(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១០ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិភូនៃវិទ្យាស្ថានវប្បធម៌ចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ XU Youquan នាយករង និងជាអគ្គលេខាធិការវិទ្យាស្ថានវប្បធម៌ចិន នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះជំនួបពិភាក្សាជាមួយប្រតិភូនៃវិទ្យាស្ថានវប្បធម៌ចិន និងបានជម្រាបជូនលោកសាស្ត្រាចារ្យ XU Youquan និងប្រតិភូនៃវិទ្យាស្ថានវប្បធម៌ចិន អំពីប្រវត្តិនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ដំណើរការវិវត្ត និងសមិទ្ធផលសំខាន់ៗដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបានក្នុងពេលថ្មីៗកន្លងមកនេះសម្រាប់ប្រទេសជាតិ និងប្រជាជន។
លោកសាស្ត្រាចារ្យ XU Youquan បានថ្លែងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃដែលរាជបណ្ឌិត្យសភាកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យសុខ ទូច សម្រេចបាននាពេលកន្លងមកនេះ ព្រមទាំងបានធ្វើបទបង្ហាញជូនឯកឧត្ដមបណ្ឌិតសភាចារ្យ អំពីប្រវត្តិនៃដំណើរការបង្កើតវិទ្យាស្ថានវប្បធម៌ចិនដែលត្រូវបង្កើតឡើងតាំងពីឆ្នាំ១៩៥៦ ដែលមានបេសកកម្មសិក្សាស្រាវជ្រាវនិងស្វែងយល់អំពីវប្បធម៌ចិន ក្នុងអាណត្ដិដឹកនាំរបស់ឯកឧត្ដមប្រធានាធិបតី ម៉ៅ សេទុង។ បើតាមលោកសាស្ត្រាចារ្យ វិទ្យាស្ថាននេះដើរតួនាទីសំខាន់នៅក្នុងការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពិវប្បធម៌ និងសាសនានៅក្នុងសាធារណរដ្ឋប្រជាមានិតចិន និងផ្ដល់ធាតុចូលជូនស្ថាប័ននិងអ្នកសិក្សាស្រាវជ្រាវផ្សេងៗផងដែរ។
ក្នុងជំនួបនាព្រឹកនេះ ភាគីទាំងពីរក៏បានជជែកពិភាក្សាទៅលើការវិវត្តនៃវប្បធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន ទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ និងការថែរក្សានិងអភិរក្សវប្បធម៌នៃប្រជាជាតិទាំងពីរ នៅក្នុងសម័យនៃសាកលភាវូបនីយកម្មផងដែរ។ នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនាព្រឹកនេះ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ក៏បានឯកភាពគ្នានៅក្នុងការពិនិត្យមើលលទ្ធភាពឈានទៅធ្វើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរផងដែរ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ - លឹម សុវណ្ណរិទ្ធ