ព័ត៌មាន

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

2021-10-30 10:45:10 ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
អ្នកមើល 12113
post_detail

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្រ›នៅខាងចុងឥតមានលក្ខណៈវិទ្យាសាស្ត្រទេ ដូច្នេះយើងត្រូវទុក‹–សាស្ត្រ›ឱ្យវិជ្ជាជំពូកនោះប៉ុន្តែយើងត្រូវកែដាក់‹–វិទ្យា›ចំពោះវិជ្ជាណាដែលមានលក្ខណៈវិទ្យាសាស្ត្រ។

ខ្ញុំក៏បានសួរទៅគាត់វិញថា : «តើពាក្យ‹វិទ្យាសាស្ត្រ›ដែលគណៈកម្មការវប្បធម៌បានបង្កើតឡើងសម្រាប់ប្រែពាក្យបារាំង ‹science›នោះ ត្រូវយើងដូរទៅជា‹វិទ្យាវិទ្យា›ឬយ៉ាងណា?»។ គាត់ឆ្លើយមិនរួចហើយក៏យើងបានបញ្ចប់ការសន្ទនាគ្នាតែត្រឹមនោះទៅ។

ប៉ុន្មានឆ្នាំក្រោយមក សង្គ្រាមស៊ីវិលរវាងសាធារណរដ្ឋខ្មែរ និង កងទ័ពខ្មែរក្រហមក៏បានផ្ទុះឡើង។ លោកគ្រូ កេង វ៉ាន់សាក់ ត្រូវបានចាត់ឱ្យទៅធ្វើរដ្ឋទូតនៅប្រទេសបារាំង ហើយ ខ្ញុំក៏បានត្រឡប់ទៅរកការធ្វើនៅប្រទេសនោះដែរ។ នៅឆ្នាំ២០០០ ខ្ញុំក៏បានចូលមកប្រទេសខ្មែរវិញ ហើយ ខ្ញុំបានប្រទះឃើញពាក្យសម្គាល់មុខវិជ្ជាស្ទើរតែទាំងអស់ ត្រូវដូរខាងចុងទៅជា‹–វិទ្យា›(វិជ្ជាណាក៏ចង់ចាត់ទុកថាខ្លួនមានលក្ខណៈវិទ្យាសាស្ត្រដែរ)។

នៅឆ្នាំ២០១៨ លោកប្រធានគណៈកម្មការបច្ចេកសព្ទ ជីវសាស្ត្រ វេជ្ជសាស្ត្រ & កសិកម្ម នៅសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)បានសុំកែពាក្យ‹វេជ្ជសាស្ត្រ›ទៅជា‹វេជ្ជវិទ្យា›វិញ ហើយខ្ញុំក៏បានសួរទៅគាត់វិញ : «លោកគ្រូពេទ្យគិតមើល តើ‹science›ខ្មែរយើងប្រើពាក្យអ្វីទៅ សម្រាប់សងវិញ?»។គាត់ក៏សុខចិត្តរក្សាពាក្យ‹វេជ្ជសាស្ត្រ›ទុកវិញទៅ។

មេរៀនទាញចេញពីការពិគ្រោះគ្នាដែលត្រូវបានលើកឡើងខាងលើបង្ហាញថា‹–សាស្ត្រ›មានលក្ខណៈវិទ្យាសាស្ត្រជាង‹–វិទ្យា› ប៉ុន្តែគេពិបាកសម្រេចថា វិជ្ជាណាមានលក្ខណៈវិទ្យាសាស្ត្រជាងវិជ្ជាណា(លើក-លែងតែវិទ្យាសាស្ត្រពិត)គប្បីយើងប្រើ‹–សាស្ត្រ›ឬ‹–វិទ្យា›ជាផ្នត់ចុងសម្រាប់បង្កើតពាក្យសម្គាល់មុខវិជ្ជាណាក៏បានដែរ។ចំពោះពាក្យ‹ទស្សនវិជ្ជា›វិញ ដោយ ‹–វិជ្ជា›មិនមែនជាផ្នត់ទេ គប្បីយើងកែឱ្យទៅជា‹ទស្សនវិទ្យា›ទៅ(ពាក្យ‹ទស្សនវិជ្ជា›មានលក្ខណៈជាពាក្យសមាស ពីព្រោះ‹វិជ្ជា›ជាពាក្យ មិនមែនជាផ្នត់ទេ)។ ម្យ៉ាងទៀត សូមសាធារណជនជ្រាបថា ពាក្យសម្គាល់មុខវិជ្ជាប្រើសព្វថ្ងៃដែលយើងដាក់‹–វិទ្យា›នៅខាងចុង នៅមាន‹–សាស្ត្រ›នៅឡើយនៅខាងចុង ក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដូចជា គណិតសាស្ត្រ, ភូមិសាស្ត្រ, ប្រវត្តិសាស្ត្រ ជាដើម ហើយតើសាធារណជនអនុញ្ញាតឱ្យខ្ញុំប្រើពាក្យ គណិតវិទ្យា, ភូមិវិទ្យា, ប្រវត្តិវិទ្យា ជាដើម ឬទេ?។

ខ្ញុំយល់ច្បាស់ថា ទម្លាប់ជាធម្មជាតិទី២ ហើយគេពិបាកកែធម្មជាតិណាស់ ប៉ុន្តែអ្វីៗដែលខ្ញុំបានលើកឡើងខាងលើសុទ្ធតែជាចំណេះវិជ្ជាទាក់ទងនឹងភាសាវិទ្យា គប្បីសាធារណជនមេត្តាជ្រាបតាមការគួរ។ សូមអរគុណ!

សេចក្ដីបញ្ជាក់ : នៅពេលក្រោយកូវីដ១៩ ខ្ញុំនឹងធ្វើបាឋកថាមួយ ដើម្បីពន្យល់ឱ្យកាន់តែក្បោះក្បាយ ព្រមទាំងចាំទទួលសំណួរដោយរីករាយ។

.....................

RAC Media


អត្ថបទទាក់ទង

តើកម្ពុជាគួរនាំចូលម្ហូបអាហារពីប្រទេសជិតខាងដែរឬទេ?

ដោយ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ​កម្ពុជា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែល​សម្បូរធនធានធម្មជាតិនិងសក្តានុពលកសិកម្ម កំពុងប្រឈមនឹងការសម្រេចចិត្តដ៏ស្មុគស្មាញមួយ ពោលគឺ ថាតើ កម្ព...

2025-05-20 08:27:23   ថ្ងៃអង្គារ, 20 ឧសភា 2025 ម៉ោង 03:27 PM
បណ្ឌិត យង់ ពៅ៖ ការរក្សាទុកអាកាសយានដ្ឋានចាស់សម្រាប់បម្រើប្រយោជន៍ សាធារណៈ ជារឿងគួរអបអរសាទរ ទាំងក្នុងតម្លៃជាប្រវត្តិសាស្ត្រ និងការបិទបញ្ចប់ការទាញភ្ជាប់អនាគតអាកាសយានដ្ឋានចាស់ទៅនឹងរឿងនយោបាយ

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតី​នាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ...

2025-05-20 08:16:32   ថ្ងៃអង្គារ, 20 ឧសភា 2025 ម៉ោង 03:16 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម ហ្សាក់ ប៉...

2025-05-19 09:47:29   ថ្ងៃចន្ទ, 19 ឧសភា 2025 ម៉ោង 04:47 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុកសុខភាពនិងបរិស្ថាននៃក្រសួងសុខាភិបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារគម្រោងកសាងសាល...

2025-05-16 11:52:19   ថ្ងៃសុក្រ, 16 ឧសភា 2025 ម៉ោង 06:52 PM
៦៩ឆ្នាំនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី : ភាពធន់ ទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែង

ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា           ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៦៩ឆ្នាំនៃទំនាក់ទំន...

2025-05-13 11:20:57   ថ្ងៃអង្គារ, 13 ឧសភា 2025 ម៉ោង 06:20 PM
បណ្ឌិត យង់ ពៅ៖ សមាជជាលើកដំបូងនៃស្ថាប័ននីតិប្បញ្ញត្តិ នឹងរំលេចពីការជជែកគ្នាជាពហុមតិ ដើម្បីប្រមូលទស្សនៈរួមរបស់ជាតិដើម្បីអភិវឌ្ឍប្រទេស

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរៀបចំសមាជិករវាងរដ្ឋសភានិងព្រឹទ្ធសភានៅដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ លោកបណ្ឌិត យង់ ពៅ បានចែករំលែកទស្សនៈយល់ឃើញថា នេះគឺជាសមាជជាប្រវត្តិសាស្ត្រលើកទីមួយនៅក្...

2025-05-13 08:26:29   ថ្ងៃអង្គារ, 13 ឧសភា 2025 ម៉ោង 03:26 PM

សេចក្តីប្រកាស