ព័ត៌មាន

ឃាត់បានរថយន្តពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

(ព្រះវិហារ)៖ នៅវេលាម៉ោង ៨:១០នាទីយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារឧទ្យានុរក្សនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចុះឃាត់រថយន្តមួយគ្រឿងពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ(ខ.ម) ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

ក្នុងប្រតិបត្តិការល្បាតរបស់ក្រុមឧទ្យានុរក្សក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ចុះល្បាតនិងត្រួតពិនិត្យនៅក្នុងបរិវេណព្រៃនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យនិងក្រុមការងារបានពើបប្រទះនឹងក្រុមអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ព្រមទាំងរថយន្តដឹកឈើ និងឈើប្រណីតដែលត្រូវជនប្រព្រឹត្តបទល្មើសកាប់រួចបម្រុងនឹងដឹកចេញពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

តាមប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ រថយន្តដែលជនប្រព្រឹត្តបទល្មើសប្រើប្រាស់សម្រាប់ដឹកឈើនាពេលនេះ បានបំពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) (ស្លាកលេខ ខេមរភូមិន្ទ 2-3786) បានដឹកឈើប្រណិត ប្រភេទឈើផ្ចឹកដែលមានខ្នាត7 ទៅ8តឹក។ រថយន្ត និងឈើប្រណីតដែលជាវត្ថុតាងខាងលើនេះ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យឱ្យក្រុមការងារឧទ្យានុរក្សនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប យកមករក្សាទុកនៅទីស្នាក់ការឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប៕

RAC Media

2021-01-28 02:16:04   ថ្ងៃព្រហស្បតិ៍, 28 មករា 2021 ម៉ោង 09:16 AM
«ការអនុវត្តវិធានការក្ដៅចំពោះអ្នកកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

ក្រោយពីប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ ក្នុងខ្លឹមសារដែលឯកឧត្តមបណ្ឌិត​សភាចារ្យបានលើកបញ្ជាក់ជាច្រើនលើកច្រើនសារពីការអប់រំនៅចំពោះមុខជនល្មើសទាំងឡាយដែលបានកាប់បំផ្លាញព្រៃឈើ ដែលតែងបានចុះកិច្ចសន្យា និងពន្យល់ពីសារៈសំខាន់នៃការចូលរួមការពារព្រៃឈើនៅក្នុងឧទ្យាន និងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបផងដែរនោះ គឺបទល្មើសព្រៃឈើជាច្រើនក៏នៅតែមានការឡើងជាបន្តបន្ទាប់ទៀត។..ដោយទទួលបានព័ត៌មានទាំងនោះ ជាក់ស្តែងនៅថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ក្រុមការងាររបស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំក្រុមការងារឧទ្យានរាជបណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយផ្ទាល់តាមចាប់អ្នកប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើក្នុងឧទ្យាន។

...បទល្មើសព្រៃឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានកើតមានឥតឈប់ឈរ ដែលអ្នកប្រព្រឹត្តបទល្មើសទាំងនេះ ភាគច្រើនជាអ្នកទើបចូលមករស់នៅឧទ្យាន ក្រោយព្រះរាជក្រឹត្យត្រាស់បង្គាប់ កំណត់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទៅជាព្រៃសម្រាប់អភិរក្ស និងមួយចំនួនទៀតគឺជា ប្រជាពលរដ្ឋដែលរស់នៅជាប់នឹងឧទ្យានផ្ទាល់តែម្ដង។ កន្លងមកនេះ ដោយទទួលបានអនុសាសន៍ណែនាំពីឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋដែលទើបតែបានចូលមករស់នៅក្នុងឧទ្យាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជាប់នឹងឧទ្យាន អំពីសារៈប្រយោជន៍នៃការអភិរក្សនិងថែរក្សាព្រៃឈើ សត្វព្រៃ និងកេរដំណែលដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ព្រមទាំងបង្កើតការងារជាច្រើនជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបរិវេណនិងនៅជាប់បរិវេណឧទ្យាន ដើម្បីជំរុញឱ្យពួកគាត់ងាកមកប្រកបមុខរបរសុច្ចរឹត និងស្របច្បាប់ និងអាចធានាបាននូវស្ថិរភាពជីវភាពរបស់ប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែជារឿយៗ ពួកគាត់នៅតែបន្តការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ឧទ្យានឥតឈប់ឈរឡើយ។

បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប អំពីសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជា បានអញ្ជើញធ្វើដំណើរទាំងយប់តាមរថយន្តទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ដើម្បីដឹកនាំក្រុមការងារឧទ្យាន តាមស្ទាក់ចាប់ជនប្រព្រឹត្តបទល្មើសព្រៃឈើទាំងនោះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវការសោកស្ដាយចំពោះទង្វើរបស់ជនដែលប្រព្រឹត្តបទល្មើសទាំងនោះ ដែលនៅតែពុំរាងចាលក្នុងការប្រព្រឹត្ត ដោយបានបន្តសកម្មភាពយ៉ាងគឃ្លើននៅក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការអភិរក្ស និងថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងសំខាន់បម្រើដល់ប្រយោជន៍បច្ចុប្បន្ននិងទៅពេលខាងមុខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលរស់នៅទីនោះ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន ដែលជាអ្នកប្រព្រឹត្តបទល្មើស នៅតែបន្តសកម្មភាពកាប់បំផ្លាញព្រៃឈើដោយពុំយល់ពីតម្លៃនៃការខិតខំប្រឹងនេះឡើយ។

ជាលទ្ធផល ក្រុមការងារដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ បានតាមស្ទាក់ចាប់ និងប្រមូលបាននូវវត្ថុតាងដែលរួមមានទាំងរណាអារឈើ គោយន្ត និងឈើដែលត្រូវបានកាប់សរុបចំនួន៣គោយន្ត យកមករក្សាទុកនៅក្នុងស្នាក់ការឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយឯកឧត្ដមបណ្ឌិតសភាចារ្យអះអាងថា ក្រុមការងារឧទ្យាន​នឹងមិនប្រគល់ជូនអ្នកកាប់បំផ្លាញព្រៃឈើទាំងនោះវិញឡើយ ព្រោះវាអាចនឹងក្លាយជាមធ្យោបាយសម្រាប់ពួកគេប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ទៀត។​ ករណីទាំងនោះវាមិនមែនជាលើកទី១នោះទេ ដែលព្រៃឈើនៅក្នុងឧទ្យាននៅតែទទួលរងនូវការបំផ្លាញដែលកន្លងមក ហើយឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានថ្លែងប្រាប់ដល់សាធារណជនហើយថា នឹងមានការអនុវត្តវិធានការក្តៅសម្រាប់អ្នកបានចូលរួមកាប់បំផ្លាញឈើ នៅក្នុងឧទ្យានរាជរាជបណ្ឌិត្យសភាកម្ពុជា ហើយ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានបញ្ជាក់ប្រាប់ឱ្យដឹងថា កន្លងមកក្រុមឧទ្យានុរក្សបានចុះចាប់សកម្មភាពដឹកឈើ ក្រុមឧទ្យានុរក្សចង់កសាងសំណុំរឿងបញ្ជូនខ្លួនពលរដ្ឋអ្នកប្រព្រឹត្តបទល្មើសជាក់ស្ដែងទៅតុលាការ ប៉ុន្តែដោយសារតែការអាណិតអាសូរ និងការគិតគូរអំពីការរស់នៅរបស់ជនល្មើសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏តែងតែសុំមិនឱ្យកសាងសំណុំរឿងទាំងនោះ ពីព្រោះយល់ថា ប្រសិនបើចាប់ជនល្មើសដាក់ពន្ធនាគារ គ្រួសាររបស់ពួកគាត់នឹងជួបនូវការលំបាកបាត់បង់អ្នកទីពឹងដើម្បីមានលទ្ធភាពក្នុងការចិញ្ចឹមគ្រួសារ ខ្លឹមសារទាំងអស់ក៏ត្រូវបានអ្នកសារព័ត៌មានបានចុះផ្សាយនៅក្នុងសារព័ត៌មានជាច្រើនកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា  តេជោសែន ឫស្សីត្រឹបផងដែរ៕

​​​​​​​​​​​                         ប្រភេទគោយន្តដែលចាប់បាននៅក្នុងឧទ្យាន យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១

សន្និសីទសារព័ត៌មានស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានជាតិតេជោសែនឫស្សីត្រឹប ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១

RAC Media

2021-01-27 08:47:11   ថ្ងៃពុធ, 27 មករា 2021 ម៉ោង 03:47 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាទទួលជួប និងពិភាក្សាការងារជាមួយលោកជំទាវ LIURKA RODRIGUEZ BARRIOS ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួប និងពិភាក្សាការងារជាមួយនឹងលោកជំទាវ LIURKA RODRIGUEZ BARRIOS ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សាជាលើកទីមួយនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកជំទាវ LIURKA RODRIGUEZ BARRIOS ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជជែកពិភាក្សានិងដោះដូរទស្សនៈលើបញ្ហាសំខាន់ៗមួយចំនួន ដែលក្នុងនោះរួមមានការផ្ដោតទៅលើប្រវត្តិទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-គុយបា បច្ចុប្បន្នភាពនៃស្ថានភាពប្រទេសទាំងពីរ និងការពិនិត្យទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ពិសេសវិស័យសិក្សាស្រាវជ្រាវ រវាងស្ថាប័នស្រាវជ្រាវនៃប្រទេសទាំងពីរ។

ក្នុងជំនួបនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ពីការរំពឹងយ៉ាងមុតមាំរបស់ឯកឧត្ដមថា ប្រទេសគុយបាដែលមានទំនាក់ទំនងល្អ និងបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក្នុងនាមជាដៃគូតាំងពីឆ្នាំ១៩៦០ និងដែលបច្ចុប្បន្ន គុយបាមានការរីកចម្រើននៅលើវិស័យវេជ្ជសាស្ត្រ កសិកម្ម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀតជាមួយនឹងកម្ពុជា ពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា បានសម្ដែងនូវសេចក្ដីសោមនស្សជាខ្លាំងចំពោះជំនួបដ៏មានសារៈសំខាន់ពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះការដោះដូរទស្សនៈល្អៗជាច្រើនដែលជាធាតុចូលថ្មីៗ ដែលបានលើកឡើងនៅក្នុងជំនួបលើកដំបូងនាព្រឹកនេះ។ លោកជំទាវបានសម្ដែងនូវក្ដីសង្ឃឹមក្នុងការជួបពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ នៅក្នុងឱកាសដ៏សមស្របជាបន្តបន្ទាប់ទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យសិក្សាស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រ។

គួរបញ្ជាក់ថា លោកជំទាវ LIURKA RODRIGUEZ BARRIOS គឺជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ដែលត្រូវបានតែងតាំងកាលពីដើមឆ្នាំ២០២០កន្លងទៅនេះ ហើយលោកជំទាវក៏ជាឯកអគ្គរដ្ឋទូតជាស្ត្រីដំបូងគេ ដែលបានអញ្ជើញមករាជបណ្ឌិត្យសភាកម្ពុជាដើម្បីជួបពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

RAC Media

2021-01-26 09:09:03   ថ្ងៃអង្គារ, 26 មករា 2021 ម៉ោង 04:09 PM
«រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូង ជាគោរមវន្តទទួលសញ្ញាបត្រកិត្តិបណ្ឌិតពីរាជបណ្ឌិត្យសភាកម្ពុជា កាលពី១០ឆ្នាំមុន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ជេអ៊ីន បានធ្វើការតែងតាំងអតីតទីប្រឹក្សាសន្តិសុខជាតិ, ឯកឧត្តមបណ្ឌិត Chung Eui-yong, ជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េលោក។ ដំណឹងនេះបានផ្សព្វផ្សាយទូទាំងពិភពលោកចំពោះវត្តមានរបស់ឯកឧត្តមបណ្ឌិត ក្នុងនាមជារដ្ឋមន្ត្រីការបរទេសថ្មី។ សម្រាប់កម្ពុជា នេះជាដំណឹងដ៏រីករាយ និងជាមោទនភាពមួយ ក៏ព្រោះតែឯកឧត្តមបណ្ឌិត Chung Eui-yong ក៏ជាគោរមវន្តមួយរូប ដែលបានទទួលសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ កាលពីចុងឆ្នាំ២០១០ នៅក្នុងអាណត្តិគ្រប់គ្រងរាជបណ្ឌិត្យសភាកម្ពុជារបស់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា។

គួរបញ្ជាក់ដែរថា ចាប់តាំងពីខែកុម្ភៈឆ្នាំ២០០៧ ឯកអគ្គរដ្ឋទូត CHUNG Eui-yong បានបំពេញភារកិច្ចជាសហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍និងជាអគ្គលេខាធិការ ICAPP ឬសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ីដែលតំណាងឱ្យគណបក្សនយោបាយជាង៣០០ នៅក្នុង៥២ប្រទេសនៅអាស៊ី។

បន្ទាប់ពីបម្រើការងារការបរទេសរបស់ប្រទេសកូរ៉េខាងត្បូងអស់រយៈពេលជាង៣ទស្សវត្សរ៍ ឯកអគ្គរដ្ឋទូតជុង បានចូលប្រឡូកក្នុងនយោបាយដោយត្រូវបានបោះឆ្នោតជ្រើសរើសដោយរដ្ឋសភានីតិកាលទី១៧ ក្នុងខែមេសា ឆ្នាំ២០០៤ ក្នុងរយៈពេលបួនឆ្នាំ។ ក្នុងអាណត្តិរបស់គាត់គាត់បានបម្រើការជា ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃគណបក្សគ្រប់គ្រងយូរី (Uri Party) ដែលក្រោយមកក្លាយជាគណបក្សប្រជាធិបតេយ្យដែលទំនួលខុសត្រូវរបស់លោកជុងរួមមានការឯកភាពលើគោលនយោបាយការបរទេសនៅក្នុងបក្សនិងជម្រុញមុខតួនាទីរបស់គណបក្សនៅក្នុងសភានិងរដ្ឋបាល។ លោកក៏បានតំណាង​ឱ្យ​សភាជាតិ​កូរ៉េនៅក្នុងសន្និសីទអន្តរសភាផ្សេងៗគ្នារួមមាន IPU, APU និងក្រុមតំបន់និងទ្វេភាគីជាច្រើនទៀត។

ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤ លោកបានបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ។ ជាមួយសមត្ថភាពនេះលោកបានដឹកនាំនិងឃ្លាំមើលសកម្មភាព របស់អ្នកការទូតអាជីពជាង​៣០នាក់ ដែលចូលរួមក្នុងការចរចាពហុភាគីជាច្រើននៅទីក្រុងហ្សឺណែវ។ នៅខែមិថុនា ឆ្នាំ២០០៣ គាត់ត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានគណៈអភិបាលនៃអង្គការអន្តរជាតិខាងការងារ (ILO) បន្ទាប់ពីធ្វើជាអនុប្រធានដែលតំណាងឱ្យផលប្រយោជន៍របស់ក្រុមរដ្ឋាភិបាលនៅក្នុងរចនាសម្ព័ន្ធត្រីភាគីរបស់ILO។ លោកក៏ធ្លាប់បម្រើការជាសមាជិកផ្លូវការនៃគណៈកម្មការ​ពិភពលោកលើវិមាត្រសង្គមនៃសាកលភាវូបនីយកម្ម (World Commission on the Social Dimension of Globalization) ដែលត្រូវបានដឹកនាំដោយប្រធានាធិបតីហ្វាំងឡង់និងតង់ហ្សានី។ នៅឆ្នាំ២០០២ ឯកអគ្គរដ្ឋទូតជុងបានធ្វើជាអធិបតីក្នុងសម័យប្រជុំពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិកម្មសិទ្ធអន្តរជាតិ (the Council on International Property Rights) នៅឯអង្គការពាណិជ្ជកម្មពិភពលោកនិងជាអ្នកសម្របសម្រួល ពិសេសសម្រាប់ការត្រួតពិនិត្យរបៀបវារៈនៅក្នុងសន្និសីទស្តីពីការគ្មានអាវុធ។

មុនពេលទៅដល់ទីក្រុងហ្សឺណែវលោកជុងគឺជាអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០១ ក្នុងកំឡុងពេលដែលគាត់ត្រួតពិនិត្យលើការធ្វើផែនការគោលនយោបាយពាណិជ្ជកម្មក៏ដូចជាការចរចាទ្វេភាគីនិងពហុភាគី។ ជាពិសេសលោកទទួល​ខុសត្រូវចំពោះការផ្តួចផ្តើមនិងដឹកនាំការចរចារសម្រាប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកូរ៉េ - ឈីលី (Korea-Chile Free Trade Agreement )។ លោកបានបម្រើការជាប្រធានគណៈប្រតិភូកូរ៉េក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC ។ ក្នុងកំឡុងពេលបំពេញមុខងារជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអ៊ីស្រាអែលពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៨ លោកមិនត្រឹមតែពង្រឹងកិច្ចសហប្រតិបត្តិការ​ទ្វេភាគីលើវិស័យផ្សេងៗគ្នារវាងប្រទេសកូរ៉េនិងអ៊ីស្រាអែលប៉ុណ្ណោះទេប៉ុន្តែលោកក៏បានផ្តួចផ្តើមកម្មវិធី (ODA)​ របស់កូរ៉េសម្រាប់ប្រជាជនប៉ាឡេស្ទីនផងដែរ។

ឯកអគ្គរដ្ឋទូតជុងបានបម្រើការជារដ្ឋមន្រ្តីក្រសួងកិច្ចការសេដ្ឋកិច្ចនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនិងព្រុចសែលដោយពង្រឹងចំណងទាក់ទងសេដ្ឋកិច្ចទ្វេភាគីរបស់កូរ៉េជាមួយទាំងសហរដ្ឋអាម៉េរិកនិងសហភាពអឺរ៉ុប។ មុនឆ្នាំ ១៩៩៣ លោកបានកាន់តួនាទីលេចធ្លោផ្សេងទៀតនៅក្នុងក្រសួងការបរទេសរួមទាំងអ្នកនាំពាក្យអ្នកនាំពាក្យអគ្គនាយករងសម្រាប់ អ្នកវិភាគព័ត៌មានអន្តរជាតិប្រធានផ្នែកគោលនយោបាយពាណិជ្ជកម្មនិងជាជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេស បន្ទាប់ពីបម្រើការនៅស្ថានទូតកូរ៉េនៅទីក្រុងបាងកកវ៉ាស៊ីនតោនឌីស៊ីនិងអូតាវ៉ា។ គាត់បានចូលរួមក្នុងសេវាកម្ម ការបរទេសនៅចុងឆ្នាំ ១៩៧១ បន្ទាប់ពីគាត់បានបំពេញការងារជាមន្រ្តីកងទ័ពជើងទឹកអស់រយៈពេល ៣ ឆ្នាំ។

រដ្ឋមន្ត្រីតែងតាំងថ្មី ឯកឧត្តមបណ្ឌិត Chung Eui-yong អាយុ ៧៤ឆ្នាំ កើតនៅទីក្រុងសេអ៊ូល, បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យជាតិសេអ៊ូល ក្នុងឆ្នាំ១៩៦៨ និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ (M.P.A.) ផ្នែកកិច្ចការអន្តរជាតិនិងសន្តិសុខ ពី Harvard’s Kennedy School of Government នៃសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ១៩៨២។ គាត់បានទទួល មេដាយ Hwangjo Geunjeong ពីរដ្ឋាភិបាលកូរ៉េក្នុងខែកញ្ញាឆ្នាំ ២០០៤, កិត្តិយសសម្រាប់ការរួមចំណែកជាអ្នកការទូតរដ្ឋសភា ពីសភាជាតិកូរ៉េ នៅខែឧសភាឆ្នាំ ២០០៥ និងទទួលបានមេដាយ Bernado O'Higgins ពីរដ្ឋាភិបាលឈីលីក្នុងខែមករា ២០០៦។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត Chung Eui-yong ក៏បានទទួលសញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ ពីរាជបណ្ឌិត្យសភាកម្ពុជា នៅខែធ្នូ ឆ្នាំ២០១០។

RAC Media | រឿន ភារុន



2021-01-22 02:33:14   ថ្ងៃសុក្រ, 22 មករា 2021 ម៉ោង 09:33 AM
«ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុន មេហូ អភិវឌ្ឍន៍ ឯ.ក និងក្រុមហ៊ុនហ្សេប ស៊ីល អ៊ិនស្តើរេស៊ិន ផាតនើរ អេស៊ា ឯ.ក.»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជាមួយក្រុមហ៊ុនចំនួនពីរ គឺ ក្រុមហ៊ុន មេហូ អភិវឌ្ឍន៍ ឯ.ក និងក្រុមហ៊ុន ZAP ZEAL ASPIRATION PARTNER ASIA CO., LTD ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋខ្មែរដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន។

ពីសាលមរតកសិល្បៈខ្មែរនៃអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា លោកស្រី ទូច សុខនាង អគ្គនាយិកាក្រុមហ៊ុន មេអភិវឌ្ឍន៍ ឯ.ក. ដែលជាទីភ្នាក់ងារស្វែងរកការងារនៅប្រទេសជប៉ុន បានឱ្យដឹងថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះមានបំណងចម្បង គឺជម្រុញ ការបណ្តុះបណ្តាល ធនធាន មនុស្ស នៃកម្ពុជា ឱ្យមានជំនាញច្បាស់លាស់ និងកាន់តែច្រើន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសបន្ថែមទៀត។ លោកស្រី ទូច សុខនាង បានបញ្ជាក់ថា៖«បើជនជាតិខ្មែរមានជំនាញវិជ្ជាជីវៈច្បាស់លាស់ នឹងទទួលបានប្រាក់បៀវត្សរ៍កម្រិតខ្ពស់ និងទទួលបាន បទពិសោធន៍ ការងារជំនាញ ពីជប៉ុនថែមទៀត»។

ជាមួយគ្នានេះ លោក Okumoto Tatsuhiko តំណាង ZAP ZEAL ASPIRATION PARTNER ASIA CO., LTD បានបញ្ជាក់ឱ្យដឹងថា កិច្ចសហប្រតិបត្តិការនាពេលនេះ មិនត្រឹមតែមានលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ គឺថែមទាំងជាកិច្ចសហប្រតិបត្តិការកម្រិតយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីបណ្តុះបណ្តាលជំនាញជាន់ខ្ពស់ផ្សេងទៀត ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងាររវាងប្រទេសកម្ពុជា-ជប៉ុន។ លោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចការសហការគ្នានាពេលនេះនឹងទទួលបានជោគជ័យ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុនកាន់តែប្រសើរឡើង។

នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុន មេហូ អភិវឌ្ឍន៍ ឯ.ក និងក្រុមហ៊ុនហ្សេប ស៊ីល អ៊ិន​ស្តើរេស៊ិន ផាតនើរ អេស៊ា ឯ.ក. នាពេលនេះ គឺដើម្បីជម្រុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសនិងកម្រិតខ្ពស់បន្ថែម ដើម្បីឱ្យប្រជាជនខ្មែរមានជំនាញការងារវិជ្ជាជីវៈច្បាស់លាស់ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមថា នៅមុនពេលពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា អ្នកស្រាវ​ជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានស្រាវជ្រាវ ពីវិស័យអាទិភាព ដែលជម្រុញការអភិវឌ្ឍនៅតាមបណ្តាប្រទេសអាស៊ានចំនួន៤ រួមមាន ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ។ តាមរយៈលទ្ធផល នៃការចុះស្រាវ​ជ្រាវដោយផ្ទាល់កន្លងមកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា កម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពិតជាបានជួយរុញច្រានការអភិវឌ្ឍយ៉ាងប្រាកដ។ ហេតុនេះ រាជបណ្ឌិត្យសភាកម្ពុជា ត្រូវការឱ្យមានកិច្ចសហការ​ជាមួយវិស័យឯកជននានា ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិ។ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំការបណ្តុះបណ្តាល និងស្រាវជ្រាវស៊ីជម្រៅ លើជំនាញវិជ្ជាជីវៈ ដែល​បង្កើនធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកបំពេញតម្រូវការកម្លាំងពលកម្មជំនាញក្នុងស្រុក និងក្រៅស្រុកថែមទៀត។ រាជបណ្ឌិត្យសភាកម្ពុជា បើកបេះដូងទទួលស្វាគមន៍និងធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុនដទៃទៀតដែលមានគោលដៅដូចគ្នា ឱ្យស័ក្ដិសមនឹងពាក្យស្លោកថា៖ «រាជបណ្ឌិត្យសភាកម្ពុជា ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»។

RAC Media | រឿន ភារុន

2021-01-15 10:05:15   ថ្ងៃសុក្រ, 15 មករា 2021 ម៉ោង 05:05 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិននៅកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រោមកិច្ចសហប្រតិបត្តិការមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិននិងភាសាបរទេសនៃក្រសួងអប់រំប្រទេសចិន និងរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជាបានអញ្ជើញថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលាស្តីពី ការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ តាមប្រព័ន្ធអនឡាញនៅកម្ពុជា ដើម្បីជាការរឹតចំណងមិត្តភាពរវាងកម្ពុជា ចិន កើនឡើងមួយកម្រិតទៀត។

រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរ ភាសាចិន ភាសាបរទេស នៃក្រសួងអប់រំប្រទេសចិនបានសហការរៀបចំកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណង ១) ជាការផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូ ដែលជាគ្រូបង្រៀនភាសាចិននៅតាមគ្រឹះស្ថាននានា ដើម្បីទទួលយកចំណេះដឹងថ្មីៗ ទាក់ទងនឹងបច្ចេកទេសក្នុងការបង្រៀនភាសាចិន ក៏ដូចជាពិភាក្សាក្នុងការស្វែងរកដំណោះស្រាយនានាដែល ទាក់ទងនឹងការបង្រៀន ពីសំណាក់អ្នកឯកទេស ទាំងខ្មែរ និងចិន ២)ជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍធនធានអ្នកចេះភាសាចិននៅកម្ពុជា ដើម្បីជាទុនសម្រាប់បម្រើប្រទេសជាតិយើងទៅថ្ងៃអនាគត ៣)ជាស្ពានក្នុងការបើកបេះដូងរវាងប្រជាជនកម្ពុជា និងចិនផងដែរ ៤) ការបណ្តុះបណ្តាលនេះ នឹងបង្កើនធនធានមនុស្ស ឆ្លើយតបនឹងតម្រូវការក្នុងតំបន់ និង៥) ជំរុញឱ្យភាសាចិនក្លាយទៅជាភាសាទី៣ ក្នុងប្រទេសកម្ពុជា និងឈានទៅដល់ការបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំនៅកម្ពុជានាពេលអនាគត។ ៦) ភាសាចិនមានសារៈសំខាន់សម្រាប់ធ្វើការទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមករវាងប្រជាជនប្រទេសទាំងពីរ ៧) ភាសាចនសម្រាប់ប្រើប្រាស់ក្នយវិស័តបច្ចេកវិទ្យា និងអេឡិចត្រូនិច ជាក់ស្តែង យើងឃើញថាចិនបានផលិតផលិតផលប្រើប្រា់សម្រាប់ប្រជាជនគ្រប់ជាន់ថ្នាក់ ហើយវិស័យបច្ចេកវិទ្យារបស់ចិនបានដើរលឿន និងដើរតួនាទីសំខាន់ក្នុងជីវភាពប្រជាជន ជាហេតុធ្វើឱ្យភាសាចិនក៏ដើរតួនាទីសំខាន់ក្នុងការសិក្សា និងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិករបស់ចិន។

ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាមានក្តីសោមនស្សរីករាយជាអនេក ដែលបានចូលរួមធ្វើជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្ដីពី «ការបណ្តុះ បណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់នៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញ ក្នុងពេលនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា ចាប់តាំងពីភ្ជាប់ចំណងការទូតជាមួយគ្នាមក ប្រទេសកម្ពុជា និងប្រទេសចិន នៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយគ្នាជានិច្ចលើគ្រប់វិស័យ រួមមានសេដ្ឋកិច្ច វប្បធម៌ នយោបាយ យោធា បច្ចេកវិទ្យា ។ល។ ជាក់ស្តែង យើងសង្កេតឃើញ វិនិយោគិនចិនជាច្រើនបានកំពុងបណ្តាក់ទុននៅប្រទេសកម្ពុជា។ ការកើនឡើងនៃវិនិយោគិនចិននៅប្រទេសកម្ពុជា បានផ្តល់ឱកាសការងារជាច្រើនដល់និយោជកកម្ពុជា និងបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងជម្រុញសេដ្ឋកិច្ចកម្ពុជា ឈានទៅរកវិបុលភាព។ ចំណែកការផ្លាស់ប្តូរវប្បធម៌វិញ ក្រោមការសហការរវាង រាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរ ភាសាចិន និងភាសាបរទេសនៃក្រសួងអប់រំប្រទេសចិន បានសហការក្នុងការ បណ្តុះបណ្តាលធនធានអ្នកចេះភាសាចិនជាច្រើននៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ មជ្ឈមណ្ឌល បានផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស សិក្ខា កាមជាគ្រូបង្រៀន ដើម្បីទៅសិក្សានៅប្រទេសចិន រយៈពេល១ឆ្នាំ ដល់៤ឆ្នាំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបន្ថែមថា បច្ចុប្បន្ន ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌល សហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន ភាសាបរទេស នៃក្រសួងអប់រំប្រទេសចិន ដោយមានការគាំទ្របច្ចេកទេសអំពីសាកលវិទ្យាល័យគរុកោសល្យចិនខាងកើត ក្រុងស៊ាងហៃយើងបានបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគរុកោសល្យភាសាចិន លើកដំបូងនៅរាជបណ្ឌិត្យសភាកម្ពុជា។ បច្ចុប្បន្ន យើងធ្វើការជ្រើសរើសនិស្សិតបានចំនួន ២០ (ម្ភៃ) នាក់ សម្រាប់ឆ្នាំសិក្សា ២០២០-២០២៣នេះ។ ក្រៅពីនេះទៅទៀត រាជបណ្ឌិត្យសភាកម្ពុជា បានបើកថ្នាក់បរិញ្ញាបត្រ ជំនាញគរុកោសល្យភាសាចិន ដែលយើងជ្រើសរើសនិស្សិតកំពុងសិក្សា បានចំនួន ៣៥ (សាមសិបប្រាំ) នាក់ ហើយថ្នាក់បរិញ្ញាបត្រជំនាញភាសាចិន (ពាណិជ្ជកម្ម ទេសចរណ៍ វេជ្ជសាស្ត្រ) នឹងធ្វើការជ្រើសរើសនិស្សិតចូលរៀននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

ក្នុងន័យ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាសង្ឃឹមថា មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរ ភាសាចិន ភាសាបរទេស នៃក្រសួងអប់រំប្រទេសចិន នឹងបន្តការជួយជ្រោមជ្រែង ផ្តល់គ្រូបង្រៀនភាសា ចិនដែលមានឯកទេសមកកាន់ប្រទេសកម្ពុជា ដើម្បីធានានូវនិរន្តរភាពនៃការអភិវឌ្ឍភាសាចិននៅប្រទេស កម្ពុជា។ ម្យ៉ាងវិញទៀត តាមរយៈគោលនយោបាយ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” ប្រទេសកម្ពុជា បានកំពុងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនក៏ដូចជាត្រៀមខ្លួន ដើម្បីក្លាយជាដៃគូប្រកួតប្រជែងក្នុងតំបន់។

«ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈការសហការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរ ភាសាចិន ភាសាបរទេស នៃក្រសួងអប់រំប្រទេសចិននឹងអាចបណ្តុះ បណ្តាលបាននូវធនធានមនុស្សជំនាញភាសាចិន លើគ្រប់វិស័យរួមមាន៖ សេដ្ឋកិច្ច អប់រំ បច្ចេកវិទ្យា វិទ្យាសាស្ត្រស្រាវជ្រាវ ជាដើម ដើម្បីបំពេញនូវតម្រូវការខាងលើនេះ»។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍បញ្ជាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងបន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជា មានដៃគូជាសាកលវិទ្យាល័យធំៗជាច្រើននៅប្រទេសចិន រួមមាន៖ សាកលវិទ្យាល័យគរុកោសល្យប៉េកាំង សាកលវិទ្យា ល័យគរុកោសល្យចិនខាងកើត សាកលវិទ្យាល័យគរុកោសល្យធានជីន សាកលវិទ្យាល័យសានសែ ជាដើម ដែលសុទ្ធតែជាសាកលវិទ្យាល័យល្បីៗទៅលើជំនាញគរុកោសល្យភាសាចិន មានបទពិសោធ គ្រប់គ្រាន់ ក្នុងការបង្រៀនលោកគ្រូ អ្នកគ្រូ រួមមានថ្នាក់បរិញ្ញាបត្រភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគរុកោ សល្យភាសាចិន។ ក្រៅពីនេះទៅទៀត រាជបណ្ឌិត្យសភាកម្ពុជា បានកំពុងតែ រៀបចំឱ្យមានវគ្គត្រៀម សម្រាប់ថ្នាក់បរិញ្ញា បត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វគ្គត្រៀមសម្រាប់ប្រឡងសមត្ថភាពភាសាចិននានា ដែលយើងមានគ្រូឯកទេស ដែលមានទាំងជំនាញ ចំណេះ និងបទពិសោធន៍ក្នុងការបង្រៀន។

សូមបញ្ជាក់ថា សិក្ខាសាលាបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ រៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទៅលើ ចំណេះដឹងថ្មីៗដែលមានប៉ុណ្ណោះ ប៉ុន្តែការចូលរៀនក្នុងប្រព័ន្ធសិក្សា អប់រំ ជាចំណុចសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពដោយពិតប្រាកដ។ លើសពីនេះទៅទៀត តាមរយៈកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការភាសា ទៅថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជា នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អាហារូបករណ៍ ជូនលោកគ្រូ អ្នកគ្រូ ទៅសិក្សានៅប្រទេសចិន តាមរយៈគម្រោង និងកម្មវិធីនានាជាច្រើនទៀត៕

RAC Media


2021-01-12 11:05:44   ថ្ងៃអង្គារ, 12 មករា 2021 ម៉ោង 06:05 PM
សសរស្តម្ភនៅវត្តប្រាសាទព្រះធាតុ ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា, វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media


2021-01-12 08:01:08   ថ្ងៃអង្គារ, 12 មករា 2021 ម៉ោង 03:01 PM
«ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ»

(ខេត្តព្រះវិហារ)៖ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហាមឃាត់ការកាប់ទន្ទ្រាន និងការកាប់ឈើធ្វើអាជីវកម្មដែលនាំឱ្យប៉ះពាល់ដល់ធនធានគម្របព្រៃឈើធម្មជាតិយ៉ាងណាក៏ដោយ។

ជាការអនុវត្តការអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានជាតិជាក់ស្តែង នៅថ្ងៃឈប់សម្រាក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១  ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តដឹកនាំក្រុមការងារឧទ្យានបំពេញបេសកកម្មចុះអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានដោយផ្ទាល់។ អំឡុងពេលចុះបេសកម្ម ក្រុមការងារបានបន្តចាប់ឡានដឹកឈើ ម៉ាកសាំងយ៉ុង ពណ៌បៃតង ផ្លាកលេខកណ្តាល 2A-4551 ដែលបានបើកចូលដឹកនាំក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ដោយខុសច្បាប់។

នៅពេលប្រតិបត្តិការនេះ អ្នកបើកបររថយន្តដែលជាជនសង្ស័យបានព្យាយាមបើករថយន្តគេចពីក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យាន ដោយបើកគេចចូលទៅទម្លាក់ឈើខុសច្បាប់ចោលនៅផ្ទះពលរដ្ឋមួយកន្លែងដែលរស់នៅក្នុងបរិវេណឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប។

ក្រៅពីបានឃាត់ខ្លួនជនសង្ស័យខាងលើ ក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យាន បានពិនិត្យនៅក្នុងផ្ទះនោះឃើញថា ជាកន្លែងកែច្នៃឈើនៅក្នុងឧទ្យានតែម្តង។

ហេតុផលខាងលើនេះ យើងអាចសន្និដ្នានបានថា ការចាប់ឈើក្នុងព្រៃគឺចាប់មិនបានទេ ព្រោះប្រជាជនរស់នៅក្នុងឧទ្យានជាអ្នកកាប់ កែច្នៃ និង ដឹកចេញក្នុងឧទ្យានតែម្តង៕

RAC Media

2021-01-03 06:43:08   ថ្ងៃអាទិត្យ, 03 មករា 2021 ម៉ោង 01:43 PM
តំណក់ប្រេងលើកដំបូង៖ ជា «បណ្ដាសា» ឬជា «ពរជ័យ»

នៅពេលដែលកម្ពុជា បានចាប់ផ្ដើមលើកយកបញ្ហាអណ្ដូងប្រេងកាតនៅក្នុងឈូងសមុទ្រខ្មែរ និងការវិនិយោគការខួងនិងចម្រាញ់ប្រេងកាត មានទស្សនៈយល់ឃើញជាច្រើន ពីសាធារណជន ថាតើកំណប់ប្រេងកាតរបស់កម្ពុជា ជាពរជ័យ ឬជាបណ្ដាសា? 

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាឱឡារិកពីសមិទ្ធផលតំណក់ប្រេងដំបូងរបស់កម្ពុជា។ តើតំណក់ប្រេងរបស់កម្ពុជាទាំងនេះ មានអត្ថន័យយ៉ាងណាសម្រាប់កម្ពុជា? យោងតាមទំព័រហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ក្រុមការងារសូមលើកយកមកបង្ហាញជូនដូចខាងក្រោម៖

"ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាខួបម្ភៃ២២ឆ្នាំនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ហើយក៏ជាថ្ងៃដែលកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូងរបស់ខ្លួន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង២០០០ឆ្នាំដែរ។ តំណក់ប្រេងលើកដំបូងនេះ ចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុក A នៃឈូងសមុទ្រខ្មែរ។

មានបដិសំណួរដ៏គួរឱ្យចាប់អារម្មណ៍ចំនួនពីរ ដែលបានកើតឡើងតាំងពីមុនពេលដែលកម្ពុជាមានតំណក់ប្រេងលើកដំបូងមកម៉្លេះ នោះគឺ តើតំណក់ប្រេងលើកដំបូងនេះជា «បណ្ដាសា» ឬជា «ពរជ័យ»?

សម្រាប់ជនមួយចំនួន មានទាំងខ្មែរទាំងបរទេសផង បានសម្ដែងកង្វល់តាំងពីមុនកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូងមកម៉្លេះ ខ្លាចតំណក់ប្រេងលើកដំបូងនេះ ក្លាយជាបណ្ដាសាចំពោះប្រជាជាតិកម្ពុជា បើមិនមានការគ្រប់គ្រងបានល្អ។ ពួកគេបានភ្ជាប់រឿងរ៉ាវបណ្ដាសាប្រេងដែលកើតមាននៅបណ្តាប្រទេសមួយចំនួននៅអាហ្វ្រ៊ិក មជ្ឈិមបូព៌ា រហូតដល់វេណហ្ស៊ុយអេឡា ដែលសុទ្ធតែជាប្រទេសដែលសម្បូរណ៍ប្រេង តែនៅទីបំផុតទៅ ប្រទេសទាំងនោះ បានរអិលជើងធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល អំពើហិង្សា ការបែកបាក់ជាតិ អំពើពុករលួយ និងការចូលជ្រៀតជ្រែកពីបរទេស ជាពិសេស ពីពួកមហាអំណាច រាប់សិបឆ្នាំរហូតដល់ឥឡូវ។

ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ពីភូមិគ្រឹះរបស់លោក នាទីក្រុងតាខ្មៅ បានមានប្រសាសន៍ថា តំណក់ប្រេងលើកដំបូងនេះជាពរជ័យសម្រាប់ប្រជាជាតិកម្ពុជា។ សម្តេចតេជោបានចាត់ទុកថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ននិងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ រួមមាន ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ។ វាជាពរជ័យសម្រាប់ប្រជាជននិងប្រទេសជាតិ មិនមែនជាបណ្តាសាដូចការលើកឡើងរបស់ជនមួយចំនួននោះទេ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ចំណូលបានពីប្រេងនឹងយកទៅអភិវឌ្ឍវិស័យអប់រំនិងសុខាភិបាល។

បន្ទាប់ពីទទួលបានព័ត៌មានស្តីពីតំណក់ប្រេងលើកដំបូង ប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ រួមទាំងថ្នាក់ដឹកនាំជាតិកំពូលៗរបស់កម្ពុជា មានទាំងព្រះមហាក្សត្រផង បានចេញសារអបអរសាទរសម្តេចតេជោព្រោងព្រាងជាមួយនឹងពាក្យពេជន៍លើកតម្កើងនិងកោតសរសើរដ៏ខ្ពង់ខ្ពង់បំផុតចំពោះសម្តេចតេជោ ដែលដឹកនាំធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសនិងទទួលបានតំណក់ប្រេងលើកដំបូងនេះ និងបានលើកឡើងដូចគ្នានឹងសម្តេចតេជោថា តំណក់ប្រេងលើកដំបូងនេះ គឺជាពរជ័យ។ ប៉ុន្តែ សម្រាប់អ្នកមិនពេញចិត្តនិងអ្នកបារម្ភ ក៏បានបង្ហោះសារសម្តែងនូវកង្វល់របស់ខ្លួនពីតម្លាភាពនិងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូលបានមកពីប្រេង ហើយអ្នកខ្លះមិននិយាយចំទេ តែគេបង្ហោះសារបែបឌឺដងនានា ក្នុងន័យសម្ដែងក្តីបារម្ភ ខ្លាចក្រែងតំណក់ប្រេងលើកដំបូងនេះក្លាយជាបណ្ដាសា។

សរុបមក យើងត្រូវទទួលស្គាល់ថា តំណក់ប្រេងលើកដំបូងនេះ ជាសមិទ្ធផលនៃប្រជាជាតិកម្ពុជាទាំងមូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង២០០០ឆ្នាំ។ វាជាព័ត៌មានដ៏ល្អនិងប្រកបដោយក្តីអំណរសម្រាប់យើងទាំងអស់គ្នា មិនថាជាអ្នកគាំទ្រឬមិនគាំទ្ររាជរដ្ឋាភិបាលនោះទេ ព្រោះវាជាសមិទ្ធផលរបស់ជាតិយើងទាំងអស់គ្នា។ ជា «បណ្ដាសា» ឬជា «ពរជ័យ» វាអាស្រ័យទៅលើតម្លាភាពនិងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូលបានមកពីប្រេង និងការប្រើប្រាស់ចំណូលដែលបានមកពីប្រេងឱ្យចំគោលដៅនិងមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ការបារម្ភពីបណ្ដាសាប្រេងដោយជនមួយចំនួន ក៏មិនគួរចាត់ទុកថា ជាការប្រឆាំងផ្កាប់មុខនោះដែរ ដ្បិតពិភពលោកនេះ មានឧទាហរណ៍ច្រើនមកហើយ ដែលប្រទេសមួយចំនួនដែលជាសេដ្ឋីប្រេងដែលទទួលបណ្ដាសាប្រេង។ ប៉ុន្តែ ទោះជាបែបនេះក្តី យើងទាំងអស់គ្នាត្រូវមានទំនុកចិត្តលើរាជរដ្ឋាភិបាល លើសម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់ចែងលើរឿងនេះ ដើម្បីជាមរតកប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ កន្លងមក សម្តេចតេជោធ្លាប់បានថ្លែងទៅកាន់មជ្ឈដ្ឋានអ្នករិះគន់មួយចំនួនថា កុំនាំគ្នាគិតថា ធ្វើម្ហូបអីខណៈត្រីនៅក្នុងទឹកនៅឡើយ។ ឥឡូវនេះ ត្រីមាននៅក្នុងដៃហើយ ដូច្នេះ ម៉ឺនុយមុខម្ហូប ក៏ពិតជាមាននៅលើតុអាហារដែរ៕"


2021-01-02 00:58:31   ថ្ងៃសៅរ៍, 02 មករា 2021 ម៉ោង 07:58 AM
ហេតុអ្វីដាក់សម្ពាធលើកម្ពុជា? ដោយ៖ បណ្ឌិត ស៊ឺន សម

«នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ការអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេស។ កម្ពុជាអាចទទួលបានជំនួយប្រមាណជាង៨៥លានដុល្លារសហរដ្ឋអាម៉េរិកនេះ លុះត្រារដ្ឋាភិបាលកម្ពុជាបង្ហាញពីការពង្រឹងសន្តិសុខ និង ស្ថិរភាពនៅក្នុងតំបន់ ពិសេសបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង និងគោរពការដាក់ទណ្ឌកម្មអន្តរជាតិទៅលើប្រទេសកូរ៉េខាងជើង ហើយក៏បានបន្ថែមដោយតម្រូវឱ្យកម្ពុជាប្រកាសពីអធិបតេយ្យភាពរបស់ខ្លួនប្រឆាំងទៅនឹងការជ្រៀតជ្រែកពីប្រទេស​ចិន ដោយរួមបញ្ចូលការរក្សាឱ្យមានអព្យាក្រិតភាពលើបញ្ហាមូលដ្ឋានកងទ័ពជើងរាម និង មូលដ្ឋានទ័ពផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា និង បញ្ហាគម្រោងអភិវឌ្ឍតារាសាគរនៅក្នុងខេត្តកោះកុង»។

ប្រទេសកម្ពុជា គឺជាប្រទេសតូចមួយនៅក្នុងសមាជិកនៃសមាគមអាស៊ីអគ្នេយ៍ ហើយប្រទេសនេះមានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធមិនទាន់រឹងមាំ ឬមិនទាន់ទំនើបដូចប្រទេសផ្សេងទៀតនៅក្នុងសមាគមអាស៊ីអគ្នេយ៍នៅឡើយទេ។ នៅមានកិច្ចការ និងរឿងរ៉ាវជាច្រើនទៀតដែលប្រទេសកម្ពុជាត្រូវតែបំពេញ និងកសាង ដើម្បីឈានទៅរកការអភិវឌ្ឍមួយដែលមានភាពរឹងមាំ និងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតបាន។

នៅពេលយើងនិយាយអំពីសេដ្ឋកិច្ចកម្ពុជា ពលរដ្ឋកម្ពុជា ឬអ្នកស្រាវជ្រាវមួយចំនួននឹងនិយាយថា«ប្រទេសនេះនៅមានសេដ្ឋកិច្ចទន់ខ្សោយ ឬប្រទេសនេះនៅមានភាពខ្វះខាតចំនុចនេះឬចំនុចនោះជាច្រើន»។ នៅពេលដែលយើងនិយាយអំពីគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ យើងនឹងឃើញចំណុចខ្វះខាតជាច្រើន ដែលពិបាកនឹងបកស្រាយ ឧទាហរណ៍ តម្លៃដែលខ្ពស់ពេក ហើយគុណភាពនៃសំណងមិនសូវរឹងមាំ ជាដើម។

ជាការពិតណាស់ ប្រទេសកម្ពុជា នៅមានចំណុចខ្វះខាតច្រើនណាស់ ហើយមិនសូវមានអ្នកហ៊ាននិយាយត្រង់អំពីចំណុចនៃភាពខ្វះខាតនោះទេ ដោយរឿងខ្លះ ជាកត្តាដែលប៉ះប្រយោជន៍ខ្លួនឯង ហើយរឿងខ្លះទៀត ជាកត្តាដែលប៉ះពាល់ផលប្រយោជន៍អ្នកផ្សេង។

បើទោះបីជាមានភាពខ្វះខាតខ្លះៗនៅក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋក៏ដោយ ក៏យើងមិនអាចបញ្ឈប់ការសាងសង់បានដែរ ព្រោះនោះគឺជាភាពចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស និងកសាងធនធានមនុស្សរបស់កម្ពុជា។

មានរឿងខ្លះ ពិតជាអយុត្តិធម៌ពេកហើយសម្រាប់ប្រទេសកម្ពុជា ព្រោះថាប្រទេសកម្ពុជានៅមានចំណុចខ្វះខាត ដោយសារតែភាពខ្វះខាតនោះ ទើបរដ្ឋប្រឹងប្រឹងបំពេញចន្លោះនៃភាពខ្វះខាត តាមរយៈការធ្វើសកម្មភាព វិនិយោគ ឬសាងសង់ផ្សេងៗ។ មិនមានការវិនិយោគណាដែលមិនប៉ះពាល់នោះទេ គ្រាន់តែយើងត្រូវពិនិត្យថ្លឹងថ្លែងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការសាងសង់នោះ តើមួយណាមានភាពចាំបាច់ជាង?

នៅក្នុងឆាកអន្តរជាតិ ឬនៅក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជានៅមិនទាន់មានព្រលានយន្តហោះណាមួយដែលមានលក្ខណៈអន្តរជាតិ ឬមានភាពទំនើបដូចជាប្រទេសជិតខាងនៅឡើយទេ ហើយជនជាតិខ្មែរភាគច្រើន ដែលធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសផ្សេង ជាពិសេសបណ្តាប្រទេសលោកខាងលិច ដែលមានព្រលានយន្តហោះធំទូលាយ និងស្អាតនោះ តែងបាននិយាយថា «ព្រលានយន្តហោះអន្តរជាតិកម្ពុជា មិនបានស្មើនឹងព្រលានយន្តហោះក្នុងស្រុករបស់ប្រទេស​នេះ ឬប្រទេសនោះនៅឡើយទេ»។

សូមពិនិត្យមើលប្រទេសជិតខាងរបស់កម្ពុជា ដែលមានប្រទេសវៀតណាម និងប្រទេសថៃ តើប្រទេសទាំងពីរនេះមានព្រយន្តហោះប៉ុន្មាន? មានផែអន្តរជាតិទឹកជ្រៅចំនួនប៉ុន្មាន? ដើម្បីទទួលឥវាន់ និងភ្ញៀវអន្តរជាតិដែលត្រូវចូលមកទស្សនាប្រទេសរបស់គេ?

វៀតណាមមានកំពង់ផែទឹកជ្រៅយ៉ាងតិចចំនួន ៦កន្លែង មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣កន្លែងដែលមានទំហំៗ ចំណែកឯប្រទេសថៃមានកំពង់ផែទឹកជ្រៅចំនួន៨កន្លែង ហើយអាកាសយានដ្ឋានអន្តរជាតិចំនួន៧កន្លែង។ ចុះហេតុអ្វីបានជាកម្ពុជាកសាងកំពង់ផែទឹកជ្រៅនៅតំបន់ឆ្នេសមុទ្ររាម ហើយនឹងគម្រោងអភិវឌ្ឍនៅតារាសាគរក្នុងខេត្តកោះកុង ដែលជាទឹកដីកម្ពុជានោះ មនុស្សមួយចំនួននាំគ្នាភ័យខ្លាចទៅវិញ?

ជនបរទេស គេនាំគ្នាភ័យខ្លាចចំពោះការអភិវឌ្ឍនៅកម្ពុជាព្រោះអាចមានផលប៉ះពាល់ដល់ប្រយោជន៍ជាតិសាសន៍របស់គេ ហើយចុះជនជាតិខ្មែរមួយចំនួនព្រួយបារម្មណ៍ព្រោះថារឿងអ្វីដែរ? ជាការពិតណាស់ ពលរដ្ឋមួយចំនួនដែលនៅក្នុងតំបន់អភិវឌ្ឍ អាចមានការមិនពេញចិត្តក្នុងការផ្លាស់ប្តូរទីកន្លែង ហើយរដ្ឋាភិបាល និងក្រុមហ៊ុនដែលទទួលការសាងសង់គួរតែមានសំណងសមរម្យសម្រាប់ពរដ្ឋដែលរងផលប៉ះពាល់នោះ ប៉ុន្តែពលរដ្ឋកម្ពុជាមិនគួរនាំគ្នានិយាយ​តាមជនបរទេសមួយចំនួននោះទេ ព្រោះជាតិសាសន៍ណាក៏ដោយ គេធ្វើអ្វីៗដើម្បីប្រយោជន៍ជាតិសាសន៍របស់គេ ទាំងប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោល ឬប្រយោជន៍ភូមិសាស្ត្រ នយោបាយសម្រាប់ប្រទេសគេ។ យើងត្រូវថ្លែងថ្លែងឱ្យបានច្បាស់សិនមុននឹងបកស្រាយ ឬបន្ទរទៅតាមការយល់ឃើញណាមួយ។ មនុស្សតែងមានការយល់ឃើញផ្សេងគ្នា អាស្រ័យលើទីកន្លែងដែលគេឈរ ឬផលប្រយោជន៍ដែលគេទទួលបាន។

កម្ពុជាគ្រាន់តែចង់មានកំពង់ផែអន្តរជាតិ និងព្រលានយន្តហោះដែលមានស្តង់ដារអន្តរជាតិ ដូចប្រទេសជិតខាងសោះ ហេតុអ្វីបានជាដាក់សម្ពាធលើកម្ពុជា?

នៅក្នុងឆ្នាំ ២០១២ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសដែលជាសមាជិកអាស៊ានមួយចំនួនបាននាំគ្នាយកករណីសមុទ្រចិនខាងត្បូងមកដាក់ឱ្យកម្ពុជាចេញសេចក្តីថ្លែងការថ្កោលទោសប្រទេសចិន។ នៅពេលនោះមានការរិះគន់កម្ពុជា ថាមិនបានយកអាស៊ានជាធំ ដោយបានចោទថាកម្ពុជាលំអៀងទៅរកប្រទេសចិន ជាដើម។ គិតតាំងពីឆ្នាំ ២០១២ រហូតមកដល់ដាច់ឆ្នាំ ២០២០ មិនមានប្រទេសណាមួយនៃម្ចាស់អាស៊ានប្តូរវេន បានយកសំណុំរឿងសមុទ្រចិនខាងត្បូងដើម្បីដោះស្រាយដោយផ្ទាល់ ឬឱ្យបានជាក់លាក់នោះទេ។ បើសិនជាបែបនោះទេ ហេតុអ្វីដាក់សម្ពាធកម្ពុជា?

នៅក្នុងសៀវភៅមួយដែលមានចំណងជើងថា “ Cambodian Pawn on a Superpower Chessboard” បានចាត់ទុកថា ប្រទេសកម្ពុជា គឺជាទឹកដីនៃការសាកល្បងមនោគមវិជ្ជារបស់ប្រទេសមហាអំណាច ព្រោះតែភាពមិនច្បាស់លាស់នៃស្មារតីស្នេហាជាតិ និងភាពទន់ជ្រាយរបស់ប្រទេសនេះ។ នៅក្នុងប្រទេសដែលមានភាពជឿនលឿន និងចាស់ទុំខាងនយោបាយ ការប្រកួតប្រជែងខាងនយោបាយក្នុងប្រទេស គេធ្វើឡើងដើម្បីបានឈ្នះឱកាសសម្រាប់ការដឹកនាំប្រទេសតែប៉ុណ្ណោះ ហើយគេតែងមានសំលេងតែមួយក្នុងការប្រឆាំងនឹងប្រទេសណាមួយដែលចង់បៀតបៀន ឬឈ្លានពានទឹកដីនៃប្រទេសរបស់គេ។ គេមិនដែលធ្វើឱ្យខាតប្រយោជន៍ជាតិព្រោះតែនយោបាយរបស់ខ្លួននោះទេ។

យើងអាចដឹងថា ប្រទេសនីមួយៗក្នុងតំបន់អាស៊ានសុទ្ធតែមានផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំជាមួយនឹងប្រទេសចិន ហើយប្រទេសនីមួយៗមិនចង់បាត់ផលប្រយោជន៍ដែលគេមានជាមួយនឹងប្រទេសចិននោះទេ ព្រោះហេតុនោះ បានជាគេចង់យកទឹកដីនៃប្រទេសផ្សេងដើម្បីដោះស្រាយទំនាស់ជាមួយនឹងប្រទេសចិន។ នៅក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២០ ប្រទេសវៀតណាម និងប្រទេសចិនបានផ្លាស់ប្តូរពាណិជ្ជកម្ម ដោយមានទំហំទឹកប្រមាណ ៣៧.៩៤ ពាន់លានដុល្លារអាម៉េរិក។ ហើយចុះកម្ពុជាវិញយ៉ាងណា?

យើងត្រូវស្គាល់ប្រយោជន៍ជាតិ ប្រយោជន៍បុគ្គល ឱ្យបានច្បាស់លាស់ ទើបប្រទេសរបស់យើងអាចមានភាពរឹងមាំ និងវឌ្ឍនភាពមួយដែលមាននិរន្តរភាពសម្រាប់កូនចៅរបស់យើង។ សូមកុំគិតត្រឹមជំនាន់ដែលយើងរស់នៅ សូមគិតដល់ជំនាន់កូនចៅរបស់យើង តើពួកគាត់មានអ្វីខ្លះ? ហើយតើពួកគាត់នឹងរស់នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាដែលមានលក្ខណៈបែបណា? ប្រវត្តិសាស្ត្រនឹងកត់ត្រាទុកនៅរឿងរ៉ាវតាមសម័យកាល ហើយមនុស្សជំនាន់ក្រោយនឹងមានមតិផ្សេងៗគ្នាចំពោះមនុស្សសម័យមុន។ យ៉ាងណាក៏ដោយ និរន្តរភាព និងភាពជឿនលឿនរបស់ប្រទេស ពិតជាមានភាពចាំបាច់ណាស់។

-------------------------------

(បណ្ឌិត ស៊ឺន សម អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ រាល់មតិដែលមានក្នុងអត្តបទនេះ គឺជាការយល់ឃើញរបស់អ្នកនិពន្ធផ្ទាល់ មិនបានឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)។ 

2021-01-01 04:31:38   ថ្ងៃសុក្រ, 01 មករា 2021 ម៉ោង 11:31 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក