(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ខាងមុននេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹង​ឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញ អ្នករៀបចំគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិជាច្រើនរូបមកពីប្រទេសកម្ពុជា អាល្លឺម៉ង់ ឥណ្ឌា ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ។

 

បើតាមឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា វេទិកាភ្នំពេញលើកទី៤ នឹងពិភាក្សាអំពីមជ្ឈភាពអាស៊ានក្នុងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងផ្លាស់ប្ដូរនិងការសម្របសម្រួលជាយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលពីខាងក្រៅ និងហានិភ័យនៃការបង្កអស្ថិរភាពនយោបាយ ជាពិសេសបដិវត្តន៍ពណ៌។ វេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹង​ឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» នឹងផ្ដល់នូវវេទិកាដ៏សំខាន់មួយដើម្បីពិនិត្យមលើជម្រើសនយោបាយរបស់អាស៊ាន ក្នុងពេលបច្ចុប្បន្នដែលការប្រកួតប្រជែងរវាងប្រទេសមហាអំណាចកំពុងតែតានតឹងខ្លាំង និងជវភាពសាកលកំពុងផ្លាស់ប្ដូរ។

 

ឯកឧត្ដមបណ្ឌិត គិន ភា បានគូសបញ្ជាក់បន្ថែមទៀតថា វេទិកានេះនឹងពិភាក្សាបញ្ហាទាំងនេះតាមរយៈកិច្ចពិភាក្សាពេញអង្គចំនួនបីគឺ៖

 

១. យុទ្ធសាស្ត្ររបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងការផ្លាស់ប្ដូរនយោបាយរបស់សហរដ្ឋអាម៉េរិក និងជវភាពសន្តិសុខដែលកំពុងវិវត្តនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសការវិវត្តចុងក្រោយនៅតំបន់សមុទ្រចិនខាងត្បូង។

 

២. ផ្ដោតលើកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងសមាហរណកម្មតំបន់ក្នុងក្របខ័ណ្ឌ BRI, BRICS, AIIB និងក្របខ័ណ្ឌមេគង្គ-ឡានឆាង។

 

៣. ពិនិត្យមើលការសម្របសម្រួលជាយុទ្ធសាស្ត្ររបស់អាស៊ាន ដើម្បីទប់ទល់នឹងឥទ្ធិពលខាងក្រៅ និងហានិភ័យ នៃការបង្កើតអស្ថិរភាពនយោបាយ ជាពិសេស បញ្ហាបដិវត្តន៍ពណ៌។

 

យោងតាមប្រសាសន៍គូសបញ្ជាក់រ​បស់ឯកឧត្ដមបណ្ឌិត គិន ភា ការរៀបចំវេទិកាភ្នំពេញលើកទី៤នេះ ធ្វើឡើងក្នុងក្ដីរំពឹងថា អ្នកជំនាញ អ្នករៀបចំគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិនឹងផ្លាស់ប្ដូរទស្សនៈជាមួយគ្នា ដើម្បីបង្កើតបាននូវអនុសាសន៍គោលនយោបាយមួយចំនួន ដើម្បីពង្រឹងឯកភាព មជ្ឈភាព និងភាពធន់របស់អាស៊ានក្នុងកិច្ចការតំបន់ ហើយវេទិកានេះ ក៏នឹងពង្រឹងបណ្ដាញទំនាក់ទំនងក្នុងចំណោមអ្នកវិទ្យាសាស្ត្រ និងអ្នករៀបចំគោលនយោបាយ ដោយលើកកម្ពស់កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

 

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានរៀបចំវេទិកាភ្នំពេញលើកទី៣ ស្ដីពី «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងមានការវិវត្ត : បញ្ហាប្រឈមចំពោះអធិបតេយ្យនិងលទ្ធិប្រជាធិបតេយ្យ» ដែលមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញ អ្នករៀបចំគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិជាច្រើនផងដែរ៕

RAC Media