Royal Academy of Cambodia
យោងតាមកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានណែនាំឱ្យមានការពិនិត្យនិងពិភាក្សាឡើងវិញនូវកម្មវិធីសិក្សាតាមមុខវិជ្ជានីមួយៗដែលមាននាពេលកន្លងមក។
ដោយតបតាមសេចក្តីណែនាំនេះ លោកបណ្ឌិត ស៊ិន រិទ្ធ ប្រធានមុខវិជ្ជានីតិសាស្រ្ត បានអញ្ជើញលោកគ្រូ អ្នកគ្រូ ដែលបាននឹងកំពុងបង្រៀនមុខវិជ្ជានីតិសាស្រ្ត ទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរួមប្រជុំពិភាក្សាស្តីពីកម្មវិធីសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០ នាទី នៅបន្ទប់ ២១១ នៃអគារឥន្រ្ទទេវី។
លោក ហ៊្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន
ក្នុងអតីតកាល ជប៉ុនគឺជាប្រទេសចក្រពត្តិនិយមមួយ ដែលឈ្លានពានបណ្ដាប្រទេសជិតខាងដើម្បីមហិច្ឆតាកសាងប្រទេសរបស់ខ្លួនជាមហាអំណាចប្រកបដោយសក្ដានុពល។ ដោយសារតែជប៉ុនជាប្រទេសដែលព័ទ្ធជុំវិញដោយសមុទ្រ និងពុំសូវសម្បូរធនធានធម្មជាតិ ជប៉ុនត្រូវស្វែងរកវត្ថុធាតុដើមពីខាងក្រៅ ដើម្បីបំពេញសក្ដានុពលរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួន។ ហេតុនេះហើយ ជប៉ុនមានភាពចាំបាច់មិនអាចចៀសបានក្នុងការទាញយកធនធាននានាពីប្រទេសជិតខាង ពិសេសប្រទេសចិនដែលជាទឹកដីសម្បូរទៅដោយធនធានធម្មជាតិ។ ទោះជាយ៉ាងណា នយោបាយវាតទីនិយមរបស់ជប៉ុន ត្រូវបានបញ្ចប់នៅក្រោយសហរដ្ឋអាម៉េរិកបានលូកដៃចូលសង្គ្រាមលោកលើកទី២ និងបានបញ្ចប់សង្គ្រាមនេះតាមរយៈការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរចំនួនពីរគ្រាប់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ នៅក្នុងសន្ធិសញ្ញាបញ្ចប់សង្គ្រាមលោកលើកទី២ដែលចុះហត្ថលេខាជាមួយនឹងសហរដ្ឋអាម៉េរិក មេដឹកនាំជប៉ុនបានយល់ព្រមចុះចាញ់ដោយឥតលក្ខខណ្ឌ និងបានប្រកាន់យករដ្ឋធម្មនុញ្ញសន្តិភាពតាមរយៈសម្ពាធពីសហរដ្ឋអាម៉េរិកដែលជាប្រទេសឈ្នះសង្គ្រាម ដោយចាប់តាំងពីពេលនោះមក ជប៉ុនមានត្រឹមតែកងស្វ័យការពារប៉ុណ្ណោះ ចំណែកឯសន្តិសុខជាតិរបស់ជប៉ុន ត្រូវបានធានាដោយផ្ទាល់ពីសំណាក់សហរដ្ឋអាម៉េរិក ដោយអាម៉េរិកបានដាក់មូលដ្ឋានកងទ័ពរបស់ខ្លួននៅលើទឹកដីជប៉ុនរហូតមកដល់បច្ចុប្បន្ន។
ទោះជាយ៉ាងណា ពិភពលោកទាំងមូលបានផ្លាស់ប្ដូរជាបន្តបន្ទាប់ទាំងស្ថានភាពភូមិសាស្ត្រនយោបាយ ការវិវត្តសេដ្ឋកិច្ចនៃបណ្ដាប្រទេស សម្ព័ន្ធភាព បញ្ហាប្រឈមខាងសន្តិសុខ និងវិបត្តិនៅក្នុងតំបន់នីមួយៗ។ ជប៉ុននិងអាម៉េរិកដែលធ្លាប់ជាគូបដិបក្ខនឹងគ្នាក្នុងសម័យសង្គ្រាមលោកបានក្លាយទៅជាសម្ព័ន្ធមិត្តដ៏សំខាន់ ហើយបានអភិវឌ្ឍប្រទេសក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ។ ក្រោយមក ចិនដែលបានងាកមកប្រកាន់យកនូវប្រព័ន្ធសេដ្ឋកិច្ចមូលធននិយម បានវិវឌ្ឍខ្លួនទៅជាមហាអំណាចសេដ្ឋកិច្ចពីរជំនួសជប៉ុនដែលជាសត្រូវប្រវត្តិសាស្ត្ររបស់ខ្លួន និងបានពង្រីកឥទ្ធិពលនយោបាយ និងយោធារបស់ខ្លួនក្លាយទៅជាគូប្រឈមចម្បងរបស់អាម៉េរិកក្នុងការដណ្ដើមតំណែងមហាអំណាចពិភពលោក។ ចំណែកសហព័ន្ធរុស្ស៊ីដែលបានទទួលមរតកពីសហភាពសូវៀត នៅបន្តជាមហាអំណាចយោធាទីពីរ និងត្រូវបានបស្ចិមប្រទេសចាត់ទុកជាបញ្ហាប្រឈមខាងសន្តិសុខរបស់ខ្លួនជាបន្ត។ ងាកមកប្រទេសជាប់នឹងជប៉ុនវិញ កូរ៉េខាងជើងដែលបានកំណត់យកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរជាខែលការពាររបបកុម្មុយនីស្តរបស់ខ្លួន ជានិច្ចកាលតែងតែចេញសារនយោបាយ និងសាកល្បងនុយក្លេអ៊ែរ ព្រមទាំងបាញ់មីស៊ីលគំរាមកំហែងសន្តិសុខនៅក្នុងតំបន់ ពិសេសទៅកាន់ជប៉ុន និងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិក។ បន្ថែមពីលើនេះ ស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកទាំងមូលកាន់តែស្ថិតក្នុងការប្រឈមខ្លាំងថែមទៀត ដោយសារតែការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និងភាពតានតឹងនៅក្នុងសំណុំរឿងកោះតែវ៉ាន់ ដែលចិនតែងតែចាត់ទុកកោះនេះជាដែនអធិបតេយ្យរបស់ខ្លួន។
ដោយមើលឃើញពីការគំរាមកំហែងសន្តិសុខក្នុងតំបន់ និងដោយមានការបើកភ្លើងខៀវពីសំណាក់សហរដ្ឋអាម៉េរិកផងនោះ រដ្ឋាភិបាលជប៉ុនដែលចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ្វ៊ូមីអូ គីស៊ីដា បានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពការពារ និងការឆ្លើយតបរបស់ជប៉ុនទៅលើហេតុការណ៍នានាពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ដែលអាចកើតមានឡើងនៅក្នុងពេលអនាគតខាងមុខ។
យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន ត្រូវបានគេមើលឃើញថា បានចាប់ផ្ដើមដុះពន្លកនៅក្នុងអាណត្តិអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ិន ស៊ូអាបេ ដែលធ្លាប់បានលើកឡើងអំពីគោលបំណងក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពជប៉ុន ហើយជំហរនេះក៏ត្រូវបានប្រកាន់យកជាបន្តដោយមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលឡើងមកកាន់អំណាចបន្តពីលោក ហ្ស៊ិន ស៊ូអាបេផងដែរ។ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ហ៊្វូមីអូ គីស៊ីដា ដែលបានបានចូលកាន់តំណែងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ក្រោយលាលែងតំណែងរបស់លោក ហ្ស៊ិន ស៊ូអាបេ និងបានទទួលជោគជ័យបន្ទាប់នៅក្នុងការបោះឆ្នោតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ត្រូវប្រឈមនឹងបញ្ហាពីរ ដែលប្រជាជនជប៉ុនយកចិត្តទុកដាក់ខ្ពស់បំផុតគឺ បញ្ហាសេដ្ឋកិច្ច និងបញ្ហាសន្តិសុខជាតិ។ លទ្ធផលនៃការបោះឆ្នោតបានផ្តល់ឱ្យក្រុមចម្រុះដែលដឹកនាំដោយ គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក ហ្វ៊ូមីអូ គីស៊ីដា និងគណបក្សប្រឆាំងចំនួនពីរ ដែលបើកចំហរដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពរបស់ជប៉ុន ដែលមានសំឡេងភាគច្រើន(២/៣) នៅក្នុងសភាជាន់ខ្ពស់។
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ជប៉ុនបានកែសម្រួលយុទ្ធសាស្រ្តការពារជាតិរបស់ខ្លួន ដោយបានអនុម័តឯកសារចំនួន៣ ស្តីពីការបង្កើនសមត្ថភាពការពារសន្តិសុខជាតិជប៉ុន តាមរយៈការបង្កើនថវិកាក្នុងវិស័យយោធា នៅក្នុងបរិបទភាពតានតឹងភូមិសាស្រ្តនៅក្នុងតំបន់។ យុទ្ធសាស្ត្រនេះ នឹងបង្កើនថវិកាចំណាយយោធាឱ្យកើនឡើងដល់២%នៃផលិតផលក្នុងស្រុកសរុបសម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៧។ នៅក្នុងការស្ទង់មតិរបស់ទូរទស្សន៍ NHK ជប៉ុន ប្រជាជនជប៉ុន៥៥%បានគាំទ្រការបង្កើនថវិកាយោធា ដោយកាត់បន្ថយការចំណាយសាធារណៈ ក្នុងនោះអ្នកផ្ដល់សម្ភាសន៍ត្រឹមតែ២៩%ប៉ុណ្ណោះ បានជំទាស់នឹងបំណងនេះ។ នៅក្នុងយុទ្ធសាស្ត្រថ្មីរបស់ជប៉ុននេះ គឺផ្ដោតជាសំខាន់ទៅលើ៖
១. បង្កើនសមត្ថភាពវាយប្រហារតបវិញទៅដល់ទីតាំងបាញ់មីស៊ីលរបស់សត្រូវ
២. ការអភិវឌ្ឍមីស៊ីលអ៊ីពែសូនិក (មីស៊ីលលឿនជាងសម្លេង៥ដង)
៣. ការបង្កើនវត្តមានកងទ័ពជប៉ុននៅភាគខាងត្បូង (កោះអូគីណាវ៉ា និងកោះនៅភាគនិរតី)
៤. ប្រមូលផ្ដុំកងទ័ពជើងគោក ជើងទឹក និងកងទ័ពអាកាស ឱ្យស្ថិតក្រោមបញ្ជាការតែមួយដើម្បីឆ្លើយតបនឹងស្ថានការណ៍អាសន្នណាមួយ។
នៅក្នុងឯកសារនេះផងដែរ ជប៉ុនបានចង្អុលមុខចំៗថា ចិនគឺជាការគំរាមកំហែងសន្តិសុខដោយផ្ទាល់របស់ជប៉ុន។ ជាការពិតណាស់ ចិនដែលជាសត្រូវប្រវត្តិសាស្ត្រនឹងជប៉ុន ហើយបានពង្រីកឥទ្ធិពលយោធារបស់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងកំពុងមានជម្លោះដែនអធិបតេយ្យជាមួយជប៉ុន នៅប្រជុំកោះ សេនកាគុ (ចិនហៅថា ទាវយូ) ផងដែរ។ ក្រៅពីនេះ ហេតុផលផ្សេងទៀតដែលជំរុញឱ្យជប៉ុនដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខថ្មីនេះ រួមមាន សកម្មភាពរបស់ចិននៅក្នុងករណីសំណុំរឿងតៃវ៉ាន់ ការធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងដែលចុងក្រោយនេះ បានបាញ់មីស៊ីលរំលងដែនអធិបតេយ្យរបស់ជប៉ុនថែមទៀតផង។ ជាមួយគ្នានេះដែរ ជប៉ុនដែលកន្លងមក អនុវត្តនូវរដ្ឋធម្មនុញ្ញសន្តិភាពនិយមដែលអាម៉េរិកបានចាប់បង្ខំក្នុងពេលចាញ់សង្គ្រាម និងដែលមានការធានាសន្តិសុខដោយផ្ទាល់ពីសំណាក់សហរដ្ឋអាម៉េរិក តាមរយៈការរក្សាមូលដ្ឋានទ័ពអាម៉េរិកនៅលើប្រទេសនេះ ត្រូវបានរដ្ឋបាលលោក ដូណាល់ត្រាំ លើកឡើងពីបំណងទាមទារថ្លៃការពារពីជប៉ុនទៅវិញ ដែលនេះក៏អាចជាហេតុផលមួយផ្សេងទៀត ដែលជំរុញឱ្យជប៉ុនពង្រឹងសមត្ថភាពយោធារបស់ខ្លួនផងដែរ នៅក្នុងទំនាក់ទំនងនយោបាយជាមួយមហាអំណាចអាម៉េរិក ដែលជានិច្ចកាលតែងតែផ្លាស់ប្ដូរគោលនយោបាយទៅតាមមេដឹកនាំដែលឡើងមកកាន់អំណាចថ្មី។ ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំជប៉ុន ទំនងជាមើលឃើញថា ការបន្តដាក់បញ្ហាសន្តិសុខជាតិរបស់ខ្លួនទៅផ្ញើនៅលើជំហររបស់មេដឹកនាំថ្មីរបស់អាម៉េរិក ដែលតែងតែផ្លាស់ប្ដូរផ្សេងៗគ្នាពីប្រធានាធិបតីមួយទៅប្រធានាធិបតីទៀតនោះ ជម្រើសដ៏ល្អគឺជប៉ុនគួរតែពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីអាចឆ្លើយតបជាបន្ទាន់ចំពោះការគំរាមកំហែងសន្តិសុខចំពោះមុខរបស់ខ្លួន ជាជាងរង់ចាំការសម្រេចពីទីក្រុងវ៉ាស៊ីងតោន ព្រោះបទពិសោធប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា នៅជុំវិញជប៉ុន គឺសុទ្ធសឹងតែជាប្រទេសដែលជប៉ុនធ្លាប់ឈ្លានពានទាំងនៅមុនពេល និងក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ រាប់ចាប់តាំងពីចិន រុស្ស៊ី និងសូម្បីតែកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តអាម៉េរិកដូចជប៉ុនក្ដី។
ជារួម នៅចំពោះមុខស្ថានភាពនៃភូមិសាស្ត្រនយោបាយពិភពលោក និងការរីកចម្រើនបច្ចេកវិទ្យាយោធានាពេលបច្ចុប្បន្ន ការកំណត់យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន គឺជាការចាំបាច់ណាស់សម្រាប់មហាអំណាចសេដ្ឋកិច្ចទី៣ពិភពលោកនេះ ដែលត្រូវប្រឈមមុខនឹងការគំរាមកំហែងខាងយោធា ពីសំណាក់ប្រទេសនៅជុំវិញខ្លួន ដែលសុទ្ធសឹងតែធ្លាប់មានប្រវត្តិជូរចត់ជាមួយជប៉ុន ពិសេសចិនដែលជាសត្រូវប្រវត្តិសាស្ត្រ ស្របពេលដែលតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលបានក្លាយទៅជាចំណុចក្ដៅនៃការប្រកួតប្រជែងរបស់មហាអំណាចពិភពលោក ពិសេសរវាងចិន និងសហរដ្ឋអាម៉េរិកព្រមទាំងសម្ព័ន្ធមិត្ត។ ទោះជាយ៉ាងណា វាក៏ជាសញ្ញាដែលបង្ហាញអំពីការរត់ប្រណាំងសព្វាវុធកាន់តែស៊ីជម្រៅខ្លាំងទៅៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ដែលនាំទៅដល់ការប្រឈមគ្នាដ៏ផុយស្រួយផងដែរ៕
ចូលអានអត្ថបទវិភាគច្រើនទៀត តាមរយៈតំណភ្ជាប់៖ https://www.rac.gov.kh/researchs-categories/10/researchs?page=2
ដោយ៖ លឹម សុវណ្ណរិទ្ធ
សម្រាប់កូរ៉េខាងត្បូង ឥណ្ឌូប៉ាស៊ីហ្វិក ក្រៅពីជាតំបន់ដែលប្រកបដោយសក្ដានុពលសេដ្ឋកិច្ច និងយុទ្ធសាស្ត្រនយោបាយការទូតដ៏ចម្បង តំបន់នេះក៏ជាបណ្ដុំនៃដៃគូឧស្សាហកម្មយុទ្ធសាស្ត្រដូចជា គ្រឿងអេឡិចត្រូនិកជាដើម។ ជាមួយគ្នានោះ តំបន់នេះក៏ត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាប្រឈមនានាដែលគំរាមកំហែងដល់សន្តិភាព សេរីភាព និងវិបុលភាព និងសណ្តាប់ធ្នាប់ដែលយកច្បាប់អន្តរជាតិជាមូលដ្ឋាន។ បញ្ហាប្រឈមដែលកើតនៅក្នុងតំបន់នេះ មានរាប់ចាប់ពីការប្រកួតប្រជែងឥទ្ធិពល ការរត់ប្រណាំងសព្វាវុធនៃបណ្ដាប្រទេសធំៗក្នុងតំបន់ កង្វះយន្តការជំរុញការកសាងតម្លាភាព និងការបង្កើនជំនឿទុកចិត្តខាងយោធា និងសន្តិសុខ ការកសាងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង សេរីភាពខាងនាវាចរណ៍ ដែលបង្កការរំខាននៅក្នុងបណ្តាញខ្សែចង្វាក់ផ្គត់ផ្គង់ជាដើម។ ជាមួយនឹងការប្រណាំងប្រជែងគ្នាយ៉ាងខ្លាំងរវាងមហាអំណាចចិន និងសហរដ្ឋអាម៉េរិកដែលបានដាក់ចេញនូវគម្រោង និងយុទ្ធសាស្ត្រដែលមានលក្ខណៈប្រឈមគ្នាយ៉ាងចាក់ស្រែះដូចជា គម្រោងខ្សែក្រវាត់និងផ្លូវ (BRI) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) កិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) សម្ព័ន្ធភាព AUKUS និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ជាដើម។ ក្នុងបរិបទនេះ មហាអំណាចពិភពលោក បានព្យាយាមកៀងគរប្រទេសជាដៃគូទាំងនៅក្នុងនិងក្រៅតំបន់ដើម្បីជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីបង្ហាញនូវសាច់ដុំសេដ្ឋកិច្ច សម្ព័ន្ធភាព ក៏ដូចជាសាច់ដុំយោធាដោយប្រយោល ព្រមទាំងធ្វើការគូសបង្ហាញទៅដៃគូរបស់ខ្លួននៅគ្រប់ទិដ្ឋភាព និងគ្រប់លទ្ធភាពដែលខ្លួនមាន ក្នុងគោលដៅធ្វើយ៉ាងណា រាំងខ្ទប់នូវការរីកសាយភាយឥទ្ធិពលរបស់គូបដិបក្ខរបស់ខ្លួន។
ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក យូន សុក-យូល (Yoon Suk-yeol) បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងក្រោយមកបានគូសបញ្ជាក់ជាថ្មីទៀតនៅខាងក្រៅកិច្ចប្រជុំក្រុមប្រទេសឧស្សាហកម្មលូតលាស់ទាំង២០ (G-20) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ ការប្រកាសនេះគឺជាការឆ្លើយតបជាផ្លូវការរបស់សាធារណរដ្ឋកូរ៉េ ចំពោះគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក ដែលជាសម្ព័ន្ធមិត្តមិនអាចខ្វះបានរបស់ខ្លួន និងក្នុងនាមសាធារណរដ្ឋកូរ៉េដែលជាមហាអំណាចកណ្ដាល ក៏ដូចជាជានាគសេដ្ឋកិច្ចមួយនៅតំបន់អាស៊ីផងដែរ។
នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សាធារណរដ្ឋកូរ៉េបានប្រកាសព័ត៌មានលម្អិតអំពីយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដោយផ្តោតសំខាន់លើការជំរុញសេរីភាព សន្តិភាព និងវិបុលភាព តាមរយៈការបង្កើតសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់ និងកិច្ចសហប្រតិបត្តិការស្ដីពីសិទ្ធិមនុស្ស។ របាយការណ៍នេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនឹងប្រកាន់ខ្ជាប់គោលការណ៍ស្នូលចំនួន៩ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យអំពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី សន្តិភាព និងវិបុលភាព ដោយផ្អែកទៅលើគោលការណ៍ចំនួនបីនៃកិច្ចសហប្រតិបត្តិ៖ “គ្របដណ្ដប់ ជឿទុកចិត្ត និងផ្ដល់ឱ្យគ្នាទៅវិញទៅមក”។ ការប្រកាសនេះ ត្រូវបានទទួលការសាទរយ៉ាងពេញទំហឹងពីសហរដ្ឋអាម៉េរិកជាសម្ព័ន្ធមិត្ត ជាមួយគ្នានោះ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីសាធារណដ្ឋកូរ៉េលោក យូន សុក-យូល (Yoon Suk-yeol) ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បង្កើនសមត្ថភាពរួមជាមួយសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាជំរុញការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
ជាការពិតណាស់ គោលនយោបាយរបស់សាធារណរដ្ឋកូរ៉េក្រោមការដឹកនាំរបស់លោក យូន សុក-យូល (Yoon Suk-yeol) គឺការប្រកាន់យកយ៉ាងជាក់លាក់ដោយផ្ដោតសំខាន់លើ “សេរីភាព ” និង “សណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើតម្លៃសកល ” ដោយប្រធានាធិបតីកូរ៉េបានអំពាវនាវឱ្យមាន “ការកសាងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី សន្តិភាព និងវិបុលភាព តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសសំខាន់ៗ រួមទាំងសមាគមអាស៊ានផងដែរ ”។ បើគេពិនិត្យលើខ្លឹមសារនេះ វាមានអត្ថន័យស្រដៀងគ្នាទៅនឹងគោលការណ៍របស់សហរដ្ឋអាម៉េរិកដែលលើកឡើងអំពី “ឥណ្ឌូប៉ាស៊ីហ្វិក សេរី បើកចំហរ និងវិបុលភាព ” ជាសម្ព័ន្ធមិត្តដ៏ចម្បងក្នុងវិស័យសន្តិសុខរបស់កូរ៉េខាងត្បូងផងដែរ។ វាគឺជាសារមួយដែលកូរ៉េខាងត្បូងផ្ដល់នូវចម្លើយដ៏ពេញចិត្តទៅកាន់សហរដ្ឋអាម៉េរិក អំពីឆន្ទៈនិងការគាំទ្ររបស់កូរ៉េខាងត្បូង ក្នុងនាមជាសម្ព័ន្ធមិត្ត និងជាប្រទេសមានទម្ងន់យុទ្ធសាស្ត្រនៅក្នុងតំបន់។
គួរបញ្ជាក់ថា នៅចំពោះមុខយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក ដែលត្រូវបានគេមើលឃើញថា មានគោលដៅសំខាន់ផ្ដោតទៅលើការរីកចម្រើនយ៉ាងលឿនរហ័សរបស់មហាអំណាចចិន ច្បាស់ណាស់ដែលថាកូរ៉េខាងត្បូងពិតជាមិនចង់យកខ្លួនទៅប្រឈមដោយផ្ទាល់ជាមួយនឹងចិនដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួននោះឡើយ ដោយសារទំហំពាណិជ្ជកម្មកូរ៉េខាងត្បូង-ចិន តំណាងឱ្យរហូតដល់ទៅ៣០%នៃទំហំពាណិជ្ជកម្មសរុបរបស់កូរ៉េខាងត្បូងឯណោះ។ នៅក្នុងយុទ្ធសាស្ត្រនេះ កូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ខ្លួនរីករាយនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាល់បណ្ដាប្រទេសទាំងអស់ដោយមិនចំពោះ ដោយគោរពទៅតាមចក្ខុវិស័យ គោលដៅ និងគោលការណ៍ដូចដែលបានចែងខាងលើ។ ទោះជាយ៉ាងណា គេបានដឹងរួចហើយថា បញ្ហាដ៏រសើបដែលកូរ៉េខាងត្បូងយកចិត្តទុកដាក់ខ្លាំងបំផុតនោះគឺស្ថិរភាពនៅឧបទ្វីបកូរ៉េ ពោលគឺសកម្មភាពអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងដែលមានចិនជាខ្នងបង្អែក ដែលបានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងអំពីស្ថិរភាព និងសន្តិសុខនៅលើឧបទ្វីបនេះ ក៏ដូចជាតំបន់អាស៊ីបូព៌ាទាំងមូល ហើយសហរដ្ឋអាម៉េរិកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងអាចពឹងពាក់បានរបស់កូរ៉េខាងត្បូងនៅចំពោះមុខ។ ហេតុនេះហើយ អ្វីដែលកូរ៉េខាងត្បូងសង្កត់ធ្ងន់អំពីការប្រកាន់ខ្ជាប់របស់ខ្លួននោះគឺ សេរីភាព សន្តិភាព និងវិបុលភាព ជាមួយសណ្ដាប់ធ្នាប់ដែលមានតម្លៃជាសកល។ ជាមួយគ្នានេះ សកម្មភាពដ៏គួរឱ្យព្រួយបារម្ភរបស់មហាអំណាចចិន ដែលបាននិងកំពុងតែពង្រីកនិងពង្រឹងមូលដ្ឋានរបស់ខ្លួននៅលើបណ្ដាកោះសិប្បនិម្មិតក្នុងដែនសមុទ្រចិនខាងត្បូង បានបង្កហានិភ័យជាខ្លាំងទៅលើស្ថិរភាព និងសន្តិសុខ ព្រមទាំងសេរីភាពនាវាចរណ៍ក្នុងតំបន់ដែលជាចំណុចស្នូលសំខាន់នៃឥណ្ឌូប៉ាស៊ីហ្វិក ទាំងក្នុងវិស័យសេដ្ឋកិច្ច និងយុទ្ធភូមិសាស្ត្រនយោបាយ។ ហេតុនេះហើយ បើទោះបីជាកូរ៉េខាងត្បូងមិនអាចចេញមុខបរិហារចំៗក្ដី ក៏ប៉ុន្តែមហាអំណាចតំបន់មួយនេះ ក៏ត្រូវតែបង្ហាញជំហររបស់ខ្លួនឱ្យបានជាក់លាក់ និងប្រកបដោយការប្រុងប្រយ័ត្នទៅលើការវិវត្តស្ថានការណ៍នៅក្នុងតំបន់ផងដែរ។
លើសពីនេះទៅទៀត បើងាកទៅមើលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានបង្កឱ្យពិភពលោកទាំងមូលជួបប្រទះនឹងវិបត្តិថាមពល សេដ្ឋកិច្ច និងស្បៀងអាហារ ហើយមកដល់ពេលនេះ គេមិនអាចដាក់ទណ្ឌកម្មធ្ងន់ធ្ងរណាមួយឱ្យមានប្រសិទ្ធភាព ដើម្បីបញ្ឈប់សកម្មភាពឈ្លានពានរបស់មហាអំណាចយោធាទីពីរលើពិភពលោកនេះឡើយ។ បើទោះបីជាមានការវាយតម្លៃ និងសន្និដ្ឋាន ពីសំណាក់អ្នកសិក្សាស្រាវជ្រាវ និងអ្នកយុទ្ធសាស្ត្រជាច្រើនថា ចិននឹងមិនអាចយកបទពិសោធការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនមកអនុវត្តដូចគ្នានៅក្នុងករណីសំណុំរឿងតៃវ៉ាន់ក្ដី តែបើគេពិនិត្យមើលជំហររបស់ចិននៅក្នុងសំណុំរឿងអ៊ុយក្រែន ការខិតរកគ្នាកាន់តែខ្លាំងរវាងចិននិងរុស្ស៊ីនៅក្នុងការប្រឈមជាមួយសហរដ្ឋអាម៉េរិកក៏ដូចជាបស្ចិមប្រទេស ស្របពេលដែលស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់កាន់តែតានតឹងខ្លាំងឡើងៗ សុទ្ធសឹងតែជាហេតុផលដែលនាំឱ្យពិភពលោកបាននិងកំពុងតាមដានយ៉ាងយកចិត្តដាក់ ដែលធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងអំពីលទ្ធភាពដែលចិនអាចប្រើប្រាស់កម្លាំងដើម្បីបង្រួបបង្រួមយកកោះតៃវ៉ាន់។ កូរ៉េខាងត្បូងដែលជាប្រទេសនៅក្បែរខាងចិនផងនោះ ពិតជាយល់យ៉ាងជាក់ច្បាស់ថា ប្រសិនបើសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើងក្នុងករណីនឹកស្មានមិនដល់ណាមួយពិតមែន វានឹងរាលដាលទៅជាសង្គ្រាមរវាងមហាអំណាច ដែលបង្កជាមហន្តរាយនឹកស្មានមិនដល់ជាក់ជាមិនខាន ព្រោះសហរដ្ឋអាម៉េរិក និងជប៉ុន អាចនឹងលូកដៃចូលដោយមិនឈរឱបដៃឈរមើលចិនលេបយកកោះតៃវ៉ាន់ដោយងាយៗនោះឡើយ ហើយក្រោយពីការចូលអន្តរាគមន៍ពីសំណាក់សហរដ្ឋអាម៉េរិក និងជប៉ុនទៅក្នុងសង្គ្រាមនេះ កូរ៉េខាងជើង និងរុស្ស៊ី ច្បាស់ជានឹងមិនបណ្ដែតបណ្ដោយឱ្យសហរដ្ឋអាម៉េរិកចាត់ចែងទៅលើសង្គ្រាម ដែលកំពុងតែឆាមឆេះនៅក្បែរផ្ទះរបស់ខ្លួនជាក់ជាមិនខានឡើយ។ នេះគឺជាករណីដែលកូរ៉េខាងត្បូងខ្លួនឯងផ្ទាល់ មិនប្រាថ្នាឱ្យកើតមានឡើងនោះឡើយ។ ដូច្នេះហើយ មេដឹកនាំសាធារណរដ្ឋកូរ៉េទំនងជាយល់យ៉ាងច្បាស់ថា ការជំរុញឱ្យបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករក្សាស្ថានភាពដើមនៅក្នុងតំបន់ និងគោរពគោលការណ៍សន្តិភាព សេរីភាព ព្រមទាំងគោរពច្បាប់អន្តរជាតិ គឺជាចំណុចស្នូលសំខាន់ដែលសាធារណរដ្ឋកូរ៉េត្រូវកំណត់នៅក្នុងនយោបាយការបរទេសរបស់ខ្លួន។
សរុបមក សាធារណរដ្ឋកូរ៉េកំពុងបន្តព្យាយាមថ្លឹងថ្លែងឱ្យមានតុល្យភាពរវាងមហាអំណាចចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំ និងសហរដ្ឋអាម៉េរិកដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏ចម្បងរបស់ខ្លួន។ ការដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកនេះ គឺជាមគ្គុទ្ទេសក៍មួយសម្រាប់ការអនុវត្តគោលនយោបាយការបរទេសរបស់សាធារណរដ្ឋកូរ៉េនៅក្នុងទំនាក់ទំនងរបស់ខ្លួន ទាំងជាមួយមហាអំណាចសហរដ្ឋអាម៉េរិក មហាអំណាចចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ដោយបានគូសបញ្ជាក់ថា កូរ៉េខាងត្បូងនៅតែប្រកាន់ជំហរធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដារដ្ឋនានា និងអង្គការក្នុងតំបន់ ដើម្បីផលប្រយោជន៍ និងការរីកចម្រើនសេដ្ឋកិច្ចជាមួយគ្នា ហើយដែលត្រូវតែធ្វើឡើងប្រកបដោយបរិយាកាសសេរី សន្តិភាព និងដោយផ្អែកលើច្បាប់អន្តរជាតិ ដោយខ្លួនមិនគាំទ្រឡើយនូវការប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្ដូរស្ថានភាពដែលកំពុងមាននាពេលបច្ចុប្បន្ននៅក្នុងតំបន់។ នៅក្នុងយុទ្ធសាស្ត្រនេះ ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវសមាហរណកម្ម យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងបានចែងដោយប្រយោលថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់យើង រួមបញ្ចូលទាំងគោលដៅ និងមិនរាប់បញ្ចូលប្រទេសជាក់លាក់ណាមួយឡើយ។ យើងនឹងធ្វើការជាមួយគ្រប់ដៃគូដែលស្របតាមចក្ខុវិស័យ និងគោលការណ៍នៃកិច្ចសហប្រតិបត្តិការរបស់យើង។ យើងនឹងនៅតែបើកចំហសម្រាប់ប្រទេសទាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងក្រៅតំបន់”៕
ទាញយកអត្ថបទ៖ https://www.rac.gov.kh/researchs-categories/10/researchs?page=2
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូសភានៃសាធារណរដ្ឋកូរ៉េ នៅសាលទន្លេសាប អគារខេមរវិទូ។
ប្រតិភូសភានៃសាធារណរដ្ឋកូរ៉េដែលអញ្ជើញមកជួបពិភាក្សានៅរាជបណ្ឌិត្យសភាកម្ពុជានារសៀលនេះ ដឹកនាំដោយឯកឧត្ដម Park Byeong-Seug អតីតអ្នកនាំពាក្យសភានៃសាធារណរដ្ឋកូរ៉េ និងអមដំណើរដោយសមាជិកសភានៃសាធារណរដ្ឋកូរ៉េ ដែលសុទ្ធតែជាសមាជិកមកពីវេទិកាការទូតសន្តិភាពនៅរដ្ឋសភាកូរ៉េ។
ក្នុងជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរទស្សនៈយល់ឃើញ និងមតិយោបល់មួយចំនួនពីអ្នកសិក្សាស្រាវជ្រាវកម្ពុជា ទៅលើស្ថានភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងពិនិត្យមើលលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យសិក្សាស្រាវជ្រាវនាពេលអនាគត។
RAC Media
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩៖០០នាទីព្រឹក នៅសាលទន្លេសាប (អគារខេមរវិទូ)នៃរាជបណ្ឌិត្យសភាកម្ពុជា មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំអង្គប្រជុំមួយដើម្បីរៀបចំពិភាក្សានិងធ្វើបច្ចុប្បន្នភាពនៃកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចប្រជុំនេះ ដំណើរការក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងកិច្ចពិភាក្សានេះ បានផ្ដោតលើបញ្ហាសំខាន់ចំនួន២ គឺ ទី១. បញ្ហាប្រឈមនានានៅក្នុងមុខជំនាញដែលកំពុងបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភាកម្ពុជា និងទី២. ការត្រួតពិនិត្យនិងកែសម្រួលលើកម្មវិធីសិក្សានាពេលបច្ចុប្បន្ន។
ជាក់ស្តែង ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ក្រោយបរិញាបត្រ នៅរាជបណ្ឌិត្យសភាកម្ពុជា មានគោលដៅដើម្បីផ្ដល់ជូននូវនិស្សិត នូវកម្មវិធីសិក្សាមួយដែលកាន់តែមានការអភិវឌ្ឍស្របតាមយុគសម័យជឿនលឿន។
សូមបញ្ជាក់ដែរ រាជបណ្ឌិត្យសភាកម្ពុជា មានបើកថ្នាក់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត ហើយជាមួយគ្នានេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏មានបើកថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកជំនាញចុងភៅ និងភេសជ្ជៈ សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ក្លាយជាម្ចាស់អាជីវកម្មខ្លួនឯង។
ព័ត៍មានបន្ថែមពីវគ្គបណ្ដុះបណ្ដាល៖
- មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា (https://www.facebook.com/ctr.rac)
ទូរស័ព្ទលេខ៖ 012-824 924 / 081-339 385 / 097-728 444
នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តំណាងឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលយកលិខិតថ្លែងអំណរគុណរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជូនចំពោះរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ការរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងបំផុសចលនាយល់ដឹងពាក់ព័ន្ធនឹងប្រធានបទអាស៊ាន ជាពិសេសភាពជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ តាមរយៈការរៀបចំវេទិកាពិភាក្សាសាធារណៈ អត្ថបទវិភាគនិងស្រាវជ្រាវ និងបាឋកថានានា ក្នុងរយៈពេលនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២នេះ ដែលប្រគល់ជូនដោយឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សា និងជម្រាបជូនប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ អំពីរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងកម្មវិធីចុះសិក្សាឈ្វេងយល់អំពីរាជបណ្ឌិត្យសភាកម្ពុជារបស់ប្រតិភូនៃព្រឹទ្ធសភា។
សមាសភាពប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ រួមមាន ឯកឧត្ដម ម៉ាន ឈឿន អនុប្រធានគណៈកម្មការ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការ ឯកឧត្ដម ឡៅ ឆន ជាសមាជិក ឯកឧត្ដម អ៊ឹង លាងហ៊ួ ជាសមាជិក និងក្រុមមន្ត្រីលេខាធិការដ្ឋាន។
ក្នុងជំនួបនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជម្រាបជូនលម្អិតដល់ប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភាអំពី បេសកកម្ម រចនាសម្ព័ន្ធ និងវឌ្ឍនភាពការងារ ក៏ដូចជាសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននាពេលកន្លងមក ព្រមទាំងលើកឡើងអំពីបញ្ហាប្រឈម និងទិសដៅបន្តរបស់រាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានេះ ប្រតិភូទាំងពីរក៏បានចែករំលែកបទពិសោធ និងធ្វើការដោះដូរទស្សនៈយល់ឃើញទៅលើបញ្ហាមួយចំនួនផងដែរ៕
RAC Media
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី “ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរ ទៅអង្គការ (The History of Cambodia: From Angkor to Angkar)» នៅថៃ្ងព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា វេលាម៉ោង ៩:៣០នាទីព្រឹក។
បាឋកថានេះ នឹងធ្វើបទបង្ហាញដោយឯកឧត្តម Piotr Ostaszewski អ្នកជំនាញប្រវត្តិសាស្ត្រខ្មែរ និងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប៉ូឡូញប្រចាំសាធារណរដ្ឋកូរ៉េ។
សម្រាប់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីនេះ សូមទាក់ទងមកកាន់ទូរសព្ទលេខ(Telegram)៖ 081 414 358 / 077 725 698
សូមអរគុណ!
ថ្ងៃ៧ ខែមករា ឆ្នាំ២០២៣ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៤ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិទៅលើបញ្ហានានាក៏មានទៅតាមនោះដែរ។ អត្ថន័យនៃថ្ងៃ៧ មករា ហាក់ត្រូវបានកំណត់ដោយផ្អែលើទស្សនៈនិងគោលជំហរនយោបាយ ជាជាងតម្លៃនៃសច្ចភាពប្រវត្តិសាស្ត្រ។
សម្រាប់ខ្ញុំ “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន។ អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់ គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
បើយើងពិបាកក្នុងការប្រៀបធៀបអំពីការរីកចម្រើនរបស់ប្រទេសជាតិទាំងមូល សូមប្រៀបធៀបតែនៅក្នុងរង្វង់គ្រួសារយើងនីមួយៗទៅ ក៏យើងអាចដឹងបានដែរថា តើពីឆ្នាំ១៩៧៩ មកដល់ឥឡូវ មានការប្រែប្រួលផ្លាស់ប្តូរអ្វីខ្លះនៅក្នុងសង្គមគ្រួសារបស់ខ្លួន?
អ្វីដែលយើងអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិ ក្នុងការស់រានមានជីវិត ក៏គ្មានផង។ ជីវិតរបស់យើងមិនមែនជារបស់យើងទេ គឺជីវិតយើងផ្ញើនៅជាមួយនឹងអង្គការ ដែលមិនដឹងថា តើនៅពេលណាអង្គការដកហូតយកជីវិតយើងនោះទេ ហើយអង្គការជានរណា ក៏យើងមិនស្គាល់ដែរ។ យើងគ្រាន់តែយកត្រី យកដំឡូងដែលយើងរកបានទៅហូប ក៏អង្គការបេះយកជីវិតរបស់យើងដែរ។
សព្វថ្ងៃនេះ យើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។ ការអប់រំយើងមានតាំងពីកម្រិតកុមារតូច ថ្នាក់បឋម រហូតដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ ទាំងអស់នេះ គឺជាអ្វីដែលយើងបានឃើញអំពីការប្រែប្រួលនៃសិទ្ធិផ្នែកស្មារតី។
រីឯផ្នែករូបវ័ន្តវិញ អ្វីៗដែលយើងបានឃើញនៅពេលនេះ រួមមាន ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំរីកដូចផ្សិត ភាពស៊ីវិល័យនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាដើម គឺមិនមែនជាការប្រទានរបស់អាទិទេពទេ តែវាកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
ពីមុន នៅពេលដែលយើងចង់ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយនៅទូទាំងប្រទេស ឬសូម្បីតែការធ្វើដំណើរពីផ្ទះទៅសាលារៀន តើយើងត្រូវចំណាយពេលប៉ុន្មាន? ឥឡូវនេះ ការធ្វើដំណើរទៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស គឺសុទ្ធតែអាចវិលល្ងាចបាន។ ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារនានា គឺជាភស្តុតាងដែលមិនអាចបដិសេធនូវសមិទ្ធផលក្រោយ ៧ មករា ១៩៧៩។
និយាយពីរាជធានីភ្នំពេញវិញ តើនៅសម័យកាលណា ដែលយើងអាចឃើញភ្នំពេញមានការរីកចម្រើនបែបនេះ។ ភ្នំពេញឥឡូវរីកធំ មានសំណង់អាគារស្កឹមស្កៃច្រើនស្អេកស្កះ មហាវិថី រុក្ខវិថី និងផ្លូវតូចធំខ្វាត់ខ្វែង និងភ្លើងពណ៌ដ៏ស្រស់ឆើតឆាយបំភ្លឺរាត្រី។ ម្យ៉ាងទៀត យើងមើលឃើញអំពីការរីកចម្រើននៃសេដ្ឋកិច្ចយើង។ យើងរក្សាបាននូវស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច រក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧ ភាគរយពិតពីរទស្សវត្សរ៍មកហើយ, ប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗ ដែលពីមុន យើងធ្លាប់បានក្រោម ១០០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ តែឥឡូវនេះកើនដល់ទៅជិត ២ ០០០ ដុល្លារ។ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺយើងនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ។
កម្ពុជា ដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធនិងឯកោទាំងខាងនយោបាយ និង សេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធនិងនិម្មាបនកម្មតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិនិងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ។
ទាំងអស់នេះ គឺជាសូចនាករដែលអាចវាស់វែងបានអំពីការរីកចម្រើននិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ដូច្នេះ ថ្ងៃ៧ មករា ជាសច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ, ចងចាំពីស្ថាបនិក ៧ មករា ដែលជាទេវតារំដោះជាតិនិងប្រជាជន, អ្នកស្តារ កសាង និងអភិវឌ្ឍជាតិ, ត្រូវចងចាំពីទស្សនវិជ្ជាឯកភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ, ត្រូវចងចាំបិតាស្ថាបនិកសន្តិភាព និងចារឹកទុកនូវវប្បធម៌សន្តិភាពយូរអង្វែងតទៅមុខទៀត។
ទន្ទឹមនឹងនោះដែរ អ្នកស្នងមរតក ៧ មករា ត្រូវតែបន្តរក្សានូវសមិទ្ធផល ៧ មករា ឱ្យបានគង់វង្ស ក៏ប៉ុន្តែ គេក៏មិនត្រូវស្កប់ស្កល់តែនឹងសមិទ្ធផល ៧ មករា បច្ចុប្បន្ន ហើយនាំគ្នាសូត្រមេសូត្ររត់មាត់ ៧មករា រហូតទេ។ អ្នកស្នងមរតក ៧ មករា ត្រូវតែដាក់ចេញនូវទស្សនវិស័យថ្មី យុទ្ធសាស្ត្រថ្មី និងចក្ខុវិស័យថ្មីឱ្យស្របតាមការវិវត្តនៃចរន្តសាកលភាវូបនិយកម្ម ដើម្បីបង្កើតមរតកនិងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់អ្នកជំនាន់ក្រោយ ៕
អត្ថបទដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
អត្ថបទ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ក្នុងរយៈពេល ៤៤ឆ្នាំ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេលដែលរបបខ្មែរក្រហមដួលរលំ ប្រទេសកម្ពុជាបានដើរលើផ្លូវដ៏សែនលំបាក និងគ្រោះថ្នាក់បំផុត ប៉ុន្តែវាជាផ្លូវដ៍ត្រឹមត្រូវដើម្បីធានាបាននូវភាពរីកចម្រើនយូរអង្វែង និងប្រកបដោយវិបុលភាពសម្រាប់មាតុភូមិកម្ពុជា។ ក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រកម្ពុជា និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ បានដឹកនាំនាវាកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ ការបើកដំណើរការប្រទេសឡើងវិញ និងការស្តារសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ភាពជោគជ័យនៃមហាសន្និបាត AIPA លើកទី៤៣ ដែលបានរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងរក្សាបាននូវមជ្ឈភាពអាស៊ានក៏ដូចជាលើកកំពស់កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ក៏ដូចជានៅលើពិភពលោក ការទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ក៏ដូចជារក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សាមគ្គីភាព ភាពរុងរឿងនិងស្ថិរភាព បើទោះបីជាបច្ចុប្បន្ន ស្ថានភាពពិភពលោកនិងតំបន់កំពុងតែមានភាពប្រែប្រួលយ៉ាងខ្លាំង និងប្រកបដោយភាពស្មុគស្មាញក៏ដោយ ហើយជាពិសេសផលប៉ះពាល់នៃវិបត្តិដោយសារជំងឺកូវីដ-១៩ ជម្លោះនិងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចធំៗក្នុងពិភពលោក សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន វិបត្តិនៅឧបទ្វីបកូរ៉េ និងវិបត្តិនៅមីយ៉ាន់ម៉ាក៏ដោយ។
៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបិទយុគសម័យដ៏ខ្មៅងងឹត និងបើកទំព័រសករាជថ្មីនៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិ អនុម័តការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ របបរាជានិយមអាស្រ័យធម្មនុញ្ញត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ហើយព្រះរាជាណាចក្រទីពីរត្រូវបានបង្កើតឡើងវិញ និងជាការឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រជាប្រិយភាពរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
គួររំលឹកផងដែរថា នៅឆ្នាំ១៩៧៥ បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃសង្គ្រាមវៀតណាម (Vietnam War) ដែលមានប្រទេសកម្ពុជា ជាអ្នកដែលបានគាំទ្រដល់វៀតណាមខាងជើង ក្នុងការធ្វើសង្គ្រាមបង្រួបបង្រួមទឹកដីវៀតណាម ហើយទទួលបានជ័យជំនះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ តែប្រជាជននិងប្រទេសកម្ពុជា បែរជាត្រូវបានធ្លាក់ទៅក្នុង សោកនាដកម្មជាថ្មីម្តងទៀត។ របប ប៉ុល ពត បានដាក់ប្រទេសនិងប្រជាជនកម្ពុជា ឱ្យធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពួកគេបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ ជាង៣លាននាក់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពនិងប្រជាជនកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរ ក្រហមដែលដឹកនាំដោយ ប៉ុល ពត-អៀង សារី-ខៀវ សំផន រំដោះប្រជាជននិងប្រទេសកម្ពុជា ចេញពីការសម្លាប់ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ជ័យជំនះនេះជាព្រឹត្តិការណ៏ប្រវតិ្តសាស្រ្ត នៃសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងប្រជាជននៃប្រទេស ទាំងពីរកម្ពុជា-វៀតណាម និងបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាព ក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។
រហូតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ត្រូវបានលើកកម្ពស់និងពង្រឹងឥតឈប់ឈរតាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០០៥ និងបាននាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀតបើទោះបី ជាកំពុងតែប្រឈមមុខនឹងបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង ដោយសារការប្រែប្រួលយ៉ាងស្មុគស្មាញ ផ្នែកនយោបាយនៅក្នុងតំបន់ និងពិភពលោកក៏ដោយ ក៏កម្ពុជានិងវៀតណាម នៅតែបន្តពង្រឹងនិងពង្រីកទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ជួយគ្នាក្នុងគ្រាមានទុក្ខលំបាក រក្សាបានស្ថិរភាពនយោបាយ សង្គម និងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម មានការរីកចម្រើនលើវិស័យជាច្រើន ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសនីមួយៗ ហើយជាទំនាក់ទំនង ដែលមិនមែនគ្រាន់តែជាទំនាក់ទំនងតាមបែបប្រពៃណីនោះទេ ប៉ុន្តែក៏ជាទំនាក់ទំនងក្នុងភាពបងប្អូន និងជាសមមិត្តរួមសមរភូមិ ដែលបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិ ក៏ដូចជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិរៀងៗខ្លួន។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សាលាក្តីខ្មែរក្រហម ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំចុងក្រោយរបស់ខ្លួន ដោយបដិសេធការប្តឹងឧទ្ធរណ៍របស់មេដឹកនាំរបបខ្មែរក្រហមដែលនៅមានជីវិតចុងក្រោយគេបង្អស់ (លោក ខៀវ សំផន) នៃរបបឃោរឃៅដែលបានគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ ១៩៧៥-១៩៧៩ និងជាបុរសតែម្នាក់គត់ក្នុងចំណោមបីនាក់ដែលត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍នៅក្នុងរបបខ្មែរក្រហម ដែលបានដំណើរអស់រយៈពេល១៦ឆ្នាំកន្លងទៅ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានសម្រេចឱ្យ លោក ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត គឺដោយផ្អែកលើអំពើឃោរឃៅ ដែលបានប្រព្រឹត្តមកលើមនុស្សជាតិ ក្នុងរជ្ជកាលនៃអំពើប្រល័យពូជសាសន៍របស់របបខ្មែរក្រហម ហើយជាការសម្រេចជាស្ថាពរនិងបិទផ្លូវតវ៉ា។ មានន័យថា របបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវបានបិទបញ្ចប់ជាស្តាពរ។
ដូច្នេះ ៤៤ឆ្នាំបន្ទាប់ពីបើកទំព័រនៃសករាជថ្មី ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសមួយ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងមានភាពឯកភាពជាតិ។ ប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងមាននិរន្តរភាព ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមក ហើយបានផ្លាស់ប្តូរ ពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ ដោយផ្អែកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបន្តរីកចម្រើនជាលំដាប់ និងមានភាពស្មើមុខស្មើសិទ្ធិគ្នា ជាមួយប្រទេសនានានៅជុំវិញពិភពលោក៕
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM