ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ករណីទាហានថៃជាន់មីនផ្ទុះក្នុងទឹកដីកម្ពុជា ជាល្បិចដែលថៃចង់យកច្បាប់អន្តរជាតិមកសង្កត់កម្ពុជា តែបែរជាធ្លាក់ក្នុងអន្ទាក់ខ្លួនឯងទៅវិញ

2025-07-21 05:54:14 ថ្ងៃចន្ទ, 21 កក្កដា 2025 ម៉ោង 12:54 PM
អ្នកមើល 583
post_detail1

ហេតុការណ៍ដែលកងទ័ពថៃបានចូលមកជាន់មីនផ្ទុះក្នុងតំបន់ព្រំដែនតំបន់មុំបី ខេត្តព្រះវិហារ ដែលយោងតាមរបាយការណ៍ក្រសួងការពារជាតិ បានបង្ហាញថា ទីតាំងផ្ទុះនោះគឺស្ថិតនៅ​ក្នុងទឹកដីកម្ពុជា ដោយបណ្ដាលឱ្យទាហានថៃ៣នាក់រងរបួស និងបើតាមប្រភពព័ត៌មានខ្លះ មានទាហានថៃម្នាក់បានស្លាប់ថែមទៀតផង។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ករណីទាហានថៃជាន់មីនផ្ទុះក្នុងទឹកដីកម្ពុជានេះ មិនមែនជារឿងចៃដន្យឡើយ ព្រោះថៃពិតជាបានដឹងថា ផ្អែកលើផែនទីអន្តរជាតិ បារាំង-សៀម ទីតាំងកើតហេតុគឺស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងជាតំបន់មានមីនស្រាប់ ព្រោះនៅក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជា ទាហាន​រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងទាហានរដ្ឋាភិបាលត្រីភាគី បានដាក់ពង្រាយមីនជាច្រើន​ប្រឆាំងគ្នា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ (ព្រោះក្រុមរដ្ឋាភិបាលត្រីភាគីស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ)។ នេះមានន័យថា ទីតាំងដែលមានមីនចាស់នៅស្ថិតពាសពេញនោះ គឺជាដែនអធិបតេយ្យភាពកម្ពុជា។

លោកបណ្ឌិតបានបន្តថា បើយោងតាមការពិភាក្សានិងព្រមព្រៀងគ្នារវាងកងទ័ពជួរមុខនៃប្រទេសទាំងពីរ គឺមិនអនុញ្ញាតឱ្យទាហានថៃ ដើរល្បាតចូលមកក្នុងតំបន់នេះឡើយ។ ដូច្នេះ ករណី​ទាហានថៃបានរំលោភលើកិច្ចព្រមព្រៀង និងចូលមកក្នុងតំបន់ហាមឃាត់ ប៉ុន្តែ​គឺជាចេតនារបស់ថៃ​ដែលមានបំណងទាញកម្ពុជាឱ្យធ្លាក់ចូលអន្ទាក់ច្បាប់អន្តរជាតិ ដែលកម្ពុជាបានចុះហត្ថលេខាលើ​សន្ធិសញ្ញាអូតាវ៉ា ស្ដីពី ការចៀសវាងប្រើប្រាស់មីនប្រឆាំងមនុស្ស ខណៈ មីនទាំងនេះ គឺជាមីនចាស់ដែលបន្សល់ពីសម័យសង្គ្រាមស៊ីវិលកម្ពុជាប៉ុណ្ណោះ។ ទោះជាយ៉ាងណា ល្បិចដូចនេះរបស់ថៃគឺជា​ការទាញដៃកម្ពុជា ប៉ុន្តែថៃខ្លួនឯងទៅវិញទេដែលជាអ្នកធ្លាក់ចូលអន្ទាក់ដែលខ្លួនបានរៀបចំ។ បើតាមលោកបណ្ឌិត ថៃបានដើរទាន់ជាន់កែងខ្លួនឯងនៅត្រង់ថា កម្ពុជាបានបបួលថៃឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែថៃមិនព្រមទៅដើម្បីអនុវត្តច្បាប់អន្តរជាតិទេ ប៉ុន្តែថៃបែរជាលង់ភ្លេចខ្លួនចង់នាំកម្ពុជាទៅប្ដឹងនៅអង្គការសហប្រជាជាតិទៅវិញ។ នៅត្រង់ចំណុចនេះ មានន័យថា ថៃខ្លួនឯងគឺជាអ្នករៀបចំសេនារីយ៉ូដើម្បីចោទប្រកាន់កម្ពុជាថាបានរំលោភសន្ធិសញ្ញាអន្តរជាតិ នៅក្នុងករណីវិវាទព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ហេតុនេះ តុលាការអន្តរជាតិ ដែលជាស្ថាប័នចំណុះឱ្យអង្គការសហប្រជាជាតិ ពិតជាត្រូវពិនិត្យមើលទៅលើអង្គហេតុនិងអង្គច្បាប់ ដើម្បីកាត់សេច​ក្ដីលើសំណុំរឿងនេះ ដោយផ្អែកលើច្បាប់និងលិខិតបទដ្ឋានគតិយុត្តិអន្តរជាតិដែលពាក់ព័ន្ធ។ មានន័យថា ថៃដែលតែងតែគេចវេសមិនចង់ចូលខ្លួននៅតុលាការយុត្តិធម៌អន្តរជាត តែបែរជាលើកឡើងអំពីការប្ដឹងកម្ពុជាទៅអង្គការសហប្រជាជាតិ ដែលនឹងមិនអាចចៀសវាងផុតពីការលើកសំណុំរឿងនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដែលស្ថិតនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិទៅវិញ។

លោកបណ្ឌិត យង់ ពៅ បានថ្លែងគូសបញ្ជាក់បន្ថែមទៀតថា ប្រសិនបើសំណុំរឿងនេះទៅដល់ដៃតុលាការយុត្តិធម៌អន្តរជាតិ នោះតុលាការនឹងលើកយកសន្ធិសញ្ញាព្រំដែនបារាំង-សៀម ដែលមានតម្លៃជាច្បាប់អន្តរជាតិ ធ្វើជា​មូលដ្ឋាននៅក្នុងការកាត់សេចក្ដីថា តើទីតាំងភូមិសាស្ត្រតំបន់ដែលផ្ទុះមីននៅ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពប្រទេសណា ហើយតើភូមិសាស្ត្រនោះមានបន្សល់មីន​ចាស់ពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាដែរឬយ៉ាងណា ពោលគឺមិនមែនជាព្រំដែនដែល​ថៃគូសជាឯកតោភាគីនោះឡើយ។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា នេះជាទង្វើទុច្ចរឹតរបស់ថៃចំពោះប្រទេសកម្ពុជា ប៉ុន្តែចុងក្រោយនឹងហុចផ្លែដាវទៅកាន់ថៃទៅវិញនោះទេ ព្រោះកម្ពុជាមិនមានភាពចាំ​បាច់ទៅដាក់បង្កប់មីននៅលើទឹកដីថៃ ឬដាក់មីនថ្មីនៅតាមព្រំដែនកម្ពុជា-ថៃនោះទេ។

សម្រាប់សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែន ត្រូវបានលោកបណ្ឌិត យង់ ពៅ បានពន្យល់ថា មិនមានអ្វីជាការព្រួយបារម្ភនោះទេ ព្រោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពិតជាយល់ច្បាស់អំពី​សភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយពួកគាត់នឹងមិនចូលទៅកាន់តំបន់កងទ័ព​ហាមឃាត់ ដែលគ្មានតម្រាយផ្លូវពីកងទ័ពកម្ពុជា នងដែលបច្ចុប្បន្នកំពុងមានការប្រឈមមុខដាក់គ្នារវាងកងទ័ពប្រទេសទាំងពីរ ដែលថៃកំពុងមានមហិច្ឆតាឈ្លានពានកម្ពុជានោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានអះអាងថា ពលរដ្ឋកម្ពុជាយល់ច្បាស់ពីភាពចាំបាច់នៅក្នុងការការពារអធិបតេយ្យភាពកម្ពុជា ហើយពួកគាត់ពិតយល់ច្បាស់ពីមរតកដែលបន្សល់ពីសង្គ្រាមស៊ីវិលនៅកម្ពុជា។

លោកបណ្ឌិតបានបន្ថែមទៀតថា ករណីទាហានថៃបានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយថៃចោទប្រកាន់មកលើកម្ពុជាថាបានបង្កប់មីនថ្មី និងប្រកាសប្ដឹងកម្ពុជាទៅអង្គការសហប្រជាជាតិខាងលើនេះ បានបង្ហាញថា ជារៀងដរាបមក ថៃពិតជាមិនបោះបង់ចោលមហិច្ឆតាឈ្លានពាន និងមួលបង្កាច់មកលើកម្ពុជានោះឡើយ ពិសេសចាប់តាំងពីករណីទាហានបានលបចូលមកបាញ់ប្រហារលើកងទ័ពកម្ពុជាដែលបានបណ្ដាលឱ្យយោធិនកម្ពុជាមួយរូបបាត់បង់ជីវិត។

ជាអនុសាសន៍របស់លោកបណ្ឌិត យង់ ពៅ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្ធូរបន្ថយភាពតានតឹង ភាគីទាំងពីរកម្ពុជា-ថៃ ត្រូវតែដោះស្រាយបញ្ហា​ព្រំដែន ដោយប្រើប្រាស់ច្បាប់អន្តរជាតិដែលរួមមានសន្ធិសញ្ញានិងផែនទីព្រំដែនបារាំង-សៀម រួមទាំងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ចៀសវាងការប្រើប្រាស់ផែនទីជាឯកតោភាគីដែលថៃបានគូសដោយខ្លួនឯង ដែលជាហេតុនាំឱ្យថៃមាន​បញ្ហាព្រំដែនមិនចេះចប់ជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន

 

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅបារាំង ឆ្លុះបញ្ចាំងពីការមានប្រៀបឈ្នះលើថៃ នៅក្នុងសីលធម៌គោរពច្បាប់អន្តរជាតិ និងការទូត

ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅសាធារណរដ្ឋបារាំង និងក្នុងជំនួបជាមួយនឹងឯកឧត្ដមប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង គេបានមើលឃើញថា ភាគីបារាំងបានបង្ហាញទស្សនៈនយោបាយដ៏វិជ្ជមានមួយរបស់មេដឹកនាំបារា...

2025-06-13 09:49:07   ថ្ងៃសុក្រ, 13 មិថុនា 2025 ម៉ោង 04:49 PM
បណ្ឌិត ខែក វីរៈ : ស្វែងយល់ពីស្ថានភាពនយោបាយផ្ទៃក្នុងថៃ និងសេនារីយោនានាជុំវិញការផ្ទុះអាវុធ នៅតំបន់មុំ៣ កាលពីចុងខែឧសភា ឆ្នាំ២០២៥

ឆ្នាំ២០២៥ ជាខួបទី៧៥ឆ្នាំនៃចំណងការទូតផ្លូវការរវាងកម្ពុជា-ថៃ ក៏ប៉ុន្តែប្រទេសទាំងពីរនេះ មានប្រវត្តិទាក់ទងគ្នារាប់រយឆ្នាំមកហើយទាំងលើទិដ្ឋភាពប្រវត្តិសាស្ត្រ, វប្បធម៌ទំនៀមទំលាប់ប្រពៃណីនិងចំណងធម្មជាតិជាដើម។...

2025-06-13 03:16:53   ថ្ងៃសុក្រ, 13 មិថុនា 2025 ម៉ោង 10:16 AM
បណ្ឌិត យង់ ពៅ៖ ថៃបិទច្រកព្រំដែនជាឯកតោភាគី គឺជានយោបាយកំរោល និងពង្រីកអរិភាពជាមួយប្រទេសជិតខាង

ខុសប្លែកពីមេដឹកនាំកម្ពុជា ដែលប្រកាន់យកឥរិយាបថនយោបាយគ្រប់គ្រងសភាពការណ៍ក្នុងតំបន់ ដោយបង្រួមបញ្ហានៅតំបន់តានតឹង និងកាត់បន្ថយកការប្រឈមឱ្យ​មានកម្រិតទាប ក្រុមយោធាថៃ ដែលទទួលបានសិទ្ធិនៅក្នុងការសម្រេចចិត្តគ្រប់...

2025-06-10 03:03:53   ថ្ងៃអង្គារ, 10 មិថុនា 2025 ម៉ោង 10:03 AM
និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សានៅក្រុមហ៊ុន សៃលុន ខេមបូឌា

នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលដោយវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន ១២នាក់ បា...

2025-06-09 09:19:26   ថ្ងៃចន្ទ, 09 មិថុនា 2025 ម៉ោង 04:19 PM
A New Chapter in Cambodia–France Relations

Dr. Seun Sam From June 9 to 13, 2025, Cambodian Prime Minister Hun Manet will embark on a historic official visit to France, marking his first state-level engagement with the French Republic since as...

2025-06-09 01:37:40   ថ្ងៃចន្ទ, 09 មិថុនា 2025 ម៉ោង 08:37 AM
The Enduring Ripples of Disputed Borders: A Lesson from Thailand and Cambodia

By Mr. Sar Vichana The recent flare-up along the Thailand-Cambodia border, culminating in the tragic death of a Cambodian soldier, serves as a stark reminder that unresolved historical grievances can...

2025-06-08 11:00:50   ថ្ងៃអាទិត្យ, 08 មិថុនា 2025 ម៉ោង 06:00 PM

សេចក្តីប្រកាស