ព័ត៌មាន

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

2021-10-30 10:45:10 ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
អ្នកមើល 8645
post_detail

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្រ›នៅខាងចុងឥតមានលក្ខណៈវិទ្យាសាស្ត្រទេ ដូច្នេះយើងត្រូវទុក‹–សាស្ត្រ›ឱ្យវិជ្ជាជំពូកនោះប៉ុន្តែយើងត្រូវកែដាក់‹–វិទ្យា›ចំពោះវិជ្ជាណាដែលមានលក្ខណៈវិទ្យាសាស្ត្រ។

ខ្ញុំក៏បានសួរទៅគាត់វិញថា : «តើពាក្យ‹វិទ្យាសាស្ត្រ›ដែលគណៈកម្មការវប្បធម៌បានបង្កើតឡើងសម្រាប់ប្រែពាក្យបារាំង ‹science›នោះ ត្រូវយើងដូរទៅជា‹វិទ្យាវិទ្យា›ឬយ៉ាងណា?»។ គាត់ឆ្លើយមិនរួចហើយក៏យើងបានបញ្ចប់ការសន្ទនាគ្នាតែត្រឹមនោះទៅ។

ប៉ុន្មានឆ្នាំក្រោយមក សង្គ្រាមស៊ីវិលរវាងសាធារណរដ្ឋខ្មែរ និង កងទ័ពខ្មែរក្រហមក៏បានផ្ទុះឡើង។ លោកគ្រូ កេង វ៉ាន់សាក់ ត្រូវបានចាត់ឱ្យទៅធ្វើរដ្ឋទូតនៅប្រទេសបារាំង ហើយ ខ្ញុំក៏បានត្រឡប់ទៅរកការធ្វើនៅប្រទេសនោះដែរ។ នៅឆ្នាំ២០០០ ខ្ញុំក៏បានចូលមកប្រទេសខ្មែរវិញ ហើយ ខ្ញុំបានប្រទះឃើញពាក្យសម្គាល់មុខវិជ្ជាស្ទើរតែទាំងអស់ ត្រូវដូរខាងចុងទៅជា‹–វិទ្យា›(វិជ្ជាណាក៏ចង់ចាត់ទុកថាខ្លួនមានលក្ខណៈវិទ្យាសាស្ត្រដែរ)។

នៅឆ្នាំ២០១៨ លោកប្រធានគណៈកម្មការបច្ចេកសព្ទ ជីវសាស្ត្រ វេជ្ជសាស្ត្រ & កសិកម្ម នៅសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)បានសុំកែពាក្យ‹វេជ្ជសាស្ត្រ›ទៅជា‹វេជ្ជវិទ្យា›វិញ ហើយខ្ញុំក៏បានសួរទៅគាត់វិញ : «លោកគ្រូពេទ្យគិតមើល តើ‹science›ខ្មែរយើងប្រើពាក្យអ្វីទៅ សម្រាប់សងវិញ?»។គាត់ក៏សុខចិត្តរក្សាពាក្យ‹វេជ្ជសាស្ត្រ›ទុកវិញទៅ។

មេរៀនទាញចេញពីការពិគ្រោះគ្នាដែលត្រូវបានលើកឡើងខាងលើបង្ហាញថា‹–សាស្ត្រ›មានលក្ខណៈវិទ្យាសាស្ត្រជាង‹–វិទ្យា› ប៉ុន្តែគេពិបាកសម្រេចថា វិជ្ជាណាមានលក្ខណៈវិទ្យាសាស្ត្រជាងវិជ្ជាណា(លើក-លែងតែវិទ្យាសាស្ត្រពិត)គប្បីយើងប្រើ‹–សាស្ត្រ›ឬ‹–វិទ្យា›ជាផ្នត់ចុងសម្រាប់បង្កើតពាក្យសម្គាល់មុខវិជ្ជាណាក៏បានដែរ។ចំពោះពាក្យ‹ទស្សនវិជ្ជា›វិញ ដោយ ‹–វិជ្ជា›មិនមែនជាផ្នត់ទេ គប្បីយើងកែឱ្យទៅជា‹ទស្សនវិទ្យា›ទៅ(ពាក្យ‹ទស្សនវិជ្ជា›មានលក្ខណៈជាពាក្យសមាស ពីព្រោះ‹វិជ្ជា›ជាពាក្យ មិនមែនជាផ្នត់ទេ)។ ម្យ៉ាងទៀត សូមសាធារណជនជ្រាបថា ពាក្យសម្គាល់មុខវិជ្ជាប្រើសព្វថ្ងៃដែលយើងដាក់‹–វិទ្យា›នៅខាងចុង នៅមាន‹–សាស្ត្រ›នៅឡើយនៅខាងចុង ក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដូចជា គណិតសាស្ត្រ, ភូមិសាស្ត្រ, ប្រវត្តិសាស្ត្រ ជាដើម ហើយតើសាធារណជនអនុញ្ញាតឱ្យខ្ញុំប្រើពាក្យ គណិតវិទ្យា, ភូមិវិទ្យា, ប្រវត្តិវិទ្យា ជាដើម ឬទេ?។

ខ្ញុំយល់ច្បាស់ថា ទម្លាប់ជាធម្មជាតិទី២ ហើយគេពិបាកកែធម្មជាតិណាស់ ប៉ុន្តែអ្វីៗដែលខ្ញុំបានលើកឡើងខាងលើសុទ្ធតែជាចំណេះវិជ្ជាទាក់ទងនឹងភាសាវិទ្យា គប្បីសាធារណជនមេត្តាជ្រាបតាមការគួរ។ សូមអរគុណ!

សេចក្ដីបញ្ជាក់ : នៅពេលក្រោយកូវីដ១៩ ខ្ញុំនឹងធ្វើបាឋកថាមួយ ដើម្បីពន្យល់ឱ្យកាន់តែក្បោះក្បាយ ព្រមទាំងចាំទទួលសំណួរដោយរីករាយ។

.....................

RAC Media


អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ ដើម្បីធានាស្ថិរភាពនយោបាយនិងសង្គម ច្បាប់ត្រូវតែធានាឱ្យបាននូវយុត្តិធម៌សង្គម ហើយមនុស្សទាំងអស់ត្រូវទទួលបានសមធម៌នៅចំពោះមុខច្បាប់

ជាស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋនៃប្រទេសជាតិមួយ មនុស្សទាំងអស់នៅក្នុងសង្គម ត្រូវតែគោរពនិងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងសង្គមជាតិរបស់ខ្លួន។ នៅពេលដែលមានការប្រព្រឹត្តបទល្មើស ត្រូវតែមានការបង្ក...

2024-12-24 10:34:55   ថ្ងៃអង្គារ, 24 ធ្នូ 2024 ម៉ោង 05:34 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី “ដំណើរការរៀននិងបង្រៀន និងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ”

នៅរសៀលថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ស...

2024-12-23 08:58:19   ថ្ងៃចន្ទ, 23 ធ្នូ 2024 ម៉ោង 03:58 PM
បណ្ឌិត យង់ ពៅ៖ ដើម្បីរក្សាបាននូវឧត្ដមប្រយោជន៍ជាតិ ខ្មែរត្រូវជំហរឯកភាពជាតិតែមួយលើបញ្ហាអធិបតេយ្យ ចៀសវាងចូលរួមធ្វើសកម្មភាពទាំងឡាយណា ទៅតាមការបញ្ឆេះរបស់អ្នកនយោបាយដែលបង្កប់នូវរបៀបវារៈនយោបាយ

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពី ការអំពាវនាវរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ឱ្យពលរដ្ឋខ្មែរចូលរួមធ្វើបាតុកម្មនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥  ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យលើកោះគុជ លោកបណ្ឌិត...

2024-12-23 07:07:51   ថ្ងៃចន្ទ, 23 ធ្នូ 2024 ម៉ោង 02:07 PM
បណ្ឌិត យង់ ពៅ៖ ការក្លាយជាសមាជិកនៃOCPBC ជាការបើកទំព័រថ្មីក្នុងនយោបាយការបរទេស និងឆ្លុះបញ្ចាំងពីការទទួលស្គាល់ឆន្ទៈនិងតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងការរួមចំណែកដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក

  ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (Organizational Committee of the Peacebuilding Commission-OCPBC) សម្...

2024-12-22 09:19:53   ថ្ងៃអាទិត្យ, 22 ធ្នូ 2024 ម៉ោង 04:19 PM
ទម្រង់ផ្ការីកដែលប្រជាជាតិខ្មែរត្រូវការ

ដោយ៖ លឹម សុវណ្ណរិទ្ធ    ឈានមកដល់រដូវធ្លាក់ខ្យល់ពីជើង អាកាសធាតុបានចាប់ផ្ដើមត្រជាក់ខ្លាំងទៅតាម​រដូវ ប៉ុន្តែបរិយាកាសនយោបាយនៅកម្ពុជាមិនបានត្រជាក់ទៅតាមរដូវនោះទេ ពោលគឺអ្នក​នយោបាយខ្មែរមួយចំនួន តែង...

2024-12-18 06:48:53   ថ្ងៃពុធ, 18 ធ្នូ 2024 ម៉ោង 01:48 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញជួបពិភាក្សា និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងតំណាងមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម...

2024-12-17 05:00:41   ថ្ងៃអង្គារ, 17 ធ្នូ 2024 ម៉ោង 12:00 PM

សេចក្តីប្រកាស