ករណីឆបោកអនឡាញ គឺជាសំណុំដែលត្រូវចាត់វិធានការបន្ទាន់ និងឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមជាតិ ដែលសំណុំរឿងនេះមិនគួរត្រូវបានបណ្ដែតបណ្ដោយឱ្យលេចឡើងនៅក្នុងទំព័រសារព័ត៌មានបរទេសទៀតនោះឡើយ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ។ បើតាមលោកបណ្ឌិត ក្នុងពេលដែលកម្ពុជាកំពុងតែប្រឈមនឹងបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ ដែលថៃបានយកករណីឆបោកតាមអនឡាញ ធ្វើជាលេសដែលមិនសមហេតុផលដើម្បីបង្កសង្គ្រាមឈ្លានពាននោះ ករណីឃាតកម្មលើនិស្សិតកូរ៉េខាងត្បូងនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែបង្កផលប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសកម្ពុជា នៅក្នុងឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែការណ៍នេះក៏អាចត្រូវបានភាគីថៃកេងចំណេញ និងផ្សព្វផ្សាយបំផ្លើសអំពីប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមថា ករណីឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង គឺជារឿងគួរឱ្យសោកស្ដាយមួយដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ពោលគឺខេត្តកំពត។ លោកបានលើកឡើងថា នេះជារឿងដែលមិនអាចទទួលយកបានទេ បើទោះបីជាករណីឆបោកអនឡាញគឺជាបញ្ហាកើតមានឡើងជាសាកលក្ដី ប៉ុន្តែចុងក្រោយនេះ ការដែលក្រុមឧក្រិដ្ឋជនបានងាកមកយកប្រទេសកម្ពុជា ធ្វើជាទីតាំងក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្ម មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែករណីនេះ ក៏អាចធ្វើឱ្យកម្ពុជាក្លាយទៅជាជនរងគ្រោះនៅក្នុងរូបភាពនយោបាយនៃប្រទេសរងគ្រោះផងដែរ។ បើតាមលោកបណ្ឌិត ប្រសិនបើគ្មានចំណាត់ការដ៏ម៉ឺងម៉ាត់ និងដាច់ខាតចំពោះករណីឆបោកតាមអនឡាញនេះទេ នោះកម្ពុជានឹងអាចត្រូវបានប្រទេសជាមិត្តមួយចំនួន ដាក់បន្ទុកនិងចោទប្រកាន់មកលើប្រទេសកម្ពុជា ខណៈករណីឆបោកតាមអនឡាញនេះមិនមែនកើតមានឡើងតែនៅកម្ពុជាក៏ដោយក្ដី។ ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានថ្លែងគូសបញ្ជាក់ការមើលឃើញផ្ទាល់របស់លោកថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាពិតបានបង្ហាញនូវការទទួលខុសត្រូវខ្ពស់ចំពោះករណីនេះក្នុងនាមជាម្ចាស់ផ្ទះ និងបានចាត់វិធានការជាបន្តបន្ទាប់យ៉ាងសកម្មបំផុត ដើម្បីឆ្លើយតបឱ្យបានសមស្របចំពោះស្ថានការណ៍មុខ និងនៅក្នុងទំនួលខុសត្រូវក្នុងនាមជារដ្ឋាភិបាល។ ជាមួយគ្នានេះ លោកបណ្ឌិតក៏បានលើកឡើងផងដែរថា បន្ថែមពីកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេត និងបន្តចាត់វិធានការក្ដៅលើករណីឆបោកតាមអនឡាញនៅក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជាក៏គួរតែបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសជាមិត្តដែលពាក់ព័ន្ធ ឬមានពលរដ្ឋរងគ្រោះដោយសារករណីនេះ ដើម្បីឈានទៅបង្ក្រាប លុបបំបាត់ និងចាប់ខ្លួនឧក្រិដ្ឋជនទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងឆបោកអនឡាញមកផ្ដន្ទាទោសតាមច្បាប់ក្នុងប្រទេសជាធរមានឱ្យខាងតែបាន។ លោកបណ្ឌិតបានបន្តផងដែរថា បើទោះបីជាករណីឆបោកតាមអនឡាញជាបញ្ហារួមនៃបណ្ដាប្រទេសនានាលើសាកលលោក ប៉ុន្តែដើម្បីលុបបំបាត់ និងបញ្ជៀសការរងគ្រោះប៉ះពាល់ដល់មុខមាត់និងកិត្តិយសប្រជាជាតិ កម្ពុជាត្រូវតែស្វែងរកកិច្ចសហការ និងបន្តចូលរួមយ៉ាងសកម្មយ៉ាងសកម្មបន្ថែមទៀត ទាំងជាមួយរដ្ឋាភិបាលប្រទេសពាក់ព័ន្ធ និងស្ថាប័ននគរបាលអន្តរជាតិ ដើម្បីទទួលបានភាពស្អាតស្អំមកដល់ប្រទេសកម្ពុជាវិញ និងបង្ហាញពីឆន្ទៈប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនទាំងឡាយ ជាមួយនឹងបណ្ដាប្រទេសជាមិត្តទាំងអស់។
បន្ថែមពីនេះ កម្ពុជាត្រូវតែផ្ដោតការយកចិត្តទុកដាក់លើការចាត់វិធានការឱ្យបានតឹងរ៉ឹង និងមោះមុត ចំពោះអ្នកប្រព្រឹត្ត និងរកឱ្យឃើញនូវបណ្ដាញនិងអ្នកពាក់ព័ន្ធទាំងអស់ ទោះបីជានៅក្នុងប្រទេសឬនៅក្រៅប្រទេសក្ដី ដើម្បីបិទបញ្ចប់ការយកប្រទេសកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តករណីបទល្មើសឧក្រិដ្ឋ ដែលមានការជាប់ពាក់ព័ន្ធជាឆ្លងដែននិងជាលក្ខណៈអន្តរប្រទេសនេះ។
ទោះជាយ៉ាងណា ចំពោះករណីឆបោកតាមអនឡាញ ដែលបង្កឱ្យកើតមានករណីឃាតកម្មលើនិស្សិតកូរ៉េខាងត្បូងនៅកម្ពុជានេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ ថ្លែងសង្កត់ធ្ងន់ថា អ្នកវិភាគមួយចំនួន ក៏ដូចជាអ្នកបញ្ចេញមតិទស្សនៈសង្គមផ្សេងៗ មិនគួរប្រញាប់ប្រញាល់នៅក្នុងការទាញសេចក្ដីសន្និដ្ឋានដោយភ្ជាប់កម្ពុជានឹងបណ្ដាញនេះ ឬបណ្ដាញនោះ នៃប្រទេសណាមួយនោះទេ។ លោកបណ្ឌិតបន្តថា គេមិនគួរទាញភ្ជាប់នាំឱ្យមានហេតុផល ដែលឈានទៅដល់ការបង្កភាពតានតឹងភូមិសាស្ត្រនយោបាយបន្ថែមជាមួយប្រទេសឬមហាអំណាចណាមួយនោះឡើយ ខណៈស្ថានការណ៍ភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោកកំពុងតែមានភាពតានតឹងស្រាប់។
ជាមួយគ្នានេះដែរ ខណៈដែលការស៊ើបអង្កេតនៅតែបន្ត ដើម្បីទទួលបានលទ្ធផលកាន់តែច្បាស់លាស់ជាងនេះ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា គេគួរតែទុកឱ្យអាជ្ញាធរនិងក្រសួងស្ថាប័នមានសមត្ថកិច្ច រាជរដ្ឋាភិបាល និងប្រទេសពាក់ព័ន្ធ (ក្នុងករណីមាន) ជាអ្នកបកស្រាយបំភ្លឺឱ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់ ការទូត និងគោលការណ៍អន្តរជាតិ ដោយមិនគួរមានការបកស្រាយដោយផ្អែកលើទស្សនៈបុគ្គល ដែលនាំទៅដល់ការភ័ន្តច្រឡំ ពាក់ព័ន្ធនឹងបណ្ដាញ អង្គភាព ឬប្រទេសជាមិត្តណាមួយរបស់កម្ពុជានោះឡើយ៕
RAC Media | លឹម សុវណ្ណរិទ្ធ