ដោយ៖ បណ្ឌិត ឈត ប៊ុនថង

អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ​កម្ពុជា

សេចក្ដីផ្ដើម

ជម្លោះព្រំដែនកម្ពុជា-ថៃឆ្នាំ២០២៥ គឺជាជម្លោះដ៏តានតឹងបំផុតមួយក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ​ដែលពេលនេះបានឈានមកដល់បទឈប់បាញ់ដ៏ផុយស្រួយមួយ តាមរយៈការសម្របសម្រួលជាអន្តរជាតិ ក្នុងនោះមានការផ្ដួចផ្ដើមគំនិតពីលោក ដូណល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ការចូលរួមសង្កេតការដោយ​ប្រទេសចិន និងការដឹកនាំ​ការចរចាបទឈប់បាញ់ដោយផ្ទាល់ពីប្រធានអាស៊ានប្ដូរវេន គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រម៉ាឡេស៊ី។ ភាពតានតឹងនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃដែលបានចាប់ផ្តើមនៅក្នុងខែឧសភា និងកាន់តែមានភាពខ្លាំងឡើងនៅក្នុងខែកក្កដា ឆ្នាំ​២០២៥ រហូតឈានដល់ការប៉ះទង្គិចគ្នាដោយអាវុធ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃឆ្នាំ២០២៥នេះ ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ និងមានប្រជាជនរាប់សែននាក់ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះ​ទៅកាន់ទីកន្លែងសុវត្ថិភាព។ ជម្លោះព្រំដែនកម្ពុជា-ថៃ គឺជាជម្លោះទឹកដីដែលចាក់ឫសយ៉ាងជ្រៅ និងបត់បែនតាមរលកនយោបាយផ្ទៃក្នុងនៃប្រទេសទាំងពីរ។

ប្រភពដើមនៃជម្លោះព្រំដែនកម្ពុជា-ថៃ​

ជម្លោះ​នេះ​កើត​ចេញ​ពី​ជម្លោះ​ព្រំដែន​ដែល​អូសបន្លាយជា​យូរ​មក​ហើយ​លើ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ដែល​មាន​តាំងពី​ការ​កំណត់​ព្រំដែន​ក្នុង​សម័យ​អាណានិគមបារាំងមកម៉្លេះ។ កាល​ពី​ថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តំបន់មុំបី ដែលជាចំណុចប្រសព្វនៃ​ប្រទេសទាំងបី គឺ​កម្ពុជា ​ឡាវ និងថៃ បាន​បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់ ហើយក៏បាន​បង្កើន​ភាព​តានតឹងចាប់ពីពេលនោះមក។ នៅចុងខែមិថុនា ឆ្នាំ​២០២៥ ប្រទេសទាំងពីរបានពង្រឹងវត្តមានយោធានៅតាមព្រំដែនដែលមានជម្លោះ ជាង៨០០គីឡូ​ម៉ែត្រ ជាមួយនឹងរបាយការណ៍នៃការផ្លោងដាក់គ្នាទៅវិញទៅមកនូវកាំភ្លើងធំ និងការវាយប្រហារតាមអាកាសពីភាគីថៃ ដែលបង្ហាញពីការកើនឡើងនូវអរិភាពយ៉ាងតានតឹងរវាង​ភាគីទាំងពីរ។ ក្នុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុករយៈពេល៥ថ្ងៃ​ ពីថ្ងៃទី២៤ដល់ទី២៨ ខែកក្កដា ឆ្នាំ​២០២៥ ភាគីទាំងពីរ​បានប្រើប្រាស់អាវុធយុទ្ធភណ្ឌធុនស្រាលនិងធ្ងន់ជាច្រើនប្រភេទ​​បាញ់ផ្លោងដាក់គ្នាទៅវិញទៅមក។ ជាពិសេស ប្រទេសថៃដែលជាអ្នកឈ្លានពាននិងចាប់ផ្ដើមបាញ់ប្រហារមកលើកម្ពុជាមុន និងជាប្រទេសមានភាពខ្លាំងខាងយោធា សព្វាវុធ និងយុទ្ធោបករណ៍ជាងកម្ពុជា បានប្រើយន្តហោះ F16 ដែលទិញពីសហរដ្ឋពាម៉េរិក យន្តហោះ Gripen jet ដែលទិញមកពីប្រទេសស៊ុយអែត យន្តហោះអត្តឃាតគ្មានមនុស្សបើក គ្រាប់បែកចង្កោម គ្រាប់បែកផ្សេងៗទៀត កាំភ្លើងត្បាល់១៥៥ មីលីម៉ែត្រ និងបានបាញ់ផ្សេងពុលចេញពីយន្តហោះជាដើម។ ការវាយប្រហារយ៉ាងសាហាវរបស់យោធាថៃ បានឆ្លងដែន​ផុតពីទីតាំងយោធា ហើយបានរាលដាលដល់ទីតាំងស៊ីវិល ដូចជា ប្រាសាទបុរាណ វត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្សារ ស្ពាន ផ្លូវថ្នល់ និងផ្ទះសម្បែងរបស់ជនស៊ីវិល ជាដើម ដែលបានបង្កឱ្យមានការខូចខាតយ៉ាងដំណំ។  ​   

ការកើនឡើងនៃភាពតានតឹងនិងការឆ្លើយតបជាអន្តរជាតិ

ស្ថានភាព​តានតឹងនេះបាន​ឈាន​ដល់​ចំណុច​ខ្លាំងបំផុត​ក្នុង​ខែកក្កដា ដោយ​ភាគី​ទាំង​ពីរ​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​ចាប់ផ្តើម​បង្កការវាយប្រហារមុន។ កម្ពុជា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ខណៈ​ប្រទេស​ថៃ​បាន​ច្រាន​ចោល​យុត្តាធិការ​របស់ ICJ ដោយ​តស៊ូ​មតិ​ឱ្យ​មាន​ការ​ចរចា​ទ្វេភាគី។ ទោះបីជាមានគំនិតផ្ដួចផ្ដើមឱ្យមាន​កិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ក៏ភាគីទាំងពីរនៅតែបន្តប្រយុទ្ធគ្នាដែលនាំឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ និងប្រជាជនជាច្រើនសែននាក់ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ តួអង្គអន្តរជាតិនានា រួមមាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាម៉េរិក ចិន និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន បានផ្តល់ការសម្រុះសម្រួល ប៉ុន្តែ ប្រទេសថៃបានទទូចឱ្យដោះស្រាយបញ្ហាជាទ្វេភាគី។ ក្រៅពីនេះ ក៏មានប្រទេសមួយចំនួនទៀត​បាន​សម្ដែងការព្រួយបារម្ភនិងសំណូមពរឱ្យប្រទេសទាំងពីរកម្ពុជានិងថៃ​ឆាប់រកដំណោះស្រាយដោយសន្តិវិធីដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំងរបស់ខ្លួនវិញ។

កិច្ចព្រមព្រៀងឈប់បាញ់និងការអនុវត្ត

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីការចរចាដ៏តានតឹង ប្រទេសទាំងពីរបានយល់ព្រមបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ដែលមានប្រសិទ្ធភាពនៅពាក់កណ្តាលអធ្រាត្រនាថ្ងៃដដែលនេះ។ កិច្ចព្រមព្រៀងនេះត្រូវបានសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយមានការចូលរួមសង្កេតការណ៍ពីតំណាងសហរដ្ឋអាម៉េរិកនិងចិន។ កិច្ចពិភាក្សាជាបន្តបន្ទាប់នៅទីក្រុងគូឡាឡាំពួបាននាំឱ្យមានកិច្ចព្រមព្រៀង១៣ចំណុចដែលផ្តោតលើការបញ្ឈប់អរិភាព ការការពារជនស៊ីវិល និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកងកម្លាំងយោធានៃ​ប្រទេសទាំងពីរ។

ទោះបីជាយ៉ាងក៏ដោយ ក៏ភាគីថៃមិនបានបង្ហាញសុច្ឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់នេះដែរ ពីព្រោះ ក្រោយពីបទឈប់បាញ់ចូលជាធរមាន ក្រៅពីចាប់ការជំរិតកងទ័ព​កម្ពុជា​​ជាង២០នាក់យកទៅឃុំខ្លួនដោយខុសច្បាប់ យោធាថៃនៅតែបន្តរុលចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយឈូសឆាយធ្វើផ្លូវ សង់លេណដ្ឋាន ស្រាស់លួស​បន្លាព័ទ្ធយកដីនិងផ្ទះ​របស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងកាន់កាប់និងរស់នៅដោយស្របច្បាប់តាំងពីយូរឆ្នាំ​មកហើយនិងវាយបំផ្លាញផ្ទះទាំងនោះ ព្រមទាំងបានប្រើជំពាវកៅស៊ូបាញ់មកលើកងទ័ពកម្ពុជា បាញ់ផ្សែងពុល ប្រើយន្តហោះគ្មាន​មនុស្សបើកហោះចូលក្នុងដែនអធិនតេយ្យកម្ពុជា និងព្យាយាមចង់ប្រើទឹកលាមកដើម្បីបាញ់មកលើប្រជាពលរដ្ឋខ្មែរដែលចេញមុខតវ៉ាជាមួយទាហានថៃដែលកំពុងរំលោភបំពានមកលើ​លំនៅដ្ឋាន​របស់ពួកគេទៀតផង។

ទោះ​បី​ជា​ស្ថិត​ក្នុងស្ថានភាពបែបនេះក៏ដោយ ក៏រាជរដ្ឋាភិបាល កងទ័ព អាជ្ញាធរ និងប្រជាជនកម្ពុជា នៅតែបន្តខិតខំអត់ធ្មត់មិនឆ្លើយតបដោយហិង្សា​ដើម្បីប្ដេជ្ញាចិត្តក្នុងការអនុវត្តបទ​ឈប់បាញ់ឱ្យបាន១០០ភាគរយ។ ការខិតខំ​អត់ធ្មត់ខ្ពស់បែបនេះត្រូវបាន​សាធារណៈមតិមួយចំនួន ជាពិសេស ក្រុមប្រឆាំងបានរិះគន់កប់ៗមាត់ថា រាជរដ្ឋាភិបាល​កម្ពុជាគ្មានសមត្ថភាពការពារជាតិ ប្រជាជន និងបូរណភាពទឹកដី ព្រមទាំងបានធ្វើសម្បទានទឹកដីមួយផ្នែដើម្បីរក្សាអំណាចរបស់ខ្លួន ជាដើម។   ​    

ផ្លូវទៅកាន់សន្តិភាពនិងបញ្ហាប្រឈមដែលកំពុងបន្ត

ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏ភាពតានតឹងនៅតែមានកម្រិតខ្ពស់។ ប្រទេសទាំងពីរបានយល់ព្រមដាក់ពង្រាយអ្នកសង្កេតការណ៍អាស៊ាន ដើម្បីតាមដានស្ថានការណ៍ និងបានកំណត់ពេលសម្រាប់កិច្ចពិភាក្សាបន្ថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏បញ្ហាដែលមិនអាចដោះស្រាយបាន ដូចជា ជោគវាសនារបស់ទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួនដោយទាហានថៃ ការពង្រីកតំបន់ជម្លោះដោយភាគីថៃ និងភាពស្មុគស្មាញនៃ​ជម្លោះតាមព្រំដែននៅតែបន្តបង្កបញ្ហាប្រឈមដល់សន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ជម្លោះនយោបាយផ្ទៃក្នុងរបស់ថៃ ចលនាជាតិនិយម វោហាសាស្ត្រនយោបាយ សង្គ្រាមការទូត សង្គ្រាមព័ត៌មាន និងសង្គ្រាមបណ្ដាញសង្គម នៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក បើទោះបីជាសង្គ្រាម​ដោយអាវុធនៅសមរភូមិបានស្ងប់ស្ងាត់ទៅហើយក៏ដោយ។ សភាពធ្ងន់ធ្ងរបែបនេះបានរារាំងយ៉ាងខ្លាំងដល់ការព្យាយាម​ស្ដារឡើងវិញនូវ​ប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។​

 

សេចក្តីសន្និដ្ឋាន

ជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ បញ្ជាក់ពីភាពស្មុគស្មាញនៃជម្លោះទឹកដីជាប្រវត្តិសាស្ត្រ មោទនភាពជាតិ ចលនាជាតិនិយម និងភាពស្មុគស្មាញនៃ​នយោបាយផ្ទៃក្នុង។ ខណៈពេលដែលបទឈប់បាញ់តំណាងឱ្យជំហានឆ្ពោះទៅរកការបន្ថយកម្ដៅ ផ្លូវទៅកាន់សន្តិភាពយូរអង្វែងនឹងតម្រូវឱ្យមានការសន្ទនាប្រកបដោយនិរន្តរភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាសំខាន់ៗរវាងប្រទេសទាំងពីរ។

ខ្ញុំសង្ឃឹមថា លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ ដែលឡើងមកជំនួសលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងកាលពីសប្ដាហ៍មុន នឹងផ្លាស់ប្ដូរគោលជំហរខុសពីនាយករដ្ឋមន្ត្រីមុន ជាពិសេស អាចសម្របសម្រួលជាមួយពួក​យោធាដើម្បីធ្វើឱ្យស្ថានការណ៍វិលត្រឡប់មករក​ការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមយន្តការផ្សេងៗដែលមានការយល់ព្រមដោយភាគីទាំងពីរ។

នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា បន្ទាប់​ពី​ទទួល​បាន​ព្រះរាជ​បញ្ជា​តែងតាំង​លោក​ជា​នាយក​រដ្ឋមន្ត្រី នាយក​រដ្ឋមន្ត្រី​ថៃ លោក Anutin Charnvirakul បាន​ថ្លែង​ពី​ស្ថានភាព​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ដោយលោកបានបញ្ជាក់ថា «ចំពោះបញ្ហាសន្តិសុខនាពេលនេះ រដ្ឋាភិបាលរបស់ខ្ញុំនឹងចាប់ផ្តើមអនុវត្តវិធានការដោះស្រាយជម្លោះកម្ពុជា-ថៃ តាមរយៈសន្តិវិធី ដើម្បីកាត់បន្ថយការបាត់បង់ និងទុក្ខលំបាករបស់ប្រជាជននៃប្រទេសទាំងពីរ។ លោក Anutin បន្ថែមថា «ទោះជាយ៉ាងនេះក្តី ថៃត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ថា យើងនឹងមិនបោះបង់ចោលទឹកដីរបស់យើងឡើយ សូម្បីតែមួយសង់ទីម៉ែត្រការ៉េ។ ប្រជាជនថៃមិនត្រូវជួបការលំបាក ហើយត្រូវតែអាចរស់នៅដោយសន្តិភាព»។

ជាមួយគ្នានេះ លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ដែលសន្មត់ថាជារដ្ឋមន្ត្រីការបរទេសថៃ បាននិយាយបន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រី Anutin នៅទីស្នាក់ការគណបក្ស Bhumjaithai ថា នាយករដ្ឋមន្ត្រីបានពិភាក្សាជាមួយគាត់អំពីការដោះស្រាយបញ្ហាដោយសន្តិវិធី ខណៈពេលដែលរក្សាបានពេញលេញនូវអធិបតេយ្យភាពរបស់ប្រទេសថៃ។ លោក​បាន​បញ្ជាក់​ថា នេះ​ជា​វិធីសាស្ត្រ​របស់​ពួកគេ ប៉ុន្តែ​បដិសេធ​មិន​ផ្តល់​​ព័ត៌មាន​លម្អិត​បន្ថែមទេ។

បន្តិចក្រោយមក សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើលិខិតអបអរសាទរដល់លោក Anutin ក្នុងតួនាទីថ្មីរបស់លោក។ ក្នុងលិខិតនោះ លោកបានមានប្រសាសន៍ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នក ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជានិងថៃឱ្យមានភាពប្រក្រតីឡើងវិញ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមរបស់យើងរវាងប្រទេសទាំងពីរឱ្យទៅជាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពរួមគ្នា»។

យោងតាមការប្រែប្រួលរបត់នយោបាយថ្មីបំផុតរបស់ប្រទេសទាំងពីរនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ទំនាស់ព្រំដែននិងភាពតាមតឹងរវាងកម្ពុជានិងថៃ អាចនឹងឈានទៅរកផ្លូវបញ្ចប់បាន ហើយវាក៏អាចជាមូលដ្ឋានក្នុងការបន្តរិះរកមធ្យាបាយនានា​ដើម្បី​ឈានទៅបញ្ចប់ការដោះស្រាយវិវាទនិងការបោះបង្គោល​ព្រំ​ដែនរវាង​​កម្ពុជានិងថៃទាំងស្រុងក្នុងពេលខាងមុខដើម្បីបិទបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសទាំងពីរដែលបានអូសបន្លាយរាប់រយឆ្នាំមកហើយ៕

RAC Media