Royal Academy of Cambodia
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការភាសាបរទេសនៃក្រសួងអប់រំចិនបានប្រារព្ធ «ទិវាភាសាចិនអន្តរជាតិ» លើកទី១២ តាមប្រព័ន្ធអនឡាញ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកស្រី Zuo Wenxing ភារៈធារី ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា ឈរ ណារី អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួន១០០នាក់។
ក្នុងឱកាសនេះ អ្នកឧកញ៉ា ឈរ ណារី បានលើកឡើងអំពីសារៈសំខាន់ក្នុងការសិក្សាភាសាចិន ហើយបច្ចុប្បន្នទទួលបានការពេញនិយមនៅប្រទេសកម្ពុជា រួមជាមួយការចូលរួមអនុវត្តគោលការណ៍ខ្សែក្រវ៉ាត់ និងផ្លូវ បានជម្រុញឱ្យសេដ្ឋកិច្ចកម្ពុជាឈានទៅរកវិបុលភាព។ ទន្ទឹមនឹងនេះផងដែរ លោកស្រី Zuo Wenxing បានកោតសរសើរចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធិកម្ពុជា-ចិន ពិសេសការរីកចម្រើនលើវិស័យអប់រំភាសាចិននៅកម្ពុជា។ លោកស្រីបានបន្ថែមថា ភាគីចិនតែងគាំទ្រទៅដល់ការសិក្សាភាសាចិននៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលចិនបានបញ្ជូនគ្រូបង្រៀនជនជាតិចិនមកបម្រើការជាគ្រូបង្រៀនភាសាចិននៅកម្ពុជាចំនួន២០០០នាក់ និងបានឧបត្ថម្ភសៀវភៅសិក្សាចំនួន៥០០០០ (ហាសិបពាន់) ក្បាលទៀតផង។
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនក្នុងការផ្តល់ថ្នាំបង្ការជំងឺកូវីដ-១៩ ដល់កម្ពុជា ដើម្បីចូលរួមការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីសារៈសំខាន់ក្នុងការសិក្សាភាសាចិន និងផ្តាំផ្ញើដល់សិស្សានុសិស្ស ខិតខំសិក្សាភាសាចិន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ។ ទន្ទឹមនឹងនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើការបណ្តុះបណ្តាលធនធានគ្រូបង្រៀនភាសាចិន និងធនធានអ្នកចេះភាសាចិនលើគ្រប់វិស័យ។ ជាសមិទ្ធិផល រាបណ្ឌិត្យសភាកម្ពុជា បានបើកថ្នាក់បរិញ្ញាបត្រ ជំនាញភាសាចិន បរិញ្ញាបត្រជំនាញគរុកោសល្យភាសាចិន និងបរិញ្ញាបត្រជាន់ខ្ពស់គរុកោសល្យភាសាចិន ដើម្បីបំពេញនូវតម្រូវការរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថាកម្មវិធី «ទិវាភាសាចិនអន្តរជាតិ» នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ ពេលព្រឹកនឹងមានរៀបចំការប្រកួតសមត្ថភាពភាសាចិន ហើយពេលរសៀលនឹងមានបទបង្ហាញជុំវិញប្រធានបទ «ការសិក្សាភាសាចិន»៕
ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារបច្ចេកទេសនៃរាជបណ្ឌិត្យ សភាកម្ពុជា ដើម្បីប្រជុំតាមកម្មវិធី ZOOM ជាមួយក្រុមបច្ចេកទេសនៃក្រុមប្រឹក្សាជាតិស្រាវជ្រាវ សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយឯកឧត្តម Gil Hong Keun អគ្គលេខាធិការ និងក្រុមការងារមួយចំនួនទៀត ដែលនឹងត្រូវបំពេញការងារស្រាវជ្រាវ និងអនុវត្តគម្រោងជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា។
សូមបញ្ជាក់ជូនថា រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី ១៥ ខែមីនា ២០១៩ នៅភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តោតលើចំណុចខាងក្រោម៖
(ក) ការលើកសំណើ និងគម្រោងស្រាវជ្រាវរួមគ្នា
(ខ) ការរៀបចំ និងការបោះពុម្ពផ្សាយស្នាដៃវិទ្យាសាស្ត្ររួមគ្នា
(គ) សិក្ខាសាលា ការប្រជុំ និងសន្និសីទរួមគ្នា លើប្រធានបទដែលបានកំណត់រួមគ្នា
(ឃ) ការគាំទ្រផ្នែកមន្ទីរពិសោធន៍
(ង) ការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់បញ្ញវន្ត អ្នកស្រាវជ្រាវ និងគណៈប្រតិភូ សម្រាប់ការសិក្សា
ស្រាវជ្រាវ និងការធ្វើបទឧទ្ទេសនានា
(ច) ការផ្លាស់ប្តូរស្នាដៃបោះពុម្ពផ្សាយវិទ្យាសាស្រ្ត និងឯកសារស្រាវជ្រាវនានា
(ឆ) ការអភិវឌ្ឍធនធានមនុស្សអនុលោមតាមសេចក្តីណែនាំ ឬនីតិវិធី ឬបទប្បញ្ញត្តិនានា ដែល
សម្រេចរួមគ្នាដោយភាគីទាំងពីរ
(ជ) ទម្រង់ផ្សេងៗទៀតនៃកិច្ចសហប្រតិបត្តិការ ដែលអាចសម្រេចដោយភាគីទាំងពីរ។
នៅមុនពេលរីករាលដាលវីរុសកូវីដ-១៩ ស្ថាប័នទាំងពីរតែងមានជំនួបដោយផ្ទាល់ជាមួយគ្នា ដោយពេលខ្លះថា្នក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ហើយពេលខ្លះទៀតថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) អញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
ជំនួបកម្រឹតអគ្គលេខាធិការរបស់ស្ថាប័នទាំងពីរនេះ បានប្រព្រឹត្តិធ្វើឡើងនៅថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២១។
RAC Media
នៅព្រឹកថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីក្នុងពិធីបើក និងបិទសិក្ខាសាលា (តាមប្រព័ន្ធវីដេអូពីចម្ងាយ) ស្តីអំពី៖ «ឥណ្ឌូ-ប៉ាសុីហ្វិក សេរី និងបើកចំហ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត» ដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសចំនួន៧រូបគឺ៖
១. ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
២. ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា
៣. បណ្ឌិត OBA MIE សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Kanagawa នៃប្រទសជប៉ុន
៤. អ្នកនាង ពេជ្រ ចារ៉ាឌីន នាយករងប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសំរាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព
5. លោកបណ្ឌិត កា ម៉ាធុល មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
6. លោក KANADA YoGo ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំនៅកម្ពុជា
7. ឯកឧត្ដមបណ្ឌិត ជីនបូរាណ ច័ន្ទបូរី អគ្គនាយកក្រុមវិភាគស្រាវជ្រាវ និងព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៅក្នុងសិក្ខាសាលានាព្រឹកនេះ មានការអញ្ជើញពីសំណាក់ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកចូលរួមដទៃទៀតសរុបចំនួន ១៥០នាក់។
RAC Media
ក្នុងកិច្ចប្រជុំសភាលើកដំបូកសម្រាប់អាណត្តិទី៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅរដ្ឋធានីរៀងចន្ទន៍ប្រទេស ឡាវ បានធ្វើការប្រកាសជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ខ្លួន ដោយក្នុងនោះសភាបានអនុម័តជ្រើសតាំងប្រធានរដ្ឋ ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី ប្រធានតុលាកំពូល ព្រមទាំងគណៈរដ្ឋមន្រ្តីថ្មីផងដែរ។
លោក ថងលូន ស៊ីសុលីត ដែលកាលពីពេលថ្មីៗសមាជគណបក្សកុម្មុនីស្តឡាវ ផ្តល់ទំនុកចិត្តជ្រើសតាំងជាអគ្គលេខាធិការនៃគណបក្សនេះ ត្រូវបានរដ្ឋសភាជ្រើសតាំង ជាប្រធានរដ្ឋថ្មី ជំនួសលោក ប៊ុនញាង វរៈជិត ដែលត្រូវចូលនិវត្តន៍ ក្នុងសំឡេងគាំទ្រ១៦១ សំឡេង មិនគាំទ្រ១សំឡេង និងអនុប្បវាទ១សំឡេង សរុប១៦៣សំឡេង។
បន្ទាប់ពីជ្រើសរើសបានប្រធានរដ្ឋរួចហើយ សភាបន្តធ្វើការជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មីសម្រាប់អាណត្តិថ្មីផងដែរ។ រដ្ឋសភា បានធ្វើការសម្រចជ្រើសតាំងលោក ខាំផាន់ វិផាវ៉ាន់ ជានាយករដ្ឋមន្រ្តី ជំនួសលោក ថងលូនស៊ីសុលីត ដែលបានតម្លើងតំណែងជាប្រធានរដ្ឋ។ សំឡេងគាំទ្រលោកខាំផាន់ វិផាវ៉ាន់ មានចំនួន១៥៣ សំឡេង មិនយល់ព្រម ៣សំឡេង និងអនុប្បវាទ១សំឡេង សរុប១៦២សំឡេង។
ក្នុងកិច្ចប្រជុំដដែលនោះដែរ រដ្ឋសភាឡាវក៏បានធ្វើការជ្រើសរើសប្រធានរដ្ឋសភា អាណត្តិទី៩ ផងដែរ។ ក្នុងនោះលោក សៃស៊ុំផន ភូមិវិហាន ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភាថ្មី ជំនួសលោកស្រី ប៉ានី យ៉ាថោទូ ដែលលោកស្រីត្រូវបានតែងតាំងជាអនុប្រធានរដ្ឋសម្រាប់អាណត្តិទី៩នេះ។
ទាំងប្រធានរដ្ឋថ្មី នាយករដ្ឋមន្រ្តីថ្មី ក៏ដូចជាប្រធានរដ្ឋសភាថ្មីរបស់ឡាវ គឺសុទ្ធសឹងតែបានធ្វើការផ្តាជ្ញាចិត្ត ក្នុងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង អភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន លុបបំបាត់អំពើពុករលួយ ដោះស្រាយបញ្ហាសង្គម និងរក្សាស្ថិរភាពជាតិដូចៗគ្នា។
ក្រោយពីបានជ្រើសតាំងសមាភាពក្បាលម៉ាស៊ីនដឹកនាំថ្មីសម្រាប់អាណត្តិថ្មីហើយ គណៈរដ្ឋមន្រ្តីថ្មីរបស់ឡាវ ត្រូវបានរៀបចំឡើង ដោយមានសមាសភាព ១៧ក្រសួង និងអគ្គទេសាភិបាលមួយ និងអង្គភាពសវនកម្មមួយ។
១. លោក ឧត្តមសេនីយ៍ឯក ចន្ទសៈមន ចន្ទញ៉ាឡាត ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការរពាជាតិ
២. លោក សនសៃ ស៊ីផាន់ដន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងការវិនិយោគ
៣. លោក ឧត្តមសេនីយ៍ វិឡៃ ឡាខាំហ្វង រដ្ឋមន្រ្តីក្រសួងសន្តិសុខសង្គម
៤. លោក សៈឡើមសៃ គុមៈសិត រដ្ឋមន្រ្តីក្រសួងការបរទេស
៥. លោក ខាំផែង សៃស៊ុមផែង រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម
៦. លោក ខាំចេន វង់ពោស៊ី រដ្ឋមន្រ្តីប្រចាំខុទ្ទកាល័យនាយករដ្ឋមន្រ្តី
៧. លោក ប វៀងខាំ វង់តារា រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍
៨. លោក ផេត ភុំភិថាក់ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងព្រៃឈើ
៨. លោកស្រី ប៊ុនខាំ វរៈចិត រដ្ឋមន្រ្តី ក្រសួងធនធានធម្មជាតិ និងបរិស្ថាន
៩. លោក ដាវវង់ ផនកែវ រដ្ឋមន្រ្តីក្រសួងឋាមពល និងរ៉េ
១០. លោកស្រី ខាំបៃ ខាត់ទិយាក់ រដ្ឋមន្រ្តីក្រសួងការងារ និងសង្គមកិច្ច
១១. លោកស្រី សួនសុវណ្ណ វិយ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍
១២. លោក ប៊ុនចូម អ៊ុប៊ុនប៉ាក់សើត រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ
១៣. លោក វៀងសុវណ្ណ ស៊ីផាន់ដន រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន
១៤. លោក ភុត ស៊ិមម៉ាឡាវង់ រដ្ឋមន្រ្តីក្រសួងអប់រំ និងកីឡា
១៥. លោក ប៊ុនហ្វែង ភូមាលៃសិត រដ្ឋមន្រ្តីក្រសួងសុខាភិបាល
១៦. លោក ផៃវិ ស៊ីបួលិផា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
១៧. លោក ថងចន្ទ ម៉ាក់នីសៃ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
១៨. លោក សនសៃ សិតផាក់សៃ អគ្គទេសាភិបាលធនាគារជាតិ
១៩. លោក ម៉ាក់ឡៃថង គុមៈសិត ប្រធានអង្គភាពសវនកម្មជាតិ
សូមបញ្ជាក់ផងដែរថាប្រទេសឡាវបានជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំប្រទេសរបស់ខ្លួនបាន ចំនួន៨លើកមកហើយ ចាប់តាំងពីប្រទេសនេះបានប្រកាសប្តូររបបពីរាជានិយមទៅជាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាតិ ឡាវ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ ក្រោយពីទទួលបានជ័យជំនះពួកចក្រព័ទ្ធអាម៉េរិក។សម្រាប់ការជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំប្រទេសគឺ ធ្វើឡើងរៀងរាល់៥ឆ្នាំម្តង។
--------------
RAC Media
ដោយ៖ ចាន់ វណ្ឌី អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៤៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យចំនួន៨ នៃសាធារណរដ្ឋប្រជាមានិតចិន អំពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបណ្ដុះបណ្ដាល និងស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យទាំង៨។
នៅក្នុងកិច្ចប្រជុំពិភាក្សានារសៀលនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសាកលវិទ្យាល័យល្បីៗជាច្រើនដូចជា៖ ១-សាកលវិទ្យាល័យភាសាបរទេសប៉េកាំង ២-សាកលវិទ្យាល័យភាសាបរទេសធានជីន ៣-សាកលវិទ្យាល័យភាសាបរទេសគ័ងតុង ៤-សាកលវិទ្យាល័យភាសាបរទេសគ័ងសុី ៥-សាកលវិទ្យាល័យជាតិខេត្តគ័ងសុី ៦-សាកលវិទ្យាល័យជាតិខេត្តយូណាន ៧-សាកលវិទ្យាល័យគរុកោសល្យយូណាន និង៨-សាកលវិទ្យាល័យហ័ងហឺ។
នៅក្នុងកិច្ចប្រជុំពិភាក្សាការងារនាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីការវិវត្តឆ្ពោះទៅមុខនៃទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ស្ថានភាពនៃការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមបានសង្កត់ធ្ងន់អំពីភាពចាំបាច់ និងសារៈសំខាន់នៃការបណ្ដុះបណ្ដាលភាសាខ្មែរដល់គ្រូបង្រៀន និងនិស្សិតជនជាតិចិននៅកម្ពុជាផងដែរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បាន បើតាមការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា
នឹងឈានទៅរៀបចំចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាជាមួយនឹងសាកលវិទ្យាទាំង៨ ដែលមានដូចជា៖
បន្ទាប់ពីបានជជែកពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមករួច ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំង៨នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការយល់ស្របគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលភាសាខ្មែរដល់គ្រូបង្រៀន និងនិស្សិតជនជាតិចិននៅកម្ពុជា ព្រមទាំងបានលើកឡើងនូវចំណុចសំខាន់ៗចំនួន៥ ដែលត្រូវបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះគឺ៖
១. ការរៀបចំកម្មវិធីសិក្សារួមគ្នា
២. ការរៀបចំសៀវភៅសម្រាប់បណ្ដុះបណ្ដាល ដើម្បីឱ្យសមស្របទៅនឹងបរិបទនៃការប្រើប្រាស់ភាសាខ្មែរបច្ចុប្បន្ន តាមរយៈការឯកភាពរវាងភាគីរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យទាំង៨
៣. ការបញ្ជូនគ្រូបង្រៀនទៅផ្ដល់ការបណ្ដុះបណ្ដាលនៅសាធារណរដ្ឋប្រជាមានិតចិន ដោយភាគីចិនជាអ្នកទទួលបន្ទុកផ្ដល់ប្រាក់បៀវត្សរ៍ដល់គ្រូបង្រៀន
៤. ការផ្លាស់ប្ដូរនិស្សិតទៅវិញទៅមក រវាងភាគីកម្ពុជានិងភាគីចិន
៥. ការជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា ដើម្បីរៀបចំឯកសារទៅជាពីរភាសាគឺ ភាសាខ្មែរ និងភាសាចិន ដែលនឹងបង្កលទ្ធភាពងាយស្រួល អាចឱ្យប្រជាជននៃប្រទេសទាំងពីរយល់ដឹងពីគ្នាទៅវិញទៅមកបាន៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជានិងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមសាធារណរដ្ឋកូរ៉េដែលជាធនាគារខួរក្បាលរបស់ជាតិទាំងពីរបានសម្រេចឯកភាពរួមគ្នារៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវយុទ្ធសាស្ត្រនិងគោលនយោបាយជាតិ រយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីជំរុញការអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងប្រកបដោយនិរន្តរភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត Seong Kyoung Ryun ប្រធានក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (National Research Council for Economics, Humanities and Social Sciences of Korea) នៃសាធារណរដ្ឋកូរ៉េបានប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ (Researching) ការកសាងសមត្ថភាព (Capacity Building )និងការរៀបចំតាក់តែងគោលនយោបាយជាតិ (National Strategy and Policy Development) ក្នុងវិស័យអភិវឌ្ឍន៍ជាតិជាអាទិភាពនានារួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការ ជំរុញសេដ្ឋកិច្ចដែលជាឆ្អឹងខ្នងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិទាំងពីររួមគ្នាឱ្យកាន់តែប្រសើរឡើង ក្រោយចប់បញ្ហាការរីករាលដាលជំងឺកូវីដ-១៩ ជាសកល។
នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូសោតទស្សន៍ (Video Conference) នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងឯកឧត្តម Seong Kyoung Ryun បានឯកភាពរៀបចំគម្រោងស្នើសុំថវិកាកញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ឆ្នាំ២០២២-២០២៦ ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវយុទ្ធសាស្ត្រនិងគោលនយោបាយជាតិ និងពិនិត្យលើគម្រោងសិក្សាស្រាវជ្រាវរួមគ្នាលើវិស័យអាទិភាពចំនួន៣ រួមមាន៖
១. វិស័យអប់រំ
២. វិស័យសុខភាពសាធារណៈ
៣. វិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ និងការគ្រប់គ្រងធនធានទឹក។
គួរបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា (RAC)និងក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមសាធារណរដ្ឋកូរ៉េ (NRC)បានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី១៥ ខែមីនា ២០១៩ នៅរាជធានីភ្នំពេញ៕
RAC MEDIA | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញចូលជួប និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការផ្ដោតចំណាប់អារម្មណ៍ទៅលើដបទឹកបរិស្ថានដែលរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់ នៅក្នុងឱកាសជំនួបពិភាក្សាការងារនាព្រឹកនេះ។
ដោយគូសបញ្ជាក់អំពីបញ្ហាបរិស្ថានដែលរដ្ឋាភិបាលអង់គ្លេសបាននិងកំពុងយកចិត្តទុកដាក់ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបបញ្ជាក់ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពីកម្មវិធីដែលរដ្ឋាភិបាលអង់គ្លេសកំពុងអនុវត្ត និងធ្វើការជំរុញការចូលរួមការពារបរិស្ថាន និងបានលើកឡើងភ្ជាប់ទៅនឹងការចាប់អារម្មណ៍របស់លោកជំទាវ ចំពោះការប្រើប្រាស់ដបទឹកបរិស្ថាន ដែលថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់នៅក្នុងជំនួបពិភាក្សាការងារនាពេលនេះ។
លោកជំទាវឯកអគ្គរាជទូតបានមានប្រសាសន៍បន្ថែមទៀតថា ចាប់ពីតាំងពីលោកជំទាវបានអញ្ជើញចូលរួមនៅក្នុងពិធីសំខាន់ និងមានលក្ខណៈផ្លូវការនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន នេះគឺជាលើកទីមួយហើយ ដែលលោកជំទាវបានប្រទះឃើញនូវការទទួលស្វាគមន៍ភ្ញៀវជាលក្ខណៈផ្លូវការ មានរៀបចំដបទឹកដែលមិនផលិតអំពីប្លាស្ទិក ដែលការរៀបចំបែបនេះ ពិតជាស្របគ្នាទៅនឹងទស្សនៈយល់ឃើញនិងចំណង់ចំណូលចិត្តរបស់លោកជំទាវ ទៅលើការជំរុញការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងបានកោតសរសើរចំពោះការរៀបចំប្រកបដោយការយកចិត្តទុកដាក់ចំពោះបរិស្ថានបែបនេះ។
ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងនូវក្ដីសោមនស្ស និងបានថ្លែងអំណរគុណចំពោះការកោតសរ សើររបស់លោកជំទាវឯកអគ្គរាជទូត ព្រមទាំងបានគូសបញ្ជាក់ជូនលោកជំទាវថា ដោយពិនិត្យឃើញនូវផលប៉ះពាល់ រយៈពេលវែងទៅលើបរិស្ថាន ដែលបង្កដោយកាកសំណល់ប្លាស្ទិក ក្នុងនាមឯកឧត្ដមបណ្ឌិតសភាចារ្យជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបានកំណត់គោលការណ៍អនុវត្តជាកំហិតនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ដោយតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចៀសវាងឱ្យបាននូវការប្រើប្រាស់ ដបប្លាស្ទិក ឬការវេចខ្ចប់សម្ភារ និងអាហារទាំងឡាយណាដែលប្រើប្រាស់ថង់ប្លាស្ទិក បើទោះបីជានៅក្នុងពិធីផ្លូវការទទួលគណៈប្រតិភូជាតិ និងអន្តរជាតិក្ដី។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា ការជំរុញកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា គឺជាការចាប់ផ្ដើមតាមរយៈការចូលរួមពីបុគ្គលម្នាក់ៗនៅក្នុងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលជាទីបណ្ដុំបញ្ញវន្ត នៅក្នុងការថែរក្សា ការពារបរិស្ថាន តាមរយៈការកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន ដែលនេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយវាក៏ជាសារមួយទៅកាន់សាធារណជនទូទៅ ឱ្យងាកមកចាប់អារម្មណ៍ទៅលើការថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាទៅលើភាពចាំបាច់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាទៅលើវិស័យមួយចំនួន ដែលក្នុងនោះ បញ្ហាបរិស្ថានក៏ត្រូវបានភាគីទាំងពីរលើកយកមកកំណត់ជាចំណុចសំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នានៅពេលខាងមុខផងដែរ៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជួប និងពិភាក្សាការងារជាមួយនឹងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងជំនួបពិភាក្សានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអង់គ្លេសបានមានទំនាក់ទំនងការទូតផ្លូវការជាមួយកម្ពុជាចាប់តាំងពីឆ្នាំ១៩៥៣មកម្ល៉េះ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមននិយមបារាំង។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីបទពិសោធក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់អង់គ្លេស ក្នុងនាមជាប្រទេសមានការរីកចម្រើនឧស្សាហកម្មជឿនលឿនដំបូងគេ ដែលកម្ពុជាត្រូវសិក្សាស្វែងយល់បន្ថែមទៀតពីប្រទេសអង់គ្លេស។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជម្រាបជូនលោកជំទាវឯកអគ្គរាជទូត អំពីការផ្ដោតចំណាប់អារម្មណ៍របស់ឯកឧត្ដមទៅលើឥរិយាបថ និងជំហររបស់អង់គ្លេសនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលផ្ដល់សារសំខាន់យ៉ាងខ្លាំងចំពោះការសិក្សាស្រាវជ្រាវ មុននឹងសម្រេចធ្វើការអនុវត្តទៅលើវិស័យណាមួយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានជម្រាបជូនដល់លោកជំទាវឯកអគ្គរាជទូតបន្ថែមទៀតថា ភាគីទាំងពីរគប្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅក្នុងវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យកសិកម្ម វេជ្ជសាស្ត្រ និងបច្ចេកវិទ្យា ដែលសុទ្ធសឹងតែជាវិស័យដែលភាគីអង់គ្លេសអាចជួយដល់កម្ពុជាក្នុងការជំរុញការរីកចម្រើន និងការអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន។
នៅក្នុងជំនួបពិភាក្សាការងារ ដែលបានបន្តរហូតដល់ម៉ោង១១:១១នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងពិនិត្យមើលបន្ថែមទៀតទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅលើវិស័យសំខាន់ៗចំនួន៤គឺ៖
- ការសិក្សាស្រាវជ្រាវរួមគ្នា
- ការបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមបែបអង់គ្លេស
- ការបណ្ដុះបណ្ដាលវិស័យកសិកម្ម
- និងការរៀបចំទីកន្លែងពិសោធន៍។
បន្ទាប់ពីពិភាក្សា និងដោះដូរទស្សនៈទៅវិញទៅមក លោកជំទាវ TINA REDSHAW បានសម្ដែងការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការដែលបានលើកឡើងខាងលើ ដោយលោកជំទាវបានថ្លែងជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា លោកជំទាវនឹងនាំយកនូវគោលបំណងធ្វើកិច្ចសហប្រតិបត្តិការនេះ ផ្ដល់ទៅកាន់បណ្ដាសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេស ដើម្បីឈានទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសនៅក្នុងវិស័យវិទ្យាសាស្ត្រ៕
RAC Media | លឹម សុវណ្ណរិទ្ធ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM