(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសន្និសីទអន្តរជាតិលើកទី១២ ស្ដីពី «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌ ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម» ក្រោមអធិបតីភាព ឯកឧតុ្ដមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី

រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។

 

ជាកិច្ចចាប់ផ្ដើមនៃសន្និសីទអន្តរជាតិលើកទី១២ ស្ដីពី «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌ ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម» ទទួលបានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ពីសំណាក់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត Kongkeo XAYSONGKHAM ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងឯកឧត្ដមបណ្ឌិត Dang Xuan Thanh អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ព្រមទាំងទទួលកិត្តិយសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបើកដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។

 

ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិលើកទី១២ ស្ដីពី «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌ ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម» ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានមានប្រសាសន៍គូសបញ្ជាក់ថា «ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជា គាំទ្រគោលការណ៍ភាព ជាអ្នកជិតខាងល្អ មិនឈ្លានពានគ្នា ត្រូវការព្រំដែនសន្តិភាព កម្ពុជា តែងតែចាត់ទុកការថែរក្សាសន្តិភាព និងការបញ្ចៀសសង្គ្រាម គឺជាអាទិភាពខ្ពស់បំផុត សង្គ្រាមងាយនឹងបង្កើត ប៉ុន្តែ មិនងាយនឹងបញ្ចប់ សន្តិភាពពិបាកនឹងរក ប៉ុន្តែងាយនឹងបាត់បង់»។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមថា «ជាប្រវត្តិសាស្ត្រកម្ពុជា ឡាវ និងវៀតណាម តែងតែរក្សាបាននូវទំនាក់ទំនងគ្នាជាអ្នកជិតខាងគ្នាបានយ៉ាងល្អប្រសើរ និងស្អិតរមួតនៅគ្រប់កាលៈទេសៈទាំងអស់។ ខណៈប្រទេសកម្ពុជា តែងតែបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនរួមរស់ដោយសន្តិភាព សហវិជ្ជមានជាមួយប្រទេសជិតខាង និងគ្រប់បណ្តាប្រទេសដទៃទៀតនៅលើសកលលោក»។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី បានបន្តទៀតថា កម្ពុជា បានផ្តល់នូវតម្លៃខ្ពស់ភាពជាអ្នកជិតខាងល្អ ការរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន គោរពដែនអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី របស់អ្នកជិតខាងជានិច្ច។ ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន បានអនុវត្តនយោបាយឯកភាពទឹកដី សន្តិភាព អភិវឌ្ឍន៍ និងអប់រំ។

 

ក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍នេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងលើកឡើងថា នៅចំពោះមុខសភាពការណ៍ទាំងនេះ ក្នុងនាមប្រទេសជិតខាងគ្នាកម្ពុជា ឡាវ និងវៀតណាម ត្រូវរួមគ្នាលើកម្ពស់តម្លៃសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់ពិភពលោកដែលពឹងផ្អែកលើច្បាប់ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន សមស្របតាមប្រធានបទគោលនៃសន្និសីទអន្តរជាតិ ដែលបណ្ឌិត្យសភានៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាមបានរៀបចំរយៈពេលពេញមួយថ្ងៃមកនេះ។

 

គួរបញ្ជាក់ផងដែរថា សន្និសីទអន្តរជាតិលើកទី១២ ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះនាឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងដោយមានវគ្គពិភាក្សាសំខាន់ៗចំនួន៣ ទៅលើប្រធានបទដូចខាងក្រោម៖

 

+ «ការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៖ ផ្លូវសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ឡាវ និងវៀតណាម»

+ «ការថែរក្សាអត្តសញ្ញាណវប្បធម៍ ស្របគ្នានឹងការជំរុញឱ្យមានឯកភាពក្នុងតំបន់»

+ «ការចុះសម្រុងគ្នានៃគោលនយោបាយសង្គម៖ ការដោះស្រាយបញ្ហាប្រឈមរួមគ្នាក្នុងវិស័យសុខាភិបាល ការអប់រំ និងសុខុមាលភាពសង្គម»

 

វាគ្មិនជំនាញ​និងជាអ្នកសិក្សាស្រាវជ្រាវសរុបចំនួន៩រូប អញ្ជើញមកពីរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានធ្វើបទបង្ហាញទៅលើប្រធានរងចំនួន៣ នៅក្នុងវគ្គពិភាក្សានីមួយៗ។

 

សន្និសីទអន្តរជាតិលើកទី១២ ស្ដីពី «សុខដុមនីយកម្មសង្គម សេដ្ឋកិច្ច និងវប្បធម៌ ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម» ដែលប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញនេះ មានការអញ្ជើញចូលរួមពីអ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការ និងអ្នកជំនាញពីរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋសង្គមវៀតណាម និងតំណាងក្រសួងស្ថាប័នសរុបចំនួន ៤៦៣រូប៕

 

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ