Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងនៅក្នុងសុន្ទរកថាស្វាគមន៍ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅក្នុងសិក្ខាសាលាកសាងសមត្ថភាព ស្តីពី«យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩» បានបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាកសាងសមត្ថភាពប្រចាំឆ្នាំលើកទី៩ ដែលកំពុងតែរៀបចំនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីជាការរួមចំណែកចែករំលែកនូវបទពិសោធន៍ ក៏ដូចជាចំណេះដឹងអំពីយុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ឡាវ វៀតណាម និងកូរ៉េ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់ដែរថា សិក្ខាសាលាកសាងសមត្ថភាពនេះ បានដើរតួយ៉ាងសំខាន់ ជាមជ្ឈមណ្ឌលប្រមូលផ្ដុំនិងជួបជុំគ្នារបស់អ្នកសិក្សាស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ និងអ្នកចូលរួមផ្សេងៗទៀត ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក។
រាជបណ្ឌិត្យសភាកម្ពុជា គ្រោងរៀបចំកម្មវិធីសិក្ខាសាលាកសាងសមត្ថភាពប្រចាំឆ្នាំលើកទី៩នេះ តាំងពីឆ្នាំ២០២០ មកម្លេះ ប៉ុន្តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានផ្ទុះរាតត្បាតខ្លាំង ក៏ត្រូវលើកពេលជាបន្តបន្ទាប់រហូតអស់រយៈពេលពីរឆ្នាំរហូតដល់ពេលនេះ។ ការពិតមួយដែលយើងទាំងអស់គ្នាចងចាំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តដោយជោគជ័យនូវគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទើបអនុញ្ញាតឱ្យស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា អាចរៀបចំសិក្ខាសាលាកសាងសមត្ថភាពលើកទី៩ ដោយផ្ទាល់នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះ។
អង្គសិក្ខាសាលាកសាងសមត្ថភាពនេះ មានការចូលរួមពីវាគ្មិនដែលជាអ្នកស្រាវជ្រាវ មកពី កម្ពុជា កូរ៉េ ឡាវ និងវៀតណាម ក្នុងនោះដែរ យើងមានកិតិ្តយសដែលមានអ្នកជំនាញមកពីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា, វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI), បណ្ឌិត្យសភានៃប្រទេសកម្ពុជា ឡាវ និង វៀតណាម និងការអញ្ជើញចូលរួមជាតំណាងពីបណ្ដាក្រសួងនានា, សហភាពសហព័ន្ធយុវជនកម្ពុជា, និស្សិតសាលាភូមិន្ទរដ្ឋបាល, អ្នកសារពត៌មានជាតិនិងអន្តរជាតិ និងស្ថាប័នផ្សេងៗជាច្រើនទៀតផងដែរ សរុប ៣២៤នាក់។
កម្មវិធីសិក្ខាសាលាកសាងសមត្ថភាពលើកទី៩ នាឆ្នាំនេះ មានវាគ្មិននិងអ្នកសម្របសម្រួលចំនួនសរុប ១៧រូប សម្រាប់កិច្ចពិភាក្សាចំនួន៣វគ្គ ដូចខាងក្រោម៖
- កិច្ចពិភាក្សាវគ្គទី១: និន្នាការសំខាន់ៗ ឱកាសនិងបញ្ហាប្រឈម សម្រាប់ការស្តារសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ឡាវ វៀតណាម និងកូរ៉េ;
- កិច្ចពិភាក្សាវគ្គទី២ : ការចែករំលែកបទពិសោធន៍អំពីការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩;
- កិច្ចពិភាក្សាវគ្គទី៣: ទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូរស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញ។
សូមបញ្ជាក់ជូនថា សិក្ខាសាលាកសាង សមត្ថភាពនេះ បានចាប់ផ្តើមរៀបចំលើកដំបូងនៅឆ្នាំ២០១២។ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ធ្វើជាម្ចាស់ផ្ទះបានចំនួន ៣លើក គឺនៅឆ្នាំ២០១២, ឆ្នាំ២០១៥, និងឆ្នាំ២០១៨, បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវធ្វើជាម្ចាស់ផ្ទះបានចំនួន៣លើកដែរ គឺនៅឆ្នាំ២០១៣ ឆ្នាំ២០១៦ និងឆ្នាំ២០១៩ ហើយរាជបណ្ឌិត្យកម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំបានចំនួន៣លើកផងដែរ គឺនៅឆ្នាំ២០១៤ ឆ្នាំ២០១៧ និងឆ្នាំ២០២២នេះ។
រាជបណ្ឌិត្យសភាកម្ពុជា៖ បន្ទាប់ពីការរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» នាល្ងាចថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានប្រកាសបិទបញ្ចប់ ដោយជោគជ័យ និងប្រកបដោយផ្លែផ្កានោះ ទង់ប្ដូរវេនអ្នករៀបចំសន្និសីទអន្តរជាតិ ត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងនាមតំណាងរាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ជូនបន្តទៅកាន់ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម សម្រាប់ការរៀបចំសន្និសីទអន្តរជាតិលើកទី១០ ជាបន្តនៅឆ្នាំ២០២៣ខាងមុខ។ ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនេះគឺបានយោងទៅតាមគោលការណ៍ដែលបានឯកភាពគ្នាដោយការប្តូរវេនវិលជុំនៅរៀងរាល់មួយឆ្នាំម្តង ក្នុងការផ្លាស់ប្តូរ ពីកម្ពុជា វៀតណាម និងឡាវ។
សូមបញ្ជាក់ជូនថា សន្និសីទអន្តរជាតិប្រចាំឆ្នាំ ចាប់ផ្តើមរៀបចំជាលើកដំបូងនៅឆ្នាំ២០១២ ហើយភាគីខាងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះបានចំនួន០៣លើក រួចមកហើយ គឺនៅឆ្នាំ២០១២ ឆ្នាំ២០១៥ និងឆ្នាំ២០១៨៕
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងបញ្ជាក់នៅក្នុងសុន្ទរកថាបិទសន្និសីទអន្តរជាតិលើកទី៩ នៅឯសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «សហគ្រាសធុនតូចនិងមធ្យម (SMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច នៃប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក្នុងពិភពលោក រួមទាំងកម្ពុជា ឡាវ និងវៀតណាមផងដែរ។ លើសពីនេះ សហគ្រាសធុនតូចនិងមធ្យម ដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ផលិតកម្មរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ វិស័យសហគ្រាសធុនតូចនិងមធ្យម បានខិតខំអភិវឌ្ឍ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក តាមរយៈបច្ចេកវិទ្យាទំនើប និងចំណេះដឹងដ៏សម្បូរបែប។»
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់បន្ថែមក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកម្មវិធីសន្និសីទអន្តរជាតិ លើកទី៩ នាឆ្នាំ២០២២នេះ ពីសារៈសំខាន់របស់សហគ្រាសធនតូច និងមធ្យម(SMEs) សម្រាប់បង្កើននូវប្រាក់ចំណូល និង បង្កើតបាននូវការងារជាច្រើន តែទោះយ៉ាងណាក៏ដោយ ទន្ទឹមនឹងការសម្លឹងមើលលើកំណើនសេដ្ឋកិច្ច និង កំណើនស្ថិតិប្រជាជន សហគ្រាសធនតូចនិងមធ្យម(SMEs) មានបញ្ហាប្រឈមមួយចំនួនដែលត្រូវគិតគូរ និងរកមធ្យោបាយដោះស្រាយ។ សហគ្រាសធនតូចនិងមធ្យម ត្រូវប្រឈមនឹងបញ្ហាមួយចំនួន ដូចជាកង្វះដើមទុន បញ្ហាជំនាញក្នុងការគ្រប់គ្រងពាណិជ្ជកម្ម ទីផ្សារលក់និងការនាំចេញផលិតផល និងបច្ចេកវិទ្យាដើម្បីធានាគុណភាពក្នុងការប្រកួតប្រជែងទីផ្សារ និងនវានុវត្តន៍។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្ថែមថា នៅក្នុងប្រទេស CLV (កម្ពុជា ឡាវ វៀតណាម) សហគ្រាសធុនតូចនិងមធ្យម ក៏បានជួបប្រទះបញ្ហាប្រឈមមុខមួយចំនួន ដូចបានលើកឡើងខាងលើ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់នូវធាតុចូលចំនួន៧ចំណុច គឺ៖
ទី១.ការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញ ចំណេះដឹង ព្រោះថាធនធានមនុស្សដើរតួនាទីសំខាន់ ហើយកាលណាគ្មានការអប់រំ សូមកុំនិយាយពី SMEs;
ទី២. SMEs នៃប្រទេសទាំងបីត្រូវចេះចាប់យកឱកាសពីអំណោយផលពីធម្មជាតិរបស់ប្រទេសទាំងបី ដែលស្ថិតនៅក្នុងតំបន់ត្រូពិច និងមិនសូវរងគ្រោះពីធម្មជាតិ;
ទី៣. រដ្ឋផ្តល់ឱកាសដល់អ្នកវិនិយោគលើវិស័យ SMEs នៅក្នុងប្រទេសទាំងបី;
ទី៤.ធនាគារគួរពិចារណាក្នុងការបញ្ចុះការប្រាក់ដល់ម្ចាស់សហគ្រាស (SMEs) ដែលមានអទិភាព និងអ្នកជំនាញវិជ្ជាជីវៈពិតប្រាកដ ពីព្រោះវិជ្ជាជីវមានសារៈសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ;
ទី៥. ការផ្តល់ឱកាសរបស់រដ្ឋតាមរយៈការមិនយកពន្ធ និងចាត់វិធានការដោះស្រាយបញ្ហាទាន់ពេលវេលា;
ទី៦. កសិកម្មដើម្បីកសិកម្ម កសិកម្មដើម្បីកសិឧស្សាហកម្ម កសិកម្មដើម្បីសេវាកម្ម;
ទី៧. ការបង្កើតផលិផលទេសចរណ៍សិប្បនិមិត្ត បន្ថែមពីលើផលិតផលទេសចរណ៍វប្បធម៌ និងធម្មជាតិដែលមានស្រាប់។
គួរបញ្ជាក់ដែរថា សន្និសីទអន្តរជាតិ ដែលរៀបចំឡើងដោយប្ដូរវេនគ្នាជារៀងរាល់ឆ្នាំ ចាប់ផ្ដើមរៀបចំជាលើកដំបូង នៅប្រទេសវៀតណាម នៅឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២០ និង ២០២១ កម្មវិធីនេះ ត្រូវបានលើកពេលដោយហេតុផលនៃការឆ្លងរាតត្បាតជាសកលជំងឺកូវីដ-១៩។ នៅឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ក្រោមប្រធានបទស្ដីពី «តួនាទីសហគ្រាសធុនតូចនិងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម»។ នៅឆ្នាំ២០២៣ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិលើកទី១០៕
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» នាល្ងាចថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជាឯកឧត្តមបណ្ឌិត សនថៈនូ ថាំម៉ាវង់ (Sonethanou THAMAVONG) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ បានមើលឃើញថា វិស័យ SMEs មានសារៈសំខាន់ណាស់ក្នុងការជម្រុញឱ្យប្រទេសទាំងបី គឺកម្ពុជា ឡាវ និងវៀតណាម កាន់តែមានភាពរឹងមាំក្នុងការស្ថារសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបណ្ឌិត បានចាប់អារម្មណ៍បន្ថែមថា មានចំណុចច្រើនដែលបានសិក្សារួមគ្នាក្នុងសន្និសីទប្រចាំឆ្នាំ២០២២ នេះ និងបានផ្តល់នូវជំរើសក្នុងការដោះស្រាយបញ្ហាល្អៗជាមួយគ្នា មើលឃើញរួមគ្នា ដែលវាជាចំណុចល្អដើម្បីជាធាតុចូលសម្រាប់ដាក់ជូនដល់រដ្ឋាភិបាលក្នុងដំណោះស្រាយបញ្ហាប្រឈមក្នុងវិស័យ SMEs ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ប៊ួយ ញ៉ាត់ ក្វាង (Bui Nhat Quang) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានមើលឃើញពីបញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង បើទោះថាមានបញ្ហាលំបាកក្តីក្នុងកំលុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ លើវិស័យ SMEs ក្តី ប៉ុន្តែវៀតណាមក៏បានព្យាយាមមានដំណោះស្រាយយ៉ាងល្អដែលបានផ្តល់ការជ្រោងជ្រែងពីរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិតក៏បានមើលឃើញពីបទពិសោធន៍ល្អជាច្រើនក្នុងការចូលរួមជាមួយគ្នាក្នុងអង្គសន្និសីទអន្តរជាតិប្រចាំលើកទី៩នេះ ដោយ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា បញ្ហាទាំងឡាយដែលមានវាអាចជា ការរៀបចំគោលនយោបាយសម្រាប់ប្រទេសរបស់យើងទាំងបី ហើយវានាបានធ្វើឱ្យអ្នកសិក្សាស្រវាជ្រាវបានយល់បន្ថែម ធ្វើយ៉ាងណាដើម្បីជម្រុញការអភិវឌ្ឍរួមគ្នា សុខសន្តិភាពទាំងអស់គ្នាផងដែរ ហើយ ឯកឧត្តមបានសង្ឃឹមថា នៅឆ្នាំក្រោយបន្ទាប់ នឹងមានការពិភាក្សាជាមួយគ្នាក្នុងការកំណត់ប្រធានបទថ្មីជាមួយគ្នា។
របរតម្បាញសូត្រខ្មែរជារបរដែលរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីខ្មែរ ទាក់ទាញទេសចរ សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការបង្កើតការងារ និងប្រាក់ចំណូលជូនពលរដ្ឋ។ តាមរយៈបទបង្ហាញរបស់កញ្ញា ម៉ៅ សុគន្ធា នៅក្នុងសន្និសីទអន្តរជាតិលើកទី៩ ស្តីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម» ដែលធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពជា នារសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញឱ្យដឹងថា ការអភិវឌ្ឍវិស័យសូត្រ មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៅតាមសហគមន៍។ មុខរបរតម្បាញសូត្រ បានផ្តល់នូវឱកាសការងារឱ្យប្រជាពលរដ្ឋនៅផ្ទះតាមសហគមន៌នានា ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅរកប្រភពហិរញ្ញវត្ថុនៅខេត្តឆ្ងាយឬនៅប្រទេសជិតខាង។ កញ្ញា សុគន្ធា បានបញ្ជាក់ថា ការងារនេះ មិនតម្រូវសម្រាប់តែអ្នកមានការអប់រំខ្ពស់ តែបងប្អូននៅតាមសហគមន៍ ដែលមិនមានលទ្ធភាពសិក្សារៀនសូត្របានច្រើន ក៏អាចនឹងចាប់យករបរនេះសម្រាប់ចិញ្ចឹមខ្លួន ព្រមទាំងមានពេលវេលានៅក្បែរនិងនៅមើលថែគ្រួសារផងដែរ។
ជាមួយគ្នានេះ បើតាមការសិក្សាស្រាវជ្រាវ នៅកម្ពុជា មានតម្រូវការសូត្រច្រើន ហើយកម្ពុជា មិនទាន់អាចផ្គត់ផ្គង់សូត្រគ្រប់គ្រាន់ សម្រាប់វិស័យតម្បាញក្នុងប្រទេស ដែលកំពុងតែត្រូវការជាចាំបាច់ ហើយកម្ពុជា ត្រូវនាំចូលសូត្រ ពីប្រទេសជិតខាង។ ជារៀងរាល់ឆ្នាំ កម្ពុជា ត្រូវការសូត្រតម្បាញ មិនតិចជាង ៤០០តោននោះទេ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការផលិតផលផលិតចេញពីសូត្រ នៅក្នុងកម្ពុជា ជាពិសេសសម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍បរទេស និង តម្រូវការប្រើប្រាស់ក្នុងប្រទេសកម្ពុជាផ្ទាល់។
យោងតាមលោកសាស្ត្រាចារ្យបណ្ឌិត វ៉ុយ ទួន ហាំង (Prof. Dr. Vu Tuan Hung) ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក្រោមប្រធានបទ ស្ដីពី «SMEs និងការបង្កើតការងារ» នៅក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ បានលើកឡើងថា៖ សហគ្រាសធុនតូច និងមធ្យមចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលជាតិសរុប។
តាមការសិក្សាស្រាវជ្រាវរបស់សាស្រ្តាចារ្យ ទួន ហាំង នៅប្រទេសវៀតណាម សហគ្រាសធុនតូច និងមធ្យម រួមចំណែកប្រមាណ៣០% នៃផលិតផលក្នុងស្រុកសរុប។ ទន្ទឹមនឹងការពង្រីកគោលនយោបាយ និងដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិនាពេលបច្ចុប្បន្ន សហគ្រាសធុនតូចនិងមធ្យមបានចូលរួមចំណែកយ៉ាងធំធេងសម្រាប់៖
- ការនាំចូល និងនាំចេញ បង្កើនប្រាក់ចំណូលរូបិយប័ណ្ណបរទេស និងរួមចំណែកជាវិជ្ជមានដល់ប្រាក់ចំណូលសម្រាប់ថវិការដ្ឋ។
- ការទាក់ទាញដើមទុន និងទាញយកធនធានដែលមានរបស់ប្រជាជន ខណៈដែលសហគ្រាសធុនតូច និងមធ្យម ត្រូវការដើមទុនដំបូងតិចតួច ហើយប្រជាជនក៏អាចដើរតួនាទីយ៉ាងធំក្នុងការទាក់ទាញដើមទុនតិចតួចពីមិត្តភ័ក្តិនិងសាច់ញាតិមកបណ្តាក់ទុនលើផលិតកម្ម និងអាជីវកម្ម។
មិនត្រឹមតែប៉ុណ្ណោះ SMEs វាបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែមានភាពស្វាហាប់ ស្ថិរភាព និងប្រសិទ្ធភាព។ ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម បង្កើនចំនួនសហគ្រាស បង្កើនសមត្ថភាពប្រកួតប្រជែង កាត់បន្ថយហានិភ័យនៃសេដ្ឋកិច្ច ហើយក្នុងពេលជាមួយគ្នានេះ បង្កើនបរិមាណ និងប្រភេទទំនិញ និងសេវាកម្ម បំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់រួមមួយចំណែកដែលអាចធ្វើឱ្យទីផ្សារមានស្ថិរភាព។
លោកបណ្ឌិត វ៉ុយ ទួន ហាំង បានលើកបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវដោយថា ស្ថានភាពជាក់ស្តែងរបស់សហគ្រាសធុនតូច និងមធ្យមនៅវៀតណាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលវៀតណាម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយនូវយន្តការ គោលនយោបាយ និងដំណោះស្រាយជាច្រើន ដើម្បីឱ្យបរិយាកាសធុរកិច្ចរបស់វៀតណាមបានផ្លាស់ប្តូរជាវិជ្ជមាន ជំរុញស្មារតីសហគ្រិនភាព និងការវិលត្រឡប់ដ៏រឹងមាំនៃ SMEs ។
នៅក្នុងឆ្នាំ ២០១៩ ចំនួនសហគ្រាសក្នុងប្រទេសបានកើនឡើងចំនួន ៥៧៨៦៩ បើធៀបនឹងឆ្នាំ ២០១៨ ដែលត្រូវនឹងការកើនឡើង ៩, ៥ភាគរយ ។ ក្នុង នោះសហគ្រាស ខ្នាត តូច បាន កើន ឡើង ច្រើន បំផុត ដែល មាន សហគ្រាស ចំនួន ៤០,៩៦៤ (អត្រា កើនឡើងគឺមានចំនួន១០,០%)។ ចំនួនសហគ្រាសធុនតូច និងមធ្យមមានចំនួន ៩៧,៣ ភាគរយ ក្នុងឆ្នាំ២០១៨ និង ៩៧,៤ ភាគរយក្នុងឆ្នាំ២០១៩។ ជាមធ្យមនៅក្នុងរយៈពេល ២០១៦- ២០១៩ ចំនួនសហគ្រាសនៅទូទាំងប្រទេសកើនឡើងដល់ ៥៥,១ភាគរយបើធៀបនឹងរយៈពេលពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៥៕
យប់ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣:២០នាទី ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការី ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូកូរ៉េ ដែលនឹងមកចូលរួមកម្មវិធីសន្និសីទអន្តរជាតិលើកទី៩ របស់ វិទ្យាស្ថានបរិស្ថានកូរ៉េសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់ (KEI) រាជបណ្ឌិត្យសភាកម្ពុជា (RAC) បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ (LASES) និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម (VASS) ស្តីពី - យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ “ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា៕
បញ្ជាក់នៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា «ការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវដើម្បីផលប្រយោជន៍មនុស្សជាតិដែលរស់នៅលើភពផែនដីនេះ គឺពិតជារឿងចាំបាច់ណាស់ ព្រោះថា នាពេលបច្ចុប្បន្ននេះ ពិភពលោកបាននឹងកំពុងពើបប្រទះនូវវិបត្តិសាកលជាច្រើន ដោយរាប់បញ្ចូលទាំងបញ្ហាសន្តិសុខស្បៀង, ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោ បាយនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក, សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន, បញ្ហាបម្រែបម្រួលធាតុអាកាស, និងវិបត្តសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ-១៩ ជាដើម។ បើនិយាយអំពីសេដ្ឋកិច្ចដែលបង្កឡើងដោយ ជំងឺកូវីដ-១៩ ប្រទេសយើងទាំង៣ ពិតជារងនូវផលប៉ះពាល់មិនតិចនោះទេ ដោយសារវិបត្តនេះ ពិសេសលើវិស័យសហគ្រាសធុនតូចនិងមធ្យមតែម្តង។»
តាមការចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ សហគ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលនេះបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រោះថានៅក្នុងសង្គមកម្ពុជា សហគ្រាសខ្នាតតូច និងមធ្យមក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ៖
(១) បង្កើតការងារ (២) បង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងប្រជាជនងាយរងគ្រោះ និង (៣) ជំរុញកំណើនសេដ្ឋកិច្ច ស្ថេរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជនយ៉ាងខ្លាំង។
ចំណែកឯកឧត្ដមបណ្ឌិត សនថៈនូ ថាំម៉ាវង់ (Sonethaou THAMMAVONG) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ បានបង្ហាញចំណាប់អារម្មណ៍ពីវិស័យសហគ្រាសធុនតូច និងមធ្យម ដែលបានរួមចំណែកផ្ដល់ប្រាក់ចំណូលក្នុងសហគមន៍ និងបានបង្កើតការងារ ព្រមទាំងបង្កើតផលិតផលជាច្រើននៅក្នុងទីផ្សារតាមតម្រូវការប្រើប្រាស់របស់ប្រជាជន។ សហគ្រាសធុនតូច និងមធ្យម ក៏បានដើរតួនាទីក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក ដែលជាមូលដ្ឋានក្នុងការធ្វើឱ្យតំបន់នីមួយៗមានការផ្សារភ្ជាប់គ្នា។ នៅក្នុងប្រទេសឡាវ ផែនការសេដ្ឋកិច្ចឆ្នាំ២០២១-២០២៦ បានផ្ដោតអាទិភាពធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចមានការអភិវឌ្ឍដោយស្ថិរភាព ហើយធ្វើការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដើម្បីចូលរួមចំណែកកាន់តែប្រសើរនៅក្នុងសេដ្ឋកិច្ចឡាវ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត បួយ ញ៉ាត់ក្វាង (Bui Nhat Quang) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម (VASS) បានបង្ហាញពីចំណាប់ចំពោះប្រធានបទឆ្នាំ២០២២នេះថា សហគ្រាសធុនតូច និងមធ្យម មានចំនួនច្រើនជាងសហគ្រាសធំៗ ដែលបានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋ ពិសេសប្រជាជននៅតាមមូលដ្ឋាន ដែលវិស័យសហគ្រាសធុនតូច និងមធ្យមបានចូលរួមចំណែកក្នុងការបង្កើតការងារ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងប្រទេស។
តែទោះយ៉ាងណាក៏ដោយ ឯកឧត្ដមបណ្ឌិត សនថៈនូ ថាំម៉ាវង់ ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចវឡាវ ( LASES)បានបញ្ជាក់ពីបញ្ហាមួយចំនួនដែលសហគ្រាសធុនតូច និងមធ្យម មិនទាន់អភិវឌ្ឍ និងត្រូវការគិតគូរលើកកម្ពស់ ក្នុងនោះមាន៖
១. ការប្រើប្រាស់ទុនមិនបានល្អ;
២. សមត្ថភាពប្រកួតប្រជែងមានដែនកំណត់;
៣. បុគ្គលិកនៅក្នុងសហគ្រាសធុនតូច និងមធ្យម នៅមិនទាន់មានគុណភាពនៅឡើយ ដោយភាគច្រើនជាលក្ខណៈគ្រួសារ មិនទាន់ឆ្លើយតបនឹងបច្ចេកវិទ្យា;
៤. ការអនុវត្តគោលនយោបាយមានភាពល្អិតល្អន់ និងមិនទាន់បានល្អប្រសើរនៅឡើយ។
នៅក្នុងពេលការរីករាលដាលជំងឺកូវីដ-១៩ សហគ្រាសធុនតូច និងមធ្យមមួយចំនួន ត្រូវបានបិទដំណើរការ ដែលជាផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ-១៩ ហើយបើទោះបីជាការរីករាលដាលនេះមិនទាន់បញ្ចប់ ប៉ុន្តែការរួមចំណែករបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងសេដ្ឋកិច្ច ពិតជាមានភាពប្រសើរឡើង ហើយការរៀបចំសន្និសីទអន្តរជាតិនាពេលនេះ ពិតជាមានសារៈសំខាន់ និងត្រឹមត្រូវបំផុត ព្រោះការរៀបចំសេដ្ឋកិច្ចក្រោយការរីករាលដាលជំងឺកូវីដ-១៩គឺជាចំណុចដែលត្រូវពិនិត្យ៕
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី៩ នៅសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការរៀបចំកម្មវិធីជួបជុំគ្នារវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំងបី បានដើរតួនាទីយ៉ាងសំខាន់ នៅឆ្នាំនេះ ដើម្បីពិភាក្សាលើបញ្ហា៤សំខាន់៖
(១). ការកំណត់បញ្ហាប្រឈមរួមនិងដោយឡែកអំពីវិស័យសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម,
(២). ប្រមូលទស្សនៈ បទពិសោធន៍ អនុសាសន៍ និងយុទ្ធសាស្ត្រ ដើម្បីជំរុញប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់វិស័យសហគ្រាសធុនតូចនិងមធ្យមក្នុងប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម,
(៣). កំណត់យន្តការសម្រាប់កិច្ចសហប្រតិបត្តិការ ដែលអាចមានដើម្បីដោះស្រាយបញ្ហារួម,
(៤). ជំរុញអន្តរកម្មប្រកបដោយការស្ថាបនារវាងអ្នកស្រាវជ្រាវ និងអ្នកធ្វើគោលនយោបាយ ដែលមានវត្តមានក្នុងសន្នីសីទនេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា បើទោះជាកម្មវិធីសន្និសីទអន្តរជាតិនេះត្រូវលើកពេលដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ កន្លងមក តែមកទល់ពេលនេះ ក្រោមកិច្ចដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដោយបាននាំកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រទេសដ៏ល្អប្រសើរមួយនៅក្នុងតំបន់ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ការបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ និងការបើកប្រទេសឱ្យមានដំណើរការធម្មតាឡើងវិញ ជាឱកាសដ៏ប្រសើរបំផុត ដែលអនុញ្ញាតឱ្យកម្មវិធីសន្និសីទនេះឡើង ក្នុងខណៈដែលបណ្ដាប្រទេសជាច្រើនទៀត នៅតែបន្តមានការឆ្លងរីករាលដាលខ្លាំងដោយសារតែជំងឺកូវីដ-១៩៕
នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ រាជបណ្ឌិត្យសភាកម្ពុជាកំពុង រៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» ដោយសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។
ថ្លែងនៅក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការាជបណ្ឌិត្យសភាកម្ពុជា បាន បញ្ជាក់ពីសារៈសំខាន់នៃការរៀបចំកម្មវិធីសន្និសីទអន្តរជាតិ ដែលប្រមូលផ្ដុំដោយអ្នកសិក្សាស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ មកពីបណ្ឌិត្យសភានៃប្រទេសទាំងបី គឺរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជាការរួមចំណែក ផ្ដល់នូវចំណេះដឹង បទពិសោធន៍ និងកំណត់បញ្ហាប្រឈមក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។
សន្និសីទអន្តរជាតិលើកទី៩ នេះបានគ្រោងរៀបចំឡើងតាំងពីឆ្នាំ២០២០មកម្លេះ ប៉ុន្តែដោយសារជំងឺកូវីដ-១៩ ក៏បានលើកពេលជា បន្តបន្ទាប់រហូតដល់ពេលនេះ។ ដោយរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តដោយជោគជ័យនូវគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទើបនៅឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា សម្រេចចិត្តរៀបចំសន្និសីទអន្តរជាតិលើកទី៩របស់យើងដោយផ្ទាល់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយអញ្ជើញវាគ្មិនមកពីបណ្ឌិត្យសភានៃប្រទេសយើងទាំងបី កម្ពុជា ឡាវ និងវៀតណាម។
សន្និសីទអន្តរជាតិនឹងបែងចែកជាកិច្ចពិភាក្សាចំនួន៣វគ្គ ដូចខាងក្រោម៖
- កិច្ចពិភាក្សាវគ្គទី១ : «និន្នាការនាពេលបច្ចុប្បន្នរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម»
- កិច្ចពិភាក្សាវគ្គទី២ : «សហគ្រាសធុនតូច និងមធ្យម និងការបង្កើតការងារ»
- កិច្ចពិភាក្សាវគ្គទី៣ : «សហគ្រាសធុនតូច និងមធ្យម និងការកាត់បន្ថយភាពក្រីក្រ »។ កិច្ចពិភាក្សានីមួយៗ មានវាគ្មិនចំនួន៣រូប និងអ្នកសម្របសម្រួល១រូប វាគ្មិនសរុបមានចំនួន១២រូប ដែលមកពីបណ្ឌិត្យសភាទាំងបីប្រទេស។ ក្រៅពីវាគ្មិននិងគណៈអធិបតី គណៈកម្មការរៀបចំសន្និសីទបានអញ្ជើញអ្នកចូលរួមមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ, បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម រាជបណ្ឌិត្យសភាកម្ពុជា, សហភាពសហព័ន្ធយុវជនកម្ពុជា, និស្សិតមក ពីសកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ, អ្នកសារពត៌មានជាតិនិងអន្តរជាតិ និងស្ថាប័នផ្សេងៗ ជាច្រើនទៀត សរុបចំនួន ៣២៤នាក់ ។
សូមបញ្ជាក់ជូនថា សន្និសីទអន្តរជាតិ បានចាប់ផ្តើមរៀបចំលើកដំបូងនៅឆ្នាំ២០១២ នៅប្រទេសវៀតណាម។ និងបន្តធ្វើនៅប្រទេសឡាវ នៅឆ្នាំ២០១៣ និង នៅប្រទេសកម្ពុជា នៅឆ្នាំ២០១៤។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយការផ្លាស់វេនគ្នាជាបន្តបន្ទាប់ តែដោយសារតែបញ្ហាជំងឺឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ កម្មវិធីនេះ ត្រូវបានលើកពេលនៅឆ្នាំ២០២០ និង ឆ្នាំ២០២១ រហូតមកដល់ពេលនេះ។
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM