ព័ត៌មាន

អត្ថបទស្រាវជ្រាវ៖ «ការព្យាករណ៍ស៊េរីពេលនៃភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា» ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទនេះ នឹងបង្ហាញអំពីការកំណត់គំរូ និងការព្យាករណ៍ពេលតាងឱ្យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិដែលចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ទិន្នន័យដែលយកមកប្រើប្រាស់គឺ ចាប់ពីត្រីមាសទី១ ឆ្នាំ២០០៤ រហូត ដល់ត្រីមាសទី៤ ឆ្នាំ២០១៤ ដោយបានស្រង់ចេញមកពីរបាយការណ៍ស្ថិតិរបស់ក្រសួងទេសចរណ៍។ វិធីដែល សម ស្រប ចំនួន បីត្រូវបានលើកយកមកធ្វើការសិក្សាប្រៀបធៀប គឺវិធីបំបែកសាមញ្ញតាមវិធីគុណ (classical multiplicative decomposition) វិធីរ៉ឺក្រេសស្យុងនៃរដូវបែបវិធីគុណ (multiplicative seasonal regression) និងវិធីហុលធ៍-វីនធ័រ (Holt-winter Method)។ លទ្ធផលប្រៀបធៀបដែលផ្អែកលើរង្វាស់នៃភាពបន្ស៊ី ដែលមានឈ្មោះថា មធ្យមតម្លៃដាច់ខាតនៃភាគរយល្អៀង (Mean absolute percentage error, MAPE) បានបង្ហាញថា គំរូដែលបង្កើត តាមវិធីរ៉ឺក្រេសស្យុងនៃរដូវបែបវិធីគុណ (Multiplicative Seasonal Regression) ជាគំរូដែលប្រសើរជាងគេ ហើយ ត្រូវជ្រើសរើសយកមកប្រើប្រាស់ក្នុងការព្យាករណ៍ ក្នុងរយៈពេល២ឆ្នាំបន្ទាប់ មក ទៀត គឺឆ្នាំ២០១៥ និង ឆ្នាំ២០១៦។

ទាញយកឯកសារស្រាវជ្រាវលំអិត ពីគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា ខាងក្រោម៖ http://rac.apppeppers.com/royal-academy/research/attachments/original/64.pdf?1550804687








2019-02-22 05:06:08   ថ្ងៃសុក្រ, 22 កុម្ភៈ 2019 ម៉ោង 12:06 PM
សេចក្តីជូនដំណឹងស្តីពី«កម្មវិធីសិក្ខាសាលារបស់បេក្ខជនបណ្ឌិត ប៊ុន វ៉ាន់ថន»

រាជបណ្ឌិត្យសភាកម្ពុជា សូមជម្រាបជូនដល់និស្សិត-បេក្ខជនបណ្ឌិតដែលកំពុងសិក្សាស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា និងសាធារណៈជនមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាមួយជូនបេក្ខជនបណ្ឌិត ប៊ុន វ៉ាន់ថន (ជំនាញសាស្រ្ត ជំនាន់ទី១ វគ្គ១) 

ប្រធានបទ៖ រដ្ឋធម្មនុញ្ញក្នុងបរិបទនយោបាយកម្ពុជា (១៩៤៧ ដល់១៩៩៣) 

កាលបរិច្ឆេទ៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ 

វេលាម៉ោង៖ ២៖៣០ នាទីរសៀល 

ទីកន្លែង៖ បន្ទប់ប្រជុំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមនិស្សិត-បេក្ខជនបណ្ឌិត និងសាធារជនដែលមានចំណាប់អារម្មណ៍ អញ្ជើញចូលរួមកម្មវិធីសិក្ខាសាលា នេះតាមការគួរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា (អគារ D) រាល់ម៉ោងធ្វើការ។ 

សូមអរគុណ៕

2019-02-21 04:39:01   ថ្ងៃព្រហស្បតិ៍, 21 កុម្ភៈ 2019 ម៉ោង 11:39 AM
«រាជបណ្ឌិត្យសភាកម្ពុជា នឹងដំណើរការផលិតទឹកដោះគោនាពេលឆាប់ៗខាងមុខ» ដោយ៖ ចាន់ វណ្ឌី

ក្រោយពីបានរៀបចំនូវផែនការចឹញ្ចឹមគោយកទឹកដោះ ដែលមានរយ:ពេល១ឆ្នាំកន្លងមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បាន និងកំពុងត្រៀមនូវរៀបចំធនធានមនុស្សលើផ្នែកបច្ចេកទេសជំនាញផ្សេងៗគ្នា ដើម្បីចូលរួមចំណែកក្នុងការងាររៀបចំកសិដ្ឋាន​ចិញ្ចឹមគោទឹកដោះ ដោយរំពឹងទុកថា កម្ពុជា នឹងទីកន្លែងសម្រាប់ពិសោធន៍ សិក្សាស្រាវជ្រាវជំំនាញកសិកម្ម និងចែកចាយនូវ​បទពិសោធន៍ ចំណេះដឹងនានាពាក់ព័ន្ធការចិញ្ចឹមគោទឹកដោះ ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅពឹងលើវិស័យកសិកម្ម ក៏ដូចជាបង្កើតឱ្យមានផលិតផលទឹកដោះគោផ្ទាល់ខ្លួនរបស់កម្ពុជាផងដែរ។

ឆ្លើយតបនឹងយុទ្ធសាស្ត្រក្នុងការលើកកំពស់ការងារស្រាវជ្រាវផ្នែកកសិកម្ម រាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជូនសិក្ខាកាមចំនួន៧នាក់ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗបន្ថែមនៅសហគមន៍គោទឹកដោះវ៉ាងណាំយិន ខេត្តស្រះកែវ ប្រទេសថៃ។ សិក្ខាកាមទាំង៧នាក់ ដែលបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលនោះ នឹងផ្តោតការសិក្សាលើបួនជំនាញគឺ៖ ទី១. មុខវិជ្ជាបសុព្យាបល ចំនួន ២នាក់, ទី២. មុខវិជ្ជា ការគ្រប់គ្រងការវេចខ្ចប់ ចំនួន៣នាក់, ទី៣. មុខវិជ្ជា ការគ្រប់គ្រងម៉ាស៊ីន (ជាងភ្លើង) ចំនួន១នាក់ ទី៤. មុខវិជ្ជា ការលាយចំណី  ចំនួន១នាក់។ សិក្ខាកាមទាំងអស់ ទទួលបានការបណ្តុះបណ្តាលជំនាញរៀងៗខ្លួន ក្នុងរយៈពេលបណ្តុះបណ្តាលពី ២ខែ ទៅ៣ខែ គឺមានទាំងការសិក្សាលើផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅតាម​កសិដ្ឋាន​របស់កសិករសហគមន៍វ៉ាងណាំយិនដោយផ្ទាល់តែម្តង។ 

ដូច្នេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងមានធនធានមនុស្សខាងផ្នែកចឹញ្ចឹមគោយកទឹកដោះបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ ក៏ដូចជារួមចំណែលក្នុងការលើកស្ទួយផលិតផលរបស់ខ្មែរ ដើម្បីរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

RAC Media

ខាងក្រោមនេះ ជាទិដ្ឋភាពនិងសកម្មភាពមួយចំនួន ពីវគ្គបណ្តុះបណ្តាលពីការចិញ្ចឹមគោទឹកដោះនៅសហគមន៍វ៉ាងណាំយីន ខេត្តស្រះកែវ​៖


2019-02-21 02:42:08   ថ្ងៃព្រហស្បតិ៍, 21 កុម្ភៈ 2019 ម៉ោង 09:42 AM
«ការចុះប្រមូលទិន្នន័យអំពីព្រំបង្គោលនិងទីតាំងអូរឆ្លងកាត់ផ្ទៃឧទ្យាន» ដោយ៖ ស្រី សីហា

 ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងថ្មីៗនេះ បានចុះពិនិត្យស្រាវជ្រាវប្រមូលទិន្នន័យ និងកំណត់ទីតាំងបង្គោលព្រំសីមា រួមទាំងប្រព័ន្ធអូរឆ្លងកាត់ផ្លូវនៅជុំវិញ និងនៅក្នុងឧទ្យានឫស្សីត្រឹប ចាប់ពីចំណុចច្រកចូលភាគខាងត្បូងទៅកាន់ចំណុច A-B-C-D-E-F-G-H-I-J-K- និង L។ 

ជាលទ្ធផល ក្នុងរយៈផ្លូវថ្មើរជើងប្រវែង ៦១,៧ គ.ម. ក្រុមការងារឧទ្យានបានរកឃើញនិងកំណត់ទីតាំងបង្គោលចំនួន​៥២បង្គោល និងទីតាំងខ្សែអូរឆ្លងកាត់ផ្លូវព្រំ​ និងផ្ទៃក្នុងឧទ្យានចំនួន៥៤ចំណុច ព្រមទាំងចំណុចទីតាំងត្រពាំង និងព្រៃសំខាន់​មួយចំនួនទៀត។ នៅថ្ងៃបន្ទាប់ក្នុង សប្ដាហ៍នេះ ក្រុមការងារសង្ឃឹមថា នឹងប្រមូលទិន្នន័យអំពីព្រំបង្គោល និងទីតាំង​អូរឆ្លងកាត់ផ្ទៃឧទ្យាន មួយចំនួនបន្ថែមទៀត។

រូបភាពសកម្មភាពការងារពីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប៖










2019-02-20 07:57:17   ថ្ងៃពុធ, 20 កុម្ភៈ 2019 ម៉ោង 02:57 PM
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ផ្តល់បទសម្ភាសន៍ជាមួយវិទ្យុជាតិវៀតណាម (VOV) ដោយ៖ អ៊ុច លាង

ព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យវិទ្យុជាតិវៀតណាម (VOV) ជួបសម្ភាស ដើម្បីស្វែងយល់ពីទំនាក់ទំនងកម្ពុជា-វៀតណាម ក្នុងនាមប្រទេសភូមិផងរបងជាមួយ មុនទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការបក្សកុំម្មុយនីស្ត និងជាប្រមុខរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ង្វៀន ហ្វូចុក (Nguyen Phu Trong) នាថ្ងៃទី២៥ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ និងដើម្បីស្វែងយល់ពីជំនួបផ្លូវរដ្ឋ រវាងលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ។

RAC Media


2019-02-20 07:43:33   ថ្ងៃពុធ, 20 កុម្ភៈ 2019 ម៉ោង 02:43 PM
ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅដល់អតីតរាជធានី«មហេន្រ្ទបវ៌្វត»

នៅឆ្នាំ៨០២ ព្រះបាទជ័យវរ្ម័នទី២ បានប្រកាសរាជ្យ នៅរាជធានី «មហេន្ទ្របវ្វ៌ត»នេះ។ ក្រុមការងារស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ បានបន្តកិច្ចការ ស្រាវជ្រាវនៅតំបន់ភ្នំគូលែន ដែលជាអតីតរាជធានី «មហេន្រ្ទបវ៌្វត» របស់ព្រះបាទជ័យវរ្ម័នទី២ (៨០២-៨៥០) ដែលគេចាត់ទុកថាជាក្សត្របង្កើតអាណាចក្រអង្គរដំបូង។ 

បើតាមទិន្នន័យស្រាវជ្រាវបុរាណវត្ថុវិទ្យាថ្មីៗ បានបង្ហាញឱ្យដឹងថា ព្រះបាទជ័យវរ្ម័នទី២ បានធ្វើពិធីសោយរាជ្យនៅលើភ្នំគូលែន គឺធ្វើ ពិធីនៅលើប្រាសាទឈ្មោះថា «ប្រាសាទរោងចិន» ឬ «ប្រាសាទអារាមរោងចិន» ជាប្រាសាទពីរ៉ាមីត កសាងឡើងពីថ្មបាយ ក្រៀម មាន៥ថ្នាក់ និងបែរមុខទៅទិសខាងកើត។ បើតាមកំណត់ត្រាប្រវត្តិសាស្ត្រ ប្រាសាទអារាមរោងចិននេះ សង់ឡើងនៅដើមសតវត្សរ៍ទី៩ ក្នុងរាជព្រះបាទជ័យវរ្ម័នទី២ នៅលើភ្នំមហេន្ទ្របវ្វ៌ត ឬសព្វថ្ងៃហៅថាភ្នំគូលែន។ តាមការបង្ហាញរបស់លោកបណ្ឌិត វង្ស មេងនៅក្នុងទំព័រហ្វេសប៊ុក បានបង្ហាញថា នៅប្រាសាទអារាមរោងចិននេះ ជាកន្លែងដែលព្រះបាទជ័យវរ័្មនទី២ ធ្វើពិធីទេវរាជដែរ។ បើតាមឯកសារសិលាចារឹកកម្ពុជាមុនសម័យអង្គរ របស់សាស្ត្រាចារ្យ យៀង វីរបុត្រ បានបង្ហាញថា នៅក្នុងសីលាចារឹកវត្តសំរោង (K.956) ពិធីនេះ ធ្វើឡើងនៅលើភ្នំមហេន្ទ្របវ្វ៌ត ដើម្បីអភិសេកព្រះអង្គឱ្យក្លាយទៅជាព្រះមហាក្សត្រចក្រវត្តិ នៃព្រះកម្ពុជទេសឯករាជ្យ គឺរួចផុតពីការគ្រប់គ្រងរបស់ជ្វា ជាចាប់ផ្តើមសម័យអង្គរ និងបានរុងរឿងល្បីល្បាញ រហូតមកទល់សតវត្សរ៍ទី១៥។

បើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ដំណើរចុះទៅកាន់អតីតរាជធានីអាណាចក្រអង្គរដំបូងបំផុត កាលពីថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ គឺជាចំណែកមួយនៃការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា - Royal Academy of Cambodia។ 

សូមបញ្ជាក់ដែរថា ក្រៅពីដំណើរចុះសិក្សាដោយផ្ទាល់នៅអតីតរាជធានីដំបូងនៃអាណាចក្រអង្គរ ក្រុមការងារបានចុះទៅសិក្សាពីព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២ នៅឯតំបន់ប្រាសាទបឹងមាលា ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទធម្មនន់ និងប្រាសាទចៅសាយទេវតាផងដែរ។

RAC Media។

(រូបភាពពី loadnews)

(ទីតាំងប្រាសាទអារាមរោងចិន សាងដើមស.វទី៩ រាជ្យព្រះបាទជ័យវរ្ម័នទី២)

(ប្រជាពលរដ្ឋមកដងទឹកពីភ្នំគូលែន)

2019-02-20 04:35:31   ថ្ងៃពុធ, 20 កុម្ភៈ 2019 ម៉ោង 11:35 AM
ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២

«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២» ជាគម្រោងស្រាវជ្រាវមួយដែលរាជបណ្ឌិត្យសភាកម្ពុជា កំពុងរៀបចំធ្វើការសិក្សា ដើម្បីគាស់កកាយឡើងវិញពីព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រខ្មែរពីសម័យកាលដ៏រុងរឿងនៃចក្រភពខ្មែរ កាលពីមួយសហស្សវត្សរ៍មុននេះ។ 

អាណាចក្រអង្គរ ដែលមានអាយុកាលចាប់ពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៥ នៃគ្រិស្ត​សករាជ ត្រូវបានចាត់ទុកថាជាសម័យកាលរុងរឿង​ក្នុង​ប្រវត្តិសាស្រ្តកម្ពុជា ដោយអាណាចក្រនេះមានវិសាលភាពទឹកដីគ្របដណ្តប់មួយភាគធំនៃតំបន់អាស៊ី​អាគ្នេយ៍ដីគោក លាតសន្ធឹងក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ភាគឦសាននៃប្រទេសថៃ ភាគខាងត្បូងនៃប្រទេសឡាវ និងភាគខាងត្បូងនៃ​ប្រទេស​​វៀតណាម​បច្ចុប្បន្ន[1]  ដោយបានបន្សល់ទុកនូវស្នាដៃស្ថាបត្យកម្ម​​សិល្បៈល្អឯកនៃសំណង់​ប្រាសាទធំស្កឹមស្កៃជាច្រើន ​នៅស្ទើរ​ពាស​ពេញ​អាណាចក្រនេះ។

ព្រះមហាក្សត្រខ្មែរដំបូងរាប់តាំងពីសម័យហ្វូណន ជាពេលដែលប្រទេសកម្ពុជាទើបក្លាយជារដ្ឋដំបូងបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក បានខិតខំកសាងប្រទេសឱ្យក្លាយជារដ្ឋថ្កុំថ្កើងរុងរឿង រហូតអភិវឌ្ឍខ្លួនជាអាណាចក្រមួយក្នុងតំបន់។ តាមឯកសារប្រវត្តិសាស្រ្ត ព្រះមហាក្សត្រខ្មែរជាច្រើនអង្គក្នុងសម័យមហានគរ ដែលពាក់ព័ន្ធនឹងការរៀបចំស្រុកឱ្យក្លាយជារដ្ឋមានអំណាច ចាប់តាំងពីរជ្ជកាលព្រះបាទជ័យវរ័្មនទី២ រហូតដល់រជ្ជកាលព្រះបាទជ័យវរ័្មនទី៧។ ពីរជ្ជកាលមួយទៅរជ្ជកាលមួយ ព្រះរាជាតែងខិតខំកសាងស្នាព្រះហស្តជាច្រើនសម្រាប់ជាតិទឹកដី។ 

ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០ គ.ស.) ជាព្រះរាជាមួយអង្គដែលគេស្គាល់ថាចូលចិត្តធ្វើសង្រ្គាម[2] ហើយបានចូលរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាក្លាយជាអាណាចក្រ។ ស្នាព្រះហស្តរបស់ព្រះអង្គដែលមនុស្សជាតិក្នុងពិភពលោកស្គាល់គឺ «ប្រាសាទអង្គរវត្ត» ដែលជាសំណង់ប្រាសាទសាសនាធំជាងគេក្នុងពិភពលោក​អំឡុងសតវត្សរ៍ទី១២  នៃគ្រិស្តសករាជ ហើយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តដែលជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ ត្រូវបានគេទទួលស្គាល់ថាជាស្នាព្រះហស្តល្អឯក  ដែលមានទំហំធំនិងខ្ពស់ស្កឹមស្កៃ។ ក្រៅពីប្រាសាទអង្គរវត្ត ព្រះអង្គបានកសាងប្រាសាទធំជាច្រើនទៀត ទាំងក្នុងតំបន់អង្គរនិងនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ និងប្រទេសឡាវ។

សមត្ថភាព ភាពប៉ិនប្រសប់ក្នុងការរៀបចំនិងកសាងទឹកដីឱ្យរុងរឿងទៅបាន ព្រះអង្គបានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក៏ដូចជារៀបចំនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងជាមួយនឹងប្រទេសផ្សេងៗទៀត។ ព្រះអង្គក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងលើការពង្រីកវិស័យពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងការទូតជាមួយនឹង ប្រទេសចិន។

អ្វីដែលបានបង្ហាញខាងលើត្រូវបានអ្នកស្រាវជ្រាវជំនាន់មុន បានសិក្សានិងបោះពុម្ពផ្សាយអំពីប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ យ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវមិនមានដែនកំណត់ឡើយ។ ការសិក្សាវិភាគអំពីប្រព័ន្ធគំនិត ទស្សនវិជ្ជា ដែលព្រះបាទសូរ្យវរ្ម័នទី២ មាននិងបានប្រើសម្រាប់ដឹកនាំរដ្ឋឱ្យក្លាយជាអាណាចក្រ និងពង្រីកឥទ្ធិពលនៃអាណាចក្រដល់ប្រទេសជិតខាង គឺត្រូវសិក្សាស្រាវជ្រាវស្វែងយល់ផងដែរ។ អាស្រ័យហេតុដូច្នេះហើយបានជាក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដួចផ្ដើមគំនិតសិក្សាស្រាវជ្រាវមួយ ស្ដីពី «ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២»។

សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវពី«ព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសូរ្យវរ្ម័នទី២» ការសិក្សាស្រាវនេះមានគោលបំណង៖សិក្សាស្រាវជ្រាវអំពីគំនិតនៃការដឹកនាំដែលនាំឱ្យកម្ពុជាក្លាយជាអាណាចក្រស្នាព្រះហស្តរបស់ព្រះអង្គដែលលេចធ្លោ លក្ខណៈពិសេសរបស់ព្រះបាទសូរ្យវរ្ម័នទី២ លើសពីព្រះរាជាផ្សេងៗ។

គម្រោងស្រាវជ្រាវនេះ ដឹកនាំដោយសមាសភាព៖

  • ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមស្រាវជ្រាវ
  • លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ  និងជាអនុប្រធានក្រុមស្រាវជ្រាវ
  • លោកបណ្ឌិត មាឃ បូរ៉ា ប្រធានផ្នែកសិលាចារឹកវិទ្យា នៃវិទ្យាស្ថានភាសាជាតិ ជាសមាជិក
  • លោក សួ ប៉ុណ្ណារ៉ាត់ ប្រធានផ្នែកប្រវត្តិវិទ្យា និងវិទ្យាសាស្រ្តនយោបាយ នៃវិទ្យាស្ថានមនុស្សសាស្រ្ត ជាសមាជិក។ ​

[1] ឆាល ហាយហេម “វប្បធម៌ដំបូងនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក” ប្រែជាភាសាខ្មែរពី Early Cultures of Mainland Southeast Asia, បុរាណវិទ្យាខ្មែរ រាជបណ្ឌិត្យសភាកម្ពុជា, ភ្នំពេញ, ២០១៣។

[2] Brigg, L.P., The Ancient Khmer Empire, 1951, p. 188


2019-02-19 07:01:50   ថ្ងៃអង្គារ, 19 កុម្ភៈ 2019 ម៉ោង 02:01 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី១) ចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងសម័យកាលកើតសង្គ្រាមលោកលើកទី១ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបញ្ជូនទៅតំបន់ក្នុងសមរភូមិនៅអឺរ៉ុប ដើម្បីជួយដល់កងទ័ពបារាំងវាយកម្ទេចបច្ចាមិត្ត ហើយយុទ្ធជនកម្ពុជាជាច្រើនបានពលីជីវិត ដើម្បីបុព្វហេតុមួយដែលចាត់ទុកថា មិនដើម្បីប្រទេស​ជាតិខ្លួនទាំងស្រុង។ 

នៅក្នុងអត្ថបទមួយរបស់លោកស្រី ស៊ន ច័ន្ទអមរា បានបង្ហាញឱ្យដឹងថា តាមការអំពាវនាវរកអ្នកស្ម័គ្រចិត្តឱ្យទៅប្រយុទ្ធនៅប្រទេសបារាំង ព្រះរាជប្រកាសជាច្រើនត្រូវបានបិទផ្សាយនៅគ្រប់ភូមិស្រុកនៃប្រទេសកម្ពុជា។ ព្រះសង្ឃខ្មែរក៏បានរួមចំណែកផងដែរ នៅក្នុងដំណើរការជ្រើសរើសអ្នកស្ម័គ្រចិត្ត។  ចំណែកព្រះមហាក្សត្រខ្មែរក៏បានយាងទៅកាន់ខេត្តខណ្ឌនានា ក្នុងយុទ្ធនាការជ្រើសរើសអ្នកស្ម័គ្រចិត្តនេះ ដោយសន្យាថានឹងផ្តល់គ្រឿងឥស្សរិយយស ព្រមទាំងមុខងារផ្សេងៗ នៅក្នុងរដ្ឋបាល និងក្នុងរាជវាំង ចំពោះអ្នកទាំងឡាយណាដែលមានស្នាដៃលេចធ្លោ។  ៣ខែក្រោយមក  មនុស្សចំនួន ១.០០៨នាក់ ត្រូវបានទទួលស្គាល់ថាមានសម្បទាគ្រប់គ្រាន់សម្រាប់បម្រើកងទ័ព។ 

[...] ក្រុមរក្សាស្រុក មានភារកិច្ចរក្សាសណ្តាប់ធ្នាប់សង្គមនៅគ្រប់ខេត្ត។ ខេត្តនីមួយៗត្រូវជ្រើសរើស«​ក្រុមពិជ័យ​សង្គ្រាម» មួយ​វរសេនាតូច ដើម្បីធ្វើអន្តរាគមន៍ក្នុងសកម្មភាពយោធាដូចជានៅក្នុង​សន្តិភាវូបនីយកម្មខេត្ត​បាត់ដំបង​មុនឆ្នាំ១៩១០ជាដើម។ ក្រុមរក្សាស្រុកមានចំនួនចន្លោះពី១.៥០០នាក់(១៩១២-១៩១៥) និង ២.២០០-២.៤០០នាក់ (១៩១៦-១៩២០)។ ចំណែកក្រុមពិជ័យសង្គ្រាមជាជនជាតិខ្មែរមានចំនួន១.៣៥០នាក់ និង រើសបន្ថែម៥០០នាក់ទៀតពីខែមករា ឆ្នាំ១៩១៦ ទៅ ខែមករា ឆ្នាំ១៩១៧​ ដើម្បីចេញទៅច្បាំងនៅទ្វីបអឺរ៉ុប។

ក្រោយសង្គ្រាមលោកលើកទី១ វិមានឧទ្ទិសចំពោះអ្នកស្លាប់សម្រាប់ប្រទេសបារាំង ត្រូវបានសម្ពោធនៅក្នុងខែកុម្ភៈ ឆ្នាំ១៩២៥ នៅទីក្រុងភ្នំពេញ។

សូមអានអត្ថបទស្រាវជ្រាវអំពី «វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ - ភាគទី១» របស់លោកស្រី ស​៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ៖


2019-02-16 04:27:16   ថ្ងៃសៅរ៍, 16 កុម្ភៈ 2019 ម៉ោង 11:27 AM
«តើថ្ងៃទី០៣ មីនា ២០១៩ ជាថ្ងៃអ្វី?...»

ចាប់ផ្តើមពីថ្ងៃទី០៣ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃធ្វើជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា នេះជាជំរឿនលើកទី១ដែលប្រើប្រាស់ថវិកាជាតិ បន្ទាប់ពីប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយមានចំណូលមធ្យមកំរិតទាប។ ក្នុងសារអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរជូនចំពោះជនរួមជាតិកម្ពុជាអំពីការធ្វើជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០១៩ សម្តេចបានមានប្រសាសន៍ថា « នេះជាជំរឿនប្រជាជនរបស់ប្រទេសកម្ពុជាលើកទីបីបន្ទាប់ពីជំរឿនលើកទីពីរ នៅឆ្នាំ២០០៨ គឺរយៈពេលដប់មួយឆ្នាំគត់ ស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗត្រូវចូលរួមសហការក្នុងការធ្វើជំរឿន។ការធ្វើជំរឿនប្រជាជន ជាការងារដ៏ធំរបស់ប្រទេសជាតិ មានសារៈសំខាន់ណាស់ ហើយជាការងារស្ថិតិពិតប្រាកដ។ ការធ្វើជំរឿនប្រជាជន ជាការងារដែលប្រទេសទាំអស់នៅលើពិភពលោក គេធ្វើគ្រប់ៗគ្នា។(សេចក្តីលម្អិតបន្តទៀត មាននៅក្នុងសារអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...)

បន្ថែមពីលើនេះទៀត ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារបស់ក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃព្រហស្បតិ៍១០ កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ គ.ស ២០១៩កន្លងទៅនេះ សម្ដេចតេជោបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការធ្វើជំរឿនទាំងអស់គ្នានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ( សូមអានក្នុងសេចក្តីប្រកាស...) 



RAC Media | ម៉ៅ សុគន្ធា

ប្រភពរូបថត៖ SPM Page




2019-02-15 16:47:54   ថ្ងៃសុក្រ, 15 កុម្ភៈ 2019 ម៉ោង 11:47 PM
ការប្រកាសដំណើរការនីតិវិធីព្យួរ EBA ពីកម្ពុជា ជាឱកាសសម្រាប់កម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីពី «សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ស្ដីពីការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចោទជាសំណួរសម្រាប់ការពិចារណាថា «តើគោលបំណងពិតនៅក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ជាច្បាប់ឬនយោបាយ?»។ មិនថានៅក្នុងហេតុផលណាមួយក៏ដោយក្ដី យើងអាចមើលឃើញបានយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញភាពជឿជាក់របស់ខ្លួននៅចំពោះមុខការប្រកាសខាងលើនេះ។ ជាការពិតណាស់ ថ្វីត្បិតតែវាមិនមែនជាដំណាក់កាលសម្រេចចិត្តចុងក្រោយរបស់អឺរ៉ុប ចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវវិធានការនិងការសម្រេចចិត្តជាយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីពង្រឹងបន្ថែមនូវមូលដ្ឋានដណ្ដើមឈ្នះក្នុងសមរភូមិទីផ្សារផលិតផលនិងការវិនិយោគរបស់កម្ពុជា។

សម្រាប់ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រៅតែពីការមិនបង្ហាញអំពីការព្រួយបារម្ភចំពោះលទ្ធភាពដែលសហភាពអាចនឹងដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប(EBA) ពីកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យថែមទាំងបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីខាងលើថែមទៀតផង។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា «យើងសូមអរគុណដល់អឺរ៉ុប ដែលបានប្រកាសអំពីការរៀបចំដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវ EBA ពីកម្ពុជា ដែលបានរំឭកដល់រដ្ឋាភិបាលឱ្យត្រៀមលក្ខណៈរួចរាល់ជាមុន ប្រឈមនឹងបរិយាកាសប្រកួតប្រជែងដោយស្មើភាពគ្នា»។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ក្នុងករណីនេះ (ការដកប្រព័ន្ធអនុគ្រោះពន្ធ) គឺជាការបង្រៀនឱ្យកម្ពុជាដើរលើផ្លូវរបស់ខ្លួនឯង ដែលត្រូវពឹងពាក់លើសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ ឯកឧត្ដមបានចោទជាសំណួរថា ប្រទេសនៅអាស៊ាន មានតែប្រទេស៣ប៉ុណ្ណោះដែលទទួលបាន EBA គឺកម្ពុជា ឡាវ និងភូមា ចុះតើប្រទេសអាស៊ាន៧ទៀតដែលមិនទទួលបាន EBA គ្មានការងារធ្វើឬយ៉ាងណា? ប្រទេសទាំងនោះអាចធ្វើបាន កម្ពុជាក៏អាចធ្វើបានផងដែរ។

ជាការពិតណាស់ ក្នុងនាមជាមេដឹកនាំដែលប្ដេជ្ញាការពារអធិបតេយ្យភាពនិងឯករាជភាពរបស់ប្រទេស រាជរដ្ឋាភិបាលត្រូវមានទំនួលខុសត្រូវ ក្នុងការអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានចែងជាធរមាន ពិសេសការពារនូវរាល់ផលប្រយោជន៍របស់ប្រទេសជាតិ នៅចំពោះមុខការប្រើប្រាស់លទ្ធភាព ឬសម្ពាធណាមួយពីមជ្ឈនដ្ឋានខាងក្រៅដែលស្ថិតក្នុងរូបភាពជះឥទ្ធិពលដល់ការសម្រេចចិត្តក្នុងការអនុវត្តច្បាប់របស់កម្ពុជា។ ក្នុងហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកការប្រឈមនឹងការគម្រាមដក EBA ពីកម្ពុជា ហើយបដិសេធការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ជាមួយគ្នា ការតាំងជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល ត្រូវបានធ្វើឡើងក្នុងលក្ខណៈជាត្រៀមប្រយុទ្ធរួចជាស្រេច នៅក្នុងសមរភូមិទីផ្សារផលិតផលនៅកម្ពុជា និងពង្រឹងឱកាសនៃការវិនិយោគពីបរទេស (FDI) មកកម្ពុជា។ ការលុបបំបាត់រចនាសម្ព័ន្ធរដ្ឋ ដែលបង្កផលវិបាក និងជាឧបសគ្គសម្រាប់វិនិយោគិន ពិសេសអ្នករកស៊ីនៅតាមបណ្ដោយព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកែសម្រួល ដើម្បីបន្ថយនូវការចំណាយរបស់វិនិយោគិននៅកម្ពុជា។ លើសពីនេះផងដែរ ការបញ្ចុះថ្លៃអគ្គិសនីដែលជាមូលដ្ឋានផលិតកម្មក្នុងស្រុករបស់កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាសំខាន់ដើម្បីកាត់បន្ថយថ្លៃដើមផលិត នៅខណៈដែលការិយាធិបតេយ្យត្រូវបានលុបបំបាត់ជាបណ្ដើរៗ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបាននិងកំពុងជំរុញឱ្យមានការរៀបចំរចនាសម្ព័ន្ធត្រួតពិនិត្យ និងការគ្រប់គ្រងច្រកចេញចូលតែមួយឱ្យបានកាន់តែប្រសើរ ខណៈដែលគម្រោងវិនិយោគធំៗជាច្រើនត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចសម្រេចអនុញ្ញាតឱ្យដំណើរការជាបន្តបន្ទាប់៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-02-15 15:45:26   ថ្ងៃសុក្រ, 15 កុម្ភៈ 2019 ម៉ោង 10:45 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក