អំពីរាជបណ្ឌិត្យសភាកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជាមានបេសកកម្មចម្បង ដើរតួក្នុងការសិក្សាស្រាវជ្រាវទាំងវិទ្យាសាស្ត្រសង្គមនិងវិទ្យាសាស្ត្រពិត ដើម្បីរកធាតុចូលជូនរាជរដ្ឋា​ភិ​បាល​និងដើរតួក្នុងការបណ្ដុះបណ្ដាល​និងស្រាវជ្រាវពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់​ថ្នាក់បណ្ឌិត ដើម្បីពង្រឹងការអភិវឌ្ឍប្រទេសជាតិ​ ដោយផ្អែកលើចំណេះដឹង រៀបចំចក្ខុវិស័យ ដោយមិនយកទម្លាប់ជាធំ ពោលគឺត្រូវផ្អែកលើកិច្ចការ​ស្រាវជ្រាវ ដូចពាក្យមួយឃ្លាដែលខ្ញុំតែងតែនិយាយ​ថា «ស្ពានសម័យអង្គរ ទ្រ​ខ្មែរគ្រប់សម័យកាល»។​ ដូច្នេះតួនាទីឬតំណែងមិនមែនជាគ្រឿងលម្អ ឬ​យក​មកធ្វើជាទីសក្ការៈនោះទេចំពោះខ្ញុំ តែវាជាអំរែក ដែលតម្រូវឱ្យខ្ញុំខិតខំធ្វើ​យ៉ាងណា ដើម្បីឱ្យស្ថាប័ននេះប្រព្រឹត្តទៅតាមបែបវិទ្យាសាស្ត្រ។ ខ្ញុំនឹងធ្វើឱ្យស្ថាប័នមួយនេះក្លាយជាកន្លែងផ្ដល់គំនិតដ៏ល្អសម្រាប់​អភិវឌ្ឍប្រទេសជាតិ ហើយកែប្រែស្ថាប័ននេះទៅជាស្ថាប័នជាន់ខ្ពស់របស់​ជាតិ ដែលប្រមូលផ្ដុំទៅ​ដោយធនធានមនុស្សកម្រិតខ្ពស់ទាំងថ្នាក់ជាតិនិង​អន្តរជាតិ។ខ្ញុំសូមបញ្ជាក់ថា «ទ្វាររបស់រាជបណ្ឌិត្យសភាកម្ពុជា បើកចំហជានិច្ច ចំពោះបញ្ញវន្តដែល​មានជំហរនិងទិសដៅដូចគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ។»

ប្រវត្តិសង្ខេប
នៅឆ្នាំ១៩៦៥ រាជបណ្ឌិត្យសភាកម្ពុជាបានចាប់បដិសន្ធិឡើងតាមព្រះរាជក្រមលេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់ប្រព្រឹត្តទៅនៅឡើយដោយសារសង្គ្រាមស៊ីវិលចាប់ពីឆ្នាំ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំងនោះទៅ។ នៅថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតឡើងវិញដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៥៩៩/៩៧ គឺ​នៅដើម​អាណត្ដិ​ទី២នៃរាជរដ្ឋាភិបាល។

ចក្ខុវិស័យ ​
​កែប្រែរាជបណ្ឌិត្យសភាកម្ពុជាឱ្យទៅជាស្ថាប័នឈានមុខគេរបស់ប្រទេស​កម្ពុជា​​សម្រាប់​អភិវឌ្ឍកម្លាំងបញ្ញាញាណនៃប្រជាជាតិ ពង្រឹងនិងពង្រីកការសិក្សា​​ស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស រៀបចំវេ​ទិកា វិទ្យាសាស្ត្រ និង​បោះ​ពុម្ពផ្សាយស្នាដៃស្រាវជ្រាវដើម្បីឱ្យមានការទទួលស្គាល់ជាអន្តរជាតិ។  

បេសកកម្ម
១. គ្រប់គ្រង និងពង្រីកការស្រាវជ្រាវខេមរវិទ្យា និងគ្រប់មុខជំនាញ
២.​ រៀបចំវេទិកាវិទ្យាសាស្ដ្រនិងអប់រំ ដើម្បីជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ
៣. បោះពុម្ពឯកសារស្នាដៃស្រាវជ្រាវនិងរបកគំហើញជាភាសាជាតិឱ្យបានទូ​លំ​ទូ​លាយដល់មហាជននៅក្នុងប្រទេស និងភាសាបរទេសដើម្បីផ្សព្វផ្សាយ​ខេមរវិទ្យា​នៅលើវេទិកាអន្ដរជាតិ
៤. ប្រមូលនិងតម្កល់ឯកសារស្រាវជ្រាវអំពីប្រទេសកម្ពុជាពីបណ្ដាប្រទេសនៅក្នុងតំបន់និងលើពិភពលោក
៥. ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្ដ្រ
៦. ពិនិត្យនិងវាយតម្លៃការវិវត្ដសង្គមនិងរួមវិភាគទានជំរុញការអភិវឌ្ឍជាតិ។

យុទ្ធសាស្ដ្រ
១. ពង្រឹងការគ្រប់គ្រងទូទៅ
២. ពង្រឹងបេសកកម្មស្រាវជ្រាវ​ វេទិកាវិទ្យាសាស្ដ្រនិងការបោះពុម្ពផ្សាយ
៣. កិច្ចសហប្រតិបត្ដិការជាមួយដៃគូជាតិនិងអន្ដរជាតិដើម្បីពង្រីកជំនាញបចេ្ចកទេសនិងថវិកាស្រាវជ្រាវ
៤. ជំរុញនិងពង្រីកបេសកកម្មបណ្ដុះបណ្ដាលកម្រិតថ្នាក់ក្រោយបរិញ្ញាបត្រ
៥. កែលម្អនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ។