Royal Academy of Cambodia
ហេតុការណ៍ដែលកងទ័ពថៃបានចូលមកជាន់មីនផ្ទុះក្នុងតំបន់ព្រំដែនតំបន់មុំបី ខេត្តព្រះវិហារ ដែលយោងតាមរបាយការណ៍ក្រសួងការពារជាតិ បានបង្ហាញថា ទីតាំងផ្ទុះនោះគឺស្ថិតនៅក្នុងទឹកដីកម្ពុជា ដោយបណ្ដាលឱ្យទាហានថៃ៣នាក់រងរបួស និងបើតាមប្រភពព័ត៌មានខ្លះ មានទាហានថៃម្នាក់បានស្លាប់ថែមទៀតផង។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ករណីទាហានថៃជាន់មីនផ្ទុះក្នុងទឹកដីកម្ពុជានេះ មិនមែនជារឿងចៃដន្យឡើយ ព្រោះថៃពិតជាបានដឹងថា ផ្អែកលើផែនទីអន្តរជាតិ បារាំង-សៀម ទីតាំងកើតហេតុគឺស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងជាតំបន់មានមីនស្រាប់ ព្រោះនៅក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជា ទាហានរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និងទាហានរដ្ឋាភិបាលត្រីភាគី បានដាក់ពង្រាយមីនជាច្រើនប្រឆាំងគ្នា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ (ព្រោះក្រុមរដ្ឋាភិបាលត្រីភាគីស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ)។ នេះមានន័យថា ទីតាំងដែលមានមីនចាស់នៅស្ថិតពាសពេញនោះ គឺជាដែនអធិបតេយ្យភាពកម្ពុជា។
លោកបណ្ឌិតបានបន្តថា បើយោងតាមការពិភាក្សានិងព្រមព្រៀងគ្នារវាងកងទ័ពជួរមុខនៃប្រទេសទាំងពីរ គឺមិនអនុញ្ញាតឱ្យទាហានថៃ ដើរល្បាតចូលមកក្នុងតំបន់នេះឡើយ។ ដូច្នេះ ករណីទាហានថៃបានរំលោភលើកិច្ចព្រមព្រៀង និងចូលមកក្នុងតំបន់ហាមឃាត់ ប៉ុន្តែគឺជាចេតនារបស់ថៃដែលមានបំណងទាញកម្ពុជាឱ្យធ្លាក់ចូលអន្ទាក់ច្បាប់អន្តរជាតិ ដែលកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាអូតាវ៉ា ស្ដីពី ការចៀសវាងប្រើប្រាស់មីនប្រឆាំងមនុស្ស ខណៈ មីនទាំងនេះ គឺជាមីនចាស់ដែលបន្សល់ពីសម័យសង្គ្រាមស៊ីវិលកម្ពុជាប៉ុណ្ណោះ។ ទោះជាយ៉ាងណា ល្បិចដូចនេះរបស់ថៃគឺជាការទាញដៃកម្ពុជា ប៉ុន្តែថៃខ្លួនឯងទៅវិញទេដែលជាអ្នកធ្លាក់ចូលអន្ទាក់ដែលខ្លួនបានរៀបចំ។ បើតាមលោកបណ្ឌិត ថៃបានដើរទាន់ជាន់កែងខ្លួនឯងនៅត្រង់ថា កម្ពុជាបានបបួលថៃឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែថៃមិនព្រមទៅដើម្បីអនុវត្តច្បាប់អន្តរជាតិទេ ប៉ុន្តែថៃបែរជាលង់ភ្លេចខ្លួនចង់នាំកម្ពុជាទៅប្ដឹងនៅអង្គការសហប្រជាជាតិទៅវិញ។ នៅត្រង់ចំណុចនេះ មានន័យថា ថៃខ្លួនឯងគឺជាអ្នករៀបចំសេនារីយ៉ូដើម្បីចោទប្រកាន់កម្ពុជាថាបានរំលោភសន្ធិសញ្ញាអន្តរជាតិ នៅក្នុងករណីវិវាទព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ហេតុនេះ តុលាការអន្តរជាតិ ដែលជាស្ថាប័នចំណុះឱ្យអង្គការសហប្រជាជាតិ ពិតជាត្រូវពិនិត្យមើលទៅលើអង្គហេតុនិងអង្គច្បាប់ ដើម្បីកាត់សេចក្ដីលើសំណុំរឿងនេះ ដោយផ្អែកលើច្បាប់និងលិខិតបទដ្ឋានគតិយុត្តិអន្តរជាតិដែលពាក់ព័ន្ធ។ មានន័យថា ថៃដែលតែងតែគេចវេសមិនចង់ចូលខ្លួននៅតុលាការយុត្តិធម៌អន្តរជាតិ តែបែរជាលើកឡើងអំពីការប្ដឹងកម្ពុជាទៅអង្គការសហប្រជាជាតិ ដែលនឹងមិនអាចចៀសវាងផុតពីការលើកសំណុំរឿងនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដែលស្ថិតនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិទៅវិញ។
លោកបណ្ឌិត យង់ ពៅ បានថ្លែងគូសបញ្ជាក់បន្ថែមទៀតថា ប្រសិនបើសំណុំរឿងនេះទៅដល់ដៃតុលាការយុត្តិធម៌អន្តរជាតិ នោះតុលាការនឹងលើកយកសន្ធិសញ្ញាព្រំដែនបារាំង-សៀម ដែលមានតម្លៃជាច្បាប់អន្តរជាតិ ធ្វើជាមូលដ្ឋាននៅក្នុងការកាត់សេចក្ដីថា តើទីតាំងភូមិសាស្ត្រតំបន់ដែលផ្ទុះមីននៅ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពប្រទេសណា ហើយតើភូមិសាស្ត្រនោះមានបន្សល់មីនចាស់ពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាដែរឬយ៉ាងណា ពោលគឺមិនមែនជាព្រំដែនដែលថៃគូសជាឯកតោភាគីនោះឡើយ។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា នេះជាទង្វើទុច្ចរឹតរបស់ថៃចំពោះប្រទេសកម្ពុជា ប៉ុន្តែចុងក្រោយនឹងហុចផ្លែដាវទៅកាន់ថៃទៅវិញនោះទេ ព្រោះកម្ពុជាមិនមានភាពចាំបាច់ទៅដាក់បង្កប់មីននៅលើទឹកដីថៃ ឬដាក់មីនថ្មីនៅតាមព្រំដែនកម្ពុជា-ថៃនោះទេ។
សម្រាប់សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែន ត្រូវបានលោកបណ្ឌិត យង់ ពៅ បានពន្យល់ថា មិនមានអ្វីជាការព្រួយបារម្ភនោះទេ ព្រោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពិតជាយល់ច្បាស់អំពីសភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយពួកគាត់នឹងមិនចូលទៅកាន់តំបន់កងទ័ពហាមឃាត់ ដែលគ្មានតម្រាយផ្លូវពីកងទ័ពកម្ពុជា នងដែលបច្ចុប្បន្នកំពុងមានការប្រឈមមុខដាក់គ្នារវាងកងទ័ពប្រទេសទាំងពីរ ដែលថៃកំពុងមានមហិច្ឆតាឈ្លានពានកម្ពុជានោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានអះអាងថា ពលរដ្ឋកម្ពុជាយល់ច្បាស់ពីភាពចាំបាច់នៅក្នុងការការពារអធិបតេយ្យភាពកម្ពុជា ហើយពួកគាត់ពិតយល់ច្បាស់ពីមរតកដែលបន្សល់ពីសង្គ្រាមស៊ីវិលនៅកម្ពុជា។
លោកបណ្ឌិតបានបន្ថែមទៀតថា ករណីទាហានថៃបានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយថៃចោទប្រកាន់មកលើកម្ពុជាថាបានបង្កប់មីនថ្មី និងប្រកាសប្ដឹងកម្ពុជាទៅអង្គការសហប្រជាជាតិខាងលើនេះ បានបង្ហាញថា ជារៀងដរាបមក ថៃពិតជាមិនបោះបង់ចោលមហិច្ឆតាឈ្លានពាន និងមួលបង្កាច់មកលើកម្ពុជានោះឡើយ ពិសេសចាប់តាំងពីករណីទាហានបានលបចូលមកបាញ់ប្រហារលើកងទ័ពកម្ពុជាដែលបានបណ្ដាលឱ្យយោធិនកម្ពុជាមួយរូបបាត់បង់ជីវិត។
ជាអនុសាសន៍របស់លោកបណ្ឌិត យង់ ពៅ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្ធូរបន្ថយភាពតានតឹង ភាគីទាំងពីរកម្ពុជា-ថៃ ត្រូវតែដោះស្រាយបញ្ហាព្រំដែន ដោយប្រើប្រាស់ច្បាប់អន្តរជាតិដែលរួមមានសន្ធិសញ្ញានិងផែនទីព្រំដែនបារាំង-សៀម រួមទាំងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ចៀសវាងការប្រើប្រាស់ផែនទីជាឯកតោភាគីដែលថៃបានគូសដោយខ្លួនឯង ដែលជាហេតុនាំឱ្យថៃមានបញ្ហាព្រំដែនមិនចេះចប់ជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន៕
RAC Media | លឹម សុវណ្ណរិទ្ធ
វិមានសន្តិភាព៖ នៅថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ សណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប។ សិក្ខាសាលាអន្តរជាតិនេះ សហការរៀបចំដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត...
កម្មវិធីកិច្ចពិភាក្សាតុមូលស្តីពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយនៅថ្ងៃស្អែកនេះគឺ៖ ពេលព្រឹក៖ គណបក្សយុវជនកម្ពុជា Vs គណបក្សខ្មែររួបរួមជាតិពេលរសៀល៖ គណបក្សខ្មែរតែមួយ Vs គណបក្សឆន្ទៈខ្មែរសាធារណជន អាចចូលរួមស្ត...
នៅរសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីការពារសាកល្បងនិក្ខេបបទ បេក្ខជនបណ្ឌិ...
នៅសល់ពេលប្រមាណជាង២ខែប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ នឹងចាប់ផ្តើមឡើងនៅទូទាំងប្រទេស ហើយរហូតមកទល់ពេលនេះ គណបក្សនយោបាយប្រមាណជា ២០គណបក្ស ត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រកាសទ...