ព័ត៌មាន

បណ្ឌិត យង់ ពៅ៖ វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស

2024-11-11 10:29:47 ថ្ងៃចន្ទ, 11 វិច្ឆិកា 2024 ម៉ោង 05:29 PM
អ្នកមើល 7803
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស ព្រោះគ្រប់ការសម្រេចចិត្តទាំងអស់សុទ្ធសឹងតែពាក់ព័ន្ធនឹងនយោបាយ ហើយគ្មានវិទ្យាសាស្ត្រណាមួយដែលគេចផុតពីនយោបាយនោះទេ» នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ ឆ្លើយតបទៅនឹងសំណួរដែលលើកឡើងដោយអ្នកចូលរួម ក្នុងឱកាសលោកបណ្ឌិត ចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា»។

លោកបណ្ឌិត យង់ ពៅ បានថ្លែងគូសបញ្ជាក់អំពីទ្រឹស្ដី ដែលលើកឡើងដោយអ្នកប្រាជ្ញ អារីស្តូត ដែលលើកឡើងថា «វិទ្យាសាស្ត្រនយោបាយ គឺជាមុខវិជ្ជាចម្បងនៃមុខវិជ្ជាវិទ្យាសាស្ត្រ (Political Science is the master of science)» ដែលមានន័យថា មុខជំនាញវិទ្យាសាស្ត្រនយោបាយ គឺជាមុខជំនាញសម្រាប់ធ្វើសេចក្ដីសម្រេចចិត្តតាមរយៈការទទួលបានព័ត៌មានពីគ្រប់ជ្រុងជ្រោយ ដែលអ្នកសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយ មានសិក្សាមុខជំនាញផ្សេងៗជាច្រើន ជាហេតុនាំឱ្យអ្នកសម្រេចចិត្តដែលមានមូលដ្ឋានវិទ្យាសាស្ត្រនយោបាយ អាចធ្វើសេចក្ដីសម្រេចបានគ្រប់ជ្រុងជ្រោយ និងត្រូវស្ថានការណ៍។ លោកបណ្ឌិតអះអាងថា ទ្រឹស្ដីដែលលើកឡើងដោយអារីស្តូតនេះ មានរយៈពេលជាង២ពាន់ឆ្នាំមកហើយ ហើយនៅតែមានភាពត្រឹមត្រូវ ព្រោះការសម្រេចចិត្តធំៗលើវិស័យ និងជំនាញផ្សេងៗ សុទ្ធសឹងជាការសម្រេចចិត្តបែបនយោបាយ។

ជាការពិតណាស់ មនុស្សម្នាក់សុទ្ធសឹងតែមានការគិតខុសៗគ្នា មានសម្បជញ្ញៈផ្សេងៗគ្នា។ ហេតុនេះហើយ ដើម្បីដឹកនាំមនុស្សបាន គេត្រូវមានមូលដ្ឋានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការសម្រេចចិត្តអាចធ្វើឡើងប្រកបដោយភាពបត់បែន មានការថ្លឹងថ្លែងពិចារណាបានហ្មត់ចត់។ កន្លងមក មានការលើកឡើងថា "នយោបាយគឺជានយោបោក" ត្រូវបានលោកបណ្ឌិត យង់ ពៅ ពន្យល់ថា ការមិនបានដឹងអំពីអ្វីដែលជាវិទ្យាសាស្ត្រនយោបាយ ទើបមហាជនមួយចំនួន ត្រូវបានគេបោកប្រាស់ ជាហេតុនាំឱ្យមាននិន្នាការយល់ឃើញមួយជ្រុងអំពីនយោបាយថា គឺជាការបោកប្រាស់សុទ្ធសឹង ប៉ុន្តែនិយមន័យពិតប្រាកដនៃពាក្យវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីដំណើរការនៃការកៀងគរការគាំទ្រ ដើម្បីឈានទៅដល់អំណាចសម្រេចចិត្តនៅក្នុងការគ្រប់គ្រងរដ្ឋឬបុរីមួយ។

បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ បានអះអាងថា ពលរដ្ឋនិងយុវជន ពុំគួរព្រួយបារម្ភ ឬភ័យខ្លាចនឹងការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយនោះទេ ព្រោះការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយបានកាន់តែទូលំទូលាយ គឺជាការចូលរួមចំណែកជំរុញដំណើរការនយោបាយនៅកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកបណ្ឌិត បានមានប្រសាសន៍ចាត់ទុកថា «នយោបាយគឺជាឆ្នាំងបាយ» ព្រោះនៅក្នុងជីវិតប្រចាំថ្ងៃជាក់ស្ដែង គ្មានវិស័យណាមួយ ឬដំណើរការផ្នែកណាមួយនៃសង្គមដែលពុំជាប់ពាក់ព័ន្ធនឹងនយោបាយនោះឡើយ។ លោកបណ្ឌិតបន្តថា ការសិក្សាវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាដែលផ្ដោតទៅលើរបៀបរបបនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋ ដែលអ្នកសិក្សាអាចស្វែងយល់អំពីទ្រឹស្ដីនៃការគ្រប់គ្រងរដ្ឋ ការស្វែងយល់អំពីស្ថានភាពទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ក៏ដូចជាតួអង្គមិនមែនរដ្ឋ ព្រមទាំងទទួលបាននូវពុទ្ធិផ្សេងៗទៀត ពាក់ព័ន្ធទៅប្រវត្តិសាស្ត្រ សេដ្ឋកិច្ច សង្គមវិជ្ជា ទស្សនវិជ្ជា និងវិទ្យាសាស្ត្រសង្គមដទៃទៀតដែលទាក់ទងទៅនឹងដំណើរអភិវឌ្ឍប្រទេសជាតិ។

ជាចុងក្រោយ លោកបណ្ឌិតក៏បានជំរុញលើកទឹកចិត្តឱ្យយុវជនដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ត្រូវព្យាយាមស្វែងយល់អំពីទេពកោសល្យនិងឧបនិស្ស័យដែលខ្លួនមាន ព្រមទាំងដាក់គោលដៅ និងផែនទីគំនិតរបស់ខ្លួនឆ្ពោះទៅសម្រេចចិត្តគោលដៅជីវិត និងការប្រកបមុខរបរឬអាជីពការងារផ្សេងៗ ដើម្បីសម្រេចបាននូវភាពជោគជ័យនិងអត្ថន័យនៃជីវិត។

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញជួបពិភាក្សា និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងតំណាងមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម...

2024-12-17 05:00:41   ថ្ងៃអង្គារ, 17 ធ្នូ 2024 ម៉ោង 12:00 PM
បណ្ឌិត យង់ ពៅ លើកឡើងអំពីមូលដ្ឋាន៥ចំណុចនៅក្នុងការវិភាគនយោបាយនិងសង្គម

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន និងជាការចែករំលែកបទពិសោធផ្ទាល់ខ្លួន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគបញ្ហាសង្គមមួយរូបនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងអំពីមូលដ្ឋានសំខាន់ៗ៥ច...

2024-12-11 10:13:13   ថ្ងៃពុធ, 11 ធ្នូ 2024 ម៉ោង 05:13 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិព័រណ៌ស្ថាបត្យកម្មកម្ពុជា-ចិន ក្រោមប្រធានបទ ៖ “ទីក្រុង និងជនបទ” ភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌ស្ថាបត្យកម្មកម្ពុជា-ចិន”

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យ សភាកម្ពុជាបានរៀបចំ កម្មវិធីពិព័រណ៌ «ទីក្រុងនិងជនបទ ភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌ស្ថាបត...

2024-12-11 09:31:51   ថ្ងៃពុធ, 11 ធ្នូ 2024 ម៉ោង 04:31 PM
តើរដ្ឋឯករាជ្យនិងអធិបតេយ្យមួយ មានសិទ្ធិពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសខ្លួនដែរឬទេ?

ដោយ៖ លឹម សុវណ្ណរិទ្ធ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សភា​អឺរ៉ុប បានចេញសេចក្ដីសម្រេចដោយជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប ពិនិត្យ​សើរើ​ឡើងវិញ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​​ម...

2024-12-10 09:39:19   ថ្ងៃអង្គារ, 10 ធ្នូ 2024 ម៉ោង 04:39 PM
បណ្ឌិត យង់ ពៅ៖ ទស្សនកិច្ចសម្ដេចតេជោនៅចិន គូសបញ្ជាក់ពីការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ

កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាលើកទីមួយក្រោយសម្ដេចក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ដោយបានជួ...

2024-12-05 09:38:36   ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2024 ម៉ោង 04:38 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចពិភាក្សាតុមូល ស្តីពី «អាករពិសេសលើថ្នាំជក់»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាយុវជនតាមស្ដីពី «អាក...

2024-12-05 07:55:33   ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2024 ម៉ោង 02:55 PM

សេចក្តីប្រកាស