ព័ត៌មាន

បទវិភាគ៖ ភាពយន្តចិនពីរគឺ Lost in the Stars (ចិន៖ 消失的她) និង No More Bets (ចិន៖ 孤注一掷 ) កំពុងធ្វើឱ្យភ្ញៀវទេសចរជនជាតិចិនព្រួយបារម្ភពីសុវត្ថិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍

រៀបរៀងដោយ៖ លោក ប៉ាង រតនា , បណ្ឌិត សុង ស៊ីណា, លោក ទេព វន្ថា និង បណ្ឌិត ជិន សុជាតិ, នៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។​

ក្នុងពេលថ្មីៗនេះ អ្នកទស្សនាខ្សែភាពយន្តចិនចំនួនពីររឿងគឺ Lost in the Stars (ចិន៖ 消失的她) និង No More Bets (ចិន៖ 孤注一掷 ) បានធ្វើឱ្យមានការរំជើបរំជួលដល់ភ្ញៀវទេសចរជនជាតិចិនដែលមានបំណងមកទស្សនានៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអគ្នេយ៍ ដោយសារតែរឿងទាំងពីរសុទ្ធតែបានបង្ហាញពីបទឧក្រិដ្ឋកម្មលើជនជាតិចិនក្នុងតំបន់នេះ។

Lost in the Stars (ចិន៖ 消失的她) គឺជាភាពយន្តឧក្រិដ្ឋកម្មអាថ៌កំបាំងចិនឆ្នាំ២០២២ ដែលដឹកនាំដោយ Cui Rui និង Liu Xiang ។ រឿងនេះបានបង្ហាញប្រាប់ពីប្រពន្ធរបស់ He Fei Li Muzi ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងដំណើរកម្សាន្តខួបអាពាហ៍ពិពាហ៍។ វាជាខ្សែភាពយន្ដដែលនិយាយអំពីរឿងរ៉ាវនៃករណីដ៏រន្ធត់មួយ ហើយបន្ទាប់​មក​ស្រ្តីដែលបាត់ខ្លួនចុងក្រោយត្រូវបានគេបាញ់សម្លាប់ ។

Global Times បានរាយការណ៍នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះថា ភាពយន្តចិនថ្មីមួយទៀត គឺ Lost in The Stars គឺជាខ្សែភាពយន្តដែលរកចំណូលបានច្រើនជាងគេមួយដែរ កំពុងតាមពីក្រោយដោយ No More Bets ។ នៅលើគេហទំព័រដ៏ពេញនិយមមួយឈ្មោះ Douban អ្នកប្រើប្រាស់ Liuyisi បាននិយាយថា Lost in The Stars ពិពណ៌នាអំពីស្ត្រីដែលបាត់ខ្លួនដែលចុងបញ្ចប់ត្រូវបានសម្លាប់នៅតំបន់អាស៊ីអាគ្នេយ៍ ។

ដោយឡែកភាពយន្ត រឿង No More Bets ដែលភាសាចិនសរសេរថា 孤注一掷 គឺជាភាពយន្តចិនបែបឧក្រិដ្ឋកម្ម ដែលបានរៀបរាប់ពីដំណើររឿងអំពីមនុស្សដែលត្រូវបានគេជួញដូរទៅបរទេស និងបង្ខំឱ្យបោកប្រាស់តាមអ៊ីន​ធឺណិត។ តួអង្គបុរសក្នុងរឿងនេះគឺ Pan Sheng គឺអ្នកសរសេរកម្មវិធីអនឡាញ និងតារាស្រីបង្ហាញម៉ូត Liang Anna ដែលត្រូវបានទាក់ទាញឱ្យទៅធ្វើការនៅឯ បរទេស ដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែចុងក្រោយក្លាយទៅជាទាសករចូលរួមប្រព្រឹត្តបទឧក្រិដ្ឋបោកប្រាស់តាមអនឡាញដោយបង្ខំក្នុងរោងចក្រក្លែងបន្លំមួយដែលមិនបានបញ្ជាក់ពីប្រទេសណាមួយឱ្យប្រាកដក្នុងតំបន់អាស៊ីអគ្នេយ៍ ប៉ុន្តែទិដ្ឋភាពក្នុងខ្សែភាពយន្តស្រដៀងនឹងប្រទេសថៃភាគច្រើន។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទវិភាគជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/17/researchs#main-container




 



2023-10-02 08:18:24   ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 03:18 PM
ធម្មចរិយានៃស្នាដៃគតិលោក ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី- ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃ​វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

ឧកញ៉ាសុត្តន្តប្រីជាឥន្ទ បានរៀបរៀងស្នាដៃមួយដ៏ល្បីល្បាញ មានឈ្មោះថា «គតិលោក»។ ស្នាដៃនេះជាឃ្លាំងផ្ទុកចំណេះដឹងយ៉ាងទូលំទូលាយសម្រាប់អ្នកសិក្សាគ្រប់ស្រទាប់វណ្ណៈដែលអាចបណ្តុះការយល់ដឹងរបស់គេឱ្យកាន់តែស៊ីជម្រៅនិងកាន់តែប្រសើរឡើងថែមទៀត។ ដោយមើលឃើញពីគុណតម្លៃនៃស្នាដៃគតិលោករបស់លោកឧកញ៉ា សុត្តន្តប្រីជាឥន្ទ មានវិសាលភាពធំធេងយ៉ាងដូច្នេះហើយ ទើបស្មេរមានគំនិតសិក្សាវិភាគពីធម្មចរិយាដែលមាននៅក្នុងរឿងតំណាលនៃគតិលោកពីភាគទី១ ដល់ភាគទី១០ ដើម្បីជាចំណែកនៃការផ្សព្វផ្សាយចែករំលែកទៅអ្នកសិក្សាទុកគ្រាន់ជាសេចក្តីត្រិះរិះពិចារណាបន្ថែមសម្រាប់ការកសាងមាគ៌ាជីវិតរបស់ខ្លួនឱ្យកាន់តែល្អ កាន់តែប្រសើរនៃធម្មចរិយា ពោលគឺការសិក្សាស្នាដៃនេះនឹងអាចក្លាយជាគតិ ជាស្ពានមួយនៃពន្លឺទៅកាន់អ្វីដែលល្អត្រឹមត្រូវ និងជួយដាស់តឿនក្រើនរំឭកស្មារតីកូនចៅជំនាន់ក្រោយ ក៏ដូចជាយុវជនសម័យនេះឱ្យងាកមកចាប់អារម្មណ៍ធម្មចរិយា ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិនិងនាំមនុស្សទៅរកវិបុលសុខនិងភាពរីកចម្រើន។

តាមទ្រឹស្តីនៃអក្សរសិល្ប៍ គេថាសង្គមបែបណាអក្សរសិល្ប៍បែបនោះ ដ្បិតអ្នកនិពន្ធគឺជាអ្នកនាំពាក្យ ជាមគ្គុទេស ជាភ្នែក ជាច្រមុះ ក្នុងការឆ្លុះបញ្ចាំងពីការពិតដែលកើតមានឡើងនៅក្នុងសង្គមតាមរយៈការតាក់តែងចងក្រងជានិម្មិតកម្មស្នាដៃឡើង។ យ៉ាងណាមិញនៅក្នុងស្នាដៃតែងនិពន្ធ ឬអត្ថបទខ្លីៗ (គតិលោក) របស់ឧកញ៉ាសុត្តន្តប្រីជាឥន្ទទាំង​១០​ភាគ ក៏បានបង្កប់ទៅដោយទស្សនវិជ្ជា គតិបណ្ឌិតល្អៗដែលលាតត្រដាងនូវការពិតនៃតថភាពសង្គមផងដែរ។ តើស្នាដៃ​គតិលោករបស់ឧកញ៉ាសុត្តន្តប្រីជាឥន្ទទាំង១០ភាគមានរឿងអ្វីខ្លះ? ហើយរឿងទាំងនោះបានបង្ហាញពីតថភាពសង្គមនៃធម្មចរិយាដូចម្តេចដែរ?

មុននឹងយើងធ្វើការសិក្សាបកស្រាយពីលក្ខណៈនៃធម្មចរិយាតាមរយៈស្នាដៃគតិលោក យើងតោងយល់និងស្គាល់ពីជីវប្រវត្តិអ្នកនិពន្ធ និងស្នាដៃក៏ដូចជាពាក្យគន្លឹះមួយចំនួនជាមុនសិន។

សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទស្រាវជ្រាវជាច្រើន តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=7




2023-10-02 02:07:59   ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 09:07 AM
ភ្នំបូរី និងទំនាក់ទំនងជាមួយអង្គរបូរី, Phnom Borei and Its Relationship with Angkor Borei ដោយ៖ ឯកឧត្តមបណ្ឌិត ផុន កសិកា- ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

អង្គរបូរី គឺជាទីតាំងនៃទីក្រុងមានកំពែងធំ ដែលជារាជធានីសម័យហ្វូណន (សតវត្សទី១ ដល់ទី៦ តាមរយៈបរិច្ឆេទវិទ្យុសកម្មធ្យូង C14 ជាទីកន្លែងមនុស្សរស់ច្រើនសតវត្សរ៍ និងនិងជាទីបញ្ចុះសពរហូតដល់ចុងសហស្សវត្សរ៍ទី១ មុន គ.ស.)។ អង្គរបូរីក៏មានភស្តុតាងមនុស្សរស់នៅ រយៈពេលវែង មានសំណង់ស្ថាបត្យកម្មឥដ្ឋ និងថ្មបាយក្រៀម រូបចម្លាក់ សិលាចារិក និងជំនួញ ពាណិជ្ជកម្ម។ នៅមានប្រាសាទភ្នំដាដ៏ល្បីល្បាញសង់នៅលើភ្នំដា (អាស្រមមហាឬស្សីសតវត្សទី៧ និងប្រាសាទភ្នំដា ក្នុងសតវត្សរ៍ទី១១)។ តំបន់នេះមានសណ្ឋានដីជាវាលទំនាបទាប ដែលទទួលរងការជន់លិចពីភ្លៀងមូសុងប្រចាំឆ្នាំ។ ការសិក្សាស្រាវជ្រាវបុរាណវត្ថុវិទ្យាដែលចាប់ផ្តើមពីឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្នក៏បានរកឃើញទួលបុរាណ និង ទួលប្រាសាទមានគូទឹកព័ទ្ធជុំវិញ ដែលមានឥដ្ឋ សេរ៉ាម៉ិក និងវត្ថុបុរាណផ្សេងៗទៀតទាំងនៅក្នុងស្រុកអង្គរបូរី និងនៅតំបន់វាលទំនាបខេត្តតាកែវ។ ភាគច្រើនជាលក្ខណៈនៃការតាំងទីលំនៅ និងជាប្រាសាទ ឬទីគោរពសក្ការបូជា តូចៗ។

នៅចម្ងាយប្រមាណ៥គីឡូម៉ែត្រ ខាងត្បូងក្រុងអង្គរបូរី មានភ្នំមួយឈ្មោះថា «ភ្នំបូរី» ស្ថិតក្នុងភូមិបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរប៉ី ខេត្តតាកែវ។ នៅតាមជើងភ្នំបូរី យើងសង្កេតឃើញមានបំណែកកុលាលភាជន៍ ក៏ដូចជាឥដ្ឋដូចគ្នាទៅនឹងឥដ្ឋសង់ប្រាសាទ នៅរាយប៉ាយនៅតាមកន្លែងដែលគេព្យួរដីដាំដំណាំ ជីក ធ្វើផ្លូវ ឬ ជីកស្រះទឹកជាដើម។ ការសិក្សាប្រៀបធៀបអំពីកុលាលភាជន៍ដែលមាននៅភ្នំបូរីទៅនឹងកុលាលភាជន៍រកបានពីកំណាយអង្គរបូរី មានលក្ខណៈស្រដៀងគ្នា និងបង្ហាញថា ពេលវេលានៃការតាំងទីលំនៅនៅភ្នំបូរីក៏អាចប្រហាក់ប្រហែលគ្នានឹងពេលវេលានៃការតាំងទីលំនៅរបស់មនុស្សនៅអង្គរបូរីដែរ។

អត្ថបទនេះនឹងបង្ហាញអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវធ្វើកំណាយនៅភ្នំបូរី កាលពីខែតុលា ឆ្នាំ២០០៤ កន្លងទៅ។ ការសិក្សាស្រាវជ្រាវធ្វើកំណាយមានគោលបំណងឈ្វេងយល់អំពីទំនាក់ទំនងរវាងស្ថានីយភ្នំបូរីនិងអង្គរបូរី ដែលជាស្ថានីយនៅក្បែរគ្នា។ គោលបំណងផ្សេងទៀតគឺចង់រកអាយុកាលនៃការទីតាំងលំនៅដ្ឋាននៅស្ថានីយភ្នំបូរីនេះដែរ។

សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទស្រាវជ្រាវជាច្រើន តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs?page=22



2023-10-02 01:52:50   ថ្ងៃចន្ទ, 02 តុលា 2023 ម៉ោង 08:52 AM
ទស្សនវិទូក្រិកបុរាណសម័យ (សូក្រាត ប្លាតុង អារីស្តូត) ដោយ៖ បណ្ឌិត ហែម ឡាច- នាយកដ្ឋាននីតិសាស្ត្រ នៃវិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

កំណើតប្រហែល៦០០ឆ្នាំមុនគ្រិស្តសករាជ។ ទស្សនវិជ្ជាចាប់កំណើតតាំងពីពេលដែលមនុស្សចេះត្រិះរិះពិចារណារកហេតុផលចំពោះអ្វីៗដែលនៅក្នុងខ្លួនមនុស្សនិងចេះត្រិះរិះពិចារណាលើវត្ថុនិងបាតុភូតនៅក្នុងពិភពលោកនេះ។ គេបានដឹងថា ប្រទេសដែលចាប់ផ្ដើមមានពន្លកទស្សនវិជ្ជាមុនគេគឺ ប្រទេសឥណ្ឌា ចិន អេហ្សីប បាប៊ីឡោនជាដើម។ ទស្សនវិជ្ជានៅប្រទេសទាំងអស់នោះបានចាប់កំណើតឡើង តែគ្រាន់តែជាពន្លកដំបូង ព្រោះពុំទាន់មានប្រព័ន្ធច្បាស់លាស់។ ប៉ុន្តែ ប្រទេសដែលបានចងក្រងទស្សនវិជ្ជាជាប្រព័ន្ធ គឺប្រទេសក្រិកបុរាណសម័យ។ កាលនោះ ប្រទេសក្រិកជាមហាអំណាចមួយដែលមានទំនាក់ទំនងទូលំទូលាយជាមួយប្រទេសជិតខាងនិងប្រទេសផ្សេងៗទៀត ក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេស និងនយោបាយជាដើម។

បញ្ញវន្តក្រិកជាពាណិជ្ជករធំៗ អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្ដូរចំណេះដឹងទៅវិញទៅមកជាមួយបញ្ញវន្តនៃប្រទេសដទៃនិងមានសមត្ថភាពកសាងទស្សនវិជ្ជាជាប្រព័ន្ធ ដែលមានទ្រឹស្ដីច្បាស់លាស់តាមទស្សនៈរៀងៗខ្លួន។ ទស្សនវិជ្ជាក្រិកបុរាណសម័យ ជាទស្សនវិជ្ជាដែលផ្អែកលើវិចារណញ្ញាណ ទោះបីនិកាយណាក៏ដោយ។ សូក្រាត ប្លាតុង និង អារីស្តូត ត្រូវបានគេចាត់ទុកថា ជាកំពូលតារានៃទស្សនវិជ្ជាក្រិកបុរាណសម័យ។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈគហទំព័រផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=7





2023-09-30 05:58:50   ថ្ងៃសៅរ៍, 30 កញ្ញា 2023 ម៉ោង 12:58 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបពិភាក្សាការងារជាមួយអនុប្រធានកយការ (KOICA) ប្រចាំប្រទេសកម្ពុជា

នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយលោក យ៉ុងវ៉ា ស៊ិន (Yonghwa Shin) អនុប្រធានកយការប្រចាំកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក សម្រាប់កិច្ចសហប្រតិបត្តិការនាថ្ងៃអនាគត។

នៅក្នុងជំនួបនេះដែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានចែករំលែកពីតួនាទីស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ការរួមចំណែកក្នុងការងារស្រាវជ្រាវសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍជាតិនៅក្នុងវិស័យនានា របស់អង្គភាពចំណុះ។ ជាមួយគ្នានេះ ឯកឧត្ដមអគ្គលេខាធិការ បានលើកឡើងពីសកម្មភាពការងាររក្សាបរិស្ថាន ការអភិរក្សព្រៃឈើនិងសត្វព្រៃ និងសកម្មភាពស្រាវជ្រាវក្នុងវិស័យកសិកម្ម នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលមានទីតាំងនៅឯស្រុកឆែប ខេត្តព្រះវិហារ។

ចំណែកលោក យ៉ុងវ៉ា បានចែករំលែកពីសកម្មភាពរួមចំណែករបស់ទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ (KOICA) ក្នុងការអភិវឌ្ឍនៅតាមបណ្ដាក្រសួងស្ថាប័នរដ្ឋនៅប្រទេសកម្ពុជា ហើយលោកសង្ឃឹមថា ស្ថាប័ន រ.ប.ស.ក. (RAC) និងកយកា (KOICA) នឹងអាចមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជួយជំរុញការអភិវឌ្ឍនៅកម្ពុជា៕

សមាសភាពចូលរួមជំនួប៖
១- ភាគីរាជបណ្ឌិត្យសភាកម្ពុជា៖
- ឯកឧត្ដមបណ្ឌិត យង់ ពៅ (HE. Dr. Yang Peou), 
- លោក ប៊ុត សុម៉េត (Mr. Buth Someth)
- លោក ហេង វីរិទ្ធិ (Mr. Heng Virith)
- លោកបណ្ឌិត ម៉ម សារិត (Dr. Mam Sarith)

២- ភាគីគ័យការ ៖
- លោក យ៉ុងវ៉ា ស៊ិន (Yonghwa Shin)
- លោក សៅ ដូណា (Sao Dona)


2023-09-26 10:11:40   ថ្ងៃអង្គារ, 26 កញ្ញា 2023 ម៉ោង 05:11 PM
ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម៖ ពលរដ្ឋអាចទាញយកកម្មវិធីប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ជាទម្រង់ឌីជីថល

យោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ នេះ បានរួមបញ្ចូលនូវមេពាក្យ និងពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពឆ្នាំ១៩៦៧ ១៩៦៨ បូកបន្ថែមជាមួយមេពាក្យ និងពាក្យថ្មីបន្ថែម រហូតមានពាក្យសរុបចំនួន ៤៤ ៦៩៧ ក្នុងនោះមានមេពាក្យចំនួន ៣១ ០៣៧។

ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបោះពុម្ពផ្សាយសៀវភៅនេះ ជាង ៧០០ក្បាល និងបានចែកជូនដល់ក្រសួងស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំ និងឥស្សរជនមួយចំនួន។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានបំណងចង់ប្រើប្រាស់វចនានុក្រមខ្មែរ ឆ្នាំ២០២២ តែដោយហេតុផលលទ្ធភាពនៃការបោះពុម្ពមានកម្រិត បងប្អូនប្រជាពលរដ្ឋ អាចចូលទៅទាញយករកកម្មវិធីសម្រាប់ប្រើប្រាស់«វចនានុក្រមខ្មែរ» ឆ្នាំ២០២២ នេះរួមជាមួយសទ្ទានុក្រមបច្ចេកសព្ទខ្មែរ វចនានុក្រមអក្ខរាវិរុទ្ធ  ពីគេហទំព័រខាងក្រោម៖

https://rac-app.com/

សូមបញ្ជាក់ថា «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បានរៀបចំឡើងជាពីរទម្រង់សម្រាប់សម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ គឺការបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទ និង កុំព្យូទ័រ។ 


2023-09-25 10:08:03   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 05:08 PM
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ជំរុញនិងគាំទ្រ ឱ្យធ្វើឌីជីថល វចនានុក្រម និងសន្ទានុក្រម....

ថ្លែងនៅក្នុងសុន្ទរកថាបូកសរុប និងប្រាកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ“វចនានុក្រមខ្មែរ” ព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានបង្ហាញពីការលើកទឹកចិត្តទូទៅដល់ប្រជាពលរដ្ឋខ្មែរ ទាំងយុវជន សិស្ស- និស្សិត បញ្ញវន្ត ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ គួរត្រូវនាំគ្នាប្រើប្រាស់វចនានុក្រមខ្មែរឱ្យបានគ្រប់ៗគ្នា ដោយឯកឧត្តមបានយល់ថា នៅក្នុងពិភពលោកទាំងមូល ជាពិសេសសម័យសាកភាវូបនីយកម្មនេះ ភាសាគឺជាយាន សម្រាប់ទំនាក់ទំនង ទៅលើកិច្ចការ នយោបាយ សេដ្ឋកិច្ច សង្គម សាសនា...។ល។

ការចងក្រមវចនានុក្រមថ្មីនេះ ពិតជាមានសារៈសំខាន់យ៉ាងក្រៃលែង ក្នុងការជួយចងក្រង ការកត់ត្រា ការរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍភាសា និងអក្សរខ្មែរ ឱ្យបានគង់វង្សប្រកបដោយសុកតភាព របស់ប្រជាពលរដ្ឋខ្មែរទាំងមូល។បន្ថែមលើសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រុញការលើកទឹកបន្ថែមឱ្យខានតែបាន នៅតាមក្រសួង-ស្ថាប័ន អង្គភាពនានា យ៉ាងហោចណាស់ក៏តម្រូវឱ្យមានការទុកដាក់ បង្ហាញវចនានុក្រមខ្មែរចំនួន២ក្បាល ដោយមានទាំងវចនានុក្រមរបស់ សម្តេច សង្ឃ ជួន ណាត និងសមិទ្ធផលនៃបច្ចុបន្នកម្មវចនានុក្រមថ្មីដូចដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះឡើង។

ពាក់ព័ន្ធនឹងការរៀបចំធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងដោយជម្រុញ ឱ្យមានការធ្វើឌីជីថល វចនានុក្រម និងសន្ទានុក្រមបន្ថែម ក្រុមប្រឹក្សាជាតិភាសាខ្មែរ ត្រូវគិតពីបញ្ហានេះបន្តទៀតនោះ គឺត្រូវធ្វើគ្មានទីបញ្ចប់ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ភាសាខ្មែរ ហើយក៏ដើម្បីបង្កើតឡើងឱ្យស្របទៅតាមស្ថានភាពសង្គមខ្មែរ និងនៅក្នុងបរិបទពិភពលោក ពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ ព័ត៌មានវិទ្យា ដែលខ្មែរគ្រប់រូបមានឱកាសបានប្រើប្រាស់នៅក្នុងបរិបទសាកលភាវូបនីយកម្មនេះ។ ដូច្នេះតាមរយៈក្រុមប្រឹក្សាជាតិភាសាខ្មែរ គួរជម្រុញឱ្យមានគម្រោង ឌីជីថល នៃវចនានុក្រម និងសទ្ទានុក្រមផង។

RAC Media 

2023-09-25 09:20:17   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 04:20 PM
ឯកឧត្ដម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា

នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំស្រាវជ្រាវនិងចងក្រង រៀបចំជាវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះឡើង។

ពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំ ពីក្រសួងស្ថាប័ននានា។

នៅក្នុងឱកាសថ្លែងសុន្ទរកថាប្រកាសឱ្យប្រើប្រាស់«វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅក្នុងនីតិកាលទី៧ បានមានប្រសាសន៍អបអរសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានប្រកាសគាំទ្រដល់ការធ្វើទំនើបកម្មឌីជីថាភាសាខ្មែរ ក៏ដូចជាបណ្ដាសទ្ទានុក្រមទាំងអស់ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងតែប្រជុំពិភាក្សានិងអនុម័តនាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងបញ្ជាក់និងថ្លែងអំណរគុណចំពោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលយកចិត្តទុកដាក់ គាំទ្ រនិងជួយជ្រោមជ្រែងដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាការផ្ដល់នូវការលើកទឹកចិត្ត ដល់រាជបណ្ឌិត្យសភាកម្ពុជា បន្តបេសកកម្មក្នុងការងារអភិវឌ្ឍសិក្សាស្រាវជ្រាវទាំងផ្នែកភាសាខ្មែរ និងជំនាញឯកទេសនានា ដែលស្ថិតនៅក្រោមបន្ទុកការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា។

យោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ បានលើកឡើងថា សមិទ្ធផល«វចនានុក្រមខ្មែរ»ឆ្នាំ២០២២ ធ្វើឡើងដោយផ្អែកលើពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រុមខ្មែរសម្ដេចសង្ឃជួនណាតទាំងស្រុង ដែលមានតែជាង ១៨០០០ពាក្យប៉ុណ្ណោះ ហើយក្រុមការងារគណៈកម្មាធិការបានស្រាវជ្រាវនិងអនុម័តនូវមេពាក្យនិងបង្កើតនូវពាក្យថ្មីៗដែលកំពុងមានប្រើប្រាស់ក្នុងសង្គមបច្ចុប្បន្ន ជាង៣ម៉ឺនពាក្យបន្ថែម។

ជាមួយការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណៈកម្មាធិការជាតិរៀបចំវចនានុក្រម ទាំង៦៥អង្គ/នាក់ វចនានុក្រមខ្មែរ ឆ្នាំ២០២២ បានលេចចេញជារូបរាងដោយមានជាពីរទម្រង់ គឺការបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទ និង កុំព្យូទ័រ។ «វចនានុក្រុមខ្មែរ» ឆ្នាំ២០២២នេះ ជាសមិទ្ធផលក្រោមការផ្ដួចផ្ដើមពីសម្ដេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ដែលបានផ្ដល់នូវលទ្ធភាពដល់រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិភាសាខ្មែរ រៀបចំក្រុមការងារគណៈកម្មាធិការរៀបចំវចនានុក្រម រហូតសម្រេចបានពាក្យក្នុងវចនានុក្រមខ្មែរ សរុបចំនួន ៤៤ ៦៩៧ ក្នុងនោះមានមេពាក្យចំនួន ៣១ ០៣៧ ។

តែទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមបានយល់ឃើញថា វចនានុក្រមនេះ មិនទាន់បំពេញសេចក្ដីត្រូវការប្រើប្រាស់ដល់សាធារណជនទាំងស្រុងនៅឡើង ហើយក្រុមការងារគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ នឹងរង់ចាំទទួលមតិស្ថាបនាពីគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តបេសកកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត។

សូមរំឭកដែរថា វចនានុក្រុមខ្មែរ បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧-១៩៦៨ ដែលសាធារណជនខ្មែរនានា តែងស្គាល់និងហៅថា វចនានុក្រម សម្ដេចសង្ឃរាជ ជួន ណាត។ វចនានុក្រមនេះ ជាការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ដែលជាវចនានុក្រមខ្មែរ បាននិងកំពុងប្រើប្រាស់ជាផ្លូវការរហូតមកដល់បច្ចុប្បន្ន ហើយសមិទ្ធផល «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ ដែលត្រូវប្រកាសឱ្យប្រើប្រាស់នាព្រឹកនេះក៏ពិតមែន តែវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត នៅតែមានតម្លៃក្នុងការប្រើប្រាស់ដដែល។

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី អញ្ជើញពិនិត្យសមិទ្ធផលស្រាវជ្រាវនានារបស់រាជបណ្ឌិត្យសភាកម្ពុជា (២៥ កញ្ញា ២០២៣)


2023-09-25 08:40:33   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 03:40 PM
« ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល» ជាផ្លូវការនៅរាជបណ្ឌិត្យសភាកម្ពុជា

នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣

រាជបណ្ឌិត្យសភាកម្ពុជាមានកិត្តិយស បានរៀបចំ « ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល» និងចុចប៊ូតុងសម្ពោធបើកប្រើប្រាស់ជាផ្លូវការ ដែលជាសមិទ្ធផលថ្មីមួយទៀត ពីក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី នៅអគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសន្ទរកថាស្វាគមន៍ដល់អង្គពិធី។

ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសៅាកម្ពុជា ឡើងថ្លែងសន្ទរកថាបូកសរុបសមិទ្ធផល និងដំណើរការនៃការរៀបរៀងវចនានុក្រមខ្មែរឆ្នាំ២០២២នេះ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី ឡើងថ្លែងសន្ទរកថាបូកសរុប ប្រកាស និងចុចប៊ូតុងឱ្យប្រើប្រាស់វចនានុក្រមខ្មែរឆ្នាំ២០២២។

ភ្ជាប់ក្នុងកម្មវិធីនេះដែរ ក៏មានការដាក់បង្ហាញ សៀវភៅ ស្នាដៃ ដែលជាសមិទ្ធផលនានា របស់វិទ្យាស្ថាននីមួយៗ និងរចនាសម្ព័ន្ធទាំងអស់ នៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅទីបញ្ចប់នៃកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន ប្រគល់លិខិតសរសើរជូនសមាជិកគណៈកម្មការវចនានុក្រមខ្មែរ និងបានអញ្ជើញទស្សនកិច្ចនៅ៖

- វិទ្យាស្ថានខុងជឺ

- អគារវិចិត្រសាល

- មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា..។


RAC Media

2023-09-25 08:14:34   ថ្ងៃចន្ទ, 25 កញ្ញា 2023 ម៉ោង 03:14 PM
ការអប់រំប្រកបដោយគុណតម្លៃព្រះពុទ្ធសាសនាដល់ព្រះសង្ឃ ដោយ៖ លោក ប៉ាន់ សំណាង- នាយកដ្ឋានវិទ្យាសាស្ដ្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ព្រះសង្ឃ ជាសាវ័ក នៃសាសនាព្រះពុទ្ធដែលដឹកនាំ អប់រំ ប្រៀនប្រដៅពុទ្ធបរិស័ទតាមពុទ្ធ បញ្ញត្តិ។ បើនិយាយពីពាក្យថា«សង្ឃ»គឺជាភាសាសំស្ក្រឹតដែលមានអត្ថន័យថា «សហគមន៍» ដែលត្រូវបានប្រើប្រាស់ជាចម្បងសម្ដៅទៅរកសហគមន៌អ្នកបួសនៅក្នុងសាសនាព្រះពុទ្ធ ឬត្រូវបានគេហៅម្យ៉ាងទៀតថាជា ភិក្ខុឬភិក្ខុនី ព្រះសង្ឃ និងដូនជីជាដើម។

នៅក្នុងសង្គមខ្មែរ ជនជាតិខ្មែរបាន និងកំពុងគោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។តាំងពីអតីតកាលក៏ដូចជាបច្ចុប្បន្ន ទាំងថ្នាក់ដឹកនាំ ទាំងប្រជាពលរដ្ឋ ពិសេសរាជវង្ស បានបូជានិងគោរពសក្ការដល់ព្រះត្រៃរតន៌ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមប្រពៃណីរហូតមក។ ទន្ទឹមនឹងនេះ ព្រះសង្ឃ គឺជាសាវ័កដ៏សំខាន់បំផុតក្នុងការប្រតិបត្ដិនៅក្នុងសាសនា ហើយព្រះអង្គក៏ខំព្យាយាមសិក្សារៀនសូត្រ អប់រំហ្វឹកហាត់យ៉ាងហ្មត់ចត់តាមពុទ្ធឱវាទ ក៏ដូចជាវិន័យក្នុងព្រះពុទ្ធសាសនា។ អ្វីៗដែលភិក្ខុសាវ័ក ត្រូវបំពេញក្នុងការអប់រំផ្សព្វផ្សាយនូវគុណតម្លៃនានានៃព្រះពុទ្ធសាសនា ត្រូវឆ្លើយតបនឹងសង្គមជាក់ស្ដែងផងដែរ ទើបឧត្ដមកិច្ចនោះ ទទួលបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពង់ខ្ពស់។ចំណុចនេះ គឺទាមទារឱ្យព្រះសង្ឃអង្គសាវ័កមួយក្នុងចំណោមសាវ័កទាំង៤ពួក ខិតខំសិក្សារៀនសូត្រពុទ្ធវិន័យ ចំណេះដឹងទូទៅ ឬពិចារណាពីតថភាព សច្ចភាពសង្គមទាំងឡាយ ។មិនតែប៉ុណ្ណោះ ព្រះអង្គ ក៏ទទួលបាននូវជំនាញអក្សរសាស្ដ្រតាម​រយ:​ព្រះផ្នួសដែរ ពីព្រោះព្រះពុទ្ធសាសនា ជាជម្រកដ៏ធំនៃអក្សរសាស្ដ្រខ្មែរនៅសម័យដែលយើងមានគ្រោះថ្នាក់ធ្លាក់​ដុន​ដាបក្នុងភ្លើងសង្គ្រាម ដោយសារវត្តអារាមនេះហើយ ជាទីកន្លែងតែមួយគត់ក្នុងការថែរក្សាខឿនវប្បធម៌ជាតិឱ្យបានគង់វង្ស។

នៅក្នុងអត្ថបទស្រាវជ្រាវខ្លីនេះ យើងចង់ឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃព្រះពុទ្ធសាសនាដែលព្រះសង្ឃខ្មែរទទួលបានដោយផ្សារភ្ជាប់ជីវភាពជាក់ស្ដែងនៅក្នុងសង្គម។ព័ត៌មានក៏ដូចជាទិន្នន័យដែលយើងទទួលបាន គឺតាមរយ:ការសម្ភាសផ្ទាល់ជាមួយព្រះសង្ឃ ពីការអង្កេត ពីគេហទំព័រនានា ហើយនិងពីឯកសារផ្សេងៗ ។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

https://rac.gov.kh/researchs-categories/1/researchs?page=7




2023-09-24 04:55:04   ថ្ងៃអាទិត្យ, 24 កញ្ញា 2023 ម៉ោង 11:55 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក