ព័ត៌មាន

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា «ញ៉ឹក សុក»
125
1109

(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ចូលរួមគោរពវិញ្ញាក្ខន្ធឧបាសិកា «ញ៉ឹក សុក» ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុង​ឱកាស​ប្រកបដោយ​សមានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់បានចូលរួម​រំលែក​នូវ​មរណទុក្ខ​ដោយ​សេចក្តី​សោក​ស្តាយ​ជាមួយ​ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រួសារ ព្រមទាំង​សាច់ញាតិ​ទាំងអស់​នៃ​សព ដោយ​សេចក្តី​សង្វេគ​ក្រៃលែង និង​សមានទុក្ខ​យ៉ាង​ក្រៀមក្រំដោយ​ឧបាសិកា «ញ៉ឹក សុក» បាន​ទទួលមរណភាពនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១:០០នាទីរំលងអធ្រាត្រក្នុង​ជន្មាយុ ៨៧ឆ្នាំដោយ​ជរាពាធ​។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកមរណភាព​នេះគឺជា​ការបាត់បង់​មាតា ជីដូន ប្រក​បដោយ​គុណ​ដ៏​ធំធេង និង​ប្រកបដោយ​ព្រហ្មវិហារ​ធម៌ក្នុង​ការ​ចិញ្ចឹម​បីបាច់ និង​អប់រំ​កូនចៅ​កន្លងមក។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ សូមបួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​ឧបាសិកា «ញ៉ឹក សុក» បាន​អញ្ជើញទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ជាមួយការរំលែកទុក្ខ​សោក​នេះដែរ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រួសារ សូមគោរពថ្លែងអំណរគុណជូនឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាដែលបានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ចូលរួមគោរពវិញ្ញាណក្ខណ្ធចំពោះមរណភាពនៃអ្នកម្តាយ «ញ៉ឹក សុក» ។

ឯកឧត្តមបណ្ឌិត យង់ ពៅ និងគ្រួសារ សូមប្រសិទ្ធពរជ័យជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឧបាសិកា «ញ៉ឹក សុក» បានទទួលមរណភាពកាលពីយប់ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១ និង០០នាទីរំលងអធ្រាត្រក្នុង​ជន្មាយុ ៨៧ឆ្នាំដោយ​ជរាពាធ​។

ពិធីបុណ្យសពឧបាសិកា «ញ៉ឹក សុក» ត្រូវបានប្រារព្ធធ្វើនៅក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់៕

RAC Media | រឿន ភារុន


សេចក្តីប្រកាស