ព័ត៌មាន

វៀតណាមបង្វែរការភ័យខ្លាចទៅជាឱកាសពង្រឹងវិស័យការទូត ដោយ៖ បណ្ឌិត ស៊ឺន សម
96
940

ស្របពេលដែលពិភពលោកទាំងមូលកំពុងតែមានការប្រុងប្រយ័ត្ន និងភ័យខ្លាចចំពោះការឆ្លងវីរុសកូរ៉ូណានោះ ប្រទេស​វៀតណាម ដែលជាប្រទេសជិតខាងកម្ពុជាបានប្រើឱកាសនៃការភ័យខ្លាចរបស់ពិភពលោកនេះ ដើម្បីពង្រឹងទំនាក់ទំនងការទូតរបស់ខ្លួនជាមួយប្រទេសផ្សេងទៀតក្នុងពិភពលោក ដែលមានដូចជាសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀតក្នុងសហគមអាស៊ាន ដោយរាប់ទាំងប្រទេសកម្ពុជា និងប្រទេសឡាវផងដែរ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសាររបស់លោកនៅតាមបណ្តាញសង្គម Twitter ដើម្បីថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានផ្តល់ជូនម៉ាស់ចំនួន ៤៥០,០០០។

 

យោងទៅតាមការចេញផ្សាយរបស់ការសែត The New York Times កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ នេះ កន្លងមកប្រទេសវៀតណាមបានផ្តល់ម៉ាស់ជូនប្រទេសកម្ពុជាចំនួន​​ ៣៩០, ០០០ ជូនប្រទេសឡាវចំនួន ៣៤០,​០០០ ហើយបានជូនទៅប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប ដែលមានដូចជា ប្រទេសបារាំង អាល្លឺមង៉ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស ចំនួន ៥៥០,០០០។

កន្លងមក គេបានដឹងថា ប្រទេសចិន ដែលជាប្រទេសមួយ ដែលវីរុសកូរ៉ូណាកើតមានដំបូងគេនោះ បានដើរតួរជាអ្នកសង្គ្រោះពិភពលោកផ្តាច់មុខ តាមរយៈការបញ្ជូនអ្នកជំនាញចិន និងថ្នាំពេទ្យ ព្រមទាំងម៉ាស់ការពារជាច្រើនទៅកាន់បណ្តាប្រទេសក្នុងពិភពលោក ដែលកំពុងតែមានការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។

ប្រទេសចិន គឺជាប្រទេសមួយដែលជាជនរងគ្រោះផង និងជាអ្នកជួយប្រទេសផ្សេងទៀតផង។ ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផងបានទទួលថ្នាំពេទ្យ និងអ្នកជំនាញចិនដែលបានមកជួយបណ្តុះបណ្តាល គ្រូពេទ្យកម្ពុជាឱ្យមានជំនាញកាន់តែខ្លាំងក្នុងប្រយុទ្ធប្រឆាំងជាមួយវីរុសដ៏កាចសាហាវនេះ។

បើទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ គេសង្កេតឃើញថា មិនមែនមានតែប្រទេសចិននោះទេ ដែលជាអ្នកបានកំពុងតែផ្តល់ជំនួយទៅកាន់ប្រទេសផ្សេង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានេះ គឺមានប្រទេសវៀតណាមមួយទៀត ដែលជាអ្នកជិតខាងមិនសូវល្អជាមួយប្រទេសចិន ដែលបានកំពុងតែចែករំលែកធនធានរបស់ខ្លួនទៅកាន់បណ្តាប្រទេសដែលកំពុងតែត្រូវការជំនួយ។

នៅក្នុងវិស័យការទូត ឬនៅក្នុងជីវភាពនៃការរស់នៅប្រចាំថ្ងៃ អ្នកឱ្យ ឬអ្នកផ្តល់ជំនួយតែងតែបានទទួលការស្វាគមន៍ ការស្រលាញ់ និងការរាក់ទាក់ជាងអ្នកទទួលអំណោយ ឬអ្នកទទួលជំនួយ។ អ្វីដែលប្រទេសវៀតណាមកំពុងតែធ្វើនៅ​ពេលនេះ គឺជារឿងមួយល្អណាស់ និងសំខាន់ណាស់ សម្រាប់វិស័យការទូត និង វិស័យជំនួញរបស់ខ្លួននៅថ្ងៃអនា​គត។ ប្រទេសវៀតណាម គឺជាប្រទេសមួយដែលមានភាពឆ្លាតវៃក្នុងការប្រើប្រាស់គោលនយោបាយការទេស និង​គោល​​នយោបាយការទូត ដោយប្រទេសនេះអាចរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយគ្រប់បណ្តាប្រទេសទាំងអស់ក្នុងពិភពលោក ហើយទំនិញរបស់វៀតណាមក៏ត្រូវបានលក់នៅគ្រប់ទីផ្សារសំខាន់ៗរបស់ពិភពលោកផងដែរ។

(បណ្ឌិត ស៊ឺន សម មន្ត្រីកិច្ចការសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា)

RAC Media


សេចក្តីប្រកាស