ព័ត៌មាន

សំណង់បុរាណវត្ថុ (Archaeological Feature) ជាធាតុនៃប្រាសាទបុរាណខ្មែរ ស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

2021-02-16 07:40:17 ថ្ងៃអង្គារ, 16 កុម្ភៈ 2021 ម៉ោង 02:40 PM
អ្នកមើល 12289
post_detail

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសាស្ត្រនៅភាគខាងជើងបន្ទាយលង្វែក» ដែលតំបន់នេះស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការសិក្សានេះធ្វើឡើងតាមរយៈរូបភាពពីលើអាកាស (ប្រភព៖ Google Earth) និងការចុះផ្ទាល់ដល់ទីតាំងស្ថានីយ៍ដែលបានកំណត់តាមរូប Google Earth។

ក្រុមស្រាវជ្រាវបានរកឃើញស្ថានីយ៍បុរាណចំនួនពីរ (២) ទីតាំងដែលស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមិនមែនជាសំណង់ធារាសាស្ត្រទេ ប៉ុន្តែជាសំណង់ទាក់ទងនឹងប្រាសាទបុរាណ។

ស្ថានីយ៍បុរាណទី១មានឈ្មោះថា «ទួលជំនីក» គឺជាស្ថានីយ៍មានកំពែងដីលើករាងចតុកោណកែង ស្ថិតលើអក្សកើត លិចដែលអក្សកើតលិចនេះប្រវែង ៤១០ម៉ែត្រ និងអក្សជើងត្បូងប្រវែង ២៥០ម៉ែត្រ និងទទឹងកំពែងប្រវែង ៣០ ម៉ែត្រ។ នៅក្នុងបរិវេណកំពែងនេះ មានទួលមួយស្ថិតងាកមកភាគខាងលិចបន្តិចនៃជ្រុងកំពែងខាងលិច។ ទួលនេះមានប្រវែងកើតលិច ប្រហាក់ប្រហែល ១០០ម៉ែត្រ និង ជើងត្បូង ប្រវែងប្រហែល៧០ម៉ែត្រ។ លក្ខណៈនេះមានសណ្ឋានដូចកំពែងព័ទ្ធជុំវិញប្រាសាទ ចំណែកទួលនៅខាងក្នុងក៏ជាលក្ខណៈនៃទួលប្រាសាទ។

តាមការអង្កេតផ្ទៃដីខាងលើ មិនមានដុំថ្មភក់ឬថ្មបាយក្រៀម ដែលជាធាតុនៃសំណង់ប្រាសាទខ្មែរបុរាណ។ តាមសណ្ឋានរូបរាងបែបនេះ សំណង់កំពែង និង ទួលក្នុងបរិវេណកំពែងជាធាតុនៃប្រាសាទបុរាណដែលប្រហាក់ប្រហែលគ្នានឹងសំណង់ប្រាសាទក្នុងសម័យអង្គរ។

ចំណែកស្ថានីយ៍ទី២ស្ថិតនៅខាងត្បូងទួលជំនីក ចម្ងាយប្រមាណតែ៦០ម៉ែត្រប៉ុណ្ណោះ។ ទួលនេះត្រូវបានអ្នកភូមិនៅទីនោះហៅឈ្មោះថា «ទួលវិហារខុស»។ ទួលនេះមានទំហំស្ទើរស្មើគ្នា កម្ពស់ខ្ពស់ និងមានគូទឹកព័ទ្ធជុំវិញគួរឱ្យកត់ សម្គាល់។ សណ្ឋានសំណង់ដីបែបនេះក៏ជាលក្ខណៈនៃសំណង់ប្រាសាទខ្មែរក្នុងសម័យមុនអង្គរ។

ទោះយ៉ាងណាការសន្និដ្ឋានខាងលើពិតជាមិនទាន់មានអំណះអំណាងមាំទាំនៅឡើយទេ ដោយសារមិនមានសំណល់បុរាណវត្ថុសម្រាប់ផ្ដល់ជាភស្តុតាងក្នុងការកំណត់អាយុកាលស្ថានីយ៍។

ដោយហេតុ ទីតាំងស្ថានីយ៍កំពុងមានសកម្មភាពឈូសឆាយដីដោយគ្រឿងយន្តនៅក្នុងកំពែងទួលជំនីក ហើយស្ថានីយ៍ទាំងពីរមិនមានក្នុងបញ្ជីប្រាសាទរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ក្រុមស្រាវជ្រាវមានការព្រួយបារម្ភចំពោះការបំផ្លាញស្ថានីយ៍នេះ ដោយមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរជំនាញនៅមូលដ្ឋាន។

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម



អត្ថបទទាក់ទង

Cambodia between China and the United States.

The world is now entering an era of new geopolitics which is in a difficult transition towards a multiplicity where old, new and other emerging actors are competing for roles in regional and global af...

2021-08-23 13:46:41   ថ្ងៃចន្ទ, 23 សីហា 2021 ម៉ោង 08:46 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាត្រូវប្រកាន់យកនយោបាយទឹក នៅចំពោះមុខការប្រកួតប្រជែងរវាងមហាអំណាច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាត្រូវតែប្រកាន់នយោបាយទឹក» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ព...

2021-08-19 09:21:27   ថ្ងៃព្រហស្បតិ៍, 19 សីហា 2021 ម៉ោង 04:21 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំមន្ត្រីដាំដុះកូនដើមឈើខ្មែរនៅខាងក្រោយអគារខេមរវិទូ ដើម្បីលើកកម្ពស់បរិស្ថានធម្មជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំមន្ត្រីចំណុះអគ្គល...

2021-08-18 14:11:10   ថ្ងៃពុធ, 18 សីហា 2021 ម៉ោង 09:11 PM
ចិនអ្នកឈ្នះនៅអាហ្វហ្កានីស្ថានដែរឬ? ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន​នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-08-18 12:05:05   ថ្ងៃពុធ, 18 សីហា 2021 ម៉ោង 07:05 PM
​កម្ពុជានៅចន្លោះមហាអំណាចិន និងសហរដ្ឋអាម៉េរិក ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-08-18 10:18:09   ថ្ងៃពុធ, 18 សីហា 2021 ម៉ោង 05:18 PM
មុននិងក្រោយវត្តមានរបស់កងទ័ពសហរដ្ឋអាម៉េរិក និងសម័្ពន្ធមិត្ត នៅអាហ្វហ្កានីស្ថាន ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រូបភាព៖ AP News, Fresh news. 

2021-08-16 04:17:47   ថ្ងៃចន្ទ, 16 សីហា 2021 ម៉ោង 11:17 AM

សេចក្តីប្រកាស