ្ធ មានរស់ជាតិឆ្ងាញ់ ក្លិនឈ្ងុយក្រេម » ហើយមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា៖ «ទឹកដោះគោនេះ ពិតជាអាចយកទៅផលិតឈីសបានយ៉ាងល្អ»។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែត្រការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបរិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕
RAC Media | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីវគ្គផ្តាច់ព្រ័ត្រ «ស្ពានភាសាចិន» លើកទី១៩ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «ក្រោមមេឃ គ្រួសារតែមួយ» តាមប្រព័ន្ធអនឡាញ។
កម្មវិធីដែលបានរៀបចំឡើងតាមប្រព័ន្ធអនឡាញនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា៖ «ស្ពានភាសាចិន គឺជាកម្មវិធីមួយ ដែលអាចឱ្យអ្នកសិក្សាភាសាចិនបានស្វែងយល់ពីភាសា និងវប្បធម៌ចិន ហើយក៏អាចជំរុញលើកទឹកចិត្តដល់យុវជន យុវតីកម្ពុជា ក៏ដូចជាជនបរទេសផ្សេងទៀតឱ្យសិក្សាភាសាចិនផងដែរ»។ លោកបានបន្តទៀតថា៖«ជោគជ័យរបស់ក្មួយៗនៅថ្ងៃនេះ មិនមែនតែជោគជ័យសម្រាប់បុគ្គលប៉ុណ្ណោះទេ គឺជាជោគជ័យតំណាងឱ្យគ្រួសារ គ្រឹះស្ថានសិក្សា និងជាពិសេសគឺតំណាងឱ្យប្រទេសយើងផ្ទាល់ផងដែរ»។
ឯកឧត្តម Wang Wentian បានមានប្រសាស៍ថា៖«យើងសប្បាយចិត្តនៅពេលដែលបានឃើញដំណើរវិវឌ្ឍន៍នៃជោគវាសនារួមគ្នារវាងកម្ពុជា-ចិន បាននិងកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិស័យផ្សេងៗទៀតរវាងប្រទេសកម្ពុជា និងចិន ម្យ៉ាងវិញទៀត កំណើននៃការសិក្សាភាសាចិន ក៏កើនឡើងជាបន្តបន្ទាប់ដែរ រីឯកំណើននិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិន ក៏កើនឡើងឥតឈប់ឈរ ដែលមានចំនួនសរុបលើសពី៣០០០នាក់»។ ម្យ៉ាងវិញទៀត លោកក៏បានបន្ថែមទៀតថា៖ «ប្រធានបទនៃការប្រកួតស្ពានភាសាចិន ឆ្នាំនេះ គឺក្រោមមេឃ គ្រួសារតែមួយ ដែលសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ក្នុងការប្រឈមមុខនឹងកូវីដ១៩ ដោយរដ្ឋាភិបាល និងប្រជាជននៃប្រទេសកម្ពុជា-ចិន បានរួមសុខ រួមទុក្ខជាមួយគ្នា បានធ្វើជាគំរូដ៏ល្អសម្រាប់សង្គមអន្តរជាតិ ព្រមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីអត្ថន័យស្នូលនៃក្រោមមេឃ គ្រួសារតែមួយ»។
លោកទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃ “ស្ពានភាសាចិន” ដែលជាវេទិកាមួយសម្រាប់អ្នកសិក្សាភាសាចិនមិនត្រឹមតែបង្ហាញពីសមត្ថភាពភាសាចិន និងទេពកោសល្យសិល្បៈប៉ុណ្ណោះទេ ថែម ទាំងអាចស្វែងយល់ពីវប្បធម៌ចិនកាន់តែស៊ីជម្រៅ ហើយក៏ជា “ស្ពាន” ផ្សារភ្ជាប់ទំនាក់ទំនងរវាងមិត្តភាពកម្ពុជា-ចិនផងដែរ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកនេះ ប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដែលមានបេក្ខភាពចំនួន១៣នាក់ចូលរួម។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ដោយក្រោយពីការជ្រើសរើស វាយតម្លៃយ៉ាងហ្មត់ចត់ និងយុត្តិធម៌របស់គណៈមេប្រយោគ យើងបានសម្រិតសម្រាំងយកបេក្ខជនជ័យលាភីលេខ១ ចំនួន ១នាក់, ជ័យលាភីលេខ២ ចំនួន ២នាក់, ជ័យលាភីលេខ៣ ចំនួន ៣នាក់ រួមមាន៖
១. រ័ត្ន ម៉ីជីង 林美金 Roth Meijin ទទួលបានជ័យលាភីលេខ ១
២. តែ សុខលី 郑淑莉 Te Sokly ទទួលបានជ័យលាភីលេខ ២
៣. លី សៀវហុង 李秀凤 Ly Sivhong ទទួលបានជ័យលាភីលេខ ២
៤. ណូន និមល 林青美 Non Nimol ទទួលបានជ័យលាភីលេខ ៣
៥. ថាវ គិមហៀង
何 晶 Thav kimheang ទទួលបានជ័យលាភីលេខ ៣
៦. ថាំង ជាលី 唐嘉丽 Thang chealy ទទួលបានជ័យលាភីលេខ ៣។
នារសៀលថ្ងៃដដែល វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីចែករង្វាន់ និងបណ្ណសរសើរជូនបេក្ខជនដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីស្ពានភាសាចិនក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា, កញ្ញា វុធ សុភ័ក្រណា នាយិកាភាគីកម្ពុជា និង លោក ឆាយ ឃឹឈីង នាយកភាគីចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏មានការចូលរួមពីភ្ញៀវកិត្តិយសភាគីចិនគឺ លោក Zhang Hongbo អគ្គនាយកក្រុមហ៊ុន CCFED និង លោក Wang Huabin ប្រធានធនាគារចិន(ហុងកុង)សាខាភ្នំពេញ។
រង្វាន់សម្រាប់ផ្តល់ជូនបេក្ខជនទាំង ១៣នាក់ រួមមាន៖
រង្វាន់លើកទឹកចិត្ត៖ ទូរសព្ទHuawei Y9 (ជើងទម្រទូរសព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរសព្ទ ម៉ាកកុងហ៊្វូឡុង)។
រង្វាន់ប្រជាប្រិយភាព៖ ទូរសព្ទHuawei Y6P, (ជើងទម្រទូរសព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរសព្ទ ម៉ាកកុងហ៊្វូឡុង)។
រង្វាន់ទេពកោសល្យសិល្បៈ៖ ទូរសព្ទHuawei Y6P, (ជើងទម្រទូរសព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរសព្ទ ម៉ាកកុងហ៊្វូឡុង)។
រង្វាន់ជ័យលាភីលេខ៣៖ ទូរសព្ទHuawei Y8P(ជើងទម្រទូរសព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរសព្ទ ម៉ាកកុងហ៊្វូឡុង)។
រង្វាន់ជ័យលាភីលេខ២៖ ទូរសព្ទHuawei Nova 7i (ជើងទម្រទូរសព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរសព្ទ ម៉ាកកុងហ៊្វូឡុង)។
រង្វាន់ជ័យលាភីលេខ១៖ ទូរសព្ទHuawei P40 (ជើងទម្រទូរសព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរសព្ទ ម៉ាកកុងហ៊្វូឡុង)៕
RAC Media | រឿន ភារុន
កាលពីសៀលថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៦ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីវាយតម្លៃបេក្ខភាពសមាជិកបណ្ឌិតសភាចារ្យពេញសិទ្ធិ និងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ RAC ២-១១ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជាមានរបៀបវារៈដូចតទៅ៖
១. ការពិនិត្យ និងបោះឆ្នោតជ្រើសរើសសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា
២. ការពិនិត្យ និងបោះឆ្នោតជ្រើសរើសសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
៣. ផ្សេងៗ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រាជបណ្ឌិត្យសភាកម្ពុជាមានបណ្ឌិតសភាចារ្យពេញសិទ្ធិសរុបចំនួន ២១រូប និងសមាជិកបម្រុងចំនួន ១៥រូប និងសមាជិកកិត្តិយស ១រូប។ ការបន្តជ្រើសរើសសមាជិកបណ្ឌិតសភាចារ្យពេញសិទ្ធិនាពេលនេះ គឺធ្វើឡើងស្របតាមលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ឱ្យមានសមាជិកបណ្ឌិតសភាចារ្យពេញសិទ្ធិរហូតដល់ចំនួន ៧៩រូប៕
RA Media | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំផលិតវីដេអូចម្រៀងព្រះនាងឥន្ទ្រទេវី និងបង្កើតមូលនិធិ ឥន្ទ្រទេវី។
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំនិពន្ធបទចម្រៀង «ព្រះនាងឥន្ទ្រទេវី» ដែលយកលំនាំបទដើម ប្រាស្នាព្រះមហោសថដែលបានអធិប្បាយពីគុណបំណាច់របស់ព្រះនាងឥន្ទ្រទេវី ដែលអគ្គមហេសីនៃព្រះបាទជ័យវរ្ម័នទី៧ ក្នុងការបំពេញព្រះរាជកិច្ចជំរុញវិស័យសិក្សាធិការជាតិ នាសម័យមហានគរ ដែលជាសម័យកាលដ៏រុងរឿងនៃចក្រភពអង្គ។
ដើម្បីជំរុញការផ្សព្វផ្សាយដល់យុវជនខ្មែរជំនាន់ថ្មីឱ្យងាកមកចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមពីគុណបំណាច់ និងស្នាដៃដ៏ឧត្តុង្គឧត្តមរបស់ព្រះនាងឥន្ទ្រទេវី ដែលជាក្សត្រីល្បីល្បាញ និងជាអ្នកប្រាជ្ញខ្មែរបន្ថែមទៀត ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យថតវីដេអូបង្ហាញអំពី ព្រះនាងឥន្ទ្រទេវី ដែលមានចំណេះខ្ពង់ខ្ពស់ជាសាស្ត្រាចារ្យ បានបណ្តុះបណ្តាលបញ្ញវន្តជាន់ខ្ពស់ជាច្រើនឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ។
ក្រៅពីនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានឯកភាពឱ្យក្រុមការងារបង្កើតមូលនិធិ ឥន្ទ្រទេវី ផងដែរ ដើម្បីទ្រទ្រង់វិស័យអប់រំសិល្បៈ និងវប្បធម៌ខ្មែរសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។ ឆ្លៀតឱកាសនេះ ឯកឧត្តមបណ្ឌិតបានដឹកនាំពិនិត្យមើលសាលមហោស្រពដែលកំពុងសាងសង់នៅក្នុងអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ ដើម្បីត្រៀមរៀបចំឆាកសម្តែងក្រោយការសាងសង់អគាររួចរាល់។
សូមបញ្ជាក់ថា បទចម្រៀង «ព្រះនាងឥន្ទ្រទេវី» ដែលយកលំនាំបទដើម ប្រាស្នាព្រះមហោសថ ត្រូវបានតាក់តែងឡើងដោយនិស្សិត សរ រិទ្ធី ជំនាញទស្សនវិជ្ជា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនានទី៧ វគ្គ១ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការកែសម្រួលពីលោកឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គរដ្ឋលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការផលិតដោយនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនានទី៧ វគ្គ១ នៃរាជបណ្ឌិត្យសភាកម្ពុជា៕
RAC Media| រឿន ភារុន
ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពី តើកម្ពុជាត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ចប់? ដែលប្រព្រឹត្តទៅនៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កម្ពុជាត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍ ដើម្បីប្រែក្លាយខ្លួនពីប្រទេសអ្នកហូប (ប្រទេសនាំចូលផលិតផលពីបរទេស) ទៅជាប្រទេសអ្នកផលិតវិញ ដើម្បីពង្រឹងសេដ្ឋកិច្ចរឹងមាំយូរអង្វែង។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសអ្នកផលិតទៅថ្ងៃអនាគត កម្ពុជាត្រូវតែខិតខំកែច្នៃផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ននេះថែមទៀត។
ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសក្តានុពលក្នុងវិស័យកសិកម្ម ជាពិសេសគឺស្រូវ ប៉ុន្តែកម្ពុជាពុំទាន់បានកែច្នៃស្រូវឱ្យទៅជាផលិតផលផ្សេងៗ ដើម្បីបំពេញតម្រូវការទីផ្សារនៅលើពិភពលោកនោះទេ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមថា ប្រសិនបើកម្ពុជាអាចកែច្នៃស្រូវឱ្យទៅជាអាហារ ឬផលិតផលផ្សេងៗបាន១០ ទៅ២០មុខ កម្ពុជានឹងក្លាយប្រទេសអ្នកផលិត មានទីផ្សារច្រើន និងបង្កើនចំនួនពលកម្មការងារនៅក្នុងប្រទេស។ ដោយឡែក ពាក់ព័ន្ធនឹងបន្លែវិញ ឯកឧត្តមបណ្ឌិតសភាចារ្យបានមើលឃើញថា កម្ពុជាបាននាំចូលពីប្រទេសវៀតណាម ខណៈកម្ពុជាក៏អាចផលិតបន្លែទាំងនោះបានដូចគ្នា ដូចនេះឯកឧត្តមបណ្ឌិតសភាចារ្យបានជំរុញឱ្យមានកែច្នៃកសិកម្មរបស់ខ្លួនឱ្យទៅជាកសិទេសចរណ៍។
ដើម្បីឱ្យកម្ពុជាខ្លាំង និងក្លាយទៅជាប្រទេសអ្នកផលិត ឯកឧត្តមបណ្ឌិតសភាចារ្យបានបង្ហាញ៤ចំណុចដែលកម្ពុជាត្រូវធ្វើក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់រួមមាន៖ ១. បន្តផ្តោតការយកចិត្តទុកដាក់ និងពង្រឹងមូលដ្ឋានផលិតកម្ម ដូចជា ទឹក ភ្លើង ផ្លូវ ២. កំណែទម្រង់ធនធានមនុស្សចាប់ពីកម្រិតមតេ្តយ្យសិក្សា ដោយតម្រង់ទិសនៃការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្អែកលើធនធានមនុស្ស និងបច្ចេកវិទ្យាថ្មីៗ (ឧស្សាហកម្ម៤.០) ៣. ធ្វើពិធីកម្មវិស័យសំខាន់ៗដែលជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងសម្រាប់គាំទ្រដល់វិស័យដទៃទៀតដូចជាកសិកម្ម ដើម្បីទេសចរណ៍ កសិកម្មដើម្បីឧស្សាហកម្ម និងកសិកម្មដើម្បីការនាំចេញទៅក្រៅប្រទេស និង៤.បន្តកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលយុវជនដែលជាកម្លាំងស្នូលគ្រប់កម្រិតសិក្សា ជាពិសេសគឺចាប់ពីកម្រិតមតេ្តយ្យសិក្សារហូតដល់មធ្យមសិក្សា៕
RAC Media| រឿន ភារុន
ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយបញ្ចប់កូវីដ-១៩ កម្ពុជាត្រូវជំរុញការអភិវឌ្ឍលើវិស័យអាទិភាពចំនួន ៣រួមមាន៖ វិស័យទេសចរណ៍ក្នុងស្រុក កសិកម្ម និងស័យសហគ្រាសធុនតូច និងធម្យម (SMEs) ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិតសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូប។
ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពី តើកម្ពុជាត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ចប់? ដែលប្រព្រឹត្តទៅនៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនានេះ លោកបណ្ឌិតឯកទេសសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ បានប្រមើលមើលឃើញថា សេដ្ឋកិច្ចរបស់កម្ពុជា ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ជាសកលអាចមានភាពប្រសើរឡើងវិញ ប្រសិនបើកម្ពុជាបានស្តារឡើងវិញនូវវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យទេសចរណ៍ក្នុងស្រុក វិស័យកសិកម្ម និងជំរុញវិស័យសហគ្រាសធុនតូច និងធម្យម (SMEs)។
លោកបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា៖«សេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញបាន គឺទី១៖ យើងត្រូវស្តារទេសចរណ៍ក្នុងស្រុក, ទី២៖ យើងត្រូវកែច្នៃកសិកម្មរបស់យើង ឲ្យទៅជាកសិកម្មគាំទ្រដល់វិស័យទេសចរណ៍ និងជាផលិតផលសិរីរាង្គ និងទី៣៖ កាត់បន្ថយថ្លៃដើមលើកការដឹកជញ្ជូន និងយកចិត្តទុកដាក់ ទៅលើឧស្សាហកម្មខ្នាតតូច (SMEs) ដែលជាឧស្សាហកម្មដ៏សំខាន់ ធ្វើយ៉ាង ណាឲ្យអាចមានការឱកាសរួមគ្នានាំចេញទៅក្រៅប្រទេសបាន»។
ចំពោះវិស័យទេសចរណ៍ក្នុងស្រុក លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានចាត់ទុកថា ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកជាង ១១លាននាក់ គឺជាកូនសោគន្លឹះក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ។ ចំណែកវិស័យកសិកម្មវិញ លោកបណ្ឌិតបានឱ្យយោបល់ថា កម្ពុជាត្រូវតែប្តូរយុទ្ធសាស្ត្រផលិតនូវផលិតផលសិរីរាង្គ ដែលមានតម្រូវការទីផ្សារខ្ពស់ខុសពីប្រទេសនានា ដើម្បីផ្គត់ផ្គង់វិស័យទេសចរណ៍ ព្រមទាំងត្រូវរៀបចំចងក្រងជាសហគមន៍កសិកម្ម និងការពង្រឹងទីផ្សារកសិផល ដើម្បីជំរុញវិស័យកសិកម្ម។
ជាទីបញ្ចប់ ចំពោះវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលផ្តល់កម្លាំងពលកម្មប្រមាណជាង៧០ភាគរយ នៃវិស័យឧស្សាហកម្ម និងសិប្បកម្ម លោកបណ្ឌិតមើលឃើញថា កម្ពុជាមានចំណុចខ្វះខាតក្នុងវិស័យ SMEs មួយចំនួនដែលត្រូវកែលម្អដោះស្រាយ ក្នុងនោះរួមមាន៖ ខ្វះនូវបញ្ហាបច្ចេកទេស បច្ចេកវិទ្យា និងកម្លាំងពលកម្មជំនាញ ព្រមទាំងសីលធម៌ក្នុងការប្រកួតប្រជែងផងដែរ។
គួរបញ្ជាក់ថា ច្បាប់ថវិកានៅឆ្នាំ២០២០ ដែលបានអនុម័តមុនពេលកើតមានជំងឺកូវីដ១៩នេះ កម្ពុជាគ្រោងចំណាយថវិកាជាតិប្រហែលជិត៨ពាន់លានដុល្លារ ប៉ុន្តែការចំណាយជាក់ស្តែងគឺត្រូវបានកាត់បន្ថយប្រហែលពាក់កណ្តាល ខណៈវិបត្តិកូវីដ១៩ បានទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាចំនួន ១.៩ភាគរយ ក្នុងឆ្នាំ២០២០នេះ។ រាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងវិញក្នុងអត្រា៣.៥ភាគរយនៅឆ្នាំ២០២១ ៕
RAC Media| រឿន ភារុន
ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត នុត សម្បត្តិ បានប្រមើលឃើញថា ជំងឺកូវីដ-១៩ អាចនឹងផ្ទុះឡើងវិញ ប្រសិនបើប្រជាជនមានការធ្វេសប្រហែស ពុំអនុវត្តតាមការណែនាំស្តីពី វិធានការបង្កាការពារ និងទប់ស្កាត់របស់ក្រសួងសុខាភិបាល។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកជំនាញជុំវិញពិភពលោកពុំទាន់រកឃើញថ្នាំ និងវ៉ាក់សាំងព្យាបាលជំងឺកូវីដ-១៩ នោះទេ។
ពីកិច្ចពិភាក្សាតុមូលស្តីពី តើកម្ពុជាត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ចប់? ដែលប្រព្រឹត្តទៅនៅក្នុងសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនានេះ បណ្ឌិត នុត សម្បត្តិ បានមានប្រសាសន៍ឡើងថា ជំងឺកូវីដ-១៩ នៅតែជាជំងឺដែលមានហានិភ័យខ្ពស់សម្រាប់ពិភពលោកនៅឡើយ ដ្បិតវាជាជំងឺដែលឆ្លងរីករាលរហ័សហើយពុំទាន់មានថ្នាំ និងវ៉ាក់សាំងព្យាបាលអ្នកជំងឺឱ្យជាសះស្បើយជាផ្លូវការនៅឡើយ។
ផ្អែកលើការសិក្សាស្រាវជ្រាវ និងព័ត៌មានជុំវិញពិភពលោក ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញការបារម្ភថា ជំងឺកូវីដ-១៩ ដែលបានផ្ទះកើតឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ នឹងមានវដ្តជំងឺដល់រយៈពេលមួយឆ្នាំរបស់វា ដូចនេះវានឹងដល់រដូវដែលអាចងាយរីកដាលខ្លាំងជាង ប្រសិនបើពិភពលោកពុំទាន់ពិសោធន៍រកឃើញថ្នាំ និងវ៉ាក់សាំងព្យាបាល។ ជាក់ស្តែង ឯកឧត្តមបណ្ឌិតមើលឃើញថា ជំងឺកូវីដ-១៩ កំពុងផ្ទុះជាថ្មីនៅក្នុងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសឥណ្ឌា ក្នុងចំណោមប្រទេសដែលមានជំងឺកូវីដ-១៩ ប្រមាណ ២០០ប្រទេសនៅជុំវិញពិភពលោក។
ពាក់ព័ន្ធថ្នាំព្យាបាលជំងឺកូវី-១៩នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ បានបង្ហាញឱ្យឃើញបន្ថែមទៀតថា អង់គ្លេសបានសិក្សាសាកល្បងថ្នាំព្យាបាលកូវីដ១៩ គឺថ្នាំ Dexamethasone ដែលស្ថិតនៅក្នុងចង្កោមគ្រួសារថ្នាំSteroïde ដែលមានតម្លៃធូរថ្លៃ គឺជាថ្នាំទីមួយដែលជួយអ្នកជំងឺឱ្យបានរួចពីស្លាប់ដោយជំងឺកូវីដ១៩ ប៉ុន្តែវាមានបញ្ហាប្រឈមប៉ះពាល់ខ្ពស់ចំពោះសុខភាពក្រពះ ថ្លើម និងសួតរបស់មនុស្សនៅថ្ងៃអនាគត។
ឯកឧត្តមបណ្ឌិតបានព្រមានថា វាពុំមែនជាថ្នាំស្តង់ដារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩មួយប្រសើរឡើយ ពោលគឺវាគ្រាន់តែលទ្ធផលនៃការសិក្សាចេញភ្លាមរបស់អង់គ្លេសប៉ុណ្ណោះ។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតបានណែនាំប្រជាជនឱ្យអនុវត្តតាមការណែនាំស្តីពី វិធានការបង្កាការពារ និងទប់ស្កាត់ជំងឺកូវីដ - ១៩របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា យោងតាមទិន្នន័យ Worldometer គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ពិភពលោកមានអ្នកផ្ទុកជំងឺកូវីដ-១៩. ជាង៨លាននាក់ ក្នុងនោះ មានអ្នកស្លាប់ជាង ៤៤មុឺននាក់ និងអ្នកជាសះស្បើយមានជាង ៤លាននាក់។ ចំណែកកម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១២៩នាក់ ក្នុងនោះ១២៦នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
RAM Media | រឿន ភារុន
កាលពីសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន២ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM