ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ ករណីទាហានថៃជាន់មីនផ្ទុះក្នុងទឹកដីកម្ពុជា ជាល្បិចដែលថៃចង់យកច្បាប់អន្តរជាតិមកសង្កត់កម្ពុជា តែបែរជាធ្លាក់ក្នុងអន្ទាក់ខ្លួនឯងទៅវិញ

2025-07-21 05:54:14 ថ្ងៃចន្ទ, 21 កក្កដា 2025 ម៉ោង 12:54 PM
អ្នកមើល 593
post_detail1

ហេតុការណ៍ដែលកងទ័ពថៃបានចូលមកជាន់មីនផ្ទុះក្នុងតំបន់ព្រំដែនតំបន់មុំបី ខេត្តព្រះវិហារ ដែលយោងតាមរបាយការណ៍ក្រសួងការពារជាតិ បានបង្ហាញថា ទីតាំងផ្ទុះនោះគឺស្ថិតនៅ​ក្នុងទឹកដីកម្ពុជា ដោយបណ្ដាលឱ្យទាហានថៃ៣នាក់រងរបួស និងបើតាមប្រភពព័ត៌មានខ្លះ មានទាហានថៃម្នាក់បានស្លាប់ថែមទៀតផង។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ករណីទាហានថៃជាន់មីនផ្ទុះក្នុងទឹកដីកម្ពុជានេះ មិនមែនជារឿងចៃដន្យឡើយ ព្រោះថៃពិតជាបានដឹងថា ផ្អែកលើផែនទីអន្តរជាតិ បារាំង-សៀម ទីតាំងកើតហេតុគឺស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងជាតំបន់មានមីនស្រាប់ ព្រោះនៅក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជា ទាហាន​រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងទាហានរដ្ឋាភិបាលត្រីភាគី បានដាក់ពង្រាយមីនជាច្រើន​ប្រឆាំងគ្នា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ (ព្រោះក្រុមរដ្ឋាភិបាលត្រីភាគីស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ)។ នេះមានន័យថា ទីតាំងដែលមានមីនចាស់នៅស្ថិតពាសពេញនោះ គឺជាដែនអធិបតេយ្យភាពកម្ពុជា។

លោកបណ្ឌិតបានបន្តថា បើយោងតាមការពិភាក្សានិងព្រមព្រៀងគ្នារវាងកងទ័ពជួរមុខនៃប្រទេសទាំងពីរ គឺមិនអនុញ្ញាតឱ្យទាហានថៃ ដើរល្បាតចូលមកក្នុងតំបន់នេះឡើយ។ ដូច្នេះ ករណី​ទាហានថៃបានរំលោភលើកិច្ចព្រមព្រៀង និងចូលមកក្នុងតំបន់ហាមឃាត់ ប៉ុន្តែ​គឺជាចេតនារបស់ថៃ​ដែលមានបំណងទាញកម្ពុជាឱ្យធ្លាក់ចូលអន្ទាក់ច្បាប់អន្តរជាតិ ដែលកម្ពុជាបានចុះហត្ថលេខាលើ​សន្ធិសញ្ញាអូតាវ៉ា ស្ដីពី ការចៀសវាងប្រើប្រាស់មីនប្រឆាំងមនុស្ស ខណៈ មីនទាំងនេះ គឺជាមីនចាស់ដែលបន្សល់ពីសម័យសង្គ្រាមស៊ីវិលកម្ពុជាប៉ុណ្ណោះ។ ទោះជាយ៉ាងណា ល្បិចដូចនេះរបស់ថៃគឺជា​ការទាញដៃកម្ពុជា ប៉ុន្តែថៃខ្លួនឯងទៅវិញទេដែលជាអ្នកធ្លាក់ចូលអន្ទាក់ដែលខ្លួនបានរៀបចំ។ បើតាមលោកបណ្ឌិត ថៃបានដើរទាន់ជាន់កែងខ្លួនឯងនៅត្រង់ថា កម្ពុជាបានបបួលថៃឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែថៃមិនព្រមទៅដើម្បីអនុវត្តច្បាប់អន្តរជាតិទេ ប៉ុន្តែថៃបែរជាលង់ភ្លេចខ្លួនចង់នាំកម្ពុជាទៅប្ដឹងនៅអង្គការសហប្រជាជាតិទៅវិញ។ នៅត្រង់ចំណុចនេះ មានន័យថា ថៃខ្លួនឯងគឺជាអ្នករៀបចំសេនារីយ៉ូដើម្បីចោទប្រកាន់កម្ពុជាថាបានរំលោភសន្ធិសញ្ញាអន្តរជាតិ នៅក្នុងករណីវិវាទព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ហេតុនេះ តុលាការអន្តរជាតិ ដែលជាស្ថាប័នចំណុះឱ្យអង្គការសហប្រជាជាតិ ពិតជាត្រូវពិនិត្យមើលទៅលើអង្គហេតុនិងអង្គច្បាប់ ដើម្បីកាត់សេច​ក្ដីលើសំណុំរឿងនេះ ដោយផ្អែកលើច្បាប់និងលិខិតបទដ្ឋានគតិយុត្តិអន្តរជាតិដែលពាក់ព័ន្ធ។ មានន័យថា ថៃដែលតែងតែគេចវេសមិនចង់ចូលខ្លួននៅតុលាការយុត្តិធម៌អន្តរជាត តែបែរជាលើកឡើងអំពីការប្ដឹងកម្ពុជាទៅអង្គការសហប្រជាជាតិ ដែលនឹងមិនអាចចៀសវាងផុតពីការលើកសំណុំរឿងនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដែលស្ថិតនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិទៅវិញ។

លោកបណ្ឌិត យង់ ពៅ បានថ្លែងគូសបញ្ជាក់បន្ថែមទៀតថា ប្រសិនបើសំណុំរឿងនេះទៅដល់ដៃតុលាការយុត្តិធម៌អន្តរជាតិ នោះតុលាការនឹងលើកយកសន្ធិសញ្ញាព្រំដែនបារាំង-សៀម ដែលមានតម្លៃជាច្បាប់អន្តរជាតិ ធ្វើជា​មូលដ្ឋាននៅក្នុងការកាត់សេចក្ដីថា តើទីតាំងភូមិសាស្ត្រតំបន់ដែលផ្ទុះមីននៅ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពប្រទេសណា ហើយតើភូមិសាស្ត្រនោះមានបន្សល់មីន​ចាស់ពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាដែរឬយ៉ាងណា ពោលគឺមិនមែនជាព្រំដែនដែល​ថៃគូសជាឯកតោភាគីនោះឡើយ។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា នេះជាទង្វើទុច្ចរឹតរបស់ថៃចំពោះប្រទេសកម្ពុជា ប៉ុន្តែចុងក្រោយនឹងហុចផ្លែដាវទៅកាន់ថៃទៅវិញនោះទេ ព្រោះកម្ពុជាមិនមានភាពចាំ​បាច់ទៅដាក់បង្កប់មីននៅលើទឹកដីថៃ ឬដាក់មីនថ្មីនៅតាមព្រំដែនកម្ពុជា-ថៃនោះទេ។

សម្រាប់សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែន ត្រូវបានលោកបណ្ឌិត យង់ ពៅ បានពន្យល់ថា មិនមានអ្វីជាការព្រួយបារម្ភនោះទេ ព្រោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពិតជាយល់ច្បាស់អំពី​សភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយពួកគាត់នឹងមិនចូលទៅកាន់តំបន់កងទ័ព​ហាមឃាត់ ដែលគ្មានតម្រាយផ្លូវពីកងទ័ពកម្ពុជា នងដែលបច្ចុប្បន្នកំពុងមានការប្រឈមមុខដាក់គ្នារវាងកងទ័ពប្រទេសទាំងពីរ ដែលថៃកំពុងមានមហិច្ឆតាឈ្លានពានកម្ពុជានោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានអះអាងថា ពលរដ្ឋកម្ពុជាយល់ច្បាស់ពីភាពចាំបាច់នៅក្នុងការការពារអធិបតេយ្យភាពកម្ពុជា ហើយពួកគាត់ពិតយល់ច្បាស់ពីមរតកដែលបន្សល់ពីសង្គ្រាមស៊ីវិលនៅកម្ពុជា។

លោកបណ្ឌិតបានបន្ថែមទៀតថា ករណីទាហានថៃបានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយថៃចោទប្រកាន់មកលើកម្ពុជាថាបានបង្កប់មីនថ្មី និងប្រកាសប្ដឹងកម្ពុជាទៅអង្គការសហប្រជាជាតិខាងលើនេះ បានបង្ហាញថា ជារៀងដរាបមក ថៃពិតជាមិនបោះបង់ចោលមហិច្ឆតាឈ្លានពាន និងមួលបង្កាច់មកលើកម្ពុជានោះឡើយ ពិសេសចាប់តាំងពីករណីទាហានបានលបចូលមកបាញ់ប្រហារលើកងទ័ពកម្ពុជាដែលបានបណ្ដាលឱ្យយោធិនកម្ពុជាមួយរូបបាត់បង់ជីវិត។

ជាអនុសាសន៍របស់លោកបណ្ឌិត យង់ ពៅ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្ធូរបន្ថយភាពតានតឹង ភាគីទាំងពីរកម្ពុជា-ថៃ ត្រូវតែដោះស្រាយបញ្ហា​ព្រំដែន ដោយប្រើប្រាស់ច្បាប់អន្តរជាតិដែលរួមមានសន្ធិសញ្ញានិងផែនទីព្រំដែនបារាំង-សៀម រួមទាំងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ចៀសវាងការប្រើប្រាស់ផែនទីជាឯកតោភាគីដែលថៃបានគូសដោយខ្លួនឯង ដែលជាហេតុនាំឱ្យថៃមាន​បញ្ហាព្រំដែនមិនចេះចប់ជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន

 

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យជីវជាំង

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃទី ២៨ មេសាឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ​រាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយប្រតិភ...

2018-05-05 10:21:06   ថ្ងៃសៅរ៍, 05 ឧសភា 2018 ម៉ោង 05:21 PM
ជំនួបជាមួយដៃគូសហប្រតិបត្តិការពីក្រុងសៀងហៃ

ឯកឧត្តមបណ្ឌិតយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្អង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូចិន មកពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើតដឹក...

2018-04-08 12:16:36   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 07:16 PM
ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

2018-04-08 11:52:31   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:52 PM
ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា

វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្...

2018-04-08 11:39:33   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:39 PM
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី

សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...

2018-03-14 06:47:20   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:47 PM
ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM

សេចក្តីប្រកាស