ព័ត៌មាន

ទំនាក់ទំនងកម្ពុជា-ចិននៅក្នុងទសវត្សរ៍ថ្មី ដោយ៖បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា
49
961

ពិភពលោកកំពុងតែឈានចូលដល់ទសវត្សរ៍ថ្មីមួយ ហើយប្រធានបទមួយដែលអ្នកសិក្សាស្រាវជ្រាវនៅលើពិភព​លោក​លើកយកមកពិភាក្សាគឺ អនាគតរបស់ចិននិងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃទៀត។ ឥទ្ធិពលរបស់ចិននៅកម្ពុជាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ ជាពិសេសកាលណាគេនិយាយពីការវិនិ​យោគ​ដោយផ្ទាល់ពីបរទេស (FDI) និងកិច្ចសហប្រតិបត្តិការយោធា ហើយវាក៏បណ្ដាលឱ្យមានភាពតានតឹងជាមួយ​សហ​រដ្ឋអាម៉េរិក ដែលមានការអាក់អន់ចិត្តចំពោះវត្តមានចិននៅកម្ពុជា។ ការឆ្លុះបញ្ចាំងពីនិន្នាការនេះ និងសំណួរដែល​សួរថា តើបញ្ហាប្រឈមបែបណាដែលអាចនឹងបង្ហាញឱ្យឃើញនៅទសវត្សរ៍ខាងមុខនេះ គឺជាចំណោទបញ្ហានៃអត្ថបទវិភាគខ្លីនេះ។

ទំនាក់ទំនងរវាងចិននិងកម្ពុជាកើតមានឡើងតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ ហើយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ ផលប្រយោជន៍ភូមិសាស្រ្តនយោបាយរបស់ចិននៅក្នុងប្រទេសកម្ពុជាបានផ្លាស់ប្ដូរយ៉ាងខ្លាំងក្រោយសង្រ្គាមត្រជាក់បានបញ្ចប់។ ទំនាក់ទំនងនេះបន្សល់ទុកនូវឥទ្ធិពលជាច្រើន ដែលអាចឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ធរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ មន្រ្តីជាន់ខ្ពស់ជាច្រើនរូបនៅក្នុងរដ្ឋាភិបាលកម្ពុជា និងសហគមន៍ជនជាតិចិននៅក្នុងប្រទេសកម្ពុជាជាមួយប្រទេសចិន។ មានការផ្លាស់ប្ដូរទស្សនកិច្ចផ្លូវការកម្រិតខ្ពស់រវាងប្រទេសទាំងពីរត្រូវបានធ្វើឡើងយ៉ាងទៀតងទាត់។ ប្រទេសចិនបានផ្ដល់នូវជំនួយទេ្វភាគី ហើយការតភ្ជាប់សេដ្ឋកិច្ចបានបន្តរីកចម្រើនជាលំដាប់។

កម្ពុជានិងចិនបានមានទំនាក់ទំនងនយោបាយនិងកិច្ចសហប្រតិបត្តិការយោធាយ៉ាងរឹងមាំ។ នៅក្នុងឆ្នាំ២០០៦ ប្រទេសទាំងពីរបានព្រមព្រៀងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់ខ្លួននៅក្នុងកម្រិតជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយបានធ្វើឱ្យក្លាយជាដៃសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅក្នុងឆ្នាំ២០១០។ ជាងនេះទៅទៀង ប្រទេស​ទាំងពីរក៏បានចុះហត្ថលេខាលើ «ផែនការសកម្មភាព ឆ្នាំ២០១៩-២០២៣ ស្ដីអំពីការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន» នៅក្នុងខែមេសា ឆ្នាំ២០១៩។ ក្រោមផែនការសកម្មភាពនេះ ប្រទេសទាំងពីរបានប្ដេជ្ញាក្នុងដាក់ចេញនូវវិធានការណ៍ចំនួន៣១លើវិស័យសំខាន់ៗចំនួនប្រាំ គឺនយោបាយ, សន្ដិសុខ, សេដ្ឋកិច្ច, ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, និងកិច្ចសហប្រតិបត្តិការពហុភាគី។ ទោះបីជាយ៉ាងណា ទំនាក់ទំនងរវាងប្រទេសទាំងពីរអាចត្រូវបានបិទបាំងដោយរបៀបវារៈនៃការអភិវឌ្ឍន៍។ ចាប់តាំងពីការចាប់ផ្តើមនៃ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» នៅចុងឆ្នាំ ២០១៣មក ប្រទេសចិនបានដើរតួប្រកបដោយឥទ្ធិពលនៅក្នុងប្រទេសកម្ពុជាដោយប្រើប្រាស់របៀបវារៈនៃការអភិវឌ្ឍជាឧបករណ៍។

 

ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុង «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» របស់ចិន ដោយជឿថា កាលានុវត្តភាពនៃការអភិវឌ្ឍដែលកើតចេញពីគំនិតផ្ដួចផ្ដើមនេះគឺវាមានភាពធំធេងណាស់។ ជាក់ស្តែង ត្រឹមចុងឆ្នាំ២០១៧ ផ្លូវថ្នល់ប្រវែងជាង ២,០០០គីឡូម៉ែត្រ ស្ពានចំនួនប្រាំពីរ និងចំណតផ្ទុកកុងទ័រន័រថ្មីមួយនៅកំពង់ផែស្វ័យតក្រុងភ្នំពេញត្រូវបានសាងសង់ឡើងក្រោមការឧត្ថម្ភរបស់ចិន។ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរ​ជាតិតារាសាគរខេត្តកោះកុង អាកាសយានដ្ឋានអន្តរជាតិខេត្តកណ្ដាល ដែលគិតជាទឹកប្រាក់សរុបប្រមាណជិត៣ពាន់​លាន​ដុល្លារអាម៉េរិកត្រូវបានអនុម័ត។ កាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានតម្លៃជាង២ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ក៏ត្រូវបានសាងសង់ដោយក្រុមហ៊ុនរដ្ឋចិន «China Communications Construction Company» ផងដែរ។ ចំណែកនៅក្នុងវ័ស័យថាមពលវិញ រោងចក្រ​វារីអគ្កិសនីក្នុងទំហំទឹកប្រាក់ជាង ៧.៥ពាន់លានដុល្លារ និងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មមានតម្លៃ៤ពាន់លានដុល្លារត្រូវបានវិនិយោគ ខណៈដែលគម្រោងលើវិស័យកសិកម្មនិងកសិ-ឧស្សាហកម្មចំនួន២១ កំពុងតែធ្វើប្រតិបត្តិការផងដែរ។

ប្រទេសចិនក៏បានវិនិយោគក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) ដែលបានទាក់ទាញក្រុមហ៊ុនជាង១០០ក្រុមហ៊ុនពីប្រទេសចិននិងប្រទេសដទៃទៀត ដែលមានការវិនិយោគសរុបជាង ៣ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០១៧ ហើយបានបង្កើតការងារជិត ២០,០០០ កន្លែងដល់សហគមន៍ក្នុងតំបន់។ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះ​​សីហនុគ្រោងបង្កើតឱ្យមានរោងចក្រចំនួន៣០០ នៅត្រឹមឆ្នាំ២០២០។ ជាងនេះទៅទៀត ក្នុងវិនិយោគរបស់​ចិន​នៅក្នុងឧស្សាហកម្មវាយណភណ្ឌនិងសម្លៀកបំពាក់ក៏បានចូលរួមចំណែកយ៉ាងសំខាន់ចំពោះការអភវិឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា តាមរយៈការបង្កើតឱកាសការងារដល់កម្មករកម្ពុជាជិតមួយលាននាក់។

យោងតាមស្ថិតិដោយចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ការវិនិយោគសរុបដោយផ្ទាល់ពីបរទេស (FDI) បានអនុម័តពីឆ្នាំ១៩៩៤-២០១៩ ទំហំវិនិយោគធំបំផុតគឺរបស់ប្រទេសចិន (២១.៨១%) ដែលនៅឆ្នាំដំបូងៗគឺជាប្រភពនៃការវិនិយោគចធំៗក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការអភិវឌ្ឍជាធនធាន រួមមានការវិនិ​យោគ​លើការដាំកៅស៊ូនិងវិស័យទេសចរណ៍។ ក្នុងឆ្នាំ២០១៩ ការអនុម័តលើការវិនិយោគបានឈានដល់ ៩.៤០​ពាន់​លានដុល្លារ ដែលក្នុងនោះចិនបានវិនិយោគដល់ទៅ ២.៧៥ពាន់លានដុល្លារ។ ចិនក៏បានសន្យាជំរុញដល់ពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ហើយក៏នឹងលើកទឹកចិត្តឱ្យមានចរន្តវិនិយោគចិនកាន់តែច្រើនមកកាន់កម្ពុជា។

ត្រឹមឆ្នាំ២០១៧ ប្រទេសកម្ពុជាបានទទួលជំនួយអភិវឌ្ឍផ្លូវការ (ODA)ប្រមាណជា ៤.២ពាន់លានដុល្លារសហរដ្ឋអាម៉េរិកពីប្រទេសចិនក្នុងទម្រង់ជំនួយឥតសំណងនិងជាហិរញ្ញប្បទ្បានអនុគ្រោះ។ ជំនួយអភិវឌ្ឍផ្លូវការនេះមានគោលដៅផ្ដោតលើហេដ្ឋរចនាសម្ព័ន្ធរូបវន្ត, កសិកម្ម, សុខាភិបាល និងអប់រំ។ ប្រទេសចិនក៏ជាប្រភពចម្បងនៃបំណុល​សាធារណៈក្រៅប្រទេស (Public external debt) របស់ប្រទេសកម្ពុជាផងដែរ។ គិតត្រឹមឆ្នាំ២០១៧ បំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាមានដល់ទៅ ៩.៦ ពាន់លានដុល្លារ ដែលក្នុងនោះ ៤២% ជាបំណុលរបស់ចិន។ ចិនបានសន្យាផ្ដល់ជំនួយឥតសំណងជាទឹកប្រាក់ប្រមាណ៦០០លានដុល្លារសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំគិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

ចំណែកក្នុងវិស័យទេសចរណ៍វិញ ក្រុមហ៊ុនអាកាសចរណ៍ចំនួន១៥កំពុងប្រតិបត្តិការយ៉ាងទៀងទាត់រវាងកម្ពុជា-ចិន។ ក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០១៩ កម្ពុជាបានទទួលភ្ញៀវទេសចរចិន ១.៨៦៤.៩៥៦ លាន់នាក់ ហើយរំពឹងថា ភ្ញៀវទេសចរចិននឹងកើនដល់២លាននាក់ត្រឹមឆ្នាំ២០២០។ ទោះយ៉ាងណា ដោយសារតែជំងឺ Covid-19 ចំនួនភ្ញៀវទេសចរ​​ចិនក្នុងរយៈពេល២ខែដំបូងក្នុងឆ្នាំ២០២០ បានថយចុះគួរឱ្យកត់សម្គាល់។

ក្នុងវិស័យអប់រំ ពីឆ្នាំ២០០៤ ដល់២០១៧ ចិនបានផ្ដល់អាហារូបករណ៍ជាង១០០០កន្លែងដល់សិស្ស-និស្សិតកម្ពុជាដើម្បីបន្តការអប់រំរបស់ពួកគេនៅក្នុងប្រទេសចិន ហើយសិក្ខាកាមជាង៧០០នាក់សម្រាប់ការបណ្ដុះបណ្ដាលរយៈពេល​ខ្លី បូករួមទាំងកម្មវិធីផ្លាស់ប្ដូរជាច្រើនទៀតនៅក្នុងផ្នែកវប្បធម៌ មន្រ្តីរាជការ ប្រព័ន្ធផ្សព្វផ្សាយ យុវជន និងសិក្សា​ស្រាវជ្រាវដោយទទួលបានការគាំទ្រជាថវិកាពីរដ្ឋាភិបាលចិន។

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលដោយ​គ្រោងឡើងតែមួយយប់ទៅកាន់ប៉េកាំងប្រទេសចិន ក្នុងអំឡុងពេលមានការផ្ទុះរាលដាលមេរោគកូរូណានៅក្នុងប្រទេសចិន។ តាមពិត សម្ដេច ហ៊ុន សែន ដើមឡើយចង់ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវូហាន ដែលជាទីក្រុងត្រូវដាក់ឃុំដាច់ដោយឡែកនៅពេលផ្ទុះរាលដាលមេរោគកូរូណា។ លោកប្រធានាធិបតី Xi បានប្រាប់ដល់សម្ដេច ហ៊ុន សែន នៅក្នុងជំនួបសវនាការថា មិត្តល្អជួយគ្នាក្នុងគ្រាក្រ ខណៈដែលប្រជាជនកម្ពុជាបានឈរនៅជាមួយប្រជាជនចិននៅក្នុងកាលៈ​ទេសៈដ៏ពិសេសនេះ។ នៅក្នុងសាវនាការនេះដែរ ភាគីទាំងពីរបានឯកភាពគ្នាដើម្បីបន្តការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់នៅក្នុងឆ្នាំ២០២០ ហើយនឹងបន្តលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិនក្នុងកម្រិតខ្ពស់ថ្មីមួយទៀត។

ជាមួយនឹងទំនាក់ទំនងជាពិសេសជាមួយចិន កម្ពុជាត្រូវបានគេមើលឃើញថា ហាក់ដូចជាពឹងផ្អែកជ្រុលលើប្រទេសចិនទាំងសេដ្ឋកិច្ចនិងនយោបាយ ហើយទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយប្រទេសមហាអំណាចពិភពលោកដទៃទៀតមាន​ភាពស្រពេចស្រពិល ជាពិសេសជាមួយសហរដ្ឋអាម៉េរិកនិងសហភាពអឺរ៉ុប។ បញ្ហាសមុទ្រខាងត្បូងតែងតែជាជារបៀបវារៈចម្បងមួយក្នុងកិច្ចប្រជុំកំពូលនិងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗរបស់អាស៊ាន ហើយកម្ពុជាតែងត្រូវបានចោទប្រកាន់​ថាបានងាកទៅប្រទេសចិនខ្លាំងដោយសារតែនៅក្នុងឆ្នាំ២០១២ សេចក្ដីថ្លែងការណ៍រួមមិនអាចចេញរួចនៅ​ពេល​ដែលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី២។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏ត្រូវបានចោទប្រកាន់ថាបានចុះហត្ថលេខាដោយសម្ងាត់ជាមួយចិនដោយអនុញ្ញាតឱ្យចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកផ្ដាច់មុខនៅកម្ពុជាផងដែរ។ ព័ត៌មាននេះត្រូវបានបង្ហាញចេញដោយប្រព័ន្ធផ្សព្វផ្សាយនិងអ្នកការទូតបស្ចិមប្រទេសមួយចំនួន។ មន្រ្តីរបស់សហរដ្ឋអាម៉េរិកតែងតែបង្ហាញកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងវត្តមានយោធាបរទេសនៅក្នុងប្រទេសកម្ពុជា ដោយសំដៅទៅលើប្រទេស​ចិន។ ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាតែងតែបដិសេធចំពោះការចោទប្រកាន់ និងថ្លែងថាជាព័ត៌មានក្លែងក្លាយនិងគ្មានមូលដ្ឋានច្បាស់លាស់។

ការវិនិយោគនិងជំនួយអភិវឌ្ឍរបស់ចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនិងផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ ទោះយ៉ាងណា ក៏មានហានិភ័យនិងកង្វល់ផងដែរ ដែលកម្ពុជាត្រូវពិចារណាឱ្យបានម្មត់ចត់នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ដើម្បីធានានូវបានសមិទ្ធផលឈ្នះឈ្នះក្នុងរយៈពេលយូរអង្វែង។ គុណភាព, គណនេយ្យភាព, តម្លាភាពនិងនិរន្តភាពនៃការវិនិយោគ, និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ចិន, បំណុល​ដែលកម្ពុជាជំពាក់ចិន, កង្វះខាតនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម, វិធានការណ៍សុវត្ថិភាពនៃគម្រោងវិនិយោគរបស់ចិន និងភាពពឹងផ្អែកនៃសេដ្ឋកិច្ចរបស់កម្ពុជាទៅលើចិន គឺសុទ្ធតែជាហានិភ័យនិងកង្វល់ចម្បងៗ​ដែលត្រូវបានលើកឡើងដោយអង្គការក្រៅរដ្ឋាភិបាលនិងសង្គមស៊ីវិលមួយចំនួន។ ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាតែងតែងអះអាងថា រាល់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការវិនិយោគរបស់ចិនបានធ្វើឡើងក្នុងលក្ខណៈមួយដែលមានតម្លាភាព បើកចំហ និងបរិយាប័ន្ន ហើយបំណុលរបស់ចិនគឺនៅអាចគ្រប់គ្រងបាន។

សរុបមក កម្ពុជានិងចិនមានទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខរឹងមាំ ហើយប្រទេសទាំងពីរអាចបន្តភាពរីកចម្រើននេះច្រើនឆ្នាំទៅមុខទៀត។ ក្រោម «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» បច្ចុប្បន្នចិនគឺជាដៃគូសេដ្ឋកិច្ចនិងយុទ្ធសាស្រ្តដ៏សំខាន់បំផុតមួយរបស់កម្ពុជាលើផ្នែកពាណិជ្ជកម្ម វិនិយោគ និងជំនួយអភិវឌ្ឍន៍។ ទោះជាយ៉ាងណា គម្រោងនៃ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» នៅក្នុងប្រទេសកម្ពុជាអាចប្រែក្លាយកាលានុវត្តភាពទៅជាបញ្ហាប្រឈមនិ​ង​ហា​និភ័យប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនបានយកពិចារណាឱ្យបានស៊ីជម្រៅ។ ដូច្នេះ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពស្ថាប័ន អភិបាលកិច្ច ការដឹកនាំ និងធនធានមនុស្ស ក៏ដូចជាកែលម្អនិងរៀបចំក្របខណ្ឌច្បាប់និងគោលនយោបាយចាំបាច់នានា និងអនុវត្តឱ្យតឹងរ៉ឹងក្នុងការអនុវត្តគម្រោងនៃ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ» នេះ។ កម្ពុជានិងចិនត្រូវតែលើកកម្ពស់តម្លាភាពនិងការបើកចំហរ ដើម្បីធានាបាននូវការដេញថ្លៃដោយត្រឹមត្រូវ, ការប្រព្រឹត្តិទៅប្រកប​ដោយ​ទំនួលខុសត្រូវ, និងការបែងចែផលចំណេញក្នុងគម្រោងវិនិយោគ ក៏ដូចជាគុណភាពនៃគម្រោង គណនេយ្យភាពនិងនិរន្តភាព និងការផ្ទេរចំណេះដឹងនិងបច្ចេកវិទ្យាពីក្រុមហ៊ុនចិនមកឱ្យក្រុមហ៊ុនក្នុងស្រុកផងដែរ។

ជាងនេះទៅទៀត បញ្ហាប្រឈមដ៏ធំមួយនៅទសវត្សរ៍បន្ទាប់នៅក្នុងទំនាក់ទំនងរបស់កម្ពុជា-ចិន គឺបញ្ហាដំណោះស្រាយចំពោះជម្លោះសមុទ្រចិនខាងត្បូង។ រដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រជំហរចិនក្នុងការជំទាស់ទៅនឹងកិច្ចចរចាពហុភាគីទាក់​ទ​ងនឹងជម្លោះដែនសមុទ្រចិនខាងត្បូងនេះ ហើយក៏អំពាវនាវឱ្យរដ្ឋដែលពាក់ព័ន្ធបន្តប្រើប្រាស់យន្តការអាស៊ាន-ចិនដោយអនុវត្តដោយពេញលេញនូវសេចក្ដីសេចក្តីប្រកាសប្រតិបត្តិរបស់រដ្ឋភាគីនៅក្នុងសមុទ្រចិនខាងត្បូង(DOC) ហើយ​អាស៊ាននិងចិនត្រូវធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង(COC)លេចចេញជារូបរាង។ ទោះជាយ៉ាងណា កម្ពុជាគួរប្រឹងប្រែងជាបន្តដើម្បីធ្វើឱ្យមានតុល្យភាពលើទំនាក់ទំនងទ្វេភាគីរបស់ខ្លួន និងកម្មវត្ថុនៃគោលនយោបាយការបរទេសរបស់ខ្លួនចំពោះប្រទេសដទៃផ្សេងទៀតរួមទាំងសហរដ្ឋអាម៉េរិកផង ដើម្បីធ្វើ​ពពិធកម្មលើដៃគូសេដ្ឋកិច្ចនិងដៃគូជាយុទ្ធសាស្រ្ត ក្នុងបុព្វហេតុនៃសន្តិសុខ អធិបតេយ្យភាព និងវិបុលភាពរបស់ខ្លួន៕

RAC Media

ប្រភព៖​ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា


សេចក្តីប្រកាស