ព័ត៌មាន

«ទំនាក់ទំនងកម្ពុជា-ចិន ក្រោមឥទ្ធិពលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ដោយ៖ ​គួយ តុលាភក្ដី និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា

ជាការពិតណាស់ទំនាក់ទំនងរវាងកម្ពុជា-ចិន បានកើតមានឡើងតាំងពីយូរលង់ណាស់មកហើយ គ្រាន់តែជាផ្លូវការដែលមានគេនិយាយច្រើន គឺចាប់តាំងពីការស្រាវជ្រាវឃើញនូវកំណត់ត្រារបស់ ជីវ តាក្វាន់ ដែលជាបេសកជនពិសេសរបស់ចិន ដែលបានមកទស្សនកិច្ចនៅកម្ពុជាក្នុងនាមជាអ្នកការទូតរបស់ចិន នាសម័យនោះ។​

រហូតមកទល់បច្ចុប្បន្ននេះ មានរយៈពេលជាង២០០០ឆ្នាំទៅហើយ ទំនាក់ទំនងនេះនៅតែបន្ត ព្រមទាំងបានកសាងនូវប្រវត្តិរឿងរ៉ាវល្អជាប្រវត្តិសាស្រ្ត សម្រាប់កូនចៅអ្នកបន្តវេនជំនាន់ក្រោយៗ។ លើសពីនេះ វាកាន់មានតែភាពស្និទ្ធស្នាលដោយសារតែប្រមុខរដ្ឋទាំងពីរ បានប្រកាន់ខ្ជាប់នូវការ គោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗរៀងខ្លួន។ ម្ល៉ោះហើយរដ្ឋទាំងពីរនៅតែបន្តបាននូវទំនាក់ទំនងនេះ រហូតដល់គេឃើញថា មានភាពស្និទ្ធស្នាលជាមួយរដ្ឋមហាអំណាចមួយនេះខ្លាំងជាង រដ្ឋដែលជាមហាអំណាចពិភពលោកបណ្ដុំត្រសងជាមួយ។ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងស្និតស្នាលជាមួយគ្នាលើវិស័យសំខាន់ៗ ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ កិច្ចការក្នុងតំបន់ និងអន្តរជាតិជាច្រើនទៀត ដែលបានផ្ដល់នូវសមិទ្ធផលគួរជាទីមោទនៈ។

ជំនួយឥតសំណង និងកម្ចីជាបន្តបន្ទាប់ ត្រូវបានផ្ដល់ជូនកម្ពុជា សម្រាប់ធ្វើការអភិវឌ្ឍស្ទើរគ្រប់វិស័យ។ នាពេលបច្ចុប្បន្ននេះ កម្ពុជាបានប្រែប្រួលនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនគួរឱ្យកត់សម្គាល់ អាគារខ្ពស់ៗជាច្រើនរីកដុះដាល ផ្លូវថ្នល់ ស្ពាន ជាច្រើនត្រូវបានសាងសង់ជាបន្តបន្ទាប់ ។ល។

នៅក្នុងទំនាក់ទំនងនេះ ត្រូវបានគេកត់សម្គាល់ឃើញនូវ កិច្ចសហប្រតិបត្តិការថ្មីមួយរបស់ចិន ដែលកំពុងតែដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់មេគង្គ ក្រៅពី វិថីសូត្រសមុទ្រសតវត្សរ៍ទី២១ ឬខ្សែក្រវាត់មួយផ្លូវមួយ វេទិកាអាស៊ីប៉ូអាវ នោះគឺកិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាង។

បើគេក្រឡេកមើលកិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់មេគង្គនាពេលបច្ចុប្បន្ននេះ មានច្រើនគួរសមដូចជា៖ មហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-សាធារណរដ្ឋកូរ៉េ មេគង្គ-គង្គា(ឥណ្ឌា) គំនិតផ្ដួចផ្ដើមមេគង្គក្រោម (LMI) គណៈកម្មាធិការទន្លេមេគង្គកម្ពុជា (MRC) យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS) និងមេគង្គ-ឡានឆាង (MLC) ដែលជាកូនពៅក្នុងកិច្ចសហប្រតិបត្តិការនេះ នាពេលបច្ចុប្បន្ន។

កិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាង ឬជាភាសាអង់គ្លេស Mekong-Lancang Cooperation (MLC) ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយលោក លី ខឺឈាង នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី១៧ នៅខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដោយយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។

កិច្ចសហប្រតិបត្តិការនេះ បានសម្ពោធជាផ្លូវការនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកដំបូង ដែលបានប្រារព្ធធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ នៅឯទីក្រុងជីងហុង ប្រទេសចិន និងប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលលើកដំបូង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងសាន់យ៉ា ប្រទេសចិន ក្នុងនោះមានប្រទេសជាសមាជិកចំនួនប្រាំមួយ ដូចជា៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដោយផ្ដោតលើសសរស្ដម្ភ៣ មាន៖ ១)បញ្ហានយោបាយនិងសន្តិសុខ ២)ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និង៣)សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជន និងមានវិស័យអាទិភាពគន្លឹះ៥ មាន៖ ១.ការតភ្ជាប់ ២.សមត្ថភាពផលិត ៣.កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន ៤.ធនធានទឹក ៥.កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍កុងសង់ស៊ីស បើកចំហរ ការពិគ្រោះយោបល់ ការបញ្ចូលគ្នាជាសមភាព ការសម្របសម្រួលគ្នាទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក ផលប្រយោជន៍រួម និងការគោរពរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។

គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម របស់បណ្ដាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពប្រជាជន កាត់បន្ថយគម្លាតអភិវឌ្ឍនៅក្នុងតំបន់ និងកសាងសហគមន៍ដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព។

កិច្ចសហប្រតិបត្តិការនេះបានកំណត់នូវកិច្ចប្រជុំសំខាន់ៗ ជាអាទិ៍រួមមាន៖ កិច្ចប្រជុំក្រុមការងាររួមការទូត និងកិច្ចប្រជុំក្រុមការងាររួមតាមវិស័យគន្លឹះនីមួយៗ កិច្ចប្រជុំឧត្ដមមន្រ្តី កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស និងកិច្ចប្រជុំកំពូល។ រាល់កិច្ចប្រជុំទាំងអស់ត្រូវបានធ្វើឡើងដោយមានប្រទេសចិនជាសហប្រធានអចិន្ត្រៃយ៍ ហើយប្រទេសសមាជិកមេគង្គជាសហប្រធានប្ដូរវេនទៅតាមលំដាប់តួរអក្សរ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្ដល់នូវប្រទេសជាសមាជិកនូវគម្រោងអភិវឌ្ឍទៅដល់ប្រទេសទាំងអស់ដោយផ្ដល់នូវមូលនិធិតាមរយៈគម្រោងរយៈពេលខ្លី មធ្យម និងវែង។ ជាក់ស្ដែងក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី២ នៅខេត្តសៀមរាប កម្ពុជា បានអនុម័តនូវទឹកប្រាក់៣០០លានដុល្លារជាមូលនិធិពិសេសសម្រាប់រយៈពេលប្រាំឆ្នាំ ដល់ប្រទេសសមាជិក ដែលគម្រោងនីមួយៗអាចលើកទឹកប្រាក់មិនឱ្យលើសពី ៥សែនដុល្លារអាមេរិក។

ប្រទេសកម្ពុជា តាមរយៈមូលនិធិនេះ បានទទួលនូវគម្រោងសម្រាប់អនុវត្តចំនួន៣៥គម្រោងរួចទៅហើយ សម្រាប់ការអនុម័ត២ឆ្នាំដំបូង ដែលមានទំហំទឹកប្រាក់ប្រមាណជា១៤លានដុល្លារអាមេរិក ហើយនឹងរង់ចាំសម្រាប់ការអនុម័តជាបន្តបន្ទាប់ទៀតនាកិច្ចប្រជុំខាងមុខ។

បើតាមការវិភាគលើឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការនេះ គឺជាឱកាសពិសេសមួយសម្រាប់កម្ពុជាផងដែរ ដោយហេតុថា នេះជាកិច្ចសហប្រតិបត្តិការថ្មីមួយ ស្របពេលដែលសេដ្ឋកិច្ចប្រទេសចិនកំពុងរីកលូតលាស់ជាលំដាប់ ធ្វើឱ្យចិនចាយលុយច្រើន ដែលអាចនិយាយបានថាជាឱកាសពិសេសមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទាញយកផលប្រយោជន៍ឱ្យបានច្រើនតាមតែអាចធ្វើបាន ម្យ៉ាងវិញទៀតស្របពេលដែលសហរដ្ឋអាមេរិក និងចិន កំពុងមានភាពល្អក់កករនឹងលើផលប្រយោជន៍សេដ្ឋកិច្ច ធ្វើឱ្យមហាអំណាចចិនពង្រឹងដៃគូឱ្យបានច្រើនជាពិសេសជាមួយប្រទេសនៅជិតៗខ្លួន ដើម្បីទប់ទល់នឹងអាមេរិក ដែលកំពុងសម្លឹងមករកខាងអាស៊ីប៉ាស៊ីហ្វិក ដែលខ្លួនធ្លាប់ទុកចោលជាច្រើនឆ្នាំ។

ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក៏មានចំណុចខ្វះខាតដែលត្រូវធ្វើការអភិវឌ្ឍបន្ថែមផងដែរ ដោយនៅក្នុងនោះប្រទេសជាសមាជិកមួយចំនួន មានការយល់ដឹងរបស់ក្រុមការងារទាក់ទងនឹងវិស័យគន្លឹះនៅមានកម្រិត។ យន្តការនៃកិច្ចសហប្រតិបត្តិការហាក់នៅមានភាពស្រពេចស្រពិល ស្របពេលដែលមានតែខាងភាគីចិន ដែលបានស្គាល់នូវកិច្ចសហប្រតិបត្តិការថ្មីនេះបានច្រើន ផ្ទុយទៅវិញប្រទេសសមាជិកក្នុងតំបន់មានការយល់ដឹងតិចតួច។

ជារួម កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាក្ដីសង្ឃឹមថ្មី សម្រាប់ប្រទេសនៅក្នុងតំបន់មេគង្គ ដោយយោងលើគោលការណ៍កុងសង់ស៊ុស នោះរាល់ការសម្រេចទៅលើកិច្ចការអ្វីមួយ ត្រូវតែមានការឯកភាពរបស់ប្រទេសសមាជិកទាំងអស់។ ជាធម្មតា ក្នុងកិច្ចសហប្រតិបត្តិការមួយតែងតែមានអ្នកចំណេញតិច ឬច្រើនជារឿងធម្មតា ដោយមិនអាចចោទទៅលើអ្នកផ្ដួចផ្ដើម ឬហៅថាអ្នកបោះមេ ហើយជារឿងសាមញ្ញទៀត គឺថា មេមិននៅក្រោមពង ដូចពាក្យចាស់លោកធ្លាប់ពោលកន្លងមក។ ដូច្នេះ កម្ពុជា ត្រូវត្រៀមខ្លួនឱ្យរួចរាល់ក្នុងការពង្រឹងសមត្ថភាព ភាពឆ្លាតវៀងវៃ ភាពរហ័សរហួន ពូកែ និងបង្កើនភាពដឹកនាំឱ្យកាន់តែប្រសើរ ដើម្បីស្រូបយកផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះឱ្យបានច្រើន៕

RAC Media

ដោយ៖និស្សិត គួយ តុលាភក្ដី និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា(អត្តន័យដែលមានក្នុងអត្តបទនេះ គឺជាគំនិតរបស់និស្សិត គួយ តុលាភក្ដី មិនបានឆ្លុះបញ្ចាំងការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ) ។




2019-12-27 18:17:16   ថ្ងៃសុក្រ, 27 ធ្នូ 2019 ម៉ោង 01:17 AM
«គុណសម្បត្តិ និងគុណវិបត្តិនៃការវិនិយោគចិននៅកម្ពុជា» ដោយ៖ បាន សំអេង

ជាការពិតណាស់ ប្រទេសជាតិមួយដើម្បីអាចទាក់ទាញវិនិយោគទុនបរទេសមកវិនិយោគក្នុងប្រទេសរបស់ខ្លួនបាន លុះត្រាតែប្រទេសេជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយល្អ សន្តិសុខសណ្តាប់ធ្នាប់ល្អដើម្បីថែរក្សាការពារសុវត្ថិភាពដល់វិនិយោគគិនបរទេសទាំងអស់នោះដែលបានមកវិនិយោគនៅប្រទេសរបស់ខ្លួន។ ជាក់ស្តែងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើអោយកម្ពុជាមានសេដ្ឋកិច្ចចរីកចំរើនគួរអោយកត់សំគាល់ ហើយេជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាបានទទួលវិនិយោគចិនច្រើនជាងពាក់កណ្តាលនៃវិនិយោគបរទសទាំងអស់នៅកម្ពុជា។

វិនិយោគចិន បានផ្តោតយកចិត្តទុកដាក់ទៅក្នុងការវិនិយោគនៅកម្ពុជាដែលមានវិស័យសំខាន់ៗដូចជាវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ដែលផ្តោតសំខាន់ទៅលើដំណាំចំការកៅស៊ូ ដំណាំស្រូវ ដំឡូងមី ដំណាំម្រេច និងដំណាំកសិផលផ្សេងៗជាច្រើន។ល។ វិស័យឧស្សាហកម្ម រ៉ែ និងថាមពល ផ្តោតជាពិសេសទៅលើការសាងសងទំនប់វារីអគ្គិសនី និងការរុករករ៉ែដែក និង រ៉ែមាស ។ វិស័យហេដ្ធារចនាសម្ព័ន្ធ និងសេវាកម្ម មានផ្លូវថ្នល់ ស្ពាន សាលារៀន ផ្លូវរថ​ភ្លើង និងការបំរើសេវាកម្ម ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្លឹបកំសាន្តនានា។ វិស័យអចលនទ្រព្យ និងសំណង់ ក្រុមហ៊ុនវិនិយោគចិនក៏មានទំហំការវិនិយោគធំធេងផ្តោតទៅលើការសាងសង់ ការទិញដីធ្លីសំរាប់​សាង​សង់អគារខន់ដូរ ការទិញដីធ្លីសំរាប់ទុកលក់ចំណេញបន្ត និងការវិនិយោគទៅលើអគារពាណិជ្ជកម្ម ផ្សារទំនើបផ្សេងៗជាពិសេសជាងនេះទៅទៀតនោះ គឺការវិនិយោគទៅលើដីសម្បទានសេដ្ធកិច្ច ដែលមានទំហំដីរាប់សិបម៉ឺនហិចតា ដែលបានទទួលការអនុញ្ញាតពីរាជរដ្ធាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ។

ការវិនិយោគរបស់ក្រុមហ៊ុនចិន ទៅលើវិស័យដែលបានរៀបរាប់មកខាងលើនេះ ធ្វើអោយសេដ្ធកិច្ចប្រទេសកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់ ហើយការមកបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនចិនមកកម្ពុជាបានជួយអោយប្រជាពលរដ្ធកម្ពុជាមានការងារធ្វើ និងបានចូលរួមចំណែកជាមួយរាជរដ្ធាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្របានមួយភាគធំ និងកាត់បន្ថយការចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេស។ វិស័យវាយភ័ណ្ឌផ្តោតជាសំខាន់លើចវិស័យកាត់ដេរសំលៀកបំពាក់ ក៏ជាការវិនិយោគដ៏ធំធេងមួយទៀតរបស់ក្រុមហ៊ុនចិននៅកម្ពុជាបានជួយរកការងារធ្វើរបស់ប្រជាពលរដ្ធរាប់សិបម៉ឺនកន្លែងបន្ថែមទៀត។

ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនវិនិយោគចិន ត្រូវតែយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ន ទៅលើផលប៉ះពាល់របស់ប្រជាពលរដ្ធដែលរស់នៅតំបន់អភិវឌ្ឍនោះ ហើយតំរូវអោយក្រុមហ៊ុនវិនិយោគទាំងអស់ខិតខំប្រឹងប្រែងធ្វើយ៉ាងណាគោរពអោយបានគោលការណ៍ ច្បាប់ បទបញ្ញាតិ ស្តង់ដារការងារ លក្ខខណ្ឌការងារ លក្ខណះបច្ចេកទរសការងារ ជៀសវាងមានហានិភ័យកើតឡើងជាយថាហេតុ។ មិនតែប៉ុណ្ណោះទៀតសោធ ក្រុមហ៊ុនវិនិយោគត្រូវតែយកចិត្តទុក​ដាក់ ទៅលើផលប៉ះពាល់ ដូចជាបញ្ហាបរិស្ថាន ការបំផ្លាញ់សម្បត្តិធនធានធម្មជាតិជាដើម។ ពីព្រោះបញ្ហាទាំងអស់នេះ ជាបញ្ហាសំខាន់ណាស់បើក្រុមហ៊ុនវិនិយោគមិនបានគិតគូយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថានទេ ហើយគុតតែ​ផល​ប្រយោជន៍ក្រុមហ៊ុន ផលចំណេញក្រុមហ៊ុន ប្រាក់ចំណូលក្រុមហ៊ុន ដោយមិនបានគិតគូយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាននោះទេ តទៅថ្ងៃអនាគតខាងមុខ និងធ្វើអោយមានការរិះគន់ពីមជ្ឍដ្ធានជាតិ និងអន្តរជាតិជាក់ជាពុំខានឡើយ។ ឧទាហរណ៌ដូចជាការអភិវឌ្ឍភាគច្រើនជៀសមិនផុតទេ បានជួបបញ្ហាជាច្រើនដល់ការរស់នៅរបស់ពួកគាត់នៅតំបន់ ដែលតំរូវអោយក្រុមហ៊ុនវិនិយោគធ្វើការសិក្សាស្រាជ្រាវអោយបានលំអិតនិងស៊ីជំរៅពីផលប៉ះពាល់ទាំងឡាយដូច​ជា​បញ្ហារស់នៅរបស់ប្រជាពលរដ្ធ បញ្ហាបរិសា្ថន ការបំពុលបរិស្ថាន ការបាត់បង់ធនធានធម្មជាតិដើម។ជាការពិតណាស់គ្មានការអភិវឌ្ឍណាមួយដែលមិនធ្វើអោយមានផលប៉ះពាល់ដល់ប្រជាពលរដ្ធនិងបរិស្ថាននោះទេ គ្រាន់តែសូមអោយអាជ្ញាធរ ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធត្រូបតែមានវិធានការទប់ស្កាត់ យកចិត្តទុកដាក់ចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយ ណែនាំ ជាពិសេសគឺតំរូវអោយក្រុមហ៊ុនវិនិយោគចិនដែលបានមកបណ្តាក់ទុនទាំងអស់ត្រូវតែអនុវត្តន៌ គោរពអោយបានម៉ឺងម៉ាត់នូវលិខិតបទដ្ឋានគតិយុទ្ធទាំងឡាយណាដែលពាល់ព័ន្ធក្នុងការអភិវឌ្ឍ។ ព្រោះក្រុមហ៊ុនវិនិយោគចិនមុននិងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា គឺពិតជាបានទទួលយល់ព្រមនូវលក្ខខណ្ឌេរបស់កម្ពុជារួចរាល់ហើយមុននិងសំរេចចិត្តមកបណ្តាល់ទុនវិនិយោគនៅកម្ពុជា។

សរុបសេចក្តីមក ឆ្លងតាមរយះការបកស្រាយមកខាងលើនេះ យើងឃើញថាវិនិយោគរបស់ក្រុមហ៊ុនចិន ឬប្រទេស​ចិនមានទាំងគុណសម្បត្តិនិងគុណវិបត្តិដូចគ្នាសម្រាប់កម្ពុជា ដែលទាមទារអោយយើងធ្វើការយកចិត្តទុកដាក់ ឃ្លាំមើលរាល់សកម្មភាពដោយមានការប្រយ័ត្នប្រយែងបំផុត អាស្រ័យថាការប៉ះពាល់ដល់ធម្មជាតិ ព្រៃព្រឹក្សា គឺជារឿងមួយដែល​គួរអោយព្រួយបារម្ភយ៉ាងខ្លាំង។មិនតែប៉ុណ្ណោះទេ អ្វីដែលធ្វើអោយយើងព្រួយបារម្ភជាងនេះទៀតគឺការវិនិ​យោគ​​មួយចំនួនេបស់ក្រុមហ៊ុនចិនបានបង្ករអោយមានផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ធកម្ពុជា ពិសេស គឺវិវាទដីធ្លី ផ្ទះសម្បែងរវាងពលរដ្ធខ្មែរនិងក្រុមហ៊ុនចិនដែលរាជរដ្ធាភិបាលចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រមទាំងជួយដោះស្រាយចវិវាទរបស់ប្រជាពលរដ្ធនិងក្រុមហ៊ុនចិនដោយឈរលើស្មារតីជាអាជ្ញាកណ្តាល ដើម្បីរក្សាផលប្រយោជន៍របស់ប្រជាពលរដ្ធយើងផង និងផលប្រយោជន៍របស់ក្រុមហ៊ុនផង៕

RAC Media

ដោយ៖ បាន សំអេង និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា (អត្តន័យដែលមានក្នុងអត្តបទនេះ គឺជាគំនិតរបស់និស្សិត បាន សំអេង មិនបានឆ្លុះបញ្ចាំងការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)។
អ៊ីមែល៖[email protected]


2019-12-27 18:11:08   ថ្ងៃសុក្រ, 27 ធ្នូ 2019 ម៉ោង 01:11 AM
«អគារបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាមានអាយុកាល ៥ឆ្នាំហើយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ជាខួប ៥ឆ្នាំនៃការសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាជាផ្លូវការ។ អគារបណ្ឌិតសភាចារ្យ គឺជាទីកន្លែងប្រមូលផ្តុំធនធានបញ្ញាញាណជាតិ ដើម្បីធ្វើការសិក្សា និងស្រាវជ្រាវអំពីបញ្ហាសង្គមនានា រកធាតុចូលជូនរាជរដ្ឋាភិបាល។

នៅថ្ងៃនេះ ៥ឆ្នាំមុន គឺត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ រាជបណ្ឌិត្យសភាកម្ពុជាត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិតសភាចារ្យ ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតប្រធានក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ការរៀបចំបង្កើតអគារបណ្ឌិតសភាចារ្យនេះឡើង ក៏ដើម្បីឆ្លើយតបនឹងការរៀបចំក្រុមបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ ដែលប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចនិងតួនាទីជាអនុប្រធានប្រចាំការនៃក្រុមបណ្ឌិតសភាចារ្យនេះផងដែរ។

សូមបញ្ជាក់ជូនថា អគារកម្ពស់២ជាន់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ដែលកាលនោះឯកឧត្តមបណ្ឌិត នៅជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គិតចាប់ពីពេលនោះមក អគារនេះ មានការិយាល័យបំពេញការងាររបស់ក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានចំនួនត្រឹម១២រូប កាលពីឆ្នាំ២០១៤ និងមានចំនួនសរុប ២១រូប គិតត្រឹមឆ្នាំ២០១៩នេះ ក្នុងនោះមាន៣រូបកំពុងរស់នៅនិងបំពេញការងារសិក្សាស្រាវជ្រាវនៅប្រទេសបារាំងនិងប្រទេសអូស្ត្រាលី៕

RAC Media


2019-12-26 07:21:14   ថ្ងៃព្រហស្បតិ៍, 26 ធ្នូ 2019 ម៉ោង 02:21 PM
«ជំនួបកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពីថ្លែងសុន្ទរកថាបើកវេទិកាវិទ្យាសាស្ត្រស្តីពីការបង្កើតសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ក្នុងក្របខណ្ឌ ខ្សែក្រវាត់មួយផ្លូវមួយ និងអបអរខួប១០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ លីវ ស៊ាវតុង សាកលវិទ្យាធិការសាកលវិទ្យាល័យជីវជាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវរវាងស្ថាប័នសិក្សាស្រាវជ្រាវទាំងពីរ។

ជំនួបពិភាក្សាការងារនេះ មានគោលបំណងគឺ៖

១. ពិភាក្សាលើការរៀបចំកម្មវិធីបណ្តុះបណ្តាលចំណេះដឹងទូទៅភាសាចិន

២. ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា

៣. ការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍

៤. និងការស្រាវជ្រាវរួមគ្នាលើបញ្ហាផ្សេង៕

RAC Media


2019-12-22 09:41:43   ថ្ងៃអាទិត្យ, 22 ធ្នូ 2019 ម៉ោង 04:41 PM
«ការអភិរក្សប្រាសាទបន្ទាយស្រី»

ភ្នំពេញ៖ ក្នុងសន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» ព្រឹទ្ធាចារ្យ ឡោ សាន សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែងថា ពិភពលោកស្គាល់កម្ពុជាបំផុតនៅពេលដែលកម្ពុជាមានសុខភាពល្អ ចាប់ពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៣។

លោកព្រឹទ្ធាចារ្យបានលើកឡើងថា នៅឆ្នាំ១៩០៨ លោក ហ្សង់ កូម៉ៃ ដែលជាប្រធានក្រុមអភិរក្សអង្គរ បានចាប់ផ្ដើមគិតគូរការងារអភិរក្សប្រាសាទបុរាណខ្មែរ ហើយក្រោយមកលោក ហង់ រីម៉ាស្សាល់ ជាប្រធានទី២នៃក្រុមអភិរក្សអង្គរ ក៏បានរុករកទៅក្នុងព្រៃ និងបានជួបប្រាសាទបន្ទាយស្រី ដែលជាប្រាសាទដំបូងគេត្រូវបានយកចិត្តទុកដាក់អភិរក្ស។

ក្រុមអភិរក្សអង្គរបានចាប់ផ្ដើមធ្វើការងារអភិរក្សប្រាសាទបន្ទាយស្រី លើកទីមួយចាប់ពី ឆ្នាំ១៩៣១ដល់ឆ្នាំ១៩៣៦, លើកទី២នៅឆ្នាំ១៩៥២ និងលើកទី៣ នៅឆ្នាំ១៩៩៤-២០០០។ លោកព្រឹទ្ធាចារ្យបានបន្តថា ទិដ្ឋភាពនៃប្រាសាទបន្ទាយស្រី ក៏មានភាពស្រដៀងគ្នានឹងប្រាសាទបាគោ នៅរលួសផងដែរ។

លោកព្រឹទ្ធាចារ្យបានគូសបញ្ជាក់បន្ថែមថា ថ្មភក់នៅប្រាសាទបន្ទាយស្រីគឺជាថ្មដែលល្អជាងនៅប្រាសាទអង្គរវត្ត ព្រោះជាថ្មភក់ដែលមានពណ៌ផ្កាឈូកក្រហម។ បើតាមលោកព្រឹទ្ធាចារ្យ ប្រាសាទបន្ទាយស្រី បានបង្ហាញពីភាពអស្ចារ្យរបស់មេដឹកនាំខ្មែរគឺទៅលើ វប្បធម៌នយោបាយ វប្បធម៌បច្ចេកទេស និងវប្បធម៌សេដ្ឋកិច្ច។

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-20 09:02:48   ថ្ងៃសុក្រ, 20 ធ្នូ 2019 ម៉ោង 04:02 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញថ្លែងសុន្ទរកថាបិទបញ្ចប់សន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបិទបញ្ចប់សន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភដោយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់។

ក្នុងសុន្ទរកថាបិទសន្និសីទអន្តរជាតិនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងនូវអនុសាសន៍ជាបន្ថែមដល់សន្និសីទទាំងមូលថា វប្បធម៌គឺជាកញ្ចក់ឆ្លុះបញ្ចាំងនៃសង្គមនៃជាតិសាសន៍នីមួយៗ ទៅតាមសម័យកាល ហើយគេមិនត្រូវវាយតម្លៃវប្បធម៌ និងជំនឿសាសនាណាមួយ ថាល្អជាងណាវប្បធម៌ និងជំនឿសាសនាណាមួយនោះទេ ហើយកាលណាបើយើងអាចប្រកាន់បានយ៉ាងដូច្នេះ ពិភពលោកនឹងមិនមានសង្គ្រាមនោះឡើយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា «ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបត្រូវតែទទួលយក ប៉ុន្តែគឺត្រូវតែទទួលយកដោយភ្ជាប់មកនូវក្រមសីលធម៌ ប្រសិនបើពុំដូចនោះទេ បច្ចេកវិទ្យាទំនើបទាំងនោះ នឹងអាចសម្លាប់ប្រពៃណី ទំនៀមទម្លាប់ សាសនា និងអាចឈានទៅដល់បំផ្លាញមនុស្សជាតិទាំងមូលជាក់ជាមិនខាន»។

សូមជម្រាបថា សន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាវាគ្មិនពីសាស្ត្រាចារ្យ និងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់សរុប ៣០ រូប និងមានការអញ្ជើញចូលរួមពីព្រះសង្ឃ អ្នកសិក្សាស្រាវជ្រាវជាតិ/អន្តរជាតិ និងមន្ត្រីរាជការសរុប ចំនួន ១១០ អង្គ/នាក់ ដែលមកពី ១៨ប្រទេស៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-20 05:39:08   ថ្ងៃសុក្រ, 20 ធ្នូ 2019 ម៉ោង 12:39 PM
«ការជួសជុលសំណង់ស្ថាបត្យកម្មបុរាណរបស់ខ្មែរ ដើម្បីជាសក្ខីកម្មបន្តថែរក្សាការពារមរតកបុព្វបុរស»

(រាជធានីភ្នំពេញ)៖ អ្នកស្រាវជ្រាវផ្នែកវប្បធម៌បានលើកយកប្រធានស្តីពី កិច្ចការអភិរក្សសំណង់បេតិកភណ្ឌព្រះពុទ្ធសាសនានៅកម្ពុជា ដើម្បីជជែកពិភាក្សានៅក្នុងសន្និសីទអន្តរជាតិលើកទី១៥ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ក្នុងយុគសម័យបច្ចេកវិទ្យា» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រដោយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសណ្ឋាគារភ្នំពេញ។

កិច្ចការអភិរក្សសំណង់បេតិកភណ្ឌព្រះពុទ្ធសាសនានៅកម្ពុជា គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទចំនួន ៣០ ដែលត្រូវលើកយកមកពិភាក្សាក្នុងសន្និសីទអន្តរជាតិលើកទី១៥។ ក្នុងឱកាសឡើងធ្វើបទបង្ហាញលើប្រធានបទនេះ អ្នកស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក ម៉ៅ សុខចំរើន បានមើលឃើញថា សំណង់ស្ថាបត្យកម្មសាសនាខ្មែរភាគច្រើនត្រូវបានរងការខូចខាត ដោយពេលវេលា និងអាយុកាលរបស់សំណង់។ ហើយថា សំណង់ស្ថាបត្យកម្មផ្នែកសាសនាព្រាហ្មណ៍សាសនា និងព្រះពុទ្ធសាសនាដែលត្រូវបានសង់ឡើងអំពី ថ្ម និងឈើទាំងនោះ បានប្រែប្រួលសណ្ឋានជាច្រើន ដូចនេះក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសគឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវអប់រំ ផ្សព្វផ្សាយអំពី សារសំខាន់នៃតម្លៃផ្នែកសំណង់បុរាណទៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា ដើម្បីថែរក្សាតម្លៃដ៏ធំធេងនៃតម្លៃផ្នែកសិល្បៈ ស្ថាបត្យកម្មដែលជាស្នាដៃរបស់បុព្វបុរសឱ្យនៅរស់រវើកគង់វង្ស។

ចំពោះអ្នកស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្ររូបនេះ សំណង់ស្ថាបត្យកម្មសាសនាបានបង្កប់នូវតម្លៃសិល្បៈផែ្នកសាសនា ទស្សនៈវិជ្ជា ជំនឿខ្មែរតាំងពីបុរាណរៀងមកទើបនាំឱ្យមនុស្សទាំងអស់គ្នាចូលរួមជួយការពារ ថែទាំនូវគរុភ័ណ្ឌដែលមានតម្លៃ ដើម្បីជាភស្តុតាងកេរ្តិ៍ដំណែលបុព្វបុរសឱ្យបានគង់វង្សយូរអង្វែង។

ក្នុងន័យនេះ លោកបានលើកឡើងថា ការជួសជុលសំណង់ស្ថាបត្យកម្មបុរាណរបស់ខ្មែរពិតជាចាំបាច់ណាស់ ដើម្បីជាសក្ខីកម្មបន្តថែរក្សាអភិរក្សាការពារមរតកបុព្វបុរស។ ជាក់ស្តែង លោកបានលើកឡើងអំពី ការអភិរក្ស និងជួសជុលសំណងស្ថាបត្យកម្មផ្នែកសាសនាកន្លងមក មួយចំនួន ដូចជា ការជួសជុល និងអភិរក្សព្រះវិហារវត្តមហាលាភ (ឆ្នាំ២០១៧) វត្តស្វាយសាច់ភ្នំ (ឆ្នាំ២០១៨) វត្តចិនដំដែក (ឆ្នាំ២០១៨) និងព្រះវិហារវត្តកំពង់ព្រះ (ឆ្នាំ២០១៩) ជាដើម។

លោកបានបន្តសង្កត់ធ្ងន់ថា ប្រសិនបើយើងទាំងអស់គ្នាពុំបានចូលរួមយកចិត្តទុកដាក់អភិរក្សថែរក្សានោះទេ សំណង់ស្ថាបត្យកម្មទាំងអស់នោះនឹងបាត់បង់ពីផែនដីដោយភ្ជាប់ទៅជាមួយនៅតម្លៃសិល្បៈ ជំនឿរបស់មនុស្សជំនាន់មុន។

ជាចុងបញ្ចប់ លោកបានផ្តល់អនុសាសន៍ថា ការជួសជុលរាល់សំណង់ទាំងអស់នោះត្រូវធ្វើចាំបាច់ដោយប្រយ័ត្នប្រយែងប្រកបដោយបច្ចេកទេសដោយពុំឱ្យបាត់នូវលំនាំបច្ចេកទេសដែលជាស្នាដៃជាងបុរាណឡើយ ដើម្បីធានាថា រចនាប័ទ្មសំណង់រក្សាបានទម្រង់ដើមទាំងស្រុងដែលមានសារប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវក្នុងវិស័យស្ថាបត្យកម្មវត្តបុរាណ៕

RAC Media


2019-12-19 10:38:59   ថ្ងៃព្រហស្បតិ៍, 19 ធ្នូ 2019 ម៉ោង 05:38 PM
លោកបណ្ឌិត ស៊ឺន សម៖ ព្រះពុទ្ធសាសនានៅក្នុងយុគសម័យបច្ចេកវិទ្យា

ភ្នំពេញ៖ នៅក្នុងសន្និសីទអន្តរជាតិរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» នាព្រឹកថ្ងៃទីនៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ លោកបណ្ឌិត ស៊ឺន សម មន្ត្រីខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា ទទួលបន្ទុកផ្នែកទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញលើ ប្រធានបទ៖ «ព្រះពុទ្ធសាសនានៅក្នុងយុគសម័យបច្ចេកវិទ្យា៖ ទស្សនវិស័យ»។

នៅក្នុងបទបង្ហាញនេះ លោកបណ្ឌិតបានលើកឡើងអំពីតួនាទីនៃព្រះពុទ្ធសាសនានៅកម្ពុជា ការប្រារព្ធពិធីផ្សេងៗនៅកម្ពុជា ព្រះពុទ្ធសាសនានៅក្នុងអគារជាតិ ជីវភាពរបស់ព្រះសង្ឃ និងពុទ្ធសាសនានៅក្នុងវិស័យនយោបាយជាដើម។ ក្នុងបទបង្ហាញរបស់ខ្លួន លោកបណ្ឌិតបានគូសបញ្ជាក់ផងដែរអំពី ការបួសជាបព្វជិត ឬស្នាក់នៅជាមួយបព្វជិតក្នុងពុទ្ធសាសនា ដោយលោកបណ្ឌិតបានលើកឡើងថា «ក្មេងៗខ្លះ ត្រូវបានឪពុកម្តាយបញ្ជូនទៅសិក្សារៀនសូត្រនៅវត្តអារាម ក៏ដោយសារតែគ្រួសារក្រីក្រ ប៉ុន្តែមនុស្សមួយចំនួនទៀត បានចូលខ្លួនបម្រើព្រះពុទ្ធសាសនា គឺដើម្បីស្វែងយល់អំពីពុទ្ធោវាទ»។

ទាក់ទងនឹងពុទ្ធសាសនានៅក្នុងជីវភាពពលរដ្ឋ និងវិស័យនយោបាយ លោកបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា «នៅកម្ពុជាធ្លាប់មានសង្គ្រាមដ៏សំខាន់មួយកើតឡើងផងដែរ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យអាណានិគម ដោយសារតែការគាបសង្កត់ បានធ្វើឱ្យព្រះសង្ឃក្រោកឡើងតវ៉ាហើយបានក្លាយទៅជាសង្គ្រាមឆ័ត្រ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ស៊ឺន សម។

ជាមួយគ្នានេះដែរ លោកបណ្ឌិតក៏បានអំពីបញ្ហាប្រឈមបច្ចុប្បន្ន ដែលតែងតែត្រូវបានលើកឡើងជាញឹកញាប់ នៅក្នុងស្រទាប់មហាជនអំពីការប្រព្រឹត្តទៅរបស់ព្រះសង្ឃមួយចំនួនផងដែរ។ លោកបណ្ឌិតបានលើកឡើងថា «ពលរដ្ឋកម្ពុជាមួយចំនួនបានប្រតិកម្មដោយសារតែមានបញ្ហាប្រឈម រវាងបច្ចេកវិទ្យា និងសីលធម៌ ដែលប្រជាជនភាគច្រើនយល់ថា ព្រះសង្ឃគួរមានជំហរដែលគួរឱ្យគោរព មិនមែនប្រើអ៊ីនធឺណេត [ដោយខុសសីលធម៌] ទូរស័ព្ទទំនើប ហើយពេលខ្លះក៏មានព្រះសង្ឃលេងល្បែងលើទូរស័ព្ទដៃផងដែរ»។

ទោះជាយ៉ាងនេះក្ដី លោកបណ្ឌិត ស៊ឺន សម ក៏បានអះអាងថា ពុំមែនព្រះសង្ឃទាំងអស់ដែលប្រើប្រាស់ទូរស័ព្ទដៃទំនើប សុទ្ធសឹងតែប្រព្រឹត្តនូវទង្វើមិនសមរម្យនោះទេ គឺមានព្រះសង្ឃជាច្រើនបានប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយអត្ថន័យនៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ដែលចំណុចនេះបានជួយឱ្យបរិស័ទ និងអ្នកដែលចង់ដឹងអំពីព្រះពុទ្ធសាសនា មានភាពងាយស្រួលក្នុងការសិក្សាទ្រឹស្តីរបស់ព្រះពុទ្ធសាសនា។

ជាចុងក្រោយ លោកបណ្ឌិត ស៊ឺន សម បានផ្ដល់អនុសាសន៍ថា «បច្ចេកវិជ្ជា នាំទាំងភាពវិជ្ជមាន និងភាពអវិជ្ជមានសម្រាប់ព្រះពុទ្ធសាសនានៅកម្ពុជា ដោយអាស្រ័យលើការប្រព្រឹត្ត និងការតាំងចិត្តរបស់ព្រះសង្ឃមួយអង្គៗ។»៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-19 08:12:18   ថ្ងៃព្រហស្បតិ៍, 19 ធ្នូ 2019 ម៉ោង 03:12 PM
ឯកឧត្ដមបណ្ឌិត ឯក ប៊ុនថា៖ ទំនាក់ទំនងវប្បធម៌ គឺជាការចែករំលែកទៅវិញទៅមកខាងវប្បធម៌ រាប់ទាំងសិល្បៈនិងប្រពៃណី តែក៏បានក្លាយជាផ្នែកមួយនៃសកម្មភាពសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ឯក ប៊ុនថា អគ្គនាយករង នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្លែងដូច្នេះ នៅក្នុងបទបង្ហាញរបស់ឯកឧត្ដម ស្ដីពី «កម្មសិទ្ធិបញ្ញា ការសម្ដែងតាមជនបទ សិល្បៈ និងបុណ្យប្រពៃណី» នៅក្នុងសន្និសីទអន្តរជាតិរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» នាព្រឹកថ្ងៃទីនៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ ។

នៅក្នុងសន្និសីទអន្តរជាតិនេះ ឯកឧត្ដមបណ្ឌិត ឯក ប៊ុនថា បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនដូចជា ការងារអង្គការកម្មសិទ្ធិបញ្ញាពិភពលោក WIPO, អត្ថន័យនៃពិធីបុណ្យប្រពៃណី, កម្មវិធីបង្ហាញពីវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច និងការរៀបចំកម្មសិទ្ធិបញ្ញា សិល្បៈ និងវប្បធម៌ជាដើម។

បើតាមឯកឧត្ដមបណ្ឌិត ជាតថភាព ទំនាក់ទំនងនិងការចែករំលែកគ្នាទៅវិញទៅមកនូវផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីពីជាតិសាសន៍មួយទៅជាតិសាសន៍មួយទៀត តាមរយៈការថែរក្សានិងបង្ហាញទាំងនេះ ក៏បានក្លាយជាផ្នែកមួយនៃសកម្មភាពសេដ្ឋកិច្ចផងដែរ។ ឯកឧត្ដមបានបន្តថា វប្បធម៌របស់ប្រជាជាតិមួយអាចឆ្លុះបញ្ចាំងនិងបង្ហាញទៅពិភពលោកនៅក្នុងច្រើនរូបភាព ទាំងវប្បធម៌ដោយឡែកនៅតាមតំបន់នានា ពិធីបុណ្យប្រពៃណីរបស់ជាតិសាសន៍មួយ និងសិល្បៈ ដែលរាប់តាំងពីរូបគំនូរផងដែរ។ ជាចុងក្រោយ ឯកឧត្ដម ក៏បានផ្ដល់អនុសាសន៍ថា ទោះជាយើងមានវប្បធម៌ពី យើងត្រូវតែរក្សាវប្បធម៌របស់ខ្លួនឱ្យមានការអភិវឌ្ឍទៅតាមបច្ចេកវិទ្យាជាក់ស្ដែង៕

RAC Media| លឹម សុវណ្ណរិទ្ធ


2019-12-19 07:16:41   ថ្ងៃព្រហស្បតិ៍, 19 ធ្នូ 2019 ម៉ោង 02:16 PM
«រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិលើកទី១៥ ស្ដីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក»

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ ក្រោមអធិបតីភាពឯកឧត្ដម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

សន្និសីទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញនូវសារប្រយោជន៍នៃការដោះដូរយោបល់ អំពីការផ្សារភ្ជាប់វប្បធម៌ជាមួយសង្គមជាតិ ដោយផ្ដោតការយកចិត្តទុកដាក់លើវប្បធម៌សន្តិភាព ភាពសុខុដុមរមនា នៅក្នុងយុគសម័យបច្ចេកវិទ្យា ដើម្បីរក្សានូវសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនទាំងក្នុងតំបន់ និងពិភពលោក។ សន្និសីទអន្តរជាតិនេះ មានការអញ្ជើញធ្វើបទបង្ហាញនិងផ្ដល់អនុសាសន៍ពីសំណាក់វាគ្មិនជាសាស្ត្រាចារ្យ និងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់សរុបចំនួន ៣០រូប ដែលអញ្ជើញមកពី១៥ប្រទេស។

គួរបញ្ជាក់ថា សន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ សាស្ត្រាចារ្យ អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ និងមន្ត្រីរាជការសរុបចំនួន ១១០អង្គ/នាក់៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-19 02:19:42   ថ្ងៃព្រហស្បតិ៍, 19 ធ្នូ 2019 ម៉ោង 09:19 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក